សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​សម្ពោធ បើក​ឱ្យប្រើ​ប្រាស់​ជាផ្លូវ​ការស្ពាន​មិត្តភាពកម្ពុជា-ចិន កោះធំ (ឆ្លងកាត់ទន្លេបាសាក់)

100

CNV: 13 ខែ​កុម្ភៈ, 2017

សូមក្រាបថ្វាយបង្គំ(ស្តាប់មិនបាន) ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ។ ហាគឹមទួន និងបងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តមអគ្គរដ្ឋទូត Xiong Bo នៃសា​ធារណរដ្ឋ​ប្រជាមា​និត​​ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរពចំពោះ​លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូល​រួមនៅក្នុងឱ​កាស​នេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្តងទៀត បន្ទាប់ ពីការធ្វើដំណើរមកកាន់ទីនេះ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៣ បើកការដ្ឋាននៅត្រើយម្ខាងខាង ណោះ និងនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៦ កន្លងទៅ បានមកភ្ជាប់តំណ ដើម្បីតភ្ជាប់ស្ពាននោះ។ ហើយ​ក៏មានសំណូមពរដើម្បីឲ្យបងប្អូនបានឆ្លងពេលភ្ជុំបិណ្ឌ និងថ្ងៃនេះទៀតបានមកចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់នូវស្ពានមិត្តភាព កម្ពុជា-ចិន កោះធំ ប្រវែង ៤១៥ ម៉ែត្រ ដែលឆ្លងកាត់ទន្លេបាសាក់។

សមិទ្ធផលថ្មីលើទឹកដីចាស់

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែសមិទ្ធផលថ្មីនៅលើទឹកដីចាស់នេះ បានកើតចេញជា រូបរាង ហើយផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ ក្នុងនោះក៏មាន លោកយាយ លោក​តា លោកអ៊ំ មាមីង ដែលបាននៅរស់រានមានជីវិតបន្សល់ទុកពីសម័យសង្គ្រាម និងរបបប្រល័យពូជ សាសន៍ ប៉ុល​ ពត ក៏បានឆ្លងកាត់នៅទីនេះផងដែរ។ សង្ឃឹមថា ចៅៗនឹងដឹកជីដូនជីតា មកដើម្បីពិនិត្យ​មើលស្ពាននេះ ឲ្យគាត់បានឆ្លងស្ពាននេះមុនពេលដែលគាត់ចែកឋានទៅ។ មិនមែនបានសេចក្តីថាធ្វើ​ម៉េច​ឲ្យគាត់ចែកឋានទៅឲ្យលឿននោះទេ ប៉ុន្តែ យ៉ាងណាក៏ដោយ សុំថាឲ្យបានឆ្លងស្ពានហ្នឹងម្តង ព្រោះមិន​ងាយ​ទេ តាំងពីណាពីណីមក កុំថាឡើយស្រម៉ៃទៅដល់បានស្ពានថ្ម សូម្បីតែស្ពានប្ញស្សី ឬស្ពានឈើ ក៏​មិន​នឹកស្រម៉ៃថាបានផង។ ទន្លេនេះ ចាត់ទុកថាជាទន្លេមួយដែលតូច គឺត្រឹមតែ ៤១៥ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែ យើងមានស្ពានដែលឆ្លងកាត់ទន្លេមេគង្គ ដែលមានចម្ងាយជាង ២ គីឡូម៉ែត្រ ឬក៏ជិត ២ គីឡូម៉ែត្រ ឯ ណោះ …។

កោតសរសើរ ចំពោះក្រសួង និងអ្នកពាក់ព័ន្ធ ដែលបានធ្វើឲ្យសមិទ្ធផលនេះកើតចេញជារូបរាង

ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីសម្តែងនូវការកោតសរសើរ ចំពោះក្រសួងសាធារណការ និងដឹក ជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមជាមួយ នឹងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិន ដើម្បីធ្វើឲ្យសម្រេចនូវសមិទ្ធផលនេះឡើង។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណ ចំពោះប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នៅក្បាល ស្ពានទាំងសងខាងនេះ ដែលបានបង្កលក្ខណៈឲ្យស្ពានរបស់យើង បានដំណើរការរហូតចប់ចុងចប់ដើម ហើយថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាត្រូវឆ្លងឲ្យដល់ម្ខាងទៀត ហើយនឹងមិនធ្វើដំណើរបកក្រោយទេ។ អ្នក ណាចង់តាមក៏តាម។ ខ្ញុំទៅខាងណោះហើយ ខ្ញុំអត់ទៅតាមណេះវិញទេ។ ទៅឲ្យវាស្គាល់ខាងណោះ យើងកាត់ទៅខាងណោះ ដូចជាមាន៖ តាលាន់, ត្រើយស្លា ស្វាយប្រទាល ឡើងទៅលើខាងណោះ ប៉ុន្តែ គ្រាន់តែថា មិនដាក់បារ៉ាស់ទេ គឺថា មិនដឹងជិះឡានមួយណាទេ។

