សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ការផ្តល់ឱកាសដល់បងប្អូនបានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែល គណបក្សសង្គ្រោះជាតិ ត្រូវបានរំលោយនៅពេលដ៏ខ្លីខាងមុខនេះ

58

CNV:

ហេតុអ្វី ​អំពាវនាវសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក ខេត្ត បក្សសង្គ្រោះជាតិ មករួមរស់នឹងបក្ស​ប្រជា​ជន​កម្ពុជា​

បងប្អូនជាទីស្រឡាញ់!

ថ្ងៃនេះ ខ្ញុំចង់បកស្រាយបន្ដិច ពាក់ព័ន្ធនឹងសភាពការណ៍ចុងក្រោយ ដែលថ្នាក់ដឹកនាំ​មួយចំនួន​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ ហើយ(ដែល) យប់​មិញ​នេះ​នៅម៉ោង ៣ និង ៥៧ ក្បែរភ្លឺ នាទី លោក ឡុង ម៉ូតា បាន​ចេញ​អ៊ី​ម៉េល​មួយ​ផ្ញើជូននៅក្នុងក្រុមថ្នាក់ដឹក​​នាំនៃ​គណបក្សសង្គ្រោះ​ជាតិ (អំពី) អ្វីដែល​ពួកគេ​បានខិត​ខំទប់​ស្កាត់ ​នូវ​ចរន្ត​ចាក​ចេញ​​ពីគណបក្ស​សង្គ្រោះជាតិ ដែលជាជិតនឹងឈានទៅដល់ការ​រលាយ​ហើយ​នោះ … ថាគណបក្សមួយនេះ​មិន​​ត្រូវ​បាន​រំលាយនោះទេ។ មេក្បត់ជាតិ សម រង្ស៊ី ក៏បាននិយាយថា ហ៊ុន សែន នឹងប្រកាសចុះចាញ់ ឯអ្នក​នៅ​ខាងក្នុងក៏​បានលើកជាបញ្ហាឡើងថា ប្រសិនបើគណបក្សត្រូវរំលាយ តើហេតុអ្វីបានជាលោក ហ៊ុន សែន ត្រូវ​អំពាវនាវ​អោយសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខេត្ត មកធ្វើការរួមរស់ជាមួយគណបក្ស​ប្រជា​ជន​កម្ពុជា​វិញ។

ចំណុចទាំងនេះ ខ្ញុំសូមបញ្ជាក់ជូនឲ្យបានច្បាស់ នេះជាបំណងល្អពិតប្រាកដ ដែលខ្ញុំចង់អោយបងប្អូន ដែល​ជា​អ្នកខិតខំនៅក្នុងការទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ហើយដែលមិនបានដឹងរឿងដ៏កខ្វក់​អា​ក្រក់​ជួរជាតិរបស់មេក្បត់ជាតិដែលដឹកនាំគណបក្សនេះ ជាប់ពាក់ព័ន្ធដោយ​​ទាំងខ្លួនមិនបានប្រព្រឹត្ត ចូលរួម​ចំណែក​​នៃ​ការខុសឆ្គងនោះទេ។ សូម​បងប្អូនយល់អោយបានច្បាស់ថា ខ្ញុំគ្មានការចាំបាច់ដើម្បី(នឹងធ្វើ) ដូច​អ្វីដែលគេ​បាន​និយាយថា ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាធ្វើ​ការ​គំរាមកំហែងបងប្អូននោះទេ។ ប៉ុន្តែបងប្អូនត្រូវ​យល់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយទេនោះ តើខ្ញុំចាំបាច់យកបងប្អូន​មកធ្វើអី្វ? នេះ​ជា​កិច្ច​ការទាក់ទងនឹងអនាគតបងប្អូនក្នុងការបម្រើប្រជាពលរដ្ឋ។ ប្រសិនបើគណបក្ស​សង្គ្រោះជាតិមិន​មានកា​រ​រំ​លាយទេ តើ​មាន​ការ​ចាំបាច់ដើម្បីអោយខ្ញុំអំពាវនាវសម្រាប់បងប្អូនមកចូលរួម​​បន្តដើម្បីបម្រើប្រជាពលរដ្ឋ ឬក៏​អត់?

… តើយោងទៅលើការគិតគូរថា បងប្អូននៅផ្នែកខាងក្រោម​មិនបានដឹង ហើយក៏​មិន​បានយល់អំពី​អំពើក្បត់​ជាតិ​របស់មេដឹកនាំមួយចំនួន ដែលដឹកនាំបក្សបំផ្លាញជាតិ​ បំផ្លាញប្រជាជននោះហើយ បានខ្ញុំចង់ផ្តល់​ឱកាស​ដើម្បី​អោយបងប្អូន​ដែល(បាន)ជាប់(ឆ្នោត)ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬជាចៅសង្កាត់ ឬជាមេឃុំ ឬជា​សមា​ជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាខេត្ត អាចចាកចេញពីគណបក្សនេះ មុនពេលគណបក្សនេះ​ត្រូវ​បាន​រំលាយ។ ច្បាស់ណាស់ថា នៅពេលដែលចូលរួមបោះឆ្នោតឃុំ សង្កាត់ ឬឈរឈ្មោះធ្វើជាសមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ស្រុក បងប្អូនសុទ្ធតែចង់ធ្វើការបម្រើប្រជាពលរដ្ឋ។ ឥឡូវនេះ គណបក្សប្រជាជន ដែលមានខ្ញុំជា​ប្រ​ធាន ហើយក្នុងតួនាទីជានាយករដ្ឋមន្ត្រី ខ្ញុំផ្ដល់ឱកាសសម្រាប់បងប្អូនក្នុងការចាកចេញពីគណបក្ស​សង្គ្រោះ​ជាតិ​មុនពេលដែលគណបក្សនេះត្រូវរំលាយ។

កាលបរិច្ឆេទកាត់ក្តីដោយតុលាការកំពូល ត្រូវរំលាយនៅថ្ងៃទី ១៦ វិច្ឆិកា

តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិហើយនោះ​ សន្លឹក​ឆ្នោត​ត្រូវបានរៀបចំឡើងវិញ បែងចែកឡើង​វិញ​ទៅ​អោយបណ្ដាបក្សនយោបាយដែលបានឈរឈ្មោះ​នៅតាម​ឃុំ សង្កាត់ ជាមួយគ្នា មានឃុំសង្កាត់មួយចំនួន​ឈរ​តែពីរគណបក្សទេ។ ដូច្នេះ ឈរតែពីរគណបក្សនេះ​ គណបក្សប្រជាជននឹងទទួលយកទាំងអស់នូវ​កៅអីនៅ​ក្នុង​ឃុំ/សង្កាត់ ដែលមានពីរគណបក្ស ឯចំពោះ​ឃុំ​សង្កាត់ដែលមានគណបក្ស ៣, ៤, ឬច្រើនជាងនេះ ឈរ​ឈ្មោះ ​នឹង​ត្រូវចែកទៅតាមលំដាប់នោះ។ … ​យ៉ាងណាក៏ដោយទោះបីមួយបក្ស ពីរបក្ស បីបក្ស បួនបក្ស ឈរ​(ឈ្មោះ)​ជា​​មួយ​គ្នា ក៏គណបក្សប្រជាជននៅតែ​មានកៅអីភាគច្រើនលើសលប់ដែលនឹងត្រូវទទួលបាន។

… សភាព​ការណ៍​បែបនេះនឹងផ្តល់ឱកាសអោយ​រៀប​ចំបងប្អូន ដែលចាកចេញពីគណបក្សសង្គ្រោះជាតិ មក​ចូល​រួមជា​មួយ​នឹង​គណបក្សប្រជាជនកម្ពុជា ហើយនិង​រៀបចំបញ្ជីអាសនៈឡើងវិញ (នូវ)អ្នកដែលជាមេឃុំ ឬ​ចៅ​សង្កាត់ ឬ​ជា​ជំទប់ ឬជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ … គ្រាន់តែមេឃុំនោះនៅក្នុងក្របខណ្ឌដែលចេញ​ពីគណបក្សប្រជាជន មិនមែនចេញមកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយនៅពេលដែលមានការ​កំណត់​នូវ​កាលបរិច្ឆេទនៃការកាត់ក្តីដោយតុលាការកំពូលនៅថ្ងៃទី ១៦ វិច្ឆិកា ដែលមកដល់ពេលនេះនៅត្រឹម​តែ ១២ ថ្ងៃ​ប៉ុណ្ណោះ។

តំណាងរាស្ត្របក្សសង្គ្រោះជាតិមួយចំនួននឹងត្រូវកាត់សិទ្ធិនយោបាយ​

… ខ្ញុំចង់ផ្តល់ឱកាសសម្រាប់បងប្អូន ប៉ុន្តែ មនុស្សមួយចំនួន(បាន)ទប់ស្កាត់ដោយ​បង្ហាញថា គណបក្សប្រជា​ជន តុលាការកំពូល ឬរាជរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនហ៊ាន(ធ្វើ)ទេ។ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំមិន​ត្រួត​ត្រា​អំណាចតុលាការទេ ក៏ប៉ុន្តែក្រសួងមហាផ្ទៃជាអ្នកណា? ក្រសួងមហាផ្ទៃ​ជាស្ថាប័នរបស់រាជរដ្ឋាភិបាល មិន​មែន​រដ្ឋមន្ត្រីមហាផ្ទៃប្ដឹងទៅហើយនោះ នាយករដ្ឋមន្ត្រីមិនបានដឹងទេ។ ខ្ញុំ​សូមបញ្ជាក់ជូនយ៉ាងដូច្នេះ។ មិនមែន​គ្រាន់​តែរំលាយគណបក្សមួយចប់តែប៉ុណ្ណឹងទេ។ ​មានមនុស្សប្រហែលជាងមួយរយនាក់ នឹងត្រូវបានហាម​ឃាត់​ពីសិទ្ធិធ្វើនយោបាយរយៈពេលប្រាំឆ្នាំ ដោយ​ក្នុងនោះ ខ្ញុំគួរនិយាយប្រាប់ថា អ្វីដែលមានមេធាវី​របស់​ក្រ​សួង​មហាផ្ទៃទាមទារ គឺធ្វើការកាត់សិទ្ធិនយោ​បាយចំពោះគណៈអចិន្ត្រៃយ៍ និងគណៈនាយក។

ដូច្នេះ តំណាង​រាស្រ្ត​ស្ទើរតែទាំងអស់ស្ថិតក្នុងសមាជិក​គណៈនាយកនឹងត្រូវកាត់សិទ្ធិនយោបាយរយៈពេល ៥​ឆ្នាំ។ … ស្ដាប់ចំណុចនេះអោយបាន។ អ្នកតំណាង​រាស្ត្របានអញ្ជើញមកគណបក្សប្រជាជនហើយ ទោះ​បី​គណបក្សប្រជាជនប្រកាសរៀបចំខ្លួនហើយមិន​ទទួលយក​អាសនៈគណបក្សសង្គ្រោះជាតិទាំង ៥៥ នោះទេ។ អញ្ចឹង គណបក្សហ៊្វុនស៊ិនប៉ិច ឬគណបក្ស​ដទៃទៀតនឹងទទួលបានអាសនៈ។ ក៏ប៉ុន្តែតាមដឹង​មក​គឺ(មាន)​គណ​បក្ស​ពីរ គឺប្រកាសមិនទទួលយកអាសនៈ។ បើសិនគណបក្សពីរនោះមិនទទួលយកអាសនៈ បោះបង់​ចោល​អា​សនៈ ពេលនោះគណបក្សប្រជាជននឹងទទួលយកអាសនៈ ដែលគណបក្សពីរនោះបោះបង់ចោល។ ដូច្នេះ កៅ​អី​អ្នកតំណាងរាស្ត្ររបស់គណបក្ស​សង្គ្រោះជាតិ ដែលបានចូលមករួមរស់ជាមួយគណបក្សប្រជាជន អ្នកតំ​ណាង​រាស្ត្រនោះ អាចវិលត្រឡប់ចូលជា​តំណាងរាស្ត្រទទួលយកអាសនៈនោះ ប៉ុន្តែមិនមែនទៅក្នុងក្រប​ខណ្ឌ​ជា​សមាជិកនៃគណបក្សសង្គ្រោះជាតិ​ទៀតទេ តែជាសមាជិកគណបក្សប្រជាជន។

