សម្រង់ប្រសាសន៍​​​សម្តេច​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS)

39

CNV: 

សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា!

វឌ្ឍនភាពនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ជាមួយនឹងសាកល​វិទ្យាល័យ​ឯក​ទេស នៃកម្ពុជា ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់និស្សិត ចំនួន ៥.៨០៨ ហើយដែលចាត់ទុកថា ជាចំនួនមួយ​ដ៏​ច្រើន ដែលប្រមូលផ្ដុំមកពីរាជធានីភ្នំពេញ និងសាខានៅតាមខេត្តផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ យល់ឃើញថា នេះ​គឺជាផ្នែកដ៏សំខាន់មួយ ដែលប្រទេសជាតិរបស់យើងទទួលបាន នៅក្នុងការបណ្ដុះបណ្ដាលធនធាន​មនុស្ស តាមរយៈនៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា។ ឯកឧត្តម ស្តើង សុខុម សាកលវិទ្យាធិការ​បាន​ធ្វើ​របាយ​ការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងវឌ្ឍនភាព នៃដំណើរការ នៃសាកលវិទ្យាល័យ ដែលនោះ​ចាត់​ទុក​ថា ជានិរន្តរភាព និងការវិវឌ្ឍរីកចម្រើន រីកធំធាត់ នៃសាកលវិទ្យាល័យ ចាប់តាំងពីពេលចាប់​កំណើត​រហូត​មកដល់ពេលនេះ។

អត្រាសិស្សមានការធ្វើខ្ពស់ បង្ហាញពីគុណភាព នៃការសិក្សា

អនុញ្ញាតអោយ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីសំដែងជូននូវការកោតសរសើរ ចំពោះជោគជ័យរបស់​ក្រុម​ប្រឹក្សា​ភិបាល របស់គណៈគ្រប់គ្រងរបស់សាស្រ្តាចារ្យ ដែលបានខិតខំជាមួយនឹងការបង្ហាត់បង្ហាញ ចំពោះនិស្សិត ដែលបានធ្វើការសិក្សានៅទីនេះ រាប់ទាំងថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ​ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះ ក៏បាន និងកំពុងបំពេញការងារនៅ​តាមស្ថាប័ន​នា​នា​ផងដែរ ដែលក្នុងនោះ មាន ៨៩% នៃអ្នកដែលមានការងារធ្វើ។ តាមរយៈរបាយការណ៍របស់ឯកឧត្តម ស្ដើង សុខុម បញ្ជាក់ថា បរិញ្ញាបត្ររងមាន ៨០,៧៧% បរិញ្ញាបត្រមាន ​៨៨,៣៤% បរិញ្ញាបត្រ​ជាន់​​ខ្ពស់​មាន ៩៩,១៣% និងថ្នាក់បណ្ឌិតមានចំនួន ១០០%។ នេះគឺជាជោគជ័យមួយ បង្ហាញពីសក្ដានុពល បង្ហាញ​ពី​គុណភាពនៃការសិក្សា នៃសាកលវិទ្យាល័យ ហើយដែលធនធានមនុស្សទាំងនោះ ត្រូវបានទទួល​ដោយ​ស្ថា​ប័នរបស់រដ្ឋ និងវិស័យឯកជន។

ការសិក្សា គឺគ្មានដែនកំណត់ និងមិនអាចបញ្ចូលតាមឈាមបាន

ខ្ញុំព្រះករុណាខ្ញុំ ក៏សង្ឃឹមថា សាកលវិទ្យាល័យនេះ ទាំងទីតាំងនៅភ្នំពេញ និងទីតាំងនៅតាមបណ្ដាខេត្ត នឹង​បន្តការខិតខំលើកកម្ពស់គុណភាពបន្តទៅទៀត។ ក្នុងពេលជាមួយគ្នា​ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ សំ​ដែងនូវការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ ដែលបានទទួលការបញ្ចប់ការសិក្សា ហើយមានមួយ​ចំនួន​បាន​ និងកំពុងធ្វើការងារ។ ថ្ងៃនេះ ក៏បានមកចូលរួម ដើម្បីទទួលសញ្ញាបត្រជាមួយនឹងគ្នា មានរហូតទៅដល់​ជិត ៦.០០០ នាក់ ដែលជាចំនួនមួយដ៏ច្រើន។ សង្ឃឹមថា និស្សិតរបស់យើងដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ ក៏នឹងបន្តការខិតខំ ដើម្បីបន្តអភិវឌ្ឍខ្លួនឯង តាមរយៈនៃការសិក្សាបន្ថែមទៅថ្នាក់កាន់តែខ្ពស់ ឬក៏ស្វ័យសិក្សា។ ក្នុងមួយជីវិតមនុស្ស គ្មានអ្នកណាដែលអាចថា រៀនចប់ ឬចេះទាំងអស់នោះទេ។

វិទ្យាសាស្រ្ត បច្ចេកទេស ឬសភាពការណ៍ វាវិវឌ្ឍលឿនណាស់ តម្រូវអោយមនុស្សម្នាក់ៗ​ត្រូវខិតខំ​ដោយ​ខ្លួន​ឯង។ គ្មានការចេះដឹងណាមួយ ដែលអាចចម្លងពីមនុស្សម្នាក់ទៅដាក់មនុស្សម្នាក់ តាមរយៈដូចជាការ​ផ្ដល់​ឈាមពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបាននោះទេ។ ខុសគ្នាជាមួយនឹងការផ្ដល់ឈាម សម្រាប់​សង្រ្គោះ​​ជីវិតមនុស្ស ដែលគេអាចផ្ដល់ឈាមដែលមានគ្រុបដូចគ្នាពីមនុស្សម្នាក់ ទៅសង្រ្គោះមនុស្សម្នាក់។ ក៏ប៉ុន្តែ សម្រាប់ការចេះដឹងរបស់មនុស្ស គឺមិនអាចធ្វើដូច្នោះបានទេ មិនអាចចាក់ម្ជុលមួយ ហើយទៅចម្លង​អោយ​ម្ជុលមួយទៀតបានទេ ក្រៅតែពីការខិតខំផ្ទាល់ខ្លួន ហើយតាមរយៈគួបផ្សំនឹងការបណ្ដុះបណ្ដាល​ដោយ​សាស្រ្តាចារ្យ។ នេះគឺជារឿងដែលយើងត្រូវធ្វើបន្ត ធ្វើមិនចេះចប់ មិនចេះហើយ ធ្វើរហូតដល់​ពេល​ដែល​យើងបញ្ចប់ជីវិតរបស់យើង។

បដិវត្តឧស្សាហកម្មទី ៤ (គ្រឿងយន្ត) ធ្វើអោយមនុស្សបាត់បង់ការងារធ្វើ

ម្យ៉ាងទៀត សភាពការណ៍នៅលើពិភពលោក​ វាវិវឌ្ឍលឿនណាស់ សូម្បីតែបញ្ហាកង្វល់មួយចំនួនដែល​ត្រូវ​​បាន​លើកឡើងពាក់ព័ន្ធជាមួយនឹងឧស្សាហកម្មទី ៤ ដែលវេទិកាសេដ្ឋកិច្ចពិភពលោកតែងតែបានលើក​អំពី​បញ្ហានេះ រាប់ទាំងវេទិកាសេដ្ឋកិច្ចពិភពលោក អំពីអាស៊ាន ធ្វើនៅទីក្រុងភ្នំពេញ កាលពីខែ ឧសភា កន្លងទៅ គេក៏​នៅតែបន្តចំណាប់អារម្មណ៍ ស្ដីអំពីបញ្ហាបដិវត្តឧស្សាហកម្មទី ៤ ដែលនោះ វាអាចប្រើប្រាស់គ្រឿង​យន្ត​ជំ​នួស​ មនុស្ស។ វាជាដំណើរជឿនលឿន នៃបច្ចេកទេសហើយ ក៏ប៉ុន្តែ អ្វីដែលវាបានបាត់ទៅវិញ (គឺ)ការងារធ្វើរបស់​ប្រ​ជា​ជន។ ជាចំណុចដែលមានការកង្វល់ច្រើនបំផុត សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសប្រទេសក្រីក្រ​ដែល​មាន​ពលកម្មវ័យក្មេងច្រើន ដែលតម្រូវការអោយមានការងារធ្វើ ប៉ុន្តែ បែរជាជំនួសទៅដោយគ្រឿងយន្តកសិកម្ម ដែល​ហៅថា គ្រឿងយន្តដែលប្រើប្រាស់មនុស្សយន្ត ឬក៏ប្រដាប់យន្តជំនួសមនុស្ស ដែលនោះនឹងធ្វើអោយ​មនុស្ស​បាត់​បង់​ការងារធ្វើ។

