សុន្ទរកថា និងសម្រង់ប្រសាសន៍ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៦-២០១៧ និងទិសដៅការងារ ឆ្នាំ ២០១៧-២០១៨

30

ថ្ងៃទី ១១ ជួបមន្រ្តីរាជការ និងថ្ងៃទី ១៣ ជួបយុទ្ធជនពិការ

ថ្ងៃនេះ អាចជាវេទិកាចុងក្រោយទាក់ទិនជាមួយនឹងស្ថាប័ន។ ពិតមែនតែនៅសល់វេទិកាពីរទៀតមុនចូល ឆ្នាំខ្មែរ គឺជួបមន្រ្តីរាជការរបស់យើងនៅខេត្តសៀមរាប នៅល្ងាចស្អែក និងព្រឹកថ្ងៃទី ១៣ ជួបយុទ្ធជនពិការ។

ផ្លាស់ប្ដូរទីតាំង ព្រោះចង់អោយមន្រ្តី និងកសិករ មកទស្សនកិច្ចវិមានសន្ដិភាព

ការផ្លាស់ប្ដូរកន្លែងមកទីនេះ មិនមែនតម្រូវ និងសម្រួលដល់ការចូលរួមរបស់ខ្ញុំ និងឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំនោះទេ ក៏ប៉ុន្តែសំខាន់ គឺបានអញ្ជើញកសិករអោយមកចូលរួមនៅក្នុងសន្និបាតបូកសរុបការងារ​កសិកម្មនេះ ចូលមកកាន់វិមានសន្ដិភាព ហើយសង្ឃឹមថា បន្ទាប់ពីនេះទៅ ប្រសិនបើតំណាងកសិកររបស់ យើង ក៏ដូចជាមន្រ្តីរាជការ ដែលអញ្ជើញមកពីតាមខេត្ត​ចង់ទស្សនកិច្ចនៅបណ្ដាអាគារនៅទីតាំងវិមានសន្ដិ ភាពនេះ ក៏សូមអញ្ជើញ។

(បញ្ចប់សេចក្ដីអធិប្បាយ)

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ ឆ្នាំ ២០១៦-២០១៧ និងទិសដៅការងារឆ្នាំ ២០១៧-២០១៨ » នាពេលនេះ។ សន្និបាត បូកសរុបការងារកសិកម្ម ដែលប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃនេះ មិនត្រឹមតែជាឱកាសមួយសម្រាប់ការ ចូលរួមពិភាក្សា បូកសរុប និងវាយតម្លៃលើលទ្ធផលការងារសម្រេចបាន ក្នុងឆ្នាំកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏ ជាឱកាសដែលឤចចែករំលែកទស្សនៈ និងបទពិសោធន៍ បង្ហាញនូវបញ្ហាប្រឈមនានា និងកាលានុវត្ត ភាពថ្មីៗ ដើម្បីរិះរកវិធានការដោះស្រាយ និងកំណត់បណ្តាសកម្មភាពជាឤទិភាព ឈានឆ្ពោះទៅរកការ អភិវឌ្ឍវិស័យកសិកម្ម ឱ្យរីកចម្រើន ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ទៀតផង។

ជារួម ស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០១៦ នេះមានលក្ខណៈល្អប្រសើរធៀបនឹង ៣ ឆ្នាំ ចុងក្រោយនេះ ដោយយលងទទួលបានផលិតផលស្រូវសរុបក្នុងបរិមាណជិត ១០ លានតោន និងអតិរេក ស្បៀងប្រមាណ ៥,១១ លានតោនស្រូវ ឬ គិតជាអង្ករ ជាង ៣,២៧ លានតោន។ ចំណែកដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗ ពិសេសផលិតកម្មកៅស៊ូ, ផលិតកម្មសត្វ និងងវារីវប្បកម្ម ក៏មានសន្ទុះកើន ឡើងគួរឱ្យចាប់ឤរម្មណ៍ បើធៀបនឹងឆ្នាំមុន។

លទ្ធផលដ៏ប្រសើរក្នុងវិស័យកសិកម្មនេះ បានបង្ហាញឱ្យឃើញ អំពីការយកចិត្តទុកដាក់ក្នុងការជំរុញការ ងារបង្កបង្កើនផល ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ភាពម្ចាស់ការរបស់ប្រជាកសិករលើការងារស្រែចម្ការ កំណើនលើការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការរៀបចំសហគមន៍កសិកម្ម ការទទួលយកបច្ចេកទេសថ្មីៗ ការផ្លាស់ប្តូរ ពូជដែលមានទិន្នផលខ្ពស់ និងគុណភាពល្អ ការជំរុញពីផលិតកម្មបែបលក្ខណៈគ្រួសារ ទៅជា ផលិតកម្មបែបពាណិជ្ជកម្មជាដើម។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលក្រសួង ស្ថាប័នពាក់ព័ន្ធទាំង ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍អន្តរជាតិ ជាពិសេសចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ ផ្នែកស្រាវជ្រាវអភិវឌ្ឍពូជ និងផ្នែកផលិតកម្មស្រូវ ដែលរួមចំណែកធ្វើឱ្យទិន្នផលកើនឡើង ទាំងបរិ មាណ និងមានគុណភាព ព្រមទាំងលើកកេរ្ត៍ឈ្មោះអង្ករកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ។

ទន្ទឹមនេះ ខ្ញុំសូមកោតសរសើរដល់កសិករកម្ពុជានៅទូទាំងប្រទេស ពិសេសកសិករឆ្នើមនៅទីនេះស្រាប់ ដែលតែងបានខិតខំប្រឹងប្រែងតស៊ូព្យាយាម និងសង្វាតក្នុងការងារផលិតកម្មស្រូវ ដោយបំពេញការងារ កសិកម្មប្រកបដោយស្មារតីម្ចាស់ការ រហូតទទួលបានជោគជ័យប្រកបដោយមោទនភាព។ លើសពីនេះ ទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ដល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) ដែលទើបតែបាន បញ្ចេញពូជស្រូវថ្មីចំនួនពីរពូជទៀត គឺពូជស្រូវ «ខា ១៦ » ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ហើយធន់នឹង កម្តៅ និងពូជស្រូវ «ស្មាច់ ០២» ជាពូជស្រូវធ្ងន់ អង្ករក្រហម សម្រាប់ប្រជាកសិករប្រើប្រាស់ ក្នុងបរិការណ៍ ប្រែប្រួលឤកាសធាតុ។

(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)

បន្ត និងខិតខំស្រាវជ្រាវពូជស្រូវ និងដំណាំផ្សេង ធន់នឹងអាកាសធាតុ

ខ្ញុំគិតថា CARDI របស់យើង នឹងត្រូវដើរតួយ៉ាងសំខាន់នៅក្នុងបរិការណ៍ ដែលពិភពលោកស្ថិតនៅ ក្នុង​ពេលវេលាដ៏លំបាកទាក់ទងទៅនឹងការប្រែប្រួលអកាសធាតុ។ សង្ឃឹមថា CARDI របស់យើង នឹងបន្តការ ខិតខំស្រាវជ្រាវ​លើពូជដំណាំផ្សេងៗទៀត ដើម្បីអោយធន់ទៅនឹងប្រែប្រួលអាកាសធាតុ។ ដូចមុននេះ និង ពេលនេះ យើងកំពុងសិ្ថតក្នុងរង្វង់ ៣៥ អង្សារ ទៅ ៣៦ អង្សារ ប៉ុន្តែបើសិនជាកំដៅកើនឡើងខ្ពស់ ពូជនោះ វាមិនអាចរស់​តទៅទៀតទេ ត្រូវតែមានពូជថ្មីជាបន្ត។ ខ្ញុំសូមលើកទឹកចិត្តដល់មន្រ្តី អ្នកបច្ចេកទេសនៅ CARDI របស់យើង​នេះ អោយបន្តការខិតខំស្វះស្វែងរកពូជថ្មី ទាំងស្បៀង ទាំងពូជកសិផល ឬពូជដំណាំ ដទៃទៀត រាប់ទាំងផ្កាផងដែរ។

(បញ្ចប់សេចក្ដីអធិប្បាយ)

ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា សម្រាប់ការចូលរួមចំណែក លើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជនកម្ពុជា ព្រមទាំងបង្កើនឧត្តមភាពប្រកួតប្រជែងការនាំចេញ ផលិត​ផលកសិកម្ម ខ្ញុំសូមយកឱកាសនេះផ្តល់នូវគំនិតថ្មីៗមួយចំនួនសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំ ដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង ស្ថាប័ន ពាក់ព័ន្ធសម្រាប់ជា មូល ដ្ឋានក្នុងការអនុវត្តការងារដូចតទៅ៖

ទី ១ ត្រូវខិតខំប្រែក្លាយកសិកម្មកម្ពុជា ឱ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែងខ្ពស់ ធន់នឹង ការប្រែប្រួលឤកាសធាតុ និងធានានិរន្តរភាពការងារកសិកម្ម ដែលនឹងបង្កើនប្រសិទ្ធភាពលើការប្រើប្រាស់ ធនធានដីកសិកម្មរបស់យើង។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការពង្រីក និងទំនើបកម្ម សហ គ្រាសកសិកម្មធុនតូច និងមធ្យម និងពង្រឹងសមត្ថភាពសហគមន៍កសិកម្មឱ្យមានលក្ខណៈជាជំនាញឤ ជីព លើការងារកែច្នៃកសិផល និងជំរុញការអនុវត្តវិធីសាស្ត្រផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ទី ២ លើកកម្ពស់ការចូលរួមវិនិយោគឯកជនក្នុងគ្រប់ខ្សែចង្វាក់តមៃ្លកសិកម្ម ពិសេសទាក់ទាញការវិនិ យោគឯកជន ឱ្យចូលរួមបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីសម្រេចឱ្យ បាននូវគោលដៅការនាំចេញទំនិញកសិកម្មយ៉ាងតិច ១២ % នៃទំនិញនាំចេញសរុបត្រឹមឆ្នាំ ២០២៥។ ក្នុងនោះ ស្ថាប័នពាក់ព័ន្ធត្រូវចូលរួមសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធឡូជីស្ទីក ដើម្បីគាំទ្រដល់ការកាត់បន្ថយថ្លៃ ដើមផលិត លើកកម្ពស់ការកែច្នៃ និងភាពប្រកួតប្រជែងលើការនាំចេញ។

ទី ៣ ត្រូវជំរុញដល់ការលើកកម្ពស់គុណភាព និងសុវត្ថិភាព នៃផលិតផលកសិកម្មស្របតាម លក្ខខណ្ឌ តម្រូវអនាម័យ និងភូតគាមអនាម័យនៃសមត្ថកិច្ចប្រទេសនាំចូល ហើយរួមសហការគ្នាឱ្យបានល្អ សំដៅ ទប់ស្កាត់ការនាំចេញ-នាំចូលផលិតផលកសិកម្មខូចគុណភាព ផ្ទុកសារធាតុគីមីខ្ពស់ នាំមកជា មួយនូវ មេរោគ និងសត្វល្អិតចង្រៃ ដែលបង្កហានិភ័យដល់សុខភាពសាធារណៈ ខូចទីផ្សារក្នុងស្រុក និងទីផ្សារ សម្រាប់នាំចេញប៉ះពាល់ដល់គុណតម្លៃ នៃផលិតផលក្នុងស្រុក ដែលធ្វើឱ្យកសិករអ្នកផលិត របស់យើង ត្រូវខាតបង់ហើយបោះបង់ចោលស្រែចម្ការ។

(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)

កម្ពុជាចង់បានឧស្សាហកម្មកែច្នៃ ដើម្បីបង្កើនតម្លៃកសិផល

ចំណុចនេះ គឺខ្ញុំសូមមានយោបល់បន្ថែមបន្ដិច។ ទាក់ទិននឹងចំណុចទី ២ ខាងលើ និងចំណុចទី ៣ នេះ បញ្ហាប្រឈមរបស់យើងនៅពេលនេះគឺនៅត្រង់ថា កសិកម្មរបស់យើងមានការជឿនលឿនទៅហើយ ក៏ប៉ុន្តែ តម្រូវការនៃការកែច្នៃពាក់ព័ន្ធទៅនឹងវិស័យឧស្សាហកម្មនៅមានកម្រិតនៅឡើយ។ ដូច្នេះ បានជាផលិត ផលកសិកម្មរបស់យើង រាប់ទាំងស្រូវផងដែរ ពុំមានការកែច្នៃគ្រប់គ្រាន់នោះទេ។ ថ្ងៃមុន ខ្ញុំបានជួបអគ្គនា យក UNIDO ទាក់ទងទៅនឹងផ្នែកការអភិវឌ្ឍកសិកម្មរបស់អង្គការសហប្រជាជាតិ យើងបានលើកគោល គំនិតទាក់ទងទៅនឹងការចង់បានរបស់យើង ទៅលើវិស័យឧស្សាហកម្ម ហើយឧស្សាហកម្មដែលយើង ចង់ បានបំផុត គឺឧស្សាហកម្មកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់វត្ថុធាតុដើមដែលមាននៅកម្ពុជាជា​ស្រេច។ នេះជាចំណុច ជាឧបសគ្គរបស់យើង ដែលយើងបាននិងកំពុងខិតខំធ្វើកិច្ចការងារនេះ តាមរយៈការ អំពាវ នាវអោយមានការវិនិយោគបន្ថែមពីវិស័យឯកជន ដើម្បីចូលរួមទៅលើកិច្ចការងារនេះ។

មូលហេតុដែលនាំអោយតម្លៃស្រូវធ្លាក់ចុះ និងការប្រកួតប្រជែងការនាំចេញពីប្រទេសក្នុងតំបន់

