សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភារកិច្ចស្នូលរបស់ឧកញ៉ាគឺការចូលរួមនៅក្នុងសង្គមតាមរយៈការបង្កើននូវកម្មវិធីសកម្មភាពសេដ្ឋកិច្ចដែលជាកត្តាសំខាន់សម្រាប់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ ការបង្កើតនូវឱកាសផ្សេងៗសម្រាប់ប្រជាពលរដ្ឋយើងមានឱកាសច្បាមយកសេដ្ឋកិច្ចបង្កើននូវជីវភាពរស់នៅរបស់ខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមាជិកទាំងអស់នៃសមាគមឧកញ៉ាក៏ដូចជាអ្នកវិនិយោគធុរកិច្ចកម្ពុជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព និងនិរន្តភាពទាំងក្នុងដំណាក់កាលល្អ និងដំណាក់កាលលំបាក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាលជាមួយសមាគមឧកញ៉ាកម្ពុជា និងអ្នកអភិវឌ្ឍន៍លំនៅឋាន» នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤៕