សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង​​​​​មិទ្ទិញអបអរសាទរខួបទី ១០៨ ទិវាអន្តរជាតិនារី ៨ មីនា

88

CNV:

សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្មួយៗនិស្សិត ក្មួយៗកម្មការិនី និងអង្គពិធីទាំងមូលជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំ និងភរិយាមានសេចក្តីរីករាយដោយបានមកចូលរួម មិទ្ទិញអបអរសាទរខួបទី ១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលរាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធបានគាំទ្រ និងសម្រេចជ្រើសរើស ក្នុងគោលបំណងអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលធានាបាននូវបរិយាប័ន្ន និងសមធម៌ឆ្លើយតបនឹងបញ្ហាយេនឌ័រ ដែលស្ត្រីគ្រប់រូបមានសិទ្ធិ និងកាតព្វកិច្ចស្មើគ្នាដូចបុរស ដើម្បីទទួលបាន​​ឱកាស និងអត្ថប្រយោជន៍ផ្សេងៗ តាមរយៈសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ទូលព្រះបង្គំខ្ញុំ និងភរិយា សូមថ្លែងអំណរព្រះគុណ និងសូមថ្វាយ ព្រះពរជ័យសិរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កូនចៅព្រះអង្គ ពិសេសការលើកកម្ពស់ សមភាពយេនឌ័ររបស់ស្ត្រី និងក្មេងស្រីកម្ពុជា។

ទូលព្រះបង្គំខ្ញុំ និងភរិយាសូមគុណបុណ្យព្រះរតនៈត្រ័យ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្តិសិទ្ធិ ដែលរក្សាព្រះរាជាណាចក្រកម្ពុជា តាមជួយប្រោះព្រំថែរក្សា​ព្រះអង្គទាំងទ្វេ ទទួលបានព្រះរាជសុខភាពបរិបូណ៌ ព្រះពលំមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់រាស្ត្រគ្រប់រូបទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រី និងកុមារនិងការផ្តល់សេវា ជួយជនរងគ្រោះដោយអំពើហិង្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះ ខ្ញុំសូមសម្តែងនូវអំណរគុណជូនចំពោះជនរួមជាតិទូទាំងប្រទេស ដែលបានផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តមក លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ដោយបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ជូនគណបក្សប្រជាជនឱ្យបន្តដឹកនាំប្រទេសជាតិតទៅមុខទៀត ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសគឺការថែរក្សា និងការពារសុខសន្តិភាពឱ្យបានគង់វង្សជារៀងរហូត។

ក្មួយៗនិស្សិត ក្មួយៗកម្មការិនី និងបងប្អូន ជនរួមជាតិទាំងអស់ ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់ឤចដល់ស្ត្រី និងក្មេងស្រីកម្ពុជា ដែលជាកម្លាំងចលករមួយក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ គឺជាកិច្ចការឤទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត។ របាយការណ៍វាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៨ បង្ហាញឱ្យឃើញថា ភាពរីកចម្រើនរបស់ស្ត្រីកម្ពុជាក្នុងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ទាំងស្ត្រី និងក្មេងស្រីទទួលបានលទ្ធផលល្អ ដោយទទួលបានចំណាត់ថ្នាក់ពីលេខ ១១២ នៅឆ្នាំ ២០១៦ មកលេខ ៩៣ នៅឆ្នាំ ២០១៨។

ទន្ទឹមនេះ កម្ពុជាជាប្រទេសដែល មានអត្រាស្ត្រីចូលរួមក្នុងកម្លាំងពលកម្មខ្ពស់ជាងគេ (៧៩%) ហើយម្ចាស់ឤជីវកម្មខ្នាតតូច និងមធ្យម ក្នុងប្រទេសកម្ពុជាមាន ៦៥% ជាស្ត្រី។ ម៉្យាងវិញទៀត ក្នុងវិស័យអប់រំ ស្ត្រី និងក្មេងស្រីមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការសិក្សាអប់រំក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិស្សស្រីដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧-២០១៨ មានចំនួន ៣៩ ៨៣១ នាក់ (សាមសិបប្រាំបួនពាន់ប្រាំបីរយសាមសិបមួយនាក់) ស្មើនឹង ៥២,៣៨%។ ចំនួនសិស្សស្រី នៅឧត្តមសិក្សាក៏មានការកើនឡើង ក្នុងនោះថ្នាក់បរិញ្ញាប័ត្ររងមាន ៤៩% ថ្នាក់បរិញ្ញាប័ត្រមាន ៤៥,៩% ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ២១,៦% និងថ្នាក់បណ្ឌិត ៥,១%។ មិនតែប៉ុណ្ណោះចំនួនសិស្ស និស្សិត ដែលបានជ្រើសរើសមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកទេសវិស្វកម្ម និងគណិតវិទ្យា (STEM) មានការកើនឡើង គឺសរុបមានចំនួន ៤៤ ៣៦៦ នាក់ (សែសិបបួនពាន់បីរយហុកសិបប្រាំមួយនាក់) ក្នុងនោះស្រីមាន ២៩,៨%។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតលិខិតបទដ្ឋាន គោលនយោបាយ និងផែនការសកម្មភាពជាតិ ដើម្បីឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងក្មេងស្រី និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាជាពហុវិស័យនៅតាមបណ្តាខេត្តនានា តាមរយៈក្រុមការងារអន្តរស្ថាប័ន ដោយមានកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ កាលពីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ខ្ញុំបានសម្រេចបង្កើតក្រុមមេធាវីសម្តេចតេជោ ដើម្បីបំពេញបន្ថែមការងារផ្នែកច្បាប់ ក្នុងគោលបំណងជួយស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបាននូវយុត្តិធម៌បានទាន់ពេលវេលា និងប្រកប​ដោយប្រសិទ្ធភាព។

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ក្នុងមុំទី ៤ គឺការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ ដូច្នេះដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងកិច្ចគាំពារសង្គមឱ្យមានប្រសិទ្ធភាព និងតម្លាភាព ខ្ញុំសូមអំពាវនាវ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទូទាំងប្រទេស សូមចូលរួមទាំងអស់គ្នា ដើម្បីអនុវត្តនូវចំណុចសំខាន់ៗ ដូចខាងក្រោមនេះ៖

ទី ១ ត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្តល់ឤទិភាព បង្កើនចំនួនស្ត្រីឱ្យមានតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់វិស័យ និងគ្រប់កម្រិត ទៅតាមសមត្ថភាពដែលមាន ហើយត្រូវជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងឱកាសបំពេញការងារតាមតួនាទីរបស់ពួកគាត់។