ឆ្លើយតបសំណួរ ដែលថាសម្តេចមើលតែទូរស័ព្ទ

ព្រឹកមិញហ្នឹងចេញពីភ្នំពេញមក ព្យាណូបាក់ខ្ទង់ ស្តាប់ចម្រៀងលេង មើលព័ត៌មានអីអញ្ចឹងទៅ ហើយ​គេ​វ៉ៃ WhatsApp, Line ស្អីៗ ព័ត៌មានច្រើនណាស់ … ឥឡូវនេះ កំពុងផ្សាយបន្តផ្ទាល់ដោយមួយគឺ​ផ្សាយ​ដោយ Fresh News ឯមួយទៀត គឺផ្សាយដោយ Page របស់នាយករដ្ឋមន្ត្រី។​ ហើយ Page ​របស់​នា​យករដ្ឋមន្ត្រីមានចៅម្នាក់ ប្រហែលជាចៅហើយមើលទៅ ថាលោកតាមើលតែទូរស័ព្ទ។ ចៅអើយចៅ បើ​តា​មិនមើលទូរស័ព្ទទើបវាចម្លែក … តាសុំឆ្លើយអញ្ចេះ តាមើលទូរស័ព្ទហ្នឹងបានប្រយោជន៍ខ្លាំងណាស់ ព្រោះ​ម្យ៉ាងគឺថា ការផ្សាយបន្តផ្ទាល់ផង តែម្យ៉ាងទៀត គឺគ្រាន់តែមើលអានេះ ទើបអាចដឹងបានថា យើងវា​មាន​តម្រូវការយ៉ាងម៉េចថែមទៀត។ នេះគឺជាផែនទីតែម្តង ជាផែនទីដែលយើងកំពុងស្ថិតនៅ (បើមើល) ត្រ​ឡប់​ក្រោយ ព្រោះយើងអត់ទាន់ចប់ទេ វានៅតភ្ជាប់ទៅព្រៃកប្បាស វានៅតភ្ជាប់ទៅលើកដែកឯណោះ។ អញ្ចឹង បានជាមើលហ្នឹង … បើតាមិនកាន់ទូរស័ព្ទ គឺថា តាខ្ជិល។​ អ្នកមិនកាន់ទូរស័ព្ទ កុំយកជាគ្នា សម័យ​នេះ​ហើយ។ មនុស្សអត់កាន់ទូរស័ព្ទ គេទូរស័ព្ទរោទិ៍មិនព្រមលើកមិនព្រមស្អី គេវ៉ៃ(បញ្ជូន)សារចូលទៅ មិន​ព្រម​ឆ្លើយ មិនព្រមទាំងមើលទៀត។ ឧបមាថា WhatsApp អញ្ចឹង មើល គឺចេញអក្សរខៀវ ឬក៏ស្អីក៏ដោយ ដឹងថាអ្នកឯងបើក មើលឬក៏អត់ អ្នកខ្លះខ្ជិលដល់ទៅមែនទែន ដល់ទៅមួយអាទិត្យក្រោយឯណោះ ហើយ​បើ​ធុនហ្នឹងរកស៊ីជាមួយម៉េចកើត? … តាមើលអាហ្នឹង គឺមានប្រយោជន៍ រាប់ទាំងប្រយោជន៍ឃើញចៅឯង Comment ចូលមក ថាម៉េចបានតាមើលទូរស័ព្ទ … ហ្នឹងតាប្រាប់ថា មានប្រយោជន៍ខ្លាំងណាស់។

ស្ពានកោះធំបម្រើផលប្រយោជន៍យ៉ាងធំ សម្រាប់អ្នកកោះធំ និងអ្នកប្រើប្រាស់ស្ពានដទៃទៀត

ទាក់ទងជាមួយនឹងបញ្ហានេះ ខ្ញុំព្រះករុណាខ្ញុំ សុំវិលមករកបញ្ហាស្ពាន។ អរគុណណាស់ ដែលប្រជាពល​រដ្ឋ​របស់យើងបានសាទរជាមួយស្ពាននេះ។ ស្ពាននេះជាផលប្រយោជន៍មួយយ៉ាងធំ សម្រាប់អ្នកដែល​រស់​នៅ​កោះធំនេះដោយផ្ទាល់ ឬក៏អ្នកដែលមានប្រយោជន៍នូវការប្រើប្រាស់ស្ពានរបស់យើងនេះ។ ខ្ញុំ​​ព្រះ​ករុ​ណា​ខ្ញុំ ថ្លែងកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ផ្តល់​ថវិកា​បដិភាគ។ គ្មានថវិកាបដិភាគយើងក៏មិនអាចធ្វើអីកើតដែរ។ អាជ្ញាធរដែនដី ក្នុងហ្នឹងមានទាំងថ្នាក់​ខេត្ត មានទាំងថ្នាក់ស្រុក មានទាំងផ្នែករដ្ឋបាល និងថ្នាក់ឃុំ/ភូមិ និងប្រជាពលរដ្ឋនៅទីនេះ ដែលបាន​បង្ក​លក្ខណៈ​ងាយស្រួលឲ្យស្ពាននេះបាន(កើតចេញជារូបរាង)។ ស្ពាននេះក៏ជាស្ពាន សម្រាប់បម្រើសេចក្តីត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ។ លោកយាយ លោកតា ដែលបានកើតនៅទីនេះ រស់នៅទីនេះ តើធ្លាប់បាននឹកថា មាន​ស្ពានឆ្លងទេ? ប្រហែលជាមានតិចណាស់ ប្រសិនបើអ្នកមានចក្ខុវិស័យវែងឆ្ងាយ មានតិចណាស់ ហើយ​ប្រសិនបើនិយាយតាមមួយបែបទៅ បើសិនជានាយករដ្ឋមន្ត្រីមិនមែនជា ហ៊ុន សែន ក៏ប្រហែល​ជា​ស្ពាន​មិនកើតនៅកោះធំនេះដែរ។ និយាយឲ្យពិត(ស្នូរទះដៃ) ព្រោះអ្នកខ្លះដែលតាំងខ្លួន និងដេកយល់​សុបិន្តធ្វើនាយករដ្ឋមន្ត្រី មិនដែលស្គាល់អ្វីដែលហៅថា ការលំបាករបស់អ្នកជនបទនោះទៅទៀត។ មួយ​ថ្ងៃៗ ដេកយល់សុបិន្តចង់ធ្វើ(ជា)នាយករដ្ឋមន្ត្រី ខ្វះណាស់មនុស្សចង់ធ្វើ(ជា)នាយករដ្ឋមន្ត្រី? … ប៉ុន្តែ នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន វាបានកើតស្ពានពិតនេះ … មិនមែនស្ពានឧទាហរណ៍ទេ …។

ខ្ញុំក៏សុំយកឱកាសនេះ តាមរយៈឯកឧត្តមអគ្គ​រដ្ឋ​​ទូត ​​​ផ្ញើ​ជូននូវការអគុណជាមួយនឹងការរួម​ចំណែក​​របស់​មិត្តចិន នៅក្នុងការផ្តល់ហិរញ្ញប្បទាន សម្រាប់​ការ​កសាងនូវស្ពានឆ្លងកាត់ទន្លេបាសាក់​របស់​យើង​នេះ។ នេះ​​គឺជាចំណុច​ពិសេសមួយដូចដែលឯកឧត្តមអគ្គរដ្ឋទូត Xiong Bo បានលើកឡើងក្នុង​របាយ​ការណ៍ សុន្ទរកថា​អម្បាញ់មិញថា ស្ពាន ផ្លូវ រហូតដល់ទៅ ២៥០០ គីឡូម៉ែត្រ ដែលបាន និង​កំពុង​សាង​សង់​ដោយ​មិត្ត​ចិន​។ យើងត្រូវធ្វើកិច្ចការងារនេះច្រើនទៀត លោកយាយ លោកតា ដូចដែល​ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់​ថុល​ បានលើកឡើងក្នុងរបាយការណ៍អម្បាញ់មិញ កាល​ខ្ញុំព្រះករុណាខ្ញុំ ផ្ទាល់ក៏ជា​មនុស្ស​ម្នាក់​​ក្នុងចំណោម​ប្រជាជនរាប់លាននាក់ ដែលបានឆ្លងកាត់នៅសម័យកាល​គ្មានផ្លូវ គ្មានស្ពាន គឺវាមាន​ការ​លំបាកប៉ុណ្ណា។ ដំណាក់​កាលមនុស្សជិះកង់ និងកង់ជិះមនុស្ស … ជាពិសេសសុំប្រជាពលរដ្ឋដែល​រស់​នៅ​ស្រុក​ស្អាង និងស្រុកកោះធំ មេត្តាយោគយល់ យើងកំពុង​តែ​កសាង​នៅស្ពាន នៅផ្លូវលេខ ២១ នេះ តភ្ជាប់ពីខាង​ខេត្តកណ្តាល និងទៅដល់ព្រំដែនកម្ពុជា-វៀតណាម។ មកព្រឹក​មិញ​នេះ មានកន្លែងមួយ​ចំនួន​សឹង​តែបាក់​ចង្កេះ​ដែរ អ្នកដែលរស់នៅសងខាងផ្លូវត្រូវហុយពាក់​សុទ្ធ​តែ​ម៉ាស់ ប៉ុន្តែធ្វើរួចហើយអ្នក​ដែល​​ទទួល​ផល​​ប្រយោជន៍ គឺអ្នកដែលនៅតាមសងខាងផ្លូវនេះឯង អ្នក​ដែល​ទទួលផលប្រយោជន៍។