គោលដៅប្រកបដោយមហិច្ឆតា

សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ននេះ បាន និងកំពុងងើបឡើងយឺតៗ ហើយមិនទាន់ប្រាកដប្រជាថា វានឹងជួបប្រទះ​នូវ​បញ្ហា​អ្វីបន្ថែមទៀតនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ពេលដែលសេដ្ឋកិច្ចពិភពលោក ឬសេដ្ឋកិច្ចតំបន់​មាន​ការ​ជួបប្រទះនូវឧបសគ្គ កាលានុវត្តភាពវាក៏បានចាប់ផ្ដើមជាមួយនឹងប្រទេសនានា រាប់ទាំងកម្ពុជាផង​ដែរ​។​កម្ពុជា​បច្ចុប្បន្ន ដែលកាលពីមុននេះ ត្រូវបានគេមើលឃើញថា ជាទីតាំងនៃការប្រយុទ្ធគ្នា ជាទីតាំងនៃវាលពិឃាដ​ជាទី​តាំង​នៃសមរភូមិវាយប្រហារគ្នា។ ប៉ុន្តែឥឡូវ គឺជាកម្ពុជាមួយដែលមានសុខសន្ដិភាព និងមានការអភិវឌ្ឍ។​ប្រ​ទេសកម្ពុជាមួយ ដែលញាំញីដោយភាពក្រីក្រ ១០០%។ យើងបន្តការខិតខំ ដើម្បីទម្លាក់អត្រា​នៃភាពក្រីក្រ​អោយ​មកនៅត្រឹមប្រមាណ ១៣%។ កម្ពុជាដែលមុននេះ គឺជាប្រទេសដែលមានប្រាក់ចំណូលទាប ប៉ុន្តែ​ឥឡូវនេះ កម្ពុជាក៏បានមកកាន់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ យើងមានមហិច្ឆតា​សម្រេច​អោយបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ គោលដៅប្រកប​ដោយ​មហិច្ឆ​តា រាប់ទាំងគោលដៅដាក់ចេញជាផែនទីចង្អុលផ្លូវ សម្រាប់ការលូតលាស់របស់ប្រទេស​របស់យើងនៅ​ក្នុង​ឆ្នាំ ២០៥០ នឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍។ នេះគឺជាគោលដៅប្រកបដោយមហិច្ឆតា។

ដើម្បីជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តម្រូវមានធនធានមនុស្សគ្រប់គ្រាន់

ដោយសារការខិតខំរបស់យើងទាំងអស់គ្នា ក្នុងនោះមានការបណ្ដុះបណ្ដាលធនធានមនុស្ស ​សម្រាប់​អភិ​វឌ្ឍឈានឆ្ពោះទៅរកប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអភិវឌ្ឍន៍គឺតម្រូវ​អោយ​​មានធនធានមនុស្សគ្រប់គ្រាន់ និងបម្រើនៅគ្រប់វិស័យ និងអនុវិស័យទាំងអស់ទើបអាចក្លាយទៅជា​ប្រ​ទេស​​​​ដែលមានការអភិវឌ្ឍបែបនេះ។ ខ្ញុំជឿជាក់ថា យើងមានលទ្ធភាពដែលអាចធ្វើទៅបានតាមរយៈការ​ខិតខំ​ របស់​យើងទាំងអស់គ្នា។ មកដល់ពេលនេះ យើងគ្រាន់តែលើកអំពីវិស័យអប់រំមួយទៅចុះ នៅក្នុង​ចំណោម​វិស័យ​ដទៃទៀត ទូទាំងវិស័យ និងអនុវិស័យ ដែលគ្របដណ្ដប់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

