សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ទិវានៃការចងចាំដំណើររឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣) ចំណុចប្រវត្តិសាស្ត្រក្នុងទឹកដីវៀតណាម

55

CNV: 21 ខែ​មិថុនា, 2017

ភូមិហ័រលី បានស្វាគមន៍ និងផ្ដល់បាយលើកដំបូង លើទឹកដីវៀតណាម

ឯកឧត្តម ង្វៀក វ៉ាន់ដា លេខាគណៈកម្មាធិការបក្ស ខេត្តប៊ិញ ហ្វឿក។ ឯកឧត្ត ហ្វៀន វ៉ាន់ចាន់ ប្រធាន​គណៈ​កម្មាធិការខេត្តប៊ិញហ្វឿក  ឯកឧត្តមឧត្តមសេនីយមេបញ្ជាការយុទ្ធភូមិភាគទី ៧។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកកាន់ទីកន្លែង ប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលទាក់ទងទៅនឹងជីវិតមនុស្ស​រាប់​លាន​នាក់ កាលពី ៤០ ឆ្នាំ មុននោះ។ ដំណើរមកកាន់ទីនេះ ខ្ញុំបានរៀនរាប់ជាបណ្តើរៗ តាំងពីពេលនៃ​ការ​ចាប់​ផ្តើមចេញពីទីតាំងនៅឯទឹកដីកម្ពុជា និងការឆ្លងដែនរហូតមកដល់កន្លែងទុកអាវុធ និងដាំបបរ​ទទួល​​ទាន។ ការមកដល់ភូមិហ័រលី  ដែលត្រូវបានស្វាគមន៍ និងផ្តល់បាយជាលើកដំបូងសម្រាប់ខ្ញុំ។

កន្លែងនេះកាលពីមុន ខុសប្លែកពីថ្ងៃនេះ កាលពេលនោះកម្មករចំការកៅស៊ូ ដែលពួកខ្ញុំ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើងពីភូមិហ័រលី  ចំងាយប្រមាណជាង ៤ គីឡូម៉ែត្រ ទើបបានមកដល់ ឡាងជីន។ ខ្ញុំត្រូវបាន​អញ្ជើញ​ពី​កន្លែងដែលស្នាក់នៅខាងក្រោយ មកកាន់ទីកន្លែងនេះ ដោយអនុសេនីយឯកបម្រុងម្នាក់ ខ្ញុំមិនចាំ​ឈ្មោះ ជា​ការ​គួរឲ្យសោកស្តាយ។ ក្រោយមក គាត់ជាវរសេនីយឯក ហើយគាត់ទៅធ្វើជាទីប្រឹក្សា ឬជំនួយការកងទ័ព​វៀត​ណាមនៅខេត្តក្រចេះ។ ឥឡូវនេះ បានទទួលព័ត៌មានថា គាត់មរណភាពហើយនៅក្នុង​កន្លែងនោះ។ ពីភូមិហ័រលី មកឡាងជីង យើងធ្វើដំណើរដោយថ្មើជើង ខុស​ប្លែកពីថ្ងៃនេះ។ ពេលនោះខ្ញុំគ្រុន ហើយ​អ្នក​ដែល​ទទួលបន្ទុកខាងកងឈ្លបរបស់វៀតណាមនៅភូមិហ័រលីនេះ ជួយមើលខ្ញុំ។ វាអាចជាគ្រុនចាញ់ ដែល​នៅ​សេស​សល់ក្នុងខ្លួនរបស់ខ្ញុំផង។ ម្យ៉ាងទៀត ប្រហែលការទទួលទានបាយច្រើនហួស ដោយសារតែ​យើង​មិនមានបាយក្នុងពោះច្រើនរយៈពេលយូរ ហើយថ្ងៃទី ២០ មិនមានគ្រាប់បបរណានៅក្នុង​ពោះមួយ​គ្រាប់​ទាល់តែសោះ។ ព្រឹកម៉ោង ១១ មុនចូលដល់ភូមិហ័រលី  យើងគ្រាន់តែបានទទួលទានបបរ ដែលដាំ​មួយ​កាមែលតូច ហើយចែកគ្នាហុត។ ដូច្នេះ ការទទួលទានអាហារលើកដំបូង បាយលើកដំបូង នៅភូមិ​ហ័រលី ជាបាយមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតរបស់ខ្ញុំ និងមិត្តខ្ញុំដទៃទៀត ហើយក៏វាផ្តល់នូវកម្លាំង ដើម្បី​ឲ្យខ្ញុំ បានធ្វើដំណើរ ៤ គីឡូម៉ែត្រ ដោយថ្មើជើង មកកាន់ ឡាងជីន នេះ។