… ផ្លូវនេះ​មាន​ការលំបាកណាស់ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បើកឡាន​ខ្លួនឯង ហើយគ្មានអ្នកណាដឹងទៀតផង បើក​ឡានខ្លួន​ឯងទៅតាមផ្លូវនេះ ដូចជានៅក្នុងឆ្នំា ២០០៧ ខ្ទង់​ប្រហែល​ប៉ុណ្ណឹង ២០០៦ ឬ ២០០៧ បើក​ឡាន​ពេលចូល​ឆ្នំា​ខ្មែរ ធ្លាក់ដល់ព្រំដែនវៀតណាម។ ចូលឆ្នំានឹងគេដែរ គ្រាន់តែយើងអត់ចុះលេង​អង្គញ់តែ​ប៉ុណ្ណឹង​ទេ។ អញ្ចឹង​ទេ​បានជាខិតខំជម្រុញការចរចាជាមួយសាធារណរដ្ឋកូរ៉េ ទើប​បាន​ដំណើរការផ្លូវនេះ ហើយ​ជម្រុញការចរចាជា​មួយ​វៀតណាម វៀតណាមចេញពាក់កណ្តាល យើង​ចេញ​ពាក់​កណ្តាល កសាង​ស្ពានមួយទៀត ដើម្បីភ្ជាប់​យើង​​ជាមួយវៀតណាម។ ការតភ្ជាប់ផ្ទៃក្នុង និងការតភ្ជាប់​ជា​មួយ​​នឹង​ប្រទេស​ជិត​ខាងនៅជុំវិញ និងក្នុង​តំបន់ គឺមិនមែនជានយោបាយដាច់ដោយឡែករបស់​កម្ពុជា​ទេ ក៏ប៉ុន្តែវា​ជា​នយោ​បាយដែលគ្របដណ្តប់​នៅក្នុង​ក្រប​ខណ្ឌ​តំបន់ ជាពិសេសសាធារណរដ្ឋ​ប្រជាមានិត​ចិន​តាមរយៈនៃ​នយោ​បាយរបស់ប្រធានាធិប​តី ស៊ី ជិនពីង គឺលើកឡើងអំពី ខ្សែក្រវាត់មួយវិថីមួយ ឬផ្លូវ​សូត្រ​សតវត្សរ៍ទី ២១ ដែល​នៅថ្ងៃទី ១៤ និង​ ១៥ ខែ ឧសភា ខាងមុខនេះ និងមានការប្រជុំកម្រិតខ្ពស់ នៅឯទីក្រុងប៉េកំាង ពេល​នោះ​ខ្ញុំព្រះករុណាខ្ញុំ ក៏​នឹង​ទៅចូលរួមផងដែរ។

ជម្រុញការតភ្ជាប់ បើគ្មាន​ការ​តភ្ជាប់​ទេ ក៏អត់អាចធ្វើកើតទេ។ ​នៅ​ប្រទេសរបស់យើងនេះ យើងគ្រាន់​តែ​មើល​ចាប់តំាងពីតាខ្មៅ​មកទៅទល់ត្រឹមប៉ុណ្ណឹង ឬទៅទល់នឹង​ព្រំដែនកម្ពុជា-វៀតណាម ប៉ុន្តែដូចជាជាង ៧០ ស្ពានឯណោះ។ លោកយាយ លោកតា រឿងដែលវាលំបាក វាលំបាកខុសគ្នាត្រង់អញ្ចេះ អ្នកធ្វើស្រែ ធ្វើ​ចំការរបស់យើង​ពេញចិត្ត​ណាស់ជាមួយនឹងអ្វីដែលមាន ដូចជាអ្នកកោះធំ ស្អាងកោះធំយើងនេះ ទំាង​សងខាង​ទន្លេ​បាសាក់ សុទ្ធតែសប្បាយរីករាយ ដោយសារ​តែ​មាន​ព្រែក។ អាព្រែកច្រើននេះ គឺវាមានទឹក ពេលទឹក​ឡើង​វាហូរចូលនំាដីល្បាប់ និងកូនត្រីចូលទៅ ដល់ពេលទឹក​ស្រក​វាហូរត្រឡប់មកវិញ។ យើងទៅ​ចាប់ត្រី។ ល្អណាស់។ ប៉ុន្តែដល់លំបាក លំបាកឆ្លង វាអត់មានស្ពាន។ អញ្ចឹងវាមួយ​បែប​ម្នាក់ តំបន់​អ្នក​ដែល​អត់មានទឹក ប៉ុន្តែគេ​ស្រួល​ធ្វើដំណើរដោយសារ​តែគេអត់មានស្ពាន គេធ្វើតែផ្លូវ គេ​អត់​មានស្ពាន ដល់​​ទៅ​កន្លែងដែលមានព្រែកច្រើនសំបូរទឹកវាសប្បាយ ប៉ុន្តែវាពិបាកត្រង់វាមានស្ពានច្រើន …។

រាជរដ្ឋាភិបាលនៅតែបន្តនយោបាយអាទិភាពលើហេដ្ឋារចនាសម្ព័ន្ធទាំងទន់ ទាំងរឹង/អាទិភាព ៤ យ៉ាង