ទី ២  ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្តីឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយត្រូវសហការគ្នាបង្កើតឱ្យមានមូលដ្ឋាន ស្ថិតិរួមជាផ្លូវការមួយដែលឤចតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ទី ៣  ក្រសួងអប់រំយុវជន និងកីឡាត្រូវធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យពង្រឹងការអនុវត្តវិន័យ ទន្ទឹមនេះ ត្រូវបន្ដផ្ដល់ឱកាសដល់ក្មេងស្រីនៅគ្រប់កម្រិត ដើម្បីបានសិក្សាមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលជាយុគទំនើបកម្មបច្ចេកវិទ្យា។

ទី ៤ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មានត្រូវគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត នៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បញ្ហាជាច្រើន ដែលពាក់ព័ន្ធនឹងអំពើហិង្សា ការកេងប្រវ័ញ្ចលើស្ត្រី និងក្មេងស្រី តាមប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញផ្សព្វផ្សាយផ្សេងៗ ដែលធ្វើឱ្យ បាត់សណ្តាប់ធ្នាប់សង្គម។

ទី ៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការបង្កើតកម្មវិធីអប់រំល្អៗ ដើម្បីបង្ហាញអំពីអត្តចរិតស្ដ្រីខ្មែរ ពិសេសការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ មានលក្ខណៈជាស្ត្រីខ្មែរ ស័ក្តិសមជាប្រទេសដែលមានអរិយធម៌រុងរឿងនៅគ្រប់ជំនាន់។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

កម្មវិធីជួបជុំ ៨ មីនា ត្រូវធ្វើមុនថ្ងៃ ៨ មីនា ដើម្បីឲ្យស្ដ្រីមានពេលបានសម្រាក

… ខ្ញុំសូមបញ្ជាក់ជូនថា រៀងរាល់ឆ្នាំ យើងយកថ្ងៃ ៨ មីនា តែម្ដង ដើម្បីធ្វើការជួបជុំគ្នា។ ដូច្នេះ វាបាត់បង់ឱកាសសម្រាប់ថ្នាក់ដឹកនាំជាស្ត្រី និងស្ត្រីរបស់យើង ដើម្បីធ្វើដំណើរកម្សាន្តសប្បាយ។ ចាប់ពីពេលនេះតទៅ យើងត្រូវធ្វើពិធីនេះនៅមុនថ្ងៃ ៨ (មីនា) មកដល់ ដើម្បីទុកថ្ងៃទី ៨ មីនានោះ គឺទទួលបានការឈប់សម្រាក និងកម្សាន្ត ទៅតាមការចង់បានរបស់ស្ត្រីគ្រប់រូប។ ឆ្នាំនេះខ្ញុំសុំស្នើឲ្យលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏ដូចជាស្ត្រីទាំងឡាយ សូមមេត្តាជួយអញ្ជើញប្រពន្ធខ្ញុំ ឲ្យបានទៅកម្សាន្តជាមួយគេផង ក្រែងគាត់ថាខ្ញុំទុកគាត់នៅផ្ទះ។ អញ្ចឹងថ្ងៃ ៨(មីនា) នឹងអាចអញ្ជើញគាត់ទៅកម្សាន្តនៅកន្លែងណាមួយតាមចិត្តគាត់ចង់។

គោលនយោបាយគាំពារសង្គមសម្រាប់ស្រ្ដីជាមន្ដ្រីរាជការ និងកម្មការិនី មានផ្ទៃពោះ

អ្វីដែលខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះ ហើយដែលថ្ងៃមុន ខ្ញុំមិនអនុញ្ញាតឲ្យមានការផ្សាយបន្តផ្ទាល់ និងបានយកសម្លេងរបស់ខ្ញុំ ទៅចាក់ផ្សាយនោះទេ តែនៅក្នុងពេលវេលានៃការជួបជុំថ្ងៃនេះ ខ្ញុំចង់សង្កត់ធ្ងន់ទៅលើបញ្ហាមួយចំ​នួន ដែលអំពាវនាវឲ្យមានការយកចិត្តទុកដាក់ទាំងអស់គ្នា។ ទី ១ ចាប់ផ្ដើមពីនយោបាយគាំពារសង្គមសម្រាប់ស្ត្រីមានផ្ទៃពោះ។ នេះជាចំណុចដែលយើងត្រូវតែអនុវត្តឲ្យបានម៉ត់ចត់។ អ្វីដែលយើងបាន និងកំពុងធ្វើរួចមកហើយ សម្រាប់ស្ត្រី ជាមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវឲ្យពួកគាត់បានទទួលនូវរបបឧបត្ថម្ភ តាមការកំណត់របស់រដ្ឋ និងបានទទួលការឈប់សម្រាកតាមច្បាប់។ សម្រាប់ស្ត្រីដែលជាកម្មការិនី ត្រូវតែអនុវត្តឲ្យបានម៉ត់ចត់ ជាមួយនឹងការឈប់សម្រាករយៈពេល ៣ ខែ ដោយទទួលបានប្រាក់បៀវត្សរ ១២០% បូកជាមួយនឹងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួន ៤០ ម៉ឺនរៀល សម្រាប់កូនម្នាក់ និងការកើតកូនភ្លោះបាន ២ នាក់ ចំនួន ៨០ ម៉ឺនរៀលនិង ៣ នាក់ចំនួន ១ លាន ២០ ម៉ឺនរៀល បូកនឹងជំនួយឧបត្ថម្ភរបស់ខ្ញុំ ៥ លាន រៀលថែមទៀត។

ក្រុមហ៊ុនចុះបញ្ជីដើម្បីប្រយោជន៍កម្មករ, ក្រសួងការងារស្រង់​ស្ថិតិស្ដ្រី​ករណីកន្លែងធ្វើការគាត់មិនចុះបញ្ជី

