សម្រង់​​ប្រសាសន៍​​​​​សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន

49

CNV:

លោកឧកញ៉ា សុះ កាំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាម

លោកជំទាវ អគ្គរដ្ឋទូត តំណាងអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការ OIC

សម្តេច​ ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូន ថ្នាក់ដឹកនាំ និងសាសនិកឥស្លាមទាំងអស់ ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ!

ជាដំបូង អនុញ្ញាតឲ្យខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះបងប្អូន ថ្នាក់ដឹកនាំនៃសាសនិកគ្រប់ថ្នាក់ ក៏ដូចជាសាសនិកឥស្លាមទាំងអស់ ដែលបានអញ្ជើញមកពីគ្រប់​ទីកន្លែងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានចម្ងាយរាប់សិប រាប់រយគីឡូម៉ែត្រ មកកាន់ទីនេះ។ ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះវត្តមានរបស់បងប្អូនថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាមិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ ដែលធ្វើដំណើរ(មកពី) បើតាមខ្ញុំដឹងជាង ៣០ ប្រទេស ចូលរួមជាមួយយើង។ ស្វាគមន៍ចំពោះលោកជំទាវតំណាងឲ្យអគ្គលេខាធិ ការ OIC ដែលបានអញ្ជើញមកចូលរួម និងថ្លែងសុន្ទរកថាដ៏មានអត្ថន័យ។ ហើយស្វាគមន៍ចំពោះឯកឧត្តម អគ្គរាជទូត អគ្គរដ្ឋទូត និងលោកជំទាវ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរ។

ឆ្នាំនេះភរិយាមិនបានចូលរួម

ឆ្នាំនេះ គឺជាឆ្នាំទី ៦ ដែលរាជរដ្ឋាភិបាលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការអញ្ជើញសាសនិកឥស្លាមកម្ពុជា ចូលរួមក្នុងពិធីស្រាយបួសរ៉ាម៉ាឌន។ បន្ទាប់ពីនេះ ខ្ញុំ ក៏ដូចជាសម្តេចក្រឡាហោម ស ខេង​, សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីនានា ក៏កំពុងគិតថា បន្ទាប់ពីការជួបជុំថ្នាក់ជាតិនេះហើយ តើយើងនឹងទៅធ្វើពិធីស្រាយបួសនៅឯណាទៀត? ប៉ុន្តែ អ្វីដែលខ្ញុំចង់និយាយបន្ថែមថ្ងៃនេះ គឺខុសពីរាល់ឆ្នាំនៅត្រង់ថា អវត្តមានភរិយារបស់ខ្ញុំ ដែលខ្ញុំសូមយកឱកាសនេះសុំអភ័យទោសជំនួសភរិយារបស់ខ្ញុំ ដែលគាត់មិនបានមកចូលរួម ដោយសារថ្ងៃស្អែកនេះ គឺជាថ្ងៃ ៨ ខែឧសភា ដែលជាទិវាកាកបាទក្រ ហមអន្តរជាតិ គាត់ក្នុងប៉ុន្មានថ្ងៃនេះ ជាប់រវល់ខ្លាំង។ ថ្ងៃស្អែក គឺជាពេលវេលារបស់គាត់ ដែលត្រូវធ្វើពិធីដ៏ធំនៅទីនោះ។

ដរាបណា ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ការជួបជុំគ្នានឹងនៅតែធ្វើបន្តជាដរាប

ខ្ញុំពិតជាមានការរីករាយ ដែលថ្ងៃនេះ យើងបានជួបជុំគ្នាជាបន្ត ហើយនៅក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលអា ណត្តិថ្មី។ ដូចខ្ញុំបានបញ្ជាក់ហើយ កាលពីឆ្នាំទៅ នៅមុនពេលដែលការបោះឆ្នោតមួយបានមកដល់ ខ្ញុំបាននិយាយទៅកាន់បងប្អូនសាសនិកឥស្លាម ដែលជួបជុំគ្នានៅទីនេះថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ខ្ញុំនឹងបន្តជួបបងប្អូនតទៅទៀត។ ឆ្នាំនេះ គឺជាឆ្នាំទី ១ នៃអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ ដូចដែលយើងបាននិយាយគ្នាជាមុន ហើយខ្ញុំក៏នៅតែគូសបញ្ជាក់ថា ដរាបណាខ្ញុំនៅបន្តតំណែងជានាយករដ្ឋមន្រ្តី ខ្ញុំនឹងបន្តជួបជុំគ្នាមួយឆ្នាំម្តង មិនឲ្យអាក់ខានឡើយ។