អញ្ចឹងទេ បានជាយើងត្រូវរកលុយ រកកាក់ ដើម្បីធ្វើឲ្យបានទាំងពីរ មួយគឺថាខិតខំស្តារព្រែកហ្នឹងឲ្យវា​នៅ​បន្ត យើងខិតខំស្តារទាំងតាមដងទន្លេមេគង្គផង ទាំងតាមដងទន្លបាសាក់ផង ដើម្បីនាំទឹកយកទៅខាង​ក្រោម ហើយនឹងនាំកូនត្រីចូលក្នុងពេលជាមួយគ្នា។ យើងនាំគ្នាធ្វើស្ពាន គ្រាន់តែវាងអាកន្លែងធ្វើស្ពាន​អម្បាញ់​មិញហ្នឹង គឺថាចង់បាក់ចង្កេះអស់ហើយ ប៉ុន្តែ អាហ្នឹងត្រូវ​ការ​តែ​ប៉ុន្មាន​ខែទៀត អាចថាផុតឆ្នាំនេះ ឆ្នាំក្រោយ គឺវាស្រួលហើយ ហើយយើងនឹងបន្តទៅតាមរបៀបនេះ​តទៅ​ទៀត។ ខ្ញុំព្រះករុណាខ្ញុំ សូម​បញ្ជាក់​ថា នយោបាយរបស់គណបក្សប្រជាជន នយោបាយ​របស់​រាជ​រដ្ឋា​ភិបាលដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំ នៅតែ​បន្ត​អាទិ​ភាពទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងទន់ ទាំងរឹង គឺ​អាទិ​ភាព​ ៤ យ៉ាង ទី ១ គឺទៅលើ​បញ្ហា​ធន​ធាន​មនុស្ស​ជាមុំទី ១ សំខាន់ បានជាយើងមានតម្រូវការ​វិនិយោគ​យ៉ាង​​ធំសំបើមទៅលើវិស័យអប់រំ ដើម្បីឲ្យ​សិស្ស ឲ្យក្មេងៗ ឲ្យកុមារ និងយុវជនរបស់យើង បានទទួល​ចំណេះ​ដឹងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ យើង​​បង្កើនថវិកាកាន់តែធំទៅៗ ដើម្បីកសាង​នៅ​សាលា តាំងពី​កម្រិត​បឋមរហូតទៅដល់មហាវិទ្យាល័យ ដើម្បី​កសាងធនធានមនុស្ស បើគ្មានធនធាន​មនុស្ស​ទេ មិន​អាច​ធ្វើអីកើតទេ។ ទី ២ សំដៅទៅលើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺទាក់​ទង​ជា​មួយ​នឹង​ស្ពាន ផ្លូវនេះឯង គឺថាគមនាគមន៍ដឹកជញ្ជូន​របស់​យើង ក្នុងហ្នឹងវាមានស្ពាន វាមានផ្លូវ វាមាន​ផ្លូវ​ដែក វាមានកំពង់ផែ វាមានព្រលានយន្តហោះ … កុំ​យក​លុយទៅចាយស្អីផ្សេង ចាយលុយ​ធ្វើ​ហេដ្ឋា​រចនាសម្ព័ន្ធ។ ទី ៣ ផ្តោតការយកចិត្តទុកដាក់ទៅលើការ​ដោះ​ស្រាយទឹកជូនប្រជាពលរដ្ឋ ដើម្បី​​ទទួល​ទាន​ផង និងស្រាចស្រពផង នៅតែជានយោបាយអាទិភាព​របស់រាជរដ្ឋាភិបាល និងទី ៤ ទៅលើ​បញ្ហា​អគ្គិសនីទាំងការផលិតអគ្គិសនីដើរដោយវារីអគ្គិសនី ដើរដោយ​ធ្យូងថ្ម ដើរដោយពន្លឺព្រះអាទិត្យ និង​បណ្តាញ​ចែកចាយអគ្គិសនី ៤ យ៉ាងហ្នឹងនៅតែជាអាទិភាពនយោ​បាយ​របស់រាជរដ្ឋាភិបាល។

​ខ្ញុំព្រះករុណាខ្ញុំ គិតមើលទៅពីឆ្នាំ ១៩៨៧ រហូតមកដល់ពេលនេះ ដែលខ្ញុំព្រះករុណាខ្ញុំ ប្រកាសថាជា នយោបាយអាទិភាពថាមានរយៈពេល ៣០ ឆ្នាំគត់។ នយោបាយនេះ វាត្រូវ ៣០ ឆ្នាំ រួចមកហើយ ហើយវានឹងត្រូវ រយៈពេល ៣០ ឆ្នាំ ទៅមុខទៀត ពីមុនយើងនិយាយពី ទឹក ផ្លូវ ភ្លើង មនុស្ស ឥឡូវ យើង​និយាយ​ពីមនុស្ស ផ្លូវ ទឹក ភ្លើង ទៅវិញ ឬក៏អាចនិយាយថា មនុស្ស ទឹក ផ្លូវ ភ្លើង មុំរបស់វាទៅយ៉ាងដូច្នេះ ឥឡូវនេះ សម្រាប់នៅតាមតំបន់នេះ ហើយក៏សម្រាប់ក្រៅពីការផ្តល់អាទិភាពរបស់រាជរដ្ឋាភិបាល មិត្តចិន ក៏បានសម្របសម្រួលជាមួយនឹងក្របខណ្ឌនៃនយោបាយផែនការ ៥ ឆ្នាំ របស់ចិន ជាមួយ​នឹង​នយោបាយ​​របស់កម្ពុជាផងដែរ អំពីការសម្របសម្រួលនៃយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជា ជាមួយនឹង​បញ្ហា​ទាក់​ទិន​ជាមួយនឹងគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិនផងដែរ ដែលក្នុងហ្នឹងមាន​ផ្នែក​មួយ​ចំនួន​វាស៊ីសង្វាក់គ្នា ដូចជាការតភ្ជាប់នេះ វាជាការតភ្ជាប់ ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋរបស់​យើង​ទទួល​បាននូវការរីកលូតលាស់។