មួយទៀត ការនាំចេញរបស់យើង ឬទីផ្សារកសិផលរបស់យើង ជាបញ្ហាប្រឈមមួយសម្រាប់កសិករនៅ កម្ពុជាក៏ដូចជាកសិករនៅក្នុងតំបន់ និងពិភពលោកតែម្ដង មិនមែនដាច់ដោយឡែកតែកម្ពុជានោះទេ។ កន្លងទៅនេះ តម្លៃស្រូវរបស់យើង គឺមានការធ្លាក់ចុះរហូតដល់កសិកររបស់យើងមិនសប្បាយចិត្ត ប៉ុន្តែខ្ញុំក៏ សុំនិយាយទៅកាន់កសិករថា រឿងនេះ មិនមែនមាននៅតែកម្ពុជានោះទេ។ នៅក្នុងឆ្នាំ ២០០៨-២០០៩-២០១០ ពេលនោះ តម្លៃកសិផលរបស់យើងខ្ពស់ កសិកររបស់យើងបានប្រើប្រាស់ឱកាសនៅពេលនោះ ដែលជាពេលវេលានៃវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកល។​ តម្លៃអង្ករលើទីផ្សារ កសិផលលើទីផ្សារមានការឡើង​ថ្លៃ ដើម្បីក្លាយខ្លួនទៅជាអ្នកមានប្រាក់ចំណូល។ ឥឡូវកសិកររបស់យើងមានប្រឹងប្រែងខ្លាំងណាស់ ក្នុង ការ​ផលិតស្រូវ មានអតិរេកជាង ៥ លានតោន ដែលគិតជាអង្កររហូតទៅដល់ជាង ៣ លានតោន ប៉ុន្តែយើង ក៏មិនត្រូវភ្លេចថា មិនមែនមានតែប្រទេសកម្ពុជាមួយ ដែលមានការផលិតស្បៀង ឬផលិតអង្ករនោះ។

ប្រទេសថៃ សព្វថ្ងៃ តាមយើងដឹងនៅក្នុងអង្ករប្រមាណជាង ១២ លានតោន​ កំពុងស្ដុកក្នុងឃ្លាំងនៅឡើយ ហើយដែលបញ្ចេញមិនរួចទៀតផង។ រដ្ឋាភិបាលមុន គឺបានឧបត្ថម្ភទុនក្នុងការទិញស្រូវ ដើម្បីយកមក​បញ្ចូលក្នុងឃ្លាំង។ រឿងនេះ ក៏បានក្លាយទៅជារឿងក្ដីក្ដាំងមួយ ដែលរដ្ឋាភិបាលបច្ចុប្បន្នបានទាមទារ តាម រយៈផ្លូវតុលាការ អោយនាយករដ្ឋមន្រ្តីមុន ធ្វើការសងចំពោះថវិកាជាតិ ដែលបានយកទៅប្រើប្រាស់ ក្នុងការ ទិញស្រូវយកមកស្តុកទុក។ បើទោះស្រូវទាំងប៉ុន្មានលានតោនលក់ចេញបានក៏ដោយចុះ ប៉ុន្តែវាមិនគ្រប់ គ្រាន់ទៅនឹងការខាតបង់នៃការឧបត្ថម្ភទុននាពេលនោះទេ។

សម្រាប់ប្រទេសវៀតណាម ក៏ជាប្រទេសនាំចេញអង្ករក្នុងមួយឆ្នាំប្រមាណជា ៥ លានតោន។ ប្រទេសឡាវ គឺជាប្រទេសដែលមានផលិតកម្មទទួលទានគ្រប់គ្រាន់។ ប្រទេសមីយ៉ាន់ម៉ា ក៏ជាប្រទេសក៏នាំចេញអង្ករ។​ ហើយជាងនេះទៅនេះ​ ប្រទេសឥណ្ឌា គឺជាប្រទេសដែលស្តុកអង្ករច្រើន ដោយសារតែជាប្រទេសមានប្រជា ជនរហូតទៅដល់ជិត ១៣០០ លាននាក់។ គ្រប់ប្រទេសទាំងអស់ គឺសុទ្ធតែមានការផលិតស្បៀង។ ប្រ ទេសអភិវឌ្ឍន៍ មានទំនិញប្រហាក់ប្រហែលគ្នា ហើយប្រកួតប្រជែងតែនឹងគ្នាឯង ក្នុងពេលដែលប្រទេស ជឿនលឿនមានការបែងចែកការផលិត ហើយទំនិញរបស់ពួកគេ មិនមានការប្រកួតប្រជែងធំប៉ុន្មានទេ។ ឧទាហរណ៍ នៅលើពិភពលោក ក្រុមហ៊ុនដែលផលិតយន្តហោះ គឺមានតែក្រុមហ៊ុនធំៗ Boeing របស់អា មេរិក, Airbus របស់ពួកអឺរ៉ុប។ ហើយឧទ្ធម្ភាគចក្រក៏មានតែប៉ុន្មានប្រទេស។ អញ្ចឹងអ្នកទាំងឡាយ ទៅ ទិញ គឺដោយគ្មានការប្រកួតប្រជែងខ្លាំងទេ។ បញ្ហារថយន្ត មានម៉ូដែលខុសៗគ្នា ដែលមិនមែនជាការប្រកួត​ប្រជែងធំ។ តម្លៃថ្នាំពេទ្យ ឬគ្រឿងចក្រនានា ឧបករណ៍ពេទ្យ ក៏គ្មានការប្រកួតប្រជែងធំនោះដែរ។