យើង​ពិនិត្យ​អំពីបញ្ហាវិស័យអប់រំដែលក្នុងប៉ុន្មានថ្ងៃមុននេះ កាលពីថ្ងៃទី ០៥ ខែ តុលា យើងបានរួមគ្នា ដើម្បី​ប្រារព្ធ​ទិវាគុណគ្រូ​នេះឡើង យើងបានពិនិត្យអំពីសមិទ្ធផលទាំងឡាយក្នុងរយៈពេលកន្លងទៅ ដែលកា​រចាប់​ផ្ដើមនៅ​ឆ្នាំ ១៩៧៩។ ពេលនោះយើងប្រើប្រាស់នូវ​របៀប ដែលហៅថា “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នក​​ចេះ​តិច​បង្រៀន​អ្នកមិនចេះ” ប៉ុន្តែមកដល់ដំណាក់កាលបច្ចុប្បន្ននេះ គ្រូសម្រាប់មតេ្ដយ្យសិក្សា សម្រាប់​បឋម​សិក្សា គឺមានថ្នាក់ ១២ បូក ២ និងសម្រាប់វិទ្យាល័យមានកម្រិតបរិញ្ញាបូកមួយ ហើយយើងកំពុងឈាន​ឆ្ពោះទៅ​អនុ​វត្តនៃនិយាម សម្រាប់​ការបណ្ដុះបណ្ដាលគ្រូនៅតាមគរុកោសល្យខេត្តភូមិភាគកម្រិត ១២ បូក ៤ ដែលវា​ស្មើនឹង​បរិញ្ញា ដើម្បីអោយប្រព័ន្ធអប់រំ​របស់​យើង​កាន់តែខ្លាំងឡើង។

យុទ្ធសាស្រ្ដ​​អាទិភាព ៤ ត្រូវ ៣០ ឆ្នាំ រួចមកហើយ វានឹងត្រូវ ៣០ ឆ្នាំ បន្តទៀត

ស្ថានភាពបែបនេះ គឺជាស្ថានភាពដែលវាបានផ្លាស់ប្ដូរទាំងស្រុង ពីកម្ពុជានៃ​សម័យអន់ថយ នៃសម័យដែល​យើង​កំពុងជួបប្រទះក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយដែល​ពេលនោះនៅសល់បញ្ញវន្ត​តិចតួច​ណាស់ អ្នក​ចេះដឹងតិចតួចណាស់ ដែលបានធ្វើការនៅស្ថាប័នរដ្ឋនៅ​ពេលនោះ ប៉ុន្តែ ការប្រឹងប្រែងរបស់យើង​តាម​រយៈ​ភាព​​ត្រឹមត្រូវ នៃគោលនយោបាយក្នុងការអភិវឌ្ឍ ដែលផ្ដល់ការ​យកចិត្តទុកដាក់ទៅលើបញ្ហា “ទឹក ផ្លូវ ភ្លើង មនុស្ស” ហើយឥឡូវនេះ យើងកំពុងស្ថិតនៅក្នុងដំណាល់កាល នៃការ​អនុវត្តនូវយុទ្ធសាស្រ្ដ​ចតុកោណ​ ទាក់ទង​ជាមួយនឹង​អា​ទិ​ភាពដែលត្រូវផ្ដល់នូវការវិនិយោគគឺ “មនុស្ស ទឹក ផ្លូវ និងភ្លើង”។