ឥឡូវឧទាហរណ៍ថា យើងមិនធ្វើផ្លូវជាតិលេខ ២១ ពេលដែល​ប្រជាជន​ផលិតបានយកទៅណា? បើដឹក​ទៅ ដឹកម៉េចរួច សូម្បីតែឥឡូវយើងធ្វើបានមួយចំនួនហើយ ក៏ពិបាកដឹកដែរ ប៉ុន្តែ ដល់ពេលធ្វើរួចហើយ និយាយពីដឹកលឿន។ យើងចង់នាំចេញ នាំចូលជាមួយ​ប្រទេស​ជិត​ខាង យើងត្រូវមាន​ការតភ្ជាប់​ជាមួយ​ប្រ​ទេស​ជិតខាង ដើម្បីធ្វើពាណិជ្ជកម្មជាមួយគ្នា។ មានពេលខ្លះ យើងប្រើនូវកំពង់ផែនៅប្រទេសជិតខាង ឬក៏​មិន​ថាប្រទេសកម្ពុជាទេ ប្រទេសដទៃ គេក៏ប្រើដូចគ្នាដែរ។ អ្វីដែលហៅថាសេដ្ឋកិច្ច គឺត្រូវតែមានចំណេញ ឥឡូវ បើនិយាយពីមិត្តចិនវិញ ប្រទេសចិនធំណាស់ ផ្គត់ផ្គង់​ពីភាគណាផ្សេងទៀតមកកាន់ប្រទេសចិន គឺ​ពិបាក។ ប៉ុន្តែ បើផ្គត់ផ្គង់ពីកម្ពុជាទៅកាន់ចិន ផ្គត់ផ្គង់​ពី​វៀតណាម ផ្គត់ផ្គង់ពីថៃទៅកាន់ចិន វាជិតជាង ការផ្គត់ផ្គង់ពីស្រុកចិន មកស្រុកចិន។ ឧទាហរណ៍ ខេត្តគ័នស៊ី ខេត្តយូណាន់ ខេត្តហៃណាន់ អីហ្នឹង បើ​សិនផ្គត់ផ្គង់ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទៅវា​ស្រួលជាង​ផ្គត់ផ្គង់ពីក្នុងប្រទេសចិន ព្រោះប្រទេសចិនធំ ប្រមាណ ១០ លានគីឡូម៉ែត្រការ៉េឯណោះ ដូច្នេះ កាត់​ដឹក​ពីម្ខាង​ណោះ គាត់ដឹកពីតំបន់មួយទៅតំបន់​មួយ​លេង ២ ពាន់ គីឡូម៉ែត្រអី ដល់ដឹកពីយើងទៅលេង​តែ​ប៉ុន្មាន​រយគីឡូម៉ែត្រ។ ដូច្នេះវាជិតជាង។

អារឿង​ធ្វើ​សេដ្ឋកិច្ច គេគិតពីចំណេញ យើងគ្រាន់តែគិតពី​ត្រង់នេះ​មួយ ខ្ញុំព្រះករុណាខ្ញុំនិយាយ​តាមមួយ​បែប​ចុះ។ អ្នកខ្លះគេឌឺឲ្យខ្ញុំព្រះករុណាខ្ញុំ សូម្បីតែឥដ្ឋក្បឿង ក៏ទិញ​ពីគេ​ដែរ។ ឥឡូវសូមលោកយាយ លោក​តាជួយគិតខ្ញុំព្រះករុណាខ្ញុំ ឥឡូវយើង​គិត​ពីថា ដើម្បីបានឥដ្ឋបានក្បឿងមួយឡ តើត្រូវប្រើអុសដុតប៉ុន្មាន? ដើម្បីឲ្យឥដ្ឋក្បឿងហ្នឹងវាឆ្អិន កាប់​ខ្ទេច​ព្រៃ ដើម្បីឲ្យចេញឥដ្ឋហើយនឹងក្បឿងនេះ ឡឥដ្ឋ ឡក្បឿង។ ដល់​ប្រ​ទេស​គេផលិត គេផលិតធ្វើ​ធ្យូង​ថ្ម អញ្ចឹងយើងទិញពីគេថោកជាងការយើងផលិតក្នុងស្រុក បើអញ្ចឹងគួរ​តែ​ឲ្យ​គេនាំចូលទៅ វាអត់មានអីទាស់​ខុសទេ បើយើងធ្វើខ្លួនឯងវាថោកជាងការនាំចូល អាហ្នឹងចាំយើងលែង ជួនកាលយើងគិតខុស​អំពី​បញ្ហា​សេដ្ឋ​កិច្ច។

តម្លៃភ្លើងធ្លាក់ទាបចាប់ពីខែ មេសា សម្រាប់អ្នកដែលភ្ជាប់ជាមួយបណ្តាញជាតិ

… ហើយភ្លើងនៅទីនេះ ក៏សូមជម្រាបជូនប្រជាពលរដ្ឋរបស់យើងឲ្យបានជ្រាប អ្នក​ដែលតភ្ជាប់ជាមួយ​បណ្តាញជាតិ ចាប់ពីថ្ងៃទី ១ ខែ មេសា នេះទៅ អ្នកដែលប្រើ ៥០ គីឡូវ៉ាត់ចុះក្រោម គឺត្រឹមតែ ៦១០ រៀល​តែ​ប៉ុណ្ណោះ។ ឯអ្នកដែលប្រើ ១០ គីឡូវ៉ាត់ចុះក្រោម តែ ៤៨០ រៀលតែប៉ុណ្ណោះ។ បន្តិចទៀត ថ្លៃភ្លើងខែ ហ្នឹង បើនិយាយពីគ្រូបង្រៀនត្រូវប៉ាន់តែម្តង ព្រោះអី? ខែ ៤ ប្រាក់ខែត្រូវឡើង ថ្លៃភ្លើងចុះគ្រឹប … អញ្ចឹង​មិនសល់លុយ។ ប៉ុន្តែលុយមិនសល់ទេ កុំឆ្ងល់ពេក តែចាយ​ហើយ​មិន​ដែល​សល់ទេ ប៉ុន្តែគ្រាន់តែថា ពី មុនធ្លាប់ចំណាយខ្ពស់ ឥឡូវ វាចំណាយទាបជាងទៅលើ​បញ្ហាការ​ប្រើ​ប្រាស់​ភ្លើង ប្រើប្រាស់ផ្លូវ។ អ្នកប្រើ​ប្រាស់ភ្លើងក្រោម ៥០ គីឡូវ៉ាត់ម៉ោងចុះក្រោម មានរហូតទៅដល់ ៧០ ភាគរយ នៃប្រជាពលរដ្ឋ ក្នុង​ហ្នឹង​ក៏មានគ្រូបង្រៀនផងដែរ។ អញ្ចឹងទេ អ្នកដែលភ្ជាប់ជាមួយបណ្តាញ​ជាតិ​រួច​ទៅហើយ គឺប្រើប្រាស់ត្រឹមតែ ៦១០ រៀលតែប៉ុណ្ណោះ ប៉ុន្តែបន្តិចទៀតមានអ្នកដេញថ្លៃ ដល់ពេល​ឃោសនា​បោះឆ្នោត មានអ្នកដេញ​ថ្លៃ​​ហើយ “បើឈ្នះ ឲ្យ​បង់តែ ១០០ រៀលទេ” …។