ឡាងជីន បើយោងទៅលើទម្លាប់ បារាំង គឺតែងដាក់ភូមិ ដូច្នេះហើយ នៅក្នុងចំការកៅស៊ូ ដែលបារាំង​គ្រប់​គ្រង។ កាលពីពេលមុន បារាំងដាក់ឈ្មោះ ចំការកៅស៊ូ នៅកម្ពុជា មានសូមូត្រ សូហៃ សូបា សូបូន អញ្ចឹង​ទៅ។ ហ្នឹងជាទម្លាប់ដែលបារាំងគ្រប់គ្រងនៅកម្ពុជា។ សូម្បីតែនៅក្នុងទឹកដីកម្ពុជា ដែលបារាំងត្រួតត្រា​កាល​​ពីមុន បារាំងបានយកកម្មករវៀតណាមទៅដាំដុះ និងធ្វើចំការកៅស៊ូ បានជាមានចំការកៅស៊ូ ទាំង​នៅ​មេមត់ ទាំងនៅស្នួល ទនៅជប់ ទាំងនៅខាងបឹងកេត ស្ទឹងត្រង់ គឺសុទ្ធតែមានឈ្មោះ​ជាភាសា​វៀត​ណាម​។ ពេលនោះគេហៅឡាងជីន ប៉ុន្តែ ឥឡូវខ្ញុំមិនដឹងថា ផ្លាស់ឈ្មោះទៅជាអ្វីទេ។ តែយ៉ាង​ណា​ក៏ដោយ ៤០ ឆ្នាំ មុននេះ ឡាងជីន ជាភូមិទី ៩។ ឡាងមានន័យថាភូមិ, ជីន មានន័យថា ៩  គឺភូមិទី ៩ ឡាងជីន។

បានជួបអ្នកមុខអ្នកការវៀតណាមជាលើកដំបូង

… មកដល់ពេលនេះ វាជ្រុលម៉ោង បន្តិចទៅហើយ ប៉ុន្តែយ៉ាងណាក៏ដោយ ពេលនោះខ្ញុំត្រូវបាន​អញ្ជើញ​មក​បន្ទប់​ខាងណេះ។ ហើយដោយមានអនុសេនីយឯកបម្រុងជាអ្នកសួរ។ ជាលើកដំបូង​ដែលខ្ញុំបានជួបជា​មួយ​​​នឹង​អ្នកមុខអ្នកការរបស់កងទ័ពប្រជាជនវៀតណាម។ នៅឯភូមិហ័រលី យើងបានជួបត្រឹមតែភូមិ និង​កង​​ឈ្លប ប៉ុន្តែអ្នកដែលមានឋានន្តរសក្តិនៅក្នុងជួរកងទ័ពប្រជាជនវៀតណាមគឺនៅឡាងជីននេះ មុន​ពេល​ទៅ​ដល់ ឡុកនីញ ដែលជាទីកន្លែងមួយទៀត សម្រាប់ការភ័យខ្លាច។ អ្នកទាំង ៤ នាក់ ដែលធ្វើដំណើរ​ជា​មួយ​ខ្ញុំ ដោយសារការបាត់បង់ការទាក់ទងយូរពេក ពួកគាត់គិតថា ខ្ញុំត្រូវបានសម្លាប់ ឬក៏យកទៅណា …។ ខ្ញុំបានត្រូវសួរនាំអំពីគោលបំណងមក​កាន់ប្រទេសវៀតណាមដើម្បីអ្វី។ ពេលនោះពុំទាន់មានការបញ្ជាក់​អត្ត​សញ្ញាណច្បាស់លាស់របស់ខ្ញុំ​នៅឡើយទេ។ ឥរិយាបថរបស់ប្រជាជនវៀតណាម កងសេនាជនរបស់​វៀត​ណាម និងកងទ័ពវៀតណាម មិន​បានប្រព្រឹត្តនូវកាយវិការណាមួយដែលបំពានទៅដល់សិទ្ធិមនុស្សទេ។ ទោះ​បីថា ខ្ញុំបានឆ្លងដែនខុសច្បាប់ គ្មានលិខិតស្នាម ហើយគឺជាកងទ័ពទៀតផង។

វាលំបាកបែងចែក​ណាស់ ថាតើអ្នកណាជាពួក ប៉ុល ពត ដែលធ្លាប់វាយឆ្មក់ចូលប្រទេសវៀតណាម ហើយ​តើ​អ្នកណាគឺជា​អ្នក​ដែលស្វះស្វែងរកការរស់នៅដោយមាន​ជីវភាពល្អ​ប្រសើរជាង រួចផុតពីការកាប់សម្លាប់ និង​អ្នក​ណា​​ទៅដែល​ស្វះស្វែងរកការជួយឧបត្ថម្ភពីបក្ស​រដ្ឋាភិបាល និងកងទ័ពវៀតណាមដើម្បី​សង្រ្គោះ​ ប្រជា​​ជន​​កម្ពុជា? ពិតជាលំបាកបែងចែក។ ប៉ុន្តែវៀតណាមទាំង​គ្រប់កម្រិត គ្រប់ផ្នែក មិនបានប៉ះ​ពាល់​រូប​កាយ​របស់ខ្ញុំ មិត្តភក្តរបស់ខ្ញុំទេ កុំថាឡើយដល់ខ្លួនប្រាណធ្វើការឆែកឆែរ សូម្បីតែបាឡូរបស់ពួកយើង​ ក៏​មិន​ត្រូវបានប៉ះពាល់ផង។ វាជាការគិតខុសរបស់ខ្ញុំ ដែលមុន​ពេលចូលភូមិ ហ័រលី បានប្រាប់ឲ្យបង​ប្អូន​ទាំង​ឡាយ​សម្រួលបត់ជើងតូច ឬបត់ជើងធំ ហើយបានប្រាប់ថា ​ប្រសិនបើខាងភាគីវៀតណាមចាប់ចង ឬដាក់​ខ្មោះ ក៏សូមឲ្យចាប់តាមសម្រួល។ ខ្ញុំបានសម្លឹងមើលនូវនាឡិការបស់ខ្ញុំ។ គួរឲ្យសោកស្ដាយ នាឡិកា​នោះ​មិន​ដឹង​ថាឥឡួវវានៅឯណា។ នាឡិកាម៉ាក TITONI បួនជ្រុង ហើយជានាឡិកាដែលខ្ញុំពាក់កាល​ពេល​ពី​ចូល​ព្រៃដំបូងនៅឆ្នាំ ១៩៧០។ ខ្ញុំដូរនាឡិកាហូរហែ ប៉ុន្តែចុងក្រោយ​ក៏នៅតែម៉ាក TITONI ដដែល។

