សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី បើកការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ

37

CNV: 

ស្ពានអាកាសចោមចៅជាស្ពានអាកាសទី ក្នុងរាជធានីភ្នំពេញ

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅទីនេះ ជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួមបើកការដ្ឋានសាងសង់ស្ពានអាកាស និងស្ពានក្រោមដីនៅ​រង្វង់មូលចោមចៅ ដែលនេះជាប្រភេទស្ពានអាកាសទី ៦ ហើយដែលយើងបានកសាងនៅទីក្រុងរបស់យើង។​ ដោយឡែក កសាងដោយក្រុមហ៊ុនអាណិកជនកម្ពុជា មានចំនួន ៥ ដែលនេះជាស្ពានទី ៥។ យើងពិតជាមានការរីករាយ ចំពោះសមិទ្ធផលពីមួយថ្ងៃទៅមួយថ្ងៃបានកកើតឡើងក្នុងទីក្រុង ដែលមុននេះ យើង​ហៅថា ទីក្រុងខ្មោចនៅក្នុងសម័យសង្គ្រាម និងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ​​ក៏ប៉ុន្ដែរយៈពេល​ជិត ៤០ ក្រោយ ទីក្រុងមួយនេះមិនមែនជាទីក្រុងស្លាប់ដូចកាលពីអតីតកាលទៀតទេ តែក្លាយ​ជាទីក្រុង ពោរពេញដោយការអភិវឌ្ឍ ទាំងតាមបែបការអភិវឌ្ឍបែបបើកទូលាយ និងការអភិវឌ្ឍបែបស៊ី​ជម្រៅ​ផងដែរ។

ទីក្រុងភ្នំពេញអភិវឌ្ឍតាមបែបបើកទូលាយ និងបែបស៊ីជម្រៅ

ខ្ញុំចង់និយាយការអភិវឌ្ឍបែបបើកទូលាយនៅត្រង់ថា​ ទីក្រុងភ្នំពេញពីមុននេះមានតែ ៣០០ គីឡូម៉ែត្រការ៉េ​ តែ​ប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះ ទីក្រុងនេះបានរីករហូតដល់ជាង ៦០០ គីឡូម៉ែត្រការ៉េ។​ បានសេចក្ដីថា​ យើងបានកាត់​ដីពីខេត្តកណ្ដាលឲ្យទីក្រុងភ្នំពេញជាបន្ដបន្ទាប់ច្រើនលើកច្រើនសារួចមកហើយ។ ឯការអភិវឌ្ឍបែបស៊ីជម្រៅ​វិញ​នោះនៅត្រង់ថា ដីកាលពីដើម មួយហិកតា មានសំណង់ត្រឹមតែ ៥០០០ ម៉ែត្រក្រឡា ប៉ុណ្ណឹងទៅចុះ ប៉ុន្ដែ ឥឡូវ ដី ១ ហិកតា មានសំណង់រហូតទៅ ៥០ ០០០ ឬ ១០០ ០០០ ម៉ែត្រការ៉េ ឯណោះ។ ដូច្នេះហើយ ធ្វើឲ្យទីក្រុងភ្នំពេញរបស់យើងជួបបញ្ហាប្រឈមមួយចំនួន។ រីឯជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង ​ក៏មាន​ការកើនឡើង ធ្វើឲ្យប្រជាពលរដ្ឋរបស់យើងមានមធ្យោបាយធ្វើដំណើរយ៉ាងច្រើន រហូតទៅដល់កកស្ទះ​ចរាចរណ៍។

ទីក្រុងភ្នំពេញ ជួបប្រទះបញ្ហាស្ទះ យ៉ាង

ដូចដែល ឯកឧត្តម ឃួង ស្រេង បានលើកឡើងអម្បាញ់មិញ ដែលខ្ញុំព្រះករុណាខ្ញុំបានលើកឡើង​កាលពី​ប៉ុន្មានឆ្នាំមុននេះ ត្រង់ថា ភ្នំពេញបច្ចុប្បន្នបានប្រឈមការកកស្ទះ ៣ យ៉ាង។ កកស្ទះទី ១ គឺ កកស្ទះចរាចរណ៍ នោះគឺជារឿងពិត។ ដែលខ្ញុំបានធ្វើដំណើរមកអម្បាញ់មិញនេះ ដោយសារមានការ​បិទផ្លូវផង​ទេ បានជាមកទាន់ពេល​។ ​ប្រសិនបើមិនមានការបិទផ្លូវ ប្រហែលជាមិនអាច(មកទាន់ពេល) សូម្បីតែ​មានឡានសារ៉ែននៅពីមុខក៏ដោយ ក៏យើងមិនអាចធ្វើដំណើរទាន់ពេលមកទីនេះទេ។ ឯកកស្ទះទី ២ គឺ​កកស្ទះលូតែម្ដង សូម្បីតែប៉ុន្មានថ្ងៃនេះ ភ្លៀងមិនដឹងថាទៅរកកន្លែងណា រកតែទីក្រុងភ្នំពេញតែម្ដង។ (ភ្លៀង)​ចាក់កណ្ដាលទីក្រុងភ្នំពេញ ធ្វើអោយកន្លែង​ខ្លះសឹងតែអុំទូកបាន ដោយ​សារតែវាលិចឡាន លិចម៉ូតូ រលត់ឡានម៉ូត។ ឯកកស្ទះទី ៣ គឺ កកស្ទះសំរាម ហើយរឿងបែបនេះ កាលពី​ទសវត្សរ៍ ៨០ មិនមានកើតក្នុងប្រទេសរបស់យើងទេ។

ទសវត្សរ៍ឆ្នាំ ១៩៨០ ហើយ មិនទាន់នឹកគិតពីស្ពានអាកាសទេ

ខ្ញុំសូមនិយាយដោយត្រង់ពីអារម្មណ៍របស់ខ្ញុំពេលចូល​មកដល់ទីក្រុងភ្នំពេញកាលពីឆ្នាំ ១៩៧៩ ហើយរហូត​ដល់​ទសវត្សរ៍ទី ៨០ ហើយនេះ ខ្ញុំមិនបាន​គិត កុំថាឡើយដល់ចង់បាន សូម្បីតែគិតក៏គិត​មក​ដល់​ផង ថាតើមានតម្រូវការធ្វើស្ពានអាកាសដូចប្រទេស​ដទៃ ឬក៏អត់។ ពិតមែនថាពេលនោះបាន​ធ្វើដំណើរ​ទៅ​ប្រទេស​ដទៃដែលគេ​មានស្ពានអាកាសស្ពានអី ក៏ប៉ុន្ដែ​ប្រទេសកម្ពុជាក្នុងកាលៈទេសៈនោះ វាមិនមាន​ការចាំ​បាច់​​​ទាល់តែសោះ។រឿងស្ពានអាកាស ឬផ្លូវក្រោមដី​អីវាគ្មានការចាំបាច់ ​ដោយសារកាលពីពេល​នោះ ប្រជា​ពលរដ្ឋរបស់យើងមានត្រឹមកង់ មានត្រឹមម៉ូតូ ហើយបើ​មានឡានក៏មានតិចតួចណាស់។ ដូចជា​ខ្វះ​នូវ​ជំនឿ។ ម្យ៉ាងដោយសារក្នុងកាលៈ​ទេសៈនោះ សូម្បីតែ​ក្រុម​គ្រួសាររបស់ខ្ញុំនេះ បន្ទាប់ពីបែកគ្នា​ជាមួយភរិយា​ពី​ថ្ងៃ​ទី ២០ មិថុនា ឆ្នាំ ១៩៧៩ នៅពេលដែលប្រពន្ធមានផ្ទៃ​ពោះ ៥ ខែ ក្នុងពោះ ហើយដល់​ពេលជួបជុំគ្នាវិញនោះ​ កូនវាហៅយើងពូ​។