នៅ Davos ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក​ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅក្នុងអង្គប្រជុំនោះ  មានប្រទេសគ្រប់តំបន់ទៅចូលរួម ទាំងទៅពីអាស៊ី ទាំងមកពីអាហ្វ្រិក អាមេរិកឡាទីន ទាំងពីមជ្ឈឹមបូព៌ា និងពួកអឺរ៉ុបផងដែរ ប៉ុន្តែគេបានត្អូញត្អែរថា តម្លៃស្បៀងបច្ចុប្បន្នខ្ពស់ណាស់ ថ្លៃពេក ក្នុងពេលដែលប្រទេស កំពុងអភិវឌ្ឍន៍ ប្រទេសដែលផលិតស្បៀងក៏កំពុងត្អូញត្អែរថាតម្លៃស្បៀងដែលយើងផលិតនេះគឺថោកពេក។ អញ្ចឹងមួយថាថ្លៃពេក, មួយថាថោកពេក។ ពេលនោះ ខ្ញុំក៏បានលើកឡើងពាក់ព័ន្ធទៅនឹងការលក់ដ៏​ថ្លៃរបស់​ប្រ​ទេសនាំចេញដែលគ្មានការប្រកួតប្រជែង។ គេលក់គ្រឿងចក្រអោយយើងក្នុងតម្លៃមួយដ៏ខ្ពស់។ គេលក់​ថ្នាំ​ពេទ្យ​អោយយើងក្នុងតម្លៃមួយដ៏ខ្ពស់។

បង្កើនតុល្យភាពកសិកម្ម និងឧស្សាហកម្ម/សម្រួលប្រទេសកំពុងអភិវឌ្ឍន៍ នាំចូលទៅទីផ្សារប្រទេស​អភិ​វឌ្ឍន៍

មានពេលមួយតម្លៃស្បៀង និងតម្លៃប្រេង វាគ្មានតុល្យភាព​ជាមួយគ្នាទេ ហើយនៅទីនេះ ក៏បានឆ្លុះបញ្ចាំងថា កសិករកម្ពុជាបានប្រើប្រាស់គ្រឿងចក្រទៅក្នុងការភ្ជួររាស់រហូតទៅដល់ ៩២% ទៅហើយ នៅសល់តែ ៨% ទេ ដែលប្រើប្រាស់ដោយកម្លាំងអូសទាញដោយគោក្របី។ ដូច្នេះ បើសិនជាតម្លៃគ្រឿងចក្រ និងតម្លៃប្រេង វា​នៅតែខ្ពស់ ធ្វើអោយកសិកររបស់យើងទិញយកមកតម្លៃខ្ពស់ ក្នុងហ្នឹងក៏រាប់ទាំងតម្លៃជីផងដែរ។

អញ្ចឹងបញ្ហានេះ ប្រហែលជាប្រធានបទធំរបស់យើង ដែលរួមជាមួយនឹងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នានា ត្រូវ​ធ្វើការខិតខំប្រឹងប្រែង ចរចានៅក្នុងក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីធ្វើអោយមាន​តុល្យ​ភាពគ្នារវាងការលក់ទំនិញពីបណ្ដាប្រទេសនានា មកកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏ត្រូវ​សម្រួល​អោយ​បណ្ដាប្រទេស(កំពុង)អភិវឌ្ឍន៍ចូលទៅកាន់ទីផ្សារនៃបណ្ដាប្រទេសអភិវឌ្ឍន៍វិញ ហើយការទាម​ទារធំ​ជាងគេ គឺការកាត់បន្ថយ ឬការដែលត្រូវអោយបញ្ឈប់ឧបត្ថម្ភទុន។ បើនៅតែបែបហ្នឹងទេ គឺកុំសង្ឃឹមថា ទំ​និញ​ដែលផលិតពីបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ អាចចូលទីផ្សារប្រទេស ដែលមានជឿនលឿនទៅបាន ព្រោះ​គេឧបត្ថម្ភទុនខ្ពស់ណាស់។

សង្រ្គាមពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសអ្នកមាន និងប្រទេសអ្នកមាន ក៏កំពុងប្រព្រឹត្តទៅយ៉ាងតឹងតែងដែរ។ ករណី​គោឆ្គួត ករណីនេះ ករណីនោះ ចេះតែកើត។ ការពិតទៅ វាមិនឆ្កួតពិតប្រាកដទេ។ ឧទាហរណ៍ បន្ដិចៗលើក​ឡើងថា ទំនិញនេះ វាមាន Virus។ រឿងនេះ សុទ្ធតែជារឿងសង្រ្គាមពាណិជ្ជកម្ម​ ទាក់ទិនទៅនឹងវិស័យ​កសិ​កម្ម​ផងដែរ។ នៅកូរ៉េខាងត្បូង អោយតែសាច់ជ្រូកអាមេរិកចូលកាន់តែច្រើន សាច់គោអាមេរិកចូល​ទៅកូរ៉េ​ខាងត្បូង កសិករកូរ៉េធ្វើបាតុកម្មភ្លាម។ អញ្ចឹងបញ្ហានេះ វាស្ថិតនៅក្នុងក្របខណ្ឌនៃការ​ចូលរួមរបស់​ប្រទេស​ទាំង​ឡាយ ដើម្បីធ្វើសុខដុមភាវូបនីយកម្មក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ក្នុងក្របខណ្ឌអង្គការ​ពា​ណិជ្ជ​កម្ម​ពិភពលោក។