គ្រូផែនទី

ពេលនោះខ្ញុំគិតថានាឡិកានេះ មុខតែត្រូវបានវៀតណាមដកហូតហើយ។ ផ្ទុយទៅវិញ នាឡិកានេះត្រូវបាន​ពាក់​ជា​រៀងរហូត រហូតដល់ពេលរំដោះទីក្រុងភ្នំពេញ ក្លាយទៅជារដ្ឋមន្រ្ដី​ការបរទេស ខ្ញុំ​នៅតែពាក់នាឡិកា​នោះ​ឯង។​ នៅទីកន្លែងនេះ អនុសេនីយ៍ឯកបម្រុង ដែលខ្ញុំមិនចាំឈ្មោះ បានសួរពីគោលបំណងជាក់លាក់ ហើយក៏ឲ្យខ្ញុំចង្អុលលើផែនទី ដែលផែនទីនោះមាន​ទាំងខាងវៀតណាម និងខាងកម្ពុជា។ ខ្ញុំចង្អុលផែនទី​អំពី​ទី​ឈរ​ជើង​នៃកងទ័ពរបស់កម្ពុជា ចំណុចឈរជើងកងទ័ពរបស់ភូមិភាគ ២០៣ ពិសេសគឺតំបន់ ២១ តភ្ជាប់ទៅតំបន់ ២០ របស់ខេត្តកំពង់ចាមត្រើយខាងកើតទន្លេមេគង្គ ដោយផ្សារភ្ជាប់នូវបណ្ដាកងវរសេនា​តូច​របស់ខ្ញុំនៅចំណុះឲ្យ​កងវរសេនាធំ និងបណ្ដាអង្គភាពនៃកងពលទីបួនរបស់ភូមិភាគបូព៌ាទិស។

បន្ទាប់​ពី​ការ​ចង្អុល​ផែនទី ឆ្លងកាត់​តាមរយៈអ្នកបកប្រែជាស្រ្ដីម្នាក់មានវ័យប្រហាក់ប្រហែលជា ៦០ ឆ្នាំ ហើយ​​ដែល​ជាអតីតកម្មករចំការកៅស៊ូនៅ​ខ្ជាយ មេមុត ខ្ញុំបានលឺសំលេងជាលើកដំបូងណយឡាវ។ ខ្ញុំ​អត់​ចេះពាក្យណយឡាវទេ។ ក្រោយមកបានខ្ញុំចេះ។ អនុសេនីយ៍ឯកគាត់បាននិយាយថា ណយឡាវ មាន​ន័យ​ថា និយាយភូត។ ខ្ញុំក៏ប្រឹងស្ដាប់អ្នកបកប្រែថា អ្វី​ពិតប្រាកដ។ គាត់បាននិយាយថា លោកឯងមិន​មែន​ធ្វើ​ប៉ុណ្ណឹងទេ ឋានៈលោកឯងខ្ពស់ជាងហ្នឹង​ឆ្ងាយណាស់ ព្រោះលោកឯងចេះច្រើន។ ចំណុចនេះ ខ្ញុំត្រូវបក​ស្រាយ​ជូនគាត់ថា ខ្ញុំទើបមាន​វ័យ ២៥ ឆ្នាំ ហើយចូលតស៊ូក្រោយពេលដែលសម្ដេចព្រះ នរោត្តម សីហនុ អំពាវនាវនៅឆ្នាំ ១៩៧០ ឋានៈរបស់​ខ្ញុំនេះ ​វា​ខ្ពស់ណាស់ទៅហើយ ប៉ុន្តែការចេះដឹងរបស់ខ្ញុំនេះ ដោយសារ​តែ​ខ្ញុំ​ជាគ្រូផែនទី ហើយក៏ជាគ្រូនៃការគូសចម្លងផែនទី និងគូសផែនទី។ ម៉្យាងទៀតខ្ញុំក៏ជា​នាយទាហាន​សេ​នា​ធិការ ដូច្នេះការ​ចង្អុលផែនទីបែបនេះ វាមិនលំបាកសម្រាប់ខ្ញុំទេ។ ការចង្អុលផែនទីនៅពេលនោះ ខ្ញុំឲ្យ​ទាំង​និយាមការថែម​ទៀតផង …។

