សេចក្តីថ្លែងការណ៍ សម្តេចតេជោ ហ៊ុន សែន ស្តីពី ព័ត៌មានបំផុសថា កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន

CNV: 

កម្ពុជាមិនឲ្យមានកងទ័ព ឬមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន ដែលនឹងរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួននោះទេ

… ខ្ញុំក៏ទទួលបាននូវលិខិតរបស់ Mike Pence ដែលជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បង្ហាញអំពីកង្វល់ទាក់ទងជាមួយនឹងការនឹងវត្តមានមូលដ្ឋានកងទ័ពជើងទឹក​របស់ចិននៅពេលខាងមុខនៅកម្ពុជា។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិ​ ក៏ដូចជាមិត្តភក្តិបរទេសទាំងអស់ថា តើកម្ពុជាមានការចាំបាច់ ដើម្បីនឹងរំ​លោភនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ឬទេ?​ រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានហាមឃាត់​វត្តមានរបស់កងទ័ពបរទេស ឬការមានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន។ កងទ័ពរបស់ខ្លួនក៏ត្រូវបានហាមឃាត់​មិនឲ្យចូលរួមនៅក្នុងប្រតិបត្តិការជាមួយប្រទេសណា លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដូចដែលយើងកំពុងស្ថិតនៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្រ្វិកកណ្តាល។ នេះជាចំណុចមួយដែលសូមបញ្ជាក់ទៅកាន់សាធារណជន ទៅកាន់មិត្តភក្តិបរទេស។ ខ្ញុំក៏នឹងតបឆ្លើយលិខិតរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់អំពីជំហររបស់កម្ពុជា ទាក់ទងទៅនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់នូវវត្តមានកងទ័ព មូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា មិនថា ជើងគោក ជើងទឹក ឬជើងអាកាសនោះទេ។

តើកម្ពុជាចាំបាច់ត្រូវការកងទ័ពបរទេសលើទឹកដីខ្លួនឬទេ?

ចំណុចទី ២ ចោទចេញជាសំណួរថា តើកម្ពុជាត្រូវការកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនដើម្បីអ្វីទៅ? តើកម្ពុជាត្រូវការច្បាំងជាមួយអ្នកណា? កម្ពុជាមានកម្លាំងគ្រប់គ្រាន់ដើម្បីការពារ​​​ឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួនរួចទៅហើយ មិនមានការចាំបាច់ដើម្បីដាក់កងទ័ពបរទេសមកជំនួយទេ … កម្ពុជា គ្មានការចាំបាច់ដើម្បីនឹងត្រូវការអន្តរាគមន៍ដោយកងទ័ពបរទេសនោះទេ។ តើយើងវាយជាមួយអ្នកណា? វាយជាមួយប្រជាជនខ្លួនឯង(ឬ)? វាយជាមួយថៃ? វាយជាមួយវៀតណាម ឬឡាវ ឬវាយជាមួយប្រទេសណា? នេះជាចំណុចមួយដែលគួរឲ្យងឿងឆ្ងល់ណាស់។ តើគេមានចេតនាចង់ធ្វើអ្វីចំពោះកម្ពុជា? ឬក៏គ្រាន់តែយកបញ្ហាវត្តមាននៃអ្នកវិនិយោគ និងអ្នកទេសចរដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិន ធ្វើជាលេសដើម្បីមួលបង្កាច់ និងដើម្បីដាក់កំហុសចំពោះកម្ពុជា?

កុំយកកម្ពុជាធ្វើជាទីលានសាកល្បងមនោគមវិជ្ជា ឬសម្រាប់សាកអាវុធឲ្យសោះ

ខ្ញុំពិតជាមានការសោកស្តាយណាស់ ជាមួយនឹងភាពមិនច្បាស់លាស់នៃជនជាតិបរទេសមួយចំនួន ដែលព្យា​យាមធ្វើអាក្រក់ម្តងហើយម្តងទៀត ចំពោះកម្ពុជាដែលគ្មានកំហុសអ្វីទាល់តែសោះ ទៅលើបញ្ហាទាំងអស់នេះ។ កម្ពុជាមិនមានការចាំបាច់ឲ្យប្រទេសណាមួយមកធ្វើសង្គ្រាមក្នុងប្រទេសរបស់ខ្លួនទេ។ ខ្ញុំមិនត្រូវការឲ្យបរទេសមកច្បាំងគ្នាលើទឹកដីខ្មែរ ដូចកាលពីអតីតកាលទេ។ និយាយតាមមួយបែប នយោបាយរួមរបស់គណបក្សប្រ​ជាជន និងនយោបាយដឹកនាំដោយឡែករបស់ខ្ញុំ ហ៊ុន សែន មិនត្រូវ​ការឲ្យបរទេសមកវាយគ្នានៅលើទឹកដីកម្ពុជាទេ។ សូមកុំយកកម្ពុជាធ្វើជាទីលានសាកល្បងមនោគមវិជ្ជាក្តី ឬអាវុធក្តីឲ្យសោះ។

ប្រទេសទាំងអស់លើពិភពលោក ជាមិត្តភក្តិ

យើងចាត់ទុកប្រទេសទាំងអស់នៅលើពិភពលោក ជាមិត្តភក្តិ ដែល​ត្រូវរួមសហការក្នុងការអភិវឌ្ឍ​។ យើងគ្រាន់តែស្វាគមន៍ចំពោះមិត្តភក្តិអន្តរជាតិ មកចូលរួមជាមួយយើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ខ្ញុំចង់ឲ្យមិត្តភក្តិបរទេសទាំងអស់មកប្រកួតប្រជែងគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ​។ បើប្រទេសមួយកសាងបានស្ពានមួយ ស្ពានពីរ ប្រទេសមួយទៀតកសាងបីបួនទៅ ប្រណាំងប្រជែងគ្នាលើបញ្ហានេះ។ ប្រទេសមួយផ្តល់ជំនួយឲ្យផ្លូវថ្នល់មួយខ្សែ ប្រទេសមួយទៀតឲ្យថ្នល់ពីរខ្សែមក។ គឺយើងចង់បានយ៉ាងដូច្នេះ។ យើងចង់ឲ្យប្រទេសនានាប្រកួតប្រជែង ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រទេសមួយឲ្យមន្ទីរពេទ្យមួយ ប្រទេសមួយទៀតឲ្យមន្ទីរពេទ្យមួយ ឬពីរ ប្រឡាយទឹក ឬក៏សាលារៀន។ សូមអញ្ជើញ។ យើងស្វាគមន៍។ យើងស្វាគមន៍ការវិនិយោគនៃប្រទេសនានាមកកាន់ប្រទេសកម្ពុជា។ យើងបដិសេធចោលដាច់ខាតនូវការប្រកួតប្រជែងខាងមនោគមវិជ្ជា ដើម្បីបំបែកបំបាក់ខ្មែរ និងសម្លាប់ខ្មែរដូចពីអតីតកាល។ យើងទាត់ចោលដាច់ខាតនូវការប្រកួតប្រជែង​យកកម្ពុជាធ្វើជាទីលានសាកល្បងអាវុធរបស់ខ្លួន ឬលក់អាវុធរបស់ខ្លួនមកឲ្យកម្ពុជា។

កម្ពុជា អនុវត្តគោលនយោបាយឯករាជ្យ និងការពារអធិបតេយ្យ

ចំណុចនេះ សង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជា ដែលបានទទួលនូវព័ត៌មានតាមរយៈសារព័ត៌មាននេះសារព័ត៌មាននោះ ឬមិត្ត​ភក្តិបរទេសទាំងឡាយដែលមានកង្វល់ ជឿទុកចិត្តចំពោះការអនុវត្ត(គោលនយោបាយ)​ប្រកប​ដោយឯករាជ្យ និងការ​ពារអធិបតេយ្យរបស់កម្ពុជា។ យើងមិនត្រូវការទាល់តែសោះនូវវត្តមានកងទ័ពបរទេសនៅលើទឹកដីរបស់យើង។ យើងស្វាគមន៍កិច្ចសហប្រតិបត្តិការ ឧទាហរណ៍ អាចនឹងការរៀបចំសមយុទ្ធយោធា ដោយពហុភាគី​ ឬក៏ទ្វេភា​គី តាមអ្វីដែលកម្ពុជាជាម្ចាស់ផ្ទះសម្រេចចិត្ត។ ឧទាហរណ៍ យើងធ្លាប់បានធ្វើជាម្ចាស់ផ្ទះសមយុទ្ធយោធាជា​មួយ​នឹងប្រទេសជាច្រើន ដែល​មកចូលរួមជាមួយយើង ធ្វើសមយុទ្ធ ហ្វឹកហាត់រួម ជាមួយនឹងប្រទេសមួយចំ​នួនផ្សេងទៀត។ យើងចង់បានគោលដៅនៃការធ្វើសមយុទ្ធ គឺហ្វឹកហាត់ សង្គ្រោះគ្រោះមហន្តរាយ ហ្វឹកហាត់ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម ហ្វឹកហាត់ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវទទួលការគម្រាមកំហែងក្នុងស្ថានភាពជាគ្រោះធម្មជាតិ ឬគ្រោះដោយសារបញ្ហាអ្វីមួយដែលវាកើតឡើង រាប់ទាំងបញ្ហាដែលទាក់ទងជាមួយនឹងការជម្លៀសប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះថ្នាក់ធំៗកើតឡើង ដូចជាការធ្លាក់យន្តហោះ ឬរបៀបសង្គ្រោះ​តាមរយៈនូវការលិចនាវា ដែលយើងអាចមានកម្លាំងសង្រ្គោះ​បន្ទាន់ភ្លាមៗ និងការមុជរុករកជាដើម។ល។

កម្ពុជាបញ្ជូនកម្លាំងក្រោមឆ័ត្រ UN, ទទួលតែអនុពន្ធយោធា យោធាចារ្យ និងសិក្ខាកាមយោធាបរទេស

ខ្ញុំសូមបញ្ជាក់សាជាថ្មីម្តងទៀត នៅកម្ពុជា ពីមុនរហូតមកដល់ពេលនេះ ឬចាប់ពីឆ្នាំ ១៩៨៩ រហូតមកដល់ពេលនេះ យើងពុំមានកងទ័ពបរទេសនៅកម្ពុជាទេ។ ពិតហើយ កងទ័ពបរទេស​ដែលមកចូលនៅក្នុងកម្ពុជា នៅឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣ គឺជាប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ ឥឡូវនេះ យើងមានតែកងទ័ពរបស់យើងបញ្ជូនចេញទៅក្រៅប្រទេសតែប៉ុណ្ណោះ។ ឯនៅកម្ពុជា ខ្ញុំទទួលស្គាល់ថា វាមានកងទ័ពបរទេស តែអ្នកទាំងនោះគឺជាអនុពន្ធយោធានៅតាមការទូតនានាតែប៉ុណ្ណោះ គ្មានកងទ័ពបរទេសសម្រាប់​ការប្រយុទ្ធនោះទេ។ មានកងទ័ពបរទេសខ្លះ ដែលមកធ្វើជាជំនាញការ យោធាចារ្យដោះមីន ដែលភាគច្រើនដូចជាមកពីឥណ្ឌាក៏មាន បារាំង អាមេរិកក៏មានដូចគ្នា។ តើយើងយល់យ៉ាងម៉េចវិញទៅលើបញ្ហានេះ? យើងទទួលស្គាល់ថា សព្វថ្ងៃនេះ មានសិក្ខាកាមបរទេស រាប់ទាំងមកពីប្រទេសកូឡុំប៊ី ដែលនៅកៀកនឹងប្រទេសអាមេរិកឯណោះ មករៀនសូត្រនៅកម្ពុជានេះ សម្រាប់វិស័យដោះមីន។

កម្ពុជាទាត់ចោលនូវព័ត៌មានបំភ្លៃនូវការពិត

ខ្ញុំសូមបញ្ជាក់សាជាថ្មី កម្ពុជាមិនអនុញ្ញាតឲ្យមានយោធាបរទេស មិនថាជើងទឹក ជើងគោក ឬជើងអាកាសនោះទេ។ យើងទាត់ចោលនូវព័ត៌មានទាំងឡាយ ដែលបំភ្លៃនូវការពិត ហើយយើងបញ្ជាក់ជាផ្លូវការនៅថ្ងៃនេះ។ ខ្ញុំនឹងធ្វើលិខិតជូនទៅអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ដើម្បីឲ្យគាត់ដឹងច្បាស់អំពីបញ្ហានេះ។ ស្អែក ខ្ញុំនឹងជួបទូតសហរដ្ឋអាមេរិក William A. Heidt ដែលគាត់លា។ ខ្ញុំ(អាច)នឹងបញ្ជាក់ប្រាប់គាត់ពីរបីម៉ាត់បន្ថែម។ តែយកល្អ គួរកុំនិយាយ។ បើបានផ្សព្វផ្សាយទៅហើយ គួរកុំនិយាយតែម្តង។​ ខ្ញុំមិនចង់ទាស់គ្នានៅពេលដែលបែកគ្នានោះទេ។ ខ្ញុំមិនចង់(អោយមាន)ការសន្ទនាណាមួយដែលវាមានភាពជូរចត់មុនពេលដែលចាកចេញនោះទេ។ ដូច្នេះសង្ឃឹមថា លោក Heidt ដែលគាត់ចេះខ្មែរដែរនោះ នឹងមើ​លនូវសេចក្តីថ្លែងការរបស់ខ្ញុំនៅពេលនេះ។ សូមជូនពរបងប្អូនជនរួមជាតិ រីករាយសម្រាប់បុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ដែលនឹងមកដល់នៅថ្ងៃខានស្អែកនេះ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