សេចក្តីដកស្រង់ប្រសាសន៍សង្កថា និងសុន្ទរកថា ទីក្រុងស្អាតលើកទី ៧ ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ»

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៧ ឆ្នាំ ២០១៩ ក្រោមប្រធានបទ « ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ » អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី ៣ និងជ័យលាភីទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ និងជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី ១ នាពេលនេះ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងកោតសរសើរលទ្ធផលការងារ ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបំពេញប្រកបដោយជោគជ័យនាពេលកនង្លមក ពិសេស ការផ្តួចផ្តើមឱ្យមានចលនា ប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ឤស៊ាន។

ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង ស្ថាប័ន វិស័យឯកជន ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូអភិវឌ្ឍ ដែលតែងតែផ្តល់នូវកិច្ចសហការល្អចូល រួមគាំទ្រយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយចីរភាព។

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !

បច្ចុប្បន្ន កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ទាំងខាងនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

តាមរយៈការវាយតម្លៃសាជាថ្មី កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០១៨ កន្លងទៅនេះមានរហូតដល់ ៧,៥% ហើយអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយក្នុងរង្វង់ ១០%។ ពេលនេះ កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយរបស់ពិភពលោក ហើយរាជរដ្ឋាភិបាលបានចាត់ទុក ទេសចរណ៍ គឺជាមាសបៃតង​។ ក្នុងឆ្នាំ ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប ចំនួន ៦,២ លាននាក់ កើនឡើង ១១,៥% មកពី ១១០ ប្រទេស ជុំវិញពិភពលោក។ នៅ ឆ្នាំ ២០១៩ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៨ លាននាក់ ហើយ រំពឹងថា នៅឆ្នាំ ២០២០ ការមកដល់ភ្ញៀ់វទេសចរអន្តរជាតិអាចកើនឡើងដល់ ៧,៥ លាននាក់ និង ១៥ លាននាក់ នៅឆ្នាំ ២០៣០។

ទន្ទឹមនេះ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមានកំណើនគួរជាទីមោទនៈ កម្រិតជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរឡើងជាលំដាប់ធ្វើឱ្យអត្រាកំណើនប្រជាសាស្ត្រប្រចាំឆ្នាំមានលំនឹងក្នុងរង្វង់ ១% ទៅ ១,៥% ហើយតាមការព្យាករនៅឆ្នាំ ២០៣០ ចំនួនប្រជាជនកម្ពុជាឤចនឹងកើនដល់ ២០ លាននាក់ និងឈានដល់ចំនួន ២៥ លាននាក់ នៅឆ្នាំ ២០៥០ ពេលនោះ ប្រជាជនភាគច្រើននឹងមករស់នៅទីក្រុងនិងទីប្រជុំជន។ ការណ៍នេះធ្វើឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដែលជាការរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដោយប្រកាន់ខ្ជាប់នូវទស្សនាទាន អនាគតគឺបច្ចុប្បន្ន ដែលចាំបាច់យើងទាំងអស់គ្នាត្រូវគិតគូរ ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែងនិង ការធានាចីរភាពនៃការអភិវឌ្ឍ។

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជាជាទីក្រុងស្អាត បៃតង មានការអភិវឌ្ឍប្រកបដោយចីរភាព និងជាទីក្រុងទេសចរណ៍ប្រកបដោយភាពវ័យឆ្លាត ឆ្លើយតបនឹងរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ យើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាអភិវឌ្ឍទីក្រុង ឱ្យកាន់តែមានចីរភាព ស័ក្តសមនឹងពាក្យស្លោក ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងស្មារតីនេះ ខ្ញុំសូមប្រកាសដាក់ចេញនូវយុទ្ធនាការទីក្រុងស្អាត ផ្តល់ភាពកក់ក្តៅ ជារបៀបវារៈថ្នាក់ជាតិដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ និងសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ តាមរយៈការអនុវត្តកម្មវិធីការងារជាឤទិភាព ដូចខាងក្រោម៖

ទី ១ ត្រូវបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្កើតទីក្រុង ប្រកបដោយភាពវ័យឆ្លាត ដោយការររៀបចំឱ្យមានក្របខណ្ឌគោលនយោបាយជាក់លាក់មួយ ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ឆ្ពោះទៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។ ទន្ទឹមនេះ ក្រសួងប្រៃសណីយ៍ និងទូរ​គមនាគមន៍ត្រូវបំពាក់ឱ្យមាន ហ្វ្រីវ៉ាយហ្វាយ (Free Wi-Fi) នៅតាមគោលដៅទេសចរណ៍នីមួយៗ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងឱ្យបានមុនឆ្នាំ ២០២៣។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ប្រយ័ត្នក្រុមហ៊ុនវ៉ាយហ្វាយ ទារលុយ (គ្មានអាំងទែរណែត) អ្នកប្រើប្រាស់មិនអាចប្រើប្រាស់បាន

ចំណុចពាក់ព័ន្ធនឹងហ្រ្វីវ៉ាយហ្វាយនេះ ខ្ញុំក៏សូមទាក់ទាញឲ្យមានការយកចិត្តទុកដាក់ ព្រោះស្ថានភាពដែលយើងធ្វើនៅទីក្រុងភ្នំពេញ ប៉ុន្មានកន្លែងនេះហាក់ដូចជាមិនទាន់មានប្រសិទ្ធភាពទេ។ តាមធម្មតា ខ្ញុំបានធ្វើដំ​ណើរទៅកាន់កន្លែងនេះ កន្លែងនោះ ដែលហៅថា ហ្វ្រីវ៉ាយហ្វាយ ជាក់ស្តែងនៅក្នុងសណ្ឋាគារនេះសាកល្បង បើកវ៉ាយហ្វាយមើល វាចូល Wi-Fi តែមិនដើរ។ រឿងវាតែប៉ុណ្ណឹងទេ។ អញ្ចឹងសុំឲ្យប្រយ័ត្នថា ក្រុមហ៊ុនដាក់មកគ្រាន់តែទារលុយពីយើង ក៏ប៉ុន្តែ អ្នកប្រើប្រាស់មិនអាចប្រើប្រាស់បាន ដោយសារវាច្រើនពេក។ នៅក្នុងប្រទេសកម្ពុជានេះ ខ្ញុំគិតថា ក្នុងចំណោមមនុស្សដែលនិយមអ៊ីនធើណេត និយម Wi-Fi មានខ្ញុំម្នាក់ដែរ ប៉ុន្តែ ខ្ញុំសាកល្បងអស់ហើយ សូម្បីតែនៅក្នុងកូនកាបូបរបស់ខ្ញុំ Wi-Fi ដែលមិនទាក់ទិនជាមួយនឹងក្នុងប្រទេស ភ្ជាប់ជាមួយនឹងផ្កាយរណបផ្ទាល់ មានទៅដល់ ២ គ្រឿង ដែលអាចទៅតំបន់ជនបទ ឬទៅប្រទេសដទៃ អាចនឹងទំនាក់ទំនងបានភ្លាម ដោយមិនចាំពឹងផ្អែកជាមួយនឹង Wi-Fi នៃប្រទេសដែលខ្លួនទៅដល់នោះទេ។ ក៏ប៉ុន្តែ ពេលខ្លះវាដើរ ពេលខ្លះវាមិនដើរធ្វើអីវា។

