សម្រង់​ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធីចែកសញ្ញាបត្រមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ នៃសាលាភូមិន្ទរដ្ឋបាល

127

CNV: 

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី អ្នកនាង កញ្ញា!

កសាងសមត្ថភាពស្ថាប័ន ការកែទំរង់ជាសំណុំ នាយកសាលាមកធ្វើកម្មសិក្សា

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ដើម្បីចែកនូវសញ្ញាបត្រ វិញ្ញាបនបត្រ ជូនមន្ត្រីកម្មសិក្សា ក៏ដូចជា​ សិស្សមន្ត្រីក្រមការរបស់យើង។ ដូចដែល ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានលើក សាស្ត្រាចារ្យកិត្តិយសនៃសាលាភូមិន្ទរដ្ឋបាល បានមកជួបត្រឹមតែពិធីចែកសញ្ញាបត្រនេះ ក៏ហាក់ដូចគ្រប់គ្រាន់ហើយ មិនមានពេលទៅបង្រៀនទេ …។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ជាមួយនឹងវឌ្ឍនភាព ដែលបានកើតឡើង សម្រាប់សាលានេះ ដូចដែល ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានធ្វើរបាយការណ៍។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ធ្វើការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សាលាភូមិន្ទរដ្ឋបាលរបស់យើងនេះ ដែលនេះជាតម្រូវការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ នៃសង្គមរបស់យើង។ មិនមែនគ្រាន់តែគេហៅថា អ្នកដែលជាមន្ត្រីរាជការប៉ុណ្ណោះទេ ក៏ប៉ុន្តែបុព្វជិតនៅក្នុងវិស័យសាសនាក៏បានមកចូលរៀន​នៅទីនេះដែរ …។

យ៉ាងណាក៏ដោយ កិច្ចការរបស់យើងមិនតម្រូវអោយនៅទ្រឹងមួយកន្លែងនោះទេ។ ដំណើរការវិវត្តន៍របស់ សង្គម ទាមទារអោយមានការពង្រឹងនូវសមត្ថភាពស្ថាប័ន។ ការពង្រឹងបាន ឬមិនបាន វាចំណុះទៅលើមនុស្សនោះឯង។ មិនមែនមានតម្រូវការអនុវត្តពង្រឹងស្ថាប័ន ប៉ុន្តែបែរជាមនុស្សមិនចេះធ្វើកិច្ចការទាក់ទងជាមួយនឹងដំណើរការរបស់ស្ថាប័ននោះផងទេ។ ដូច្នេះ​(ហើយ) បានជារាជរដ្ឋាភិបាល ចាប់យកការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចការរបស់រាជរដ្ឋាភិបាល ព្រមពេលដែលកំណែទម្រង់ដទៃទៀត គឺត្រូវដំ​ណើរ​ការជាសំណុំ។ ការកែទម្រង់រដ្ឋបាលសាធារណៈ ស្របពេលនឹងការកែទម្រង់ប្រពន្ធតុលាការ កែ​ទម្រង់​ហិរញ្ញវត្ថុសាធារណៈ រាប់ទាំងកំណែទម្រង់ប្រជាធិបតេយ្យនៅមូលដ្ឋាន តាមរយៈវិមជ្ឈការ និងវិសហមជ្ឈការ …។

ខ្ញុំព្រះករុណាខ្ញុំ ក៏មានការរីករាយ ដោយសារតែនៅឆ្នាំនេះ មានការផ្តួចផ្តើមគំនិតពីរដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ក៏ដូចជាសាលាភូមិន្ទរដ្ឋបាល អោយបានបញ្ចូលនាយកសាលាអោយមកធ្វើកម្មសិក្សានៅ(សាលាភូមិន្ទរដ្ឋបាល)នេះផងដែរ។ សង្ឃឹមថាអាចនឹងពិភាក្សាគ្នាតទៅទៀត អំពីការបញ្ចូលជាបណ្តើៗនូវនាយកសា​លា​នៅខេត្តដើម្បីអោយ​បានចូលរៀនទាំងអស់គ្នា ព្រោះយើងមិនត្រូវភ្លេចថា កំណែទម្រង់ក្នុងវិស័យអប់រំ ទាម​ទារនូវការគ្រប់គ្រងដ៏ល្អ ដូច្នេះក៏ទាមទារនូវការគ្រប់គ្រងល្អនៃនាយកសាលាដែលធ្វើការនៅទីនោះ។

ទ្រឹស្តីផ្សារភ្ជាប់នឹងការជាក់ស្តែង

ថ្ងៃនេះ ទន្ទឹមនឹងការបិទវគ្គ ​សម្រាប់សិស្សរបស់យើងនៅគ្រប់កម្រិត យើងក៏ត្រូវធ្វើការបើកវគ្គ ជូនសិស្ស និស្សិតរបស់យើងជាបន្តទៀត។ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណ ចំពោះមន្ត្រីជាន់ខ្ពស់របស់យើង ដែលបានមកចូលរួមធ្វើបទឧទ្ទេសនាម សម្រាប់សិក្ខាកាមដែលធ្វើការសិក្សា នៅក្នុងសាលាភូមិន្ទរដ្ឋបាលរបស់ យើង​នេះ ហើយក៏អរគុណ ចំពោះផ្នែកនានា ដែលផ្តល់ការអនុញ្ញាត ដើម្បីអោយសិស្សរបស់យើងបានទៅ ធ្វើកម្មសិក្សានៅកន្លែងដែលខ្លួនធ្វើការ។ ទ្រឹស្តីផ្សារភ្ជាប់នឹងការជាក់ស្តែង ជាតម្រូវការមួយ មិនគ្រាន់តែសាលាភូមិន្ទរដ្ឋបាលយើងទេ។ យើងមានផ្នែកដទៃទៀត ដែលទាមទារនូវការចុះហ្វឹកហាត់នៅឯមូលដ្ឋាន ដូចជាសា​លាពេទ្យ ក៏ទាមទារអោយសិស្សនៅសាលាពេទ្យ ទៅធ្វើការហ្វឹកហាត់ជាក់ស្តែងនៅតាមមន្ទីរពេទ្យ។ ហើយសិស្សក្នុងវិស័យកសិកម្ម ក៏ទាមទារនូវការធ្វើសារណា ដែលត្រូវផ្សារភ្ជាប់ជាមួយនឹងមូលដ្ឋានជាក់ស្តែង ទៅលើបញ្ហាការដាំដុះ ឬក៏បញ្ហាការប្រើប្រាស់ដីធ្លី​ …។

ការសិក្សាគ្មានទីបញ្ចប់

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មិនរំលឹកឡើងវិញ ​ជាមួយនឹងអ្វីដែលសិក្ខាកាមរបស់យើងបានទទួលការសិក្សានោះទេ។ មានសិក្ខាកាមមួយចំនួនជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តាំងពីថ្នាក់ស្រុក/ខេត្ត ហើយនៅតាមស្ថាប័ននានា​ ដែលបានចូលរួមហ្វឹកហាត់នៅទីនេះ ខ្លះមានបទពិសោធន៍ការងារច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែ នោះគឺជាបទពិសោធន៍ដែលយើងបានឆ្លងកាត់​ ហើយក៏មិនទាន់បានឆ្លងកាត់នូវការសិក្សា ឬក៏ធ្លាប់សិក្សាដែរ។ ក៏ប៉ុន្តែ កាល​ពីពេលមុន ទាមទារនូវការពង្រឹងសមត្ថភាពបន្ថែម សម្រាប់មន្ត្រីរបស់យើង។ គ្មានទេដែលហៅថាទីបញ្ចប់ ទៅលើការសិក្សា។ សូម្បីតែមន្ត្រីដែលកំពុងតែធ្វើការនេះ ក៏ទាមទារខ្លាំងណាស់ជាមួយនឹងការហ្វឹកហាត់បន្ថែម សម្រាប់ការលូតលាស់នៃចិត្តគំនិត ដើម្បីការគ្រប់គ្រង។ វាមិនអាចទៅរួចទេ នៅពេលដែលមន្ត្រីផ្នែកខាងលើចូលទៅក្នុងស្ថានភាពអភិរក្សនិយម។ ភាពអភិរក្សនិយមនោះហើយ ដែលនឹងធ្វើអោយការរីកលូតលាស់នៅថ្នាក់ក្រោម ត្រូវជួបនូវឧបសគ្គ។ វាមិនខុសពីគ្រាប់ពូជដ៏ល្អមួយ ដែលដុះនៅពីក្រោមដុំថ្មនោះទេ។ ដូច្នេះ ទាមទារអោយមន្ត្រីរបស់យើងគ្រប់គ្រងផ្នែកខាងក្រោម ត្រូវតែមានភាពជឿនលឿននូវក្នុងការគិតគូរ។

មន្ត្រីរាជការ គឺជាអ្នកបម្រើប្រជាជន មិនមែនធ្វើចៅហ្វាយប្រជាជនទេ

ខ្ញុំគួរនិយាយទៅកាន់មន្ត្រី មុនពេលដែលមន្ត្រីរបស់យើងទៅបន្តបម្រើប្រជាជន និងទៅបន្តជាមួយ​នឹងការ​ងារ ឬក៏ចាប់ផ្តើមប្រឡងចូលទៅក្នុងវិស័យការងារ (សំរាប់)អ្នកដែលមិនទាន់មានកិច្ចការ។ ដំបូងត្រូវយល់ អោយបានច្បាស់ថា យើងជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនទេ។ នេះជាចំណុចសំខាន់លើកដំបូងបំផុត ដែលមន្ត្រីទាំងអស់ត្រូវយល់អោយច្បាស់ អំពីតួនាទីរបស់ខ្លួន។ មិនមែនជាចៅហ្វាយទេ តែគឺជាខ្ញុំបម្រើរបស់ប្រជាជន។ ស្ថានភាពនេះ ជាស្ថានភាពតែងតែរំលឹកដាស់តឿនគ្រប់មន្ត្រីទាំងអស់ ដើម្បីធ្វើការបម្រើប្រជាជនដោយការស្មោះត្រង់។ ពួកគាត់ គឺជាចៅហ្វាយ ឯយើង គឺជាខ្ញុំបម្រើ។ អញ្ចឹង តើត្រូវធ្វើម៉េចអោយចៅហ្វាយពេញចិត្ត? នេះជាបញ្ហាដែលអស់លោកត្រូវរៀបចំឥរិយាបថបែបណា ដើម្បីនឹងឆ្លើយតបជាមួយនឹងចៅហ្វាយ ក្នុងពេលដែលចៅហ្វាយត្រូវការ?