កេរ្តិ៍គណបក្សប្រជាជន៖ បញ្ចប់សង្គ្រាម ទប់ស្កាត់ជម្លោះជាតិសាសន៍/សាសនា និងសហការកសាងប្រទេស

អ្វីដែលជាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាខ្លួនខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្ស និងរាជរដ្ឋាភិបាល នោះគឺសមិទ្ធផល ​នៃការបង្រួបបង្រួមជាតិ នៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ។ ប៉ុន្តែ ធំជាងនេះទៅទៀតនោះ នៅត្រង់ថា ប្រទេសរបស់យើងមិនមែនខិតខំព្យា​យាមទប់ស្កាត់នូវការបែកបាក់ជម្លោះរវាងជាតិសាសន៍ និងសាសនាប៉ុណ្ណោះទេ អ្វីដែលយើងបានធ្វើក្នុងរយៈពេល ៤០ ឆ្នាំ កន្លងផុតទៅនេះ នោះគឺការធ្វើសុខដុមនីយកម្មជាតិសាសន៍​ និងសាសនា។ យើងមិនមែនគ្រាន់តែធ្វើការទប់ស្កាត់ការបែកបាក់ នៅក្នុងក្របខណ្ឌនៃសាសនាមួយ ទៅកាន់សាសនាមួយ ឬនៅក្នុងនិកាយមួយ នៅក្នុងសាសនាមួយហើយមាននិកាយផ្សេងគ្នាប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលយើងបានធ្វើ ការខិតខំនោះ គឺការអត់ឱន ការយោគយល់អធ្យាស្រ័យគ្នា ហើយរួមសហការគ្នាដើម្បីកសាងប្រទេស។

ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គ នៃសហប្រតិបត្តិការ និងអភិវឌ្ឍប្រទេស

ខ្ញុំបានថ្លែងជារឿយៗរួចមកហើយថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គ នៃកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍប្រទេសនោះទេ។ នេះជាកេរ្តិ៍ដំណែលប្រវត្ដិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា បានរៀបចំឡើងក្នុងរយៈពេល ៤០ ឆ្នាំ។ ចំណុចនេះ ខ្ញុំសង្ឃឹមថា អ្នកបន្តវេនទៅជំនាន់ក្រោយត្រូវខិតខំធ្វើយ៉ាងណាការពារអោយបាន នូវការបង្រួបបង្រួមជាតិ ការពារអោយបាននូវភាពសុខដុមរមនារវាងជាតិសាសន៍ និងសាសនា។ កុំមើលស្រាលអោយសោះនូវបញ្ហាមួយនេះ ដែលយើងបានសង្កេតឃើញនូវប្រទេសមួយចំនួន និកាយសាសនា គ្រាន់តែសាសនាដូចគ្នា តែនិកាយខុសគ្នាក៏មានជម្លោះរួចស្រេចទៅហើយ។ រវាងពីសាសនាមួយទៅកាន់សាសនាមួយក៏មានជម្លោះ ក៏ប៉ុន្តែកម្ពុជាមានភ័ព្វសំណាងដោយយើងបានរៀបចំ នូវគោលនយោ​បាយអាទិភាពអំពីជាតិសាសន៍ និងសាសនានៅក្នុងប្រទេសរបស់យើង។ ដូចដែល ឯកឧត្តម អូស្មាន់ ហាសាន់ បានលើកឡើងនៅក្នុងរបាយការណ៍អម្បាញ់មិញ នៅទីនេះគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍​ គ្មានការទាក់ទងនឹងជាតិសាសន៍ និងសាសនានោះទេ។ អ្នកចង់ជឿលើជំនឿសាសនាណាក៏បាន អ្នកចង់ជឿ ឬមិនជឿ​ គឺស្ថិតនៅជាសេរីភាពរបស់អ្នក។