សូម្បីតែថ្ងៃមុន ខ្ញុំទៅវាយកូនគោលជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ បង្ហោះហ្វេសប៊ុកមួយ បង្ហោះមិនចេញ ហើយក្នុងពេលដែលមានទូរស័ព្ទក្នុងស្រុក ៤ ប្រព័ន្ធ។ វាមិនទៅ។ បើកអានោះទាំង ២ គ្រឿងវាមិនទៅ មួយសន្ទុះធំបានរកវិធីឃើញ ប្រើ program hotspot ចេញពីទូរស័ព្ទមួយ ព្រោះទូរស័ព្ទអាមានកម្លាំងខ្លាំង វាអត់មានហ្វេសប៊ុក នៅក្នុងហ្នឹង អញ្ចឹងត្រូវប្រើ program hotspot រុញពីអាហ្នឹងបញ្ចូលទៅអានោះទើបបង្ហោះវាបាន។ អញ្ចឹងទេ ប្រយ័ត្នក្រុមហ៊ុនអ៊ីនធើណេតមករៀបចំឲ្យយើង រួចហើយទីចុងបំផុតដើរវិលខ្ញាល់។ គ្រប់កន្លែងអង្គប្រជុំ ខ្ញុំទៅប្រជុំច្រើនហើយ ដែលមិនអាចប្រើ Wi-Fi នៅទីនោះបាន រាប់ទាំង Wi-Fi នៅក្នុងអង្គការសហប្រជាជាតិ ប្រើអត់បានទេ។ អញ្ចឹងក៏សុំបញ្ជាក់អំពីចំណុចនេះបន្តិច ប្រយ័ត្នតែក្រុមហ៊ុនវ៉ាយហ្វាយដាក់មកចូលឃើញសញ្ញា វាអញ្ចឹង រូបវាវិលខ្ញាល់វាមិនទៅ។ ប្រយ័ត្នអស់លុយនិងកន្លែងហ្នឹងដោយសារតែអារឿងយើងអត់បានទៅពិនិត្យពិតប្រាកដ។ ខ្ញុំគ្រាន់តែរំលឹករឿង Wi-Fi បន្តិចដោយសារខ្លួនមានពិសោធន៍ រឿងវ៉ាយហ្វាយហ្នឹង …។

[ចប់សេចក្តីអធិប្បាយ]

ទី ២ ត្រូវបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុង តាមរយៈការធានាឱ្យបានភាពស្អាត និងបៃតង គឺកម្ពុជាស្អាត កម្ពុជាបៃតង ទម្លាប់នៃភាពស្អាត ទាំងលំនៅដ្ឋានស្អាត ភូមិស្អាត សង្កាត់ស្អាត ដែលផ្តើមចេញពីយើងទាំងអស់គ្នា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរជ័យលាភីបង្គន់សាធារណៈឤស៊ានលើកទី ១ និងជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី ១ ដែលបានចូលរួមដល់ការលើកកម្ពស់ភាពស្អាត និងអនាម័យ ។

ទី ៣ ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុង យើងត្រូវគិតគូរអំពីសណ្តាប់ធ្នាប់ ខ្ញុំសូមឱ្យក្រសួងមហាផ្ទៃ និងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់សិក្សារៀបចំច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅទីក្រុង។ ទន្ទឹមនេះ ឤជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ ក្រោមជាតិត្រូវធានាឱ្យទីក្រុងរបស់ខ្លួនមានសណ្តាប់ធ្នាប់ល្អ មានចំណតយានយន្តត្រឹមត្រូវ មានចិញ្ចើមផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរ។

ទី ៤ ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុង យើងត្រូវចាំបាច់ធានាឱ្យបាន សន្តិសុខ និងសុវត្ថិភាពសង្គមគ្រប់ ភាគីពាក់ព័ន្ធត្រូវជំរុញចលនាការពារសន្តិសុខ និងសុវត្ថិភាព នៅគ្រប់ពេល និងគ្រប់ច្រកល្ហកនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ត្រូវធ្វើយុទ្ធនាការទីក្រុងស្អាតទីក្រុងដែលមានសុវត្ថិភាពចំណីឤហារ និងស្នើឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តក្រមប្រតិបត្តិភោជនីយដ្ឋានស្អាត ឱ្យបានទូលំទូលាយ និងសូមប្រកាសដាក់ឱ្យអនុវត្តស្តង់ដារវិថីម្ហូបឤហារ ដែលជាសូចនាករថ្មីមួយទៀត ក្នុងស្តង់ដារទីក្រុងស្អាត និងចលនាប្រឡងប្រណាំង ទីក្រុងស្អាត ទីក្រុងមានវិថីម្ហូប ឤហារស្អាត ជារៀងរាល់ឆ្នាំ។

ទី​ ៥ ដើម្បីធានាបានចរីភាពការអភិវឌ្ឍទីក្រុងត្រូវអនុវត្ត នូវទស្សនាទានបៃតង ខ្ញុំសូមអបអរសាទរជ័យលាភីរង្វាន់សម្តេចតេជោសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី ៣ គឺការចូលរួមផ្តល់សេវាប្រកប​ដោយការទទួលខុសត្រូវ។ ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងគ្រប់អភិបាលរាជធានីខេត្ត ត្រូវបំផុសឱ្យមានផលិតកម្មក្នុងស្រុកនានា បម្រើឱ្យវិស័យទេសចរណ៍ តាមរយៈបាវចនាវិស័យទេសចរណ៍ គឺជាការនាំចេញនៅនឹងកន្លែង ហើយទីក្រុងទេសចរណ៍ធំៗទាំងអស់ ត្រូវតែជាទីក្រុងដែលមានខ្សែក្រវាត់បៃតង។ ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្រសួង-ស្ថាប័ន ឤជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមគាំទ្រ និងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាតឱ្យបានសកម្ម និងទូលំទូលាយ ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចបៃតងនៅកម្ពុជាឱ្យកាន់តែរស់រវើក និងប្រកបដោយចីរភាព។ ខ្ញុំសូមអបអរសាទរ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកែប ដែលទទួលបានជ័យលាភីជាទីក្រុង ដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០១៨ និងស្នើឱ្យបណ្តារាជធានី-ខេត្ត បន្តខិតខំរៀបចំពិធីនេះឱ្យបានល្អបន្តទៀត ដើម្បីចូលរួមការប្រកួតប្រជែងលើកទី ២ ទៀត នៅឆ្នាំ ២០១៩។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