ដំណើរឆ្ពោះទៅឡុកនីញ ដោយឡាន GMC

ឡាន GMC និង Jeep មួយបានមកដល់រង់ចាំទៅ​ហើយ។ យើងជិះឡាននៅខាងក្រោមនេះ ពេលនោះ​ប្រជា​ជននៅភូមិឡាងជីននេះ ចោមរោមមើលយើងដូចជាអ្វីមួយមិនដែលបានឃើញ។ មិត្តភក្តិ​របស់ខ្ញុំនៅ​ហ្នឹង​កន្លែងនោះ។ ខ្ញុំមិនបញ្ហាទេ ព្រោះខ្ញុំមកផុតមកដល់ណេះ។ ប៉ុន្តែ ពេលត្រឡប់ទៅវិញនោះ ក៏បាន​ឃើញ​ប្រជាពលរដ្ឋ កំពុងតែមើលតាមបង្អួចផង តាមទ្វារផង។ ខ្ញុំក៏ត្រូវឡើងជិះឡាន GMC។ ថ្ងៃនេះ ខ្ញុំសុំ​ជិះ​ឡានហ្នឹងឡើងវិញ បើទោះបីថា រថយន្តទាំងខាងមិត្តវៀតណាមរៀបចំយ៉ាងច្រើន ឡានរបស់ខ្ញុំ ដែល​ខ្ញុំ​ជិះ​ធ្វើការនៅទីក្រុងភ្នំពេញ ក៏បានបញ្ជូនមក។ តែខ្ញុំសុំឲ្យខ្ញុំបានជិះឡាន GMC ទៅកាន់ ឡុកនីញ ហើយ​ឲ្យ​មានកងទ័ពវៀតណាម។ ឥឡូវដោយសារតែ ញឹក ហួន និង សាន សាញ់ គាត់ស្លាប់ទៅហើយ ខ្ញុំសុំ​ស្នើ​ឲ្យ​កូនគាត់តំណាងគាត់ ជិះឡានជាមួយខ្ញុំ ៥ នាក់ម្ខាង។ ឯម្ខាងទៀត កងទ័ពវៀតណាម ៤ នាក់។ ខ្ញុំនៅ​ចាំ​ឡាន JEEP មួយនាំមុខដោយមានបើកសារ៉ែនផង នាំខ្ញុំឆ្ពោះទៅកាន់ ឡុកនីញ … យើងចេញពីឡាង​ជីន ទៅកាន់ ឡុកនីញ នៅម៉ោង ៥ និង ១៥ នាទី ប៉ុន្តែ យើងធ្វើកម្មវិធីមុនចុះ ខុសម៉ោង​ តែ​វាត្រូវថ្ងៃ។

ខ្ញុំអរគុណជាមួយបងប្អូនកម្មករចំការកៅស៊ូមុននេះ ហើយនិងអង្គភាពដែលឈរជើងនៅទីនេះ ដែលក្រោយ​មក​ខ្ញុំបាន​ជួបគាត់ឡើងវិញនៅ សុងប៊ែ ហើយក៏​ជួបគាត់ឡើងវិញនៅខេត្តក្រចេះ។ ចំណោទចោទសួរពេល ដែលខ្ញុំចេញដំណើរមកនោះត្រូវបានកាត់បន្ថយជាបណ្តើរៗ ដូចជា តើខ្ញុំត្រូវគេបាញ់សម្លាប់ បានសេចក្តីថា រឿងនេះបានផុតរហូតហើយ ខ្ញុំត្រូវផ្ទុះមីនស្លាប់នៅទល់ដែន ត្រូវបានផុតហើយ។ ត្រូវកងទ័ពវៀតណាម​បាញ់ ឬចាប់ចង ក៏បានផុតហើយ ប៉ុន្តែ មានអ្វីកើតឡើងទៀតនោះ វានៅតែជាសំណួរ នៅក្នុងខួរក្បាល​របស់​ខ្ញុំជាពិសេសគឺ តើវៀតណាមចាប់បញ្ជូនខ្ញុំទៅឲ្យកម្ពុជាវិញឬទេ? ដូច្នេះ ឧបករណ៍សម្រាប់ធ្វើអត្តឃាត គឺម្ជុល ១២ ដើម នៅក្នុងហោប៉ៅនេះ គឺបម្រុងជាប់នៅក្នុងហោប៉ៅ មិនមានអ្នកណាអាចយកចេញបានទេ ព្រោះវានៅក្នុងកាបូបរបស់ខ្ញុំ។ អ្វីដែលជាការគិតថា វៀតណាមមិនចាប់យើងចង ឬដាក់ខ្នោះ ក៏បានរសាត់​បាត់​មុនពេលចូលដល់ភូមហ័រលី។ ខ្ញុំបានប្រាប់មិត្តភក្តិអ្នកដែលរួមដំណើរ យើងអាចត្រូវគេចង ឬដាក់ខ្នោះ សុំឲ្យដាក់តាមសម្រួល ជនរងគ្រោះដែលភៀសខ្លួន មករកជំនួយដើម្បីសង្គ្រោះប្រទេស បានតាំងចិត្ត រួចជា​ស្រេច​ថានឹងស្លាប់ច្រើនយ៉ាងដែលខ្ញុំបាននិយាយអម្បាញ់មិញ តែចេះតែកាត់បន្ថយបណ្តើរៗ។

