សម្រង់​ប្រសាសន៍​​​​សម្តេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ទួលសង្កែ

31

CNV: 

ការបន្តផ្ដល់ភាពកក់ក្ដៅ និងគោរពស្រឡាញ់

ជាដំបូង អនុញ្ញាតអោយខ្ញុំស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ពិសេស ក្មួយៗ កម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយខ្លាំងណាស់ ដែលបានមកសាកសួរសុខទុក្ខចំពោះក្មួយៗកម្មករ/ការិនី នៅតំបន់ទួលសង្កែរបស់យើងនេះ ដែលមាន(កម្មករ)រហូតទៅដល់ជាង ១៤.០០០ នាក់ មកពី ១០ រោង ចក្រ។ ខ្ញុំពិតជាមានការរំភើប រីករាយ ដែលក្មួយៗ ប្អូនៗ ចៅៗ ផ្ដល់នូវការស្រឡាញ់រាប់អានចំពោះខ្ញុំ ក្នុង ពេលដែលខ្ញុំមកកាន់ពិធីនេះ ក៏ដូចជាទៅកន្លែងដទៃទៀត។ ការស្រឡាញ់រាប់អាននេះ គឺជាប្រភពនៃការ លើកទឹកចិត្ត សម្រាប់អោយខ្ញុំបន្តនៅការខិតខំ ដើម្បីដោះស្រាយនូវបញ្ហានានាបន្តទៀត។ ហើយនេះ ក៏ បង្ហាញអោយឃើញអំពីការយល់ដឹង ដែលក្មួយៗបានយល់អំពីការដឹកនាំរបស់ពូក្នុងរយៈពេលកន្លងទៅ។ តាមរយៈនៃការយល់ដឹងរបស់ក្មួយៗ ជាកម្មករ/ការិនីនៅទីនេះ ក៏អាចបញ្ជាក់អោយបានដឹងថា ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ក៏ជាអ្នកយល់ដឹង ហើយក៏បានរួមដំណើរជាមួយពូ ក្នុងការរំដោះប្រទេសចេញពី របប ប៉ុល ពត ហើយរួមគ្នាដើម្បីកសាងប្រទេសរហូតមកដល់ដំណាក់កាលនេះ។

បញ្ហាសុខភាពដោយសាររលាកបំពង់ក/វិធីសាស្រ្តបង្រ្កាបប្រពន្ធកាច

ថ្ងៃនេះ គឺខ្ញុំមានបញ្ហាសុខភាពបន្តិច។ យប់មិញនេះ ព្រួយបារម្ភក្រែងលោព្រឹកនេះមកមិនបាន ហើយថ្ងៃ ស្អែកត្រូវចេញដំណើរទៅព្រះរាជាណាចក្រថៃ ក្នុងរយៈពេលមិនដល់មួយយប់មួយថ្ងៃទេ។ ត្រូវចេញពេល ព្រឹក។ យប់ត្រឡប់មកវិញ។ ខានស្អែកប្រជុំគណៈរដ្ឋមន្រ្តី ទាក់ទិនជាមួយនឹងច្បាប់ថវិកា។ ប៉ុន្តែ ជាភ័ព្វសំ​ណាង គឺថ្ងៃនេះបានមកជួបជុំ ហើយសង្ឃឹមថា បំពង់ករបស់ខ្ញុំប្រហែលជាមិន​ទាន់រលាកខ្លាំងនៅឡើយ​ទេ។ ការចាប់ផ្ដើមពីល្ងាចមិញហ្នឹង គឺក្អកខ្លាំង ហើយប្រហែលជាធាតុអាកាសមានការផ្លាស់ប្ដូរផង ប៉ុន្តែ​វា​បាន​ចាប់ផ្ដើម​ពីការឈ្លក់ទឹកមាត់ ដោយសារតែរឿងវិធីសាស្រ្តបង្រ្កាបប្រពន្ធកាច។ (ដោយ)ឃើញគេ​បាញ់​ចូល​ក្នុងគ្រុប។ គេដាក់ថាវិធីសាស្រ្តបង្រ្កាបប្រពន្ធកាច។ ដល់មើលអាហ្នឹង វាអស់សំណើច វាឈ្លក់ទឹក​មាត់។ ដល់ឈ្លក់ទឹកមាត់ ចាប់ផ្ដើមក្អក។ ដល់ក្អកហ្នឹង មិនមែនក្អកដោយឈ្លក់ទឹកមាត់ទេ តែនេះក្អក​ដោយ​ចង់ផ្ដាសាយ ចង់រលាកបំពង់ក។

ឥឡូវហ្នឹង គឺក្មួយៗចង់ដឹងថា វិធីសាស្រ្តបង្រ្កាបប្រពន្ធកាចហ្នឹង យ៉ាងម៉េចទេ? បុរសៗចង់ដឹងទេ?​ យុវជន ទោះបីមានប្រពន្ធ មិនទាន់មានប្រពន្ធ ចង់ដឹងទេ? ឯកឧត្តមទាំងឡាយចង់ដឹងទេ វិធីសាស្រ្តបង្រ្កាប​ប្រពន្ធ​កាច? ឱ! ស្រ្តីទាំងឡាយអើយ! គួរតែកុំកើតជាឆ្នាំខ្លាអី។ គេបាញ់ចូលមក ឃើញអាហ្នឹង ខំសម្លឹងមើល​ខ្លឹម​សារ។ ស្អីទៅ ស្អីខ្លះ? វិធីសាស្រ្ត(បង្រ្កាបប្រពន្ធកាច)មាន ៥ យ៉ាង៖ ទី​ ១​ ចេញពីធ្វើការ ត្រូវត្រឡប់​មក​ដល់​ផ្ទះ។ ទី ២ កុំមានស្រីនៅខាងក្រៅ។ ទី ៣ បើកប្រាក់ខែហើយ អោយប្រពន្ធទាំងអស់។ ទី ៤ បោក​ខោ​អាវ និងធ្វើម្ហូប។ ទី ៥ ត្រូវធ្វើតាម និងស្ដាប់សំដីប្រពន្ធទាំងអស់។ អញ្ចឹងបានសេចក្ដីថា អោយតែខ្លាច​ប្រ​ពន្ធ គឺ(ធ្វើតាម)ហ្នឹងហើយ។ ប្រពន្ធមិនថាអីទេ។ ដល់(ពេលឮ)អញ្ចឹងទៅ វាអស់សំណើច។ ដល់អស់​សំ​ណើច វាឈ្លក់ទឹកមាត់ ក្អកបណ្ដោយ វាផ្សំផ្គុំមានបញ្ហាខាងសុខភាព។

កូនរបស់ខ្ញុំបើកមើលអម្បាញ់មិញ។ កូនស្រីមួយថា ប្ដីខ្ញុំស្លូតអញ្ចឹង មកពីវិធីសាស្រ្តហ្នឹង? ស្រាប់តែ​កូន​ប្រ​សារ វាវាយចូលគ្រុបមួយទៀត ថា ពុក! ខ្ញុំធ្វើគ្រប់យ៉ាងហើយ ទាំង ៥ យ៉ាងហ្នឹងហើយ ប៉ុន្តែប្រពន្ធខ្ញុំ​នៅ​តែ​កាច។ ដល់ទៅកូនមួយទៀត កូនបង្កើតវាថា វាធ្វើចារកម្ម កន្លែងណាក៏វាត្រូវតែចូលដែរ ហើយធ្វើការ​មួយ​អាទិត្យលើមួយអាទិត្យ គ្មានថ្ងៃឈប់សម្រាកទេ ហើយទីតាំងដែលត្រូវធ្វើ គឺសកម្មភាពគ្រប់ទីកន្លែង រាប់ទាំងកន្លែងខារ៉ាអូខេ។ ចាំ forward អោយក្នុងគ្រុបអោយប្រពន្ធវាមើលឃើញ។​ វាវាយចូលគ្រុបមួយ​ផ្សេងទៀត វាមិនអោយប្រពន្ធវាដឹងទេ។ ដល់ពេលយប់ កំពុងតែក្អកហ្នឹង នៅមានរឿងសើចមួយទៀត។ ក្រសួងស៊ីផឹក គេចេញបទបញ្ញតិប៉ុន្មានមាត្រា។ មិនដឹងអ្នកចេះតែវាយចូលមក អញ្ចឹងកូនចៅចេះ​តែផ្ញើ​មក​អោយយើងកម្សាន្ត។

កោតសរសើរចំពោះក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំកម្មវិធីជួបកម្មករ/ការិនី

ថ្ងៃនេះ ជាមួយនឹងការសប្បាយរីករាយ ដែលជួបជាមួយនឹងក្មួយៗ កម្មករ/ការិនីនៅតំបន់នេះ ខ្ញុំពិតជា​មាន​មោទនភាព ហើយសុំសំដែងនូវការកោតសរសើរចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អាជ្ញា​ធរ​គ្រប់ផ្នែក ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំនូវកម្មវិធីនេះ សម្រាប់ការជួបសំណេះ​សំណាល​រវាង​ខ្ញុំ ជាមួយនឹងថ្នាក់ដឹកនាំជាម្ចាស់រោងចក្រ ជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមនៅឯកោះ​ពេជ្រ។ ហើយរៀបចំអោយខ្ញុំបានជួបសំណេះសំណាលនៅតាមបណ្ដារោងចក្រ។

ជំនួបនៅតែបន្ត ដើម្បីអនុវត្តគោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ និងដោះស្រាយបញ្ហា​នានា

ថ្ងៃនេះ យើងគិតមកដល់ពេលនេះ (បានជួបសំណេះសំណាល)មាន ៤៦៨ រោងចក្រ សម្រាប់ប្រធានក្រុម ប្រ​ធានផ្នែក ប្រធានរដ្ឋបាល និងជំនួយការ។ រោងចក្ររបស់យើងមានជាង ១.០០០ រោងចក្រ ដូច្នេះច្បាស់​ណាស់ថា នឹងត្រូវបន្តការខិតខំ ប៉ុន្តែដោយសារមានការឈប់សម្រាកនូវពិធីបុណ្យអុំទូក និងមានការឈប់​សម្រាក​មួយចំនួនផ្សេងទៀត។ ការជួបនោះប្រហែលជាត្រូវលើកពេលខ្លះ។ ឯចំពោះការជួបកម្មករ ដូចជា​អា​ទិត្យក្រោយនេះ មិនបានជួបទេ រហូតដល់ថ្ងៃទី ៨ ខែវិច្ឆិកា។ ដល់ថ្ងៃទី ៨ ជួបហើយ ថ្ងៃទី ៩ បុណ្យ​ឯក​រាជ្យ​ជាតិ រួចហើយថ្ងៃទី ១០ ត្រូវហោះចេញទៅចូលរួមជំនួបសន្ទនារវាងអង្គ APEC ជាមួយនឹងអាស៊ាន​នៅ​ឯ​ប្រទេសវៀតណាម។ ហើយចេញនោះទៅ ត្រូវចេញទៅប្រទេសហ្វីលីពីន ដើម្បីធ្វើការប្រជុំអាស៊ាន និងអាស៊ានពាក់ព័ន្ធជាមួយនឹងដៃគូ។

សម្រាប់ការជួបចំពោះកម្មករ/ការិនី មាន ១៧៤ រោងចក្រ​ ដែលចំនួននេះ ទើបនឹងបានប្រមាណជាង ១០% នៃចំនួនរោងចក្រសម្រាប់វាយនភណ្ឌ។ ហើយប្រសិនបើគិតអំពីរោងចក្រ អំពីផ្នែកសហគ្រាសនានា ដែល​បានចុះបញ្ជីមានចំនួនជាង ១ ម៉ឺនសហគ្រាស/ក្រុមហ៊ុន។ យើងទើបនឹង(ជួប)បានជាង ១ % តែ​ប៉ុណ្ណោះ។ ដូច្នេះ តម្រូវអោយខ្ញុំធ្វើសកម្មភាពជាបន្តបន្ទាប់តទៅទៀត។ ហើយខ្ញុំបាននិយាយហើយថា ខ្ញុំ​នឹង​បន្តការជំនួបបែបនេះតទៅទៀត នៅក្នុងពេលវេលា ដែលយើងកំពុងតែជំរុញការអនុវត្តនូវគោលនយោ​បាយស្ដីពី ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥។

វត្តមានរបស់សម្ដេចតេជោនៅក្នុងគ្រប់កាលៈទេសៈ គឺដើម្បីកម្ពុជាមានសុខសន្ដិភាព​ និងការឯកភាពជាតិ

ប្រហែលជាក្មួយៗបានដឹងហើយថា ប្រវត្តិនៃការងាររបស់យើង មានពេលខ្លះតម្រូវអោយយើងត្រូវធ្វើនេះ មានពេលខ្លះតម្រូវអោយយើងទៅធ្វើនោះ។ អតីតកាលនៅពេលប្រទេសយើងមានសង្រ្គាម ពេលនោះ គេ​បានឃើញវត្តមានរបស់ខ្ញុំនៅឯខ្សែត្រៀមជួរមុខ ដើម្បីសួរសុខទុក្ខកងទ័ព សំណេះសំណាល និងដោះ​ស្រាយ​បញ្ហាលំបាករបស់កងទ័ព។ ជាមួយគ្នានេះ គេក៏បានឃើញវត្តមានរបស់ខ្ញុំនៅឯវេទិកាចរចា ដើម្បី​ស្វែង​រកសន្ដិភាពស្ដីពីកម្ពុជា។ ជំនួបចរចាធ្វើនៅក្រៅប្រទេស បន្ទាប់ទៅមកដោះស្រាយបញ្ហានៅក្នុង​ប្រ​ទេស​។ នៅក្នុងដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះឈ្នះ គេបានឃើញវត្តមានរបស់ខ្ញុំនៅក្នុង​តំបន់​អតីត​តំបន់ដែលមានការប្រយុទ្ធ។ នោះជាការដោះដូរមួយ គឺយកជីវិតធ្វើដើមទុន ដើម្បីប្ដូរយកនូវសន្ដិភាព និងការឯកភាពទឹកដី។ ជាបន្តមកទៀត​ គេបានឃើញវត្តមានរបស់ខ្ញុំយ៉ាងច្រើន ជាមួយនឹងកសិករ​នៅ​តាម​វាលស្រែ តាមប្រឡាយទឹក​ តាមទំនប់ទឹក ហើយក៏មានចុះដកស្ទូង និងចូលរួមក្នុងការច្រូតកាត់ ដើម្បី​លើកទឹកចិត្ត ជំរុញកសិកររបស់យើង អនុវត្តក្នុងការជំរុញវិស័យកសិកម្ម ជាពិសេសការផលិតស្រូវ និង​ស្បៀងអាហារ។ គេក៏បានឃើញវត្តមានរបស់ពូយ៉ាងច្រើន នៅពេលវេលាដែលចុះជួបជាមួយនឹង​គ្រូ​បង្រៀន សិស្ស និស្សិត ហើយកសាងអាគារសិក្សាក្នុងក្របខណ្ឌទូទាំងប្រទេស។