សូមកុំមានការតក់ស្លុករឿងជំងឺឆ្កែឆ្កួតខាំ, ទុកឲ្យអ្នកដែលបានត្រូវឆ្កែខាំ ឬសត្វមានពិស ចាក់មុន

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ដើម្បីបញ្ជាក់ថែមបន្តិច។ ទី ១ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការជ្រួលច្របល់ និងតក់ស្លុកសម្រាប់ប្រជាពលរដ្ឋមួយចំនួន ដែលផ្អើលតាមគ្នាទាក់ទងជាមួយនឹងការស្លាប់ដោយសារឆ្កែខាំ។ រឿងនេះ ខ្ញុំសុំយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស សុំកុំឲ្យមានការតក់ស្លុកនឹងភ័យខ្លាច រហូតទៅដល់វិទ្យាស្ថានប៉ាស្ទ័រ និងទីកន្លែងនា​នា ដែលមានមនុស្សទៅកកកុញ ដើម្បីទទួលយកសេវាវ៉ាក់សាំង ដែលមិនមែនជាសេចក្តីត្រូវការចាំបាច់របស់ខ្លួន។ អ្នកដែលមិនមែនឆ្កែខាំ ក៏ទៅរកវ៉ាក់សាំងដែរ ធ្វើឲ្យកកស្ទះ។ ដូច្នេះ ក្រសួងសុខាភិបាលបានធ្វើការអំពាវនាវរួចទៅហើយ។ យើងពិតជានឹងខិតខំដោះស្រាយ ក៏ប៉ុន្តែអ្នកដែលមិនមានឆ្កែខាំ ឬឆ្មាខាំ ក៏បែរជាទៅដល់ទីនោះដែរ បានធ្វើឲ្យពិបាកទៅដល់អ្នកដែលត្រូវទទួលវ៉ាក់សាំង។ មានកម្មវិធីទទួលវ៉ាក់សាំងដោយអ្នកត្រូវទទួលប៉ុន្មានមួយថ្ងៃហ្នឹង ព្រោះអ្នកដែលធ្លាប់ទទួលវ៉ាក់សាំង ធ្លាប់ឆ្កែខាំ ឬឆ្មាខាំ ឬស្អីដែលទទួលវ៉ាក់សាំងនោះ គឺទទួលទៅហើយ។​ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកដែលគ្មានឆ្កែខាំ ឬឆ្មាខាំនោះ បែរជានាំគ្នាទៅកកកុញនៅកន្លែងទទួលវ៉ាក់សាំង ហើយរហូតទៅដល់ប្រទេចផ្តាសា និងជេរបញ្ចោរ ទៅលើវិទ្យាស្ថានប៉ាស្ទ័រ និងទិតៀនទៅលើក្រសួងសុខាភិបាលផង។

បញ្ហានេះ គឺដូចដែលក្រសួងសុខាភិបាលបានធ្វើការអំពាវនាវ ការការពារដើម្បីកុំឲ្យមានជំងឺ គេហៅថា ឆ្កែឆ្កួត ឬសត្វខាំ វិធីដែលល្អជាងគេ គឺកុំឲ្យសត្វខំា អាហ្នឹងគឺមានតែប៉ុណ្ណឹងទេ គឺល្អ​ជាងគេហើយ។ កុំទៅប្រលែងជា​មួយសត្វឆ្កែ កុំទៅប្រលែងជាមួយសត្វមានពិស គឺយើងជៀសវាងបានហើយ អាហ្នឹងគឺវិធីដែលល្អជាងគេ។ និ​យាយយ៉ាងដូច្នេះ វាជៀសវាងមិនបានទេ ជួនកាលនៅឯទីវាលជនបទ គឺឆ្កែវាការពារកូនរបស់វា វាចេញមកខាំក៏មាន អ្នកទាំងនោះហើយដែលត្រូវការបន្ទាន់។ ខ្ញុំស្នើឲ្យក្រសួងសុខាភិបាលពង្រាយនូវសេវាបែបនេះ សម្រាប់មន្ទីរពេទ្យមួយចំនួន ដែលមានលទ្ធភាពផ្តល់សេវាបែបនេះ ហើយក៏អាចផ្តល់លទ្ធភាពទៅឲ្យគ្លីនិកឯកជន ដើម្បីជួយឲ្យផ្តល់សេវាវ៉ាក់សាំងបែបនេះដែរ។ ប៉ុន្តែការផ្តល់មិនមែនគ្រាន់តែចេះតែផ្តល់ដោយគ្មានការពិគ្រោះអំពីបញ្ហាជំងឺ តើវាកើតមកពីអីនោះទេ។

ខ្ញុំសុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង កុំតក់ស្លុកចំពោះមុខការស្លាប់របស់កុមារីម្នាក់ (ដែល)បង្កើតឡើងនូវការភ័យខ្លាចស្ទើរតែពេញនគរយ៉ាងដូច្នេះ … សុំឲ្យទុកលទ្ធភាពឲ្យអ្នកដែលទទួល អ្នកដែលធ្លាប់ទទួលវ៉ាក់សាំង ត្រូវទៅទទួលបន្ត ហើយអ្នកដែលត្រូវទទួលឆ្កែខាំ ឬឆ្មាខាំ ត្រូវទទួលបន្ត។ ប៉ុន្តែអ្នកដែលគ្មានទេ រក្សាក្រោយទៅ ហើយចាំទៅពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យ តើទទួលវ៉ាក់សាំងបែបណា? ខ្ញុំមិនមែនជាជំ​នាញ​ទេ ក៏ប៉ុន្តែ ឃើញភាពតក់ស្លុករប​ស់ប្រជាពលរដ្ឋរបស់យើង ហាក់ដូចជាធំពេកចំពោះមុខសភាពការណ៍នេះ ដែលនាំទៅដល់ភាពកកកុញទៅដល់វិទ្យាស្ថានប៉ាស្ទ័រ ក៏ដូចជាកន្លែងទទួលវ៉ាក់សាំងមួយចំនួន។