ទ្រឹស្តីនេះ វាមិនមែនជាបញ្ហាដាច់ដោយឡែក សម្រាប់មន្ត្រីរាជការនោះទេ … សូម្បីផលិតកម្ម ក៏គេយក ទ្រឹស្តីនេះមកប្រើដែរ។ ខ្ញុំនៅចាំបានថា ក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសថៃ CP ដែលផលិតចំណីសត្វ និង​ការចិញ្ចឹមសត្វដ៏ធំ។ នៅឆ្នាំ ១៩៨៩ ពេលនោះ ដំណាក់កាលអតីតនាយករដ្ឋមន្ត្រី ឆាតឆាយ ឈុនហាវ៉ាន់ បានអញ្ជើញខ្ញុំទស្សនកិច្ចនៅឯប្រទេសថៃ។ ខ្ញុំបានទៅទស្សនកិច្ចនៅរោងចក្រមួយ ដែលផលិតចំណីសត្វដ៏ធំរបស់ប្រទេសថៃ។ រោងចក្រនោះបានស្លោកថា “កសិករជាគូជីវិត អ្នកប្រើប្រាស់ គឺជាចៅហ្វាយ”។ ចំណុចនេះ​ គាត់ចង់សំដៅថា ការផលិតចំណីសត្វរបស់គាត់​ត្រូវមានទំនាក់ទំនងជាមួយកសិករ ដើម្បីប្រមូលទិញអ្វីដែលជាវត្ថុធាតុដើម សម្រាប់ផលិតចំណីសត្វ ដូចជា៖ ពោត សណ្តែក ជាដើម។ ហើយគាត់ ក៏ផ្សារភ្ជាប់បញ្ហានេះជាមួយនឹងកសិករ ដែលត្រូវទទួលជាមួយនឹងចំណីសត្វនេះ ដើម្បីយកទៅចិញ្ចឹមសត្វ ហើយគាត់ក៏ប្រមូលទិញសត្វនោះត្រឡប់មកវិញ ដើម្បីនឹងការកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ ចំណុចនេះឯង ដែលគាត់ប្រើពាក្យថា កសិករ គឺជាគូរជីវិត។ ប៉ុន្តែ ចំណុចដែលគាត់និយាយ អ្នកប្រើប្រាស់ គឺជាចៅហ្វាយ ព្រោះដើម្បីអោយចៅហ្វាយត្រូវចិត្ត វាទាល់តែធ្វើអោយបានល្អ …។

ឥរិយាបថមន្ត្រី បើត្រឹមចេះចងក្រវ៉ាត់កចូលកន្លែងធ្វើការ គឺមិនគ្រប់គ្រាន់ទេ

… ឥរិយាបថរបស់មន្ត្រី បើគ្រាន់តែចេះចងក្រវ៉ាត់ក​ ហើយស្លៀកពាក់អោយស្អាតបាត អោយវាឡើងសឿង​សម្រាប់ចូលសាលាស្រុក ចូលសាលាខេត្ត ឬចូលស្ថាប័ន វាមិនគ្រប់គ្រាន់ទេ។ សុំទោស ថ្ងៃនេះ ខ្ញុំមិនបានពាក់ក្រវ៉ាត់កទេ ហើយមួយរយៈចុងក្រោយ ប្រហែលជា ជិត ២ ឆ្នាំ ចុងក្រោយនេះ គឺការទៅចែកសញ្ញាបត្រ និងការទៅប្រជុំគណៈរដ្ឋមន្ត្រីខ្ញុំអត់ក្រវ៉ាត់កទេ។ អរគុណអតីតប្រធានធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលគាត់បាន​បង្កើត​នូវស្ថានភាពមួយដ៏ល្អ។ ប្រជុំអាស៊ាន-អាមេរិក នៅឯអាមេរិក សម័យប្រជុំនោះ គឺបបួលគ្នា ខាងម្ចាស់ផ្ទះជាអ្នកកំណត់ ថា មេដឹកនាំទាំងអស់មិនបាច់ក្រវ៉ាត់ក​ ពាក់ម៉ាស្រួលអញ្ចឹងតែម្តង។ ខ្ញុំនេះ ពិបាកណាស់ ជួន​កាល​កអាវខ្ញុំនេះ មានអាកតូច មានអាកធំ។ កាលយើងនៅស្គមមិនកវាតូច? ដល់ទៅមានសាច់ទៅវាមិនធំ? អញ្ចឹង យើងចោលអាវអស់ម៉ាគគោក។ ឥឡូវ មកអញ្ចឹងមិនបាច់ទេ មិនបាច់គិតថា អាណាកវាត្រូវ ឬមិនត្រូវទេ …។ នេះជាចំនុចទី ១ ដែលខ្ញុំសុំអំពាវនាវ។ មិនត្រឹមតែមន្ត្រីរបស់យើងនៅទីនេះទេ ក៏ប៉ុន្តែ មន្ត្រីដែលធ្វើការគ្រប់ទីកន្លែងទាំងអស់ ត្រូវចាំអោយច្បាស់ថា យើងគឺជាខ្ញុំបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជន ហើយដែលត្រូវវ៉ៃរឹក។

អំពីបាតុភាពប្រពន្ធ និងកូនរបស់មន្ត្រី

សូម្បីតែការរៀន ខ្ញុំនៅចាំបានថា មានវគ្គសិក្សាមួយ កាលពីក្នុងរង្វង់ឆ្នាំ ១៩៩៦, ១៩៩៧ … គេរៀននិយាយ​អំពីសហជីវិន។ បាទ។ តេជគុណ។ ពាក្យខាងលើនិយាយទៅថា សហជីវិន ខាងនោះតបត្រឡប់មកវិញថា “បាទ! តេជគុណ”។ វាជារបៀបឆ្លងឆ្លើយ​ជាមួយគ្នា ក៏ប៉ុន្តែ វាមិនមែនជាតម្រូវការចាំបាច់ទេ។ តម្រូវ​ការចាំបាច់ គឺធ្វើការងារអោយល្អ បម្រើប្រជាពលរដ្ឋ។ ហើយត្រូវធ្វើខ្លួនយ៉ាងម៉េច?​ ពាក្យចាស់លោកថា “ឱន​ដាក់គ្រាប់ ងើយស្កក” នេះគឺជារឿងពិត។ អ្នកខ្លះបានទទួលនូវការមិនពេញចិត្តពីសំណាក់ប្រជាពល​រដ្ឋ តាមរយៈអាកប្បកិរិយាផ្ទាល់របស់យើង។ ផ្សារភ្ជាប់នេះដែរ ខ្ញុំសូមស្នើអោយយកចិត្តទុកដាក់ទៅលើបញ្ហា​ភរិយា និងកូន ហើយរឿងនេះ ហាក់ដូចជារឿងកំប៉ិកកំប៉ុកខ្លាំងណាស់ ក៏ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ជូន មិនមែនរឿងកំប៉ិកកំប៉ុកទេ “រឿងប្តីស័ក្តិបី ប្រពន្ធស័ក្តិបួន កូនស័ក្តិប្រាំ” គឺខ្មែរស្អប់ណាស់។ ខ្ញុំខ្លួនឯង គឺជាអ្នកដែលស្អប់បំផុតអាហ្នឹង។ អញ្ចឹង បានជានៅពេលដែលខ្ញុំមានលទ្ធភាពគ្រប់គ្រងប្រទេសនេះ កូនរបស់ខ្ញុំ ចៅរបស់​ខ្ញុំ ត្រូវតែជាកូនល្អ មិនអាចប្រើប្រាស់នូវឥទ្ធិ​ពលរបស់ឪពុកម្តាយ ទៅគម្រាមកំហែងអ្នកដទៃទេ​។​ ​ពាក្យ​ខ្មែរបាននិយាយថា “សំណាបយោងដី ស្រីយោងប្រុស”។ ការរីកធំធាត់របស់យើង ក៏ចាប់ផ្តើមពីការដែលយើងមានភរិយាដែលជួយកិច្ចការប្តី … ប៉ុន្តែ មិនមែនលូកលាន់មកលើកិច្ចការប្តីនោះទេ …។ បាតុភាពកូនរបស់មន្ត្រី ប្រពន្ធរបស់មន្ត្រី ដែលធ្វើផ្តេសផ្តាសក៏នៅមាន ពិតមែនតែវាតិចតួច។ កន្លែងខ្លះគេក៏បាននិយាយទាក់ទិនជាមួយនឹងបញ្ហា​ គេថា “ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់”។ មិនមែនយ៉ាងដូច្នោះ​ទេ។​ ភាគច្រើនលើសលុប នៃមន្ត្រីរបស់យើង គឺបានធ្វើដ៏ល្អនូវកិច្ចការនោះហើយ។ ខ្ញុំលើករឿង មួយមកនិយាយ។

ឌួង ឆាយ ដែលជាកូនរបស់ ឌួង ងៀប នេះ បានប្រែក្លាយទៅជាអ្នកធ្វើការងារមនុស្សធម៌ដ៏ល្អ ហើយពេលខ្លះ ឌួង ឆាយ Live ផ្ទាល់ គឺយើងបានឃើញថា អ្នកដែលចូលមក ខម្មិន (comment) បានផ្តល់នូវចំណុចល្អច្រើនណាស់។ ប៉ុន្តែ ដំណើររឿងរបស់ ឌួង ឆាយ មិនមែនរឿងធម្មតាទេ។ ​គេបានដឹងហើយ ខ្ញុំបានទូរស័ព្ទជាមួយ ឌួង ងៀប ខ្ញុំថា ងៀប អោយ អាឆាយ វាមកដោះស្រាយតាមផ្លូវតុលាការ អាហ្នឹងលើកទីមួយ។ ខ្ញុំថា ជម្រើសរបស់ ងៀប ឯងមានតែពីរទេ មួយគឺលាក់កូនហ្នឹងទៅ ប៉ុន្តែ កុំភ្លេចថា ខ្ញុំនឹងដកស័ក្តិ ងៀប ឯងហើយ អាហ្នឹងលើកទីមួយ។ លើកទីពីរ វ៉ៃគេហើយបាត់​ អាឆាយ។ អញ្ចឹង ​វាគ្មានទៅណាទេ ឪវានឹងដឹង។ ប្រហែលជាម៉ោង ៨ យប់ ខ្ញុំទូរស័ព្ទទៅ ងៀប ប្រាប់ថាអោយ ​អាឆាយ មកទទួលទោសទៅតាមផ្លូវច្បាប់ទៅ។ មានអីឥឡូវ ងៀប ជួបខ្ញុំ គាត់អរគុណ។ យើងត្រូវអប់រំរបៀបនេះ។ ឥឡូវ បើសិនជាយើងបណ្តោយ យើងមិនដាក់ទោសទណ្ឌ​ តើឯណាទៅយុត្តិធម៌ រវាងអ្នកដែលប្រព្រឹត្តខុសដូចគ្នា … ឥឡូវហ្នឹង ឌួង ឆាយ ក្លាយទៅជាអ្នកដែលធ្វើសប្បុរសធម៌មួយដ៏ល្អ …។

… សរុបរួមមក ខ្ញុំបញ្ជាក់ឡើងវិញ យើងមិនមែនជាចៅហ្វាយប្រជាជនទេ តែគឺជាអ្នកដែលបម្រើដ៏ស្មោះត្រង់ សម្រាប់ប្រជាជន។ បន្ថែមលើនោះ តើត្រូវធ្វើយ៉ាងណាអោយភរិយា និងកូនរបស់យើងក្លាយទៅជាអ្នកដែលមានគុណធម៌​ សម្រាប់យើង (និង)ប្រជាជន។​ បើសិនជាជួនកាលកូនប្រពន្ធរបស់យើងទៅប្រព្រឹត្ត រួចហើយយើង ជាអ្នកកាន់ការ ច្បាស់ជាមិនយុត្តិធម៌ទេ ទៅលើការកាត់ក្តី ឬការសម្រេចនៅក្នុងបញ្ហាណាមួយនោះ ដោយសារតែផលប្រយោជន៍ផ្សារភ្ជាប់ជាមួយនឹងយើងតែម្តង។ នេះជាចំណុចដែលសូមផ្តាំផ្ញើដំបូងគេ។ អាចថា ព្រះតេជព្រះគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា គិតថា សាស្ត្រាចារ្យកិត្តិយសនេះ មកប្រដៅរឿងតូចតាច កំប៉ិកកំប៉ុក … អ្នកខ្លះអាចធ្វើការបានមួយឆ្នាំ ឬពីរឆ្នាំ មិនទាន់បានមួយឆ្នាំ ឬពីរ​ឆ្នាំ​គេជេរងាប់ទៅហើយ កុំនិយាយដល់ទៅច្រើនឆ្នាំ។

