សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​រោង​ចក្រ​ផលិត​ស៊ីម៉ង​ត៍ក្រុមហ៊ុន​ជីប​ម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេ​សិន (CMIC)

56

នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញ​ជាអធិ​បតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​រោងចក្រផ​លិតស៊ីម៉ង​ត៍​របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC) ដែលមានទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១ ក្នុងភូមិព្រៃ​តាព្រិត ឃុំស្តេចគង់​ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវ​ក្តីរីករាយ និងមានមោទភាព​បំផុត ចំពោះប្រទេសកម្ពុជា ដែលបាន បង្កើតរោង​ចក្រ​ផលិតស៊ីម៉ងត៍​ផ្ទាល់ខ្លួន​នៅទីនេះ ហើយការ​បង្កើត​រោងចក្រនេះ គឺជាការ​បង្កើតឧស្សាហ​កម្មធុនធ្ងន់​មួយ​របស់​ប្រទេស​កម្ពុជា ក្នុងការ​ចូល​រួមចំណែក​នៃវិស័យ​សំណង់ ជាពិសេស​ការសាង​សង់​សំណង់​អាគារ​ផ្សេងៗ ដែលជាតម្រូវ​ការរបស់ប្រជាពលរដ្ឋ និងគ្រប់វិស័យនានា ។ ស៊ីម៉ងត៍ គឺជាតម្រូវការ​ដ៏ចាំបាច់​នៅលើ​ពិភពលោក ពីព្រោះ​បច្ចុប្បន្ននេះ គ្រប់សំណង់​ទាំងអស់​សុទ្ធតែត្រូវ​ការ ប្រើប្រាស់ស៊ីម៉ងត៍ ដូចជា​អគារ​បុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវបេតុង​ជាដើម។ រោងចក្រផលិតស៊ីម៉ងត៍ដ៏ធំមួយនេះគឺ​បានវិនិយោគ​ក្នុងទឹក​ប្រាក់ប្រមាណ ២៦២លានដុល្លារអាមេរិក ដែល​ជាវិនិ​យោគរួមគ្នា​រវាងក្រុមហ៊ុន ជីបម៉ុងគ្រុប របស់កម្ពុជាចំនួន​ទឹកប្រាក់៦០% និងក្រុមហ៊ុនស៉្យាម​ស៊ីធីស៊ី​មេនរ​បស់ប្រទេស​ថៃចំនួន​ទឹកប្រាក់៤០% ដែលមាន​សមត្ថភាព​ផលិតស៊ីម៉ងត៍បាន ៥,០០០តោនក្នុង​មួយថ្ងៃ ឬ ១.៧លាន​តោន​​ក្នុងមួយឆ្នាំ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​បញ្ចាក់ថា ខេត្តកំពត គឺជាខេត្ត ដែលបាន​បញ្ចប់​សង្គ្រាមក្នុង​ឆ្នាំ​១៩៩៦ តាមរយៈនយោបាយ​ឈ្នះឈ្នះ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ​ហើយ​ពេល​នេះខេត្តកំពត​បានប្រែក្លាយ​ទៅជាខេត្ត ដែលមានការអភិវឌ្ឍន៍​រីកចម្រើនស្ទើរ​លើគ្រប់វិស័យ ជាពិសេស​លើផ្នែកហេដ្ឋារ​ចនាសម្ព័ន្ធ និងទេសចរណ៍ ព្រោះជាខេត្ត​ជាប់​តំបន់សមុទ្រ ។ កំពតក៏ជា​ខេត្ត ដែលមានផលិតអំបិល​ផ្ទាល់ខ្លួន និងចែកចាយ​អំបិល​ទៅកាន់​បណ្តាខេត្តផ្សេ​ងៗទៀតផង។ តាមរយៈ​ការបង្កើត​រោងចក្រ​នេះ ក៏ជា​ការផ្តល់​ការងារ​មួយចំនួន​ ដល់ពល​រដ្ឋកម្ពុជា​ប្រមាណជាង៤០០នាក់ ផងដែរ ជាពិសេសអ្នក​ដែលនៅខេត្ត​កំពតនេះតែម្តង។ កម្ពុជាក៏ត្រូវការ​ផលិតស៊ីម៉ងត៍ ដើម្បីធ្វើការនាំ​ចេញ​ផងដែរ ដូចច្នេះកម្ពុជាត្រូវ​បង្កើន​សមត្ថភាព​បន្ថែមទៀតក្នុងវិស័យ​ឧស្សាហកម្ម​មួយនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែអំណរគុណ​ចំពោះប្រជាពល​រដ្ឋទូទាំង​ខេត្តកំពត ដែលកន្លង​មកតែង​តែជឿជាក់​គាំទ្រ និងបោះឆ្នោត​ជូន​គណ​បក្សប្រជាជន​កម្ពុជា ហើយ​សម្តេច​តេជោ សូម​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ចូ​លរួមគាំទ្រ​ជាបន្តទៀត។ សម្តេចតេជោ សន្យាថានឹងនៅរួម​ដំណើរ​ជាមួយប្រជា​ពលរដ្ឋ​កម្ពុជាក្នុ​ងការ​ដឹកនាំ​ប្រទេសមិ​នតិចជាង១០ឆ្នាំទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន បានជូនពរ​ចំពោះប្រជាព​លរដ្ឋទាំងអស់ សូមជូប​តែសេចក្តី​សុខច​ម្រើន​គ្រប់ៗគា្ន។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនា​ខ្សែសង្វាក់ផលិតកម្មនៃក្រុមហ៊ុនផលិតស៊ីម៉ងត៍នេះក្នុងបរិយាកាសរីករាយក្រៃលែង៕

ចែករំលែក