រដ្ឋមន្ត្រីការបរទេស ត្រូវដងទឹកប្រើប្រាស់ប្រចាំថ្ងៃ

ប៉ុន្ដែសូមជំរាបជូនថា វាជាអកុសល​សម្រាប់ខ្ញុំបន្ទាប់​ពីកូនមួយបាន​ស្លាប់នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ដោយសារគ្រូពេទ្យជំនាន់នោះបាន​ធ្វើ​ធ្លាក់ពីដៃស្លាប់​ទៅហើយ​។ ប៉ុន្ដែមិននឹក​ស្មានថា កាល​ពីខ្លួន​ធ្វើរដ្ឋមន្ដ្រីការបរទេស បែរជាបណ្ដែតបណ្ដោយ​ឲ្យ​ភរិយារលូតកូនមួយទៀត។ បាត់បង់កូន​មួយ​ទៀត​។​ តើការរលូតកូននោះបណ្ដាលមកពីអីទៅ? ជាការធ្វេស​ប្រហែស​របស់​ខ្ញុំ។ យើងមិនមាន​ទឹក​ម៉ាស៊ីន​ប្រើប្រាស់ដូចសព្វថ្ងៃនេះទេ។ពេលនោះព្រលឹម​ឡើង ​ត្រូវទៅអូស​ទឹកពីមាត់​ទន្លេមេគង្គយកដាក់នៅផ្ទះ ហើយមានធុងទឹកនៅខាងក្រោមនឹងដងចាក់បំពេញ។ ត្រូវយួរ​ទឹករាល់​ថ្ងៃពីខាងក្រោម​យក​មក​ដល់​បន្ទប់ទឹកនៅខាងលើអោយភរិយាប្រើប្រាស់​។​ ក៏ប៉ុន្ដែ គឺជាការធ្វេស​ប្រហែស​មួយ ពេលដែលខ្ញុំ​ទៅធ្វើ​ការ​​ផុត មិនបានបំពេញទឹកនៅក្នុងពាង ភរិយារបស់​ខ្ញុំ​​ដែលមានទម្ងន់​ក៏ចាប់ផ្ដើម​យួរប៉ោតឡើង ដើម្បីដាក់​ទឹក​ពី​ខាង​ក្រោមទៅខាងលើ។ ស្ថានភាពនេះ ធ្វើឲ្យខ្ញុំ​បាត់បង់កូន​មួយ​ទៀត។ តាំងពីពេលហ្នឹងមក មិន​មាន​សញ្ញាណាថាមានកូន។ គិតស្មានថា អស់កូនហើយ តែមិននឹក​ស្មាន​ថាដល់ឆ្នាំ ១៩៨០ បានចាប់ផ្ដើម​មាន​កូន​សាជាថ្មីទៀត។ ម្ដងនេះ កូនញឹកតែម្ដង ឆ្នាំ ៨០ កើតមួយ ៨១ កើតមួយ ៨២ កើតមួយ ៨៣ កើតមួយ។ ៤ ឆ្នាំ កើតបានកូន ៤ បានសេចក្ដីថា ១៣ ខែ កើតកូនមួយ។

ពុទ្ធទំនាយ៖ ផ្ទះអត់មនុស្សនៅ មានផ្លូវគ្មានមនុស្សដើរ

ពេលនោះដោយ​សារភាពស្ងាត់​ជ្រងំ​ក្នុង​ទី​ក្រុង​ភ្នំពេញ សូម្បីតែផ្ទះរដ្ឋមន្ដ្រីការបរទេសក៏គ្មាន​ទឹកប្រើប្រាស់ផង តើយើងអភិវឌ្ឍទីក្រុង​បែបណា ហើយ​សម្រាប់​ផ្ទះរបស់ខ្ញុំនេះទៀតសោត មិនមែនគ្រាន់តែ​អត់​មានទឹកប្រើក្នុងឆ្នាំ ១៩៧៩ ឬ ១៩៨០ ទេ មកដល់ឆ្នាំ ១៩៩២ ហើយនៅតែអត់ទឹកប្រើប្រាស់។ ឡានដឹកទឹក​ពីទន្លេមករហូត។ នោះគឺជាស្ថានភាពដ៏លំបាក ដែល​ធ្វើឲ្យ​វិល​ត្រឡប់នឹកទៅដល់រឿងដើមនៃទីក្រុងដ៏កំសត់​របស់យើង ដែលត្រូវពួកប៉ុល ពត ដេញមនុស្ស​ចេញ​អស់ ដែលត្រូវតាមពុទ្ធទំនាយថា មានផ្ទះអត់​មនុស្សនៅ មានផ្លូវគ្មានមនុស្សដើរ ដែលវាពិតជាបានកើត​នៅក្នុង​ទឹក​ដី​របស់យើង។ កាលពីមុនខ្ញុំអត់ជឿជីតារបស់ខ្ញុំ។ ជីដូនរបស់ខ្ញុំ ម្ដាយរបស់ខ្ញុំ ឪពុក​របស់ខ្ញុំ ថាមានពុទ្ធទំនាយ មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ។ ប្រកែកជាមួយជីតា ជីដូន ជាមួយម្ដាយឪពុកថា វាមិនដែល។ ពុកអើយ! តែ(មាន)ផ្ទះមនុស្សនៅ តែមានផ្លូវមានមនុស្ស​ដើរហើយ​ … មិនដឹងថាអ្នកទស្សទាយចេះហោរាសាស្ដ្របែបណា បានទស្សទាយ​​ឲ្យប្រទេសយើងទៅអញ្ចឹង។

បាតដៃគណបក្សប្រជាជន សង្គ្រោះមនុស្ស ៥​ លាននាក់ បង្កើនមនុស្សជិត ១៦ លាននាក់

តាមរយៈការខិតខំរបស់យើងទាំងអស់គ្នា ក្នុងនោះគណបក្សប្រជាជន គឺជាបាតដៃបានប្រឹងប្រែងធ្វើឲ្យរស់ឡើងវិញនូវប្រទេសជាតិដ៏កំសត់មួយនេះ មិនត្រឹមតែរស់សម្រាប់ជីវិតមនុស្សដែលនៅសេសសល់ពីការសម្លាប់របស់ប៉ុល ពត ទេ ក៏ប៉ុន្តែតកូនតចៅ តជំនាន់រហូតមកដល់ពេលនេះ ពីប្រជាជនប្រមាណ ៥ លាននាក់នៅក្នុងក្រោយរំដោះ ១៩៧៩ មកដល់ប្រជាជនជាងជិត ១៦ លាននាក់ នៅឆ្នាំ ២០១៨។ សូមអរគុណលោកយាយដែលថ្ងៃនេះអញ្ជើញមក។ លឺថាក្រុមគ្រួសារលោកយាយប្រមាណជា ៤០ នាក់ឯណោះ។ លោកយាយបានអញ្ជើញបោះឆ្នោតកាលពីឆ្នាំទៅ។ បោះឆ្នោតរួចហើយសន្លប់។ កូនរបស់ខ្ញុំគេបានប្រាប់ខ្ញុំដែរ។ អម្បាញ់មិញអង្គរក្សរបស់ខ្ញុំក៏បានប្រាប់ខ្ញុំដែរ។ អម្បាញ់មិញខ្ញុំក៏បានជួប។ លោកយាយបោះឆ្នោតរួច ប្រាប់ថាបានបោះឆ្នោតឲ្យលោក ហ៊ុន សែន ហើយ ហើយក៏សន្លប់។ ទៅមន្ទីរពេទ្យ។ ឥឡូវលោកយាយកុំអាលទៅណា។ ថ្ងៃ ២៩ បោះមួយសាទៀត។ នាំកូននាំចៅទៅបោះ រួចហើយកុំអាលទៅណា ២០២៣ ត្រូវនៅបោះទៀត ព្រោះពេលនោះខ្ញុំនៅឈរ ដល់ទៅ ២០២៨ ត្រូវបោះទៀត។ លោកយាយ ជិន រ៉ាន់ អាយុ ៧៩ ហើយ ហើយមានកូន ៨ នាក់ ចៅជាង ៤០ នាក់។ លើសខ្ញុំ។ ខ្ញុំមានចៅត្រឹមតែ ២០ ទេ ហើយអ្នកបោះឆ្នោតគឺមានដល់ ២៩ នាក់។ ដូច្នេះខ្ញុំសង្ឃឹមថា លោកយាយនឹងបន្តរួមជាមួយ អប់រំកូនចៅឲ្យវាស្គាល់នូវប្រវត្តិដ៏ជូរចត់ដែលលោកយាយបានជួបប្រទះ។

ពីខ្វះទឹក ខ្វះភ្លើង ខ្វះមធ្យោបាយធ្វើដំណើរ មកស្ទះផ្លូវ ស្ទះលូ ស្ទះសំរាម

អរគុណណាស់ជាមួយនឹងប្រជាពលរដ្ឋរបស់យើង ដែលបានរួមជំនាន់ពីការលំបាកនៃដំ​ណាក់​កាលពីសម័យសង្គ្រោះជាតិ រំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដំណើរការនានានៃការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាការស្វែងរកសន្តិភាព ជាពិសេសគឺដំណើរការចុងក្រោយរបស់យើងពីការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ និងការឯកភាពទឹកដីជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ ឥឡូវ ទឹកដីរបស់យើងដែលមុននេះ ជាទីក្រុងខ្មោច ជាទីក្រុងដែលគ្មានសកម្មភាព ឥឡូវបានក្លាយជាទីក្រុងមួយដែលយើងជួបប្រឈមនឹងបញ្ហាថ្មី។ កាលពីឆ្នាំ ១៩៧៩​ និងទសវត្សរ៍ ៨០ ពេលនោះយើងមានបញ្ហាមួយបែប មានការលំបាក និងការងាយស្រួលរបស់វា។ ការលំបាកវាមានហើយ ខ្វះទឹក ខ្វះភ្លើង ខ្វះមធ្យោបាយធ្វើដំណើរក្នុងទីក្រុង កាលពីសម័យនោះវាយ៉ាងដូច្នេះ។ ប៉ុន្តែមកដល់ពេលឥឡូវនេះ បញ្ហាប្រឈមថ្មីបានកើតឡើងសម្រាប់យើង គឺបែរទៅជាកកស្ទះចរាចរណ៍ កកស្ទះលូ និងកកស្ទះសំរាម។ សំរាមគ្រាន់តែមិនបានយក បុណ្យតែប៉ុន្មានថ្ងៃ អត់មានឡានយកសំរាម អត់មានកម្មករយកសំរាម សំរាមពេញទីក្រុង ដោយសារអី?