មន្ត្រីធ្វើការតាមតួនាទី ភារកិច្ច និងមានការទទួលខុសត្រូវ

ចំណុចទី ២ ដែលខ្ញុំព្រះករុណាខ្ញុំ សូមផ្តាំ ពាក្យខ្មែរមានការផ្សារភ្ជាប់គ្នាខ្លាំងណាស់ “ទទួលខុសត្រូវ”។ ចំណុចនេះ ត្រូវយល់អោយបាន ទទួលទាំងខុស និងទទួលទាំងត្រូវ។ ហ្នឹងគេហៅ អ្នកទទួលខុសត្រូវ កុំអាត្រូវស្រវាយកខ្លួនឯង និងអាខុសទម្លាក់អោយអ្នកដទៃនោះ។ យើងត្រូវទទួលយកទាំងអស់ ពាក្យថា “ទទួលខុសត្រូវ”។ ភា​សាខ្មែរយើង ហាក់ដូចជាបានគាប់ជួនជាមួយនឹងអ្វីដែលជាកិច្ចការដែលយើងត្រូវធ្វើ សម្រាប់ថ្នាក់ដឹក​នាំ​គ្រប់កម្រិត ឬអ្នកណាក៏ដោយ ធ្វើអ្វីមួយត្រូវគេអោយទទួលខុសត្រូវលើកិច្ចការហ្នឹង។ យើងទទួលទាំងខុស និងទទួលទាំងត្រូវ។ លើលោកនេះ គ្មានអ្នកណាមួយដែលធ្វើល្អឥតខ្ចោះ ១០០% ទេ វាតែងមានខុស និងតែងមានត្រូវ។ ប៉ុន្តែ ដំបូងត្រូវមើលអោយឃើញថា តើអាត្រូវច្រើនជាងអាខុស ឬអាខុសច្រើនជាងអាត្រូវ? បើ​អាខុសច្រើនជាងអាត្រូវ ហ្នឹងច្បាស់ជាធ្វើការមិនទៅមុខទេ។ មានអ្វីកើតឡើង យើងត្រូវហ៊ានប្រឈមជា​មួយ​សភាពការណ៍ កុំដល់ថា អ្វីដែលជាជោគជ័យ គឺជាចំណែករបស់យើង ដល់មិនជោគជ័យធ្លាក់ដល់អ្នក​ដទៃ។ មន្ត្រីបែបនេះ មិនគួរអោយទទួលខុសត្រូវនៅកន្លែងណាមួយនោះទេ។

មន្ត្រីគ្រាប់ល្ពៅ ឬមន្ត្រីនិយាយត្រង់និយាយពិត ធ្វើពិត

ខ្ញុំយកឱកាសនេះ ដើម្បីភ្ជាប់រឿងមន្ត្រីផ្លែល្ពៅមកជាមួយតែម្តងទៅ។ អ្នកទាំងអស់គ្នាធ្លាប់(ស្តាប់ ឬឮ)ហើយ ខ្ញុំនៅតែតាំងចិត្តថា ខ្ញុំនឹងនិយាយអំពីមន្ត្រីផ្លែល្ពៅនេះ គ្រប់វគ្គសិក្សា នៃមន្ត្រីរបស់យើង។ យ៉ាងម៉េចទៅ ដែលហៅថា ទទួលខុសត្រូវ និងឥរិយាបថរបស់មន្ត្រី? … ជារឿងនិទាន តែវាក៏បានបង្ហាញអោយយើងនូវចំណុចគួរ​អោយពិចារ​ណា​។ ព្រះរាជាសម័យដើមចង់ដឹងមន្ត្រីរបស់ព្រះអង្គ តើជាមន្ត្រីស្មោះត្រង់ឬយ៉ាងណា? ព្រះអង្គក៏បានយកគ្រាប់ល្ពៅអោយអស់លោកសេនាបតី ដែលចូលនៅក្នុងអង្គជំនុំនៅក្នុងព្រះបរមរាជវាំង ទៅដាំ។ ម្នាក់ៗ ស្រវាស្រទេញ ដើម្បីទទួលយកទៅដាំ។ … (ជាលទ្ធផល)វាចេញមកនូវមន្ត្រីបួនប្រភេទ ក្នុងពេលដែលល្ពៅ អោយផល។ ប្រភេទទី ១ គឺជាមន្ត្រីដែលមកទូលព្រះមហាក្សត្រថា ល្ពៅដែលព្រះអង្គព្រះរាជទានគ្រាប់ល្ពៅអោយទូលព្រះបង្គំដាំ ផ្លែល្អណាស់។ ទូលព្រះបង្គំបានដឹកវាយកមក ប៉ុន្តែកងការពារព្រះរាជវាំង មិនអោយ​នាំចូលមកក្នុងព្រះរាជវាំងសោះ។ … ប្រទេសទី ២ ជាមន្ត្រីដែលទូលថា ទូលព្រះបង្គំដាំក៏ល្អដែរ ប៉ុន្តែអត់បានដឹក​យកមកទេ។ ផ្លែក៏ច្រើន។ … ប្រភេទទី ៣ បានឆ្លើយតបថា ទូលព្រះបង្គំយកទៅមិនបានប្រយ័ត្នកណ្តុរវាស៊ីអស់ទៅ អញ្ចឹងអត់បានដាំទេព្រះអង្គ។ ដល់ប្រភេទទី ៤ ទូលព្រះមហាក្សត្រថា ព្រះអង្គប្រទានគ្រាប់ល្ពៅ​ស្ងោរអោយទូលព្រះបង្គំដាំ តើដាំយ៉ាងម៉េចដុះ?

ឥឡូវ យើងវិនិច្ឆ័យយ៉ាងម៉េច? … ទី ១ ជាប្រភេទមន្ត្រីគ្រោះថ្នាក់ មិនអាចទុកបានទេ។ ព្រោះអី? វាមិនត្រឹមតែបោកស្តេចទេ វាទម្លាក់កំហុសអោយកងការពាររាជវំាង។ បោកស្តេចម្ខាង តែម្ខាងទៀត គឺទម្លាក់កំហុសអោយអ្នកដទៃ។ មន្ត្រីរបៀបនេះ ជំនាន់នោះ សេះប្រំាបំបែកសាកសព ឬយកទៅបោះអោយក្រពើស៊ី ឬដំរីជាន់។ មិនអាចទុកមន្ត្រីប្រភេទនេះអោយធ្វើការបានទេ អាងអីឡើង កំហុសទម្លាក់ដាក់អ្នកដទៃ បើត្រឹមតែភូទវាធ្ងន់ហើយតែដល់កម្រិតទម្លាក់កំហុសអោយអ្នកដទៃ ជាពិសេស បើសិនថាអ្នកដែលមិនដឹងរឿង អាចនឹងទណ្ឌកម្មចំពោះអ្នកដឹកនំាកងការពារព្រះរាជវំាងទៀតផង។ … ប្រភេទទី ២ ប្រភេទថាទូលព្រះបង្គំដំាបានល្អដែរ ផ្លែល្អ ក៏ប៉ុន្តែ ទូលព្រះ​បង្គំអត់បានយកមកទេ។ ប្រភេទនេះក៏មិនត្រូវទុកដែរ ព្រោះជាមន្ត្រីភូត … គួរតែកុំប្រើ ទុកអោយគាត់ភូតប្រ​ពន្ធ​របស់គាត់ចុះ។ … ប្រភេទទី ៣ ដែលថា ទូលព្រះបង្គំយកទៅ គឺមិនបានប្រយ័ត្នកណ្តុរវាស៊ីអស់។ មិនដឹងថាកណ្តុរស៊ីមែន ឬក៏អត់ ហើយដឹងរឿង ឬយ៉ាងណា។ ប្រភេទនេះ យើងត្រូវខិតខំបណ្តុះបណ្តាល​គាត់។ ឯប្រភេទទី ៤ និយាយត្រង់ៗថា ព្រះអង្គប្រទាន ចុះតែស្ងោរហើយអ្នកណាដាំដុះ? ប្រភេទនេះ ជាប្រភេទមន្ត្រីដែលទុកចិត្តបំផុត។​

មន្ត្រីប្រភេទទី ៣ និងទី ៤ នេះ ជាមន្ត្រីប្រភេទដែលខិតខំបណ្តុះបណ្តាល យើងចង់បានមន្ត្រីប្រភេទទី ៤ គឺហ៊ាននិយាយត្រង់ និយាយពិត ដោយមិនខ្លាចទោសទណ្ឌអីទេ។ និយាយមក បើមិនឆ្លុះបញ្ចំាងការពិតពីក្រោមមក តើយើងអាចដឹងរឿងទេ? ទី ១ ខុសធ្ងន់ជាងគេ មិនត្រឹមតែបោកស្តេចទេ ថែមទំាងចង់សម្លាប់អ្នកដទៃថែមទៀត។ អាទី ២ ក៏ភូត។ អញ្ចឹង អោយខាងលើធ្វើយ៉ាងម៉េច? អាទី ៣ អាហ្នឹងធ្វេសប្រហែស ថ្ងៃក្រោយ​យើងបណ្តុះបណ្តាលបាន។ ដល់ទី ៤ ជាមន្ត្រីល្អ។ នេះគឺជារបៀបដែលខ្ញុំផ្តាំផ្ញើជាមួយនឹងការយក​ចិត្តទុកដាក់ទៅលើការទទួលខុសត្រូវ ដែលខ្ញុំផ្សារភ្ជាប់វាជាមួយនឹងមន្ត្រីផ្លែល្ពៅនោះឯង។

បីវិធីសាស្ត្រដឹកនំា និងធ្វើការ

ឯបណ្តំាដែលមានជាបន្តទៅទៀតនោះ ទាក់ទិនជាមួយនឹងវិធីសាស្ត្រដឹកនំា និងធ្វើការ ដែលនេះខ្ញុំក៏មិនភ្លេច និងជម្រាបជូនជាមួយនឹងកិច្ចដំណើរការ ទោះក្នុងការដឹកនំាក្របខណ្ឌភូមិ ក្របខណ្ឌឃុំ ស្រុក ខេត្ត ឬដឹកនំាប្រ​ទេស ឬដឹកនំាអង្គការចាត់តំាងណាមួយជាកងទ័ព ជាអង្គភាពកងទ័ព អង្គភាពនគរបាល អាវុធហត្ថ រហូតទៅដល់ការគ្រប់គ្រងដឹកនំាបក្សនយោបាយ ឬអង្គការក្រៅរដ្ឋាភិបាល មានវិធីសាស្ត្រដូចគ្នានឹងឯង។ បីដំ​ណាក់​កាលនៃវិធីសាស្ត្រដឹកនំា និងធ្វើការងារ ដំបូងបំផុតទាមទារនូវការរៀបចំផែនការមួយអោយបានច្បាស់ ព្រោះវាជាផែនទីចង្អុលផ្លូវ។ ត្រូវគិតគូគ្រប់កត្តាទំាងអស់ ដើម្បីរៀបចំផែនការមួយអោយត្រូវ។ បើកម្រិតនៃការដឹកនំាថ្នាក់ប្រទេស មិនមែនគ្រាន់តែមើលក្នុងក្របខណ្ឌប្រទេសខ្លួនឯងទេ ត្រូវគិតគូអំពីកត្តានៅជុំវិញខ្លួន ក្នុងលំហមួយធំទូលាយ។ សម័យបច្ចុប្បន្ននេះ យើងថាជាសម័យសាកលភាវូបនីយកម្ម សម័យតំបន់ភាវូបនីយកម្ម ដូចជាក្របខណ្ឌអាស៊ី។ ទៅខាងមុខនេះ មិនគ្រាន់តែសហគមន៍សេដ្ឋកិច្ចអាស៊ានទេ ក៏ប៉ុន្តែ យើងនឹងឈានដល់ភាពជាដៃគូសហប្រតិ្តបត្តិការសេដ្ឋកិច្ច ដែលមានអាស៊ាន ១០ (ប្រទេស) និងដៃគូ ៦ (ប្រទេស) ក្នុងដៃគូ ៦ នេះ មានឥណ្ឌា មានចិន មានជប៉ុន មានកូរ៉េខាងត្បូង មានអូស្ត្រាលី មានណូវែលហ្សឺឡង់។