… អ្នកដែលបានចូលមក​(គណបក្ស​ប្រជាជន​ )​ក៏ត្រូវបានចាកចេញផុតពីការហាមឃាត់ធ្វើនយោបាយ ៥ ឆ្នាំ ហើយក៏អាចទទួលបាននូវកៅអីសភាជាបន្ត​ទៀតបន្ដបម្រើប្រជាពលរដ្ឋ។ បងប្អូនត្រូវចាំអោយច្បាស់ គណបក្ស​ប្រ​ជាជន ឬខ្លួនខ្ញុំ ដែលធ្លាប់ពេញ​មួយជីវិតដើម្បីបម្រើប្រជាពលរដ្ឋ ហើយអនុវត្ដនៅនយោបាយឈ្នះឈ្នះ ខ្ញុំក៏​មិន​ចង់​​ឃើញបងប្អូន ដែល​មិនបាន​ដឹងរឿងរាក់ជ្រៅរបស់មេដឹកនាំខាងលើ​ ដែលបច្ចុប្បន្នមានការបែក​បាក់​យ៉ាងធ្ងន់​ធ្ងរ រហូតដល់ចោទគ្នាថា​អ្នកក្បត់ ដូចជាលោក ម៉ៅ មុន្នីវណ្ណ និងរហូតដល់លោក ប៉ុល ហំ ទៀត ដែល​គេ​ចោទ​ថាជាមនុស្សរបស់​ ហ៊ុន សែន ហើយចង់ធ្វើបក្សប្រហារ។ ជាពិសេស នៅថ្ងៃស្អែកនេះ គេបាន​ហាម​ឃាត់​មនុស្ស​មិនអោយមកប្រជុំ​នៅចាក់អង្រែទេ ព្រោះខ្លាចមានឈ្មោះថាអ្នកធ្វើបក្សប្រហារ។​

ខ្ញុំមិនចង់ឲ្យបងប្អូនរង​គ្រោះ​ដោយសារតែអំពើអា​ក្រក់របស់មេដឹកនាំ ហើយខ្ញុំចង់អោយបងប្អូនដែលខិតខំ​ដើម្បី​អោយបានទទួលឋានៈជាមេឃុំ ចៅសង្កាត់ ជំទប់ ជាសមាជិកក្រុមប្រឹក្សា មានឱកាសបម្រើប្រជា​ពល​រដ្ឋ​តទៅ​ទៀត។ នេះជាការចង់បានរបស់ខ្ញុំ។ ប៉ុន្តែ ប្រសិនបើបងប្អូនបន្ដជឿចំពោះមេបក្ស ក៏សុំអញ្ជើញបន្ដទៅទៀតចុះ។ ខ្ញុំមិន​បានហាមឃាត់ទេ។ តែបងប្អូន … តើកម្រិតដល់ថ្នាក់ចាប់មេបក្សម៉ោង ១២ យប់​ដើម្បីវ៉ៃខ្នោះហើយនោះ តើសភាពការណ៍វាធ្ងន់ធ្ងរដល់កម្រិតប៉ុណ្ណា?