មានចំណុចខ្លះ សាសនិកឥស្លាមទទួលបានប្រយោជន៍ ឬសេរីភាព លើសពីនៅប្រទេសដទៃ

សម្រាប់បងប្អូនឥស្លាម គឺសិទ្ធិនៅទីនេះទទួលបានយ៉ាងទូលំទូលាយ ខ្ញុំអាចនិយាយដោយមោទនភាពថា នៅព្រះរាជាណាចក្រកម្ពុជា មានកន្លែងខ្លះបងប្អូនសាសនិកឥស្លាមគឺបានទទួលនូវប្រយោជន៍ ឬក៏ទទួលនូវសេរីភាពច្រើនហួសពីប្រទេសដែលមានឥស្លាមទៅទៀតផង។ ខ្ញុំលើកឧទាហរណ៍អំពីទីកន្លែងប្រជុំជាអន្តរជាតិ ឬក៏ព្រលានយន្តហោះ ឬក៏ទីកន្លែងសាធារណៈ ទីកន្លែងថ្វាយបង្គុំរបស់សាសនិកឥស្លាម។ ថ្ងៃនេះរដ្ឋមន្ត្រីក្រ​សួងសុខាភិបាល បានចេញបទបញ្ជាសម្រាប់មន្ទីរពេទ្យរដ្ឋទាំងអស់ អោយមានកន្លែងសម្រាប់បងប្អូនឥស្លាម ដែលជាអ្នកជំងឺ ឬក៏ជាគ្រូពេទ្យ មានការថ្វាយបង្គុំ។ ចំណុចនេះ យើងនឹងឈានទៅពង្រីកនៅតាមសាលារៀននានាទៀតផង ដែលនៅទីកន្លែងនោះ ដែលផ្តល់ឱកាសអោយសិស្សសាលា និស្សិតក៏ដូចជាសិស្សសាលាដែលជាសាសនិកឥស្លាមមានឱកាសថ្វាយបង្គុំ បំពេញកាតព្វកិច្ចក្នុងឋានៈជាអ្នកកាន់សាសនាឥស្លាម។ សិស្ស និស្សិតឥស្លាមរបស់កម្ពុជា មានសិទ្ធិជ្រើសរើសពេញលេញ នៅក្នុងឯកសណ្ឋានសម្រាប់ចូលសិក្សា។ ខ្ញុំសូមសួរថា​ តើប្រទេសដែលនិយមពាក្យប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សបានអនុវត្តហើយឬនៅ? មានប្រទេសមិនច្រើនទេដែលបានអនុវត្តដូចកម្ពុជា។ កម្ពុជាបានផ្តល់ឱកាសអោយសិស្ស និងនិស្សិតរបស់ឥស្លាម មានសិទ្ធិជ្រើសរើសសម្លៀកបំពាក់តាមរបៀបឯកសណ្ឋានរបស់និស្សិត ឬតាមឯកសណ្ឋានរបស់សាស​និកឥស្លាម។ នេះជាចំណុចដែលកម្ពុជាបាន និងកំពុងអនុវត្តរួចមកហើយ … មិនមែនគ្រាន់តែទ្រឹស្តីសម្រាប់យុទ្ធនាការឃោសនានៃការបោះឆ្នោតទេ ក៏ប៉ុន្តែយើងបានធ្វើរឿងនេះដោយពិតប្រាកដ។

សាសនិកឥស្លាម បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបន្តដឹកនាំប្រទេស

ខ្ញុំសង្ឃឹមថាយើងនឹងបន្តខិតខំដោះស្រាយបញ្ហាតទៅទៀត តាមរយៈនៃការរៀបចំអោយកាន់តែប្រសើរឡើងនូវទីកន្លែងនានា … ក្នុងនោះអា​ណត្តិថ្មីនេះមានសមាជិកសភា ព្រឹទ្ធសភា រាជរដ្ឋាបាល និងនៅតាមស្ថាប័នជាច្រើនត្រូវបានរៀបចំឡើង។ សង្ឃឹមថាការបណ្តុះបណ្តាលធនធានមនុស្ស ដែលជានិស្សិតជាយុវជនរបស់ឥស្លាមមានកាន់តែច្រើន ផ្តល់ឱកាសសម្រាប់ការជ្រើសរើសរៀបចំនៅក្នុងក្របខណ្ឌមន្រ្តីសាធារណៈ ក៏ដូចជាមន្រ្តីក្នុងមុខងារនយោបាយ។ ខ្ញុំសូមយកឱកាសនេះសម្តែងក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមអរគុណចំពោះបងប្អូនសាសនិកឥស្លាមទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបន្តដឹកនាំប្រទេសតទៅទៀត។ ខ្ញុំពិតជាមានមោទន​ភាពណាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អត្រានៃអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាពីសំណាក់បងប្អូនឥស្លាម មានចំនួនខ្ពស់ហួសពីការគិតទុក អាចចាត់ទុកថាជាឯកគ្គទកម្មខ្ពស់បំផុត នៅក្នុងការបោះឆ្នោតពីអាណត្តិមួយទៅអាណត្តិមួយ ការគាំទ្រចំពោះគណប្សប្រជាជនកម្ពុជា។