យើងក៏ត្រូវមើលផងដែរថា កត្តាសេដ្ឋកិច្ចពិភពលោកយើងវាបែបម៉េច? សូម្បីរៀបចំផែនការថវិកាប្រចំាឆ្នំា​ក៏ត្រូវមើលគ្រប់ទិដ្ឋភាពទំាងអស់ ដើម្បីដាក់ចេញនូវក្របខណ្ឌ គេហៅថា ម៉ាក្រូសេដ្ឋកិច្ចរបស់យើង អាចនឹងកំណើនបានប៉ុន្មាន ហើយផលប៉ះពាល់របស់វា ដូចជានៅក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសាកល វាមានរឿងអីដែលនឹងកើត? ជានិច្ចកាលយើងសម្លឹងមើលស្ថានការទំាងអស់នេះ។ ឧទារហណ៍៖ ដូចជាក្នុងឃុំមួយមិនអាចគ្រាន់តែសន្យាធ្វើនេះ ធ្វើនោះទេ ត្រូវធ្វើអោយច្បាស់ បើគ្រាន់តែសន្យា ដើម្បីការគំាទ្រខាងសន្លឹកឆ្នោត ច្បាស់លាស់ណាស់ អ្វីក៏វាបាត់បង់។ ជួនកាលវាបង្កើតឡើងនូវស្ថានភាពប្រទូស្តរាយ អំពីអ្វីដែលយើងសន្យា រួចហើយកុំចេះតែបន្ត ថាណែ! ទាល់តែអញ្ចេះ។ ការរៀបចំផែនការបាន វាផ្តល់ផែនទីចង្អុលផ្លូវសម្រាប់​យើង … ប៉ុន្តែទើបនឹងសម្រេចបាន ៣០% តែប៉ុណ្ណោះ (សំរាប់ការដឹកនាំ និងធ្វើការងារ)…។

ដំណាក់កាលទីពីរ មានផែនការហើយ ត្រូវតែមានការចាត់តំាងអនុវត្ត។ បើមានផែនការហើយ គ្រាន់តែយកផែនការនឹងផ្សព្វផ្សាយ ហើយនំាគ្នាយកទុកនៅក្នុងកាបូបរៀងៗខ្លួន ឬក៏លើតុ ឬក្នុងថតតុ គឺវាអត់បានការអីទេ។ ត្រូវចាត់តំាងអនុវត្ត។ ការចាត់តំាងអនុវត្តនេះ ជាផ្នែកដ៏សំខាន់មួយទៀត ដែលក្នុងនោះ ធនធានមនុស្សនៅឯណា មធ្យោបាយសំភារៈស្អីៗនេះ ប៉ុន្តែ នៅពេលដែលយើងរៀបចំផែនការ គេក៏ត្រូវពិនិត្យលទ្ធភាពនៃ​ការចាត់តំាងអនុវត្តបែបណា ឆន្ទៈមិនអាចរំលងលទ្ធភាពបានទេ។ ពិតមែនតែយើងចង់ ក៏ប៉ុន្តែ បើលទ្ធភាពទៅមិនទាន់ដល់ គឺវាមិនអាចទៅរួចបានទេ។ អ្នកខ្លះចូលចិត្តណាស់ និយាយអោយខាងពិរោះ និងអោយ​ប្រជាពលរដ្ឋចាប់អារម្មណ៍ ប៉ុន្តែក្នុងពេលដែលលទ្ធភាពរបស់ខ្លួនអត់មាន ទៅមិនរួច។ ខ្ញុំនិយាយថ្ងៃមុនហើយ សូម្បីតែសហរដ្ឋអាមេរិក ប្រធានាធិបតី ដូល ណាល់ត្រំា (Donald Trump) គាត់ត្រូវ​ការលុយ ដើម្បីពង្រឹងសមត្ថភាពយោធា។ គាត់មិនតម្លើងពន្ធពីប្រជាពលរដ្ឋ ដើម្បីបានលុយនឹងយកមក​ពង្រឹងទេ គាត់បែរជាមកកាត់ជំនួយទៅក្រៅប្រទេស ៣០% ដើម្បីបានលុយយកមកបង្គ្រប់ ព្រោះមិនមែនចេះតែចំណាយៗ ហើយអត់មានលុយនោះទេ។ ប្រទេសយើងក៏ដូចគ្នា នៅពេលយើងមានការជួបវិបត្ត ឧទាហរណ៍៖ គ្រោះទឹកជំនន់កើតឡើង (គ្រោះ)រាំងស្ងួតកើតឡើង ជួនកាលយើងបន្ថយនូវការចំណាយផ្នែកណាមួយនោះ ដើម្បីយកមកចំណាយផ្នែកនេះ។ អញ្ចឹងទេ ការចាត់តំាងអនុវត្ត គឺជារឿងចំបាច់។ បើមានតែផែនការ អត់ចាត់តំាងអនុវត្ត វាទៅមិនរួចទេ ហើយនៅពេលរៀបចំផែនការនោះត្រូវសង្កេតមើលថា ពេលចាត់តំាងអនុវត្ត លទ្ធភាពវាទៅដល់ណា។ មិនអាចផែនការធំ ហើយលើការជាក់ស្តែងធនធានគ្មាន។ … ពេលដែលយើងចាត់តំាងអនុវត្តបានល្អ នូវផែនការដែលយើងបានរៀបចំ វាក៏នឹងសម្រេចបាន ៣០% ទៀត។

… នៅសល់ ៤០% ទៀត តើជាអ្វី? នេះជាបញ្ហាធំសម្រាប់វាស់វែងនូវសមត្តិភាពរបស់មន្ត្រីរបស់យើង។ រៀបចំផែនការបាន ៣០% ចាត់តំាងអនុវត្តបាន ៣០% … (ឯ)នៅសល់ ៤០% ទៀត គឺជាកត្តាដៃដន្យលេចឡើងពេលដែលយើងដំណើរការ។ ជារឿង (ដែល)យើងមិនបានគ្រោងទុក។ ដែលហៅថាកត្តាចៃដន្យ សុទ្ធ​តែជាបញ្ហាដែលយើងមិនបានគ្រោងទុក។ ពេលនោះវានឹងលេចឡើងសមត្ថភាព​របស់មន្ត្រី ហើយមន្ត្រីដែលល្អ គឺជាមន្ត្រីដែលទប់ទល់សភាពការនៅនឹងកន្លែង ដោះស្រាយការចៃដន្យ … ឧទារហណ៍ ទឹកជំនន់មួយដ៏ធំកើតលិចលង់ផ្ទះសំបែង ខូចដំណំា ប្រជាពលរដ្ឋស្លាប់ និងខ្ញុំមិននិយាយគ្រោះរំជួយផែនដី ដូចជាប្រទេសមួយចំនួន ឧស្សាហ៍រំជួយផែនដីនោះទេ។ ប៉ុន្តែសម្រាប់យើង កត្តាចៃដន្យគ្រាន់តែព្យុះតូចៗ កន្ត្រាក់ ទឹកជំនន់ រំាងស្ងួត អញ្ចឹងទេ ចំណុចនេះសំខាន់ខ្លំាងណាស់។

មន្ត្រីរាយការណ៍ជូនថ្នាក់លើ និងស្តីបន្ទោសថ្នាក់ក្រោម

មន្ត្រីដែលមានការទទួលខុសត្រូវ ផ្សាភ្ជាប់ខ្លួនជាមួយប្រជាជន គឺដោះស្រាយសភាពការណ៍នៅនឹងកន្លែង ប៉ុន្តែមានមន្ត្រីមួយប្រភេទទៀត ដែលមិនគួរប្រើប្រាស់។ គាត់ធ្វើកិច្ចការពីរសំខាន់ ទីមួយរាយការណ៍អោយថ្នាក់លើ និងទីពីរបន្ទោសថ្នាក់ក្រោម។ មន្ត្រីប្រភេទនេះ មិនគួរទុកអោយកាន់ការទេ។ អញ្ចឹង មន្ត្រីនេះគាត់ចេះត្រឹមតែប៉ុណ្ណឹង។ ហើយឥឡូវសម័យ What up, Telegram, Line, Viber អីស្រួល ស្អីក៏សុំយោបល់ៗ … មិនទៅធ្វើទេ។ មានពេលខ្លះ ខ្ញុំអត់ឆ្លើយតែម្តង។ អារឿងសុំមតិ។ ឥឡូវដោយសារតែប្រធានស្ថាប័នមកនៅជុំគ្នា ហើយបើមិននៅជុំគ្នាទេ ក៏មានកន្លែងស្តាប់ឮដែរ។ ជួនកាលសរសរ(មកថា)ជារបាយការណ៍ ប៉ុន្តែ ផ្ទុយទៅវិញ សុំមតិដឹកនំា។ ជួនកាលកិច្ចការខ្លះ មើលទៅថាជាកិច្ចការរបស់ស្ថាប័នទេ។ អាត្មាដាក់បានត្រឹមតែបានឃើញទេ អត់មានចារឯកភាពជាមួយលោកឯងអីទេ។ មានក្រសួងស្ថប័នខ្លះ វាមានបញ្ហាពីលើមក គេបានដោះស្រាយអញ្ចេះៗ ចុងក្រោយគេប្រើពាក្យថាសូមជ្រាបជារបាយការណ៍ និងផ្តល់មតិជាយថាហេតុ។ អាហ្នឹងវាស្រួលបន្តិច។ “យថាហេតុ” ជួនកាលយើងផ្តល់យោបល់អោយគេ … ប៉ុន្តែ បើវាស្របហើយ ចារត្រឹមតែបានឃើញទៅបានហើយ។ អញ្ចឹង បើស្អីក៏សុំយោបល់ៗ មិនបាច់មានក្រសួងទេ នាយករដ្ឋមន្ត្រីម្នាក់ឯងធ្វើវាចប់ហើយ …។

ការដោះស្រាយកត្តាចៃដន្យ ជាចំណុចចុងក្រោយ និងសំខាន់

អញ្ចឹង វិធីសាស្ត្រដឹកនាំ និងធ្វើការងារ ត្រូវឆ្លងកាត់ដំណាក់កាល ៣ នេះ រៀបចំផែនការអោយត្រូវ ហើយចាត់តាំងអនុវត្ត ប៉ុន្តែ ចំណុចសំខាន់ចុងក្រោយ កត្តាចៃដន្យដែលលេចឡើង ដោះស្រាយយ៉ាងដូចម្តេច? វិបត្តិសេដ្ឋកិច្ចពិភពលោក សូម្បីតែអឺរ៉ុបមានដំណាក់កាល ដែលស្ទើរតែបាត់ម្ចាស់ការទៅលើបំណុលរ​បស់ BRICKS ហើយតើអឺរ៉ុបបានត្រៀមកត្តាចៃដន្យ ពីការចាកចេញរបស់អង់គ្លេសទេ? សំណាងហើយ le Pen មិនជាប់ឆ្នោត បើសិនជាប់វិញ បារាំងចេញមួយទៀត។ នៅហូឡង់ក៏មាន(អ្នកនយោបាយ)ម្ខាងបានសន្យានឹងចាកចេញ។ អញ្ចឹង បានជានៅដាវ៉ូស មានសំណួរពីសាកលវិទ្យាធិការរបស់អឺរ៉ុបមួយ មកបណ្តាមេដឹកនាំអាស៊ាននៅក្នុងហ្នឹង មានទាំងខ្ញុំដែរ លើកក្នុងក្របខណ្ឌនៃវេទិកាសេដ្ឋកិច្ច ថា តើមានប្រទេសអាស៊ានណាមួយចង់ចាកចេញពីអាស៊ាន? ខ្ញុំបានឆ្លើយតប មិនមែនជាការបញ្ឈឺទេ តែវាជារឿងពិត ថាលោកសាស្ត្រាចារ្យ គួរកែតម្រូវសំណួររបស់លោកថា ប្រទេសណាខ្លះដែលចង់ចាកចេញពីអឺរ៉ុបបន្ទាប់ពីអង់គ្លេស? ឯអាស៊ានយើងខ្ញុំ ជាសហគមន៍ ដែលមានសាមគ្គីភាព ព្រោះធ្វើការតាមកុងសង់ស៊ុស ជាវិធានសំខាន់សម្រាប់ការឯកភាពរបស់អាស៊ាន។