អ្វីដែលជាការអំពាវនាវរបស់ខ្ញុំ សុំឲ្យបណ្ដាសហគ្រាស ក្រុមហ៊ុនទាំងឡាយដែលមិនទាន់បានចុះបញ្ជី ត្រូវតែចុះបញ្ជី ដើម្បីធានាថាកម្មករ និយាយជារួមត្រូវបានទទួលផលប្រយោជន៍ ពីគោលនយោបាយគាំពារសង្គម ដោយទទួលបាននូវការពិនិត្យព្យាបាល ដោយឥតគិតប្រាក់ ហើយពិសេសកម្មការិនី ដែលធ្វើការនៅកន្លែងនោះ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ។ ចំណុចនេះ ខ្ញុំស្នើឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមគ្នាជាមួយនឹងក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធ្វើការពិនិត្យមើលថាក្នុងករណី ដែលក្រុមហ៊ុននានាមិនទាន់បានចុះបញ្ជីទេ។ តើយើងអាចធ្វើទៅរួចទេ ទៅមុនតែម្ដងជាមួយនឹងការចុះស្រង់ស្ថិតិ សម្រាប់ស្ត្រីដែលជាកម្មការិនីនៅតាមទីកន្លែងនានា។ ឧទាហរណ៍ ក្រុមហ៊ុនសំណង់មួយ ច្បាស់ជាមានស្ត្រីនៅទីនោះហើយ ប៉ុន្តែ ក្រុមហ៊ុនសំណង់នោះមិនទាន់បានចុះបញ្ជី នៅបេឡាជាតិសន្តិសុខសង្គមនៅឡើយទេ។ ដូច្នេះផលប្រយោជន៍ ទាំងកម្មករជាបុរស និងកម្មការិនីជាស្ត្រី គឺនឹងត្រូវបាត់បង់។ ក៏ប៉ុន្តែ ដើម្បីពន្លឿននូវបញ្ហាដែលត្រូវដោះស្រាយសម្រាប់កម្មការិនីរបស់យើង តើយើងអាចចុះស្រង់ស្ថិតិនៅតាមបណ្ដារោងចក្រ សហគ្រាសមួយចំនួន ឬក៏កន្លែងធ្វើការមួយចំនួន កសិដ្ឋានមួយចំនួន ហើយយើងអាចផ្ដល់ប័ណ្ណជូនពួកគាត់ ដើម្បីធានាការរាប់រក ជាមួយនឹងផលប្រយោជន៍របស់ពួកគាត់ នៅពេលដែលពួកឆ្លងទន្លេ ឬការពិនិត្យព្យាបាលដោយមិនគិតប្រាក់។

យើងបានធ្វើរួចមកហើយអំពីប័ណ្ណក្រីក្រ ដែលខ្សែវីដេអូអម្បាញ់មិញក៏បានបង្ហាញអំពីអ្នកក្រីក្រដែលទទួលបានប័ណ្ណសម្រាប់ពិនិត្យព្យាបាលដោយឥតគិតថ្លៃ។ អញ្ចឹងទេ យើងគួរតែត្រូវកន្លែងណាដែលអាចធ្វើទៅមុនបានគួរតែត្រូវធ្វើ ហើយក្នុងនឹងដោយចាប់ផ្ដើមពីស្ត្រីតែម្ដង។ ក្នុងនោះអ្វីដែលជាការចាប់ផ្ដើមពីការអនុវត្តនូវនយោបាយគាំពារសង្គម ខ្ញុំបានផ្ដល់អនុសាសន៍ឲ្យធ្វើមុនគេសម្រាប់ស្រ្តីមានផ្ទៃពោះ។ អញ្ចឹងនៅពេលខាងមុខនេះក៏វាជាដំ​ណាក់កាល ដែលយើងត្រូវដាក់ឲ្យអនុវត្តនូវនយោបាយគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រ ដែលមានផ្ទៃពោះ និងឆ្លងទន្លេ។ ដូច្នេះ តើយើងអាចរាប់បញ្ចូលនៃការធ្វើស្ថិតិ នៅក្នុងចំណោមការដ្ឋាន ដូចជាការដ្ឋានសំណង់ បណ្ដាក្រុមហ៊ុនសំណង់ដែលមានស្ត្រីនៅទីនោះ ក្រុមហ៊ុនមួយចំនួនជាខ្នាតតូច​ ឬខ្នាតធំ កសិដ្ឋាន ឧស្សាហកម្ម កសិកម្ម ដែលមានកម្មករនៅទៅនោះ រាប់បញ្ចូលទាំងអស់ ដើម្បីចូលទៅក្នុងក្របខ័ណ្ឌ នៃនយោបាយគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រ ដែលនឹងទទួលបាននូវអត្ថប្រយោជន៍ ចាប់ពីពេលចាប់ផ្ទៃពោះ ត្រូវទទួលការឧបត្ថម្ភ ៤ ដង រហូតទៅដល់ពេលឆ្លងទន្លេ ហើយនៅពេលឆ្លងទន្លេត្រូវទទួលបានការឧបត្ថម្ភ ១ ដង និងបន្ទាប់ពីការឆ្លងទន្លេរហូតទៅដល់កូនមានអាយុ ២ ឆ្នាំ ត្រូវទទួលបានការឧបត្ថមចំនួន ១០ ដងផ្សេងទៀតដែលរាជរដ្ឋាភិបាលនឹងបញ្ចេញសាច់ប្រាក់ សម្រាប់ពួកគាត់ រហូតទៅដល់ប្រមាណ ២០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់មនុស្សម្នាក់។

ខ្ញុំគិតថា យើងអាចគួបផ្សំជាមួយក្រុមហ៊ុនមួយចំនួនមិនបានមកចុះបញ្ជី យើងប្រើប្រាស់នូវការៀបចំសម្រាប់ស្ថិតិ សម្រាប់កំណត់អត្តសញ្ញាណនៃអ្នកក្រីក្រនេះនៅក្នុងចំណោមរោងចក្រ សហគ្រាស កសិដ្ឋាន ដែលប្រើប្រាស់កម្មករជាស្រ្តី។ សូមឲ្យក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធនានា គួរតែប្រើប្រាស់ស្ថិតិមួយដែលចាប់ផ្ដើមពីសំណុំបញ្ហា ដែលយើងបាន និងកំ​ពុងរៀបចំដាក់ឲ្យដំណើរការ ទៅលើបញ្ហាការគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រ បន្ថែមពីលើអ្វីដែលយើងបាន និងកំពុងធ្វើ ចំពោះស្ត្រីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងស្ត្រីជាកម្មការិនីសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ឥឡូវយើងធ្វើសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធ្វើទៅលើប្រជាជនទូទាំងប្រទេសដែលជាអ្នកក្រីក្រ។ យើងចាត់ទុកកម្មការិនីរបស់យើងដែលធ្វើការនៅតាមកសិដ្ឋាន នៅតាមរោងចក្រ នៅតាមទីកន្លែងនានា ដែលមិនទាន់បានចុះបញ្ជីនោះ ថាជាអ្នកក្រីក្រភាគច្រើន។ លើកលែងតែគេធ្វើការតាមធនាគារស្អីៗហ្នឹងរឿងមួយផ្សេង។ ប៉ុន្តែអ្នកទាំងនោះក៏អាចត្រូវមកចុះបញ្ជីផងដែរ ដើម្បីបានទទួលនូវអត្ថប្រយោជន៍។ នេះជាចំណុចទី ១ ដែលខ្ញុំចង់ចែករំលែក និងចង់ឲ្យមានការយកចិត្តទុកដាក់បន្ថែម។  វាជាការងាយស្រួលទេ និយាយពីការយកចិត្តទុកដាក់ទៅលើស្រ្តី ប៉ុន្តែ ប្រ​សិនបើគ្មានសកម្មភាពជាក់ស្តែងបម្រើឲ្យការអនុវត្តនូវកម្មវិធីនោះជាក់លាក់ទេ វានឹងគ្មានន័យអ្វីទាំងអស់ សម្រាប់ការជួបជុំនៅទិវាបុណ្យនារីម្តងៗ។

បន្តពង្រីកការតែងតាំងស្រ្តីក្នុងមុខងារ តួនាទី តាមក្រសួង ស្ថាប័ន

បញ្ហាទី ២ ដូចនៅសុន្ទរកថាខាងលើ ខ្ញុំនៅតែបន្តអំពាវនាវឲ្យពង្រីកអត្រា នៃការចូលរួម ជាពិសេស គឺការតែង​តាំងស្រ្តីនៅក្នុងមុខងារ តួនាទី ដែលពួកគាត់គប្បីត្រូវបានបង្កើនអត្រានេះឡើង។ ខ្ញុំសុំស្នើឲ្យគ្រប់ក្រសួងទាំងអស់រៀបចំឲ្យមាន។ ខ្ញុំគាំទ្រឲ្យមានសម្រាប់មុខដំណែងនៅតាមស្ថាប័នថ្នាក់ក្រោម។ ខ្ញុំបានធ្វើរួចមកហើយ សម្រាប់តាមស្ថាប័នថ្នាក់ជាតិ​ ដែលមានកម្រិតដូចជាថ្នាក់ពង្រីកនៃចំនួនស្រ្តីជារដ្ឋលេខាធិការ ជាអនុរដ្ឋលេខាធិការ។ ក៏ប៉ុន្តែ ខ្ញុំចង់ឲ្យ ក្រៅពីនោះយើងបានរៀបចំឲ្យមាននៅក្នុងក្របខណ្ឌនៃគណៈអភិបាលខេត្ត គណៈអភិ​បាលស្រុក គឺមានស្រ្តីរួចមកហើយ ប៉ុន្តែ ខ្ញុំមិនទាន់ច្បាស់ទេថា តើឥឡូវនៅតាមបណ្តាអគ្គនាយកដ្ឋាន នៅតាម​នាយកដ្ឋាន តើមានស្រ្តីក្នុងមុខដំណែងជាអគ្គនាយក ជាពិសេសគឺអគ្គនាយករង តើមានគ្រប់គ្រាន់ឬនៅ? បើមិនទាន់មានទេ សុំស្នើឲ្យគ្រប់ក្រសួងស្ថាប័នគប្បីពិនិត្យ ទទួលយកស្រ្តីឲ្យមានគ្រប់នៅក្នុងរចនាសម្ព័ន្ធ នៃកិច្ចការរបស់យើង។

តែងតាំងហើយផ្តល់ការងារ និងការសម្រេចចិត្តឲ្យស្រ្តីផង

ខ្ញុំយល់ថា បច្ចុប្បន្នស្រ្តីរបស់យើងបានកសាងសមត្ថភាពគ្រាន់បើហើយ ដូច្នេះ ការចាត់បញ្ចូលឲ្យគាត់ទទួលបន្ទុកជាអគ្គនាយកតែម្តង គឺជាការល្អ ក៏ប៉ុន្តែ បុរសក៏ត្រូវការកាន់កាប់នៅកន្លែងនោះដែរ។ ប៉ុន្តែ កន្លែងដែលជាអគ្គនាយករង ហោចណាស់ថាចំនួន ៤ ឬ ៥ នាក់ គប្បីមានស្រ្តីម្នាក់ ឬ ២ នាក់ នៅក្នុងនោះដែរ។ ថ្នាក់នាយកដ្ឋាន បើគាត់មិនបានធ្វើប្រធាននាយកដ្ឋានទេ ក៏គប្បីមានអនុប្រធាននាយកដ្ឋានម្នាក់(ជាស្រ្តី)ផងដែរ។ នេះបើរៀបចំបែបនេះ គឺវាជាការល្អ។ ក៏ប៉ុន្តែ ខ្ញុំនៅតែបញ្ជាក់បន្ថែមថា បើតែងតាំងហើយត្រូវផ្តល់ការងារឲ្យពួកគាត់ធ្វើផង មិនគ្រាន់តែតែងតាំងដើម្បីបង្គ្រប់កិច្ច ហើយថា អង្គភាព ឬស្ថាប័នរបស់ខ្ញុំ មានសមភាពយេនឌ័រល្អណាស់ ព្រោះស្រ្តីមានប៉ុណ្ណេះភាគរយ ប៉ុណ្ណោះភាគរយ ក៏ប៉ុន្តែ ទីចុងបំផុត ស្រ្តីមិនបានចូលរួមធ្វើសេចក្តីសម្រេចចិត្ត ស្រ្តីមិនបានចូលរួមបំពេញមុខងារ ក្នុងឋានៈជាអ្នកទទួលខុសត្រូវស្ថាប័នជំនាញនោះទេ។

មុខងារសាធារណៈ ផ្តល់ទិដ្ឋាការឲ្យរដ្ឋមន្រ្តីតែងតាំងស្រ្តីក្នុងថ្នាក់អនុប្រធាននាយកដ្ឋានចុះក្រោម

អញ្ចឹងទេ ខ្ញុំនៅតែបន្ដការលើកទឹកចិត្តឲ្យគ្រប់ស្ថាប័នទាំងអស់ ហើយខ្ញុំគាំទ្រ ឧទាហរណ៍ កន្លងទៅយើងបានកំណត់ហើយថា អនុប្រធាននាយកដ្ឋានមានប៉ុន្មាននាក់ ព្រោះកន្លងទៅ តែងតាំងនោះ តែងតាំងវាច្រើនពេក ព្រោះដោយសារតែថ្នាក់អនុប្រធាននាយកដ្ឋាន ត្រូវបានតែងតាំងដោយរដ្ឋមន្រ្តី។ ដូច្នេះ កាលពីប៉ុន្មានឆ្នាំមុននោះ អនុប្រធាននាយកដ្ឋានតែងតាំងពេញក្រសួង។ វាច្រើនពេក។ ប៉ុន្តែ នៅក្នុងនោះ វាបែរជាមិនមានស្រ្តី។ ឥឡូវនេះ ប្រសិន​បើ​ត្រូវការពង្រីក មុខងារសាធារណៈគួរផ្តល់ទិដ្ឋាការសម្រាប់ឲ្យរដ្ឋមន្រ្តីចុះហត្ថលេខាតែងតាំងស្រ្តីកាន់មុខតំណែងចាប់ពីអនុប្រធាននាយកដ្ឋានចុះក្រោម។ រឿងហ្នឹងទាល់តែមានទិដ្ឋាការ ទើបអាចទទួលបាននូវការតែងតាំង។ ឯចាប់ពីប្រធាននាយកដ្ឋានឡើងលើ អាហ្នឹងជាសិទ្ធិអំណាចរបស់ខ្ញុំនៅឯណេះទេ។

រដ្ឋមន្រ្តីតាមក្រសួង ធ្វើការជួបឲ្យបានញឹកញាប់ជាមួយស្រ្តីក្នុងស្ថាប័នរបស់ខ្លូន

… យើងមិនមែនគ្រាន់តែនិយាយឲ្យពិរោះស្តាប់នោះទេ ប៉ុន្តែ ត្រូវធ្វើសកម្មភាពជាក់ស្តែង។ បណ្តារដ្ឋមន្រ្តីតាមស្ថាប័ន គួរគប្បីធ្វើការឲ្យបានញឹកញាប់បន្តិចជាមួយនឹងក្របខណ្ឌជាស្រ្តី។ ប្រើប្រាស់ក្នុងមួយឆ្នាំ ២-៣ ពេល ដើម្បីជួបស្រ្តី និងស្តាប់មតិរបស់ពួកគាត់។ ខ្ញុំគិតថា អាចមានពេល។ នៅក្នុងប្រទេសកម្ពុជានេះ គ្មាននរណារវល់ជាងខ្ញុំ​ទេ ក៏ប៉ុន្តែ ខ្ញុំនៅតែអាចឆ្លៀតជួបបាន ប្រជុំជាទៀងទាត់នូវក្រុមប្រឹក្សាជាតិស្រ្តី ក្នុងឋានៈជាអនុប្រ​ធានកិត្តិយស ដែលព្រះប្រធានកិត្តិយសគឺសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែប្រគល់នូវតួនាទីក្នុងការដឹកនាំប្រជុំនេះឲ្យមកខ្ញុំ។ ខ្ញុំអាចធ្វើបាន ហើយខ្ញុំអាចចូលរួមធ្វើការងារជាមួយនឹងស្រ្តីបាន។ ខ្ញុំគិតថា រដ្ឋមន្រ្តីនានាមិនរវល់ជាងខ្ញុំទេ។ នៅអាចឆ្លៀតឱកាសធ្វើកិច្ចការ ពិនិត្យអំពីស្ថានភាពស្រ្តីនៅក្នុងក្រសួងរបស់ខ្លួន។ គេមានសំណូមពរអី? គួរតែស្តាប់ ដើម្បីបង្កើនការយកចិត្តទុកដាក់ និងកែលម្អស្ថានភាពស្រ្តីនៅតាមស្ថាប័ន។ បើសិនជាស្ថាប័នមួយៗ ឬទីកន្លែងមួយៗនៅតាមខេត្ត/ស្រុក ធ្វើកិច្ចការទាំងអស់នេះបានប្រសើរ ស្ថានភាពរបស់ស្រ្តីរបស់យើង វានឹងបានរួមចំណែកកាន់តែធំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ និងបណ្តាស្ថាប័នទាំងអស់។ អញ្ចឹងខ្ញុំស្នើឲ្យបន្តការយកចិត្តទុកដាក់ទៅលើបញ្ហានេះ។

ពង្រីកក្របខណ្ឌស្រ្តីនៅថ្នាក់ឧត្តម និងក្រោយឧត្តម

បញ្ហាទី ៣ ខ្ញុំស្នើអំពាវនាវឲ្យពង្រីកក្របខណ្ឌ នៃស្រ្តី ដែលចូលរៀននៅក្របខណ្ឌថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ អម្បាញ់មិញ តួលេខបានបង្ហាញយ៉ាងច្បាស់ហើយថា ស្រ្តីដែលបាននៅក្នុងកម្រិតចំណេះទូទៅ ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ មានចំនួនច្រើនជាងបុរស។ ស្ថានភាពវិស័យអប់រំរបស់យើង គឺនៅឃើញថា វាល្អប្រសើរនៅក្នុងកម្រិតចាប់ពីបឋម ដល់អនុវិទ្យាល័យ ដល់មធ្យមសិក្សាបឋមភូមិ និងដល់មធ្យមសិក្សាទុតិយភូមិ គឺចំនួនស្រ្តីប្រហាក់ប្រហែលជាមួយនឹងបុរស។ អត្រាប្រហាក់ប្រហែលគ្នា ឬលើសច្រើនផង ហើយបើនិយាយពីប្រឡងជាប់ដល់ទៅ ៥២% ឯណោះ ច្រើនជាងបុរស។ ប៉ុន្តែ យើងឃើញតួលេខនេះចាប់មានគម្លាត ពេលដែលចាប់ផ្តើមចូលទៅក្នុងក្របខណ្ឌឧត្តមសិក្សា ជាថ្នាក់បរិញ្ញាបត្ររងចាប់គម្លាតបន្តិច បរិញ្ញាបត្រគម្លាតបន្តិច បរិញ្ញាបត្រជាន់ខ្ពស់គម្លាតបន្តិចដល់ថ្នាក់ក្រោយឧត្តមសិក្សាគឺថ្នាក់បណ្ឌិត គឺគម្លាតខ្លាំងមែនទែន​។

តួលេខល្អជាងឆ្នាំមុនៗ តែនៅបន្តបន្ថយគម្លាតតទៅទៀត

ពិតហើយ តួលេខនេះបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន គឺតួលេខនេះបានល្អប្រសើរហើយ ប៉ុន្តែ ខ្ញុំចង់ឲ្យ​ប្រសើរជាងទៀត តាមរយៈនៃការទាញយកកាន់តែច្រើន កុំឲ្យគម្លាតនេះវាធំនៅក្នុងពេលដែលគម្លាតក្នុងវិស័យឧត្តមសិក្សានេះ ដែលឥឡូវនេះនៅមានគម្លាតមួយចំនួន។ ក្នុងនេះ បរិញ្ញាបត្ររង គឺបានឡើងដល់ ៤៩% បរិញ្ញាបត្រមានទៅដល់ ៤៥,៩% ប៉ុន្តែ យើងមកដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានតែ ២១,៦% និងថ្នាក់បណ្ឌិតមានតែ ៥,១%។ យើងយល់អំពីស្ថានភាពលំបាករបស់ស្រ្តី ដោយសារជាវ័យដែលត្រូវយកប្តីហើយ ដែលត្រូវមានគូស្រករហើយ មានកូនមានចៅ។ ក៏ប៉ុន្តែ ខ្ញុំគិតថា ស្រ្តីរបស់យើងនៅមានឱកាសដើម្បីទទួលបាននូវការសិក្សា បើទោះបីជាមានគ្រួសារហើយក៏ដោយ។ អំពាវនាវឲ្យបុរសទាំងឡាយ អនុញ្ញាតឲ្យ​ភរិយាបន្តការរៀនសូត្រឆ្ពោះទៅមុខទៀត។

ត្រេកអរនឹងតួលេខខ្ពស់ នៃស្រ្តីជាសហគ្រិន

ខ្ញុំពិតជាមានការសប្បាយចិត្តជាមួយនឹងតួលេខកើនឡើង នៃចំនួនស្រ្តីដែលជាសហគ្រិន ម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យមនៅក្នុងប្រទេសរបស់យើង ស្រ្តីមានដល់ ៦៥% ដែលនេះជាតួលេខដែលគួរអបអរសាទរចំពោះស្រ្តីកម្ពុជារបស់យើង។ អញ្ចឹងទេ ហើយខ្ញុំតែងតែតាមដានដោយយកចិត្តទុកដាក់ទៅលើការសន្ទនានានា ទៅតាមកញ្ចក់ទូរទស្សន៍ ទៅលើសហគ្រិនដែលជាស្រ្តី ហើយឃើញថា ស្ថានភាពរបស់ពួកគេប្រសើរ។ ខ្ញុំលើកទឹកចិត្តអំពីបញ្ហានេះដើម្បីកុំឲ្យថាឲ្យតែថៅកែ​សុទ្ធតែប្រុស។ ឥឡូវថៅកែឬមេដឹកនាំក្រុមហ៊ុន គឺជាស្រ្តី​ឲ្យវាខ្លាំងអញ្ចឹង។ អំណាចស្រ្តីត្រូវបានពង្រឹងតាមរយៈអំណាចសេដ្ឋកិច្ចនោះឯង។

អំណាចសេដ្ឋកិច្ចរបស់ស្ត្រី ធ្វើឲ្យកើនឡើងអំណាចខាងនយោបាយ

… ប្រហែលក្មួយៗកម្មការិនីតាមរោងចក្រមកកាន់ទីនេះដែរ។ ពូទៅតាមរោងចក្រនានា ពូតែងតែនិយាយលេងថា ដោយសារមានពាក្យសម្ដីពីសំណាក់បុរសខ្លះ គេថា កម្មការិនីរោងចក្របច្ចុប្បន្នរើសប្ដីខ្លាំងណាស់។ អញ្ចឹង ខ្ញុំសូមស្នើឲ្យក្មួយៗទាំងឡាយរើសប្ដី បន្ដទៅទៀតទៅ។ ព្រោះអី? ពីដើមយើងពឹងពាក់គេ ល្មមៗទទួលហើយ តែឥឡូវមានត្រូវពឹងពាក់អី។ ប្រាក់ខែសព្វថ្ងៃនេះ ម្នាក់ៗ ក្រៅពីអា ១៨២ ដុល្លា ដែលជាប្រាក់អប្បបរមា ក្មួយៗកម្មការិនីរបស់យើងទទួលលើសពី ២០០ ដុល្លារ ឡើងទៅ។ អញ្ចឹងទៅយកប្ដីសេពគ្រឿងញៀន ប្ដីផឹកស្រវឹង មកដល់ផ្ទះវាយប្រពន្ធ តើចាំបាច់យកធ្វើអី? ចំណុចនេះបានបង្ហាញច្បាស់ពីស្ថានភាពនៃអំណាចសេដ្ឋកិច្ច វាក៏ជាការកើនឡើងនៃអំណាចខាងនយោបាយផងដែរ។

សូមផ្ដល់ការយោគយល់ អធ្យាស្រ័យ និងដឹងពីការលំបាករបស់ស្ដ្រីធ្វើការតាមផ្ទះ

ចំណុចទី ៤ ខ្ញុំសូមយកឱកាសនេះអំពាវនាវ ឲ្យមានការយកចិត្តទុកដាក់ យោគយល់អធ្យាស្រ័យ ចំពោះស្រ្ដី ដែលធ្វើការតាមផ្ទះ។ នេះជាចំណុច ដែលយើងត្រូវខិតខំធ្វើទាំងអស់គ្នា។ យើងជាស្ដ្រីដែលមានធនធានគ្រប់គ្រាន់ និយាយពិរោះណាស់អំពីស្ដ្រី ប៉ុន្ដែយើងមិនបានមើលស្ដ្រី ដែលធ្វើការដោយលំបាកនៅក្នុងផ្ទះរបស់យើងទេ។ ចំណុចនេះ ខ្ញុំសូមអំពាវនាវ និងអង្វរកដ៏ទទូចចំពោះម្ចាស់ផ្ទះទាំងឡាយ ដែលមានស្ដ្រីធ្វើការនៅទីនោះ។ អ្នកដាំស្លរ អ្នកបម្រើការតាមផ្ទះ ភាគច្រើនគឺជាស្ដ្រី រហូតដល់ស្ដ្រីនៅក្នុងប្រទេសរបស់យើងត្រូវបានបញ្ជូនទៅធ្វើការតាមផ្ទះនៅប្រទេសក្រៅផង។ រឿងធ្វើការនៅប្រទេសក្រៅវាជារឿងមួយហើយ តែខ្ញុំសូមឲ្យផ្ដល់ការយកចិត្តទុកដាក់គិតគូរឲ្យបានខ្ពស់សម្រាប់ស្ដ្រីធ្វើការតាមផ្ទះរបស់យើង។ ពួកគាត់គ្មានឱកាសសប្បាយរីករាយទាល់តែសោះហើយ។ ថ្ងៃបុណ្យគេបុណ្យគ្រប់គ្នា ប៉ុន្ដែគាត់គ្មានបុណ្យគ្មានទានទេ។ គ្មានថ្ងៃអាទិត្យ គ្មានថ្ងៃឈប់សំរាកសម្រាប់ពួកគាត់ទេ។ ត្រូវយល់ពីស្ថានភាពនេះ។ ពេលដែលយើងមិនដេកលក់ មិនទាន់បាយពេលយប់ គឺពួកគាត់នៅបម្រើយើងនៅឡើយទេ។ ពួកគាត់ស្រេកឃ្លាន។ តើពួកយើងយល់ទេ នូវអ្វីដែលជាការលំបាកបែបនេះ?

ខ្ញុំអំពាវនាវ មិនគ្រាន់តែអ្នកនៅទីនេះទេ ប៉ុន្ដែខ្ញុំចង់អំពាវនាវសម្រាប់សង្គមយើងទាំងមូល ដែលមានស្ដ្រី ជាកូនក្មួយក្ដី ឬអ្នកក្រៅដែលមកធ្វើការតាមផ្ទះ ត្រូវយោគយល់អធ្យាស្រ័យចំពោះពួកគាត់ ដើម្បីឲ្យពួកគាត់បានទទួលការសម្រាកខ្លះ។ សូម្បីតែក្មេងៗ ដែលធ្វើការនៅផ្ទះរបស់ខ្ញុំ ភរិយាខ្ញុំបានផ្ដល់ការយកចិត្តទុកដាក់គ្រប់គ្រាន់សម្រាប់ក្មេងៗទាំងនេះ។ ពេលបុណ្យទាន គ្នាមានពេលឯណាទៅសម្រាកនឹងគេ ព្រោះបើគ្នាទៅសម្រាកអ្នកណាដាំបាយឲ្យយើងស៊ី? រឿងវានៅកន្លែងហ្នឹង។ អញ្ចឹងទេ បានជាយើងត្រូវយកចិត្តទុកដាក់។ ដោយ​សារតែគ្នាក្រ ជួនកាលខ្លះចោលប្ដី ចោលកូននៅឯផ្ទះឯណោះ មកធ្វើការបម្រើយើងនៅឯណេះ។ នៅពេលដែលបានស៊ីឆ្ងាញ់នឹកដល់កូននឹកដល់ប្ដី ដែលកំពុងពិបាកនៅផ្ទះ។ តើយើងយល់ទេអារម្មណ៍មួយនេះ? ខ្ញុំគិតថាដល់ពេលដែលយើងផ្ដល់ការយោគយល់អធ្យាស្រ័យកាន់តែច្រើន សម្រាប់អ្នកដែលរស់នៅជិតខ្លួនយើងតែម្ដង បើយើងមិនបានយកចិត្តទុកដាក់ទៅលើអ្នកដទៃដែលនៅក្រៅ សូមយោគយល់ការលំបាកអ្នកក្បែរខាងខ្លួនរបស់យើង។

ចំណុចនេះ (យើង)កុំមើលស្រាល។ នៅក្នុងប្រទេសរបស់យើងមានគ្រួសារមិនតិចទេដែលប្រើស្រ្ដី (ធ្វើការតាមផ្ទះ) ជាស្ដ្រីដែលមានប្ដីហើយ ជាស្ដ្រីដែលនៅលីវ មកធ្វើការតាមផ្ទះរបស់យើង តែយើងមិនបានយកចិត្តទុក​ដាក់អ្នកដែលនៅជាមួយនេះទេ។ គ្នាត្រូវបោកគក់ផង ដាំស្លរផង ហើយទទួលបានប្រាក់កម្រៃមិនគ្រប់គ្រាន់ទេ … មានក្រុមគ្រួសារខ្លះទៅទៀត ដែលយើងបានឃើញជារឿយៗនៅតាមការបង្ហោះតាមហ្វេសប៊ុកនូវការវាយធ្វើបាបស្ដ្រីធ្វើការតាមផ្ទះ។ នេះជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ ហើយត្រូវផ្ដើមចេញពីអ្នកណា? ផ្ដើមចេញពីគ្រួសារនីមួយៗទើបបាន។ ប្រសិនបើយើងមិនអាចយល់បញ្ហាទាំងអស់នេះបានទេ តើយើងនឹងទៅអប់រំអ្នកណាទៀត? បើគ្រាន់តែក្នុងផ្ទះរបស់យើងវាមានបញ្ហាអយុត្ដិធម៌ទៅហើយនោះ តើយើងត្រូវមានយុត្ដិធម៌ចំ​ពោះស្ដ្រីបែបណាទៅ?

ខ្ញុំសូមអង្វរក និងអំពាវនាវ សូមផ្ដល់ការយោគយល់បន្ថែមចំពោះស្ដ្រីដែលកំពុងបម្រើការងារនៅក្នុងផ្ទះ។ យើងមានលទ្ធភាពកាន់តែច្រើន យើងផ្ដល់ប្រាក់កាសឲ្យគាត់។ គាត់មានលទ្ធភាពដើម្បីបញ្ជូនឲ្យកូនរបស់គាត់ ឬម្ដាយរបស់គាត់ ដែលបានបញ្ជូនគាត់មកធ្វើការជាមួយយើង។ ចំណុចនេះ ខ្ញុំគិតថា បើយើងស្រុះគ្នាធ្វើ យើងទទួលបានផលកាន់តែល្អ ហើយធ្វើឲ្យសង្គមរបស់យើងគ្មានការរើសអើងរវាងម្ចាស់ផ្ទះ និងអ្នកបម្រើ។ ពិតហើយពួកគាត់មិនហ៊ាននោះទេក្នុងការបំពានមកលើយើង តែយើងបំពានលើគាត់ ដោយមិនបានគិតអំពីបញ្ហាលំបាករបស់គាត់ឲ្យបានគ្រប់គ្រាន់។ ចំណុចនេះ សូមមេត្ដាយោគយល់ អធ្យាស្រ័យទាំងអស់គ្នា ហើយធ្វើទាំងអស់គ្នា ហើយបើសិនមានឱកាស ហើយស្ដ្រីនោះនៅវ័យក្មេង អនុញ្ញាតឲ្យពួកគាត់បានបន្ដការសិក្សាវិជ្ជាជីវៈណាមួយបន្ថែម។ ខ្ញុំបានធ្វើរួចមកហើយខ្ញុំបានយកក្មេងៗស្រីៗមកចិញ្ចឹមនៅក្នុងផ្ទះរបស់ខ្ញុំ ដោយពួកគេកំ​ព្រា ខ្ញុំបានរុញការបណ្ដុះបណ្ដាលរបស់ពួកគេទៅដល់ថ្នាក់មហាវិទ្យាល័យឯណោះ ហើយពួកគេបានចេញទៅធ្វើការបានទៀតផង។

ខ្ញុំគិតថាខ្លួនគេ ខ្លួនយើងត្រូវគិតឲ្យបានដល់កន្លែងនេះ។ ខ្ញុំគិតដល់ខ្លួនខ្ញុំ កាលពីសម័យដើមកាលពីខ្ញុំលំបាក គេឲ្យលុយខ្ញុំតែ ៣ រៀល ប៉ុណ្ណោះ ខ្ញុំស្រក់ទឹកភ្នែកនៅសម័យនោះ។ ខ្ញុំស្គាល់អំពីរសជាតិការលំបាកវាប៉ុណ្ណា វាយ៉ាងម៉េច។ ឥលូវ យើងចាប់ផ្ដើមពីអ្នកក្រ ក៏ក្លាយទៅជាអ្នកមាន យើងត្រូវយល់ដឹងពីស្ថានភាពកាលដែលយើងក្រ។ យើងកុំភ្លេចធាតុរបស់យើង។ សង្ឃឹមថាអ្នកទាំងឡាយនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋមិនប្រកាន់ខឹងនូវអ្វីដែលខ្ញុំនិយាយនោះទេ។ តែរឿងនេះ ជារឿងពិតដែលបានកើតឡើងនៅក្នុងប្រទេសរបស់យើង។ មានគ្រួសារមួយចំនួនធំក៏បានផ្ដល់ការយោគយល់រួចស្រេចទៅហើយ តែគ្រួសារមួយចំនួនទៀតខ្វះការយល់ដឹងហើយមិនបានយកចិត្តទុកដាក់នូវស្ថានភាពស្ដ្រីនៅជុំវិញខ្លួនយើង ដែលធ្វើការនៅក្នុងផ្ទះរបស់យើងតែម្ដង។

ក្រុមមេធាវី តេជោសែន ចាប់ផ្ដើមដំណើរការជួយដល់ស្រ្ដីក្រីក្រ និងស្ដ្រីពិរុទ្ធជន

ចំណុចទី ៥ ដូចដែលលោកជំទាវរដ្ឋមន្ដ្រីបានលើកឡើង ហើយខ្ញុំក៏បានលើក។ យប់មិញនេះ ឯកឧត្តម គី តិច ដែលមេធាវីរាជរដ្ឋាភិបាល និងជាមេធាវីផ្ទាល់នៃគ្រួសាររបស់ខ្ញុំផង គាត់កាន់កាប់ជាប្រធាននៃមេធាវីរបស់ខ្ញុំ រៀបចំកម្លាំងរួចរាល់អស់ហើយ។ ឥលូវសូមឲ្យមានការសហការពីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីតាមខេត្ត ជាមួយនឹងក្រុមមេធាវីរបស់ តេជោសែន ថាអញ្ចឹងទៅចុះ។ យើងប្រើប្រាស់មនុស្សរហូតជាង ៦០ នាក់ឯណោះ ហើយខ្ញុំនឹងពង្រីកបន្ថែមប្រសិនបើដំណើរការការពារក្ដីនេះ វាមិនគ្រប់គ្រាន់។

មុខសញ្ញាទី ១៖ ទណ្ឌិតជាស្ដ្រី ដែលគប្បីទទួលបានការលើកលែងទោស

ឥឡូវនេះ ពិនិត្យមើលជំហានដំបូងត្រូវដោះស្រាយមុខសញ្ញាណា ដែលជាស្ដ្រីពិរុទ្ធជនដែលជាប់ឃុំឃាំង ដែលមិនទាន់ទទួលបានការកាត់ទោស ហើយនៅខ្វះមេធាវី ត្រូវចូលទៅក្នុងចំណុចនោះជាមុន។ យើងផ្ដល់ការយកចិត្តទុកដាក់ទៅលើការដោះស្រាយសំណុំបញ្ហា ជួនកាលយកទៅឃុំ គ្មានមេធាវី កាត់ក្ដីមិនចេញ គឺខុសយើង មិនមែនខុសមកពីពួកគាត់ទេ។ កាត់ក្ដីមិនបានដោយសារអត់មេធាវី គាត់អត់មានលុយជួលមេធាវី អញ្ចឹងខ្ញុំជួយចេញថ្លៃមេធាវី។ មេធាវីនោះគឺជាមេធាវីស្ម័គ្រចិត្ត ក៏ប៉ុន្ដែយើងត្រូវមានមធ្យោបាយឲ្យគាត់ធ្វើការដែរ។

មុខសញ្ញាដែលយើងត្រូវដោះស្រាយ ប្រជុំថ្ងៃមុន មានពីរ ដែលយើងត្រូវយកចិត្តទុកដាក់។ មុខសញ្ញាមួយគឺជាទណ្ឌិតជាស្ដ្រី យើងត្រូវពិនិត្យនៅក្នុងក្រុមហ្នឹង គប្បីត្រូវបានការយកចិត្តទុកដាក់ពិនិត្យសម្រាលទោស ឬលើកលែងទោសជាបន្ដ ដោយមិនចាំបាច់ដល់ពេលបុណ្យទានទេ។ បើយើងឃើញថាស្ថានភាពវាលំបាក យើងអាចផ្ដល់នូវការលើកលែងទោសដោយមិនរង់ចាំពេលវេលា ព្រោះច្បាប់ពន្ធនាគារ អនុញ្ញាតឲ្យនាយករដ្ឋមន្ដ្រីចុះហត្ថលេខាលើកលែង សុំព្រះរាជទានទោសនៅពេលណាក៏បានដែរ។ អញ្ចឹងសូមឲ្យក្រសួងយុត្ដិធម៌ ក្រសួងកិច្ចការនារី សហការជាមួយផ្នែកពន្ធនាគារ ពិនិត្យមើលអ្នកដែលជាប់ទោសទណ្ឌិតជាស្ដ្រី អ្នកណាខ្លះគប្បីទទួលបានការលើកលែងទោស នឹងជាគោលដៅទី ១។

មុខសញ្ញាទី ២៖ ស្ដ្រីជាពិរុទ្ធជនមិនទាន់ទទួលបានការកាត់ទោស ដោយសារខ្វះមេធាវី

គោលដៅទី ២ សម្រាប់ស្ដ្រីជាពិរុទ្ធជន ដែលមិនទាន់ទទួលបានការកាត់ទោសដោយសារតែខ្វះមេធាវី។ ដូច្នេះយើងត្រូវតែជម្រុញការប្រើប្រាស់ឲ្យអស់សក្ដានុពល ដែលមួយភាគក្រសួងកិច្ចការនារីមានតាមរយៈប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្រសួងយុត្ដិធម៌មាន តាមរយៈប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ឥឡូវកម្លាំងថ្មីបានបំពេញបន្ថែមគឺមេធាវីរបស់ខ្ញុំតែម្ដង ដើម្បីទៅជួយការពារក្ដីសម្រាប់ស្ដ្រីក្រីក្រ ហើយសំណុំរឿងផ្សេងទៀតក៏យើងត្រូវតែទទួល។ ថ្ងៃមុនខ្ញុំជួបជាមួយកម្មករ/ការិនី ខ្ញុំប្រាប់ទៅកម្មការិនីថាក្មួយៗពីពេលនេះទៅមានមេធាវីរបស់ពូជួយការពារក្ដីប្រសិនបើមានបញ្ហា។ ចំណុចនេះ យើងត្រូវយកចិត្តទុកដាក់ និងត្រូវចេញធ្វើសកម្មភាពព្រមៗគ្នា ដើម្បីឲ្យមានវឌ្ឍនភាពនៅក្នុងដំណាក់កាលថ្មីរបស់យើង។

[បញ្ចប់សេចក្ដីអធិប្បាយ]

ជាទីបញ្ចប់ ក្នុងឱកាសពិធីអបអរសាទរខួបទី ១០៨ ទិវា អន្តរជាតិនារី ៨ មីនាឆ្នាំ ២០១៩ ខ្ញុំ និងភរិយា សូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្មួយៗនិស្សិត កម្មការិនី បងប្អូនជនរួមជាតិ និងភ្ញៀវជាតិ អន្តរជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សូមអរគុណ !