រាជរដ្ឋាភិបាលស្វែងរកទីផ្សារដើម្បីផលប្រយោជន៍ដល់ប្រជាកសិករ

អញ្ចឹងខ្ញុំក៏សូមអំពាវនាវចំពោះកសិកររបស់យើងមានការយោគយល់។ រាជរដ្ឋាភិបាលបើកទីផ្សារ ចង់បាន​ណាស់។ ការនាំចេញទៅអឺរ៉ុប ដោយស្រូវនោះ ម៉េចបានយើងនាំចេញទៅបាន? គឺនាំចេញទៅដោយអង្ករ ដែលអង្ករនោះ មិនមានការប្រកួតប្រជែងពីប្រទេសដទៃនោះទេ។ ដោយសារអង្កររបស់យើង ជាអង្ករក្រអូប និង​អង្ករសរីរាង្គ អញ្ចឹងយើងនាំចេញទៅវាស្រួល។ ដូច្នេះហើយ បានជាស្នើអោយកសិកររបស់យើង​ផលិត​ពូជ​អោយបានល្អ ហើយកុំអោយមានសារធាតុពុលណាមួយកើតឡើង ដែលអាចធ្វើអោយយើងខូច បាត់​បង់​ទីផ្សារ។ ដូចជាតែងតែឮពាក្យដែលថា មានការបង្កប់សារធាតុនេះ សារធាតុនោះទៅជាមួយ។ ការបាត់​បង់​ទីផ្សារ គឺជាមហន្តរាយមួយទៀត។ អង្ករក្រអូបរបស់យើង នាំទៅអឺរ៉ុប ហើយដូច(នាំចេញទៅ)​ជាប្រទេស​បារាំង​ ជាប់ចំណាត់ថ្នាក់លេខ ១, ប្រទេសប៉ូលឡូញ ជាប់ចំណាត់ថ្នាក់ទី ២ ក្នុងការនាំចេញអង្ករ។ ឯនៅ​ខាងតំបន់អាស៊ីរបស់យើងនេះ យើងបានខិតខំចរចាជាមួយវៀតណាម យើងបានចរចាដើម្បីនាំអង្ករ​កម្ពុជា ចូល​ទៅកាន់ប្រទេសវៀតណាមបាន ៣០ ម៉ឺនតោន។ ជាមួយចិន កាលពីមុននេះ (ចិន)អោយ​យើង​បាន​នាំ​ចូល​ទៅកាន់ប្រទេសចិន ១០ ម៉ឺនតោន។ ឥឡូវបន្ថែម ១០ ម៉ឺនតោនទៀត បាន ២០ ម៉ឺនតោន។ ដូច្នេះ ពីរប្រ​ទេសនេះ គឺបាន ៥០ ម៉ឺនតោន។ តែយ៉ាងណាក៏ដោយ យើងនឹងប្រឹងបន្ត សម្រាប់ការចរចា​ជាមួយប្រ​ទេស​នានា ដើម្បីផ្គត់ផ្គង់ទៅទីនោះ។

ក្នុងពេលប្រធានាធិបតីប្រទេសហ្វីលីពីនមកទស្សនកិច្ចនៅ​កម្ពុជា ខ្ញុំបានលើកជាមួយគាត់ថា ដោយនៅ​ប្រទេស​ហ្វីលីពីន ជានិច្ចកាលខ្វះស្បៀង ហើយត្រូវដាក់អោយ​ដេញថ្លៃ។ ដែលអ្នកចូលដេញថ្លៃ គឺមានថៃ មាន​វៀតណាម និងកម្ពុជា ប៉ុន្តែកម្ពុជារបស់យើងដេញថ្លៃមិនដែលឈ្នះគេទេ ដោយសារថ្លៃដើម​ផលិត​របស់​យើងវាខ្ពស់ជាងគេ។ យើងដាក់តម្លៃខ្ពស់ជាងគេ។ អញ្ចឹងខ្ញុំក៏មានសំណូមពរចំពោះប្រធានាធិបតីហ្វីលីពីន អោយគាត់មកវិនិយោគ ១០០% លើការប្រមូលទិញ និងការកែច្នៃ ហើយនាំតម្រង់ឆ្ពោះទៅប្រទេសហ្វីលីពីន ដោយវិនិយោគិនហ្វីលីពីនតែម្ដង ធ្វើជាមូលដ្ឋាននៃការផ្គត់ផ្គង់សម្រាប់ការខ្វះស្បៀងនៅប្រទេសហ្វីលីពីន។ នេះជាការប្រឹងប្រែង ដើម្បីអោយកសិកររបស់យើងមានទីផ្សារ។ យើងខិតខំរកទីផ្សារ ដើម្បីកសិករ​របស់​យើង មិនមែនជាការព្រងើយកន្ដើយនោះទេ។ ទៅត្រង់ណា សុំអោយគេជួយទិញនៅទីនោះ។ ការអំពាវនាវ​របស់​ខ្ញុំ ធ្វើយ៉ាងណាកុំអោយខូចពូជ។ ពាក្យថា ខូចពូជ មួយម៉ាត់ យើងដឹងហើយ។ បើសិនជា​អង្ករម៉ាកអី ត្រូវ​ម៉ាកហ្នឹងអោយច្បាស់ ពូជអីត្រូវពូជហ្នឹងអោយច្បាស់។