ការខិតខំ​របស់​យើង នៃការវិនិយោគទៅលើវិស័យអាទិភាពទាំង ៤ នេះ ត្រូវក្នុងរយៈពេល ៣០ ឆ្នាំមកហើយ ខ្ញុំអាចនិយាយ​បាន​ថា ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃការប្រកាសចេញ នៃគោលនយោបាយ​អាទិភាពទាំង ៤ សម្រប់​ការ​អភិវឌ្ឍប្រទេសកម្ពុជា ទោះបីពេលនោះមិនទាន់ចប់សង្រ្គាមនៅឡើយ ហើយជា​ឆ្នាំដែល​ទើប​នឹង​​ចាប់​ផ្ដើមនូ​វ​ការចរចាស្វែងរកសន្ដិភាព សម្រាប់កិច្ចព្រមព្រៀង ២៣ តុលា ដែលនឹងឈានមកដល់​នៅពេល​ខាង​​មុខ ប៉ុន្តែ កម្ពុជាពេលនោះ ខ្លួនខ្ញុំផ្ទាល់ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្ដី ហើយប្រធានក្រុមប្រឹក្សារដ្ឋមន្រ្ដីនោះ គឺជា​នាយករដ្ឋមន្រ្ដីនេះឯង បានប្រកាសដាក់ចេញថា អំពីអាទិភាពដែល​ត្រូវវិនិយោគពេលនោះ យើងប្រើពាក្យ ៤ ម៉ាត់ គឺ “ទឹក ផ្លូវ ភ្លើង មនុស្ស” ហើយ ៣០ ឆ្នាំរួចមកហើយដែលត្រូវ។ ​ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា ៣០ ឆ្នាំទៀត ក៏វា​​នៅ​តែត្រូវដែរ។

សាកល្បងបំភ្លេចចោល និងមើលរំលងបញ្ហាទាំងបួននេះលមើល។ មិនចាំបាច់​ធ្វើអ្វី​ទេ ​​គឺវាគ្រប់គ្រាន់ ដើម្បីបំផ្លាញ​ចោល​នូវសមិទ្ធផល​ដែលយើងបាន និងកំពុងមាន។ ឧទាហរណ៍៖ គ្រាន់តែ​រឿង​បញ្ហាផ្លូវមួយចុះ បើខ្វះការយកចិត្ត​ទុក​ដាក់ទៅលើការសាងសង់បន្ថែមរឿងមួយ។ ប៉ុន្តែ រឿងទាក់ទងជាមួយនឹង​បញ្ហាការមិនជួសជុល ឬប្រើប្រាស់មិន​បាន​​ត្រឹមត្រូវ វាក៏នឹងបង្កើតនូវឧបសគ្គភ្លាម សម្រាប់វិស័យសេដ្ឋកិច្ច សម្រាប់វិស័យសង្គម ​ក្នុងនោះប្រជា​ពលរដ្ឋ​​នឹងជួបការលំបាកភ្លាមទៅលើការធ្វើដំណើរ។

ក្នុងន័យនេះ ខ្ញុំសុំបញ្ជាក់ឡើងវិញ ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ឡើងវិញ កាលពីថ្ងៃទី ០៥ កន្លងទៅនេះ ខ្ញុំ​​ព្រះករុណាខ្ញុំ ​បានប្រកាសរួចហើយ យើងនៅសល់ផ្លូវ និងស្ពានមួយខ្សែ ដែលការវិនិយោគត្រូវធ្វើ​ក្នុងរយៈ​ពេល ៤០ ឆ្នាំ សម្រាប់ស្ពានព្រែកព្នៅ និងផ្លូវ ដែលផ្លូវ និងស្ពាននោះ គឺប្រើប្រាស់ទំហំផ្ទៃដី បើគិតតែផ្លូ​វសុទ្ធ គឺ​មានរហូតទៅដល់ជាង ៤០ ហិកតា។ ហ្នឹងគិតតែផ្លូវដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦A មកដល់​ស្ពាន​ឆ្លងកាត់ពីផ្លូវជាតិភ្ជាប់ផ្លូវជាតិលេខ ៦ មកផ្លូវជាតិលេខ ៥​។ ក្រុមហ៊ុនទើបនឹងអនុវត្តបានរយៈពេល ៧ ឆ្នាំ នៅ​សល់ ៣៣ ឆ្នាំទៀត ប៉ុន្តែ ដោយឃើញថា ប្រជាពលរដ្ឋ​របស់​យើង​ជួបការលំបាកក្នុងការធ្វើដំណើរ ហើយ​​យើង​ចង់បំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ យើងក៏​បាន​ទិញយកស្ពាននេះត្រឡប់មកវិញ ហើយចាប់តាំងពីម៉ោង ០០ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ នេះតទៅ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅនឹងមិនចាំបាច់បង់ថ្លៃទៀតទេ។

