នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនរាជរដ្ឋាភិបាល ដឹកនាំប្រទេសហើយធ្វើឱ្យបាត់បង់ទឹកដីខេត្តចំនួនបួន ដែលដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះ សូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន សូមរួមគ្នាអភិវឌ្ឍន៍នៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីរបស់យើងគ្រប់កន្លែង និងធ្វើឱ្យប្រជាជនរបស់យើងមានការរីកចម្រើនពិសេសនៅតំបន់នោះដើម្បីកុំឱ្យកង្វល់នោះក្លាយជាការពិត ផ្ទុយទៅវិញ យើងត្រូវពង្រឹងខ្មែរយើងឱ្យកាន់តែខ្លាំងនៅទីនោះ តាមរយៈការថែរក្សានូវសាមគ្គីឯកភាពជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំឈ្លោះប្រកែកគ្នា ជេរគ្នា ដោយសារបញ្ហានេះឱ្យសោះដែលអាចឈានទៅដល់ការបែកបាក់គ្នា៕