សន្តិភាពជាកត្តាសំខាន់

ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយហើយ យើងត្រូវក្តាប់អ្វីដែល ជារបស់ពិតនៅក្នុងដៃឲ្យជាប់ អារឿងដែល​យើងក្តាប់របស់ពិតនៅក្នុងដៃមិនជាប់ ដែលវាអន្តរាយធ្វើឲ្យយើង​បាត់បង់នូវពេលវេលា និងបាត់បង់ និង​ស្លាប់​នូវមនុស្សច្រើនណាស់។ សុខៗនាំគ្នាទៅផ្តួលរំលំសម្តេចព្រះ នរោត្តម សីហនុ បង្កើតឡើង​នូវ​សង្គ្រាម​ពេញប្រទេស បង្កើតរបបប្រល័យពូជសាសន៍ តកូន តជំនាន់មនុស្ស ទើបដោះស្រាយមានសន្តិភាពរាល់ថ្ងៃ ក្តាប់ឲ្យជាប់រឿងសន្តិភាពនេះ។ ធម្មតាទេ យើងមើលៗ ស្រមោលវាតែងធំជាងរបស់ពិត យើងមើល ឧបមា​ថា ទង់មួយនេះ យើងមើលស្រមោលរបស់វាថាធំជាងរបស់ពិត អញ្ចឹងទេ អ្នកសន្យាខ្យល់គឺអ្នក​ហ្នឹង​ឯង។ ខ្ញុំសូមជម្រាប ដោយតម្លៃណាក៏ដោយ កម្ពុជាត្រូវរក្សាសន្តិភាពឲ្យបាន អ្នកណាបំផ្លាញ​សន្តិភាព នឹងគ្មាន​ការ​​អត់អោន និងគ្មានការលើកលែងទេ។ សូមបញ្ជាក់ជូន កុំប្រាថ្នាធ្វើបដិវត្តពណ៌អី​អញ្ចេះ​អញ្ចុះ អត់បាន​ទេ អត់មានឲ្យលេងសើចទេ ព្រោះស្លាប់មនុស្សច្រើនណាស់ …។

ថ្ងៃនេះលេងម្នាក់មួយទៀត។ ប្រហែលជា​ពេល​នេះ​មេធាវីទៅដល់តុលាការហើយ។ ស្អីអ្នកឯងបញ្ចេញមតិ​មក​ចោទ​គណបក្សប្រជាជនសម្លាប់មនុស្ស។ អត់ទេ ទារកន្លះលានដុល្លារ ហើយបើអ្នកឯង​មិនចង់ឲ្យ​រឹប​អូស​ទ្រព្យសម្បត្តិ ដើម្បីលក់ឡៃឡុងទេ អ្នកឯងយកលុយមកសងមក។ គេមិនរឹបអូសទេ។ ថ្ងៃនេះ ខ្ញុំស៊ីញ៉េ​តាំងពីល្ងាច ព្រឹក​ទៅ​ដល់តុលាការហើយ។ នគរបាល​តាមឲ្យជាប់ ក្រែងលោរត់ ព្រោះរត់មួយហើយ។ អ្នក​ចោទ​ហ្នឹងរត់ធ្លាក់ស៊ុយអ៊ែត … ពេលអ្នកឯងនិយាយ អ្នកឯងមានបានគោរពគេអត់ គេមានកិត្តិយស​របស់​គេ។ (បើ)គណបក្សប្រជាជនសម្លាប់​មនុស្ស​ចប់ហើយ។ អ្នកណាអ្នកចំណេញពីសោកនាដកម្មនៃ​ការ​ស្លាប់​មនុស្ស​នៅក្នុង​ដំណាក់​កាលដែលខ្លួនកំពុងកាន់អំណាច។ អានេះគឺជាបញ្ហាដែលខ្ញុំគ្រាន់តែថា និយាយ​ឲ្យ​ច្បាស់ ធ្វើនយោបាយកុំជោរ។ កុំឃើញគេមិនមាត់ អាងក្បាលមេក្រូ អាងវិទ្យុ ហើយនាំគ្នាវិភាគ វ៉ៃប្រហារ​គេ។

ពង្រឹង​និតីរដ្ឋ។ ប៉ុន្តែអ្វីដែលខ្ញុំព្រះករុណាខ្ញុំ អំពាវនាវ គឺទាល់តែមានសន្តិភាព ទើបអាចអភិវឌ្ឍបាន។ ប្រ​ទេស​​​កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ប្រទេស ដែលមានការរីកលូតលាស់កំណើនសេដ្ឋកិច្ចមិនថមថយ ក្នុង​វង្វង់ ៧ ភាគរយ ក្នុងមួយឆ្នាំ ដូចដែលឯកឧត្តម អគ្គរដ្ឋទូតចិនបានលើកអម្បាញ់មិញ គឺជាប្រទេស​ដែល​មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់នេះ។ ឥឡូវនេះ សល់ប្រទេស​មិន​ច្រើនទេ ដែលមានកំណើន​សេដ្ឋ​កិច្ច ចាប់ពី ៧ ឡើងលើ នៅក្នុងរង្វង់ ៥ ឡើងទៅ ៧ ឬក៏ក្រោម ៥ នៅក្នុងក្រប​ខណ្ឌអាស៊ី​របស់យើង​នេះ។ មុននេះសេដ្ឋកិច្ចចិន និងវៀតណាមខ្ពស់ ប៉ុន្តែឆ្នាំទៅសេដ្ឋកិច្ចចិនបាន​ត្រឹមតែ ៦,៧ ភាគ​រយទេ  ក្នុង​ពេលដែលសេដ្ឋកិច្ចកម្ពុជាបាន ៧ ភាគរយ។ មុននេះ សេដ្ឋ​កិច្ច​ចិនបាន ៨-៩ ភាគរយ ប៉ុន្តែសេដ្ឋកិច្ចចិន ដោយមានការកែសម្រួលរចនា​សម្ព័ន្ធសេដ្ឋកិច្ច គឺសេដ្ឋកិច្ចចិនមាន​ការ​ថយ​ស្ថិតនៅក្នុងរង្វង់ឆ្នាំទៅ ៦,៧ ភាគរយ ចំណែកកម្ពុជានៅតែ ៧ ភាគរយ ហើយយើងសង្ឃឹមថា យើងនឹង​ទទួល​បាន ប៉ុន្តែដើម្បីទទួល​កំណើនសេដ្ឋកិច្ច ៤ យ៉ាងនេះ ត្រូវ​ដាក់​ទុកវិនិយោគលើ មនុស្ស ផ្លូវ ទឹក ភ្លើង។ ខ្ញុំព្រះករុណាខ្ញុំ គិតថា នយោបាយ​អាទិ​ភាព​ទាំង ៤ នេះ ត្រូវ ៣០ ឆ្នាំរួចមកហើយ អាចបន្ត ៣០ ឆ្នាំទៅមុខទៀត …។

កុំនាំគ្នាបង្កើតបញ្ហា បើបង្កើតបញ្ហា ត្រូវចេះ​ទទួលខុសត្រូវ

… ជួនកាលអ្នក​ខ្លះ​ចូល comment ជេរឯងលេង។ វាចង្រៃស្អីមកជេរយើងលេង រួចដល់ពេលយើងប្ដឹងទៅ ថាគេហ្នឹងប្រើ​តុលាការ។ ចុះបើយើងកុំប៉ះគេ អ្នកណាប្រើតុលាការទៅធ្វើស្អី។ ដូចម្នាក់ដែលចូលទៅ​ប្ដឹង​ព្រឹក​នេះ (គឹម សុខ) ទៅឡើងអាស៊ីសេរីថា គណបក្សប្រជាជនសម្លាប់លោក កែម ឡី។ ម្នាក់សមាជិក​ព្រឹទ្ធសភា រត់ចោលស្រុកដល់សុយអ៊ែតឯណោះ ប៉ុន្តែក្រវែលៗនេះដែរ ព្រោះតែសាលក្រម​ចូល​ស្ថាពរ​​ហើយទ្រព្យសម្បតិ្ត​នាងនៅឯណា តាមរកហើយ លក់ឡៃឡុងហើយ។ ប៉ុន្តែម្នាក់នេះ ខ្ញុំទារ ៥០ ម៉ឺនដុល្លារ ស្មើ​នឹង ២.០០០ លានរៀល តែតុលាការគេកាត់អោយប៉ុន្មាន អាហ្នឹង​រឿងតុលាការទេ។ សិទ្ធិរបស់​យើង​ទារ យើង​ចេះតែទារទៅ ព្រោះតុលាការយ៉ាងណា គេមិន​កាត់អោយ​លើស​ពីច្បាប់កំណត់ទេ … ដល់ទៅ​ច្បាប់ថា ទោសនេះគេអោយត្រឹមតែ ១០ លានរៀលតើ តែជួនកាលគេកាត់អោយយើងតែ ៥ លាន​ … ប្រទេស​យើងលូតលាស់ទៅបានហើយ កុំនាំគ្នាបង្កើតបញ្ហា ហើយបើបង្កើតបញ្ហា ត្រូវចេះ​ទទួលខុសត្រូវ។ លោក​ឯងកុំនិយាយប៉ះពាល់គេតែប៉ុណ្ណឹងទៅបានហើយ។

អត្ថប្រយោជន៍នៃស្ពានកោះធំ

សង្ឃឹមថា ស្ពាននេះនឹងផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងដឹកជញ្ជូនឆ្លងកាត់ និងធ្វើ​ដំណើរឆ្លង​កាត់ មិនពិបាកដូចពេលមុនទេ។ មុននេះ យើងត្រូវឆ្លងទូកដ ហើយពេលខ្លះពិតជាប្រថុយ​ប្រថានណាស់ ជួនកាលទូកដនោះដាក់ដោយមនុស្សយ៉ាងពេញ ហើយប្រសិនបើពេលយប់មានស្ដ្រីឆ្លង​ទន្លេមិនរួច ពិបាក​ណាស់​(ក្នុងការឆ្លងទូកដ)។ អ្នកជំងឺ គឺត្រូវរកទូកដ និយាយរួមអាចនិយាយបានថា ពិបាកខ្លាំងណាស់។ ប៉ុន្តែនៅពេលដែលយើងធ្វើស្ពានហើយនោះ គឺស្ថានភាពចង់ឆ្លងពេលណាក៏បាន ស្រេចតែយើង។ ពីដើម ឆ្លង​ទូកដវាត្រូវអស់លុយ។ មានថ្ងៃមុនអ្នកស្អាងចូលមក comment ក្នុង(ហ្វេស​ប៊ុករបស់ខ្ញុំ)ថា សម្ដេច! សុំមេត្តាកសាងស្ពានឆ្លងទន្លេនៅស្អាងមួយទៀត ព្រោះម្ចាស់ទូកដមិនព្រមធ្វើតាម​សៀវភៅបន្ទុក យក​ថ្លៃ​ស្រេច​តែចិត្ត។ គាត់ខឹងម្ចាស់ទូកដ គាត់ទារស្ពាន។ គង់តែធ្វើទេ (គ្រាន់តែ)ធ្វើនៅពេលណា ធ្វើអាណាមុន អាណា​ក្រោយ តែប៉ុណ្ណឹងទេ?

សង្ឃឹមថាមិត្តចិនមិនចេញមកអន្តរាគមន៍ការពារអ្នកជាប់ទោស

… ម្សិលមិញ​ឆ្លៀតទៅវាយកូនគោល ប៉ុន្តែឡូចុងក្រោយនេះ មកវិញចុកជើង។ ឥឡូវ ​ឈរកំពុងចុកជើង។ ម្សិល​មិញដាក់ពីរជុំ ១៨ ឡូ តែខ្លីៗ។ ម្សិលម្ង៉ៃក៏ដាក់ ព្រោះថ្ងៃអាទិត្យ មិនអោយសម្រាកម៉េច វាយកូន​គោល​ខ្លះ​ទៅ។ ខ្ញុំគ្រាន់តែសុំថា អ្នកទាំង​ឡាយ​ឲ្យមានចេះគោរពគ្នាក្នុងការធ្វើនយោបាយ ហើយបើគ្មានការ​គោរព និងចោទបំពានហើយ អ្នកទទួលខុស​ត្រូវ​ ​ហោចបំផុតអ្នកឯងអាចទទួលខុសត្រូវខាងរដ្ឋប្បវេណី ឬ​ខាងព្រហ្មទណ្ឌ។ ហើយរឿងចោទសម្លាប់​គេនេះ គឺជាការញុះញង់បង្កឲ្យមានចលាចល ទោសនេះជា​ទោស​ត្រូវជាប់គុកផង (បង់)លុយផង។ រឿងនាងមួយរត់ទៅបាត់នោះ វាទាស់តែពេលហ្នឹងប្តឹងយកលុយ ១ ដុល្លារ បើសិនជា​ប្តឹង​យក​ឲ្យច្រើនបន្តិច បានលក់ឡៃឡុងហើយ។ ខ្ញុំអត់យកទៅណាទេ យកទៅ​កសាង​ផ្ទះ​ជនពិការ​។ អ្នកហ្នឹងរៀននៅស្រុកចិនទៀតណា។ តិច​ចិន​មកចេញអន្តរាគមន៍។ កុំឲ្យសោះ។