ខ្ញុំក៏បានចង្អុលបង្ហាញថា អាស៊ានយើងខ្ញុំគ្មានបងធំទេ។ អឺរ៉ុបមាន។ ប៉ុន្តែ ខ្ញុំមិនចង្អុលថា តើប្រទេសណានោះទេ។ អឺរ៉ុបមានបងធំ។ មានការត្អូញត្អែររបស់ប្រទេសសមាជិកអឺរ៉ុបជាមួយនឹងខ្ញុំផ្ទាល់ ប៉ុន្តែ ខ្ញុំមិនប្រាប់ថាប្រទេសណាទេត្អូញត្អែរ ប៉ុន្តែច្រើនដែរ។  ខ្ញុំក៏បានឃើញផ្ទាល់ភ្នែកនៅពេលដែលមានការប្រជុំអាស៊ី-អឺរ៉ុប​។ ជួន​កាលអឺរ៉ុបព្រលះគ្នានៅមុខពួកអាស៊ី …។ នេះចាត់ទុកថា ជាបណ្តាំជូនចំពោះមន្ត្រី មិនថាមន្ត្រីដែលអង្គុយនៅកន្លែងនេះទេ មន្ត្រីនៅកន្លែងដទៃ … ដូចជាវាគ្រប់គ្រាន់ហើយ បន្ថែមលើអ្វីដែលអស់លោកធ្លាប់មាន និងបន្ថែមលើកិច្ចការដែលផ្នែកមួយៗ បានដាក់ចេញ សម្រាប់ដំណើរការរបស់ប្រទេស។

ជម្លោះកើតចេញពីពាក្យសំដី មិនចាំបាច់មានអាវុធទេ

ថ្ងៃនេះ បើយោងទៅលើអ្វីដែលគេបានធ្វើលើរូបខ្ញុំ ខ្ញុំគឺជាខ្មោចទេ ដែលមកនិយាយនេះ ព្រោះខ្ញុំត្រូវបានធ្លាក់យន្តហោះស្លាប់តាំងពីម៉ោង ១១ កន្លះ ថ្ងៃ ២៤ នោះ។ អញ្ចឹង បានជាខ្ញុំសុំនិយាយដោយត្រង់ៗជាមួយ ឯកឧត្តម អស់លោក ដែលជាមន្ត្រីការទូត ប្រទេសកម្ពុជានៅមានហានិភ័យខ្ពស់។ សន្តិភាព មានហើយ ស្ថេរ​ភាពមានហើយ ប៉ុន្តែហេតុអីបានជាខ្ញុំនៅតែនិយាយពីលទ្ធភាពនៃជម្លោះរហូតដល់ជម្លោះប្រដាប់អា​វុធ? អ្នកខ្លះអាងថា ខ្ញុំអត់មានអាវុធទេ ដូច្នេះសង្គ្រាមជាមួយពីណា? ប៉ុន្តែ ខ្ញុំសូមអោយសង្កេតមើលលើចំ​ណុច​នេះវិញ ដើម្បីតើវាដល់ឬមិនដល់? ជម្លោះប្រដាប់អាវុធនៅត្រង់ថា ឥឡូវ យើងក្រឡេកទៅមើលនៅក្នុងជម្លោះដែលកើតមាននៅក្នុងតុលាការ តើចាប់ផ្តើមពីអី? ចាប់ផ្តើមពីពាក្យសំដីព្រហើន ប្រមាថគ្នានោះឯង ដែលនឹងនាំទៅដល់ក្តីក្តាំងនៅក្នុងតុលាការ។ ដូចជាថ្ងៃមុនលេង Facebook មកអញ្ចឹង។ ក្មួយអើយក្មួយ រត់អោយលឿនបន្តិចទៅ ក្រែងលោគេទៅទាន់។ ពូកែណាស់ ប៉ុន្តែពូកែខាងខូច។ មើលអញ្ចឹងៗ ចេញមកថាខ្ញុំស្លាប់ទៅហើយ។ ដាក់តាំងពីយន្តហោះផ្ទុះ។ រួចហើយអស់លោកថា អាហ្នឹងសិទ្ធិបញ្ជេញមតិ … អស់​លោក​កុំមើលស្រាល។ កន្លងទៅមិនហ៊ានជេរចំហទេ ព្រោះខ្លាច ប៉ុន្តែពេលហែរក្បួនជេរភាសាដដែល។ ថ្ងៃក្រោយតាមថតអោយបាន។

ការប្រមាថ “សម្តេច ហ៊ុន សែន ស្លាប់ហើយបងប្អូន កាលពីម្សិលមិញនៅវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១៧ ធ្វើដំណើរទៅប្រទេសវៀតណាមធ្លាក់យន្តហោះ។ ពេលនេះស្លាប់ហើយ។ ចូលរួមសោកស្តាយផង”។ រួចហើយចេះតែចែករំលែកតគ្នាទៅ។ ប៉ុន្តែ នៅពេលដែលបង្ហោះបានប៉ុន្មានម៉ោងនេះ ខ្ញុំក៏ចេញមុខទៅស្រាយបួស​នៅគីឡូម៉ែត្រលេខ ៩។ តើការប្រមាថនេះទទួលយកកើតទេ? អាហ្នឹងថាទទួលយក​មិនកើតទេ។ វាច្បាស់ជាត្រូវ។ អានេះ គឺជាស្អី? នាយករដ្ឋមន្ត្រីមួយស្លាប់ ប្រទេសច្របូកច្របល់ងាប់ហើយ។ សាកល្បងមើល។ នៅពេលនាយករដ្ឋមន្ត្រីស្លាប់ ដោយមិនទាន់បានផ្ទេរទៅកាន់អ្នកដទៃ ក្លាយទៅ​ជាអតីតនាយករដ្ឋមន្ត្រីអត់បញ្ហាទេ តែនាយករដ្ឋមន្ត្រីក្នុងតំណែង ជារឿងគ្រោះថ្នាក់ខ្លាំងណាស់។ អស់​លោកត្រូវមើលអោយឃើញ ព្រោះអីនៅពេលដែលនាយករដ្ឋមន្ត្រីស្លាប់ គឺរដ្ឋមន្ត្រីទាំងនេះ អស់តំណែងទាំងអស់។ អនុញ្ញាតអោយមាននាយករដ្ឋមន្ត្រីស្តីទី តែពេលមាននាយករដ្ឋមន្ត្រីប៉ុណ្ណោះ អាហ្នឹងតែងតាំងស្តីទី ប៉ុន្តែ រដ្ឋធម្មនុញ្ញបានចែងច្បាស់ណាស់ថា ក្នុងករណីដំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រី​មួយត្រូវរៀបចំឡើងវិញ។ អញ្ចឹង មិនមែនបានសេចក្តីថាជួសហើយ មានអ្នកស្តីទីឡើងទេ។ អត់មានទេ។ ពេលហ្នឹង គឺរលាយទាំងអស់។

អញ្ចឹង ការប្រមាថបែបនេះ វានឹងនាំដល់អី? វានឹងនាំដល់ជម្លោះនៅក្នុងផ្លូវតុលាការ ប្តឹងផ្តល់នៅតាមផ្លូវតុលាការ។ ថ្ងៃមុនកំពុង live ដែលខ្ញុំនិយាយនៅឯណានោះ ផ្តាំទៅ ហ៊ុន សែន ត្រកូលហ៊ុនទាំងឡាយត្រូវរត់ចេញទៅក្រៅស្រុក ព្រោះអ្នកឯងត្រូវតែស្លាប់ ឬក៏គុក ហើយអញ្ចឹងៗទុកធ្វើអី? បើគេចាប់ រួចលោកឯងថាជាសិទ្ធិបញ្ចេញមតិ តើវាយ៉ាងម៉េចឯកឧត្តម? ពេលដែលគេនិយាយ ខ្មែរនៅខាងក្រៅគេនិយាយល្អណាស់ ប៉ុន្តែ ដល់ពេលគេប្រើជាភាសាក្នុង Facebook ឬក៏តាមឃោសនារបស់គេ អាក្រក់ខ្លាំងណាស់។ អណ្តាតហ្នឹងហើយនាំអោយមានជម្លោះ។ ឥឡូវអាហ្នឹងជម្លោះតាមផ្លូវតុលាការ ប៉ុន្តែ អាការវ៉ៃគ្នាមកពីអី? វ៉ៃគ្នាបែកក្បាល ប្តឹងគ្នារាល់ថ្ងៃនេះ អាហ្នឹងក៏មកពីអណ្តាតជេរប្រទេចពីខាងនេះ មកខាងនេះដែរ ជួនកាលឈានទៅដល់ការកាប់គ្នា មកពីអី? មកពីសំដីដែរ។ អញ្ចឹង ដើមហេតុនៃរឿងក្តីក្តាំងមកពីតុលាការ​ ក៏ចេញពីសំដី។ វៃគ្នានៅតុគុយទាវ ឬតាមកន្លែងនេះ កន្លែងនោះ ក៏ផ្តើមចេញពីសំដី។ សង្គ្រាម ក៏ចេញពីសំដីដែរ។ បើអ្នកឯងមិនអប់រំ មិនថ្កោលទោសទង្វើអស់ទាំងនេះ លទ្ធភាពនៅតែមាន។ អញ្ចឹង កុំថាគេប្រើអំ​ណាច​ច្បាប់។

សូម្បីតែម្សិលមិញនេះ ខ្ញុំអរគុណណាស់។ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលផ្លូវការហើយ អ្នកណាបានប៉ុន្មានៗ ប៉ុន្តែ សម្រាប់ខាងគណបក្សប្រជាជន បានប្រកាសទទួលយកលទ្ធផល ហើយចាត់ទុកការបោះឆ្នោតនេះ គឺជាការបោះឆ្នោតសេរី ត្រឹមត្រូវ យុត្តិធម៌។ ប៉ុន្តែ បែរជាបក្សនយោបាយមួយ និងអង្គការក្រៅរដ្ឋាភិបាលមួយ ដែលគេហៅថា មានបន្ទុកចាត់​ទុកថា មិនទាន់សេរីទេ។ អញ្ចឹងទេ ខ្ញុំចាត់ទុកថា ភាពសេរីរបស់គេ គឺពេលដែលគេដើរចូលផ្ទះនាយករដ្ឋមន្ត្រី ឬក៏សម្លាប់នាយករដ្ឋមន្ត្រីនៅហ្នឹងកន្លែង អាហ្នឹងសេរីហើយ។

ស្នើសុំជំនួយ សម្រាប់ការកែទម្រង់ការបោះឆ្នោតពីបរទេស

អញ្ចឹងរឿងបែបនេះ ប៉ុណ្ណឹងហើយ គេថាអត់ទៀត ដោយសារលោកនេះជាប់ទោស លោកនោះចុះ រឿងវាអញ្ចេះ អញ្ចុះ ប៉ុន្តែ ខ្លួនឯងធ្វើកិច្ចការ។ ហើយអញ្ចឹងទេ អ្នកដែលជួយ ហើយតាមរយៈអគ្គរដ្ឋទូតជប៉ុន ខ្ញុំសូមអរគុណ ឯកឧត្តម Shinzo Abe ដែលក្នុងដំណើរទស្សនកិច្ចរបស់គាត់នៅកម្ពុជា ឆ្នាំ ២០១៣ ខ្ញុំគឺជាមនុស្សដំបូង ដែលស្នើសុំជំនួយបរទេស សម្រាប់ការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ខាងបក្សប្រឆាំងស្នើសុំកែទម្រង់តែ គ.ជ.ប ទេ ខ្ញុំឯនេះទេ ដែលជាអ្នកប្រើពាក្យកែទម្រង់ការបោះឆ្នោត ដែលវាស្ថិតនៅក្នុងកញ្ចប់បញ្ហាតែមួយ រាប់ទាំងបញ្ហាការចុះឈ្មោះឡើងវិញ។ នាយករដ្ឋមន្ត្រី Shinzo Abe ខ្ញុំជាអ្នកស្នើអោយគាត់ ក្រោយមកក៏មានការចូលរួមពីសហភាពអឺរ៉ុប បន្ទាប់មកទៀតក៏មានការចូលរួមពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងការផ្តល់នូវសម្ភារៈបរិក្ខា ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