ក្រុមឧទ្ទាមចែកជា ២ ក្រុម

ឧទ្ទាមទីក្រុងមិនត្រូវបានលើកលែងទោស និងអត់អោនទោសនោះទេ។ គេបានធ្វើបដិវត្តពណ៌ គេបានធ្វើ​ច្រើន​ណាស់​ ច្រើនលើកច្រើនសាហើយ ក៏ប៉ុន្តែធ្វើមិនជោគជ័យ ហើយគេកំពុងតែបន្តធ្វើតទៅទៀត។ ដូច្នេះយើង​មិន​ផ្តល់ឱកាសឲ្យឧទ្ទាមទីក្រុងបានរួចខ្លួននោះទេ។ ឧទ្ទាមទីក្រុងបច្ចុប្បន្ននេះ កំពុងចែកជា ២ ក្រុម មួយក្រុម​កំ​ពុង​រត់ទៅក្រៅប្រទេស ហើយកំពុងវាយប្រហារមកឧទ្ទាមទីក្រុងនៅក្នុងប្រទេស។ ប៉ុន្តែនេះខ្ញុំនិយាយក្រប​ខណ្ឌ​មេ​ដឹកនាំ ហើយខ្ញុំក៏ធ្លាប់បានធ្វើកិច្ចការងារនេះនៅក្នុងក្របខណ្ឌនៃឧទ្ទាម ២ គឺរំលាយអង្គការចាត់តាំង​នយោ​បាយ​ដោយយោធានៃខ្មែរក្រហម និងកាត់ទោសមេដឹកនាំខ្មែរក្រហម។ ប៉ុន្តែសម្រាប់មេបញ្ជាការកងទ័ពនៅថ្នាក់​ក្រោម យុទ្ធជន និងផ្នែកដទៃទៀតនៅថ្នាក់ក្រោម មិនត្រូវបានទទួលទោសកំហុសអ្វីទាំងអស់។ បងប្អូនទាំង​នោះ​ក៏​បានធ្វើការជាមួយនឹងគណបក្សប្រជាជន ជាមួយរាជរដ្ឋាភិបាល រហូតមកដល់ពេលនេះ។

ឥឡូវនេះឧទ្ទាមទីក្រុងបានចេញមុខចេញមាត់ ហើយមេរបស់គេក៏ត្រូវបានចាប់យកទៅឃុំឃាំង ដើម្បីរង់ចាំការ​កាត់ទោស។ ខ្ញុំក៏សូមបញ្ជាក់ថា មិនមែនកាត់ទោសបុគ្គលប្រធានបក្ស កឹម សុខា មួយ ទើបរំលាយ​បក្ស​កើត​ទេ។ បក្សនេះត្រូវរំលាយមុន យោងទៅលើការបរិច្ឆេទដែលតុលាការ​កំពូលបានកំណត់រួចស្រេច​មក​ហើយ។ ខ្ញុំសូមបញ្ជាក់ថា សារ(របស់ពួកគេកាលពី)យប់មិញនេះ កំពុងតែត្រូវបានចែករំលែកបន្តទៅទៀត ក៏ប៉ុន្តែ​ការ​ចែក​រំលែកទាំងអស់នោះ វាមិនមែនគឺជារឿងពិតដែល(នឹង)កើតឡើងនោះទេ។ … ខ្ញុំសូមបញ្ជាក់ថា ប្រជាពល​រដ្ឋ​ពេលនេះកំពុងតែសប្បាយនៅក្នុងរាជធានី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក។ មានតែពួកឧទ្ទាមទី​ក្រុង​តែ​ប៉ុណ្ណោះដែលរងទុក្ខ។ មិនគ្រាន់តែឧទ្ទាមទីក្រុងក្នុងផ្នែកនយោបាយ ដូចជាមេដឹកនាំគណ​បក្សសង្គ្រោះជាតិ​ទេ ឧទ្ទាមទីក្រុងជាគ្រឿងញៀន ឧទ្ទាមទីក្រុងជាចោរប្លន់ប្រដាប់អាវុធ និងការប្រព្រឹត្តកំហុសដទៃទៀត សុទ្ធតែ​មាន​ការភ័យខ្លាច។ ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋគឺមិនមានការភ័យខ្លាចអ្វីទាំងអស់ ពួកគេសប្បាយរីករាយ​ជា​មួយ​នឹងព្រះរាជពិធីដ៏ធំ។

ការភ័ន្តច្រឡំ  គណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយ

ខ្ញុំសូមបញ្ជាក់សាជាថ្មី កុំមានការភ័ន្តច្រឡំ(គិត)ថា ប្រសិនបើគណបក្សសង្គ្រោះជាតិមិន​ត្រូវ​បាន​រំលាយ ហេតុ​អ្វីបានជាលោក ហ៊ុន សែន អំពាវនាវឲ្យមានការចាកចេញ មករួមរួបជាមួយគណ​បក្ស​ប្រជា​ជន? នេះគឺជា​សំណួរដែលអស់លោកបាននិយាយខុសអំពីបំណងពិតប្រាកដរបស់ខ្ញុំ។ ដោយសារតែ​គណបក្ស​ត្រូវរំលាយ​ហើយ បានជាខ្ញុំចង់ផ្តាំទៅបងប្អូនដែលចង់បន្តបម្រើប្រជាពលរដ្ឋតទៅទៀត ក្នុងក្រប​ខណ្ឌ​ជា​ចៅសង្កាត់ មេឃុំ ក្រុមប្រឹក្សាឃុំសង្កាត់ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត ឲ្យបន្តការចាកចេញហើយ ចាក​ចេញ​មក រួចហើយ​នឹង​វិលត្រឡប់ចូលទៅកាន់តំណែងវិញ ជាមួយនឹងការដាក់បញ្ចូលរបស់​គណបក្សប្រជា​ជន​កម្ពុជា។ ការភ័ន្តច្រឡំ​របស់អស់លោក ពីជំហានមួយទៅកាន់ជំហានមួយហើយ បានជាដល់ទៅភាព​វេទនា​របស់​គណបក្ស​ដែលនាំ​ទៅដល់ការកាត់ទោស។ វាមិនមែនសម្រាប់មនុស្សម្នាក់ទេ ក៏ប៉ុន្តែមានមនុស្សច្រើននាក់ ដែលធ្វើកិច្ច​ការងារ​នេះ​ជាប្រព័ន្ធ។ ខ្ញុំមិនចង់យកពេលច្រើនទេដើម្បីនឹងនិយាយ(រឿងនេះ)ទេ។ អស់លោក លោក​ស្រីណាចង់អញ្ជើញ​មក ក៏អញ្ជើញ។ មិនអញ្ជើញមក … ឬក៏ទៅចូលបក្សនយោបាយណាផ្សេង គឺស្រេច​តែ​ចិត្តអស់លោក។

… ខ្ញុំគ្រាន់តែបញ្ជាក់ថា ខ្ញុំចង់ផ្តល់ឱកាស និងមានឱកាសពិតប្រាកដ ដើម្បីនឹងបញ្ចូលបងប្អូនឲ្យបន្ត​ការងារ​ជា​ថ្នាក់​ដឹកនាំឃុំ សង្កាត់ ជាថ្នាក់ដឹកនាំចូលរួមនៅក្នុងក្រុមប្រឹក្សាស្រុក ឬក្រុមប្រឹក្សាខេត្ត ឬអាចជាអ្នក​តំណាង​រាស្ត្រ ឬអាចជាសមាជិកព្រឹទ្ធសភា ប៉ុន្តែសមាជិកព្រឹទ្ធសភានៃគណបក្សសង្គ្រោះជាតិ​មិនត្រូវបានពាក់ព័ន្ធនោះ​ទេ។ ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំអាចនិយាយបានថា អស់លោកកំពុងតែដណ្តើមសំបកក្តាមទេ ទៅលើបញ្ហា​ការ​រៀបចំបញ្ជីនៃបេក្ខជនព្រឹទ្ធសភា … ដោយសារការរៀបចំបញ្ជីនៃសមាជិកព្រឹទ្ធសភា អស់លោកចង់ចោទថា ម៉ៅ មុនី្នវណ្ណ ក្បត់ អស់លោកចង់ចោទថា លោក កឹម សុខា មិនគោរពការព្រមព្រៀងគ្នា ដែលទាមទារ​ឲ្យមាន​កុង​សង់ស៊ីស។ ប៉ុន្តែខ្ញុំគួរតែនិយាយថា នោះគ្រាន់តែជាសំបកក្តាមទេ។ អស់លោកគ្មានសិទ្ធិនឹងចូលរួម​ការ​បោះ​ឆ្នោតសម្រាប់គណបក្សសង្គ្រោះជាតិទៀតទេ ព្រោះវាគ្មានគណបក្សសង្គ្រោះជាតិតទៅទៀតដែរ។

ដូច្នេះដំបូលជ្រកសម្រាប់បម្រើការងារតទៅមុខទៀត របស់ក្រុមប្រឹក្សាឃុំ សង្កាត់ របស់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក រហូតដល់អ្នកតំណាងរាស្ត្រ និងរហូតទៅដល់សមាជិកព្រឹទ្ធសភា អាចមាននៅ​ក្នុង​គណ​បក្ស​ប្រ​ជាជនតែប៉ុណ្ណោះ​ នេះប្រសិនបើបងប្អូនចង់បន្តបម្រើប្រជាពលរដ្ឋ ហើយដែលនេះក៏ជាបំណងប្រាថ្នា​របស់​បង​ប្អូន​ជាមួយនឹងការចង់ធ្វើកំណែទម្រង់នៅឯមូលដ្ឋាន និងនៅតាមស្ថាប័នរដ្ឋនានា។ ឱកាសរបស់បង​ប្អូន​មាន​ត្រឹមថ្ងៃទី ១៦ ប៉ុណ្ណោះ។ ពិតហើយ ខ្ញុំក៏នឹងផ្តល់ឱកាសបន្ថែមដែរ ក៏ប៉ុន្តែពេលនោះគឺមិនមែន​ទូលាយ​ដូច​ពេល​នេះទេ។ (បើ)បងប្អូន(រង់ចាំដល់)ទាល់ច្រកបានបងប្អូនចេញ មិនមែនជាជម្រើសដ៏ល្អទេ។

យើងនឹងផ្តល់ឱកាសសម្រាប់បងប្អូនទាំងឡាយដែលធ្វើការចាកចេញមកមុន ហើយនោះគឺជាឱកាសល្អ បើ​មិន​ដូច្នេះទេ ត្រូវរង់ចាំនូវ ៥ ឆ្នាំទៀត (ហើយ)តើនឹងឈរនៅបក្សណា មិនមែនគណ​បក្សសង្គ្រោះ​ជាតិ​អាច​រស់​ឡើង​វិញទេ។ សាលក្រមតុលាការកំពូល គឺជាសាលក្រមបិទផ្លូវតវ៉ា។ សុំបញ្ជាក់ក្នុងឋានៈជានាយករដ្ឋមន្ត្រី មិនមែនមិនដឹងថា ក្រសួងមហាផ្ទៃធ្វើការប្តឹង ហើយនាយករដ្ឋមន្ត្រីមិនបានដឹងនោះទេ។ យើងក៏បានដឹងរួចមក​ហើយ​ដែរអំពីការដែលមេធាវីទាមទារឲ្យកាត់សិទ្ធិនយោបាយសម្រាប់គណៈអចិន្ត្រៃយ៍ប្រមាណជិត ៣០ រូប និងគណៈនាយកប្រមាណជិត ៩០ រូប សរុបទៅប្រហាក់ប្រហែលជា ១១២ នាក់។ … អ្នកដែលចេញ​សារ​នៅ​តាម​នេះ ក៏ជាអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីនៃការកាត់សិទ្ធិនយោបាយ ហើយរឿងនេះវាមិនមែន​តែរឿងនៅ​ក្នុង​ប្រទេសកម្ពុជាទេ។ ប្រទេសច្រើនណាស់ដែលគេធ្វើ …។

សូមបញ្ជាក់ ការស្នើឲ្យអាមេរិកបាញ់មីស៊ីលចូលផ្ទះខ្ញុំ ការដែលអំពាវនាវឲ្យកងទ័ពបង្វែរចុងអាវុធមក​ប្រឆាំង​ជា​មួយ​រាជរដ្ឋាភិបាល និងការធ្វើសកម្មភាពដទៃទៀត ដោយក្រោមបញ្ជារបស់បរទេស វាស្ថិតតែនៅក្នុងរបត់ ឬ​បរិបទនៃការដែលគណបក្សនយោបាយត្រូវបានរំលាយ តាមរយៈនៃច្បាប់ ហើយច្បាប់នេះវាជាច្បាប់​ដែលបន្ត​ពី​ច្បាប់​ពីមុន គ្រាន់តែបន្ថែមកថាខណ្ឌខ្លះដើម្បីដាក់គួបផ្សំទៅលើបក្សនយោបាយដែលធ្វើកំហុស។ មុននេះគេ​គ្រាន់​តែផាកពិន័យទៅលើបុគ្គល ក៏ប៉ុន្តែក៏មានចំណុចទាក់ទិនទៅនឹងការរំលាយគណបក្ស និងរំសាយចោល​គណ​បក្ស ឬលុបឈ្មោះចោលគណបក្សផងដែរ។ ឥឡូវនេះសភាពការណ៍វាបានមកដល់ទីបញ្ចប់​របស់វា​រួច​ទៅ​ហើយ ហើយមិនមែនគ្រាន់តែមនុស្សម្នាក់ទេ មានច្រើនជាងនោះ ប៉ុន្តែការបាត់សិទ្ធិខាងនយោបាយ វាមាន​ចំ​នួន​កាន់តែច្រើនថែមទៀត។

សាជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ថា អស់លោក លោកស្រី ត្រូវប្រញាប់ប្រញាល់ចាកចេញ ហើយកុំជឿទៅលើអ្វី​ដែល​ជាការអះអាងថា “លោក ហ៊ុន សែន មិនហ៊ាន”។ បើសិនជាលោក ហ៊ុន សែន មិនហ៊ាន លោក ហ៊ុន សែន ច្បាស់ជាបញ្ជាឲ្យរដ្ឋមន្ត្រីមហាផ្ទៃដកពាក្យបណ្តឹងចេញពីតុលាការបាត់ទៅហើយ។ ប៉ុន្តែយើងបន្តដំណើរ​ដាក់​ពាក្យបណ្តឹង ហើយ(បានទទួលការ)កំណត់ដោយតុលាការកំពូលនៅថ្ងៃទី ១៦ ខែវិច្ឆិកា។ មេធាវី​របស់​យើង​បានប្រុងប្រៀបខ្លួនហើយស្រេច ដើម្បីនឹងធ្វើការទាមទារនូវអ្វីដែលចាំបាច់នឹងត្រូវទាមទារ ទាក់ទិននឹងការរំ​លាយ​បក្សនយោបាយចោល និងទាំងការកាត់សិទ្ធិនយោបាយនៃគណៈអចិន្ត្រៃយ៍ និងគណៈនាយក ដែលក្នុង​នោះ អ្នកទាំងឡាយដែលមានឈ្មោះក្នុងគណៈនាយកក៏ត្រូវបាត់បង់សិទ្ធិក្នុងការធ្វើនយោបាយរយៈពេល ៥ ឆ្នាំផងដែរ។ ខ្ញុំសូមបញ្ជាក់សាជាថ្មីផងដែរ ខ្ញុំមិនចង់ឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត មានផលប៉ះពាល់បណ្តាលមកពីកំហុសឆ្គងរបស់មេដឹកនាំនៅខាងលើនោះទេ។ ខ្ញុំចង់ផ្តល់​ឱកាសឲ្យ​អ្នក​ទាំង​ឡាយ បានបន្តរួមចំណែកក្នុងការកសាងប្រទេស ជាមួយនឹងគណបក្សប្រជាជនបន្តទៅទៀត ដើម្បី​បម្រើ​ប្រ​ជា​ជននៅថ្នាក់ឃុំ ថ្នាក់ស្រុក នៅថ្នាក់ខេត្ត។

សូមអរគុណ និងសូមជូនពរចំពោះជនរួមជាតិ នៅក្នុងឱកាស​នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រ​ទីប សូមទទួលនូវការសប្បាយរីករាយ៕

ចែករំលែក