ការចូលរួមបោះឆ្នោត មានអត្ថន័យធំ ២

ការចូលរួមបោះឆ្នោតរបស់បងប្អូនឥស្លាមនិយាយដោយឡែក និងបងប្អូនប្រជាជនកម្ពុជានិយាយជារួមបានបង្ហាញនូវចំណុចសំខាន់ ២ យ៉ាង។ ទី ១ ការចេញទៅបោះឆ្នោតដោយមានអត្រារហូតទៅដល់ជាង ៨៣ ភាគរយ បង្ហាញពីការចូលរួមនៃដំណើរការប្រជាធិបតេយ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ (មានការឃោសនាអូសទាញប្រជាជន) មិន(អោយ)ចេញទៅបោះឆ្នោត តាមរបស់ដែលហៅថាដេកផ្ទះឈ្នះស្អាត ឬដេកផ្ទះឈ្នះឯង ប៉ុន្តែ ៨៣ ភាគរយ នៃអ្នកបោះឆ្នោតដែលមាននៅក្នុងបញ្ជី (បានទៅ)បោះឆ្នោត (វា)គ្រប់គ្រាន់ដើម្បីបង្ហាញឲ្យឃើញថា ការចូលរួមដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមានអត្រាខ្ពស់ណាស់។ ចំណុចទី ២ បងប្អូនឥស្លាមនៅទីនេះក៏ដូចជាប្រជាជនកម្ពុជាបានសម្រេចបោះឆ្នោតរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍរួចស្រេចហើយ។ បងប្អូនអាចយល់បានហើយថាអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរក្សានូវសន្តិភាពដែលយើងរកបានដោយលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានលទ្ធភាពធ្វើបែបនេះ

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺរក្សាទុកសន្តិភាព ការអភិវឌ្ឍ និងបោះឆ្នោតអោយខ្លួនឯង

គណបក្សដទៃទោះបីជាមានទ្រឹស្តីល្អយ៉ាងណាក៏ដោយ មិនទាន់បានបង្ហាញតួនាទីជាអ្នកបង្រួបបង្រួមជាតិ មិនទាន់បានបង្ហាញតួនាទីជាតួអង្គ ដើម្បីការពារសន្តិភាព ការពារនូវដំណើរការអភិវឌ្ឍនោះទេ។ គេត្រឹមតែចេះនូវការបំបែកបំបាក់ដូចដែលគេបានធ្លាប់ធ្វើពីអតីតកាល អតីតកាលដ៏ឈឺចាប់របស់កម្ពុជាដែលបានបែកបាក់រាប់រយឆ្នាំរួចមកហើយ ហើយជាពិសេសបែកបាក់ចាប់ពីទសវត្សរ៍ ៨០។ យើងបានបញ្ចប់វាតាមរយៈនយោ​បាយឈ្នះឈ្នះ។ នេះគឺជាសមិទ្ធផលធំបំផុតរបស់គណបក្សប្រជាជន ដែលគណបក្សប្រជាជនរក្សាទុកនូវកេរ្តិ៍មរតកដ៏មានតម្លៃនេះសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ត្រូវចងចាំថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍបានទេ។ នេះគឺជារឿងពិត។ ដូច្នេះ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានតម្លៃស្មើនឹងការបោះឆ្នោតរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ ហើយក៏មានតម្លៃស្មើនឹងការបោះឆ្នោតឲ្យខ្លួនឯងផងដែរ។​

ជំរុញការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងសហគមន៍ឥស្លាម

ខ្ញុំពិតជាមានមោទនភាពដោយសារការរីកធំធាត់ ហើយចំនួនបញ្ញវន្តដែលជាខ្មែរឥស្លាម ក៏ដូចជាចំនួននិស្សិត សិស្ស នៃបងប្អូនឥស្លាមមានចំនួនកាន់តែច្រើនតាមរយៈការផ្តល់គ្រូបង្រៀនដែលមុននោះជាបន្ទុករបស់សហគមន៍ ឥឡូវជាបន្ទុករបស់រាជរដ្ឋាភិបាល និងបង្កើនជំរុញការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងសហគមន៍ឥស្លាមរបស់យើង។

កម្ពុជា ចង់ចូលរួមជាសមាជិកសង្កេតការណ៍ នៃអង្គការ OIC

ចំណុចនេះ ខ្ញុំគួរតែត្រូវនិយាយបន្តទៅកាន់លោកជំទាវអគ្គរដ្ឋទូត ដែលជាតំណាងឱ្យអគ្គលេខាធិការ OIC នៅក្នុងសុន្ទរកថារបស់លោកជំទាវ ក៏បានរំលឹកទាក់ទិនជាមួយនឹងការចូលជាសមាជិកសង្កេតការណ៍របស់កម្ពុជានៅក្នុងអង្គការ OIC។  យើងពិតជាចង់ចូលរួមជាសមាជិកសង្កេតការណ៍នៃអង្គការនេះ ដែលជាអង្គការមានរហូតទៅដល់ ៥២ ប្រទេសចូលរួម។ យោងទៅលើអ្វីដែលជាការលើកឡើងនេះ ខ្ញុំសុំអាននូវកថាខណ្ឌត្រង់ចំ​ណុចនេះថា “យើងខ្ញុំនឹងទន្ទឹងរង់ចាំបន្តទំនាក់ទំនងដ៏ជិតស្និទ្ធ និងស្និតស្នាលបំផុតជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងសាមគ្តីភាព នាពេលអនាគត។ ជាមួយគ្នានេះដែរ លេខាធិការដ្ឋាននៃអង្គការ OIC និងបន្តការងារជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត ដើម្បីសម្របសម្រួលដល់​ការដាក់ពាក្យស្នើសុំជាសមាជិកសង្កេតការណ៍នៅក្នុងអង្គការ OIC និងសូមស្វាគមន៍ចំពោះសំណើឱ្យមានការតាំងក្នុងឋានៈជាបេសកជនពិសេស នៃអង្គការ OIC ផងដែរ”។

តែងតាំង ឯកឧត្តម អូស្មាន់ ហាសាន់ ជាបេសកជនពិសេស ទៅ OIC

ខ្ញុំសង្ឃឹមជឿជាក់។ ខ្ញុំសូមប្រកាសជូននៅទីនេះថា ខ្ញុំតែងតាំង ឯកឧត្តម ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ ធ្វើជាបេសកជនពិសេស នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅរៀបចំ(និង)ដើម្បីដំណើរការចូលអង្គការនេះ។ ក្នុងប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានណែនាំឱ្យធ្វើលិខិតរបស់ខ្ញុំទៅកាន់ប្រទេសមួយ ដែលខ្ញុំសុំមិនបញ្ចេញឈ្មោះ ហើយនឹងបញ្ជូន ឯកឧត្តម អូស្មាន់ ហាសាន់ ជាបេសកជនពិសេសរបស់ខ្ញុំទៅកាន់ប្រទេសនោះ ដើម្បីពន្យល់ និងសុំការគាំទ្រពីប្រទេសនោះ ដើម្បីឱ្យកម្ពុជាក្លាយទៅជាសមាជិកសង្កេតការណ៍នៃអង្គការ OIC។

ចង់ឱ្យប្រទេសទាំងអស់ ជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍

យើងចង់មានទំនាក់ទំនងជាមួយនឹងបណ្តាប្រទេស ដែលនឹងអាចជួយរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាមួយយើង។ យើងចង់បានឱ្យប្រទេសទាំងអស់នេះ ចូលរួមជួយយើងបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ សម្រាប់ការបណ្តុះបណ្តាលនិស្សិត ដែលជាសាសនិកឥស្លាម។ ខ្ញុំធ្លាប់បានទៅទស្សនកិច្ចនៅប្រទេសទួគី នៅទីនោះខ្ញុំក៏បានជួបនិស្សិត ដែលបញ្ជូនពីកម្ពុជាកំពុងសិក្សានៅអ៊ីស្តង់ប៊ូល និងនៅទីកន្លែងដទៃទៀតក្នុងប្រទេសទួគីកាលពីឆ្នាំទៅ។ ខ្ញុំធ្លាប់ជួបនិស្សិតនៅប្រទេសម៉ាឡេស៊ី។ ខ្ញុំធ្លាប់ជួបនិស្សិតនៅប្រទេសឥណ្ឌូនេស៊ី។ សង្ឃឹមថា យើងនឹងទទួលបាននូវអាហារូបករណ៍សម្រាប់បណ្តុះបណ្តាល​និស្សិត ដែលអាចចេញពីប្រភពសាសនិកឥស្លាមផង និងប្រជាជនកម្ពុជាទូទៅផងដែរ។

សូមបណ្តាប្រទេសសមាជិក OIC ជួយទិញទំនិញ និងផ្តល់ទីផ្សារការងារដល់ឥស្លាមកម្ពុជា

យើងចង់ឱ្យប្រទេសទាំងនោះ ទទួលទិញទំនិញពីកម្ពុជា។ សុំលោកជំទាវអគ្គរដ្ឋទូត តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC ជម្រាបជូនអគ្គលេខាធិការ និងបណ្តាប្រទេសទាំងអស់(ជាសមាជិក) ថា សូមជួយដល់កម្ពុជា ក្នុងនោះ រួមចំណែកទិញទំនិញពីកម្ពុជា ដែលផលិតនៅកម្ពុជា រាប់ទាំង Halal Food  ដែលជាតម្រូវការនៃបងប្អូនសាសនិកម៉ូស្លីមនៅទីនោះផងដែរ។ ជួយទិញអង្ករពីយើង។ ជួយទិញទំនិញពីយើង ដើម្បីឱ្យទីផ្សាររបស់កម្ពុជាកាន់តែរីកចម្រើន ហើយក៏ជាផ្នែកមួយ នៃការដោះស្រាយការងារធ្វើនៅក្នុងប្រទេសរបស់យើង។ យើងក៏ចង់រកទីផ្សារការងារ សម្រាប់បងប្អូនសាសនិកឥស្លាមនៅកម្ពុជាផងដែរ។ តាមដែលខ្ញុំដឹង ប្រទេសថៃ, ហ្វីលីពីន ហើយខ្ញុំក៏ធ្លាប់ជួបអ្នកទាំងនោះនៅក្នុងប្រទេសដែលខ្ញុំធ្លាប់ទៅ ដូចជា៖ អារ៉ាប់អេមីរ៉ាត់ ឬគុយវេត ខ្ញុំធ្លាប់ទៅទីនោះ ខ្ញុំធ្លាប់ជួបពលកររបស់ហ្វីលីពីន/ថៃ ដែលធ្វើការនៅទីនោះ កម្ពុជាក៏មានសមត្ថភាពបញ្ជូនពលករទៅរកការងារធ្វើនៅទីនោះដោយស្របច្បាប់។

យើងខិតខំធ្វើយ៉ាងម៉េច ដើម្បីបញ្ចៀសឱ្យបាននូវពលករដែលទៅធ្វើការខុសច្បាប់ ដែលឯកឧត្តម អូស្មាន់ ហាសាន់ បាននាំមកត្រឡប់ មកវិញចំនួនប៉ុន្មាននាក់មកហើយ ដោយគេទៅធ្វើការដោយចាញ់បោកមេខ្យល់ទៅធ្វើការនៅទីនោះ។ យើងចង់ស្វែងរកឱកាសការងារធ្វើ​ សម្រាប់បងប្អូនសាសនិកឥស្លាមរបស់យើង ហើយក៏ចង់បានសម្រាប់បងប្អូនខ្មែរដទៃទៀតផងដែរ ដោយមិនប្រកាន់ជាតិសាសន៍។ ប៉ុន្តែភាពងាយស្រួលទៅធ្វើការនៅទីនោះ គឺបងប្អូនដែលកាន់សាសនាឥស្លាម ខ្ញុំសង្ឃឹមថានឹងទទួលបាននូវការឆ្លើយតបវិជ្ជមាន នៅក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់យើង។

ឥស្លាមកម្ពុជា ១២០០ នាក់ ទៅចូលរួមបុណ្យ Haj

ខ្ញុំក៏សុំយកឱកាសនេះអំពាវនាវចំពោះព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សុំកុំទាន់កំណត់កូតានៃការទៅធ្វើ បុណ្យ Haj នៅប្រទេសអារ៉ាប៊ីសាអូឌីត។ នៅក្នុងឆ្នាំនេះប្រជាជនកម្ពុជាមានលទ្ធភាពរហូតទៅដល់ ១២០០ នាក់ទៅធ្វើដំណើរទៅធ្វើបុណ្យ Haj។ ដូច្នេះខ្ញុំប្រគល់ភារកិច្ចនេះឲ្យឯកឧត្តម អូស្មន់ ហាសាន់ បន្តធ្វើការជា​មួយភាគីអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើយ៉ាងណាសម្រួលឲ្យបងប្អូនអាចធ្វើដំណើរទៅទីនោះ។ ជំនឿរបស់បងប្អូនឥស្លាមនៅកម្ពុជាខ្ពស់ណាស់ ក្នុងការទៅចូលរួមបុណ្យ Haj។ កាលពីមុននេះ យើងបញ្ជូនបានត្រឹមតែ ៤ ទៅ ៥ នាក់ ឬត្រឹមតែរាប់សិបនាក់។ ក្រោយមកនេះយើងបានបញ្ជូនកាន់តែច្រើន។​ ឥឡូវនេះ ប្រជាជនកម្ពុជាមានលទ្ធភាពកាន់តែច្រើន ដើម្បីទៅចូលរួមបុណ្យ Haj រហូតទៅដល់ ១២០០ នាក់ឯណោះ។ ដូច្នេះសង្ឃឹមថាភាគីអារ៉ាប៊ីសាអូឌីតបន្តអនុគ្រោះសម្រាប់យើង។

គ្មានសាសនាណា ប្រដៅមនុស្សឲ្យធ្វើអំពើអាក្រក់ទេ

អ្នកដែលបានទៅចូលរួមពិធីបុណ្យនៅទីនោះ គឺនាំត្រឡប់មកវិញនូវការកសាងនូវអំពើល្អ តាមរយៈដូចដែលឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន់​ ហាសាន់​បានលើកឡើងអម្បាញ់មិញអំពីការទូន្មានរបស់ព្រះអាឡោះ។ គ្រប់សាសនា គ្មានសាសនាណាមួយ ប្រដៅមនុស្សឲ្យធ្វើខុសនោះទេ។ ការវាយប្រហារដែលកើតឡើងនៅវេណេហ្ស៊ូអេឡា ញូវស៊ីឡែន និងការវាយប្រហារនៅឯស្រីលង្កា គេនិយាយអំពីការសងសឹករវាងគ្រឹស្តទៅលើម៉ូស្លីម និងម៉ូស្លីមទៅលើគ្រឹស្ត។ តែខ្ញុំគ្មានជំនឿទៅលើ(ការគិត)បែបនោះទេ។ ភេរវកម្មគឺគ្មានកំណត់អំពីអត្តសញ្ញាណនៃសាសនា ឬជាតិសាសន៍នោះទេ​។ ដូច្នេះត្រូវលើកឡើងពាក់ព័ន្ធជាមួយបញ្ហាសាសនានោះដែរ។