នៅពេលនេះ ជាឱកាសមួយសមស្របណាស់ ដើម្បីអោយខ្ញុំមានឱកាសសម្រាប់ជំនួបជាមួយនឹងកម្មករ។ ពិតមែនហើយ វាមិនមែនជាបញ្ហាថ្មីថ្មោងនោះទេ យើងក៏បានជួបកម្មករក្នុងមួយឆ្នាំ ២ ដង ប៉ុន្តែជំនួបនោះ ក៏​បានធ្វើក្នុងក្របខណ្ឌតូចៗ។ ដូចជាថ្ងៃទី ១ ខែ ឧសភា យើងបានធ្វើនៅក្នុងក្របខណ្ឌនៃជំនួប​ជាមួយ​នឹង​កម្មករនៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាតំណាងអោយកម្មករទូទាំងប្រទេស និងមានជំ​នួប​ជា​មួយនឹងថ្នាក់ដឹកនាំសហជីពកម្មកររបស់យើងមួយពេល។ ការចុះទៅសួរសុខទុក្ខតាមរោងចក្រមួយ​ចំ​នួនក៏បានធ្វើដែរ ក៏ប៉ុន្តែលើកនេះ គឺធ្វើខុសពីពេលមុន ដោយមានជំនួបពីរយ៉ាង។ ជំនួបទី ១ គឺសម្រាប់​ប្រធានរដ្ឋបាល ជំនួយការ ប្រធានផ្នែក ប្រធានក្រុម។ ជំនួបទី ២ គឺជំនួបបើកទូលាយដូចថ្ងៃនេះ ដើម្បី​យើង​មានឱកាសជួបជុំគ្នា​ និយាយគ្នាអំពីអ្វីដែលជាបញ្ហាប្រឈម ត្រូវដោះស្រាយ ហើយរួមគ្នាពិនិត្យ​មើល ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងពន្លឿនការអនុវត្តនូវកម្មវិធីទាក់ទងជាមួយនឹងការ​ជំរុញ​ឧស្សា​ហកម្មរបស់ជាតិយើង។ យើងធ្វើកិច្ចការងារនេះ សំដៅធ្វើអោយអ្វីៗដែលយើងបាន និងកំពុងធ្វើនេះ វាបន្តដំណើរក្នុងស្ថានភាពល្អជាងមុន ប្រសើរជាងមុន។ ក្នុងនោះ ខ្ញុំពិតជាមានការរីករាយ ដោយការ​ដោះ​ស្រាយ​ក្នុងជំនួបមួយរយៈប្រមាណជាជាង ២ ខែ នេះ យ៉ាងហោចណាស់នូវបញ្ហាមួយចំនួន​ដែលជា​កង្វល់ ហើយគឺជាការព្រួយបារម្ភ ឬក៏ជាការយកចិត្តទុកដាក់របស់កម្មករ/ការិនីរបស់យើងផងដែរ។

ប្រាក់បៀវត្សឡើងដល់ ១៧០ ដុល្លារ ចាប់ពី ខែមករា ២០១៨ ទៅ

គោលដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញតាំងពីឆ្នាំ ២០១៤ ដែលកំណត់ថា កម្មករនៅក្នុងវិស័យ​ឯក​ជន ជាពិសេសគឺនៅក្នុងផ្នែកវាយនភណ្ឌ គឺផ្នែកវិស័យកាត់ដេរសំលៀកបំពាក់ និងដេរស្បែកជើងនេះ (ទទួល​​បានប្រាក់ខែ)មិនអោយទាបជាង ១៦០ ដុល្លារ(ក្នុងមួយខែ)​ សម្រាប់ឆ្នាំ ២០១៨។ ឥឡូវនេះ គោល​ដៅនេះបានសម្រេចហើយ ដែលក្មួយៗទាំងឡាយអាចបានដឹងហើយថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ នេះតទៅ កម្មករ/ការិនីដែលមានប្រាក់អប្បបរមាពេលនេះ ១៥៣ ដុល្លារ នឹងឡើងទៅដល់ ១៧០ ដុល្លារនៅពេលនោះ។ ដូច្នេះ នេះគឺជាការចង់បាន ដែលពូចង់ឃើញនៅការកើនឡើងនូវបៀវត្សបែបនេះ។ ដើម្បីដោះស្រាយបានបញ្ហានេះ កម្រិតនៃការទ្រាំទ្របានរបស់ម្ចាស់រោងចក្រ គឺត្រឹមតែ ១៦៥ ដុល្លារសហ​រដ្ឋ​អាមេរិកតែប៉ុណ្ណោះ ប៉ុន្តែ ដើម្បីអោយបានទៅដល់ ១៧០ (ដុល្លារសហរដ្ឋអាមេរិក) រាជរដ្ឋាភិបាលត្រូវបំ​ពេញ​បន្ថែមចំនួន ៥ ដុល្លារ(សហរដ្ឋអាមេរិក)​ ហើយ ៥ ដុល្លារ(សហរដ្ឋអាមេរិក)នេះ តើបានមកពីណា ដើម្បី​យកមកដាក់បញ្ចូលតាមរយៈ នៃការបើកចេញពីម្ចាស់រោងចក្រ? យើងត្រូវដោះស្រាយបញ្ហាពីរអោយ​គេ ទី ១ គឺការពន្យារពន្ធ (ដោយ)កាត់ទុករហូតទៅដល់ឆ្នាំ ២០២២។ ទី ២ កម្រៃនៃការចាំចេញ សម្រាប់​ការ​នាំចេញ ដែលធ្លាប់តែទទួលបានប្រមាណ ២៤ លានដុល្លារសហរដ្ឋអាមេរិក គឺនឹងត្រូវលុបចោល។

រាជរដ្ឋាភិបាលត្រូវបំពេញអោយបណ្តារោងចក្រ ត្រឡប់ទៅវិញចំនួនប្រមាណជាង ៤០ លានដុល្លារ​សហ​រដ្ឋអាមេរិក ព្រោះបើមិនដូច្នោះទេ ម្ចាស់រោងចក្រនឹងទទួលទម្ងន់ទាំងអស់​ ហើយការដែលម្ចាស់រោង​ចក្រ​មិនអាចទ្រាំទ្របាន ម្ចាស់រោងចក្រក៏អាចបិទរោងចក្រ ហើយការបិទរោងចក្រ វានឹងនាំទៅដល់ផល​ប៉ះ​ពាល់​មួយ គឺក្មួយៗបាត់បង់ការងារធ្វើ និងបាត់បង់ប្រាក់ចំណូលនោះឯង។ រាជរដ្ឋាភិបាលក៏ខិតខំ​រកវិធី​សាស្ត្រ ដើម្បីម្ខាងជួយអោយម្ចាស់រោងចក្រ ប៉ុន្តែ តាមរយៈការជួយទៅដល់ម្ចាស់រោងចក្រនេះ ផលប្រ​យោជន៍​ត្រូវរុញទៅអោយកម្មករ។ នេះគឺជាចំណុចមិនគ្រាន់តែដោះស្រាយការ​ងារធ្វើទេ ក៏ប៉ុន្តែ យើងត្រូវ​ជម្រុញ​ការលើកកម្ពស់នូវប្រាក់ចំណូលសម្រាប់កម្មករ/ការិនីរបស់យើង។ ហើយមួយផ្នែកទៀត វាក៏ដើម្បី​ពន្លឿន នៃកិច្ចការទាក់ទងនឹងការអភិវឌ្ឍ ហើយរក្សាទុករោងចក្រសហគ្រាសដែល មានរួចមកហើយនេះ អោយ​គេរក្សាឈរជើងនៅក្នុងប្រទេសរបស់យើង។

ទួលសង្កែ ពីតំបន់អសន្តិសុខ មកជាតំបន់មានការអភិវឌ្ឍ

យើងធ្វើកិច្ចការងារច្រើនណាស់ ទម្រាំនឹងមានដូចសព្វថ្ងៃនេះ ប្រហែលជាក្មួយៗអាចនៅចាំបាន អំពីបញ្ហា ទាក់ទិនជាមួយនឹងអតីតកាល។ យើងលំបាកណាស់ទម្រាំបានមកដល់ដំណាក់កាលនេះ។ តំបន់នេះ (ទួល​សង្កែ)អតីតកាល គឺជាតំបន់ដែលគេដាក់ទីតាំងបាញ់គ្រាប់ប្លោងចូលទៅពោធិ៍ចិនតុងទេ កាលពី​សម័យ​ទស​វត្សរ៍ ៧០ ក្នុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ ព្រោះអាពោធិ៍ចិនតុងនេះគេវាយញយហើយ វាយ​រហូត​ទៅដល់ខូចយន្តហោះខូចអីនៅក្នុងពោធិ៍ចិនតុងឯណោះ។ អញ្ចឹងទេ តំបន់នេះមិនមែនជាតំបន់​ដែល​មាន​ការអភិវឌ្ឍនោះទេ។ ប៉ុន្តែឥឡូវនេះ វាក្លាយទៅជាតំបន់មានការអភិវឌ្ឍមួយ ហើយមិនយូរប៉ុន្មានទេ អគារ​ទាំងឡាយ នឹងត្រូវរីកស្គុសស្គាយនៅទីនេះ …។

វិស័យឧស្សាហកម្មកម្ពុជាចាប់ផ្តើមពីសិប្បកម្ម

យើងខិតខំច្រើនណាស់ ទម្រាំមានលទ្ធភាពដូចសព្វថ្ងៃនេះ។ បើនិយាយពីវិស័យឧស្សាហកម្មវិញ ក្មួយៗ​អាច​ស្តាប់ពីរៀមច្បង ដែលធ្លាប់ឆ្លងកាត់ដំណាក់កាលដំបូង នៃការកកើតវិស័យឧស្សាហកម្មនៅកម្ពុជា។ ឧស្សាហកម្មពីដើមដែលយើងមាននោះ វាសុទ្ធតែសិប្បកម្មទេ តែយើងចេះតែនាំគ្នាហៅរោងចក្រៗ មាន​រោង​ចក្រមួយនោះវាសមស្របដែរ អាហ្នឹងគេហៅរោងចក្រផលិតស្រា អាហ្នឹង SKD អាហ្នឹងធំជាង​គេ​ហើយ។ ប៉ុន្តែ ក្រៅពីនោះ សិប្បកម្មផលិតទឹកកកតូចតាច (ក៏ហៅ)រោងចក្រផលិតទឹកកក … ដែលហៅថា រោងចក្រ គឺវាមានលក្ខណៈដូចសព្វថ្ងៃនេះ។ ក្រុមហ៊ុន In Jae Garment Co.,Ltd មាន (កម្មករ/ការិនី) ១.២៧០ នាក់ ដែលមិនបានចូលរួមនៅទីនេះ ប៉ុន្តែ ខ្ញុំនឹងទៅកាន់រោងចក្រនៅទីនោះ ដែលមានផលិត​ស្បែក​ជើង ហើយស្បែកជើងរបស់យើង​ក៏ជាស្បែកជើងល្អ។

សន្តិភាព ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគ

ឥឡូវ យើងក្រឡេកមើល(ទៅ)ក្រោយបន្តិច តាមរយៈនៃការខិតខំ ធ្វើអោយប្រទេសនេះមានសន្តិភាព ឱ​កាស​សម្រាប់ការអភិវឌ្ឍគឺមាន តាមរយៈនៃការទាក់ទាញទុនវិនិយោគពីខាងក្រៅ តាមរយៈការបើកទីផ្សារ​នៅ​ខាង​ក្រៅ តាមរយៈការសម្រួលនានា ដើម្បីអោយគេវិនិយោគមកកាន់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធចាំ​បាច់​នានា​ត្រូវបានធ្វើជាបន្តបន្ទាប់ ជាផ្លូវ ជាស្ពាន ជាកំពង់ផែ និងការផ្គត់ផ្គង់អគ្គិសនី ក៏ដូចជា ការបណ្តុះ​បណ្តាល​ធនធានមនុស្ស ដែលតាមរយៈនេះក្មួយកុំភ្លេចថា ក្មួយៗមួយចំនួនបានទទួលការសិក្សា ហើយ​ការ​សិក្សា​នោះហើយ ដែលផ្តល់ឱកាសអោយក្មួយមានលទ្ធភាពមកធ្វើការនៅតាមរោងចក្រ សហគ្រាស ហើយតាមរយៈការបំបាត់ភាពមិនចេះអក្សរ ក្មួយៗមួយចំនួនក៏មានសមត្ថភាពអាចធ្វើជាមេការ ឬក៏​ការ​ទទួល​ខុសត្រូវ​ថ្នាក់នេះ ថ្នាក់នោះ ដែលនោះហើយជាផ្នែកដ៏សំខាន់មួយដែលផ្តល់ឱកាសអោយ​យើងទាក់​ទាញ​វិនិយោគមកបាន។

ពីប្រទេសមានរោងចក្រតិច កម្មករតិច មកជាប្រទេសមានរោងចក្រច្រើន កម្មករច្រើន

កម្លាំងពលកម្មវ័យក្មេងរបស់យើង ដែលបានចូលរួមនៅក្នុងការជម្រុញការលូតលាស់ខាងសេដ្ឋកិច្ច​របស់​កម្ពុជា វាទាក់ទិនជាមួយនឹងវិស័យកសិកម្មផង វិស័យសេវាផង ហើយក្នុងនោះ វិស័យឧស្សាហ​កម្ម​ដែល​យើង​បាន និងកំពុងមាន ប៉ុន្តែ យើងចាប់ផ្តើមពីចំណុចតិចតួច។ សូម្បីតែមកដល់ឆ្នាំ ១៩៩៧​ ហើយ ពេល​នោះយើងមានត្រឹមតែ ៧៤​ រោងចក្រតែប៉ុណ្ណោះ ជាមួយនឹងកម្មករប្រមាណ ៨ ម៉ឺន ២ ពាន់នាក់ ពេល​នោះ គឺមានត្រឹមប៉ុណ្ណឹង ប៉ុន្តែ ពេលនេះ នៅក្នុងក្របខណ្ឌវិស័យកាត់ដេរ និងដេរស្បែកជើង យើង​មាន​រោងចក្ររហូតទៅ ដល់ជាង ១.១០០ រោងចក្រ ដែលវាជាផ្នែកមួយដ៏សំខាន់ នៃបណ្តុំបណ្តារោងចក្រ​សហ​គ្រាស បណ្តាក្រុមហ៊ុននានា រហូតជាង ១ ម៉ឺន រោងចក្រសហគ្រាស ជាមួយនឹងកម្មករជិត ៨០ ម៉ឺន​នាក់ ដែលបាន និងកំពុងធ្វើការនៅក្នុងវិស័យនេះ។ បើបូកសរុបជាមួយនឹងកន្លែងដែលចុះបញ្ជីហើយ​ស្រាប់​នោះ គឺមានរហូតទៅដល់ជាង ១ លាននាក់ ដេលយើងបាន និងកំពុងទទួលបៀវត្សរ៍ ការងារធ្វើ និងប្រាក់ចំណូលដែល ពីមួយថ្ងៃទៅមួយថ្ងៃចេះតែមានការកើនឡើង។

ប្រាក់ឈ្នូលអប្បបរមានៅកម្ពុជាខ្ពស់ជាងនៅមីយ៉ាន់ម៉ាតាំងពីមុនមក

ឆ្នាំ ១៩៩៧ ពេលនោះបៀវត្សអប្បបរមារបស់ក្មួយៗមានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ ប៉ុន្តែ ពេលនោះក៏មានប្រទេសដែល(មានប្រាក់ឈ្នួល)ទាបជាងយើង គឺប្រទេសមីយ៉ាន់ម៉ា ដែលពេលនោះ​ខ្ញុំ​ទៅ​ទស្សនកិច្ចរោងចក្រកាត់ដេរនៅឯប្រទេសមីយ៉ាន់មាផងដែរ ដែលប្រាក់ខែរបស់គេពេលនោះត្រឹមតែ ២៥ ដុល្លារសហរដ្ឋអាមេរិកទេ។ ឥឡូវ បៀវត្សរបស់យើងកំពុងអនុវត្ត ១៥៣ ដុល្លារ(សហរដ្ឋអាមេរិក) នៅពេលដែលប្រទេសមីយ៉ាន់មាកំពុងអនុវត្តនូវប្រាក់បៀវត្សអប្បបរមា ៧៩ ដុល្លារសហរដ្ឋអាមេរិក។ ខ្ញុំ​មិន​ដឹង​ថាតើនៅឆ្នាំក្រោយនេះ បៀវត្សអប្បបរមានៅប្រទេសមីយ៉ាន់មានឹងឡើងដល់ប៉ុន្មានទេ? ក៏ប៉ុន្តែសម្រាប់​ប្រទេសរបស់យើង គឺបៀវត្សមានរហូតទៅដល់ ១៧០ ដុល្លារ(សហរដ្ឋអាមេរិក) បូកនឹងអត្ថប្រយោជន៍ដទៃ ទៀតនៅពេលនេះ ក៏ដូចជា នៅពេលខាងមុខក្មួយៗទទួលបានប្រមាណជាង ២០០ ដុល្លារសហរដ្ឋអា​មេ​រិក។

អ្វីកំពុងកើតមានសព្វថ្ងៃបានមកពីការខិតខំរបស់គណបក្សប្រជាជន មិនមានបាតដៃបក្សប្រឆាំងទេ

កិច្ចការទាំងអស់នេះតើបានមកពីអ្វីទៅ? មិនមែនបានមកពីការប្រឹងស្រែករបស់ពួកប្រឆាំងនោះទេ? ក៏ប៉ុន្តែ បានមកពីការប្រឹងប្រែងរបស់គណបក្សប្រជាជន បានមកពីការខិតខំរបស់រាជរដ្ឋាភិបាល ហើយក៏ បាន​មក​ពី​ការខិតខំរបស់ក្មួយក៏ដូចជាម្ចាស់រោងចក្រនានា ដែលបានរួមចំណែកជាមួយគ្នា ក្នុងការដោះស្រាយ​បញ្ហាក្នុងរយៈពេលកន្លងទៅ។ យើងបានប្រឹងទៅសុំអោយគេផ្តល់ជំនួយ យើងបានប្រឹងទៅទាក់ទាញ​វិនិ​យោគិន​អោយគេមកវិនិយោគនៅម្ពុជា យើងបានប្រឹងទៅបើកទីផ្សារនៅខាងក្រៅ ហើយថ្ងៃនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចម ប្រសិទ្ធិ ដែលមុននេះ គឺជារដ្ឋមន្ត្រី ក្រសួង​ពា​ណិជ្ជកម្ម បានដើរបើកទីផ្សារនៅខាងក្រៅ រាប់ទាំងការចរចាដើម្បីអោយកម្ពុជាក្លាយទៅជាសមាជិក​អង្គការ​ពា​ណិជ្ជកម្មពិភពលោក ក៏មានវត្តមាននៅពេលនេះ។ ដូច្នេះ ការផ្ទេរពីក្រសួងពាណិជ្ជកម្ម មកកាន់ក្រសួង​ឧស្សា​ហកម្ម និងសិប្បកម្មនេះ វាសមស្របណាស់ ដែលកំពុងរួមចំណែកមើលការខុសត្រូវទៅលើ បញ្ហា​ឧស្សា​ហកម្ម និងសិប្បកម្មនេះ នៅក្នុងពេលវេលាដែលយើងអនុវត្តនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥។

មិនអនុញ្ញាតអោយជនក្បត់ជាតិណាមួយបំផ្លាញអនាគតរបស់កម្ពុជា

ខ្ញុំគិតថា ក្មួយៗទាំងឡាយអាចយល់បាន មិនមានអ្នកណាផ្សេងក្រៅពីរាជរដ្ឋាភិបាលទេ។ អ្នកខ្លះមក​ញុះ​ញង់​អោយក្មួយៗទាមទារប្រាក់ខែលើសលទ្ធភាពរបស់ថៅកែ តើការទាមទារនោះមានន័យយ៉ាងម៉េច? ការ​ទាមទារនេះវាមានន័យគ្រប់គ្រាន់ គឺភាពរុញអោយខ្លោច រោចអោយឆៅ។ គេប្រើប្រាស់កម្មករ ដើម្បីធ្វើ​ជា​ឈ្នាន់ឈានឡើង ហើយជាពិសេសនៅចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ គេចង់ជម្រុញអោយ​កម្មករ​របស់យើងចូលរួម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយដែលមានចរិតជាបដិវត្តពណ៌។ ក៏​ប៉ុន្តែឥឡូវនេះ យើងបានចាប់ខ្លួនជនក្បត់(ជាតិ)នេះហើយ ហើយបក្សនយោបាយដែលចូលរួមជាប្រព័ន្ធ នៅ​ក្នុងការធ្វើបដិវត្តពណ៌បរាជ័យ ហើយដែលយើងរកឃើញធាតុផ្សំទាំងអស់ នៃភស្តុតាងដែលមិន​អាច​ប្រ​កែកបាន និងឈានទៅដល់ការរំលាយគណបក្សនេះនៅពេលខាងមុខ។ យើងមិនអាចអនុគ្រោះអោយ​ជន​ក្បត់ណាមួយ ដែលជ្រកស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយក្រោមបញ្ជារបស់បរទេស ដើម្បីបំ​ផ្លាញ​អនាគតរបស់កម្ពុជាទេ។ អ្នកបានធ្វើបរាជ័យ ហើយអ្នកកំពុងបន្តធ្វើ តែឥឡូវ(យើងបាន)កាត់ស្មៅ​ក្រោម​ជើង និង​កាច់ដៃ កាច់ជើង នៃបណ្តាញភេរវកម្ម បណ្តាញនៃអង្គការចាត់តាំងក្បត់ជាតិមួយនេះ។ យើង​មិន​អាច​អត់ឱនអោយបានទេ។

គេចង់ប្រើប្រាស់កម្មករ/ការិនី ហើយន័យពិតប្រាកដ គឺអ្វីទៅ? បើសង្គ្រាមផ្ទុះឡើងតាមរយៈ នៃហិង្សាប្រ​ដាប់​អាវុធ ដែលពួកគេបានអំពាវនាវម្តងហើយម្តងទៀតអោយប្រើប្រាស់ប្រដាប់អាវុធ ជាពិសេស នៃវីដេអូ​ឃ្លីប​ដែលយើងបានបញ្ចាំង គឺទាមទារអោយកងទ័ពបង្វិលកាណុងមករាជរដ្ឋាភិបាល។ ចុះបើសិនមាន​ការ​ប្រ​យុទ្ធគ្នាពិតប្រាកដ តើរឿងនេះវាក្លាយទៅជាអ្វីទៅ? ធាតុផ្សំទាំងអស់ពីដើមរហូតដល់ចប់ គឺជាអំពើ​ក្បត់​ជាតិ និងបំផ្លាញជាតិ ដែលមិនអាចយោគយល់ និងអត់ឱនឲ្យបានទេ។ ជាភ័ព្វសំណាងរបស់កម្ពុជា ដែល​មាន ហ៊ុន សែន អាចត្រួតត្រាសភាពការណ៍បាន ហើយមិនផ្តល់ឱកាសឲ្យពួកក្បត់បំផ្លាញនូវ​សន្តិ​សុខ ការឯកភាពជាតិ និងសន្តិភាពរបស់ប្រទេស ហើយមិនយកប្រទេសទៅដាក់ក្រោមការត្រួតត្រារបស់​បរទេសនោះទេ។ ការធានាបែបនេះ គឺជាក៏ជាការធានា​ឲ្យក្មួយៗមានការងារធ្វើ នៅក្នុងឆ្នាំ ២០១៣ ពេល​នោះប្រាក់បៀវត្សអប្បបរិមាប្រមាណជា ៨០ ដុល្លារ នៅឡើយ​ទេ ខ្ទង់ ៨០ ដុល្លារ ឬក៏លើ ៨០ ដុល្លារបន្តិច ប៉ុន្តែប្រសិនបើទុកឲ្យសភាពការណ៍កើតឡើងនៅពេលនោះ មិនទប់ស្កាត់ តើរឿងរ៉ាវវានឹងកើតអ្វីទៅ? អំពើ​ទាំងនេះត្រូវបានវែកមុខរកឃើញហើយ ហើយខ្ញុំក៏សុំបញ្ជាក់បន្តិច​ជាសារចេញពីនេះជាថ្មីម្ដងទៀត។

ស្វាគមន៍អ្នកតំណាងរាស្រ្តដែលចេញក្រោយពីបក្សដែលបានរំលាយ មកធ្វើការជាមួយគណបក្សប្រជាជន

នៅពេលដែលគណបក្សនយោបាយ ដែលធ្វើសកម្មភាពក្បត់ជាតិក្បត់​ប្រជាជនត្រូវបានរំលាយ យើងមិន​ចង់​ឲ្យ​មានផលប៉ះពាល់ណាមួយ ចំពោះអ្នកដែលមិនដឹងរឿងនោះទេ។ ដូច្នេះយើង​ស្វាគមន៍ចំពោះ​អ្នកតំ​ណាង​រាស្រ្ដ ដែលបានផ្ដាច់ខ្លួនចេញពីគណបក្ស​ មកចូលរួមជីវភាពនយោបាយ​ជាមួយនឹងគណបក្ស​ប្រជា​ជន​កម្ពុជា។ … គ្នាមិនបានដឹងអ្វី ហើយទើប​នឹង​ដឹងពី​ឧបាយកលរបស់មេរបស់ខ្លួន មកចូលរួមជីវភាព​នយោ​បាយជាមួយគណបក្សប្រជាជន។ យើង​ស្វាគមន៍ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែលចង់បន្តការងា​ររបស់​ខ្លួន​ត​ទៅ​ទៀត ចូលរួមជាមួយ​គណបក្សប្រជាជនកម្ពុជា។ ឧទាហរណ៍ មេឃុំ ចៅសង្កាត់ ជំទប់ នៅពេលដែលគណបក្ស​នេះ​ត្រូវបាន​រំលាយ ​អាសនៈនឹងចែកទៅ​ឲ្យគណ​បក្ស​ផ្សេងៗ ក្នុងនោះចំណែកជាច្រើនត្រូវបានមក​គណបក្សប្រជាជន។ គណបក្សប្រជាជននឹងផ្ដល់ឱកាស​ឲ្យ​ធ្វើ បើសិនជាកន្លែងខ្លះឈរ(ឈ្មោះ)តែពីរបក្សទេ។ ក្នុងការឈរពីរបក្សនេះ គណបក្សសង្រ្គោះជាតិជា​គណ​បក្ស​ដែលធ្វើជាមេឃុំ ឬចៅសង្កាត់ ពេលនោះបើមានតែ​ពីរ​បក្សគឺកៅអីទាំងអស់​ត្រូវធ្លាក់មក​គណ​បក្ស​ប្រជា​ជន។ អញ្ចឹង ដើម្បីឲ្យមេឃុំ ចៅសង្កាត់នោះ មានលទ្ធភាព​ដើម្បីបម្រើប្រជាជនតទៅ​ទៀត បន្ទាប់​ពី​ការ​បែងចែកអាសនៈសាជាថ្មីហើយ យើងរៀបចំបញ្ជីសាជាថ្មីដាក់​ចៅសង្កាត់នៅក្នុងតំណែង ដែលចេញ​ពីគណបក្សសង្រ្គោះជាតិ មកចូល​គណបក្ស​ប្រជាជនឲ្យបន្តធ្វើមេឃុំតទៅទៀតទៅ។

រឿងនេះ គឺជាការអនុវត្ត។ យើងចង់ផ្ដន្ទាទោសសម្រាប់តែអង្គការ​ចាត់តាំង​នយោបាយដែលធ្វើ​សកម្ម​ភាព​ក្បត់​។ យើងចង់ផ្ដន្ទាទោសតែមេដឹកនាំតែប៉ុណ្ណោះ មិនចង់ឲ្យ​មាន​ការ​ប៉ះពាល់ជាមួយនឹងអ្នក​ខាង​ក្រោម​នោះ​ទេ។ នៅក្នុងក្រុមប្រឹក្សាខេត្ត ឬក្រុមប្រឹក្សាស្រុក​ក៏ដូចគ្នាដែរ នៅពេលដែល​រំលាយហើយ អាកៅអី​ហ្នឹង​ជា​ស្វ័យប្រវត្តិ បានមកគណបក្សប្រជាជន។ អញ្ចឹងទេ​ បើគេជាសមាជិកក្រុមប្រឹក្សាខេត្ត ឬក្រុមប្រឹក្សាស្រុក យើងឈូសបញ្ជីចេញ ដាក់គេចូលទៅ ដូចជានៅ​ខាងខេត្តតាកែវពីម្សិល។ ពេលហ្នឹង កៅអីហ្នឹង​មិន​បាន​មក​យើង។ តែរំលាយកៅអីហ្នឹង វា(នឹង)សល់។ (កៅអី)សល់ហ្នឹងមុខជា​ចែកមកខាងយើង ដល់ចែក​ខាង​យើងៗ រៀបចំបញ្ជី​ហ្នឹង​ដាក់​អ្នកហ្នឹងទៅវិញទៅ។ ម្សិលមិញ (ដូចករណី)សមាជិក​ក្រុមប្រឹក្សាក្រុងដូនកែវ ដល់​ពេលហ្នឹងរៀបឲ្យដាក់​ឲ្យត្រលប់ទៅវិញទៅ។ កៅអីហ្នឹងជា​ស្វ័យប្រវត្តិបានមកយើង ព្រោះមានតែ​ពីរ​បក្ស។ ​… គណបក្សប្រជាជនដាក់អ្នកហ្នឹងចូលទៅវិញទៅ។ កាន់អ្វីកាន់នោះវិញដដែល។ យើងមិនចង់ឲ្យ​ប៉ះ​ពាល់ ព្រោះគ្នាអត់ដឹង​ថា​មេបក្ស​របស់ខ្លួនធ្វើអញ្ចឹងផង ហើយម៉្យាងទៀត សូកលុយ សូក​កាក់គេ ហើយ​រៀប​ចំអ្នកទីមួយប៉ុន្មាន អ្នកទីពីរប៉ុន្មាន សងលុយគេមិនទាន់គ្រប់ផង។ មេឃុំប្រាក់ខែ​ប៉ែតសិប​ប៉ុន្មាន​ម៉ឺន​ដែរ ពីររយដុល្លារ​ជាង​ដែរ សងគេមិនទាន់រួចផង​។ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមប្រធានគណបក្ស​ប្រជា​ជន ខ្ញុំធានា​ចំពោះ​បញ្ហាហ្នឹង …។

ខ្ញុំបញ្ជាក់យ៉ាងដូច្នេះ ក៏​​ចង់​បញ្ជាក់​ទៅគណៈកម្មាធិការបក្សគ្រប់ថ្នាក់របស់គណបក្ស​ប្រជាជន ត្រូវអនុវត្តនូវ​គោល​ការណ៍នេះ។ បើថាសមាជិកខេត្ត​សមាជិកស្រុក កាលណាតែដល់ពេលបក្សហ្នឹង​រំលាយ កៅអីទាំង​ឡាយ​វា(បាន)មកយើង។ រុញមនុស្សហ្នឹង ទៅ​វិញ តែនៅក្នុងក្របខណ្ឌ​នៃបញ្ជីឈ្មោះគណបក្សប្រជាជន ដោយ​យើងរៀបចំបញ្ជីថ្មីទៅ សុំទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួច​ហើយតែងតាំងដោយ​អនុ​ក្រឹត្យ​ទេតើ។ អត់មានអី​ពិបាកផង។ ឯចំពោះឃុំសង្កាត់ គឺក្រសួងមហាផ្ទៃទេតើ។ ប្រកាសទទួលស្គាល់។​រៀប​ចំ​អញ្ចឹងឡើងវិញទៅ ដើម្បី​ឲ្យ​អ្នក​ទាំងនោះមានលទ្ធភាព ប៉ុន្តែមកក៏មក មិនមកទេ​រឿងរបស់អស់​លោកលោកស្រីទេ។ នេះជាកា​រ​បើក​ទូលាយ ដើម្បីឲ្យអ្នកមិនដឹងរឿងខាតបង់។ ខ្មែរក្រហមក៏​ដូចគ្នា មិន​មែន​ទាហានខ្មែរក្រហមទាំងអស់សុទ្ធ​តែ​មនុស្សអាក្រក់ឯណា។ មេដឹកនាំវានាំទៅឲ្យអាក្រក់។ អញ្ចឹង​ទេ កាត់ទោសតែមេដឹកនាំទៅបានហើយៗ រំលាយអង្គការចាត់តាំង និងយោធាចោលទៅ រួចហើយ​អ្នក​ខាង​ក្រោមបន្តការងារនៅក្នុងក្របខណ្ឌ​ជាតិ​របស់យើង ទាំងក្នុងរដ្ឋបាលស៊ីវិល ទាំងកម្លាំងប្រដាប់អាវុធ។

បុគ្គលណា ឬគណបក្សនយោបាយណាក៏ដោយ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

ឯចំពោះបក្សនយោបាយ ហើយបក្សនយោបាយក៏សុំបញ្ជាក់មិនមែនបក្សនយោបាយមួយដែលត្រូវទទួល អ្នកណា បក្សនយោបាយណាខុសក៏ត្រូវតែរំលាយដូចគ្នាដែរ។ ទោះបីជាបក្សកាន់អំណាចខុស ក៏ត្រូវរំ​លាយ​​ដូចគ្នា។ ដូចជានៅប្រទេសថៃនេះ រំលាយគណបក្សកាន់អំណាចរហូតដល់ទៅ ២ ដង។ លើកទី​មួយ​រំលាយ​គណបក្សថៃរ៉ាក់ថៃ​ (Thai Rak Thai) របស់អតីតនាយករដ្ឋមន្រ្ដី ថាក់ ស៊ីន។ លើកទីពីរ​រំលាយ​គណបក្ស​កម្លាំងប្រជាជនរបស់ សាម៉ាក់ ស៊ុនដារ៉ាវ៉េត (Samak Sundaravej) គ្រាន់តែ សាម៉ាក់ ស៊ុន​ដារ៉ាវ៉េត ទៅធ្វើគុយទាវឆា ដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ បង្រៀនធ្វើម្ហូបសោះហ្នឹង ត្រូវគេចាប់ដល់​ថ្នាក់​ទម្លាក់ចេញឈប់ឲ្យ​ធ្វើនាយករដ្ឋមន្រ្ដី។ បន្ទាប់ទៅលោក ស៊ុមឆ័យ វង់សាវ៉ាត់ (Somchai Wong​sawat) ឡើងធ្វើនាយករដ្ឋមន្រ្ដី​ជំនួស កំពុងតែប្រជុំៗ តុលាការប្រកាសរំលាយគណបក្ស នៅពេលហ្នឹង​គាត់​នៅឈៀងម៉ៃឯណោះ។ អញ្ចឹងគាត់​ថា​​គាត់ឈប់ហើយ។ បក្សណាដែលធ្វើខុស គឺត្រូវរំលាយទាំង​អស់​ហ្នឹង មិនថាគណបក្សកាន់អំណាច ឬគណបក្ស​ណា​ទេ។ អញ្ចឹងទេ ខ្ញុំចង់និយាយបញ្ហានេះ ដើម្បី​ក្មួយៗ​មានលទ្ធភាពយល់នូវសភាពការណ៍។

កន្លង​ទៅ​នេះ គេចង់ប្រើបាតដៃកម្មករដើម្បីបង្កើតហិង្សានៅផ្លូវវេង​​ស្រេង។ មើលឡើងវិញ។ ប្រៀបធៀប​ជាមួយ​​នឹងប្រទេសនានាដែលបានកើតសភាពការណ៍នោះ។ … ឥឡូវចោទជាសំណួរមើល! ប្រសិនបើ​គ្រាន់​តែទាមទារតម្លើងបៀវត្ស គ្រាន់តែ​ទាមទា​រ​លក្ខខណ្ឌ​ការងារ តើមានការចាំបាច់ធ្វើបាតុកម្មនៅម៉ោង ២ ភ្លឺ​នោះទេ? ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មម៉ោង ២ ភ្លឺ ហើយយក​នំប៉័ងទៅចែកឲ្យស៊ី ដើម្បីឲ្យមានកម្លាំង​។ ឥឡូវ​ហ្នឹង​រត់បាត់ធ្លាក់នៅអាមេរិកឯណោះ។ មិនចិត្តសឿង​នៅ​ហ្នឹងទៅ? រឿងនេះវាអត់ចប់ត្រឹមតែមនុស្ស​ម្នាក់​ត្រូវ​វាយខ្នោះនោះទេ រឿងរ៉ាវត្រូវដាក់ចោទ​ជាបញ្ហា​។ បើពេល​នោះទុកឲ្យសភាពការណ៍នៅចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ វារីករាលដាល តើពេលនេះ​ក្មួយៗ​មាន​ឱកាសអង្គុយទទួលការងារនៅទីនេះទេ? សង្រ្គាម​វានឹងផ្ទុះទូទាំងប្រទេស ព្រោះគ្មាននរណាគេ​ឲ្យយើង​មកផ្ដួល​គេលេងៗនោះទេ។ ច្បាស់ណាស់ គេ​នឹង​មានការវាយបក …។

រាជរដ្ឋាភិបាលត្រូវខាតបង់ ដើម្បីជម្រុញការឡើងបៀវត្សកម្មករ

ប៉ុន្តែឥឡូវនេះ អ្វីៗយើងបានដោះស្រាយ​សម្រួលសភាពការណ៍នេះឲ្យវិវឌ្ឍ ប្រជាពលរដ្ឋមិនបានចាប់អា​រម្មណ៍​ទៅ​លើ​បញ្ហាអស់ទាំងនេះច្រើនហួស​ហេតុពេកទេ គឺសំខាន់ការងាររបស់គាត់ ក្មួយៗកម្មករ/ការនីគឺ​ពិសេស​លក្ខខណ្ឌការងាររបៀបម៉េច ប្រាក់បៀវត្ស​បានតម្លើងបែបណា នេះជាបញ្ហាគិតគូរពិតប្រាកដរបស់​ក្មួយៗ​ដែលពូយល់។ ចំណុចនេះហើយ​ដែលពូបានធ្វើដំណើរ ហើយសុំអរគុណចំពោះយន្ដការត្រីភាគី​ដែល​បានខិតខំចរចារលើរឿងនេះ ហើយក៏សុំ​ថ្លែងនូវការកោតសរសើរចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មត្រូវបាន​បាត់បង់ប្រាក់ចំណូលប្រមាណជាង ២៤ លានដុល្លារ​សហ​រដ្ឋ​អាមេរិក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបាន​បាត់ប្រាក់ចំណូលអំពីពន្ធកាត់ទុកនេះប្រមាណជា ២០ លានដុល្លារ ដែលជាការរួមចំណែកមួយដើម្បីឲ្យក្រសួង​ការងារ ហើយពេលនោះត្រូវឆ្លងឆ្លើយគ្នា​ទាំង​យប់ ឲ្យគិតទាំងយប់តែម្ដង ព្រោះថ្ងៃស្អែកឡើងឯកឧត្តម អ៊ិត សំហេង ត្រូវប្រកាសដាក់ឲ្យ​បោះ​ឆ្នោតនូវ​តួ​លេខ ១៦៥ (ដុល្លារ)។ អញ្ចឹងអា ៥ (ដុល្លារ) តើយើងទ្រាំទ្របានឬ​អត់? ត្រូវតែពិភាក្សាទាំងពេល​យប់តែ​ម្ដង​ដើម្បីដោះស្រាយឲ្យក្មួយៗ។

សុំឲ្យកម្មការិនីមានផ្ទៃពោះចេញដចសម្រាកមុនបាន ១៥ នាទី មិនមែនជាការងារកំប៉ិកកំប៉ុក

ម៉្យាងទៀត ថ្ងៃនេះក្មួយៗដែលមានផ្ទៃពោះចំនួន ៤១៩ នាក់បានមកកាន់ទីនេះ។ អម្បាញ់មិញបាន​សួរ​ក្មួយ​ៗ ​ហើយខ្ញុំសុំអរគុណណាស់ ជាមួយនឹងបណ្ដារោងចក្រទាំងអស់ ដែលបានទទួលយកសំ​ណូម​ពរ​របស់ខ្ញុំ ឲ្យកម្មការិនីដែលមានផ្ទៃពោះបានចេញមុនម៉ោង ១៥ នាទីដូចៗគ្នា។ មុននេះ ខ្លះបាន ៥ នាទី ខ្លះ​បាន ១០ នាទី ខ្លះបាន ១៥ នាទី មិនដូចគ្នាទេ។ ប៉ុន្តែឥឡូវនេះ កម្មការិនីដែលមានផ្ទៃពោះ​ត្រូវបាន​ចេញ​មុន​ម៉ោង ១៥ នាទីដូចៗគ្នា ដែលជាការខិតខំមួយ។ អាចមានអ្នកខ្លះថាលោក ហ៊ុន សែន ធ្វើការ​កំប៉ិក​កំប៉ុក សូម្បីតែសុំ​ម៉ោងសម្រាប់កម្មករមិនដាក់ចេញជាបទបញ្ញត្តិចេញជាបទដ្ឋានច្បាប់តែម្ដងទៅ។ ប៉ុន្តែខ្ញុំ​សុំ​បញ្ជាក់​រឿងរ៉ាវ​ពាក់ព័ន្ធនឹងវិស័យឯកជនមានខ្លះកំណត់ដោយច្បាប់ តែមានខ្លះទៀតត្រូវធ្វើការ​ចរចា​សម្រួល​ទើបបាន​។ អញ្ចឹងទេ នោះគឺជាការសម្រួលមួយសម្រាប់ក្មួយៗកម្មករ ជាពិសេសកម្មការិនី​របស់​យើង​ដែលមានផ្ទៃពោះដែល​អាចទទួលបាននូវការចេញមុនម៉ោងរយៈពេល ១៥ នាទី។ នេះជាពេលវេលា​មួយ ព្រោះ ៥ នាទីវាតិចពេក។ ម្យ៉ាងពោះធំ ចេញមុន ៥ នាទីមែន តែគេមកទាន់។ អញ្ចឹង ១៥ នាទី សម​ល្មម​ដើម្បីឲ្យអ្នកមានផ្ទៃពោះទៅឆ្ងាយបន្តិច ចាំអ្នកអត់ផ្ទៃពោះមកតាមក្រោយ។ អញ្ចឹងក៏ជាការធានា​សុវត្ថិ​ភាព និងការសម្រួលមួយផ្នែកទៅដល់សុខុមាលភាពរបស់ស្រ្តី ដែលមានផ្ទៃពោះ។

ការប្រឹងប្រែងដោះស្រាយការងារសម្រាប់កម្មករ ប្រតិសកម្មទៅកាន់មនុស្សមួយចំនួនទៀត

យើងបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើឲ្យមានវឌ្ឍនភាពនៃការដោះស្រាយការងារធ្វើ ជាមួយនឹងប្រាក់ចំ​ណូល​កាន់​តែ​ច្រើន​សម្រាប់កម្មករ/ការិនីរបស់យើង។ មិនមែនគ្រាន់តែកម្មករ/ការិនីខ្លួនឯងប៉ុណ្ណោះទេ ដែល​ធ្វើការដោយផ្ទាល់ទេ មនុស្សប្រមាណ ៣ លាននាក់ ដែលទទួលនូវការងារបន្ថែមជាប្រយោល។ តាម​រយៈ អ្នកខ្លះមានរថយន្តដឹកជញ្ជូន អ្នកខ្លះលក់ដូរ អ្នកខ្លះមានផ្ទះជួល ហើយប្រាក់ចំណូលទាំង​នោះ​បញ្ជូន​ទៅឲ្យក្រុមគ្រួសារ។ ក្រុមគ្រួសារក៏បានប្រើប្រាស់ថវិកានោះ ប្រាក់ដែលក្មួយៗបញ្ជូនទៅ ដើម្បីឪពុក​ម្តា​យ​យកទៅដោះស្រាយជីវភាព ហើយយកទៅរួមចំណែកបង្កបង្កើនផល ដោយសារតែអវត្តមានកម្លាំង​ពលកម្ម​ដែលក្មួយៗចេញមកធ្វើការរោងចក្រ។ អញ្ចឹងឪពុកម្តាយត្រូវប្រើប្រាក់នោះ ដើម្បីជាប្រាក់សម្រាប់​ប្រើ​គ្រឿងយន្តកសិកម្ម តាមរយៈជួល ឬតាមរយៈ​របស់ដែលខ្លួនមាន សម្រាប់ការរហូតទៅដល់​ការច្រូត​កាត់ ក៏ប្រើគ្រឿងយន្តដែរ។

សន្តិភាព និងការអភិវឌ្ឍ ចំណងទាក់ទងកាត់ផ្តាច់មិនបាន

ចំណុចនេះហើយ ដែលទាមទារនូវការខិតខំជាបន្តទៀត សម្រាប់យើងទាំងអស់គ្នា ប៉ុន្តែដើម្បីឲ្យការ​ខិត​ខំ​នេះ ការលូតលាស់នេះនៅតែបន្ត​ អ្វីដែលជាសេចក្តីត្រូវការធំ សម្រាប់យើងនោះគឺសន្តិភាព។ គ្មាន​សន្តិ​ភាព​គឺមិនអាចអភិវឌ្ឍបានទេ។ មិនត្រូវឲ្យអង្គការចាត់តាំងណា ទោះបីមកពីក្នុងប្រទេស ឬក្រៅប្រទេស ដែល​យើងរកឃើញនូវអំពើក្បត់ ត្រូវបានសំងំលាក់ខ្លួនក្រោមការផ្តល់ជំនួយហិរញ្ញវត្ថុ ឬក្រោមសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ ឬបុគ្គលបំផ្លាញនូវសន្តិភាពនោះទេ។ សន្តិភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់​សម្រាប់​យើង ដើម្បីយើងទាំងអស់គ្នាបន្តការអភិវឌ្ឍ។ គ្មានសន្តិភាព មិនអាច អភិវឌ្ឍបានទេ ហើយប្រ​សិន​​បើគ្មានការអភិវឌ្ឍ ក៏មិនអាចរក្សាទុកនូវសន្តិភាពនេះបានដែរ។ នេះជាចំណងទាក់ទងគ្នាបេះមិនដាច់ រវាងសន្តិភាព និងការអភិវឌ្ឍ ដែលអំពាវនាវឲ្យតួអង្គពាក់ព័ន្ធគ្រប់ ចូលរួមជាមួយគ្នា ដើម្បីបន្តកិច្ច​ការ​សម្រាប់​អនាគតប្រទេសរបស់យើង។ គ្មានការចូលរួម គឺវាពិតជាគ្មានជោគជ័យនោះទេ។ ជីដូនជីតា ឪពុក​ម្តាយ​របស់ក្មួយៗ បានប្រឹងប្រែងណាស់ នៅក្នុងរយៈពេលកន្លងទៅ តាមរយៈនៃការចូលរួមរំដោះប្រទេស​ចេញ​ពី​ប្រល័យពូជសាសន៍ ហើយតាមរយៈនូវការចូលរួមទប់ស្កាត់ការវិលត្រឡប់នូវរបប ប៉ុល ពត និង​តាម​រយៈនៃការប្រឹងប្រែងបង្កបង្កើនផល ដោះស្រាយជីវភាពគ្រួសារនៅពេលខាងមុខ នៅពេលដែលពួក​គាត់​ចេញមកពីក្នុងរបប ប៉ុល ពត ក្នុងស្ថានភាពពីបាតដៃទទេ។

ដូច អាណែត ថ្ងៃមុន ខ្ញុំពិតជាអាណោធអាធ័មខ្លាំង នៅពេលដែលមានការរួមពាក់ព័ន្ធជាមួយ​នឹងការស្វែង​រក​គ្រួសារ ដោយទាក់ទិនជាមួយ «នេះមិនមែនជាសុបិន្ត»។ អញ្ចឹងទេ នៅពេលដែលត្រូវបានសំភាសន៍ សម្រាប់​ប្អូនប្រុសម្នាក់គឺរឿងរ៉ាវនេះវាមានច្រើន ប៉ុន្តែភស្តុតាងនៅបន្សល់ទុកសម្រាប់ប្អូនប្រុសម្នាក់ ឈ្មោះ​ខ្លួន​ឯងអត់ដឹងផង។ ឪពុកម្តាយឈ្មោះអីក៏អត់ដឹងដែរ ហើយ ឈ្មោះឥឡូវនេះ ជាឈ្មោះម្តាយ​ចិញ្ចឹម​ទីពីរ​ជា​អ្នកដាក់ឲ្យ ព្រោះវង្វេងគ្នានៅត្រឹមស្ពានជ្រោយចង្វារ ហើយត្រូវជម្លៀសខ្លួនរហូតទៅដល់ថៃ ថៃដឹកយក​មក​ចាក់នៅភ្នំដងរែក រួចហើយត្រឡប់មកវិញ ចេះតែធ្វើដំណើរមក ដល់ភ្ញាក់ឡើងបាត់ម្តាយ ឥឡូវហ្នឹង​ស្វែង​រកម្តាយ។ ដល់ស្វែងរកម្តាយ តើរកម៉េច? ទាល់តែម្តាយអាចមើលឃើញតាមទូរទស្សន៍ ទើបអាច​រក​ឃើញ ព្រោះសាម៉ីខ្លួនអត់ទាំងស្គាល់ត្រកូលអីផង។​ រឿងនេះ រឿងអាណោធអាធ័មណាស់ ហើយជី​ដូន​ជី​តា ឪពុកម្តាយរបស់ក្មួយៗសុទ្ធតែបានជួបប្រទះរឿងនេះ គ្មានអ្នកណាមួយមិនបានជួបទេ ឲ្យតែនៅលើដី​ខ្មែរ​ក្នុងដំណាក់កាល ប៉ុល ពត សុទ្ធតែមានរឿងហ្នឹងទាំងអស់។

អញ្ចឹងទេ ការរក្សាសន្តិភាព គឺជារឿងចាំបាច់ខានមិនបាន ហើយវាមានតម្លៃធំធេងណាស់។ អតីតកាល​បាន​បង្រៀនយើងគ្រប់គ្រាន់ណាស់ទៅហើយ។ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍនោះទេ មានតែការបំ​ផ្លិច​បំ​ផ្លាញតែប៉ុណ្ណោះទេ សូម្បីតែស្ពានជ្រោយចង្វារក៏ត្រូវកាត់ផ្តាច់ដោយសារគ្រាប់មីន ហើយទុកចោលតាំង​ពី​រង្វង់ឆ្នាំ ១៩៧២-១៩៧៣ រហូតមកដល់ឆ្នាំ ១៩៩៤-១៩៩៥ ទើបតភ្ជាប់ឡើងវិញ។ ប៉ុន្មានជាង ២០ ឆ្នាំ​ក្រោយទើបអាចតភ្ជាប់ស្ពាននេះឡើងវិញ។ តែឥឡូវនេះ យើងមិនត្រឹមតែអាចឆ្លងស្ពាននេះទេ យើងធ្វើ​ស្ពាន​ថ្មីថែមមួយទៀត ដើម្បីមួយទៅមួយមក ព្រោះការរីកចម្រើនរបស់ប្រទេស។

ទី១៖ រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាពការ​ងារ/រក​វិធី​ដោះ​ស្រាយបញ្ហាកិច្ចសន្យាការងារ

មានការងារមួយចំនួនដែលអំពាវនាវឲ្យក្មួយៗ ប្រហែលជាក្មួយៗបានស្តាប់ហើយ ប៉ុន្តែ ពូនៅតែនិយាយ ព្រោះមុខសញ្ញាដដែល រឿងដដែល គ្រាន់តែមុខមនុស្សខុសគ្នាប៉ុណ្ណោះ តែមុខសញ្ញាកម្មករនៅតែកម្មករ ម្ចាស់រោងចក្រ។ រឿងរ៉ាវក្នុងវិស័យឧស្សាហកម្មក៏ដូចជា ទន្ទឹមនឹងការការពារ រួមគ្នាការពារសន្តិភាព ដើម្បី​ធា​នា​ការអភិវឌ្ឍ យើងត្រូវបន្តការធ្វើ ទី ១ ៖ រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ដើម្បីសុវត្ថិភាព។ គ្មានអស្ថេរភាពណាមួយ ដែលធានានូវស្ថេរភាពការងាររបស់ក្មួយៗនោះទេ គ្មានអស្ថេរភាពណាមួយដែលមានទេសចរមកកាន់ប្រទេសរបស់យើងទេ។ គ្មានអស្ថេរភាពណាមួយ​ដែល​ផ្តល់ឱ​កាស​សម្រាប់​ការងារធ្វើរបស់ក្មួយៗនោះទេ មិនថាទាំងក្នុងវិស័យរោងចក្រកាត់ដេរ ឬដេរស្បែកជើង​នោះទេ។ គ្រប់វិស័យទាំងអស់សុទ្ធតែត្រូវការវា ហើយក៏មិនត្រូវទុកឲ្យតាមរោងចក្រ មានបងតូចបងធំ និង​មិន​ត្រូវឲ្យតាមរោងចក្រ មានក្រុមគ្រឿងញៀននៅទីនោះទេ ធ្វើយ៉ាងម៉េចឲ្យរោងចក្រយើងក្លាយទៅ​ជាសហ​គមន៍ ដែលមានសុខដុមរមនា រវាងថៅកែរោងចក្រ ជាមួយអ្នកទទួលខុសត្រូវក្នុងផ្នែក ជាមួយនឹងកម្មករ។ ធ្វើ​យ៉ាងនេះបាន គឺយើងមានសុវត្ថិភាពការងារ និងស្ថេរភាពការងារ។ ហើយខ្ញុំនៅតែបន្តនិយាយថា កិច្ច​សន្យា​ការងារត្រូវតែដោះស្រាយឲុ្យបានសមស្រប ដើម្បីធានាថាកម្មករ/ការិនីរបស់យើង មិនត្រូវបាន​បញ្ឈប់​ពីការងារដោយបង្ខំ តាមរយៈកិច្ចសន្យាការងារ រយៈពេលខ្លី ហើយយើងក៏មិនត្រូវបង្ខំនូវការចុះហត្ថ​លេខា​រយៈពេលវែងក្នុងពេលដែលតម្រូវការការងារនោះ មានរយៈពេលខ្លី។

កិច្ចការទី ២ គឺរួមគ្នារក្សាការងារ​ និងបង្កើតការងារថ្មី

កិច្ចការទី ២ គឺរួមគ្នារក្សាការងារ​ និងបង្កើតការងារថ្មី។ ចំណុចនេះក្មួយៗត្រូវចងចាំ ដើម្បីរក្សា​នូវ​ប្រាក់​ចំ​ណូល គឺរក្សាការងារដែលយើងមាននៅសព្វថ្ងៃ ធ្វើយ៉ាងម៉េចការងារដែលយើងមានសព្វថ្ងៃនេះ ត្រូវតែរក្សា​វា មិនត្រឹមតែរក្សាឲ្យវាមាន តែជារោងចក្រទេ ក៏ប៉ុន្តែទិន្នផលក៏ត្រូវបានបង្កើនដែរ។ ក្មួយៗមិនត្រូវភ្លេចថា នៅ​លើពិភពលោក និងក្នុងតំបន់របស់យើងនេះ មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ទៅលើបញ្ហាផលិត​សម្លៀក​បំពាក់ ឬក៏ស្បែកជើងទេ។ ប្រទេសរបស់យើងប្រាក់បៀវត្សនឹងឡើងទៅដល់ ១៧០ ដុល្លារ។ នេះទាបបំផុត។ ប៉ុន្តែមិនត្រូវភ្លេចថា ឥឡូវយើងនិយាយឆ្នាំនេះទៅចុះ ១៥៣ ដុល្លារ ប៉ុន្តែនៅមីយ៉ាន់ម៉ា មាន​ត្រឹមតែ ៧៩ ដុល្លារសហរដ្ឋអាមេរិក។ នៅឡាវ មានត្រឹមតែ ១១០ ដុល្លារ។ នៅវៀតណាមមាន​តំបន់​ដែល​មាន ១៣០ ដុល្លារ និងមានតំបន់ដែលមាន ១៦០ ដុល្លារ មិនដឹងថាឆ្នាំក្រោយឡើងដល់ណាទេ។ នៅឯ​បង់ក្លាដេស មាន ៦៧។ ស្រីលង្ការ ៦៧ ហើយនឹងឥណ្ឌាត្រឹមតែ ៧៧ ដុល្លារទេ។ ដូច្នេះ ប្រសិនបើ​យើង​ទាមទារហួសហេតុ គឺគេអាចដករោងចក្រចេញពីប្រទេសរបស់យើង ហើយរោងចក្រកាត់ដេរស្បែក​ជើង​គឺ​ងាយណាស់ គាត់គ្រាន់តែរើដាក់កុងទឺន័រទៅ រួចហើយចាកចេញទៅតម្លើងនៅប្រទេសដទៃ …។

ដូច្នេះបានជាយើងត្រូវប្រឹងរួមគ្នា ទាំងជាមួយម្ចាស់រោងចក្រ អ្នកទទួលខុសត្រូវគ្រប់ផ្នែក ក៏ដូចជាជាមួយ​នឹង​កម្មករ/ការិនីរបស់យើង ដើម្បីរក្សាការងារដែលយើងបាន និងកំពុងមាន ហើយយើងបន្តបង្កើត​នូវការ​ងារ​ថ្មី សម្រាប់កូនចៅយើងដែលមិនទាន់មានការងារធ្វើ។ ក្មួយៗមានការងារធ្វើហើយ ក៏ប៉ុន្តែនៅមានប្អូន នៅ​មានសាច់ញាតិ នៅមានមិត្តភក្តិដែលមិនទាន់មានការងារធ្វើ។ ដូច្នេះ យើងត្រូវបង្កើតការងារថ្មី​តាម​រយ

ៈ​​ការវិនិយោគ ដោយការវិនិយោគក្នុងស្រុក ឬការវិនិយោគក្រៅស្រុក ហើយមិនមែនគោលដៅត្រឹម​តែ​បញ្ហា​វាយនភណ្ឌ ក្នុងវិស័យទាក់ទងនឹងការកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងទេ ក៏ប៉ុន្តែក្នុងវិស័យ​សេ​វា និងវិស័យដទៃទៀត រហូតទៅដល់ក្នុងវិស័យកសិឧស្សាហកម្ម ដែលយើងត្រូវទាក់ទាញវិនិយោគ ដើម្បី​បង្កើតការងារថ្មីៗឲ្យកម្មករ ឲ្យប្រជាពលរដ្ឋរបស់យើង។ រាជរដ្ឋាភិបាលក៏ត្រូវតែខិតខំ ដើម្បីទាក់ទាញ​វិនិ​យោគ ហើយពង្រីកទីផ្សាររបស់ខ្លួននៅឯក្រៅប្រទេស សម្រាប់ការនាំចេញនូវផលិតផលរបស់កម្ពុជា ដែល​ពីមួយថ្ងៃទៅមួយថ្ងៃ គឺចេះតែមានការកើនឡើង។ ទំហំពាណិជ្ជកម្មនៅក្នុងប្រទេសរបស់យើង កើន​កាន់​តែច្រើន តម្លៃនៃការនាំចេញរបស់យើងប្រមាណជាជាង ១២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយ យើងមិនទាន់ស្កប់ស្កល់ទេ។ សូមបញ្ជាក់ក្មួយៗថា ប្រាក់ខែរបស់ក្មួយៗ គឺឡើងបានប៉ុណ្ណេះ គឺវាមិនទាន់​សម្រាប់​ការពេញចិត្តរបស់ក្មួយៗ ហើយវាក៏មិនទាន់សម្រាប់ការពេញចិត្តរបស់ពូដែរ យើងត្រូវការប្រាក់​ខែ​លើស​ពីនេះ ក៏ប៉ុន្តែយើងត្រូវដើរជាជំហានៗ។ គ្មានទេពាក្យថា ស្កប់ស្កល់​។

ប៉ុន្មានថ្ងៃមុននៅប្រទេសអាមេរិក មានការប្រកាសអ្នកមានជាងគេ ក្នុងហ្នឹង ប្រធានាធិបតី ដូណាល់ ត្រាំម៍ បានធ្លាក់ប្រាក់ចំណូលរបស់គាត់ … Bill Gate មានប្រាក់​រហូត​ទៅ ដល់ ៨ ម៉ឺន ៧ ពាន់លាន បានសេច​ក្តី​ថា ៨៩ ពាន់លានដុល្លារ។ អញ្ចឹង សួរថា Bill Gate ស្កប់ស្កល់ហើយឬនៅ? មិនទាន់ស្កប់ស្កល់ទេ។ ប្រាក់​ចំណូលរបស់ Bill Gate ដែលបានមកពីវិនិយោគ បានមកពីការខិតខំនៃក្រុមហ៊ុនរបស់គេ មួយថ្ងៃ​មិន​ដឹងថាឡើងប៉ុន្មាន អាចថាមួយថ្ងៃឡើង ១ លាន ២ លាន ឬក៏អាចលើសពីនេះក៏អាចថាបាន។ អញ្ចឹង​សម្រាប់​យើង ១៧០ ដុល្លារ ថែមនឹងអត្ថប្រយោជន៍ដទៃទៀត វាមិនទាន់គ្រប់ទេ។ យើង ត្រូវខិតខំ​ទាំង​អស់គ្នា។ ការងារធ្វើសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបន្ត ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។

ការងារទី ៣ យើងត្រូវរួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង

ការងារទី ៣ យើងត្រូវរួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង។ ខ្ញុំបញ្ជាក់នូវចំណុចនេះឡើងវិញ ប្រាក់ខែអប្បបរមាឡើងជារៀងរាល់ឆ្នាំ មិនមែនឡើងសម្រាប់តែឆ្នាំ ២០១៨ នោះទេ។ ឆ្នាំ ២០១៩ នឹង​ត្រូវ​ឡើងជាបន្តទៀត តែឡើងដល់ត្រឹមណា រឿងនេះទុកឲ្យយន្តការត្រីភាគីជាអ្នកកំណត់។ ទន្ទឹមនឹង​ការ​បង្កើន​ប្រាក់ចំណូល ខ្លួនយើងម្នាក់ៗជាកម្មករ/ការិនី ក៏ត្រូវបង្កើននូវការចេះដឹង និងបង្កើនសមត្ថភាព។ ខ្ញុំ​ពិត​ជាមានការរីករាយដែលឃើញផលិតផលរបស់កម្ពុជា។ ខ្ញុំហាត់ប្រាណរៀងរាល់ល្ងាច ឥឡូវនេះ ថ្ងៃមុន​ចុះ​ថាខ្ញុំទៅរោងចក្រ ADIDAS ខ្ញុំពាក់អាហ្នឹងហាត់ប្រាណ។ … ខ្ញុំមកពីផ្សារអូឡាំពិក ខ្ញុំចូលផ្សារ​មួយនៅ​ក្បែរ​វត្ត​លង្កា ទិញអាវកីឡា។ អត់ដែលបានពាក់ទេ។ ថ្ងៃនោះ ខ្ញុំយកចេញពីទូ។ ខ្ញុំចង់ដឹងថាវា​ផលិត​នៅ​ណា? ផលិតនៅកម្ពុជា។ អាវយ៉ាងស្អាត។ អញ្ចឹងទេ ទឹកដៃរបស់កម្មករ/ការិនីរបស់យើងមិនអន់ទេ។

រុញពិដាននៃពន្ធលើប្រាក់បៀវត្សទៅ ១ លាន ២ សែនរៀល

ដូច្នេះយើងបន្តការខិតខំបែបនេះតទៅទៀត ដើម្បីឲ្យខ្លួនយើងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ ចំណេះ​ដឹង ចំណេះធ្វើរបស់យើងក៏កាន់តែខ្ពស់ដែរ ដើម្បីទទួលបាននូវប្រាក់ចំណូល ហើយបៀវត្សឡើង​ជារៀង​រាល់​ឆ្នាំ ជាមួយនឹងការមិនយកពន្ធ នៃប្រាក់បៀវត្សដែលមុននេះ ដែលឆ្នាំនេះកំពុងអនុវត្ត មួយលានរៀល​មិន​យកពន្ធ។ ប៉ុន្តែ ច្បាប់ហិរញ្ញវត្ថុដែលនឹងឆ្លង នៅថ្ងៃទី ២៧ នេះ ដាក់ ១ លាន ២ សែនរៀល នឹងមិន​យក​ពន្ធទេ ដើម្បីធានាថា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ/ការិនី និយាយរួមទាំងផ្នែក​រដ្ឋ ទាំងផ្នែឯកជនដែលមានប្រាក់បៀវត្សតិចជាង ១ លាន ២ សែនរៀល ឬ ៣០០ ដុល្លារ មិនត្រូវបាន​ជាប់​ពន្ធទេ។ នេះជាការប្រឹងប្រែងមួយ ដើម្បីធ្វើឲ្យប្រាក់ចំណូល ដែលកម្មករ/ការិនី មន្រ្តីរាជការ កងកម្លាំង​ប្រ​ដាប់​អាវុធ របស់យើងទទួលបាន មិនត្រូវបានជាប់ពន្ធ ដែលយើងត្រូវលើកពី ១ លាន ​ទៅកាន់ ១ លាន ២ សែនរៀល។

ថ្លៃទឹកភ្លើងថយចុះ អរគុណម្ចាស់ផ្ទះជួលទាំងអស់ដែលមិនតម្លើងប្រាក់ឈ្នួលផ្ទះ នៅក្នុងឆ្នាំ ២០១៨

ក្រៅពីនោះ ក្មួយៗក៏ត្រូវបានទទួលបន្ថែមនូវការកាត់បន្ថយ​ថ្លៃទឹក ថ្លៃភ្លើងដែលផ្គង់ផ្គង់ដោយរដ្ឋ ទៅដល់​ផ្ទះ​ជួល ដែលមុននោះកំណត់ដោយម្ចាស់ផ្ទះ តែឥឡូវនេះកំណត់នៅពេលដែលភ្លើងរដ្ឋបានចូលទៅដល់ តម្លៃអគ្គិសនី នៅត្រឹមតែ ៤៨០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងការប្រើក្រោម ៥០ គីឡូវ៉ាត់។ ទឹកត្រឹមតែ ៨០០ រៀល ក្នុងមួយម៉ែត្រគីបដែល ដែលមុននេះ ១២០០ រៀល ដែលធ្វើឲ្យក្មួយៗទទួលបាន​នូវប្រាក់កម្រៃ​ដែល​បង់ថ្លៃត្រឡប់ទៅវិញមានតិចជាង។ ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះម្ចាស់ផ្ទះជួលទាំងអស់​ដែល​យល់ព្រមតាមសំណើររបស់ខ្ញុំ មិនតម្លើងប្រាក់ឈ្នួលផ្ទះ នៅក្នុងឆ្នាំ ២០១៨ នេះ អរគុណណាស់។ ខ្ញុំចង់ដឹងមើលថា នៅពេលដែលបៀវត្សត្រូវបានបង្កើត ហើយតម្លៃផ្ទះឈ្នួលមិនត្រូវបានឡើង ដូចកាល​ពី​ពេល​មុន តើប្រាក់ចំណូលពិតប្រាកដរបស់កម្មករ/ការិនីរបស់យើងមានប៉ុន្មាន? ចំណុចនេះជាការអប់រំ ព្រោះ​ថាហាក់ដូចជាបានទទួលការយល់ព្រមរួចស្រេចទៅហើយ។

របបសន្ដិសុខផ្នែកថែទាំសុខភាព៖ ខែ មករា ២០១៨ កម្មករទាំងអស់ ទទួលការ​ពិនិត្យ និងព្យាបាលជំងឺ​ឥត​គិត​ថ្លៃ នៅតាមពេទ្យរដ្ឋ

ចំណុចទី ៤ ដែលខ្ញុំចង់និយាយទៅកាន់ក្មួយៗ នោះគឺពាក់ព័ន្ធទៅនឹងរបបសន្តិសុខ​សង្គមផ្នែកថែ​ទាំ​សុខ​ភាព។ កន្លងមកទាក់ទិននឹងការងារនេះ គឺកម្មករ/ការិនីត្រូវបង់ ៥០ ភាគរយ ហើយម្ចាស់រោងចក្រត្រូវបង់ ៥០ ភាគរយ ដើម្បីបានទទួលរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព។ ប៉ុន្តែ ចាប់ពីខែមករា  ឆ្នាំ ២០១៨ ត​ទៅ ក្មួយៗមិនចាំបាច់បង់ទៀតទេ គឺម្ចាស់រោងចក្របង់ជួស ១០០ ភាគរយ តែម្តង។ ​ដូច្នេះ ក្មួយៗដែល​ធ្លាប់​បានចំណាយ ក្នុងរង្វង់ ៨.០០០ ទៅ ១៣.០០០ រៀល ក្នុងមួយខែ ក៏ត្រូវបានសន្សំទុក អាចថា​មួយ​ឆ្នាំ​បើ ១៣.០០០ រៀល ក៏បានជាង ១០ ម៉ឺនរៀលដែរ ក្នុងមួយឆ្នាំ។ នេះជាការកាត់បន្ថយហើយ។ ហើយនេះ​ជា​បន្ទុក។ បន្ទុកនេះហើយ ដែលយើងជួយដោះស្រាយឲ្យម្ចាស់រោងចក្រត្រឡប់ទៅវិញ។ ហើយក៏សូមប្រ​កាស​ថា ចាប់ពី ខែមករា ឆ្នាំ ២០១៨ តទៅ កម្មករគ្រប់ផ្នែកទាំងអស់ ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ត្រូវ​បាន​ទទួលការពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។ រដ្ឋនឹងបង់ថ្លៃជួស តាម​រយៈ​មូល​​និធិ​សមធម៌ ដែលយើងបាន និងកំពុងអនុវត្តមនុស្សប្រមាណជាង ៣ លាននាក់។ ឥឡូវនេះ យើង​នឹងដាក់បញ្ចូលទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺប្រមាណជា ៣ លាននាក់ថែមទៀត ដើម្បីនឹងទទួល​បាន​នូវអត្ថប្រយោជន៍ អំពីការទាក់ទងនឹងរឿងសុខភាព។ រឿងនេះជារឿងសំខាន់ ដែលវាទាក់ទងទៅនឹង​គោល​នយោបាយជាតិគាំពារសង្គមរបស់យើង។ សូមអំពាវនាវ ក្រសួងការងារក៏បានធ្វើកិច្ចការងារនេះ អំ​ពាវ​នាវឲ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់ មកចុះបញ្ជីឲ្យបានឆាប់បំផុត ដើម្បីផ្តល់ប្រយោជន៍ចំពោះ​កម្ម​ករ/ការិនី។ បើមិនដូច្នោះទេ កម្មករ/ការិនីគ្នានៅតែបាត់បង់នូវផលប្រយោជន៍ ដែលមិនអាចទទួល​បាន។

កម្មករ កីឡាករ អ្នកចូលនិវត្តន៍ ជិះឡានក្រុងឥតគិតថ្លៃ ២ ឆ្នាំ

សុំបញ្ជាក់ដែរថា កម្មករ/ការិនីទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ បូកជាមួយកីឡាករ/ការិនីត្រូវបាន នឹងអ្នក​ចូល​និវត្តន៍ផ្សេងទៀត ត្រូវបានទទួលការជិះរថយន្តក្រុងដោយមិនចាំបាច់បង់ប្រាក់យ៉ាងតិចរយៈពេល ២ ឆ្នាំ។ ក្មួយៗជិះទៅ តែនៅកន្លែងណាដែលចំឡានក្រុងទេណា បើជិះតាក់ស៊ី បង់លុយខ្លួនឯងទៅ ពេទ្យក៏​ដូច​គ្នាដែរ ធានាមិនយកប្រាក់តែមន្ទីរពេទ្យរដ្ឋទេ ហើយការមិនយកប្រាក់ក៏ធ្វើតែចំពោះឡាន​សាលាក្រុង​ភ្នំ​ពេញ ដែលបានដាក់ដំណើរការកាន់តែច្រើនទៅៗ។ ហើយរឿងនេះ ក្មួយៗមិនចាំបាច់ថា​ ចាំតែជិះទៅធ្វើ​ការ​ទេ ជិះដើរលេងក៏ដោយ ជិះអាហ្នឹងទៅ ទៅជួបសង្សារអីជិះទៅ។ ខែនេះហើយធ្លាក់ខ្យល់ពីជើងហើយ តែ​ចេញវស្សាគេការហើយ អាហ្នឹងជាទម្លាប់ គេមិនសូវការក្នុងវស្សាឡើយ​ គេការក្រៅវស្សា ក្រោយចេញ​វស្សា​។​​

កម្មការិនីមានផ្ទៃពោះ សម្រាក ៣ ខែ ប្រាក់បៀវត្ស ១២០% និងទទួលសាច់ប្រាក់ពេលឆ្លងទន្លេ

ចំពោះកម្មការិនី ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ កម្មការិនី ដែលបានចុះបញ្ជី នៅពេលឆ្លងទន្លេ នឹង​ទទួល​បានការសម្រាកព្យាបាល រយៈពេល ៣ ខែ ដែលមានបៀវត្ស ១២០ ភាគរយ នៃបៀវត្ស ក្នុងនោះ គឺ​មាន​ការចេញដោយ មូលនិធិបេឡាជាតិសន្តិសុខសង្គម ចំនួន ៧០ ភាគរយ ចេញដោយនិយោជក ៥០ ភាគ​រយ។ ស្រ្តីមានផ្ទៃពោះទាំងអស់ទូទាំងប្រទេស ត្រូវបានទទួលការពិនិត្យដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ចាប់តាំងពី ០ ​ម៉ោង ថ្ងៃ ១ ខែ មករា ឆ្នាំ ២០១៨ ទៅ កម្មការិនីឆ្លងទន្លេទាំងអស់ នឹងត្រូវទទួលបាន​នូវកម្ម​វិធី​សាច់ប្រាក់ ដែលផ្តល់សម្រាប់ស្រ្តីឆ្លងទន្លេ ម្នាក់ ដែលមានកូនមួយចំនួន ៤០ ម៉ឺនរៀល កូនភ្លោះពីរ បាន ៨០ ម៉ឺនរៀល ហើយកូនភ្លោះបី នឹងបាន ១ លាន ២ សែនរៀល ហើយកូនភ្លោះបី នឹងចូលជា​សមា​ជិក​គ្រួសារកូនភ្លោះបី ដែលខ្ញុំជួយឧបត្ថម្ភតែម្តង។ ហើយបន្តិចទៀត នៅពេលដែលពូធ្វើដំណើរទៅ(ចែក​ស្រោម​សំបុត្រ) កុំភ្លេចបើខ្លួនមានកូនភ្លោះ កុំភ្លេចប្រាប់ថា ខ្ញុំមានកូនភ្លោះ ដើម្បី​ពូផ្តល់ ២ ស្រោមសំបុត្រ។ ឯ​អ្នកមានកូនមួយផ្តល់តែមួយស្រោមសំបុត្រទេ ហើយប៉ុន្មានខ្ញុំអត់ប្រកាសទេ បើកមើលខ្លួនឯងទៅ។

ស្រ្តីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ទទួលបានសាច់ប្រាក់ឧបត្ថម្ភពេលសម្រាលកូន

ស្រ្តីជាមន្រ្តីរាជការ ជាកងកម្លាំងប្រដាប់អាវុធ ក៏នឹងត្រូវទទួលបានអត្ថប្រយោជន៍បន្ថែមទៀត ដែលពេល​នេះ​មានតែមន្រ្តីរាជការស៊ីវិលទេ។ តែកងកម្លាំងប្រដាប់អាវុធអត់ទទួលបានទេ។ ហើយនេះក៏នឹងត្រូវដាក់​ឲ្យ​​អនុវ​ត្តតម្លើងទៅ ៨០ ម៉ឺនរៀល សម្រាប់ស្រ្តីដែលធ្វើការនៅក្នុងមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់​អា​វុធ ដែលរាប់ទាំងកងទ័ព នគរបាល អាវុធហត្ថ អាវុធហត្ថនៅជាផ្នែករបស់កងទ័ព។ សុំអំពាវនាវឲ្យបណ្តា​រោង​ចក្រ សហគ្រាសទាំងឡាយ រៀបចំនូវមណ្ឌលសុខភាព គិលានដ្ឋាននៅក្នុងរោងចក្រ ដែលមកដល់​ពេល​នេះ មាន ៨៨ ភាគរយ ហើយនៅសល់តែ ១២ ភាគរយទេ រោងចក្រដែលមិនទាន់មានគិលានដ្ឋា​ន ខិតខំរៀបចំដែលមិនទាន់មានកន្លែងបំបៅកូន មានទារកដ្ឋាន និងមានកន្លែងទទួលទានអាហារ នៅតាម​រោង​ចក្រ ខិតខំធ្វើរឿងនេះ ដើម្បីធានានូវសុខភាពរបស់កម្មករ/ការិនី។

របបសោធននិវត្តន៍វិស័យឯកជន អនុវត្ត ២០១៩ តទៅ

ម៉្យាងទៀត ខ្ញុំសុំយកឱកាសនេះជម្រាបជូនក្មួយៗឲ្យបានជ្រាបថា ចាប់ពីឆ្នាំ ២០១៩ ទៅ រាជរដ្ឋាភិបាល​នឹង​ដាក់ឲ្យអនុវត្តនូវរបបសោធននិវត្តន៍សម្រាប់កម្មករ/ការិនី នៅក្នុងក្របខណ្ឌវិស័យវិស័យឯកជន។ នេះ​ជា​រឿងសំខាន់ណាស់ ដែលវាជាការគិតគូររបស់មនុស្សគ្រប់រូប មិនថាគេ មិនថាខ្ញុំទេ ការគិតនៅត្រង់ថា បន្ទាប់​ពីអញឈប់ធ្វើការហើយ តើមានអ្វីចិញ្ចឹមខ្លួន? នេះជាសំនួរដែលក្មួយៗតែងតែសួរខ្លួនឯង។ ខ្ញុំធ្លាប់​បាន​និយាយហើយ សូម្បីតែពូមានអាយុប៉ុណ្ណេះ​ ហើយមានលទ្ធភាពជាទ្រព្យសម្បត្តិ ប៉ុន្តែ ក៏នៅដាក់​ជា​សំណួរថា តើពេលដែលអញចាស់ទៅ ក្លាយជាអ្វី? រឿងរ៉ាវអត់បាយស៊ី វាមិនអាចកើតមានទេ ក៏ប៉ុន្តែ នៅ​ត្រង់​ថា ជីវិតមនុស្សចាស់មួយនេះ តើមានកូនណា ឬចៅណា ដែលយកចិត្តទុកដាក់ចំពោះខ្លួននោះ។ នៅ​ក្នុង​ឃ្លីបវីដេអូមួយ ដែលនិយាយថា តើមានថ្ងៃអាទិត្យប៉ុន្មានដងទៀត? ឬក៏ថាមានដាច់ឆ្នាំប៉ុន្មានដង ​សំ​ដៅ​និយាយដល់ថា កូនចៅទាំងឡាយតែងតែទុកឪពុកម្តាយ ឲ្យនៅមួយកន្លែង ក្នុងពេលដែល​យើង​ជាប់​រវល់​ការងារនេះ ជាប់រវល់ការងារនោះ។ អាមួយជាប់អានេះ អាមួយជាប់អានោះ ដូច្នេះទីចុងបំផុត ឪពុក​ម្តាយ​​ម្នាក់ចិញ្ចឹមកូនបាន ១ កន្ទេល ២ កន្ទេល ឯកូន ១ កន្ទេល ២ កន្ទេល ចិញ្ចឹមឪពុកម្តាយ​ម្នាក់​មិន​បាន។ នេះជារឿងអាណោចអាធ័មនៃជីវិតមនុស្ស។ ឯសម្រាប់ក្មួយ ក៏ដាក់ចេញចោទជាបញ្ហា ក្រៅពីគិត​គូរ​ដូចជាពូ ថាពេលដែលចាស់ទៅ មានកូនណាចិញ្ចឹមខ្លួន មើលថែខ្លួន។ តែក្មួយមានបញ្ហាជាង​ពូធំ​ណាស់ ត្រង់ថា តើពេលចាស់ទៅ អត់មានការងារធ្វើទៅ តើនៅសល់អ្វី បានអ្វីចិញ្ចឹមខ្លួន បានអ្វីចិញ្ចឹមកូន​ចៅ ហើយពឹងពាក់កូនចៅ បានឬទេ?

អញ្ចឹង យោងទៅលើ​ការគិតគូរបែបនេះ និងសំដៅកសាងរដ្ឋទំនើបមួយ យើងក៏ត្រូវអនុវត្តនូវប្រាក់សោធន​និវត្តន៍ក្នុងវិស័យឯកជន ដើម្បីធានាថាក្មួយៗឈប់ធ្វើការងារទៅ នឹងមានប្រាក់ដើម្បីចិញ្ចឹមខ្លួនជាបន្ត។ ដូច​ជា ឥឡូវឆ្នាំក្រោយនេះ ក្មួយៗនឹងទទួលបានទៅដល់ ១៧០ ដុល្លារ នៅពេលដែលចូលនិវត្តន៍ ប្រាក់​បៀ​វត្សរ៍នោះត្រូវនៅសល់ ៨០ ភាគរយ។ ដូច្នេះ វាអាចនៅសល់ ១៤០ ដុល្លារសហរដ្ឋអាមេរិកដែរ។ ក៏ប៉ុន្តែ សូមបញ្ជាក់ថា ដើម្បីទទួលបាននូវអត្ថប្រយោជន៍នៃប្រាក់សោធននិវត្តន៍ ត្រូវបំពេញលក្ខខណ្ឌដូច​មន្រ្តី​រាជ​ការ និងកម្លាំងប្រដាប់អាវុធដែរ។ មិនអាចចូលធ្វើការមួយខែ ពីរខែ ឬមួយឆ្នាំ ពីរឆ្នាំ ហើយទៅទាមទារ​នូវ​ប្រាក់​សោធននិវត្តន៍នោះទេ។ គេមានតែប្រាក់បង់ផ្តាច់ស្អីតែប៉ុណ្ណឹង។

គ្មានអ្វីខុសគ្នារវាងមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងកម្មករ/ការិនីទៀតទេ

ប៉ុន្តែ ដើម្បីធានាឲ្យទទួលបាន ត្រូវមានលក្ខខណ្ឌរបស់វា។ អញ្ចឹងបានជាពាក្យចាស់លោកពោលថា «ចង់​ឆ្ងាញ់​ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង» ការនឿយពីក្មេងនោះហើយ ដែលធានាឲ្យក្មួយៗមាន​ប្រាក់​បៀ​វត្ស គេហៅថា ប្រាក់រឺត្រែត ក្រោយពេលដែលខ្លួនឈប់ពីការងារ។ ដូច្នេះ ត្រូវខិតខំបំពេញលក្ខខណ្ឌ​ទាំង​នោះ មិនអាច​រត់ចេញពីកន្លែងនេះ ទៅកន្លែងនោះ ពីកន្លែងនោះ ទៅកន្លែងនោះ។ អត់ទេ។ ត្រូវធ្វើការ ហើយគេបូកគ្នា តជំនាន់ ដើម្បីទទួលអត្ថប្រយោជន៍។ ពេលនោះ ការខុសគ្នារវាងមន្រ្តីរាជការ និងកង​កម្លាំង​ប្រដាប់អាវុធ ជាមួយនឹងកម្មករក្នុងវិស័យឯកជននឹងមិនមានទៀតទេ (ដែលថា)មន្រ្តីរាជការ និងកង​កម្លាំង​ប្រដាប់អាវុធមានប្រាក់ចូលនិវត្តន៍ ឯកម្មករ/ការិនីក៏មានប្រាក់ចូលនិវត្តន៍ដែរ។

ខិតខំដោះស្រាយបញ្ហាជូនពលករចំណាកស្រុក ធ្វើការនៅប្រទេសក្រៅ

ចុងក្រោយ យើងក៏បាន និងកំពុងខិតខំដោះស្រាយបញ្ហាកម្មករ/ការិនី ដែលកំពុងធ្វើការនៅក្រៅប្រទេស តាមរយៈការខិតខំរិះរកទីផ្សារឲ្យកម្មករ/ការិនីរបស់យើង នៅឯក្រៅប្រទេស។ ថ្ងៃមុន ខ្ញុំចេះតែរកចម្រៀង ដោនឡូតចម្រៀងនេះចូលក្នុងទូរស័ព្ទខ្ញុំប្រហែលជា ១ ពាន់បទ។ អផ្សុកចេះតែធ្វើទៅ មានបានដើរ​ទៅ​ណា? អ្នកដែលកម្សត់ជាងគេ តើអ្នកណា? ទី ១ ព្រះមហាក្សត្រយាងទៅណាក៏មិនបាន ចូលហាង​ក៏​លំ​បាក។ ទី ២ នាយករដ្ឋមន្រ្តីហ្នឹងឯង។ កម្សត់ណាស់។ យូរៗប្រពន្ធហៅបាយនៅហាងម្តង បានដើរ​ត្រុកៗ​ទៅ។ ប៉ុន្តែ ឥឡូវឃើញដូចជាជិតមួយឆ្នាំ គេមិនដែលហៅចូលហាងអីទៀត។ ដល់ពេលកម្សត់អញ្ចឹង ទូរស័ព្ទចេះតែដោនឡូតយកទៅ។ ថ្ងៃមុន វ៉ៃចេញមក សុទ្ធតែរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ អីមក។ ដោនឡូត​យក​​ខ្ទេច។ កម្មវិធី Turbo វាយអក្សរដាក់សារ៉ាវ៉ាន់ ចេញមកទាំងអស់ … (អ្នក)មកហាត់ប្រាណជាមួយ អត់​ចេះដោនឡូត ក៏ដោនឡូតឲ្យទៅ …។

មានគេបន្តុះបង្អាប់ថា ដឹកនាំឲ្យប្រជាជនធ្វើជាខ្ញុំកញ្ជះគេ

ធ្វើការនៅក្រៅប្រទេស ក៏ជាផ្នែកមួយនៃការដែលយើងខិតខំដោះស្រាយការងារធ្វើឲ្យប្រជាជនរបស់​យើង។ ប៉ុន្តែ ខ្ញុំត្រូវគេបន្តុះបង្អាប់ថា បណ្តោយឲ្យជនជាតិកម្ពុជាទៅធ្វើខ្ញុំគេនៅក្រៅប្រទេស រហូតដល់គេប្រមាថថា ពេលដែលមកសួរសុខទុក្ខក្មួយៗនេះ គឺលោក ហ៊ុន សែន ដឹកនាំប្រទេសឲ្យប្រជាជនមកធ្វើកញ្ជះ​គេនៅ​តាម​រោងចក្រ។ ខ្ញុំដូចជាលែងយល់ហើយ ប៉ុន្តែ អាអ្នកដែលនិយាយហ្នឹង វាទៅធ្វើការឲ្យគេដែរ វាមិនមែន​ថៅ​កែ​ឯណា? នៅលើលោកនេះ អត់មានសេដ្ឋីទាំងអស់ទេ បើមិនធ្វើស្រែ ត្រូវធ្វើការឲ្យគេ នេះជារឿងពិត រឿង​ធម្មតា។ នៅទូទាំងពិភពលោក វាអត់មានអ្នកមានទាំងអស់គ្នាទេ មានអ្នកមាន និងអ្នកក្រ។ អញ្ចឹង អ្នក​មាន និងអ្នកក្រ ទៅផ្សារភ្ជាប់គ្នានៅកន្លែងមួយ។ អ្នកមាន មានលុយ ធ្វើរោងចក្រ ហើយទទួលយក​អ្នក​ដែលខ្វះខាតយកមកធ្វើការ ក្លាយទៅជាសម្ព័ន្ធភាពមួយរវាងម្ចាស់រោងចក្រអ្នកមានប្រាក់ ជាមួយនឹង​អ្នកខ្វះខាត ដើម្បីរួមគ្នាបង្កើតនូវប្រាក់ចំណូល។ ម្ខាងថៅកែក៏ទទួលបាននូវប្រាក់ចំណេញ ម្ខាងទៀតយើង​ក៏​បានទទួលបានប្រាក់(ចំណូល)។

កម្មករ/ការិនីយើងបានឆ្លងផុតបន្ទាត់នៃភាពក្រីក្រ

១៧០ ដុល្លារ បៀវត្សអប្បបរមា គិតទៅក្នុងមួយឆ្នាំ ក្មួយៗអាចទទួលបានរហូតទៅដល់ជិត ២ ពាន់​ដុល្លារ​ទៅហើយ បូកបន្ថែមនឹងអត្ថប្រយោជន៍ដទៃទៀត គឺក្មួយៗអាចទទូលបានលើសពីនេះ ក្នុងពេលដែល​អង្គ​ការ​សហប្រជាជាតិកំណត់ពេលនេះ ត្រឹមតែអ្នកដែលរកប្រាក់ចំណូលបាន ១,២៤ ដុល្លារ (ក្នុងមួយថ្ងៃ) ចាត់ទុកថា នៅលើបន្ទាត់នៃភាពក្រីក្រទៅហើយ។ ឯពេលមុន កំណត់តែ ១ ដុល្លារទេ។ ប៉ុន្តែ ពេលនេះ ក្មួយៗ​រកបានជាង ៦ ដុល្លារ ក្នុងមួយថ្ងៃ ដែលអាចចាត់ទុកថា ជាអ្នកដែលអាចឆ្លងផុត​បន្ទាត់នៃ​ភាព​ក្រីក្រ។ យើងកំពុងខិតខំធ្វើកិច្ចការងារនេះ ​ហើយជាផ្នែកមួយនៃប្រាក់ចំណូលរបស់ក្រុមគ្រួសារ។ ខ្ញុំ​និ​យាយ​មិន​ទាន់អស់ អម្បាញ់មិញនេះ ខ្ញុំដោនឡូតទៅរកចម្រៀង ហើយពេលមួយ ខ្ញុំទៅវាយរកចម្រៀង រំដួល​ដូរដី ទៅប៉ះកម្មករយើងម្នាក់ ដែលធ្វើការនៅកូរ៉េ។ គាត់ច្រៀងបទដែលគាត់និពន្ធខ្លួនឯង កូនកតញ្ញូ តែ​យកភ្លេងបទ រំដួលដូរដី។ គាត់ច្រៀងរៀបរាប់អំពី​ការដែលគាត់ធ្វើការនៅកូរ៉េ ដើម្បីយកប្រាក់មក​ឲ្យឪ​ពុក​ម្តាយ​ធ្វើផ្ទះយ៉ាងធំ។ នេះជាអ្វី? បើយើងគ្មានបង្កើតទំនាក់ទំនងជាមួយកូរ៉េខាងត្បូងទេ តើយើងបញ្ជូន​ពល​ករ​ទៅបានទេ? អត់បានទេ។ ប្រទេស​នានាដណ្តើមគ្នាបញ្ជូនពលករទៅកាន់កូរ៉េខាងត្បូង តាំងពីចិន វៀត​ណាម ថៃ ហ្វីលីពីន ឯយើង​បញ្ជូនបានជាង ៤ ម៉ឺននាក់។ ប្រទេសថៃ ដែលយកកម្មករពីយើងទៅ ក៏មាន​កម្មករទៅធ្វើការនៅកូរ៉េ នៅជប៉ុន នៅកោះតៃវ៉ាន់ នៅមជ្ឈឹមបូព៌ាច្រើនណាស់ មិនមែនមានតែខ្មែរទេ។ នេះជាផ្នែកមួយនៃការដោះស្រាយការងារធ្វើសម្រាប់ពលរដ្ឋរបស់យើង។

រួមដំណើរជាមួយគ្នា ថែរក្សាសន្តិភាព ការអភិវឌ្ឍ ការងារ និងប្រាក់ចំណូល មិនឲ្យជនណាមក​បំផ្លាញ​ឡើយ

ហើយសង្ឃឹមថា ក្មួយៗ ក៏ដូចជាឪពុកម្តាយ និងជីដូនជីតាក្មួយៗ នឹងរួមដំណើរជាមួយពូបន្តទៀត ក្នុងការ​ថែ​រក្សាសន្តិភាព ថែរក្សាការអភិវឌ្ឍ ដែលត្រូវធ្វើបន្ត ថែរក្សាការងារធ្វើ និងប្រាក់ចំណូលដែលក្មួយៗបាន និង​កំពុងមាន មិនអាចឲ្យនរណាមកបំផ្លាញទេ ដោយហេតុផលនៃអំពើទាំងឡាយ ដែលគេធ្វើដើម្បីបំ​ផ្លាញ​ជាតិ។ ពូបានប្រកាសម្តងហើយម្តងទៀតថា នឹងបន្តកាន់កាប់ដំណែងជានាយករដ្ឋមន្រ្តីរយៈ​ពេល​មិន​តិចជាង ១០ ឆ្នាំទៀតទេ។ ពូមិនសុខចិត្តឲ្យអ្នកណាមួយបំផ្លិចបំផ្លាញប្រទេសនេះ ដែលពូបានរួមចំ​ណែក​ជាមួយជីដូនជីតា ឪពុកម្តាយក្មួយៗ ក៏ដូចជាមេដឹកនាំរបស់គណបក្សប្រជាជនតាំងពីដើមទី ហើយ​បំ​ផ្លាញឲ្យវាខ្ទេចខ្ទាំទៅវិញទេ។ រោងចក្រ សហគ្រាស អ្វីៗដែលបានកើតឡើង វាស្ទើរតែក្លាយទៅជាកូន​បង្កើត​របស់ ហ៊ុន សែន ទៅហើយ វាផ្សារទៅជាមួយជីវិតរបស់ ហ៊ុន សែន តាំងពីដំណើររំដោះ​ប្រ​ទេស​ចេញពីរបប ប៉ុល ពត តាំងពីដំណើរការទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត តាំងពីដំណើរនៃការ​ចរចា​ស្វែងរកសន្តិភាព តាំងពីដំណើរនៃការបញ្ចប់សង្គ្រាមតាម​​រយៈនយោបាយឈ្នះឈ្នះ នាំមកនូវការ​ឯក​ភាព​ទឹកដី តាំងពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍គ្រប់វិស័យ និងអនុវិស័យ រោងចក្រ សហ​គ្រាស និងសកម្ម​ភាពទាំងឡាយ ស្ទើរតែក្លាយទៅជាកូនបង្កើត ដែលខ្ញុំបានធ្វើជាឆ្មបបង្កើតវាមក។ ព្រោះអ្នកដែលមានលទ្ធភាពអនុម័ត ដឹកនាំ សម្រេចលើកិច្ចការទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច អ្នកដែល​មាន​សិទ្ធិធំជាងគេ គឺនាយករដ្ឋមន្រ្តីហ្នឹងឯង។

ដូច្នេះ ការអភិវឌ្ឍដូចជា គោលនយោបាយផលិតស្បៀង និងការនាំចេញអង្ករ យើងធ្វើតាំងពីប្រជាជន ៥ លាន​នាក់ ខ្វះអង្ករស៊ី ឥឡូវប្រជាជនជាង ១៥ លាននាក់ សល់ស្រូវជាង ៥ លានតោន​។ វិស័យ​ឧស្សាហកម្ម តាំងពីអត់ ឥឡូវ​ យើងមានលទ្ធភាពដើម្បីនាំចេញរហូតទៅដល់ជាង ១២ ពាន់លាន​ដុល្លារ។ ទេសចរណ៍ តាំងពីអត់ទេសចរ ឥឡូវ យើងមានទេសចរ ៥ លាន ៥ សែននាក់ ឆ្នាំ ២០១៦ ហើយ ២០១៧ រំពឹងថានឹងមានការកើនឡើងថែមទៀត។ តាំងពីទីក្រុងអត់មនុស្សនៅ ឥឡូវទីក្រុងស្ទះ​ចរា​ចរណ៍។ អញ្ចឹងទេ ពូមិនសុខចិត្តឲ្យនរណាមួយមកបំផ្លាញនោះទេ។ ព្រោះវាមិនមែនគ្រាន់តែបំផ្លាញ ហ៊ុន សែន តែវាបំផ្លាញជាតិ បំផ្លាញប្រជាជន​ ហើយក្មួយៗជាអ្នកទទួលរងផលប៉ះពាល់មុនគេ។ សង្ឃឹមថា នឹង​ទទួលបាននូវការគាំទ្រពីសំណាក់ជីដូនជីតា ឪពុកម្តាយ និងពីសំណាក់ក្មួយៗបន្តទៀត ដើម្បីឲ្យពូ​មាន​លទ្ធភាពដឹកនាកសាងប្រទេសនេះជាបន្ត។

ការរាប់អានហាក់ដូចជាចេញពីទឹកចិត្តពិតៗ

ថ្ងៃនេះ ជាមួយនឹងការជួបជុំនៅទីនេះ មានទាំងអស់ ១៤.៦១៤ នាក់ មកពី ១០ រោងចក្រ ពូគ្មានអ្វីច្រើនទេ ហើយ​ក្មួយៗក៏​មិនចង់មកយកប្រាក់ពីពូត្រឹមតែម្នាក់ ២ ម៉ឺនរៀលនោះទេ សូមជូនម្នាក់ ២ ម៉ឺនរៀល​ជាការ​កំដរ​ដៃ​។ ប៉ុន្តែ ការរាប់អានរបស់ក្មួយៗចេញមកពីទឹកចិត្ត គេអាចមើលយល់។ ភាពសោះអង្គើយ និងភាព​ស្និទ្ធ​ស្នាលចាត់ទុកពូដូចជាឪពុក​ ឬជាឪពុកមា ឪពុកធំ ឬក៏ជាជីតា រឿងនេះអាចមើលយល់តាម​រយៈ​សកម្ម​ភាពដែលក្មួយៗបានប្រព្រឹត្ត។ ពូអរគុណ ជាមួយនឹងការស្រឡាញ់រាប់អាន ហើយចាត់ទុកពូដូច​ជា​ឪពុក ឪពុកមា ឪពុកធំ ឬជីតា តែជីតាដូចជាចាស់ពេក ត្រឹមឪពុកមា ឪពុកធំបានហើយ។ នោះហើយ​គឺ​ជា​ប្រភពនៃការលើកទឹកចិត្ត ដើម្បីឲ្យពូធ្វើដំណើរជាបន្តទៀតក្នុងផ្លូវដ៏វែងឆ្ងាយ ហើយនាំប្រទេសនេះឆ្លង​ពីប្រ​ទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅឆ្នាំ ២០៣០ ដែលពេលនោះប្រាក់ចំណូលរបស់ក្មួយៗក្នុងមួយខែៗ ឬក្នុងមួយឆ្នាំៗ មិនដូច​ថ្ងៃនេះ ហើយក៏មិនដូចឆ្នាំក្រោយដែរ ប្រាក់បៀវត្សត្រូវឡើងរាល់ឆ្នាំ។ ប្រាក់ចំណូលកាន់តែខ្ពស់ មុននេះ ប៉ុន្មាន​ឆ្នាំមុន សម្រាប់ប្រជាជនម្នាក់មានប្រាក់ចំណូលត្រឹមតែ ២៤៥ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ នៅក្នុង​រង្វង់ឆ្នាំ ២០០០ ប្លាយ។ ប៉ុន្តែ ឥឡូវនេះ ប្រាក់ចំណូលសម្រាប់ប្រជាជនម្នាក់របស់កម្ពុជា មាន​រហូត​ដល់ ១,៤០០ ដុល្លារសហរដ្ឋអាមេរិកជាងទៅហើយ។ យើងនឹងធ្វើ​ឲ្យប្រាក់ចំណូលរបស់ប្រជាពល​រដ្ឋ​របស់យើងកាន់តែខ្ពស់ទៅៗ ដែលក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

២ ម៉ឺនរៀល សម្រាប់ក្មួយៗវាតិចតួចណាស់ ប៉ុន្តែ(នេះជាការរំលឹកការដែល)​ក្មួយៗបានមកជួបពូនៅថ្ងៃ​នេះ។ ថ្ងៃនេះ ប្រហែលជាមិនមាន​ភ្លៀងធ្លាក់ទេ បើភ្លៀងក៏ភ្លៀងល្ងាច។ ថ្ងៃនេះមកទិសខាងហ្នឹងដែរ​តែវា​មិន​ភ្លៀង។ យើងចង់សាកល្បងមើល ទៅខាងលិចភ្លៀងរហូត។ ថ្ងៃនេះ អត់អីទេ តែរាងហប់បន្តិច។ ក្មួយៗ​ថា ដៃពូត្រជាក់ តែតាមពិតក្តៅទេ​ ត្រជាក់ដោយសារញើសទេ។ សម្រាប់ក្មួយៗជាស្រ្តីមានផ្ទៃពោះ ៤១៩ នាក់ ពូនឹងប្រគល់ដោយផ្ទាល់ដៃនូវស្រោមសំបុត្រមួយ ដោយពូមិនបញ្ជាក់ថាប៉ុន្មានទេ គ្រាន់តែសូមថាក្មួយៗ​ដែល​មាន​កូនភ្លោះ ពេលពូទៅដល់ប្រាប់ថា ខ្ញុំ(បាន)កូនភ្លោះតែប៉ុណ្ណឹងទេ។ អរគុណណាស់សម្រាប់​ការ​ជួប​ជុំគ្នានៅព្រឹកនេះ ហើយខ្ញុំក៏និយាយច្រើនហើយដែរ។ ១ ម៉ោងកន្លះល្មមនឹងឈប់ហើយ បំពង់ក​ល្ងាច​ហ្នឹងរលាកទៀតហើយៗ ស្អែកត្រូវធ្វើដំណើរ(ទៅថៃ)។ ព្រឹកមិញ ឃើញឯកសាររបស់ឯកឧត្តម អ៊ិត សំហេង ដាក់នៅលើតុ ត្រឡប់ទៅវិញទើបបានពិនិត្យមើលចុះហត្ថលេខា ទាក់ទងជាមួយនឹងបេឡាជាតិ​សន្តិ​សុខសង្គម (ប.ស.ស)។ ប៉ុន្តែ លឺថាក្មួយៗជុំគ្នាហើយ អញ្ចឹងក៏ចេញមក។ ចាំត្រឡប់ទៅវិញ។ តែ​ទៅ​វិញ អត់ទាន់បានឡើងទៅរកផ្ទះទេ (ទៅ)ស៊ីញ៉េសិន ដើម្បីល្ងាចសម្រាកឲ្យបានគួរសមបន្តិច។ ល្ងាច(ទៅ)​មុខ​តែគេដាក់មួយគំនរមកទៀតហើយ។ ការងារវាមាន​តែប៉ុណ្ណឹង ជួនកាលវាគ្មានទាំងពេលហាត់ប្រាណ​ផង។

ហើយចុងបញ្ចប់ សូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗជាកម្មករ/ការិនី និ​យាយជារួម និងនិយាយដោយឡែកចំពោះក្មួយៗដែលជាកម្មការិនីមានផ្ទៃពោះ សូមឲ្យក្មួយៗឆ្លងទន្លេ​ដោយ​សុវត្ថិភាព និងទទួលបានកូនប្រុស/ស្រីដែលគួរឲ្យស្រឡាញ់ និងជូនពរទាំងអស់គ្នា ជួបប្រទះនឹង​ពុទ្ធ​ពរ និងពរ ៥ ប្រការ៕

ចែករំលែក