នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតចិន នៅភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនបន្ថែមទៀត។ ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មមាញឹកទទួលជួប និងពាក្យពេចន៍ដ៏កក់ក្តៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលគ្របដណ្តប់ស្ទើរគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនពីន ក៏បានពិភាក្សាអំពីបន្តការពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវភាពជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការនាំមកនូវសមិទ្ធផលធំៗបន្ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-ចិន។