ការបកស្រាយអំពីការចូលបួស និងស្រាយបួស

ខ្ញុំគិតថា ឥឡូវនេះ​វាដល់ពេលវេលាដែលបងប្អូនត្រូវទទួលទានអាហារ ហើយខ្ញុំសុំយកឱកាសនេះអំពាវនាវបង ប្អូនដែលចូលរួមនៅទីនេះ ពេលត្រឡប់ទៅដល់មូលដ្ឋានវិញសុំរៀបចំបន្តការស្រាយបួស។ សុំបញ្ជាក់ថាពីម្សិល​មិញគឺចូលបួស ថ្ងៃនេះគឺស្រាយបួស។ ហេតុអ្វីទៅ? មកពីទីកន្លែងដែលយើងជួបជុំ គឺជាទីកន្លែងដែល ទទួលមនុស្សរាប់ពាន់នាក់ ហើយតាមការកោះទុករបស់ឯកឧត្តម អូស្មាន់ ហាសាន់ គឺមានតែថ្ងៃនេះមួយគត់ ដែលយើងអាចរកទីកន្លែងដ៏ធំទូលាយជួបជុំគ្នារាប់ពាន់នាក់បែបនេះ។ ដូច្នេះហើយបានជាម្សិលមិញចូលបួស ថ្ងៃនេះគឺយើងចាប់ផ្តើមស្រាយបួស ដោយសារតែសាសនាឥស្លាម មិនបានកំណត់ដូចជាព្រះពុទ្ធសាសនាថា​ ចូលព្រះវស្សាពេលណា​​ និងចេញព្រះវស្សាពេលណានោះទេ។ ភាពងាយស្រួលរបស់ឥស្លាម​នៅត្រង់ថា​ ពេលដែលចាប់ផ្តើមរ៉ាម៉ាឌន​ចូលបួសហើយនោះ ចាប់ផ្តើមស្រាយបួសបាន។

អញ្ចឹងទេ អនុញ្ញាតឲ្យយើងយកពេលណាក៏បាន ហើយវាក៏ផ្តល់ឱកាសសម្រាប់ឲ្យខ្ញុំទៅកាន់ព្រះវិហារផ្សេងទៀត ដែលឆ្នាំនេះ ខ្ញុំនឹងពិភាក្សាជាមួយគណៈដឹកនាំសាសនាឥស្លាម​ លោក ចាងហ្វាង សុះ កាំរី តើគួរឲ្យខ្ញុំទៅខេត្តណា ឬឲ្យទៅព្រះវិហារណា​ តាមលទ្ធភាពដែលអាចធ្វើទៅរួច។ មិនចោទជាបញ្ហាទេសម្រាប់ខ្ញុំក្នុងការចូលរួម។ សង្ឃឹមថា​ សម្តេច ឯកឧត្តម ឧបលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ នៅក្នុងរាជរដ្ឋាភិបាលរបស់យើង នឹងចូលរួមជាមួយសហគមន៍ឥស្លាមតាមព្រះវិហារក្នុងការស្រាយបួស ដើម្បីរឹតចំណងសាមគ្គីភាពពីក្នុងចំណោមជាតិសាសន៍របស់យើង។

មរតកពីគណបក្សប្រជាជន៖ ឥស្លាមមានភាគរយតិច ប៉ុន្តែរស់នៅដោយសុខសាន្តជាមួយសហគមន៍ធំ

ជាមួយគ្នានេះផងដែរ ខ្ញុំក៏សុំយកឱកាសនេះផ្ញើជូននូវការអរគុណ តាមរយៈលោកជំទាវអគ្គរដ្ឋទូតតំណាងឲ្យ OIC និងតាមរយៈអស់លោក លោកស្រី ដែលអញ្ជើញមកពីបណ្តាប្រទេស ជូនទៅតាមសាសនិកឥស្លាម នៅតាមប្រទេសនានា។ កម្ពុជា ទោះបីជាចំនួនសហគមន៍ឥស្លាមមានភាគរយតិច ប៉ុន្តែពួកគេរស់នៅដោយសុខសាន្តជាមួយសហគមន៍ធំ ដោយគ្មានការរើសអើងនោះទេ។ នេះហើយជាមរតកដែលបន្សល់ទុកដោយគណបក្សប្រជាជនកម្ពុជា។ សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងបន្តរក្សាទុកនូវភាពសុខដុមនីយរវាងជាតិសាសន៍​និងសាសនាជាបន្តទៀត។ ជាទីបញ្ចប់ សុំអាឡោះជួយបីបាច់ថែរក្សា ដោយអ្នកទាំងអស់គ្នាដែលបានចូលរួមនៅទីនេះ ជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ហើយទទួលបាននូវសុភមង្គល សុខភាពល្អ​ និងធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយជោគជ័យ។ សូមអរគុណ៕