ព្រះករុណាព្រះមហាក្សត្រ យាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីរុក្ខទិវាប្រចាំឆ្នាំ នៅស្រុកសំបូរ ខេត្តក្រចេះ

40

ក្រចេះ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ -ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះ​រាជអធិបតីភាព​ដ៏​ខ្ព​ង់​ខ្ព​​ស់ ក្នុង​ព្រះ​រាជពិធី រុក្ខទិវា ដែលប្រារព្ធធ្វើឡើង នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្ដក្រចេះ នាព្រឹក​ថ្ងៃ​អ​ង្គា​រ ៨កើត ខែអាសាឍ ​ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០១៩។ នេះ​បើតាមការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជាពីខេត្តក្រចេះ។

យាង និងអញ្ជើញអមព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសនោះ មាន​វត្ត​​​​មាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំ​រិន ប្រធានរដ្ឋសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សម្ដេចចៅហ្វាវាំង គង់ សំអុល  ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឥស្សរ​ជ​ន ជាន់ខ្ពស់របស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា​ភិ​បា​ល​ អង្គទូត នៃបណ្ដាប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុ​ជា​ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុង​ខេត្តក្រចេះ​យ៉ា​ង​​ច្រើនកុះ​ករ។

ព្រះរាជពិធី «រុក្ខ​ទិវា» ៩កក្ក​ដា​ នៅក្នុងឆ្នាំ២០១៩នេះ មានកូនឈើកម្រ និងប្រណិត​ចំនួន១៣.១៣៥ដើម ​​ត្រូវ​ដាំលើផ្ទៃដី​ស​រុប១០ហិកតា ដែលក្នុងនោះ រួមមាន កូនឈើ​ប្រភេទ​កកោះ៣.០០០ដើម អ​ង្កា​ញ់៤.៥០០​ដើ​ម ធ្នង់៣.០០០ដើម គ្រញូង២.០០០ដើម ធ្នង់ដើមធំ​មានកម្ពស់ជាង ២ម៉ែត្រ ចំ​នួ​ន ៦០០ដើម និង​ គគីរដើមធំ មានកម្ពស់ជាង២ម៉ែត្រ ចំនួន ៣៥ដើម។

គួរបញ្ជាក់ដែរថា ​ព្រះរាជពិធី រុក្ខទិវា ​បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះ​រាជ​កិច្ច​​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សី​ហនុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​ការថែរក្សា​សម្បត្ដិ​ព្រៃឈើ​ជា​តិ ប៉ុន្តែ​ពិធី​នេះ​បាន​អាក់ខាន​មួយរយៈ រហូតដល់​ឆ្នាំ​១៩៨៩ ទើប​ចាប់ផ្ដើម​ឡើង​វិញ ក្នុង​បំណង​បន្ដ​​ប្រពៃណី​រុក្ខ​ទិវា និង​ស្ដារ​ព្រៃឈើ​ឡើងវិញ​។​ ​​ជា​រៀងរាល់ឆ្នាំ​កម្ពុជា​តែងតែ​រៀបចំ​ពិធី​រុក្ខទិវា​ថ្ងៃ​​៩​កក្កដា ​ក្រោម​ព្រះរាជ​វត្ត​មាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ ​ដែល​ព្រះអង្គ​បានបង្ហាញ​ពី ​កា​រ​​យក​ព្រះទ័យ​ទុកដាក់​ខ្ព​ស់​​ក្នុងការ​ចូលរួមចំណែក​យ៉ាង​ប្រពៃ ​ក្នុង​ការជួយ​ពង្រឹងស្មារតី​ម្ចាស់​កា​រ​​ទទួលខុសត្រូវ​លើ​ជោ​គ​​វាសនា​អនាគត​នៃ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​បានល្អ​ប្រសើរ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ​ម្យ៉ាងទៀត គោលបំណង​សំខាន់​នៃព្រះ​ពិធី​រុក្ខទិវា ​គឺ​ដើម្បី​បំផុសស្មារតី​ចូ​លរួម​ស្តារ ​និង​ដាំ​ដើមឈើ​ឡើ​ងវិញ​ ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​សោភ័ណភាព ​ទេសភាព​ធម្មជាតិ ​បរិ​ស្ថា​ន ​រក្សា​និយ័តភាព​ប្រភពទឹក ​និង​ចូលរួម​កាត់បន្ថយ​ការឡើង​កម្តៅ​នៃ​ភពផែនដី ការបង្ក​ភា​ព​រ​ហោស្ថាន ឬ​ឱនភាព​ដី និង​ការ​ប្រែ​ប្រួលអាកាសធាតុ​ជាដើម​។ ជាងនេះទៀត ដើមឈើក៏​មា​ន​​​សារៈសំខាន់​ណាស់ ចំពោះ​ជីវិត មនុស្ស សត្វ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ និង​ផ្តល់​សារ​ប្រ​យោ​ជន៍​យ៉ាងច្រើន​ដូចជា ផ្តល់​មក​នូវ​ម្លប់ ផ្លែផ្កា អុស​សម្រាប់​ដុត ជា​ឈើ​សំណង់ ជា​ជម្រក​សត្វព្រៃ ជម្រ​ក​មច្ឆា​ជាតិ ជារ​បាំង​ខ្យល់ របាំង​ទឹកជំនន់ និង​នាំមក​នូវ​ទឹកភ្លៀង​   សម្រាប់បង្កបង្កើនផល​ចិញ្ចឹ​ម​​ជីវិត​មនុស្ស​លោក​។​ ជាមួយគ្នានេះដែរ ក្រសួង​កសិកម្ម​ រុក្ខា ប្រមាញ់ ​និង​នេសាទ ​ក៏​ដូច​ជា​ក្រ​សួ​ង​​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត រួមទាំង​រដ្ឋបាល​រាជធានី​-ខេត្ត ​ក៏បាន​បំផុស​ចលនា​ប្រ​ជាជន​ដើ​ម្បី​ចូលរួម​ដាំ​ដើមឈើ ​ក្នុង​គោលបំណង​បង្កើន​គម្រប​ព្រៃ ឈើ​ឱ្យបាន​ល្អប្រសើរ​ ដែល​ជា​​សា​រ​​ប្រយោជន៍​ដ៏​សម្បូរបែប​ ដល់​សង្គមជាតិ​ទាំងមូល ហើយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ដាំដើម​ឈើ​ជា​មួ​​​យ​​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ផងដែរ​។

សូមរម្លឹកថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ​២០១៨ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះ​​​បាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​​ទី​​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ស្តេច​យាង​ជា​ព្រះរាជា​ធិប​តី​ភា​​ពដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​“រុក្ខ​ទិវា” ដែលប្រារព្ធ​ឡើង​នៅលើ​ផ្ទៃដីទំហំ​ជាង៥០ហិ​កតា ស្ថិ​​​ត​ក្នុង​ស្ថានីយ​ដាំ​កូន​ឈើ​ថ្ម​រូង ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត៕

ដោយ ជឹម ណារី