កំណត់តំបន់ដាំដុះ / បង្កើនការផលិត និងគុណភាព ដើម្បីកសិផលបានតម្លៃខ្ពស់

ខាងមុខ ប្រហែលជាយើងមានតម្រូវការកាន់តែធំ​ ទៅលើការកំណត់តំបន់ដាំដុះ។ បើមិនទាន់និយាយ​អំពីតំ​បន់​ដាំដុះ ដែលមានស្រូវ មានកសិផលដទៃទៀត យើងគួរតែខិតខំកំណត់តំបន់ដាំដុះលើពូជស្រូវ​សម្រាប់​ការ​នាំចេញ ព្រោះបញ្ហានេះ កសិកររបស់យើងក៏ដឹង ហើយអ្នកបច្ចេកទេសក៏ដឹង។ ១ ម៉ឺនហិកតា ដែលជាតំ​បន់​សម្រាប់ដាំពូជស្រូវនាំចេញ ប៉ុន្តែមានតែ ៤-៥ ហិកតា នៅក្នុងចំណោម ១ ម៉ឺនហិកតានេះ វាក៏អាចចម្លង​ធ្វើ​អោយខូចពូជដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​។ តាំងពីខ្ញុំនៅក្មេង ខ្ញុំយល់អំពីស្ថានភាពរវាងដាំពោតស និងដាំពោតក្រហម ដែលនៅ​មិន​ឆ្ងាយពីគ្នា។ ពូជពោតក្រហមនេះ ពូជពោតស វាមិនដែលទៅរត់រកពូជពោតក្រហមទេ តែផ្កា​ពូជ​ពោត​ក្រ​ហម​រត់ទៅ។ អញ្ចឹងទេ កាលណាយើងទៅកាច់ពោតមកស្ងោរ យើងច្បាស់ជាបានឃើញថា ពូជពោត​ស​របស់​យើងម៉េចបានមាន(គ្រាប់)ក្រហមមកនៅហ្នឹង គឺដោយសារតែពោតក្រហមដាំក្បែរហ្នឹង។

រឿងនេះ ជារឿងដែលយើងត្រូវឃើញថា ដំណាក់កាលផលិតរបស់កសិកររបស់យើង បានឆ្លងផុតពី​ដំណាក់​កាល​ផលិតត្រឹមតែដើម្បីទទួលទាន​ក្នុងគ្រួសារ មកកាន់ការផលិតដើម្បីតម្រូវការនៅក្នុងទីផ្សារក្នុងស្រុកផង និង​តម្រូវការក្នុងការនាំចេញទៅក្រៅប្រទេសផង។ ដូច្នេះ កសិកររបស់យើងក៏ត្រូវប្រឹងខ្លួនឯង ដើម្បីចង់បាន​តម្លៃស្រូវខ្ពស់ (ត្រូវ)ផលិតពូជដែលល្អ ផលិតពូជដែលមានគុណភាព ដើម្បីធានាការនាំចេញ មានតម្លៃខ្ពស់ ហើយអ្នកដែលត្រូវទិញនោះ ក៏មានតម្លៃខ្ពស់។ នេះហើយ ជាការខិតខំរួម ដើម្បីការអភិវឌ្ឍកសិកម្មរបស់​ប្រ​ទេស​យើង។

(បញ្ចប់សេចក្ដីអធិប្បាយ)

ទី ៤ ត្រូវបន្តជំរុញការស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗឱ្យបានខ្លាំងថែមទៀត ក្នុងទិសដៅ​បង្កើនផលិតភាព និងគុណភាពផលិតផលកសិកម្ម ក្នុងបរិការណ៍ប្រែប្រួលឤកាសធាតុ ហើយឆ្លើយតប​ទៅនឹង​តម្រូវការទីផ្សារក្នុងប្រទេសក្នុងតំបន់ និងពិភពលោក។

ទី ៥ ពង្រឹង និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹកស្រោច ស្រពស្រែចម្ការ ដោយក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម និងឤជ្ញាធរមូលដ្ឋាន ដើម្បីរៀប​ចំ​អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដែលឤចធានាផ្តល់ទឹកគ្រប់គ្រាន់បម្រើឱ្យកសិករ សហគមន៍កសិកម្ម ក្នុងការ​ធ្វើ​ប្រពលវប្បកម្មដំណាំ ពិពិធភាវូបនីយកម្មការងារកសិកម្ម និងការការលើកកម្ពស់ផលិតភាពកសិកម្ម។

ទី ៦ ត្រូវបន្តជំរុញចងក្រង និងពង្រឹងសហគមន៍កសិករ កៅស៊ូគ្រួសារ រាប់ទាំងសហគមន៍​កសិករ​ដំណាំ​ដែលមានសក្តានុពលក្នុងទីផ្សារ ដូចជាម្រេច កាហ្វេជាដើម ដើម្បីបង្កើតកាលានុវត្តភាព អំណាចនៃការ​ចរចា​ថ្លៃ ព្រមទាំងការពង្រីកទីផ្សារកសិកម្មរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ។

ទី ៧ ត្រូវបន្តជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ រួមទាំងការចិញ្ចឹមត្រី ដោយពង្រឹងការការពារកន្លែង​អភិ​រក្ស​មេត្រីពូជ ឱ្យបានគង់វង្សសម្រាប់បន្តពូជ ពងកូន ដើម្បីបង្កើនផលមច្ឆជាតិឱ្យបានគ្រប់​គ្រាន់ឆ្លើយតបទៅ​នឹង​​តម្រូវការក្នុងស្រុក និងការនាំចេញ។ ទន្ទឹមនេះត្រូវចាត់វិធានការចាំបាច់ សំដៅទប់ស្កាត់ការទន្ទ្រាន​កាន់កាប់​ដោយខុសច្បាប់លើដី ព្រៃលិចទឹក និងដីព្រៃកោងកាង។ ពាក់ព័ន្ធការងារនេះ ក្នុងករណីចាំបាច់ត្រូវ​ដក​ហូតប័ណ្ណសម្គាល់សិទិ្ធទាំងនោះមកវិញ ដូចដែលធ្លាប់បានធ្វើលើដីនៅតំបន់បឹងទន្លេសាប ដែលនេះ​ឤច​ជា​ការងារ​ស្លាប់រស់របស់យើងផងដែរ ខណៈដែលដីព្រៃលិចទឹក និងដីព្រៃកោងកាងបាត់បង់នោះ ធន​ធាន​​មច្ឆជាតិរបស់ យើងក៏រងការបាត់បង់ផងដែរ។

ទី ៨ ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីព្រៃឈើ តាមរយៈការពង្រឹង និងពង្រីកសហគមន៍ ព្រៃឈើឱ្យបានកាន់តែទូលំទូលាយ ដោយពន្លឿនការរៀបចំបែប​បទទទួល​ស្គាល់​ជា​ផ្លូវ​ការ និងការអភិវឌ្ឍសហគមព្រៃឈើថ្មីៗ។ ក្នុងនោះត្រូវរៀបចំធ្វើផែនការគ្រប់គ្រងដី និងអភិវឌ្ឍការដាំដុះ​ព្រៃ​ឈើ​ឡើងវិញលើដី ដែលបានដកហូតពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ផ្ទៃដីដែលមានភាពរេចរិល និងដី​ទំនេរ​របស់រដ្ឋតាមការចាំបាច់ ដើម្បីស្តារព្រៃឈើឱ្យក្លាយជាតំបន់ព្រៃឈើមានតម្លៃពាណិជ្ជកម្ម មានជំនួញ​កា​បោន និងអេកូទេសចរណ៍ជាដើម។

ទី ៩ ត្រូវទប់ស្កាត់ និងបង្ក្រាបបទលើ្មសព្រៃឈើ ការជួញដូរសត្វព្រៃ និងបទល្មើសជលផលឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ ដោយសហការឱ្យបានសកម្មជាមួយគណៈកម្មការជាតិ គណៈកម្មការអន្តរក្រសួង ដើម្បីធានា​ដល់​ការ​ងារ​អភិរក្សព្រៃឈើ សត្វព្រៃ និងធនធានមច្ឆជាតិរបស់យើងឱ្យរីកចម្រើនប្រកបដោយចិរភាព។

ខ្ញុំមានជំនឿថា ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង ស្ថា​ប័ន​ពាក់ព័ន្ធ ឤជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ និងប្រកបដោយប្រសិទ្ធ​ភាព​លើការងារទាំងអស់នេះ។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបការងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ​២០១៦-២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៧-២០១៨» នាពេលនេះ និងក្នុងឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ ឆ្នាំរកា នពស្វក័ ព.ស ២៥៦១ ដែលឈានមកដល់នាពេលខាងមុខនេះ ខ្ញុំសូមជូន​ពរ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាកសិករ ជនរួមជាតិ និងអង្គសន្និបាតទាំងមូល សូម​ប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