ប្រជាពលរដ្ឋខិតខំជួយសំអាតទីក្រុង/តំបន់ដែលខ្លួនរស់នៅ និងចោលសំរាមក្នុងធុង

ក្រៅពីនេះ ខ្ញុំចង់ឆ្លៀតបកមកទាក់ទិនជាមួយនឹងវិស័យទេសចរណ៍ ដែលក្នុងនោះ ខ្ញុំនៅតែបន្តការលើកទឹកចិត្ត និងដាក់ចេញនូវបទបញ្ជា ចង់អោយមានទីក្រុងស្អាត ដើម្បីជាការធានាដល់សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងភាពស្អាត អនាម័យក្នុងប្រទេសរបស់យើងផង។ បញ្ហាវាស្ថិតនៅលើខ្លួនយើងនេះឯង គឺយើងទាំងអស់គ្នារួមគ្នាធ្វើអនាម័យ បើមិនដូច្នេះទេ តើមនុស្សប៉ុន្មានលាននាក់មកកម្សាន្តសប្បាយ ហើយបោះចោលនូវអ្វីដែលខ្លួនទទួលទាន ឬប្រើប្រាស់រួចហើយ មិនដាក់នៅក្នុងធុងសំរាម ដែលមានរួចស្រេច ហើយទុកអោយអ្នកបោសសំអាតតែប៉ុន្មានរយ ប៉ុន្មានពាន់នាក់ តើបោសសំអាតឈ្នះទេ? ចំណុចនេះ ខ្ញុំសុំអំពាវនាវចំពោះប្រ​ជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ទាំងអស់គ្នា។

បើចង់អោយភូមិរបស់យើងស្អាត បើចង់អោយឃុំរបស់យើងស្អាត ចង់អោយសង្កាត់ ចង់អោយក្រុងរបស់យើងស្អាត​ ផ្លូវថ្នល់ ចិញ្ចើមថ្នល់របស់យើងស្អាត គឺមានតែយើងទាំងអស់គ្នាត្រូវខិតខំធ្វើសកម្មភាពទាំងអស់គ្នា មិនអាចពឹងផ្អែកទៅលើតែអ្នកបោសសំអាតនោះទេ អ្នកយកសំរាមនោះទេ។ អ្នកយកសំរាមត្រូវតែយកហើយ ក៏ប៉ុន្តែគួរតែត្រូវយក(សំរាម)ពីធុងសំរាម មិនមែនដើរទៅបោសសំរាមដែលអ្នកទាំងឡាយបោះចោលតាមផ្លូវនោះទេ។ ចំណុចនេះ ជាចំណុចដែលប្រជាពលរដ្ឋរបស់យើងមួយចំនួនពេបជ្រាយចំពោះអាជ្ញាធរថា ទីក្រុងរបស់យើងមិនសូវស្អាត ប៉ុន្តែអ្នកដែលនិយាយថា​ ទីក្រុងមិនសូវស្អាត បែរជានាំគ្នាបោះចោលសំរាម បោះចោលនូវថង់ផ្លាស្ទិក ដែលជារឿងមិនគួរគប្បីធ្វើនោះទេ។

ទាំងអស់គ្នាបង្កើតជាចលនាជាតិមួយ ចាប់ផ្ដើមពីក្មេងដឹងក្ដី រហូតដល់មនុស្សចាស់

ដើម្បីធ្វើអោយចលនាទីក្រុងស្អាត ទីក្រុងសុវត្ថិភាព ទីក្រុងផ្ដល់នូវសុខមាលភាព គឺមានតែយើងទាំងអស់គ្នាបង្កើតជាចលនាជាតិមួយ ចាប់ផ្ដើមពីក្មេងដឹងក្ដីរហូតដល់មនុស្សចាស់ ដើម្បីធ្វើ និងរួមចំណែកទាំងអស់គ្នា។ តាមរយៈនោះ យើងក៏ទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសរបស់យើង ដោយគ្មានការភ័យខ្លាចជាមួយនឹងជំងឺឆ្លងណាមួយ ដែលកើតចេញពីប្រទេសកម្ពុជាត្រឡប់ទៅវិញ។

កម្ពុជាតែងទប់ស្កាត់បានទាន់ពេលវេលានូវជំងឺឆ្លង

កម្ពុជាមានមោទនភាពក្នុងរយៈកាលចាត់តាំងពីជំងឺសារ ដែលពេលនោះ ខ្ញុំនៅចាំបានថា ជាពេលវេលាដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០០២-២០០៣។ ជំងឺសារ បានផ្ទុះឡើងនៅក្នុងតំបន់របស់យើង។ ពេលនោះ អតីតនាយករដ្ឋមន្រ្តីសិង្ហបូរី (Goh) Chok Tong បានហៅទូរស័ព្ទមកខ្ញុំ។ គាត់ផ្ដួចផ្ដើមគំនិតថា ឯកឧត្តម តើយើងគួរប្រជុំអាស៊ានក្នុងភាពបន្ទាន់មួយទេ? ខ្ញុំក៏បានឆ្លើយតបថា ចាំបាច់ណាស់។ អញ្ចឹងទីតាំងប្រជុំពេលនោះអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ក៏បានរៀបចំការប្រជុំនេះនៅឯទីក្រុងបាងកក ដែលខ្ញុំក្នុងឋានៈជាប្រធានអាស៊ាន ធ្វើជាសហប្រធានជាមួយនឹងឯកឧត្តម ថាក់ស៊ីន ហើយក៏ត្រូវបានចូលរួមដោយអតីតនាយករដ្ឋមន្រ្តីចិន វេង ជាប៉ាវ និងអតីតអភិបាលក្រុងរដ្ឋបាលហុងកុង តុង ជាវហ័រ គឺបានប្រជុំនៅទីក្រុងបាងកក ដាក់ចេញនូវវិធានការនានា។ ជំងឺសារ មិនបានចូលមកដល់កម្ពុជារបស់យើងនោះទេ។ ពិតហើយយើងមានជំងឺមាន់ឆ្កួត(ផ្ដា​សាយបក្សី) ប៉ុន្តែជំងឺសារអត់បានចូលទេ។ ផ្ទុយទៅវិញ កម្ពុជាទទួលផលិតខោអាវសំលៀកបំពាក់ពេទ្យ ចេញពីខេត្តកំពង់ចាមប្រមាណជា ៦​ លានកំប្លេរសម្រាប់បញ្ជូនចេញទៅផ្គត់ផ្គង់អោយប្រទេសដទៃ ប្រើប្រាស់ក្នុងការការពារជំងឺសារ។ ជំងឺកាចសាហាវនៅតំបន់នេះតំបន់នោះ មិនបានចូលមកកាន់កម្ពុជា ហើយក៏មិនបាននាំជំងឺពីកម្ពុជាឆ្លងទៅកាន់ប្រទេសដទៃទេ។ យើងបានត្រួតពិនិត្យដោយម៉ត់ចត់។ (បើ)សង្ស័យថា មានជំងឺសារនៅឯព្រលាន​យន្តហោះ យើងបានយកគេមកពិនិត្យ ធ្វើការថែទាំ ហើយព្យាបាលរហូតបាត់បង់ការសង្ស័យ ទើបអនុញ្ញាតអោយ​មានការធ្វើដំណើរបន្តទៀត។ ដូច្នេះចំណុចនេះយើងត្រូវរួមគ្នាដើម្បីធានាថា ប្រទេសកម្ពុជាមួយនេះមិនមែនជាគោលដៅដែលគួរអោយខ្លាចដោយសារជំងឺឆ្លងណាមួយ និងដោយសារការខ្វះអនាម័យនោះទេ។