មិនថាជាតិសាសន៍ណាទេ ការធ្វើចារកម្មលើទឹកដីកម្ពុជា ត្រូវចាប់ផ្តន្ទាទោស

ឥឡូវបន្ទោសអីទៀត? រឿងឡាំប៉ាមិនចេះចប់។ ទាល់តែដំណាក់កាល ដែលគេចូលទៅក្នុងវិមានសន្តិភាពបាន អាហ្នឹងបានគេហៅថាល្អ។ ត្រឹមប៉ុណ្ណឹងមិនស្កប់ទេ។ ផែនការដណ្តើមយកព្រឹទ្ធសភា ដើម្បីក្លាយទៅជាប្រមុខរដ្ឋស្តីទី ក្នុងពេលអវត្តមានព្រះមហាក្សត្រ ត្រូវបានរលាយផុតទៅហើយ ដែលស្មើនឹងសម្លេងឆ្នោត ៦០%។ មិនសម្រេចផែនការហ្នឹងហើយ បានគេថា​អត់សេរីហ្នឹងនោះ។ ករណីនេះ សូមបន្ទប់ស្ថានការណ៍ ល្មមៗ បានហើយអស់លោក។ ខ្ញុំក៏ដឹងដែរ អស់លោករៀបចំយ៉ាងម៉េច។ អស់លោករៀបចំផែនការអាក្រក់អាក្រីណាស់ បានជាខ្ញុំថ្កោលទោសអ្នកដែលជ្រែកជ្រៀកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការធ្វើចារកម្មនៅលើទឹកដីកម្ពុជា ក៏ត្រូវបានចាប់ផ្តន្ទាទោស មិនថាអ្នកឯងជាជនជាតិណាទេ។

សូមសរសើរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅគ្រប់កម្រិត

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងជាថ្មីម្តងទៀត នូវការកោតសរសើរ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅគ្រប់កម្រិតទាំងអស់ ដែលបានប្រឹងប្រែងធ្វើកិច្ចការដ៏ល្អនេះ។ ពិតមែនហើយ ដាក់ការសង្ស័យនេះ ដាក់ការសង្ស័យនោះ ដូចជាការបោះពុម្ពសន្លឹកឆ្នោត ដែលវាលើសពីចំនួនអ្នកបោះឆ្នោតច្រើន ក៏បង្កើតទៅជាបញ្ហា។ អាទឹកខ្មៅ ខ្ញុំទើបនឹងកោសពីម្សិលទេ ហៅអ្នកកាត់ក្រចកយកមកតែម្តង។ អាទឹកខ្មៅនេះ កាលពីជំនាន់ឆ្នាំ ២០១៣ ក៏ជារឿងដែរ មុនបោះឆ្នោតតែប៉ុន្មានថ្ងៃ។ អ្នកនេះគួរតែត្រូវមានទោស។ បង្កើតបញ្ហា។ ដល់ទៅពេលលើកឡើងថា ទឹកខ្មៅជូតជ្រះ ពេលដែលលើកឡើង អាដៃខ្លួនឯងទឹកខ្មៅអត់ទាន់ជ្រះ។ អញ្ចឹង គណៈកម្មាធិការរៀបចំការបោះឆ្នោត នៅតែទទួលនូវការតិះទៀនពីគណបក្សនយោបាយខ្លះ ឬក៏អ្នកនយោ បាយខ្លះ ឬអង្គការក្រៅរដ្ឋាភិបាលខ្លះ។ យើងសុំបញ្ជាក់ថា ឥឡូវលទ្ធផលវាបានប៉ុណ្ណឹងហើយ ទទួលយកទៅកុំឡាំប៉ា។

សុវត្ថិភាព និងសណ្តាប់ធ្នាប់ត្រូវបានធានា ក្នុងកំឡុងពេលបោះឆ្នោត

ខ្ញុំសូមកោតសរសើរជាមួយនឹងការខិតខំរបស់ផ្នែកការពារសុវត្ថិភាព ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ក្នុងការការពារសុវត្ថិភាព សម្រាប់ការបោះឆ្នោតមួយនេះ។ ពិតមែនហើយ យើងបានឃើញនៅតាម Clip Video  ដែលមានការហែក្បួន ហើយបន្ទាប់ទៅក៏មានការដេញវាយចំពោះយុវជនម្នាក់ដែលបង្ហោះពេញ Facebook បង្ហាញអំពីអាកប្បកិរិយាច្រលើសបើសនៃអ្នកគាំទ្រនយោបាយ ប្រព្រឹត្តទៅលើយុវជនម្នាក់។ ​ប៉ុន្តែ មិនមានហិង្សាធ្ងន់ធ្ងរ ហើយក៏មិនមានដល់ដំណាក់កាលស្លាប់មនុស្សទេ។ មានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ប៉ុន្តែ វាមិនមានទៅដល់ការវាយសម្លាប់គ្នានៅក្នុងការបោះឆ្នោតនោះទេ។ (មាន)សណ្តាប់ធ្នាប់នៅក្នុងការបោះឆ្នោតនេះ។ បរិយា​កាសនយោបាយនៅក្នុងកាលៈទេសៈនៃបោះឆ្នោត គឺស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ។ សេដ្ឋកិច្ចអតិផរណា ក៏មិនមានអ្វីធំដុំទេ។ ពិតហើយបញ្ហាចលនទ្រព្យនៅក្នុងកាលៈទេសៈនោះ គឺវាមិនមែនទាក់ទិនទៅនឹងកត្តាបោះឆ្នោតច្រើនហួសហេតុពេកទេ។ ប៉ុន្តែ មានការកសាងផ្ទះច្រើន​ណាស់។ ដូច្នេះ កម្រិតនៃការទិញ វាមិនច្រើនដូចគេមាន។ មិនមែនមកពីការបោះឆ្នោត គេមិនទិញផ្ទះទេ មកពីគេទិញរួចហើយ ឥឡូវគេទិញធ្វើអីទៀត? ប៉ុន្តែ សង្ឃឹមថា នៅតែមានមនុស្សទិញ។ ផ្ទះធ្វើហើយមិនចេះអស់ទេ។ សណ្តាប់ធ្នាប់នៅទូទាំងប្រទេសត្រូវបានធានា រាប់ទាំងចុងកាត់មាត់ញកដែលនៅឆ្ងាយ។

ថ្ងៃ អាទិត្យ ទី ១១ មករា ២០១៨ ថ្ងៃបោះឆ្នោតព្រឹទ្ធសភា សូមអ្នកគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះ

… សូមថ្លែងនូវការកោតសរសើរ ចំពោះគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមជាមួយនឹងព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសយើង។ នេះជាដំណើរការដ៏ទៀងទាត់របស់ប្រជាធិបតេយ្យនៅកម្ពុជា។ កាលបរិច្ឆេទមួយសម្រាប់ការបោះឆ្នោ​តព្រឹទ្ធសភាត្រូវបានកំណត់ គ្រាន់តែរង់ចាំច្បាប់ថ្មីនេះអោយចេញ រួចហើយខ្ញុំនឹងចុះហត្ថលេខាតែប៉ុណ្ណឹង។ កំណត់យកថ្ងៃ អាទិត្យ ទី ១១ ខែ មករា ឆ្នាំ ២០១៨ ធ្វើជាថ្ងៃបោះឆ្នោតព្រឹទ្ធសភា ដែលនាយករដ្ឋមន្រ្តីនឹងចុះហត្ថលេខា។ យើងត្រូវប្រកាសមុនយ៉ាងដូច្នេះ ដើម្បីអោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានការត្រៀមខ្លួន។ ខាងផ្នែករាជរដ្ឋាភិបាល ក៏ត្រូវត្រៀមកញ្ចប់ថវិកា សម្រាប់បញ្ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដល់ទៅខែ កក្កដា ឆ្នាំ ២០១៨ នឹងមានការបោះឆ្នោតតំណាងរាស្រ្ត។ អញ្ចឹង តើនេះជាអ្វី? នេះជាដំណើរការប្រជាធិបតេយ្យដោយទៀងទាត់របស់កម្ពុជា បើចង់ពន្យាការបោះឆ្នោត មានមូលហេតុរយពាន់មូលហេតុ ប៉ុន្តែ សូមបញ្ជាក់ជូនថា ជាមួយនឹងកំណែទម្រង់ដែលបានធ្វើរាប់ទាំងកំណែទម្រង់ការបោះឆ្នោត វាក៏ត្រូវចាត់តាំងការបោះឆ្នោតតាមពេលវេលា នៃអាណត្តិ។

ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចុះឈ្មោះបន្ថែមទៀត។ រៀងរាល់ឆ្នាំត្រូវតែធ្វើការចុះឈ្មោះ ព្រោះបើសិនជាមនុស្សចាស់ៗគ្រប់អាយុបោះឆ្នោត បានចុះឈ្មោះអស់ហើយ ក៏គង់នៅសល់ក្មួយៗ ចៅៗ ដែលដល់អាយុបោះឆ្នោតដែរ។ ត្រូវតែចុះឈ្មោះបោះឆ្នោត។ អញ្ចឹង អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ចំពោះក្មួយៗដែលទើបនឹងដល់អាយុបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅទីតាំងណាដែលខ្លួនគិតថា ត្រូវសមស្របដូចជាទីតាំងផ្ទះរបស់ខ្លួន។ ឧបមាថា ខ្លួនមិនចង់ទៅបោះឆ្នោតនៅស្រុកនោះទេ ព្រោះកំពុងរៀននៅភ្នំពេញ ដូច្នេះ ចុះនៅភ្នំពេញ ប៉ុន្តែ អ្នកខ្លះបានចុះកាលពីឆ្នាំទៅ ដែលចុះនៅភ្នំពេញរៀនចប់ ក៏សុំផ្ទេរឈ្មោះទៅកាន់កន្លែងដែលខ្លួនធ្វើការ។ អញ្ចឹងទេ ចំណុចនេះ ជាដំណើរការរបស់យើងធម្មតា។

ថែមអាសនៈសភា ២ ថែមអាសនៈ ព្រឹទ្ធសភា ១

ការចុះឈ្មោះបោះឆ្នោត និងការរៀបចំកាលបរិច្ឆេទនៃការបោះឆ្នោត សម្រាប់ព្រឹទ្ធសភា គេអាចដឹងបានហើយថានៅទីនេះ គឺដំណើរការប្រជាធិបតេយ្យដោយទៀងទាត់។​ ហេតុអីបានទៅរៀបចំច្បាប់អំពីទាក់ទិននឹងការបោះឆ្នោតព្រឹទ្ធសភា? យោងទៅលើគោលការណ៍នៃការបង្កើតព្រឹទ្ធសភា ត្រូវយកចំនួនពាក់កណ្តាលនៃសមា​ជិកសភា បើសិនជាអាសនៈសភាកើនឡើង ត្រូវតែកើនចំនួនអាសនៈរបស់ព្រឹទ្ធសភា។ អញ្ចឹងទេ នៅអាណត្តិខាងមុខនេះ យើងនៅរដ្ឋសភានឹងកើន ២ អាសនៈ ពី ១២៣ ទៅ ១២៥ សម្រាប់ខេត្តព្រះសីហនុ ដែលមុននេះ មានតែ ១ អាសនៈ ឥឡូវឡើងដល់ ៣ អាសនៈ ដែលតម្រូវអោយមានការកែចំនួនអាសនៈរបស់ព្រឹទ្ធសភា ដែលស្មើនឹងថែមមួយកៅអីបន្ថែមទៀត។ អង្គបោះឆ្នោត សម្រាប់ព្រឹទ្ធសភា អាហ្នឹងប្រហែលជាគ្រូបាន​បង្រៀនហើយនៅ? អង្គបោះឆ្នោតរបស់ព្រឹទ្ធសភា គឺក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលទើបជាប់ឆ្នោតនេះ និង​សមាជិកសភា គឺជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ នេះជាការបោះឆ្នោតទៅតាមភូមិភាគ …។