ម្នាក់ហ្នឹង​រៀន​នៅស្រុកចិនជំនាន់ហ្វ៊ុនស៊ិនប៉ិច។ តិចឯកឧត្តមអគ្គរដ្ឋទូត​មកអន្តរាគមន៍។ កុំធ្វើដូចពួកអាមេ​​រិក សូម​ប្រាប់​មិត្តចិនឲ្យហើយ។ អាមេរិកឲ្យតែអ្នកណាទៅរៀនស្រុកគាត់ មកធ្វើអន្តរាគមន៍ហើយ។ គាត់​ហ្នឹងទៅ​រៀន​នៅស្រុកចិន តិចថាចិនមកអន្តរាគមន៍។ អត់ទេ។ ច្បាប់​គឺច្បាប់ គ្មានមិត្តគ្មានភក្តិទេអាហ្នឹង។ ប្រាប់មិត្តចិនត្រង់ៗ អញ្ចឹងតែម្តង។ និយាយ​គ្នា​ឲ្យ​ច្បាស់អញ្ចឹងតែម្តង ហើយអ្នកខ្លះចូលមក Comment ជេរ​។ បើខ្ញុំប្រើអំណាច ខ្ញុំឲ្យប៉ូលីសទៅចាប់​តាំង​ពីម្សិលម្ងៃ  … យកមកទុកនៅកន្លែងប៉ូលីស ៤៨ ម៉ោង ចាំ​បញ្ជូន ព្រោះវាស្ថិតក្នុង​ករណីបទល្មើស​ជាក់ស្តែង​មួយ​ដែរ។ បើយើងវែកញែកលើបញ្ហាហ្នឹង វាជាការ​បង្កើត​/​ជម្រុញឲ្យមានចលាចល តាមរយៈនៃការមួល​បង្កាច់។ ប៉ុន្តែ ខ្ញុំមិនធ្វើអាហ្នឹងទេ ខ្ញុំឲ្យសារព័ត៌មាន Fresh News ផ្សាយសិន រួចហើយខ្ញុំចុះ​ហត្ថលេខា​បញ្ជូន​ពាក្យបណ្តឹងចូលព្រឹកនេះ។ អាហ្នឹងសុំជូនសារឲ្យអ្នក​ឯង​បានជ្រាប។

មានសន្តិភាព ទើបមានការអភិវឌ្ឍ/ប្រទេសយើងមានដំណាក់កាលរកដី រត់ចោលដី ស្តារដី និងដណ្តើមដី

… រឿងធំជាងគេ រឿងសន្តិភាព បើអត់​មាន​​ភាពទេ កុំសង្ឃឹមនិយាយពីរឿង​អភិវឌ្ឍន៍ ព្រោះយើង​ធ្លាប់​ជួប​ប្រ​ទះ​ហើយទេតើ។ អ្នក​នៅ​ទីនេះ គឺមួយភាគធំបានជួបប្រទះនូវសម័យកាលសង្គ្រាមហើយ។ តើវាបានបាត់​បង់​អ្វីខ្លះ​សម្រាប់យើង។ អត់មានឱកាសទេ។ មិនត្រឹមតែគ្មានឱកាស ថែមទាំងបាត់បង់ឱកាស។ អញ្ចឹង​បាន​ថាស្រុកខ្មែរយើង​មាន​ដំណាក់​កាល៖ ដំណាក់កាលរកដី ដំណាក់កាលរត់ចោលដី ដំណាក់​កាល​ស្តារដី និងដំណាក់កាល​ដណ្តើម​ដី។ វាទៅអញ្ចេះ ដំណាក់កាលរត់ចោលដី ដំណាក់កាលណា? ដំណាក់​កាល​អាមេរិក​ទម្លាក់​គ្រាប់​បែក អាហ្នឹងរត់ខ្ទេច ដែលនៅក្នុងចុងសម័យសង្គមរាស្ត្រនិយម ប្រជាពលរដ្ឋ​បាន​ទៅ​រកដីថ្មី ដើម្បីអភិវឌ្ឍ​វិស័យ​កសិកម្ម ប៉ុន្តែ ដល់អាមេរិកឈ្លានពាន រត់ចោលដីអស់។ ដល់សម័យ ប៉ុល ពត គឺបដិរូបដីស្រែ ប្រមូល​ដាក់ជាដីរដ្ឋ ដីសហករទាំងអស់។ ដល់រំដោះហើយ ត្រូវជួលប្រជាពលរដ្ឋ ឲ្យ​លុយ​គាត់ទៅ​ស្តារដី​។ ឥឡូវ ដំណាក់កាលដណ្តើមដីគ្នា។ ឥឡូវ កុំថាដល់ទៅដីធម្មតា គ្រាន់តែដីចាក់លុប​គ្រ​លុក​ក៏ថ្លៃដែរ។​​​ ធ្វើផ្លូវមួយខ្សែៗ គ្រាន់តែទិញដីមកចាក់មិនតិចទេ ព្រោះយើងកាយយកដីទន់ៗចេញ រួច​ហើយយកដីរឹងយកមកចាក់ ដើម្បីធានាផ្លូវរបស់យើង …។

មានផ្លូវ/ស្ពានល្អ កុំសម្លាប់ខ្លួន ឬធ្វើខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍

ខ្ញុំព្រះករុណា​ខ្ញុំ ក៏ដូចជាឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវធ្វើម៉េចបានផ្លូវស្ពានល្អហើយ សូមកុំ​សម្លាប់​ខ្លួន​លើផ្លូវ សូមកុំឲ្យខ្លួនក្លាយទៅជាជនពិការនៅលើផ្លូវ តាមរយៈនៃការបើកបរលើសល្បឿនកំណត់ ការបើកបរ​ដោយ​មិន​គោរពច្បាប់ចរាចរណ៍ ការបើកបរក្រោមឥ​ទ្ធិពលគ្រឿងស្រវឹង នោះសុទ្ធតែជាការ​សម្លាប់​ខ្លួន​នៅ​លើ​ផ្លូវ ឬបង្កើតស្ថានភាពរបួសពិការនៅលើផ្លូវនេះឯង។ អញ្ចឹងសុំតែប៉ុណ្ណឹងទេ គឺថាមិន​ច្រើន​ទេ អាចធ្វើ​បាន។ ហើយចុងបញ្ចប់ ជាមួយនឹងការប្រកាស​សម្ពោធដាក់ឲ្យប្រើប្រាស់​នូវស្ពានមិត្តភាព​កម្ពុជា-ចិន កោះ​ធំ ប្រវែង ៤១៥ ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ ក្រោមហិរញ្ញប្បទានសម្បទាន​ពីរដ្ឋាភិបាល​នៃសាធារណរដ្ឋ​ប្រ​ជា​មានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមជូនពរ ចំពោះចំណងមិត្ត​ភាព​កម្ពុជា-ចិន និងសូមជូនពរ ចំពោះ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ​ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូម​អរគុណ និងសូមអរព្រះគុណ៕