បញ្ហាប្រឈមថ្មី ដោយសារការមានហូប មានប្រើប្រាស់

ដោយសារតែសំបូរស៊ីពេក ព្រោះដោយសារតែសំបូរស៊ីហ្នឹងហើយ បានមានសំរាមច្រើន ប៉ុន្តែឆ្នាំ ១៩៧៩ អត់មានសំរាមច្រើនទេ ដោយសារតែវាអត់អីស៊ី កាលពីសម័យ ហើយអត់មានអ្នកណាគ្រោះថ្នាក់ចរាចរណ៍ទេ ព្រោះវាអត់មានឡានបើក។ ផ្លូវខ្លះគឺបិទចោលកាលពីសម័យនោះ បិទចោលតែម្តង គឺគ្មានការធ្វើចរាចរណ៍ទេ។ ឥឡូវនេះចរាចរណ៍ក្នុងទីក្រុងរបស់យើង គ្រាន់តែក្នុងទីក្រុងមួយ ទាំងរថយន្ត ទាំងម៉ូតូ ប្រមាណជា ២ លានគ្រឿង។ អញ្ចឹងទេ បើសិនជាអ្នកទីក្រុងភ្នំពេញចេញតែ ៥០% នៃចំនួនមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ គឺបានសេចក្តីថាក្រុងភ្នំពេញគឺស្ទះចរាចរណ៍តែម្តង។ ដូច្នេះបានជាបញ្ហាប្រឈមកាលពីពេលមុន គឺយើងរកវិធីដោះស្រាយកាលៈទេសៈនោះផ្សេង ធ្វើយ៉ាងម៉េចខិតខំដោះស្រាយទឹកឲ្យបានផ្គត់ផ្គង់មកក្នុងទីក្រុង ដោះស្រាយខិតខំឲ្យមានអគ្គិសនីផ្គត់ផ្គង់ក្នុងទីក្រុង មិនទាន់គិតទៅដល់បញ្ហាស្ទះចរាចរណ៍ទេ។ ប៉ុន្តែសភាពការណ៍ពីមុន ត្រូវរកវិធីសាស្ត្រដោះស្រាយបញ្ហាផ្សេង វាមានបញ្ហាប្រឈមផ្សេង ប៉ុន្តែឥឡូវនេះ យើងមានបញ្ហាប្រឈមថ្មី ដែលខ្ញុំបានលើកឡើងអម្បាញ់មិញ គឺស្ទះចរាចរណ៍ ស្ទះលូ និងស្ទះសំរាមនេះតែម្តង។

ផ្លូវលេខ ៣ និងលេខ ៤ ត្រូវពង្រីកទៅ ២៤ ម៉ែត្រ ពីរទៅពីរមក

… បើយើងមិនធ្វើស្ពានអាកាស និងផ្លូវក្រោមដី នៅក្នុងរង្វង់មូលចោមចៅនេះ ការស្ទះចរាចរណ៍របស់យើងនឹងកាន់តែធំតែម្តង​ ព្រោះនៅពេលនេះយើងត្រូវឃើញឲ្យច្បាស់ថា សភាពការណ៍វាមិនដូចមុនទៀតទេ សូម្បីតែផ្លូវជាតិលេខ ៣ ក៏ត្រូវពង្រីកពីហ្នឹង ទៅដល់បែកគូសរបស់ខេត្តកំពត ពីរទៅពីរមក ទើបអាចទ្រទ្រង់រួច។ ពីមុននេះផ្លូវត្រឹមតែ ៧ ម៉ែត្រតែប៉ុណ្ណោះ យើងចាត់ទុកថាធំ … យើងពង្រីកដោយឥណទានរបស់កូរ៉េ បាន ១០ ម៉ែត្រជាង។ តែឥឡូវនេះ ១០ ម៉ែត្រ នោះវាមិនគ្រប់គ្រាន់ទេ វាត្រូវការពង្រីកទៅដល់ ២៤ ម៉ែត្រ ពីរទៅពីរមក ហើយមានសួនច្បារកណ្តាល ដើម្បីជៀសវាងការបុកគ្នា។ ផ្លូវជាតិលេខ ៤ ខាងមុខក៏នឹងត្រូវសម្រួលពង្រីកបន្ថែមទៀត បូកជា​មួយនឹងចរាចរណ៍ចេញពីទីក្រុង និងគ្រប់ទិសមក ធ្វើឲ្យតំបន់ចោមចៅរបស់យើងនេះ មិនអាចទ្រទ្រង់រួចទេ …។ ល្ងាចនេះ តាមដឹងគឺជាល្ងាចត្រូវស្ទះចរាចរណ៍ហើយ។ ព្រោះអី? ល្ងាចថ្ងៃសុក្រជាល្ងាចដែលមន្ត្រីរាជការក៏ដូចជា​តាមក្រុមហ៊ុននានាត្រូវបានឈប់សម្រាក។ ដូច្នេះគេទៅលេងកំពង់សោម គេទៅលេងកំពត។ ស្ទះល្ងាចហ្នឹងតែម្តង។ ព្រឹកស្អែកឡើងក៏នៅស្ទះទៀត ដល់ថ្ងៃអាទិត្យបានធូរបន្តិច។ ដល់ថ្ងៃអាទិត្យទៅស្ទះល្ងាចវិញ។

ពិភាក្សាពីរថភ្លើងអាកាស ជាមួយជប៉ុន ផ្លូវក្រវាត់ក្រុងទី ៣ ចុះហត្ថលេខាជាមួយ ចិន

អញ្ចឹងទេ បានជាយើងត្រូវរកវិធីដើម្បីដោះស្រាយបញ្ហានេះ យើងមិនមែនត្រឹមធ្វើស្ពានបន្ថែមមួយហ្នឹងទេ កំពុងសិក្សាធ្វើស្ពានអាកាសនៅកន្លែងដទៃទៀត។ រាប់ទាំងពេលដែលខ្ញុំទស្សនកិច្ចនៅប្រទេសជប៉ុន ខ្ញុំបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន អំពីការធ្វើរថភ្លើងលើអាកាសតភ្ជាប់ពីទីក្រុងភ្នំពេញមកព្រលានយន្តហោះពោធិ៍ចិនតុង។ បើយើងមិនប្រើវិធីនោះទេ គឺអាការកកស្ទះចរាចរណ៍នេះ ក៏មានការលំបាក។ យើងកំពុងតែបានធ្វើនូវស្ពាននូវផ្លូវខ្សែក្រវាត់ក្រុងទីពីរ តែនៅពេលខាងមុខយើងនឹងត្រូវធ្វើផ្លូវខ្សែក្រវាត់ក្រុងទីបីបន្ថែមទៀត ដែលនឹងចុះហត្ថលេខាជាមួយសាធារណរដ្ឋប្រជាមានិតចិននៅពេលខាងមុខនេះ។ ហេតុអីបានជាគេហៅដីហុយ ​មកពីកន្លែងហ្នឹងពីដើមមានផ្សារ។ ផ្សារហ្នឹងដីហុយ ផ្សារហ្នឹងវាអត់មានអី ហើយម្តុំហ្នឹង ពីដើមជាកន្លែងចាក់លេខឡាន ព្រោះឲ្យតែមកដល់កន្លែងហ្នឹងមានមនុស្សហ៊ោ។ ដល់សួរគេហ៊ោអី។ គេចាក់លេខឡាន ព្រោះពីដើមមិនមែនមានឡានដូចឥឡូវទេ។ យូរៗមានឡានមួយគ្រឿង។ ខ្ញុំទៅ ឬក៏មកពីពោធិ៍ចិនតុង ព្រោះរដ្ឋមន្ត្រីការបរទេសចេញចូលទៅក្រៅប្រទេសច្រើន អញ្ចឹងឲ្យតែមកដល់កន្លែងហ្នឹងតែងតែលឺសូរគេហ៊ោ … ផ្សារដីហុយ ហើយមានផ្សារចោរទៀតកន្លែងហ្នឹង។ លួចពីកន្លែងណាបាន មកលក់តថ្លៃគ្នានៅកន្លែងហ្នឹង។

សូមប្រជាពលរដ្ឋយោគយល់ ពីផលប៉ះពាល់ ឬរំខានដោយប្រការណាមួយ នៅពេលសាងសង់ស្ពាន

មានរឿងតាំងពីអាផ្សារក្រ​មួន ក៏មានផ្សារចំតិត … ពួកហ្នឹងលក់នំបញ្ចុកទៅចំតិតស៊ី … ឥឡូវនេះវាមិនមានផ្សារក្រមួនទៀតទេ (តែ)បើសិនជាមានក៏មាននៅគ្រាន់ជាការដោះដូររវាងអ្នកលក់ត្រី ឬក៏ស្អីបន្តិចបន្តួចនៅកន្លែងខ្លះប៉ុណ្ណោះ ក៏ប៉ុន្តែភាគច្រើនគឺ មានដំបូលគត់មត់ រហូតទៅដល់មានផ្សារទំនើបម៉ាស៊ីនត្រជាក់ផង។ អញ្ចឹងទេយើងត្រូវដោះស្រាយបញ្ហានេះ ហើយក៏សុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ដែលមានផលប៉ះពាល់ ឬរំខានដោយប្រការណាមួយ ទាំងអ្នករស់នៅតំបន់នេះ ទាំងអ្នកធ្វើដំណើរ។ នៅពេលដែលមានការសាងសង់ ពិតណាស់នឹងមានការប៉ះពាល់ថ្លង់ ឬក៏រំខានទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋធ្វើការឆ្លងកាត់តំបន់នេះ។ ក៏ប៉ុន្តែនៅពេលដែលយើងធ្វើរួចហើយគឺ តាមគម្រោងនេះគឺយើងនឹងធ្វើក្នុងរយៈពេល ៣០ ខែ បើ ៣០ ខែ​ វាគឺ ២ ឆ្នាំកន្លះ យើងនឹងបាននូវផ្លូវនេះហើយត្រូវចំណាយដើមទុនចំនួន ២២ លានដុល្លារសហរដ្ឋអាមេរិក។

ការប្រើប្រាស់វិធានការយកភ្នំពេញចិញ្ចឹមភ្នំពេញ ឬវិធីយកស្លឹកត្នោតខ្ចប់ស្ករត្នោត

ខ្ញុំបានផ្តល់នូវមតិ ហើយរឿងហ្នឹងបាន និងកំពុងអនុវត្ត ថាត្រូវយកភ្នំពេញចិញ្ចឹមភ្នំពេញតែម្តង បានសេចក្តីថាប្រើ​ប្រាស់វិធីយកស្លឹកត្នោតខ្ចប់ស្ករត្នោត។ តាមរយៈនៃគម្រោងអភិវឌ្ឍមួយចំនួន ត្រូវយកដើមទុននោះ យកមកធ្វើហេដ្ឋារចនាសម្ព័ន្ធ។ ផ្តល់សិទ្ធិទៅឲ្យរាជធានីភ្នំពេញដើម្បីអនុវត្តនូវវិធានការនេះ។ តាមរយៈនៃវិធានការនេះ យើងបានកសាងឡើងនូវស្ពានព្រះមុនីវង្សមួយថ្មី យើងបានក៏សាងឡើងនវស្ពានអាកាសក្បាលថ្នល់ យើងបានកសាងឡើងនូវស្ពានអាកាស ៧ មករា យើងបានកសាងឡើងនូវស្ពានអាកាសស្ទឹងមានជ័យ យើងបានកសាងឡើងនូវស្ពានអាកាស ៥ មករា ម្តុំតិចណូ ហើយឥឡូវយើងកសាងស្ពានអាកាសនៅទីនេះ ដែលត្រូវចំណាយទុន ២២ លានដុល្លារអាមេរិក និងស្ពានឆ្លងទន្លេនៅឯឫស្សីកែវ។ ព្រោះអញ្ចេះមិនចាំបាច់ដាក់ស្ពានឈ្មោះអីទេ ខាងនេះវាមានឈ្មោះស្ពានជ្រោយចង្វារ ដល់ទៅអតីតស្ពាន លី យ៉ុងផាត់ នោះវាស្ពានព្រែកព្នៅ អញ្ចឹងអាស្ពានមួយទៀតមិនបាច់រកឈ្មោះទេ ដាក់ស្ពានឫស្សីកែវ តែម្តងទៅ​ …។ សម័យដើមគ្រាន់តែយល់សប្តិ ក៏មិនដែលយល់សប្តិឃើញស្ពានឆ្លងទន្លេផង ក៏ប៉ុន្តែឥឡូវស្ពានឆ្លងទន្លេរបស់យើងមានចំនួនច្រើន មិនមែនគ្រាន់តែមានត្រឹមទីក្រុងភ្នំពេញទេ ក៏ប៉ុន្តែមាននៅតាមបណ្តាខេត្តដូចជា ស្ទឹងត្រែង យើងក៏សាងសង់ហើយ នៅខេត្តកណ្តាល នៅខេត្តកំពង់ចាម នៅតាមទន្លេមេគង្គ ទន្លេសេកុង ទន្លេសាប និងទន្លេបាសាក់ ដែលយើងបានសាងសង់ ហើយនឹងបន្តសាងសង់ជាបន្តទៅទៀត។

ផ្តល់អំណាចកាន់តែច្រើនឲ្យមូលដ្ឋាន ប្រើប្រាស់ថវិកាបម្រើដល់ការអភិវឌ្ឍនៅមូលដ្ឋាន

ខ្ញុំអរគុណជាមួយនឹងការគាំទ្រទាំងឡាយ នូវរបៀបចាត់ចែងក្នុងការអភិវឌ្ឍដែលខ្ញុំបានដាក់ចេញនូវទិសដៅនេះ អំពីសូម្បីតែរបៀបយកស្លឹកត្នោតខ្ចប់ស្ករត្នោត បានជម្រុញឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ទីក្រុងមួយនេះ ដូចជាបញ្ហាទាក់ទិនជាមួយបញ្ហាលូទឹក ទាក់ទងនឹងបញ្ហាផ្លូវថ្នល់ ទាក់ទងនឹងបញ្ហាស្ពាន និងស្ពានអាកាសដែលយើងបាននឹងកំពុងធ្វើសព្វថ្ងៃនេះ។ ប្រសិនបើយើងមិនប្រើប្រាស់វិធីនេះទេ ថវិកាទាំងអស់ដែលក្រុងប្រមូលបាន អោយទៅថវិកាជាតិ។ ទម្រាំបើកពីថវិកាជាតិត្រឡប់មកវិញ ធ្វើអត់ទាន់ស៊ីទេ។ អញ្ចឹងត្រូវមានរបៀបចាត់ចែងថវិកាមួយ ដែលផ្តល់អំណាចកាន់តែច្រើនទៅឲ្យមូលដ្ឋាន ហើយមូលដ្ឋានត្រូវប្រើប្រាស់នូវថវិកានោះ ដើម្បីបម្រើទៅដល់ការអភិវឌ្ឍនៅមូលដ្ឋាន។ ហើយរឿងនេះវាជាផលប្រយោជន៍របស់ប្រជាជន មិនមែនជាផលប្រយោជន៍ដាច់ដោយឡែករបស់រាជរដ្ឋាភិបាលនោះទេ។ អ្នកដែលប្រើប្រាស់ពិតប្រាកដ គឺប្រជាពលរដ្ឋ ហើយស្ថានភាពដែលយើងបានធ្វើទៅនេះ គឺឈានឆ្ពោះទៅរកការដែលត្រូវសន្សំពេលវេលាក្នុងការធ្វើដំណើរ ដែលមុននេះស្ទះចរាចរណ៍ត្រូវអាក់ខានចំណាយពេលវេលាច្រើន។

ថ្ងៃទី  ១ កក្កដា ឆ្នាំ ២០១៨ ប្រេងតាមស្ថានីយ៍ទាំងអស់ត្រូវចុះ ១៦០ រៀល

ប៉ុន្តែមួយផ្នែកទៀតវាសន្សំទៅដល់សាំង ប្រេងឥន្ទនៈដែលប្រើប្រាស់ជារថយន្ត ឬម៉ូតូក្នុងការប្រើប្រាស់។ នៅពេលដែលស្ទះចរាចរណ៍ម្តងៗ ម៉ូតូ ឬឡាននោះ មិនបានពន្លត់ទេ ដូច្នេះវានៅស៊ីសាំងរហូតហ្នឹង។ ក៏ប៉ុន្តែនិយាយពីបញ្ហានេះក៏សូមរំលឹកទៅដល់បណ្តាក្រុមហ៊ុននានា និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់សូមកុំភ្លេចថា ២៩ ខែ មិថុនា ហើយ ស្អែកថ្ងៃ ៣០ ថ្ងៃខានស្អែកគឺថ្ងៃ ១ គឺជាថ្ងៃប្រេងទាំងអស់នៅតាមស្ថានីយ៍ត្រូវចុះ ១៦០ រៀល។ ប៉ុន្តែ តាមដឹងមានក្រុមហ៊ុនមួយដែលហៅថា ប៉ាប៉ាទ្រីយ៉ូង របស់ឧញ៉ា ទ្រី ភាព ថាបានត្រូវបានចុះថ្លៃ ៥០០ រៀល ឬប៉ុន្មានឯណោះ ចុះថ្លៃតាំងពីប៉ុន្មានថ្ងៃមុនឯណោះ។ ក៏ប៉ុន្តែក្រុមហ៊ុនទាំងអស់ត្រូវចាប់ចុះថ្លៃ ១៦០ រៀល ឧទាហរណ៍៖ លក់ថ្ងៃហ្នឹង ៤០០០ ក្នុងមួយលីត្រ ឧទាហរណ៍ទេ អញ្ចឹងដល់ថ្ងៃទី១ ត្រូវលក់ ៣៨៤០ រៀល ត្រូវនិយាយគ្នាអាកន្លែងហ្នឹងចាត់ចែងឲ្យច្បាស់ ព្រោះនេះជាការគិតគូរដែលបានមកពីការគិតគូររបស់រាជរដ្ឋាភិបាល ដែលត្រូវសហការជាមួយវិស័យឯកជន។ ខាងផ្នែករាជរដ្ឋាភិបាល ត្រូវបង់ថ្លៃក្នុងរង្វង់ ៣០ លានដុល្លារ គឺដើម្បីទម្លាក់ថ្លៃប្រេងក្នុងមួយលីត្រ ២ សេនដុល្លារ ស្មើនឹង ៨០ រៀល ឯវិស័យឯកជនត្រូវចុះថ្លៃ ២ សេនដូចគ្នា គឺ ៨០​ រៀល ខាងវិស័យឯកជន និង ៨០ រៀល ខាងវិស័យរដ្ឋ ដើម្បីផ្តល់នូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រេងគ្រប់ប្រភេទទាំងអស់ ត្រូវចុះ ៨០ រៀល ទាំងអស់ សាំង ម៉ាស៊ូត សាំងទាំងស៊ុបពែរ មិនស៊ុបពែរ គឺថាត្រូវចុះទាំងអស់ អញ្ចឹងត្រូវអនុវត្តឲ្យបានគ្រប់ៗគ្នានៅពេលនោះ។