សភាត្រូវបោះរើស ២ នាក់ ដើម្បីអោយក្លាយទៅជាសមាជិកព្រឹទ្ធសភា។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់តែងតាំង ២ នាក់ ជាតំណាងព្រះមហាក្សត្រ ទៅនៅក្នុងព្រឹទ្ធសភា។ អញ្ចឹង ការប្រកាសទុកពីមុនដើម្បីត្រៀមរៀបចំ សម្រាប់​អង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិថ្មីនេះ ដែលប៉ុន្មានថ្ងៃខាងមុខនេះនឹងចូលកាន់ដំណែង និងសមាជិករដ្ឋសភាបច្ចុប្បន្ន ត្រូវបោះឆ្នោត។ សមាជិករដ្ឋសភា​ មានសិទ្ធិ ២ យ៉ាង។ ទី ១ ទៅបោះអសកល ដើម្បីរើសសមាជិកព្រឹទ្ធសភា នៅតាមមណ្ឌល តាមភូមិភាគ។ ទី ២ មានសិទ្ធិបោះឆ្នោតនៅក្នុងសភា ដើម្បីរើសមនុស្ស ២ នាក់ ចេញពីរដ្ឋសភា បញ្ជូនទៅជាសមាជិកព្រឹទ្ធសភា។ ដូច្នេះ សមាជិករដ្ឋសភាមានសិទ្ធិ ២ យ៉ាង ម្យ៉ាង គឺទៅបោះឆ្នោតជាមួយគេជាមួយឯង ជាមួយនឹងក្រុមប្រឹក្សា/ឃុំសង្កាត់។ មួយទៀត គឺបោះក្នុងសភា។

ច្បាស់ហើយ អ្នកណាសម្លេងភាគច្រើន ២ កៅអីនោះ ច្បាស់ជាបានទៅអ្នកភាគច្រើនហើយ គេមិនទៅចែករំលែកអោយអ្នកណាទេ។ … គណបក្សប្រជាជននឹងនៅតែជាអ្នកគ្រប់គ្រងសម្លេងភាគច្រើននៅក្នុងនោះ ព្រោះ​ក្រៅពីសម្លេងភាគច្រើន នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នៅមាន ២ កៅអីផ្សេងទៀត ដែល​ចេញពីសភា។ មិនចែកអោយអ្នកណាទេ សុំកុំមកចរចា មិនអោយទេ។ ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជាបាននិយាយច្រើន ប៉ុន្តែ ក៏ដូចជាការដាស់តឿនមួយឆ្នាំម្តង ដើម្បីអោយមន្រ្តីរបស់យើងធ្វើកិច្ចការ ហើយដែលធំបំផុតនោះ ត្រូវយល់អោយច្បាស់ យើងមិនមែនជាចៅហ្វាយទេ ដែលយើង គឺជាខ្ញុំបម្រើ។ យើងជាមន្រ្តីជើង ២ មិនត្រូវក្លាយខ្លួនជាមន្រ្តីជើង ១០ ទេ។ ពិតហើយវាមានពេលធ្វើជើង ២ មានពេលធ្វើជើង ១០ ដែរ។ ស្អីទៅជើង ១០? អស់លោក លោកស្រី ព្រះតេជព្រះគុណ សុទ្ធតែបានដឹង ប៉ុន្តែ អ្នកការទូតមិនទាន់បានដឹងទេ ស្អីទៅមន្រ្តីជើង ១០ និងមន្រ្តីជើង ២? ជើង ១០ ហ្នឹង ជើងកៅអីបួន ជើងតុបួន បូកជាមួយនឹងជើងមនុស្ស ២ ទៀត ​វាឡើង ១០។ មន្រ្តីហ្នឹងមិនសូវទៅមូលដ្ឋានទេ … អញ្ចឹងទេ បើសិនយើងធ្វើជើង ២ អោយបានច្រើន យើងស្គាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ យើងបម្រើប្រជាពលរដ្ឋចំគោលដៅជាង។

ការផ្លាស់ប្តូរអភិបាលខេត្ត និងដាក់អភិបាលខេត្តថ្មី

… ឆ្នាំក្រោយខ្ញុំនៅតែមកនិយាយ។ មួយឆ្នាំនិយាយម្តងអត់មានអីទេ។ យើងត្រូវឆ្លុះកញ្ចក់ ត្រូវងូតទឹក ត្រូវដុះក្អែល និងត្រូវព្យាបាល។ សុំបញ្ជាក់ដែរ ការផ្លាស់ប្តូរអភិបាលខេត្ត និងដាក់អភិបាលខេត្តថ្មី នេះជាតម្រូវការផ្នែកច្បាប់។ អាយុចូលនិវត្តន៍ត្រូវតែចូលនិវត្តន៍ រួមមានរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ជំនួសដោយឯកឧត្តម ឃួន ស្រេង គឺដល់អាយុចូលនិវត្តន៍។ នៅកំពង់ចាម លន់ លឹមថៃ ត្រូវជំនួសដោយ គួច ចំរើន ដល់អាយុចូលនិវត្តន៍។ ប្រាជ្ញ ច័ន្ទ ត្រូវជំនួសដោយ លី ឡេង ដល់អាយុចូលនិវត្តន៍។ ឯ ប៊ុន លើត អត់ទាន់ដល់អាយុចូលនិវត្តន៍ទេ ប៉ុន្តែផ្លូវច្បាប់ គឺអនុញ្ញាតិជូនបានតែ ២ អាណត្តិទេ នៅក្នុងមុខដំណែងដដែល នៅកន្លែងដដែល។ អញ្ចឹង ដាក់សំនួរថា ចុះលោក ហ៊ុន សែន ឯងប៉ុន្មានអាណត្តិហើយ ម៉េចក៏មិនព្រមទៅណា? អាហ្នឹង គឺករណីទាក់ទងជាមួយនឹងការបោះឆ្នោត បើប្រជាជននៅតែត្រូវការ ខ្ញុំនៅតែធ្វើ …។

សុខដុមភាវូបនីយកម្មមន្ត្រីបីជំនាន់

ឆ្នាំទៅខ្ញុំក៏បាននិយាយអំពីវិបត្តិមន្ត្រី ហេតុអីបានវឹបឡើងស្រាប់តែនាំគ្នាឡើង ៦០ ទាំងអស់គ្នា? អោយសុទ្ធតែអាយុ ៦០ ប៉ុន្តែ យើងក៏មានមន្រ្តីវ័យក្មេង ដែលទទួលបន្តវេន ហើយកុំភ្លេច ការធ្វើសុខដុមភាវូបនីយកម្ម រវាងមន្រ្តីដែលមានអាយុច្រើន អាយុមធ្យម និងក្មេង គឺត្រូវធ្វើជាមួយគ្នា។ ខ្លួនខ្ញុំចាប់ផ្តើមពីយុវជនដូចជាយុវជនដទៃទៀតដែរ ហើយពេលនោះ ក៏មានរដ្ឋមន្រ្តីមួយចំនួនបាននិយាយ បង្អាប់ខ្ញុំថា ជារដ្ឋមន្រ្តីដែលមិនទាន់បាត់ធុំក្លិនទឹកដោះ។ ប៉ុន្តែ ខ្ញុំបានបង្ហាញជូនសម្រាប់អ្នកទាំងនោះ ក្រោយមកបានទទួលស្គាល់នូវតួនាទី និងលទ្ធភាពរបស់ខ្ញុំ រហូតទៅដល់ការបោះឆ្នោតនៅក្នុងសភា ជាការបោះឆ្នោតសម្ងាត់ ហើយទទួល​បានសម្លេង ១០០ ភាគរយ នៃអ្នកបោះឆ្នោត ពេលនោះដូចជា កាញារីទ្ធ ធ្វើគណៈកម្មាធិការបោះឆ្នោតផង។ គណៈកម្មាធិការបោះឆ្នោតនៅក្នុងសភាពេលនោះ ដែលពេលហ្នឹងមុនតែងបាត់ ៦​ ទៅ ៧ សម្លេង ប៉ុន្តែ ករណីខ្ញុំជាករណីពិសេស។ ពេលនោះ ខ្ញុំធ្វើរដ្ឋមន្រ្តីការបរទេសក្នុងវ័យ ២៧ ឆ្នាំ បើនិស្សិតរបស់យើងកំពុងតែរៀននៅឡើយទេ ប៉ុន្តែ អំរែកដ៏ធ្ងន់ គឺខ្ញុំបានទទួលវា។ ទើបនឹងធ្វើខួបអនុស្សាវរីយ៍លើកទី ៤០ ហើយ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រហូតមក។

កុំសួរអាយុក្នុងពេលដែលត្រូវធ្វើការតែងតាំង ត្រូវមើលពីលទ្ធភាពរបស់​មនុស្ស

ការគូសវាសខាងនយោបាយ យោធា និងសេដ្ឋកិច្ចនៅកម្ពុជានេះ គឺខ្ញុំព្រះករុណាខ្ញុំ បាន​ផ្សារភ្ជាប់ខ្លួនជាមួយសុខទុក្ខរបស់ប្រជាជននៅក្នុងប្រទេសនេះ ដែលមិនដែលបានភ្លាត់ ហើយទៅរស់ម្នាក់ឯង​នោះទេ។ អញ្ចឹង បានជាកាល(វៀតណាម)បានរៀបចំអោយខ្ញុំព្រះករុណាខ្ញុំ ទៅអូស្ដ្រាលី ទៅជប៉ុន ទៅបារាំង ទៅកាណាដា (ខ្ញុំ)ថាអត់ទេ បើអស់លោកជួយខ្ញុំមិនបានទេ សូមប្រគល់អាវុធមកអោយខ្ញុំ ខ្ញុំទៅស្លាប់ជាមួយប្រជាជន​របស់ខ្ញុំ។ អញ្ចឹងតួនាទីយុវជន ខ្ញុំបានបំពេញវាហើយៗ ក៏បានកាត់ផ្ដាច់នូវពាក្យដែលថាក្មេងពេក។ កម្ពុជាលែងមានពាក្យក្មេងពេកហើយ។ កុំសួរអាយុក្នុងពេលដែលត្រូវធ្វើការតែងតាំង។ មើលពីលទ្ធភាពរបស់​មនុស្សវិញ។ ដូច្នេះ យុវជនបច្ចុប្បន្ននេះ មានឱកាសច្រើនណាស់។ សម័យមុនវ័យក្មេងតែងតាំងមិនបានទេ តែងនៅជាអ្នកយួរកាតាបអោយគេ។ ទោះបីមានសមត្ថភាពម៉េចក៏ដោយ។ អត់។ ប៉ុន្តែរឿងនេះ ត្រូវបានខ្ញុំខ្លួនឯងហ្នឹង តស៊ូប្រឆាំងការប្រកាន់ជំនាន់ ឬក៏ការប្រកាន់ក្មេងចាស់ ចាស់ត្រូវតែធ្វើធំ។ អត់ទេ។ ដោយសារតែ​មានពាក្យថារដ្ឋមន្រ្ដីមិនទាន់បាត់ធុំក្លិនទឹកដោះគោ បានធ្វើអោយខ្ញុំប្រឹងមួយជាដប់ ដើម្បីងើបឈរឡើងជាមួយនឹង​កិច្ចការបរទេសដែលខ្លួនមិនដែល​ស្គាល់។ ធ្វើទាហានមួយជីវិត ហើយពេលនោះ ដំណាក់កាលមិនធម្មតានៃការ​តស៊ូ។ អាយុ ៣២ ឆ្នាំ ធ្វើនាយករដ្ឋមន្រ្ដី ដែលជានាយករដ្ឋមន្រ្ដីក្មេងជាងគេនៅក្នុងពិភពលោកនេះ រដ្ឋមន្រ្ដីការ​បរទេស​ក៏ក្មេងជាងគេ នាយករដ្ឋមន្រ្ដីក៏ក្មេងជាងគេ ប៉ុន្តែឥឡូវនេះ ដល់ទៅយូរជាងគេទៅវិញ តែមិនមែនចាស់​ជាងគេទេ ចាស់ជាងគេមានអ្នកចាស់ជាងខ្ញុំ …។