កុំឲ្យកម្ពុជាមានអំពើភេរវកម្មនៅតាមតំបន់ទេសចរណ៍ និងធ្វើអោយមានសហគមន៍សុខសាន្ត

ចំណុចមួយទៀត ខ្ញុំនៅតែផ្ដល់ការលើកទឹកចិត្ត និងដាក់ចេញនូវបទបញ្ជា ទាក់ទងនឹងសន្តិភាព និងស្ថេរភាពខាង​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធានាធ្វើយ៉ាងម៉េចកុំឲ្យកម្ពុជាមានអំពើភេរវកម្ម កើតឡើងនៅតាមតំបន់ទេសចរណ៍នានា មិនថាតែនៅតាមតំបន់ទេសចរណ៍ទេ ត្រូវធ្វើឲ្យភូមិមួយ រោងចក្រមួយ សណ្ឋាគារមួយ សហគ្រាសមួយ ក្លាយទៅជាតំបន់សុខសាន្តមួយ។ ខ្ញុំទៅជួបកម្មករ ដែលមកដល់ពេលនេះប្រមាណជា ៩០ ម៉ឺននាក់រួចទៅហើយ ប្រមាណជាជិត ១ ពាន់រោងចក្រ។ ខ្ញុំបានប្រាប់ពួកគេថា សូមក្មួយៗទាំងឡាយចូលរួមចំណែកដើម្បីធ្វើឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ កុំឲ្យកន្លែងនោះក្លាយទៅជាកន្លែងដែលមានបងតូចបងធំ ក្លាយទៅជាកន្លែងដែលមានការចែកចាយគ្រឿងញៀន ក្លាយទៅជាកន្លែងដែលមានការឆ្លងជំងឺអេដស៍។ ធ្វើបានយ៉ាងដូច្នេះ យើងបានរួមចំណែកធ្វើឲ្យប្រទេស អនុវត្តបានល្អនូវគោលនយោ​បាយភូមិ/ឃុំ មានសុវត្ថិភាព ដែលទៅដល់ទីណាក៏ដោយគ្មានអ្វីកើតឡើង។ ឥឡូវទេសចរទៅកាន់តែឆ្ងាយហើយ គឺគ្រប់ទីកន្លែងដែលមានរមណីយដ្ឋាន (ដោយសារទីទាំងនោះ)ត្រូវបានរៀបចំអោយមានផ្លូវចូលទៅ។ កាន់តែទៅឆ្ងាយ ហើយគ្មានអ្វីកើតឡើង តាមរយៈបុណ្យទាននីមួយៗ យើងបានទទួលព័ត៌មានគួឲ្យពេញចិត្ត បន្តការលើកទឹកចិត្ត ចំពោះការផ្ដល់សុវត្តិភាពសម្រាប់ប្រជាជនទូទៅ ក្នុងហ្នឹងរាប់ទាំងវិស័យទេសចរណ៍។

កោតសរសើរចំពោះនគរបាលផ្នែកទេសចរណ៍ និងនគរបាលផ្នែកបេតិកភណ្ឌ

ខ្ញុំសូមកោតសរសើរ ចំពោះនគរបាលផ្នែកទេសចរណ៍ ក៏ដូចជាទេសចរផ្នែកបេតិកភណ្ឌ ដែលបានធ្វើកិច្ចការដ៏ល្អនៅក្នុងការងារនេះ ដែលមានពេលខ្លះ ជួនកាល(មានករណី)ធ្លាក់បាត់ការបូបដោយខ្លួនឯង ប៉ុន្តែត្រូវបានប្រជាពល​រដ្ឋរើសបាន ហើយប្រគល់មកឲ្យខាងនគរបាល។ នគរបាលបានស្វះស្វែងរកអ្នកដែលបាត់។ ប៉ុន្តែមានពេលខ្លះក៏មានការឆក់ដែរ តែវាមានតិចណាស់ … ជាងនេះទៅទៀត មិនត្រូវធ្វើអោយប្រទេសនេះធ្លាក់ទៅក្នុងភាពច្របូកច្របល់ណាមួយកើតឡើងនោះទេ គេមិនទៅលេងកន្លែងច្របូកច្របល់ទេ គេចង់ទៅលេងកំសាន្តនៅទីកន្លែងដែលមានសុវត្ថិភាព។

ធ្វើឲ្យអតិថិជន/ទេសចរ មកម្តងហើយ លើកក្រោយនាំមិត្តភក្តិគេមកដែរ

គ្មានអ្នកណាទៅប្រថុយ ឥឡូវមានអ្នកដាក់វីស្សាសុំទៅលេងទេសចរណ៍ នៅស៊ីរី, លីប៊ី, យ៉េម៉ែន តើអ្នកណាទៅអ្នកណាដាក់ទេសចរទៅលេងតំបន់ ដែលងាយរងគ្រោះ ចំណុចនេះត្រូវយល់អោយច្បាស់។ ដើម្បីទាក់ទាញទេសចរមួយ ហើយក៏សូមបញ្ជាក់បន្ថែមថា ដើម្បីឲ្យទេសចរមកកាន់ប្រទេសយើង អ្វីដែលយើងធ្លាប់បានធ្វើកន្លងទៅ ហើយដែលទទួលជោគជ័យរួចមកហើយ ត្រូវខិតខំបន្តទៀត។ ការផ្សព្វផ្សាយព័ត៌មានតាមទូរទស្សន៍សំខាន់ៗពីទេសចរណ៍កម្ពុជា ជារឿងមួយហើយ តែការផ្សព្វផ្សាយតាមរយៈនៃអ្នកទេសចរដែលអញ្ជើញមកកម្ពុជា ទើបជារឿងដែលសំខាន់។ ត្រូវចាំឲ្យបាន។ បើធ្វើជាអ្នកជំនួញ អ្នកលក់ដូរ ការរកបាននូវអតិថិជនម្នាក់មកទិញរបស់យើងលក់ គឺជារឿងលំបាកហើយ តែរឿងដែលលំបាកជាងទៀត ត្រូវធានាយ៉ាងណាឲ្យអ្នកដែលជាអតិថិជនមកទិញរបស់ពីយើងនោះ ថ្ងៃក្រោយគេមកទិញទៀត មិនត្រឹមតែមកទិញខ្លួនឯងទេ គេហៅទាំងមិត្តភក្តិរបស់គេ មកជួយទិញថែមទៀត ទើបជាបញ្ហាជោគជ័យនៃមុខជំនួញ។

កុំឲ្យគេមកទិញម្តងហើយ រាងចាល មុខគេមិនមើល។ សម្តីគំរោះគំរើយ តម្លៃកាត់ថ្លៃ(ខ្ពស់ពេក) អញ្ចឹងថ្ងៃក្រោយរកស៊ីខាត កុំថាមកពីរដ្ឋាភិបាល កុំបន្ទោសរដ្ឋាភិបាល …។ ពីដើម កាលពីជំនាន់ខ្ញុំចាប់ផ្តើមកែទម្រង់សេដ្ឋកិច្ច កាលនោះ មានសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចទីផ្សារ គួបផ្សំគ្នា។ យើងមានគេហៅថា ហាងរបស់រដ្ឋ និងហាងរបស់ឯកជន ២ នៅទន្ទឹមគ្នា។ ហាងរបស់ឯកជន ពេលដែលចូលទៅដល់ និយាយពីចាប់ផ្តើម តុគ្មានដីក៏មកជូតដែរ ជូតហើយចាក់ទឹកតែ រួចហើយ(សាកសួរ)ទទួលទានអីភ្លាមទៅ។ កុំម្មង់យកមកទទួលទាន គេទទួលភ្ញៀវល្អ។ ដល់ហាងខាងរដ្ឋនេះ ស្អីក៏មិនមានដាក់។ តុមើលសុទ្ធតែដី ហើយមុខចេញមកមិនស្រស់។ ចំ​ណុចប្រកួតប្រជែង គឺវានៅកន្លែងហ្នឹង។ ភាពរាក់ទាក់ស្រស់ស្រាយ គឺជារឿងល្អ។

អនាម័យចំណីអាហារ, វិថីម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងមិនឲ្យទេសចរប្រមូលផ្តុំមួយកន្លែង

យើងក៏ត្រូវចាំឲ្យបានច្បាស់ អនាម័យចំណីអាហារ គឺជាបញ្ហាធំ ដើម្បីធានាថា ភ្ញៀវទេសចរគឺមកកាន់ប្រទេសកម្ពុជាយើង ស្វែងរកប្រភពចំណីអាហារ ដែលមានរសជាតិឆ្ងាញ់។ អញ្ចឹងទេ ឥឡូវនេះ ដាក់ចេញនូវគោលដៅស្តង់ដារវិថីម្ហូបអាហារ និងបង្កើតឲ្យមានការប្រកួតប្រជែងតាមវិថីនានា ដែលលក់ម្ហូបអាហារ។ បើសិនជាវិថីនេះឆ្ងាញ់ពិសា ទេសចរច្បាស់ជាចូលចិត្តមកទាំង​ថ្ងៃទាំងយប់។ មកតាមវិថីហ្នឹង។ ប៉ុន្តែ មួយទៀត បើចង់បានឲ្យ​ទេសចរទៅហ្នុងដែរ វាទាល់តែប្រឹងសំអាតផ្លូវ។ អញ្ចឹងនេះព្រួញមួយបាញ់បានសត្វពីរ។ បើវិថីទាំងអស់នៅទីក្រុងភ្នំពេញ ជាវិថីដែលស្អាតទាំងអស់ ម្ហូបឆ្ងាញ់ទាំងអស់ អញ្ចឹងទេ វាចាប់ផ្ដើមប្រកួតប្រជែងហើយទាញទេសចរទៅ ដែលមិនប្រមូលផ្តុំតែនៅមួយកន្លែងទេ។ អញ្ចឹងទេ ត្រូវយកចិត្តទុកដាក់ទៅលើចំណុចនេះ។

ប្រើវិស័យទេសចរណ៍ជម្រុញកសិកម្ម/សិប្បកម្ម, ណែនាំប្រជាពលរដ្ឋធ្វើឲ្យមានខ្សែក្រវាត់បៃតង

ត្រូវប្រើប្រាស់វិស័យទេសចរណ៍ ដើម្បីជម្រុញវិស័យកសិកម្ម ឲ្យឈានឡើងមួយកម្រិតទៀត។ ខ្ញុំតែងតែនិយាយថា ត្រូវធ្វើឲ្យមានខ្សែក្រវាត់បៃតងនៅជុំវិញតំបន់ទេសចរណ៍ធំៗ ខិតខំណែនាំប្រជាពលរដ្ឋរបស់យើង ឲ្យដាំបន្លែ ឲ្យចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទៅបណ្ដាសណ្ឋាគារ​ សម្រាប់វិស័យទេសចរណ៍។ យើងកំពុងនាំរូបិយបណ្ណបរ​ទេសចេញទៅក្រៅ ដើម្បីនាំមកនូវការផ្គត់ផ្គង់នៅក្នុងស្រុក។ អញ្ចឹងបានជាប៉ុន្មានឆ្នាំរួចហើយ ខ្ញុំនៅតែនិយាយម្តងហើយម្តងទៀត អំពីការខិតខំនាំចេញនូវនឹងកន្លែង សំដៅទៅដល់ប្រជាពលរដ្ឋរបស់យើងដាំដុះនូវបន្លែបង្កា នូវផ្លែឈើ នូវការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ឱ្យសណ្ឋាគារដែលទទួលភ្ញៀវទេសចរណ៍។ ចំណុចនេះ មានសារសំខាន់ខ្លាំងណាស់ ធ្វើឱ្យប្រជាពលរដ្ឋ យើងអាចទទួលបានផលប្រយោជន៍។ យកវិស័យទេសចរណ៍ ទាញវិស័យកសិកម្មឱ្យឈានទៅមុខ។ ទាញវិស័យសិប្បកម្មឱ្យឈានទៅមុខ។ អញ្ចឹងទេ យើងបង្កើតបានការ​ងារធ្វើផង និងជាទីផ្សារសម្រាប់កសិករ និងសិប្បកររបស់យើងផង។

ប្រើប្រាស់ឱ្យអស់សក្តានុពលកសិកម្មក្នុងស្រុក ដើម្បីបម្រើទៅឱ្យទេសចរណ៍

យើងមិនខ្ជះខ្ជាយរូបិយបណ្ណ ដែលបានចូលមកដល់ក្នុងប្រទេស ហើយបែរជាហៀរចេញទៅប្រទេសក្រៅ។ ពិតហើយ មានរបស់ខ្លះយើងមិនទាន់ផលិតបានក្នុងស្រុក យើងត្រូវយកពីខាងក្រៅមកហើយ ដូចជា ស្រារបស់យើងសព្វថ្ងៃនេះមិនទាន់ពេញនិយមទេ។ យើងបានធ្វើសាំប៉ាញត្នោត យើងបានធ្វើស្រាទំពាំងបាយជូ តែគេមិនទាន់ពេញនិយមទេ។ គេត្រូវការស្រាបារាំងស្រា Bordeaux ឯណោះ។ ខ្ញុំស្គាល់តែ Bordeaux ហ្នឹងមួយទេ ព្រោះអាហ្នឹងស្រណុកហៅ។ ឡើងដល់យន្តហោះ គេសួរស្អី? ចេះតែ Red Wine។ គេសួរថាម៉ាកស្អី? Bordeaux តែប៉ុណ្ណឹង។ ប៉ុន្តែផឹកតែបន្តិចៗទេ។ ខ្ញុំអត់ចេះផឹកស្រា។ មនុស្សមិនចេះផឹកស្រា។ អញ្ចឹងទេ ត្រូវខិតខំផលិតក្នុងស្រុក ប្រើប្រាស់ឱ្យអស់សក្តានុពលនូវកសិកម្មក្នុងស្រុក ដើម្បីបម្រើទៅឱ្យទេសចរណ៍។

សណ្ឋាគារណាដែលប្រើប្រាស់ផលិតផលក្នុងស្រុកច្រើនជាងគេ នឹងទទួលបានពិន្ទុល្អ

មានរបស់ច្រើនណាស់ ដែលយើងអាចផ្គត់ផ្គង់នៅក្នុងបណ្តាសណ្ឋាគារ បណ្តាភោជនីយដ្ឋានបម្រើឱ្យវិស័យ​ទេសចរណ៍បាន។ ដូច្នេះ ហើយបានជាយើងលើកទឹកចិត្ត។ ចាំបានទេ នៅពេលដែលយើងប្រជុំដំបូង ដែលខ្ញុំផ្តល់អនុសាសន៍ អំពីការឱ្យពិន្ទុតាមសណ្ឋាគារ។ សណ្ឋាគារណាដែលប្រើប្រាស់នូវផលិតផលក្នុងស្រុកច្រើនជាងគេ សណ្ឋាគារនោះនឹងទទួលបាននូវពិន្ទុល្អ លើកលែងតែរបស់ដែលយើងផលិតមិនបាន។ រឿងនេះ ខ្ញុំនៅតែនិយាយដដែល។ ប្រទេសជប៉ុនបច្ចុប្បន្ន ដែលអគ្គរដ្ឋទូតជប៉ុននៅទីនេះ កសិកម្មរបស់ជប៉ុនមានត្រឹមតែ ១% នៃ GDP តែប៉ុណ្ណោះ ប៉ុន្តែ ចិញ្ចឹមប្រជាជនជប៉ុនខ្លួនឯងហើយ នាំចេញឱ្យគេស៊ីនៅពេញពិភពលោក។ ស្រុក​ខ្មែរយើងស៊ីរបស់ជប៉ុនច្រើនណាស់ តាំងពីផ្លែមេឡុង តាំងពីផ្លែក្រូច។ យើងរាល់ថ្ងៃស៊ីរបស់ជប៉ុនមិនតិចទេ។ កសិករជប៉ុនគេធ្វើការខ្លាំងណាស់ដើម្បីគេធ្វើមានបាន។ ក្រៅពីផ្គត់ផ្គង់ក្នុងប្រទេស គេនៅផ្គត់ផ្គង់ចេញក្រៅប្រទេស​។ ឥឡូវ ម្ហូបជប៉ុនគ្រាន់តែនៅស្រុកខ្មែរយើងមិនតិចទេ។ ខ្ញុំញៀននឹងផ្លែក្រូចរបស់ជប៉ុន (អាផ្លែក្រូចឃ្វិច) … ផ្លែក្រូចយើងក៏វាឆ្ងាញ់ដែរ … បើស៊ីផ្លែក្រូចយើងបានវាកាន់តែល្អ ប៉ុន្តែផ្លែក្រូចរបស់យើងវាមានរដូវកាលរបស់វា។

បណ្តុះបណ្តាលកសិករ នៅជុំវិញតំបន់ទេសចរណ៍

ខ្ញុំនៅតែទទូចអំពាវនាវអោយធ្វើការបណ្តុះបណ្តាលកសិកររបស់យើង នៅជុំវិញតំបន់ទេសចរណ៍ ដើម្បីអោយពួកគាត់ប្រែក្លាយពីការដាំស្រូវ ដែលប្រើប្រាស់កម្លាំងពលកម្មធំ ប្រើទឹកច្រើនទៅជាតំបន់ ដែលដាំបន្លែបង្កា។ ផ្នែកពាណិជ្ជកម្មទេសចរណ៍របស់យើង តម្រង់ទិសទីផ្សារដោយកំណត់យកសណ្ឋាគារ និងភោជនីយដ្នានដែលមានធ្វើជាទីផ្សារអោយកសិករដាំដុះនោះ។ យើងធ្វើយ៉ាងដូច្នេះសេដ្ឋកិច្ចរបស់យើងគ្មានរងផលប៉ះពាល់អ្វី ពីឥទ្ធិពលពីខាងក្រៅ ពីសង្គ្រាមពាណិជ្ជកម្ម ឬពីហេតុការណ៍ណាមួយដែលវាមានបញ្ហាពីខាងក្រៅទេ ដោយសារយើងដោះស្រាយទីផ្សារ ពីផលិតផលកសិករយើងបាន។ ៦ លាននាក់នៃទេសចរនេះ មិនបានវេចអង្ករពីប្រ​ទេសរបស់គេមកទេ។ គេច្បាស់ជាមកទទួលទាននៅក្នុងស្រុកយើង ទាំងបាយ ទាំងនំបុ័ង។ យើងត្រូវមានការផលិតនំបុ័ងអោយវាឆ្ញាញ់នៅក្នុងស្រុក បម្រើអោយអ្នកដែលទទួលទាននំបុ័ង។ ត្រូវផលិតអង្ករអោយវាឆ្ញាញ់នៅក្នុងប្រទេស ដើម្បីតម្រូវការអ្នកដែលទទួលទានអង្ករ។ ចំណុចអស់ទាំងនេះមានប្រទាក់ក្រឡាគ្នាខ្លាំងណាស់។

ដោយសារតែការងើបឡើងនៃវិស័យទេសចរណ៍ គឺយើងមានសង្ឃឹម មិនគ្រាន់តែប្រាក់ចំណូលទៅលើវិស័យ​ទេស​ចរណ៍ ដែលចូលមកដែលទាក់ទងជាមួយនឹងចំណូលមិនមែនសារពើពន្ធជាថ្លៃទិដ្ឋការ ជាថ្លៃការចូលមើលអង្គវត្ត និងពីចំណូលផ្សេងៗទៀតនោះទេ ក៏ប៉ុន្តែយើងបានបង្កើតការងារទាំងផ្ទាល់ និងទាំងប្រយោលបង្កើតមុខរបរអោយប្រជាពលរដ្ឋធ្វើការដាំដុះ ចិញ្ចឹមសត្វ និងសិប្បកម្មវត្ថុអនុស្សាវរីយ៍ ដែលជាផលិតផលសម្រាប់វិស័យទេសចរណ៍។ យើងចាប់ផ្តើមពីសូន្យទេសចរ មកកាន់ ៦ លាន  ២ សែន ទេសចរ។ សូមកុំភ្លេច ឆ្នាំ ១៩៩៤ ហើយ យើងខ្ញុំត្រូវទទួលខុសត្រូវចំពោះមុខសោកនាដកម្មសម្រាប់ជនជាតិបារាំងម្នាក់ ជនជាតិអូស្ត្រាលីម្នាក់ និងជនជាតិអង់គ្លេសម្នាក់ ដែលជិះរថភ្លើងទៅ ត្រូវខ្មែរក្រហមបាញ់ស្ទាក់នៅភ្នំវល្លិ៍។ នៅមុនឆ្នាំ ១៩៩៩ តាមដែលខ្ញុំដឹង ទេសចរជប៉ុន រដ្ឋាភិបាលជប៉ុនអនុញ្ញាតអោយមកត្រឹមតែសៀមរាប និងភ្នំពេញតែប៉ុណ្ណោះ ​មិនអនុញ្ញាតអោយចេញទៅខេត្តផ្សេងទេ។ រដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ពួកគេ ​មិនអាចអោយពលរដ្ឋរបស់គេ មកផ្សងព្រេងជាមួយនឹងគ្រោះថ្នាក់ទេ។

សេដ្ឋកិច្ចពហុវិស័យដែលគ្មានទីអស្តង្គត

ប៉ុន្តែ ក្រោយពីនយោបាយឈ្នះឈ្នះ ឆ្នាំ ១៩៩៨ ឯកភាពទឹកដីហើយ យើងបំផ្លាញចោលគ្រាប់មីន យើងធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ឥឡូវនេះទេសចរណ៍របស់យើងជុំវិញតែម្តង។ ខាងមុខនេះទៅទូទាំងប្រទេស ខាងមុខនេះយើងនឹងកសាងផ្លូវបន្ថែមៗទៀត រាប់ទាំងផ្លូវដែលតភ្ជាប់ពីខេត្តកោះកុង តាមព្រំដែនកម្ពុជា-ថៃ ទៅថ្មដា ហើយចេញពីថ្មដា ពោធិ៍សាត់ ទៅប៉ៃលិន ទៅបាត់ដំបង ដែលធានាឲ្យទេសចរណ៍របស់យើងអាចធ្វើដំណើរតាមទូទាំងព្រំដែនកម្ពុជាបាន ដែលតភ្ជាប់គ្នាទាំងអស់។ យើងក៏មានចំណុចទេសចរណ៍ទាក់ទាញ ដែលជាអេកូទេសចរណ៍។ ចំណុចទាំងអស់នេះយើងត្រូវខិតខំ។ នេះជាសេដ្ឋកិច្ចពហុវិស័យ ដែលគ្មានទីអស្តង្គតទេ។ សូម្បីតែក្នុងវិស័យកសិកម្ម ដែលខ្ញុំនិយាយអម្បាញ់មិញ មានអនុវិស័យរបស់វាច្រើនណាស់ ដែលក្នុងនោះមានអនុវិស័យដែលបម្រើឲ្យវិស័យទេសចរណ៍ក្នុងស្រុក ដែលត្រូវការច្រើន។ ឥឡូវគ្រាន់តែនិយាយតែមួយមុខអញ្ចេះទៅចុះ តើសំរាប់ប្រ​ជា​ពលរដ្ឋ សំរាប់ទេសចរបរទេស ដែលចូលទទួលទានតាមភោជនីយដ្ឋាន និយាយពីបង្អែម​ក្រោយពេលបាយ តើពួកគេត្រូវការក្រូចប៉ុន្មាន? ត្រូវការឪឡឹកប៉ុន្មាន ត្រូវការផ្លែស្វាយប៉ុន្មាន? នៅសេសសល់តែយើងធ្វើការសម្របសម្រួលគ្នា ដើម្បីឲ្យភោជនីយដ្ឋាន និងសណ្ឋាគារទាំងឡាយ ក្លាយទៅជាទីផ្សារនៃផលិតផលរបស់កសិករតែប៉ុណ្ណោះ។

អញ្ចឹងខ្ញុំស្នុំឲ្យក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ហើយជាពិសេសអស់លោកតាមខេត្ត ដែលមានភ្ញៀវនៅហ្នឹង ព្រោះថ្នាក់ជាតិអត់មានទេការពិត ថ្នាក់ជាតិនៅដែនដី ដូចជា        សណ្ឋា​​គារផ្កាយប្រាំមួយនេះ វានៅនឹងដែនដីសង្កាត់ជ្រោយចង្វារតើ អញ្ចឹងអស់លោកទាំងឡាយ ដែលជាអាជ្ញាធរថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់រាជធានីខេត្ត ខណ្ឌ ស្រុក ក្រុង សង្កាត់ នាំគ្នាធ្វើកិច្ចការឲ្យបានល្អ មិនមែនបញ្ហានេះជាភារកិច្ចដាច់ដោយឡែករបស់ក្រសួងទេសចរណ៍ទេ។ យើងគ្រាន់តែដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិ។ ប៉ុន្តែ អ្នកដែលអនុវត្តជាក់ស្តែង សណ្តាប់ធ្នាប់សារធារណៈនៅនឹងមូលដ្ឋានទាំងអស់។ ខ្ញុំពិតជាមានការលើកទឹកចិត្ត ដែលខ្ញុំបានចេញដំណើរជាមួយអស់លោកអ្នក ជាមួយនឹងប្រជាជនកម្ពុជាពីសូន្យទេសចរ មកឡើងដល់ ៦ លាន ២ សែនទេសចរ។ ហ្នឹង(នេះជាចំនួនទេសចរ)មកពីក្រៅប្រទេស និងនៅរាប់លានទេសចរខ្មែរ ដែលធ្វើដំណើរក្នុងស្រុក និងនៅមានដល់លាននាក់ទេសចរចេញពីស្រុកខ្មែរ ទៅទស្សនកិច្ចនៅប្រ​ទេស​ក្រៅ​។ ខ្ញុំនឹងបន្តរួមដំណើរជាមួយអស់លោកអ្នក ធ្វើកិច្ចការងារនេះបន្តទៀត ឲ្យទេសចរណ៍កម្ពុជាកាន់តែទាក់ទាញដោយចាប់ផ្តើមពីសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមជាគោលដៅធំ។

[ចប់សេចក្តីអធិប្បាយ]

ជាទីបញ្ចប់ ជាមួយនឹងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៧ ឆ្នាំ ២០១៩ ក្រោមប្រធានបទទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លៀតឡើយ៕

សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