ពី ឡាងជីន ទៅដល់ ឡុកនីញ ក៏ត្រូវតាមមើលផ្លូវបង្គោល … ជិះឡានដឹកអុស ក្នុងរង្វង់ម៉ោង ២ រសៀល ថ្ងៃ​ទី ២២ ក៏ត្រូវឲ្យលោក ប៉ោ អ៊ាន ជួយមើលបង្គោលគីឡូម៉ែត្រ តើផ្លូវនេះវាទៅណា? ប្រយ័ត្នទៅខាង​កម្ពុជា។ មកដល់ទីនេះ ពិតមែនតែយើងបានឆ្លងផុត នូវគ្រោះថ្នាក់ នូវសំណួរជាច្រើន ប៉ុន្តែ ចំណុចសេស​សល់ គឺអម្បាញ់មិញខ្ញុំបាននិយាយ មួយបន្តទៅទៀត តើវៀតណាមជឿនូវអ្វីដែលខ្ញុំបាននិយាយឬអត់? នេះ​ជាបញ្ហាធំ។ ហើយវៀតណាមជួយឬអត់? នេះជាបញ្ហាធំ។ ឯធ្ងន់ជាងនេះទៅទៀត តើពេលនេះប្រពន្ធខ្ញុំ​ដែល​កំពុងតែមានផ្ទៃពោះ ៥ ខែ តើគេសម្លាប់គាត់ទេ? តើគាត់ក្លាយទៅជាអ្វីទៅហើយ? សម្រាប់យុវ​ជន​ម្នាក់ដែលមិនទាន់ដល់គ្រប់អាយុ ២៥ ឆ្នាំផងនោះ ខ្លោចចិត្តយ៉ាងម៉េច? រឿងនេះ វាជារឿងជីវិត ជារឿង​សាច់​ឈាម បើទោះបីជាខ្លួនបានសុខ មិនទាន់ច្បាស់ថាវានឹងទៅយ៉ាងម៉េច តែរឿងគិត។

ពេលដែលគ្រោះថ្នាក់បំផុត ការបារម្ភជាងគេ គឺភរិយា

ក្នុងចំណោមនៃការគិត ការបារម្ភ តើភរិយាខ្ញុំនៅពេលនេះ យ៉ាងម៉េច(ទៅហើយ)? រឿងនេះ ចាប់ផ្ដើមពីការ​ចេញ​ដំណើររហូតទៅដល់ពេលដែលខ្ញុំត្រឡប់ទៅដល់ប្រទេស ខ្ញុំតែងស្រក់ទឹកភ្នែកជារៀងរហូត (ដោយ​សារ​តែ)​ព័ត៌​មានផ្ដល់ថា ភរិយារបស់ខ្ញុំបានស្លាប់ហើយ ស្លាប់កូនមុន ម្ដាយស្លាប់ក្រោយ។ សូម្បីតែខ្ញុំក្លាយ​ខ្លួន​ជារដ្ឋមន្រ្តីការបរទេសហើយ ក៏ខ្ញុំនៅតែស្រក់ទឹកភ្នែកតទៅទៀត ដោយសារតែភរិយារបស់ខ្ញុំត្រូវ​លាក់​ខ្លួន​សិន ព្រោះសភាពការណ៍នៅច្របូកច្របល់។ ថ្ងៃទី ២៤ ខែកុម្ភៈ ទើបភរិយាខ្ញុំនាំកូនប្រុសរបស់ខ្ញុំ មកជួប​ខ្ញុំ។ ដូច្នេះ ចាប់តាំងពីរាត្រីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧​ រហូតដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៩ ទឹក​ភ្នែករបស់ខ្ញុំមិនដឹងថាស្រក់ប៉ុន្មានលានដំណក់ទេ។ ការបែកគ្នាក្នុងស្ថានភាពជីវិតខ្លួនឯងមិន​ច្បាស់​លាស់ ជីវិតប្រពន្ធដែលមានផ្ទៃពោះមិន(ដឹង)ច្បាស់លាស់ វាធ្វើអោយយើងឈឺចាប់ ប៉ុន្តែវាក៏បានផ្ដល់​នូវ​កម្លាំង​ចិត្ត​ថា យើងត្រូវតែខិតខំឈានឆ្ពោះទៅមុខ ដើម្បីសង្រ្គោះប្រទេស និងប្រជាជនរបស់យើង។

រឿងរាវដែលបានកើតឡើង​នេះ ខ្ញុំអរគុណជាមួយនឹងក្រសួងការពារជាតិកម្ពុជា ដែលដឹកនាំដោយឧប​នា​យក​​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយកឧត្តមសេនីយ ទៀ បាញ់ និងថ្នាក់ដឹកដទៃទៀត ដែល​បាន​ទទួល​ស្គាល់នូវប្រវត្តិសាស្រ្តដ៏សំខាន់មួយនេះ។ ហើយក៏សូមអរគុណចំពោះបក្សរដ្ឋាភិបាល និងកងទ័ព​វៀត​ណាម ដែលបានទទួលស្គាល់នូវសច្ចធម៌ប្រវត្តិសាស្រ្តមួយនេះ ទាក់ទងទៅនឹងដំណើរឆ្ពោះ​ទៅរកការ​សង្រ្គោះ​ជាតិ ហើយបានរៀបចំនូវកម្មវិធីនេះឡើង។ អគារនេះ វាក្លាយទៅជាអគារវប្បធម៌ ដែលខ្ញុំផ្ដល់​ជូន​សម្រាប់​ប្រជាជននៅទីនេះ។ ខ្ញុំអរគុណចំពោះឧត្តមសេនីយ ង្វៀន ជីវីង អរគុណក្រុមហ៊ុន Metfone ដែល​បាន​​ចេញថវិកាសាងសង់នូវសំណង់ជាប្រវត្តិសាស្រ្ត។ ដើមឈើដែលយើងដាំមួយដើមអម្បាញ់មិញ ខ្ញុំសូម​ស្នើ​សុំថា ដាក់ជាដើមឈើមិត្តភាពកម្ពុជាវៀតណាម ដើម្បីអោយសមជាមួយនឹងអ្វីដែលបានកើតឡើង​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។ អ្នកណាចង់ថាអ្វី ក៏ថាទៅ តែរឿងពិតវាបានកើតឡើងយ៉ាងដូច្នោះ។

ការកសាងកងទ័ពនៅក្រៅប្រទេស មិនមែនមានតែ ហ៊ុន សែន

បើគ្មានការជួយឧបត្ថម្ភពីបក្សរដ្ឋាភិបាលនិងកងទ័ពវៀតណាម តើខ្ញុំអាចកសាងកងទ័ពលើទឹកដីវៀត​ណាម​បាន​ ឬទេ? សុំកុំបន្ទោស ហ៊ុន សែន។ មិនមែនគ្រាន់តែ ហ៊ុន សែន ទេដែលកសាងកងទ័ពនៅលើទឹកដី​ប្រ​ទេស​ជិតខាង។ សូម្បីតែត្រីភាគីក៏បានកសាងកងទ័ពនៅក្នុងប្រទេសថៃដែរ នៅពេលវេលាដែលមានការ​ច្បាំងគ្នានោះ។ ប៉ុន្តែ​ន័យទាំងអស់នៃការដែលយើងធ្វើ ទាំងអស់គ្នាសុទ្ធតែក្រោមហេតុផលសេ្នហាជាតិ។ បើ​ក្រោមហេតុផលស្នេហាជាតិ ហើយទៅទីពឹងពាក់បរទេស​ ខ្ញុំកាន់តែលែងខុសហើយ។ បច្ចុប្បន្ននេះ ក៏​មាន​មនុស្សខ្លះទៅពឹងពាក់បរទេសអោយមកគាបសង្កត់ខ្មែរ ក្នុងពេលដែលខ្មែរកំពុងតែងើបឈរឡើងនៅ​ក្នុង​ដំណើរ​ការកសាងប្រទេស។ ប៉ុន្តែគេបំភ្លេចចោលនូវប្រវត្តិឈឺចាប់ ដែលយើងបានកសាងកងទ័ព ដើម្បី​រំដោះជីវិតប្រជាជនរាប់លាននាក់។ រំដោះរួចហើយ ប្រជាជនកម្ពុជាមានប្រមាណជាង ៥ នាក់ប៉ុណ្ណោះ​ដែល​សល់​ពីការស្លាប់។ តែឥឡូវ កម្ពុជា​បានឈានឆ្ពោះទៅរក(អភិវឌ្ឍប្រទេស) និងមានប្រជាជនជាង ១៥ លាន​នាក់រួចស្រេចទៅហើយ។

ខ្ញុំនិយាយទៅឯកម្ពុជា និងនៅព្រំដែនកម្ពុជា អំពី ដឺហ្គោល និងក្រោយមកជាប្រធានាធិបតីបារាំង ក្នុង​ពេល​ដែល​រដ្ឋាភិបាលបារាំងបានចុះចាញ់ ហើយបង្កើតរដ្ឋាភិបាលរណប។ ឧត្តមសេនីយ ដឺ ហ្គោល បានភៀស​ខ្លួន​ទៅប្រទេសអង់គ្លេស ដើម្បីកសាងកម្លាំងនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៤០​ ហើយវិលត្រឡប់​ទៅបា​រាំង​វិញ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៤៩៤។ គាត់ប្រើពេលរយៈពេល ៤ ឆ្នាំ​ ហើយបានវាយ​រំដោះទី​ក្រុង​ប៉ារីសនៅ​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ១៩៤៤។ បើជេរ ហ៊ុន សែន ក៏ត្រូវជេរ ដឺហ្គោល ដែរ។ សម្ដេច ព្រះ នរោត្តម សីហនុ ក៏ធ្លាប់បានពឹងវៀតណាមជួយវាយចក្រពត្តិអាមេរិក និងរបបវៀតណាមខាងត្បូង។ លន់ នល់ ខ្លួនឯង ធ្លាប់ពឹងវៀតណាមខាងត្បូង និងអាមេរិក ចូលទៅវ៉ៃនៅកម្ពុជា។

ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តមួយ បើយោងទៅលើអ្វីដែលខ្ញុំដឹងនៅត្រង់ថា ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ លោកប្រធាន ហូ ជីមិញ បានបង្កើតកាសែតយុវជន។ តើថ្នាក់ដឹកនាំវៀតណាមនៅចាំរឿងនេះទេ? ឬក៏​ខ្ញុំ​និយាយខុស?​ ឥឡូវនេះ មកដល់ពេលនេះ មានអាយុកាល ៩២ ឆ្នាំ ដែលនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ ដល់ថ្ងៃទី ២១ ខែមិថុនា ២០១៧ គឺជារយៈពេលនៃទិវាសារព័ត៌មានរបស់វៀតណាម។ តើអ្នក​សារ​ព័ត៌​មានរបស់វៀតណាម យល់យ៉ាងម៉េច? យល់ដែរ ឬទេ? ឬក៏ខ្ញុំនិយាយខុស? ប៉ុន្តែយ៉ាងណាក៏ដោយ សូម្បីតែប្រធាន ហូ ជីមិញ ប្រជាជនវៀតណាមគោរពដូចព្រះ ក៏គង់ទៅប្រកាសចលនាតស៊ូពី​ក្រៅប្រ​ទេស​មកដែរ រាប់ទាំងនៅខេត្តក្វាងទុង ប្រទេសចិន។​ ដូច្នេះ ហ៊ុន សែន មកកាន់ប្រទេសវៀតណាម គ្មានអ្វីដែល​ត្រូវ​ខុសនោះទេ ហើយខ្ញុំក៏មិនមែនរត់ចោលស្រុកទេស ដើម្បីស្វែងរកនូវជីវភាពល្អជាងនោះទេ។ ខ្ញុំមិនមែន​ជា​អ្នកភៀសខ្លួនសម្រាប់ស្វែងរកឱកាសខាងសេដ្ឋកិច្ចនោះទេ។

អញ្ចឹងនេះជារបត់ប្រវត្តិសាស្រ្ត ដែលមេដឹកនាំជាន់មុនធ្លាប់ធ្វើ​(ដើម្បីរំដោះប្រទេស)។ សម្រាប់កម្ពុជា សម្ដេច ព្រះនរោត្តម សីហនុ ធ្លាប់បានបង្កើតរណស្សិរ ហើយអំពាវនាវអោយយុវជនចូលព្រៃម៉ាគី។ លោកប្រធាន ហូ ជីមិញ ក៏ធ្លាប់បានធ្វើដំណើរយ៉ាងវែងឆ្ងាយរហូតដល់ប្រទេសបារាំង និងប្រទេសដទៃទៀត … តើថ្ងៃហ្នឹង ជា​ថ្ងៃ​សិទ្ធិសារព័ត៌មានរបស់វៀតណាម មែនទេ ដែលជាខួបលើកទី ៩២? បើសិនជាខុស ក៏សុំអធ្យា​ស្រ័យ​អោយ​ខ្ញុំ … ប៉ុន្តែខ្ញុំសិក្សាឃើញយ៉ាងដូច្នេះ (ដែលថ្ងៃនេះជា)ខួបលើកទី ៩២ ដែលលោកប្រធាន ហូ ជីមិញ ប្រ​កាសពីខេត្ត ក្វាងទុង ប្រទេសចិន បង្កើតកាសែតយុវជន អង្គការព័ត៌មានរបស់​សមាគមយុវជន​បដិវត្តន៍​វៀត​ណាម។

ដើម្បីប្រជាជនកម្ពុជារស់រាន មានសន្ដិភាព ស្ថិរភាព និងសហប្រតិបត្តិការ

… ខ្ញុំបានបំពេញនូវភារកិច្ចសម្រាប់ប្រជាជនកម្ពុជា ដើម្បីការរស់រានមានជីវិត ហើយផ្ដល់នូវផលដ៏​ធំមួយ​សម្រាប់​ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលក្នុងរយៈពេល ៣៨ ឆ្នាំកន្លងផុតទៅនេះ យើងបានរួម​គ្នា​ប្រែក្លាយតំបន់ដែលធ្លាប់មានការប្រយុទ្ធ អោយទៅជាតំបន់ព្រំដែនដែលមានសន្ដិភាព សិ្ថរភាព និង​សហ​ប្រតិបត្តិការ។ ពីព្រំដែនមកដល់ភូមិហ័រលើ កាលពេលដែលខ្ញុំធ្វើដំណើរ ៤០ ឆ្នាំមុន គ្មានដើម​កៅស៊ូ​មួយ​ដើមណាទេ តែឥឡូវមានដើមកៅស៊ូ មានផ្លូវថ្នល់ចាក់កៅស៊ូ។ សូម្បីតែពី ៤០ ឆ្នាំមុនពីភូមិហ័រលើ មកឡាងជីននេះ មិនមែនផ្លូវចាក់កៅស៊ូទេ​ គឺផ្លូវដីក្រហម។ ម្យ៉ាងទៀត ការបញ្ចប់របប ប៉ុល ពត វាក៏ការ​បញ្ចប់​អស្ថិរភាពក្នុងតំបន់ផងដែរ ដែលគេត្រូវឃើញនូវកិច្ចការ(នេះ)។

សង្រ្គាមកម្ពុជាមិនមែនដាច់ដោយឡែករបស់កម្ពុជាទេ។ កាលសម័យសង្រ្គាមឥណ្ឌូចិន ក៏មិនមែនរឿង​ដាច់​ដោយ​ឡែករបស់ឥណ្ឌូចិនទេ គឺជារឿងតំបន់ ក៏ប៉ុន្តែនៅពេលដែលប្រទេសទាំងនេះមានសន្ដិភាព យើងបាន​រួម​គ្នានៅក្នុងក្របខណ្ឌ​អាស៊ាន​។ ពេលនេះ កម្ពុជាក៏ជាប្រទេសមួយនៅក្នុងក្របខណ្ឌអាស៊ាន ដែលជួយ​រួម​ចំ​ណែកសម្រាប់សន្ដិភាពក្នុងតំបន់។ ពិតហើយ យើងទទួលស្គាល់ថា សង្រ្គាមកំពុងតែក្ដៅយ៉ាងខ្លាំង​នៅឯ​ហ្វីលីពីន នៅកោះមីនដាណាវ។ សង្រ្គាមមិនទាន់ចប់នៅហ្វីលីពីន។ សង្រ្គាមមិនទាន់ចប់នៅមីយ៉ាន់មា និង​ការប្រទូសរ៉ាយនៅភាគខាងត្បូងប្រទេសថៃ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ អតីតប្រទេសដែលមាន​សង្រ្គាម​ហែក​ហួរ គឺវៀតណាម ឡាវ និងកម្ពុជា (ឥឡូវ)គឺជាប្រទេសដែលមានសន្ដិភាព ដែលជាការរួមចំ​ណែក​នៅ​ក្នុង​តំបន់។

ខ្ញុំអរគុណជាមួយនឹងការឧបត្ថម្ភទាំងឡាយ ដែលធ្វើអោយខ្ញុំមានលទ្ធភាពដឹកនាំប្រទេសកម្ពុជា ចូលកាន់​ដំ​ណាក់កាលថ្មី ដំណាក់កាលសន្ដិភាព និងការអភិវឌ្ឍ។ ទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ ទោះបី​មិន​សម្រេចគោលដៅ ៥០០០ លានដុល្លារ ប៉ុន្តែយើងក៏មានចំណែកប្រហាក់ប្រហែលប្រមាណ ៣៥០០ លានដុល្លារសហរដ្ឋអាមេរិក។ ពីដើមព្រំដែនរបស់យើងសុទ្ធតែជាកន្លែងវាយគ្នា។ តែឥឡូវ ​ព្រំដែន​របស់​យើង​គឺជាព្រំដែនសន្ដិភាព និងសហ​ប្រតិបត្តិការ។

មេដឹកនាំសំខាន់មួយរូបរបស់កម្ពុជា

កូនចៅយើងជំនាន់ក្រោយ គេមិនរងទុក្ខវេទនាដោយសារកំហុសនយោបាយណាមួយទៀតទេ។ ប្រហែល​ជា​នៅ​ការចាប់ផ្ដើមរបស់ខ្ញុំ មានមនុស្សមិនច្រើនទេដែលគិតថា ខ្ញុំនឹងក្លាយទៅជាមេដឹកនាំសំខាន់​មួយរូប​របស់ប្រទេសកម្ពុជា ហើយក៏ក្លាយទៅជានាយករដ្ឋមន្រ្ដីដែលយូរជាងគេនៅលើពិភពលោក។ ពីនាយក​ រដ្ឋ​មន្រ្ដី​​​​ដែលក្មេងជាងគេនៅលើពិភពលោក ក្លាយទៅជានាយករដ្ឋមន្រ្ដីដែលយូរជាងគេនៅ​លើ​ពិភព​លោក​។ នោះក៏មានចំណែកនៃការជួយឧបត្តម្ភ ដើម្បីការរស់រានរានរបស់ប្រជាជនកម្ពុជា។ ដំបូងការរស់​រាន​របស់​ខ្លួនខ្ញុំ និងមិត្តភក្ដរបស់ខ្ញុំដែលផ្ដល់ឱកាសឲ្យពួកខ្ញុំកសាងកម្លាំងប្រដាប់អាវុធ។ យើងពិតជាឃ្លានបាយ​រៀង​ខ្លួនហើយៗ នឹងមានឱកាសថ្ងៃនេះ ជិះឡាន GMC ឡើងវិញ។ បើទោះបីជាខ្ញុំមិនអាចស្លៀកពាក់ដូច​កាល​ពី​សម័យមុន ហើយថ្ងៃនេះខ្ញុំពាក់ឯកសណ្ឋាននាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ប៉ុន្តែការបាន​ជិះ​ដដែលពីទីកន្លែងដដែលទៅកាន់ទីកន្លែងមួយទៀត ជាមួយនឹងការដើរឆ្លងកាត់​ព្រំដែន ចាត់ទុកថាសំ​ណាង​ណាស់​សម្រាប់ខ្ញុំ។ សម្រាប់កូនចៅជំនាន់ក្រោយ សូមឲ្យចងចាំថាកុំធ្វើសង្គ្រាម ត្រូវ​គោរពជីវិ​ត​មនុស្ស​ ត្រូវ​គោ​រពតម្លៃមនុស្ស ត្រូវយកចិត្តទុកលើបញ្ហាសេដ្ឋកិច្ច និងសង្គម​​។ ខ្ញុំសូមឧទ្ទិសឲ្យអាគារ​វប្បធម៌នេះ ជា​អា​គា​រនៃការចងចាំ អាគារទាក់ទងទៅជាមួយនឹងប្រវត្តិសាស្រ្ដនៃការសង្រ្គោះជាតិ អាគារដែលទាក់ទងទៅនឹង​ចំ​ណង​មិត្ត​ភាពរវាងកម្ពុជា និងវៀតណាម។

អរគុណសារជាថ្មីម្ដងទៀត ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានទទួលដំណើរ ជូន​ពរ​មានជោគជ័យគ្រប់ៗគ្នា សូមអរគុណ៕

ចែករំលែក