កុំរង់ចាំស៊ីផលពីការបែកបាក់របស់គេ

… ​មនុស្ស​ខ្ញុំនេះវាខុសគេ។ កាន់តែទារអោយចុះ អញកាន់តែនៅ។ ទារអោយនៅអញចង់ចុះ។ … មិនទាន់ប្រាដកទេ។ សូម្បីតែក្នុងគណបក្សប្រជាជន ឧបមាថា បើ ហ៊ុន សែន ស្លាប់ទៅ ព្រោះនៅ​ពេលដែល ហ៊ុន សែន នៅហ្នឹង​គ្មានអ្នកណាគេមកដណ្ដើមពីខ្ញុំទេ។ សុំអ្នកវិភាគទាំងឡាយថាដូចជាមានការ​បែក កុំសូវពេក? ដោយ​សារអស់លោកវាយតម្លៃមិនដែលត្រូវហ្នឹងហើយ ដែលអស់លោកចាញ់រហូត។ ខ្ញុំសូម​និយាយអញ្ចេះ យកល្អអោយអស់លោកវិភាគតាមរបៀបហ្នឹងទៅ។ ផ្ទៃក្នុងគណបក្សប្រជាជនបែកបាក់ៗ ឮតែ​បែកបាក់ បើខ្ញុំមិនច្រឡំទេ ឮតាំងពីឆ្នាំ ១៩៨១, ១៩៨២ មក។​ ឮសូរតែបែកបាក់ ឥឡូវយូរឆ្នាំហើយ។ ពីមុនបែក​បាក់រវាង ជា ស៊ីម ជាមួយនឹង ហេង សំរិន, ជា ស៊ីម ជាមួយនឹង សាយ ភូថង ក្រោយមកបែកបាក់ ហ៊ុន សែន ជាមួយ ជា ស៊ីម។ និយាយអោយច្បាស់ទៅ សម្ដេច​ក្រុមព្រះខ្លួនឯង ព្រះអង្គទទួលសារភាពតែម្តង នៅព្រះវិហារព្រះកែវមរកត​ ថាអង្កាល់ហ្នឹងគេផ្ដល់ព័ត៌មានមកសម្ដេចថា ​គណបក្សប្រជាជនជិតបែកហើយ រលាយតែម្ដង។ បានខ្ញុំថា មកពីព្រះអង្គចូលចិត្តរង់ចាំគេបែកហ្នឹង​ហើយ បានព្រះអង្គអស់រលីងនោះ? កុំរង់ចាំស៊ីអារបស់បែកបាក់ ស៊ីផលពីការបែកបាក់របស់គេ។ អត់ត្រូវទេ។ អ្នកខ្លះជាគ្រួសារ រង់ចាំគ្រួសារនោះបែកបាក់ អញនឹងអាលទៅទិញដី។ ព្រោះគេលក់ដីចែកកេរ្តិ៍នោះ។ កុំរង់ចាំអញ្ចឹង។ យកល្អទៅជួយកុំអោយគេលែងលះគ្នា …។

បើទោះបីអ្នកណាទៅណា ប៉ុន្តែ យើងរៀនសាលាជាមួយគ្នា ហើយយើងកំពុងមកទីនេះជាមួយគ្នា បន្ថែមលើ​នោះ យើងរួមសុខ និងរួមទុក្ខជាមួយគ្នា។ មន្រ្ដីរបស់យើងក៏មិនត្រូវភ្លេចដែរ មួយទទួលខុសត្រូវ មួយទៀតរួមសុខ និងរួមទុក្ខ។ ហ្នឹងក៏ជាផ្នែកនៃបណ្ដាំមួយដែរ ដាក់ចូលទៅ។ ថាថ្ងៃនេះ មានបណ្ដាំដល់បួន​ឯណោះ​។ រួមសុខ និងរួមទុក្ខ កុំពេលតែចាប់ផ្ដើមស្រួលមករួមសុខ ដល់ទៅពេលលំបាកមិនបានរួមទុក្ខជាមួយ​ឯង​ទេ អញទៅហើយ។ អាហ្នឹងមិនមែនជាការទទួលខុសត្រូវ ជាមន្រ្ដីដែលមានគុណធម៌ និងស្រលាញ់​ប្រជាជនទេ ស្រលាញ់គ្នាតែបបូរមាត់ទេ។ ស្រួលអញទៅ ពិបាកអញគេច។ ​ចាំមើលៗអ្នកណាខ្លះដែលធ្វើស្អីជូនប្រជាជន? ចាំមើលទៅ។ ហើយខ្ញុំសង្ឃឹមថា បណ្ដាបក្សនយោបាយទាំងអស់​នៅកម្ពុជា នឹងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ ព្រោះទាំងអស់គ្នាសុទ្ធតែបាន​សន្យា ហើយអ្នកដែលបានសន្យានោះ ខ្លះក៏ជាប់ឆ្នោត ខ្លះក៏មិនជាប់ អញ្ចឹងទៅចុះ។ ប្រឹងធ្វើទាំងអស់គ្នា​ទៅ ផលប្រយោជន៍ជារបស់ប្រជាជន។

ពាំនាំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមក សម្រាប់កម្មសិក្សាការី និងសិក្ខា​កាម ដែលត្រូវទទួលសញ្ញាបត្រ (ចំនួន) ៧៥១ អង្គនាក់ និងសិស្សកម្មសិក្សាការី និងសិក្ខាកាមដែលចូលរួមជា​កិតិ្តយស ចំនួន ៥៣៤ នាក់ សរុបទាំងអស់ ១.២៨៥ នាក់ ក៏សូមជូនម្នាក់ៗ ចំនួន ១០ ម៉ឺនរៀល។ ឥឡូវឡើងពាក់កណ្ដាលទាំងអស់ ព្រោះប្រាក់ខែឡើងហើយ ហើយនៅតែឧបត្ថម្ភ ២ ម៉ឺន(រៀល), ៣ ម៉ឺន(រៀល)។ សិក្ខាកាមនេះ​ពីមុនធ្លាប់(តែ) ៥ ម៉ឺន(រៀល) ឥឡូវឡើង ១០ ម៉ឺន(រៀល)។ ដល់លោកគ្រូ គណៈកម្មគ្រប់គ្រង និងសាស្រ្ដាចារ្យ បុគ្គលិកសាលាភូមិន្ទរដ្ឋបាល (ចំនួន) ១៨៨ នាក់​ ក្នុងម្នាក់ៗជូន ២០ ម៉ឺនរៀល​។ ឡើងពាក់កណ្ដាលទាំងអស់។ ហើយ​ទៅសម្ពោធឯណាក៏ឡើងអញ្ចឹងដែរ។ សាលាភូមិន្ទរដ្ឋបាល ដែលមុននេះជូនតែ ៥ លាន(រៀល) តែឥឡូវជូន ១០ លាន(រៀល)។ វិទ្យាស្ថានជាតិអប់រំ ដែលមុននេះត្រឹមតែ ២ លាន(រៀល) ឥឡូវជូន ៥ លាន(រៀល)។ ទេ! ដូចយើងចាប់ឡើងថ្លៃតាំង​ពីទីហ្នឹង? ហ្នឹងបញ្ញាសាស្រ្ដ។ ហើយចុះកំណើនសេដ្ឋកិច្ចយើងវាកើន GDP របស់យើងកើន។ តាំងពីប្រទេស​អភិវឌ្ឍន៍តិចតួច មកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលក្នុងនោះលើសពី ១.៣០០ ដុល្លារសហរដ្ឋអាមេរិក ដែលមុននេះ ប៉ុន្មានឆ្នាំនោះ គឺវាទាបណាស់ ត្រឹមជាង ២០០ អីប៉ុណ្ណឹង រុញឡើង។ ហើយកាលពីឆ្នាំ ១៩៦៩ ពេលនោះ កម្ពុជាមានប្រាក់ចំណូលរហូតទៅដល់ ២៦០ ជាង ក្នុងពេលដែលកូរ៉េ​ខាងត្បូងតែ ៧៤ ដុល្លារទេ ក្នុងមនុស្សម្នាក់។ កូរ៉េខាងត្បូងពេលនោះ នៅក្រជាងកម្ពុជា ព្រោះសង្រ្គាមកូរ៉េ គឺ​បំផ្លាញកូរ៉េខ្លាំងណាស់ ប៉ុន្តែ កូរ៉េឥឡូវនេះ ប្រមាណជា ៥ ម៉ឺនដុល្លារ ក្នុងមនុស្សម្នាក់ ក្នុងពេលដែលយើងនៅ ១.៣០០ ជាង។

ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងមានប្រាក់ចំណូលខ្ពស់ ឆ្នាំ ២០៥០

អញ្ចឹង ចំណុចនេះ (ត្រូវមើល)អោយឃើញតម្លៃនៃសន្តិភាព។ យើងបាត់បង់ខ្ទេចខ្ទាំ កសាង​ឡើងពីបាតដៃទទេ។ យើង(ត្រូវមាន)ការពិចារណា និងរៀបចំអនាគត សម្រាប់យុវជនរបស់​យើងទៅថ្ងៃក្រោយកុំអោយគេលំបាកដូចយុវ​ជនជំនាន់មុន ដែលប្រឈមនឹងបញ្ហាស្លាប់គ្រប់ពេល។ មនុស្ស​រាប់លាននាក់ដែលបានត្រូវសម្លាប់។ យើងត្រូវធ្វើកិច្ចការសម្រាប់ការរីកចម្រើនបន្ដទៀតរបស់ប្រទេស​របស់យើង។ គោលដៅរបស់យើង ២០៣០ ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ ពេលនោះ ទាំងខ្ញុំ ទាំងអ្នកដទៃនេះស្លាប់អស់ហើយ ប៉ុន្តែ និស្សិតសិស្សរបស់យើងនៅសល់ ព្រះតេជព្រះគុណ ក៏នៅសល់ដែរពេលនោះ។ ឥឡូវ កំពុងថារកកន្លែងណាទៅ។ ខ្ញុំព្រះករុណាខ្ញុំ អត់ទៅវត្ត​ទេ។ ដុតក៏មិនអោយដុត។ ឥឡូវ គិតទៅនៅឯណា? ប្រុងធ្វើចេតិ្តយអោយហើយ។ អាហ្នឹងគេបម្រុង​ទុកសម្រាប់ខ្លួនឯង។ ដុតក្ដៅណាស់ មិនទៅទេ។ ប៉ុន្តែ កប់នៅនឹងវត្តគេមិនអោយកប់ទៀត។ ទោះបីមានកន្លែងកប់​ក៏អត់ទៅនៅវត្តដែរ ព្រោះគេនោមដាក់។ បោះបាយបិណ្ឌបោះចុះបោះឡើង ទៅនោមក្បែរហ្នឹង …។

ចុងបញ្ចប់ ជាមួយនឹងការអបអរសាទរ សម្រាប់ការរីកចម្រើនសាលាភូមិន្ទរដ្ឋបាល ក៏ដូចជា ការអបអរសាទរ ចំពោះកម្មសិក្សា អ្នកដែលទទួលសញ្ញាបត្រ ដែលត្រូវចេញនៅថ្ងៃ​នេះ និងការស្វាគមន៍ ​ចំពោះសិស្សថ្មី ដែលបន្តរៀន ហើយឆ្នាំក្រោយនឹងជួបជុំគ្នាសារជាថ្មីម្ដងទៀត។ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះ​ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក