សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្ស គឺជាបុព្វហេតុធ្វើឱ្យខ្មែរខ្លាំង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្ស គ្មានអ្វីក្រៅពីបុព្វហេតុធ្វើឱ្យខ្មែរខ្លាំង ខ្មែររួមគ្នា ការធានាបាននូវកិត្យានុភាព សាមគ្គីឯកភាពជាតិជាមូលដ្ឋាននៅក្នុងការលើកតម្កើងឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា ហើយកម្ពុជាខ្លួនឯងគឺត្រូវតែធ្វើដោយមិនពឹងអ្នកណា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ពិតណាស់ នៅមានការព្រួយបារម្ភអំពីការបាត់បង់ទឹកដី បាត់បង់អធិបតេយ្យភាពរបស់កម្ពុជាពីការកសាងគម្រោងព្រែកជីកហ្វូណននេះ។ ជាក់ស្តែង បងប្អូនភាគតិចឬភាគច្រើនដែលគាំទ្រឬមិនគាំទ្របងប្អូននៅតែជាខ្មែរ ពោលគឺបងប្អូនមានសិទ្ធិបញ្ចេញទស្សនៈរបស់ខ្លួន កង្វល់ និងមន្ទិលសង្ស័យ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងធ្វើអ្វីមួយដែលតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយយើងនឹងបន្តធ្វើគម្រោងនេះដើម្បីឱ្យលេចចេញជារូបរាង ដើម្បីឱ្យផលប្រយោជន៍ជាតិរបស់យើង ផលប្រយោជន៍ប្រជាជនយើង ទាំងអ្នកគាំទ្រនិងអ្នកដែលស្រពិចស្រពិល បានឃើញជាក់ស្តែងថា គម្រោងនេះគ្មានអ្វីក្រៅពីលើកកម្រិតឯករាជ្យភាពរបស់កម្ពុជានៅក្នុងវិស័យដឹកជញ្ជូននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត» នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤៕

  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