រាជរដ្ឋាភិបាលលើកលែង/បន្ថយពន្ធ បង្កើនប្រាក់ចំណូលកម្មករ/ការិនី មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ

ថ្ងៃនោះដូចចំថ្ងៃ អាទិត្យ អញ្ចឹង ថ្ងៃអាទិត្យ សូមកុំឲ្យហាងសាំងនានា ថាមិនបានទទួលបទបញ្ជា ព្រោះខ្ញុំបានប្រកាសតាំងពីថ្ងៃទី ២០ ជាងនោះ បានប្រកាសឲ្យប្រុងប្រៀបនោះ ក្រសួងពាណិជ្ជកម្មសូមតាមមើលទាំងអស់ អាជ្ញាធរដែនដីទាំងអស់ ដែលត្រូវមានកន្លែងសាំងគ្រប់ទីកន្លែងត្រូវមើលទាំងអស់។ ចៀសវាងការខាតបង់ណាមួយ ដែលរដ្ឋរួមនឹងវិស័យឯកជនផ្តល់ជូនប្រជាពលរដ្ឋ​ ក៏ប៉ុន្តែ បែរជាមិនបានផ្តល់ត្រឡប់ទៅវិញ។ ចំណុចនេះ បានបង្ហាញឲ្យឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយនូវការលំបាករបស់ប្រជាពលរដ្ឋ ដែលឥឡូវនេះ ទោះបីថាប្រាក់ចំណូលរបស់កម្មករ/ការិនី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋ មានប្រាក់ចំណូលច្រើនជាងមុន ប៉ុន្តែយើងក៏ត្រូវរកវិធីកាត់បន្ថយនូវចំណាយទាំងឡាយរបស់ប្រជាពលរដ្ឋរបស់យើង តាមរយៈការលើកលែងមួយចំនួន កាត់បន្ថយពន្ធដារមួយចំនួន ដើម្បីនឹងដោះស្រាយជូនប្រជាពលរដ្ឋរបស់យើង។

គោលនយោបាយថ្មីៗមួយចំនួន នឹងដាក់ចេញនៅថ្ងៃ ៧ កក្កដា

យើងកំពុងសិក្សា ហើយអាចនឹងមានបញ្ហាថ្មីៗ ដែលសូមរង់ចាំទៅដល់ថ្ងៃទី ៧ ខែ កក្កដា ខាងមុខនេះ នៅសល់ជាង ៨ ថ្ងៃទៀត តែប៉ុណ្ណោះ ខ្ញុំនឹងប្រកាសចេញនូវគោលនយោបាយមួយចំនួន ដែលនឹងផ្តល់ផលប្រ​យោជន៍ជូនប្រជាពលរដ្ឋរបស់យើងកាន់តែច្រើន។ នៅថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ដែលពេលនេះកំពុងបន្តការសិក្សាជាក់លាក់ តើត្រូវទៅដល់ទីណា? ដល់ប៉ុន្មាន? មួយចំនួនបានសិក្សារួចរាល់ហើយ។ មួយចំនួនទៀតគឺកំពុងសិក្សាលម្អិតបន្ថែមទៀត តើយើងគួរដោះស្រាយបែបណាជូនប្រជាពលរដ្ឋរបស់យើង។

រកហិរញ្ញប្បទានបរទេស រួមថវិការាជរដ្ឋាភិបាល និងក្រុងភ្នំពេញ ធ្វើផ្លូវក្រវាត់ក្រុងទី ៣

ខ្ញុំសូមអរគុណចំពោះលោកឧកញ៉ា ពុង ខៀវសែ ក៏ដូចជាក្រុមហ៊ុនអាណិកជនកម្ពុជា ដែលបានផ្តល់នូវកិច្ចសហការ និងគាំទ្រការវិនិយោគ ហើយការវិនិយោគទាំងឡាយ​ដែលមាន ហើយផ្តល់ត្រឡប់មកឲ្យរាជរដ្ឋាភិបាល​ ក៏មានទំហំមិនតូចទេ ហើយយើងប្រើប្រាស់នូវថវិកាទាំងនោះអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាផលប្រ​យោជន៍​រួមរបស់ប្រជាពលរដ្ឋយើង។ អញ្ចឹងទេ ការយកស្លឹកត្នោតខ្ចប់ស្ករត្នោត វាជាជម្រើសដ៏ល្អមួយ។ ពិតហើយ ​នៅតែមិនគ្រប់គ្រាន់ទេ តម្រូវឲ្យចេញថវិការបស់រាជរដ្ឋាភិបាលថែមទៀត ដូចជាការកសាងផ្លូវខ្សែក្រវាត់ក្រុង​ទី ២ ដែលកំពុងសាងសង់ ហើយដែលខ្ញុំ​បានប្រើស្ទើរតែរាល់ថ្ងៃមួយផ្នែកនៃខ្សែក្រវាត់ទី ២ តែនៅខ្សែក្រវាត់ទី ៣ ទៀត ថវិ​ការបស់ក្រុងមិនគ្រប់គ្រាន់ទេ យើងត្រូវពឹងពាក់ទៅលើហិរញ្ញប្បទានរកពីបរទេស និងប្រើប្រាស់ថវិការបស់រាជរដ្ឋា​ភិបាលបន្ថែមទៀត។ សូម្បីតែនៅកន្លែងខ្លះ ក៏ប្រើប្រាស់ថវិកាសម្រាប់ការដោះស្រាយផលប៉ះពាល់ ដែលនឹងកើតមាន ដូចជា ផ្លូវស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ដែលហៅថា ដីហុយនោះ អាហ្នឹងនឹងសម្ពោធនៅប៉ុន្មានថ្ងៃខាងមុខទៀត …។

ការលិចក្រុងភ្នំពេញ មិនមែនជារឿងចម្លែក

និយាយដល់បញ្ហាទាក់ទិននឹងបញ្ហាលិចក្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខ្ញុំក៏សូមយក​ឱកាសនេះ សូមការអធ្យា​ស្រ័យ និងយោគយល់អំពីស្ថានការណ៍ពិតប្រាកដរបស់យើង ដែលទីក្រុងភ្នំពេញមានការលិចលង់។ វាមិនមានរឿងអ្វីចម្លែកទេ ប្រសិនបើយើងយល់ពីស្ថានការណ៍ពិតនៃទីក្រុងភ្នំពេញ។ និយាយយ៉ាងដូច្នេះ មិនមែនខ្ញុំការពារអភិបាលក្រុងពីប៉ុន្មានជំនាន់មកទេ។ ខ្ញុំចូលមកដល់ទីក្រុងភ្នំពេញនេះ ​តាំងពីធ្វើរដ្ឋមន្រ្តីការបរទេស និងធ្វើនាយករដ្ឋមន្រ្តី ឆ្លងកាត់អភិបាលក្រុង បើយើងគិតទៅ គឺវាមានតាំងពី ខាង សារិន, កែវ ចិន្តា, បន្ទាប់ទៅ ថោង ខុន បន្ទាប់ទៅ ហុក ឡង់ឌី ហើយ ស៊ីម កា, ឈឹម សៀកឡេង, ជា សុផារ៉ា, កែប ជុតិមា, ប៉ា សុជាតិវង្ស បន្ទាប់ទៅបាន ឃួង ស្រេង គឺ ១០ អភិបាលក្រុងភ្នំពេញហើយ ប៉ុន្តែយើងត្រូវមានការយល់គ្នា។ ដំបូង ត្រូវយល់ថា ហេតុអ្វីបានជាមានទឹកជំនន់? កុំថាឡើយនៅក្នុងក្រុងភ្នំពេញ ជំនន់ទន្លេមេគង្គ ហេតុអីបានជាមានទឹកជំនន់? សូម្បីតែទន្លេក៏មិនអាចរំដោះទឹកបានដែរ ដោយសារតែទន្លេវាតូច ទឹកមកពីលើវាធំជាងអានៅក្រោម។ អញ្ចឹងបានមានទឹកជំនន់។

លូក្នុងក្រុងភ្នំពេញ ធ្វើខ្លួនឯងផង ជប៉ុនជួយផង

រឿងនេះ វាបានកើតតាំងពីស្រុកចិន ធ្លាក់មកភូមា មកឡាវ ថៃ យើង រហូតដល់វៀត​ណាម។ អាហ្នឹងដែលហៅថាទឹកជំនន់។ វាបណ្តាលមកពីផ្នែកទ្រទ្រង់​រំដោះខាងក្រោម។ អញ្ចឹងចោទជាសំណួរ ហេតុអីបានមានទឹកជំនន់ ហើយវាមិនមែនទើបតែមានឥឡូវ។ ឥឡូវនេះ ទឹកជំនន់វាកំពុងតែខ្លាំងក្លានៅឯកូឡុំប៊ីឯណោះ។ ប្រទេសនានា មិនមែនមានតែកម្ពុជាទេ។ បើទីក្រុងបាងកកវិញ ឆ្នាំទៅមួយ កាលជំនាន់ យីងឡាក់ ធ្វើនាយករដ្ឋមន្រ្តី លិចក្រុងបាងកក លិចចូលដល់រាប់ខែឯណោះ។ ក្រុងប៉ារីសក៏ធ្លាប់លិច ក្រុងរ៉ូមក៏ធ្លាប់លិច។ ទីក្រុងប្រទេសនានាក៏ធ្លាប់លិច ព្រោះមូលហេតុងាយយល់ទេ លូវាធំហើយ ប៉ុន្តែ លូនោះវាមិនគ្រប់គ្រាន់ វាមិនធន់ល្មមជាមួយនឹងការធ្លាក់ពីខាងលើខ្លាំងពេក​។ យើងប្រឹងធ្វើណាស់ នៅទីក្រុងភ្នំពេញនេះ យើងធ្វើខ្លួនឯងផង ជប៉ុនជួយធ្វើផង បានប៉ុណ្ណឹង ហើយបើនិយាយពីអតីតកាល ធ្លាប់នៅក្នុងទីក្រុងនេះច្រើនឆ្នាំដែរ។ ម្តុំផ្លូវកម្ពុជាក្រោម ម្តុំគេហៅថា កូបេ ប្រេស៊ីដង់ ម្តុំហ្នឹងពីដើមគឹដាក់ស្ពានដើរទេ គេហៅផ្លូវកម្ពុជាក្រោម ឬផ្លូវ ៣០ ម៉ែត្រហ្នឹង គឺសងខាងផ្លូវហ្នឹងគឺទឹកលិចទេ ម្តុំហ្នឹងនោះ ហើយទឹកលិចមិនមែនមួយថ្ងៃពីរថ្ងៃទេ លិចរាប់ខែ។ ភ្នំពេញ គ្រាន់តែម្តុំរោងកុនភ្នំពេញ ឥឡូវហ្នឹងមិនដឹងថាវាទៅត្រង់ណាទេ ពីដើម ចង់ទៅមើលកុន ពេលភ្លៀងខ្លាំង លុយទឹកទៅមើលកុន អាហ្នឹងនិយាយឲ្យវាសច្ចធម៌។

បន្តដោះស្រាយសំរាមស្បោងប្លាស្ទីច និងយល់ពីកំពស់ទឹកសមុទ្រ និងក្រុងភ្នំពេញ

ប៉ុន្តែមានរឿងអញ្ចេះ។ ពេលដែលបងប្អូនប្រជាពលរដ្ឋយើងផុសក្នុងហ្វេសប៊ុក រឿងដែលមិនគួរឲ្យកើត ហើយរឿងយើងត្រូវបន្តគិត គឺស្បោងប្លាស្ទីច ហាក់ដូចជាមានចំនួនច្រើន។ បើដូច្នេះ យុទ្ធនាការដើម្បីបំបាត់នូវស្បោងប្លាស្ទីចហើរតាមខ្យល់ មិនទាន់សម្រេចជោគជ័យទេ ទាមទារអោយប្រជាពលរដ្ឋរបស់យើងចូលរួម ព្រោះអាស្បោងអស់ទាំងហ្នឹងវាហូរចូលទៅក្នុងលូថែមទៀត ដែលបង្កើតទៅជាការស្ទះលូ និងសំរាមផ្សេងៗ ដែលវាទៅជាមួយ។ អញ្ចឹងទេបានជាយើងត្រូវប្រឹងទៅជាមួយគ្នា បន្ថែមលើនោះត្រូវគិតអោយច្បាស់ រវាងកំពស់ទឹកសមុទ្រ និង​ទីក្រុងភ្នំពេញ មានតែព្រះបរមរាជវាំង និងវិមានឯករាជ្យទេ ដែលខ្ពស់ជាងកំពស់ទឹកសមុទ្រ ដូច្នេះវាងាយក្នុងការលិចទីក្រុងភ្នំពេញ។ បើហ្សាកាតានេះ ងាយណាស់ក្នុងការលិច ឧស្សាហ៍លិចណាស់ផ្នែកមួយរបស់ទីក្រុងហ្សាកាតា។

ផ្តល់គោលនយោបាយ បន្ថយទំហំប្រឡាយ ប្រគល់ដីកំ​ពុង​រស់នៅជាដីស្របច្បាប់ និងផ្ដល់កម្មសិទ្ធិ

… បន្ថែមលើនោះ ប្រជាពលរដ្ឋរបស់យើងបានទៅតាំងទីលំនៅតាមតំបន់មួយចំនួនជាប់ជាមួយនឹងប្រ​ឡាយ ឥឡូវអាជ្ញាធរក្រុងកំពុងដោះស្រាយ ដើម្បីអោយប្រជាពលរដ្ឋទាំងនោះ បានរស់នៅស្របច្បាប់នៅតំបន់ទាំងនោះ តាមវិធីកាត់បន្ថយនូវទំហំប្រឡាយ ហើយសុខចិត្តជីកវាអោយជ្រៅ ដូចជានៅម្ដុំខាងស្ទឹងមានជ័យ និងតំ​បន់ដទៃទៀត។ បងប្អូនដែលរស់នៅតាមតំបន់ទាំងឡាយ ដែលនៅជាប់ជាមួយនឹងមាត់ប្រឡាយ សុំមេត្តាកុំបារម្ភ រាជរដ្ឋាភិបាលបានអោយគោលនយោបាយបែបនេះ ទៅសាលារាជធានីភ្នំពេញរួចហើយ អោយសាលារាជធានីភ្នំពេញ រកវិធីដើម្បីកាត់បន្ថយទំហំប្រឡាយហើយជីកប្រឡាយនេះអោយជ្រៅ ហើយដីដែលបងប្អូនកំ​ពុង​រស់នៅ ក្លាយទៅជាដីស្របច្បាប់តែម្ដង​ ផ្ដល់កម្មសិទ្ធិអោយបងប្អូន។ វិធីនេះកុំថា ហ៊ុន សែន យកឱកាសនេះដើម្បីធ្វើការឃោសនាបោះឆ្នោតទាញសន្លឹកឆ្នោតពីបងប្អូន។ បងប្អូនចង់បោះអោយអ្នកណាក៏បោះទៅ ក៏ប៉ុន្តែបងប្អូនត្រូវយល់ថា បងប្អូននឹងបានកម្មសិទ្ធិស្របច្បាប់ ពេលរាជរដ្ឋាភិបាលកាត់បន្ថយទំហំប្រឡាយនេះ ហើយធ្វើប្រឡាយជ្រៅចាក់បេតុងប្រឡាយនេះ។ អញ្ចឹងដីដែលបងប្អូនកំពុងរស់នៅ ក្លាយទៅជាដីរបស់បងប្អូននៅទីហ្នឹងតែម្ដង នេះហើយគឺស្ថានភាពនៃការដោះស្រាយឈ្នះឈ្នះ។ បើសិនជាយើងទៅយកប្រជាជនទាំងអស់ចេញពីកន្លែងហ្នឹង វានឹងបង្កើតបានរឿងថ្មីមួយទៀត។ តើយើងយកប្រជាពលរដ្ឋទាំងនេះយកទៅទុកនៅកន្លែងណា? អញ្ចឹងទេ បានជាខ្ញុំបានផ្ដល់នូវគោលការណ៍ដោះស្រាយបញ្ហា នៅក្នុងទីក្រុងរបស់យើងនេះ ដោះស្រាយទាំងបញ្ហាកុំអោយកកស្ទះលូប្រឡាយនេះ តាមរយៈធ្វើអោយវាជ្រៅហើយចាក់ជាបេតុងតែម្ដង អញ្ចឹងដីដែលបងប្អូនដែលរស់នៅជាប់ប្រឡាយ នឹងក្លាយទៅជាដីដែលបងប្អូនមានកម្មសិទ្ធិនៅថ្ងៃក្រោយ។

រំដោះទឹកមិនអាស្រ័យលើប្រឡាយធំឬតូច ចំណុះលើធារទឹកដែលអាចទ្រទ្រង់បាន

នេះជាស្ថានភាពដែលដោះស្រាយតាមរបៀបឈ្នះឈ្នះ អនុញ្ញាតអោយប្រជាពលរដ្ឋរបស់យើងដែលកំពុងខ្វះដីធ្លីនៅ ហើយទៅរស់នៅលើ(ប្រឡាយ) ជាធម្មតា ដីហ្នឹងជាដីរបស់រដ្ឋដែលមិនអាចទន្ទ្រានកាន់កាប់បានទេ ក៏ប៉ុន្តែការរំដោះទឹក​ វាមិនអាស្រ័យទៅលើប្រឡាយធំ ឬប្រឡាយតូចទេ វាចំណុះទៅលើធារទឹកដែលយើងអាចទ្រ ទ្រង់បាន ជួនកាលប្រឡាយហ្នឹងវា ១០ ម៉ែត្រ ប៉ុន្តែប្រឡាយហ្នឹងវារាក់ត្រឹមតែ ១ ម៉ែត្រ អញ្ចឹងធារទឹកវាទទួលបានត្រឹមថា ៥០០ ម៉ែត្រគូបក្នុង ១ វិនាទី។ អញ្ចឹង ប្រឡាយទំហំ ១០ ម៉ែត្រ តែយើងអាចកាត់ទំហំប្រឡាយ ពី១០ ម៉ែត្រមកនៅត្រឹម ៥ ម៉ែត្រ តែយើងដាក់ជម្រៅអោយជ្រៅរហូតទៅដល់ ៤ ទៅ ៥ ម៉ែត្រ អញ្ចឹងធារទឹកវាអាចបានច្រើនជាងអា ១០ ម៉ែត្រ ដែលមានជម្រៅត្រឹមតែ ១ ម៉ែត្រ … យើងអាចទទទួលបានធារទឹកវាច្រើនជាងអាទំហំប្រឡាយ ដូច្នេះយើងនូវសល់ផ្ទៃដីថែមទៀត ដើម្បីជូនប្រជាពលរដ្ឋរបស់យើង។

បន្ថយទំហំប្រឡាយតាមវាលស្រែ ធ្វើអោយចំណេញផ្ទៃដីបង្កបង្កើនផល

ផែនការដ៏មហិច្ឆតារបស់ខ្ញុំ នៅពេលខាងមុខនេះ ចង់ដោះស្រាយបញ្ហាកាត់បន្ថយទំហំប្រឡាយនៅតាមវាលស្រែ​ទាំងឡាយ ដែលវាមិនចាំបាច់ ដែលអាចធ្វើអោយចំណេញផ្ទៃដី សម្រាប់បង្កបង្កើនផល តាមរយៈ(បន្ថយទំហំ)​ប្រឡាយ ដែលមិនមែនជាប្រឡាយប្រើប្រាស់ជាចរាចរណ៍ដឹកជញ្ជូន។ ប្រឡាយខ្លះមិនអាចកាត់បន្ថយបានទេ យើងត្រូវទុកប្រឡាយហ្នឹង គួបផ្សំរវាងធារាសាស្រ្ត និងការដឹកជញ្ជូន ចំណុចនេះត្រូវបានលើកនៅក្នុងមហាសន្និ​បាតគណបក្សប្រជាជន តាំងពីឆ្នាំ ១៩៨៥ ដែលមានខ្ញុំជានាយករដ្ឋមន្ត្រីនៅពេលនោះ។ មើលឡើងវិញនៅក្នុងចំណុចនេះ គួបផ្សំប្រព័ន្ធធារាសាស្ត្រ និងការដឹកជញ្ជូន យើងប្រើប្រាស់ប្រឡាយទឹកក្លាយទៅជាកន្លែងដែលគេអាចអុំទូក ឬកាណូតបាន ឯនៅខ្នងប្រឡាយវាមានផ្លូវថ្នល់ជាផ្លូវលំ ឥឡូវផ្លូវចាក់កៅស៊ូមួយចំនួនរួចស្រេចទៅហើយ។ (ប្រឡាយ)ហ្នឹងយើងមិនអាចកាត់បន្ថយបានទេ។ ប៉ុន្តែនៅកន្លែងខ្លះ អត់មានតម្រូវការដឹកជញ្ជូនទេ។ ប្រឡាយរបស់យើងវាធំ។

ប្រឡាយធ្វើពីបេតុង ដោះស្រាយទឹក ពង្រីកជាថ្នល់សងខាង បង្កើនដីដាំដុះ នៅក្រោយឆ្នាំ ២០៣០

ថ្ងៃក្រោយ យើងឈានទៅធ្វើប្រឡាយចេញពីបេតុងតែម្ដង។ ប្រឡាយចេញពីបេតុង អាចដោះស្រាយទឹកជូនប្រជាពលរដ្ឋ ហើយកាត់បំព្រួញនូវដីដែលយើងអាចពង្រីកជាផ្លូវថ្នល់នៅសងខាងហ្នឹងបានធំទូលាយជាង ឬអាចផ្ដល់ដីនោះសម្រាប់ការបង្កើនដីនោះ សម្រាប់ការបង្កបង្កើនផលនៅពេលក្រោយ។ នេះប្រហែលជានឹងកើត​ឡើងនូវក្រោយឆ្នាំ ២០៣០។ គ្រាន់តែនិយាយប្រាប់ក្មេងៗ ទុកមុន ដែលគេនឹងបន្តវេននៅពេលក្រោយ។ បើធ្វើបែបនេះបានប្រឡាយរបស់យើង គឺបូមតែម្ដង ប្រឡាយរបស់យើងបច្ចុប្បន្នត្រូវបូម ២ ដង។ បូមម្ដងចូលអាប្រ​ឡាយមេនេះរួចហើយត្រូវបូមដាក់ស្រែ។ ថ្ងៃក្រោយយើងធ្វើប្រឡាយបណ្ដែតបន្តិច អញ្ចឹងទំហំប្រឡាយក៏វាអត់ធំយើងធ្វើពីបេតុង ដូច្នេះទៅដល់កន្លែងណាវាត្រូវទម្លាក់ទឹកចូលស្រែតែម្ដង វាជាផលចំណេញ។

អភិវឌ្ឍទាំងក្រុង ទាំងជនបទ

ទន្ទឹមនឹងការនិយាយពីការអភិវឌ្ឍទីក្រុង យើងក៏និយាយដល់ការអភិវឌ្ឍនៅឯជនបទផងដែរ។ រវាងទីក្រុង និងជនបទបច្ចុប្បន្នមិនខុសគ្នាឆ្ងាយប៉ុន្មានទេ។ បើនិយាយពីវិស័យឧស្សាហកម្ម ២ ថ្ងៃជាប់គ្នា ខ្ញុំទៅកាន់ខេត្តកំពង់ឆ្នាំងដើម្បីជួបកម្មករជាង ៤ ម៉ឺននាក់នៅទីនោះ។ ធ្លាប់ទៅជួបកម្មករជិត ៥ ម៉ឹននាក់នៅឯបាវិត និងប្រមាណ ៤ ម៉ឺននាក់នៅឯកំពង់សោម និងអាទិត្យក្រោយនេះ ត្រូវជួបកម្មករ ២ សាទៀតជាង ៤ ម៉ឺននាក់។ បន្ទាប់ទៅផ្អាកសិនចូលយុទ្ធនាការបោះឆ្នោត។ ដល់បោះឆ្នោតរួចហើយ ដើរសួរសុខទុក្ខកម្មករទៀត។ សង្ឃឹមថាមានការជឿជាក់ នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី ២០ ជាបន្តទៀត។

បោះឆ្នោតពហុបក្សជាទៀងទាត់

យើងធ្វើការបោះឆ្នោតទៀងទាត់ ដោយមានគណបក្សច្រើនចូលរួម។ លើកនេះមាន ២០ គណបក្ស។ សង្ឃឹមថាការបោះឆ្នោតរបស់យើង ក្លាយទៅជាការបោះឆ្នោតមួយប្រកបដោយភាពយុត្តិធម៌ សេរី ត្រឹមត្រូវ។ ខ្ញុំសូមអំពាវនាវសារជាថ្មីម្ដងទៀត ចំពោះអាជ្ញាធររាជធានី ខេត្ត និងថ្នាក់ក្រោយជាតិទំាងអស់ បង្កលក្ខណៈងាយស្រួលឲ្យបណ្តាគណបក្សនយោបាយ បានធ្វើសកម្មភាព។ ពិតមែនហើយ ផែនការបំផ្លាញរបស់ក្រុម ដែលក្លាយទៅជាខ្មោចហើយនោះ វានៅបន្ត ប៉ុន្តែផែនការគេនឹងទទួលបរាជ័យ ព្រោះថា ប្រជាពលរដ្ឋនឹងប្រើប្រាស់សិទ្ធិ ដើម្បីនឹងធ្វើការបោះឆ្នោត មិនមែនគ្រាន់តែបោះសម្រាប់អោយគណបក្សប្រជាជនមួយទេ គណបក្សដទៃគេក៏មានសមា​ជិក/ជិកា និងអ្នកគំាទ្ររបស់គេ ដូច្នេះត្រូវផ្តល់ឱកាសអោយគេបានធ្វើសកម្មភាពផង។

បន្តបេក្ខភាពនាយករដ្ឋមន្ត្រី យ៉ាងតិច ១០ ឆ្នាំទៀត

ខ្ញុំសូមអរគុណទុកជាមុន ចំពោះបងប្អូនទំាងអស់ ដែលបានមកទីនេះ។ សង្ឃឹមថាបងប្អូននឹងរួមចំណែកធ្វើការបោះឆ្នោត ប្រមូលក្រុមគ្រួសារបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ការធានាតែមួយគត់ចំពោះសន្តិភាព និងការអភិ​វឌ្ឍ គឺការបោះឆ្នោតជូនគណបក្សប្រជាជន។ គ្មានអ្វីលំបាកទេ ព្រោះនេះជាបក្សដែលកំពុងតែធានាជូនលោកយាយលោកតា បងប្អូនទំាងអស់ រួចជាស្រេចទៅហើយ។ បេក្ខភាពនាយករដ្ឋមន្ត្រីក៏អត់ដោះដូរដែរ។ ខ្ញុំនឹងបន្តបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិទី ៦ ពីនេះទៅដល់ ២០២៣ ហើយក៏នឹងបន្តពីឆ្នំា ២០២៣ ដល់ ២០២៨ តទៅទៀត។ បានសេចក្តីថា យ៉ាងតិច ១០ ឆ្នំាទៀត … អត់អីទេ នៅកម្លំាងនៅមំាណាស់។ កាលពីជំនាន់អត់មានម៉ាស៊ីនទឹកនោះ ពេទ្យគេអោយខ្ញុំហែលទឹក ហើយឥឡូវទៅហែលនៅឯណា បើអត់មាន(កន្លែងហែលទឹក)ផង។ បើទៅហែលនៅតាមអូតែល អាហ្នឹងច្បាស់ជា អូតែលហ្នឹងគឺចោលលុយហើយ អត់មានអ្នកណាទៅហែលជាមួយបានទេ ព្រោះគេខ្លាចសន្តិសុខ។ ទៅកន្លែងណាក៏វាមិនបាន អញ្ចឹងទេ មានតែវិធីរត់កង់ ដើរលើម៉ាស៊ីននោះ ដើរចង់ជ្រុះជើងហើយ។

ប៉ុន្តែរយៈពេល ៣ អាទិត្យនេះ ជិត ៤ អាទិត្យមកនេះ គឺចាប់ផ្តើមហែលទឹក ដោយបានធ្វើម៉ាស៊ីនទឹកមួយគ្រាន់តែហែល​ទឹក។ មួយថ្ងៃហែលយ៉ាងតិច ៥០០ ម៉ែត្រ ហើយច្រើនគឺ ១០០០ ម៉ែត្រ។ មិនមែនហែល ២០ ម៉ែត្រ ឈប់ម្តងទេណា ហែលអត់ឈប់ បានសេចក្តីថា ២៥ ម៉ែត្រអញ្ចឹង ១០ ដងទៅមក វាមិន ២០ ស្មើនឹង ៥០០ ម៉ែត្រ។ បើមានពេលយើង ២០ ទៅ ២០ មក ៤០ ដង ស្មើនឹង ១ គីឡូ។ បានធូរបន្តិច។ មិនទាន់អីទេ មិនទាន់ទៅណាទេ។ លោកយាយក៏កុំទាន់អាលទៅណាដែរ ទើបនឹង ៧៩ សោះហ្នឹង ដល់ ១០០ ឯណោះ ចំាដល់មានចៅទួតចៅលួត។ ខ្ញុំក៏សង្ឃឹមដែរថា នឹងបានមើលដល់ចៅទួត ហើយអាចមានលទ្ធភាពដល់ចៅលួតផង ដោយ​សារតែចៅច្បងគឺ ជាចៅស្រី ហើយធម្មតាចៅស្រី ត្រូវតែប្រញាប់ប្រញាល់បន្តិចហើយ។ តែមិនទាន់(គិតទេ) អោយរៀនចប់មហាវិទ្យាល័យសិន ចំាគិតគូរគ្នាក្រោយ …។

ការទោះទាយបាល់ទាត់ពិភពលោក

យ៉ាងណាក៏ដោយ សូមអោយអ្នកដែលធ្វើការសរុបពិន្ទុ ក្រែងយប់មិញបញ្ចប់វគ្គសន្សំពិន្ទុហើយ។ យើងក៏សូមផ្ញើអបអរសាទរចំពោះក្រុមបាល់ទាត់ជប៉ុន ដែលតំណាងអោយអាស៊ីចូលទៅក្នុងវគ្គ ១៦ ក្រុម អបអរសាទរចំពោះជប៉ុនផង … ហ្នឹងជាបទពិសោធន៍មួយសម្រាប់បាល់ទាត់កម្ពុជា … ល្ងាចស្អែករុស្ស៊ីជាមួយអេស្ប៉ាញ ខានស្អែកអ៊ុយរ៉ាហ្គាយ ជាមួយ ព័រទុយហ្គាល់។ ខ្ញុំយក អ៊ុយរ៉ាហ្គាយ ហើយ … គ្រាន់តែទោះទាយតែប៉ុណ្ណោះ។ អ្នកដែលចាក់អាឡឺម៉ង់ប្រហែលជាចាញ់មិនតិចទេ។ នៅប្រទេសខ្លះមានលោតសម្លាប់ខ្លួន។ តាមខ្ញុំដឹងប្រទេសមួយនោះ បានលោតសម្លាប់ខ្លួនអស់ ៥ នាក់ទៅហើយ ក្នុង ៥ នាក់ហ្នឹង អាចចាញ់ដោយសារតែអាឡឺម៉ង់ច្រើនជាងគេ …។

ទះដៃពីរដង សំគាល់លេខរៀងទី ២០

ថ្ងៃនេះ ខ្ញុំបាននំាមកសម្រាប់សិស្សានុសិស្សចំនួន ៩៥៤ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល ​ជូនកាយាឫទ្ធិ និងយុវជនកាកបាទក្រហមចំនួន ២០០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល។ អើ! ទះអញ្ចឹងត្រូវហើយ។ ទះពីរដង ទះម្តងចេញ ១០ ទះពីរដងចេញ ២០។ យើងលេខទី ២០។ ពីនេះទៅដល់ឆ្នំា ២០២៣ ត្រូវទះដៃខាងក្រោយពីរដង ចេញលេខ ២០។ យើងទះអោយយូរចុះ តែចុងក្រោយ(២ដង) ព្រោះយើង ចាប់ឆ្នោតដោយយុត្តិធម៌។ សម្តេចព្រះសង្ឃរាជជាអ្នកចាប់ឆ្នោត។ ពីរអាណត្តិយើងចាប់ឆ្នោតចំលេខ ៤ តែអា​ណត្តិនេះយើងចាប់ចំលេខ ២០ … កាលមួយនោះ ៣៩ គណបក្សចូលរួមបោះឆ្នោត យើងចាប់លេខទៅដល់ប៉ុន្មានឯណោះ។ ប៉ុន្តែគណបក្សប្រជាជនងាយចំណំាទេ សញ្ញាទេវតាបាចផ្កា អត់មានអ្នកណាដូចទេ។ ស្រួលណាស់ ជូនលោកគ្រូ អ្នកគ្រូ ៥២ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល ជូនអនុវិទ្យាល័យគោកបញ្ជាន់ សង្កាត់ចោមចៅទី ១ ថវិកា ១ លានរៀល ជូនវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ថវិកា ២ លានរៀល ជូនសាលាខណ្ឌពោធិ៍សែនជ័យ ថវិកា ២ លានរៀល ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌពោធិ៍សែនជ័យថវិកា ៣ លានរៀល ជូនក្រុមតន្ត្រីសម័យថវិកាចំនួន ៥ លានរៀល។

យើងបន្តសន្តិភាព ជំរុញការអភិវឌ្ឍ ទៅ​ឆ្នាំ ២០២៣ ទាំងអស់គ្នា

ហើយសង្ឃឹមថា ពីនេះទៅដល់ការបោះឆ្នោត ហើយពីនេះទៅដល់ការបោះឆ្នោតឆ្នាំ ២០២៣ យើងទំាងអស់គ្នានឹងបន្តរួមគ្នា ដើម្បីរក្សាសន្តិភាពនៅក្នុងប្រទេស និងដើម្បីជម្រុញការអភិវឌ្ឍប្រទេសនេះ អោយមានភាពរីកចម្រើនកាន់​តែខ្លំាង ការរីកចម្រើនទៅបាន ដំណោះស្រាយដ៏ល្អតែមួយគត់គឺការបោះឆ្នោតអោយគណបក្សប្រជាជន ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។ ហើយជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី រង្វង់មូលចោមចៅ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខ្ញុំសូមប្រសិទ្ធពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសបងប្អូនជនរួមជាតិទំាងអស់សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