រដ្ឋត្រូ​វ​ចំណាយថវិការាប់សិបលានដុល្លារ ដើម្បីទិញយកនូវផ្លូវ និងស្ពាននេះ ដើម្បីបម្រើអោយសេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ។ យើងគ្រាន់តែឃើញថា ការទ្រុឌទ្រោមស្ពានជ្រោយចង្វារ១ ​ដែលហៅថា ស្ពានមិត្តភាព​កម្ពុជា​/ជ​ប៉ុន វាបានធ្វើអោយមានការកកស្ទះរួចស្រេចទៅហើយ ដូច្នេះ គ្រាន់តែមើលរំលង​លើហេដ្ឋារចនាសម្ព័ន្ធទាក់ទង​នឹង​ការ​ដឹកជញ្ជូន គឺទាក់ទងនឹងផ្លូវថ្នល់នេះឯង គឺវាបង្កើតជាឧបសគ្គភ្លាម សម្រាប់​ការអភិវឌ្ឍ​និយាយជារួម។ កង្វះ​នូវការយកចិត្តទុកដាក់លើការអភិវឌ្ឍបន្ថែមលើបញ្ហាអគ្គិសនី ការផ្គត់ផ្គងអគ្គិសនី និងស្ថេរភាព នៃការផ្គត់​ផ្គង់​ព្រម​ទាំងតម្លៃ វាក៏បង្កើតបាននូវឧបសគ្គភ្លាមដែរ ហើយម៉្យាងដូចជាធនធានមនុស្ស បើសិនជាយើងថា​ឥឡូវ​ចាប់ផ្ដើមរឹតត្បិត ហើយកំណត់ដូចប្រទេសខ្លះថា មួយឆ្នាំប្រទេសខ្លះកំណត់​អោយមួយឆ្នាំថា ចេញបរិញ្ញាបត្រតែ​ប៉ុន្មាន​នាក់ទេ កំណត់អោយមួយឆ្នាំចេញថ្នាក់បណ្ឌិតអោយតែប៉ុន្មាននាក់ទេ។ បើកំណត់បែបនេះ តើស្ថាន​ភាព​នៅប្រទេសរបស់យើងយ៉ាងម៉េច?

ឧទាហរណ៍៖ រដ្ឋចាប់ផ្ដើមរឹតបន្តឹង​ដោយមិន​អនុញ្ញាត​អោយវិស័យឯកជនចូលរួម ក្នុងការវិនិយោគទៅលើការ​បណ្ដុះបណ្ដាលធនធានមនុស្ស តើវានឹងមានអ្វី​កើតឡើង? ចំណុចនេះហើយ បានជាខ្ញុំហ៊ានអះអាងថា ឆ្នាំនេះ​គឺជាខួបលើកទី ៣០ នៃការដាក់ចេញនូវ​យុទ្ធសាស្រ្ដ​​អាទិភាព ៤ យ៉ាង សម្រាប់ការវិនិយោគ “ទឹក ផ្លូវ ភ្លើង មនុស្ស” ត្រូវ ៣០ ឆ្នាំរួចមកហើយ តែខ្ញុំព្រះករុណាខ្ញុំ ព្យាករថា វានឹងត្រូវ ៣០ ឆ្នាំបន្តទៀត ព្រោះមិន​អាច​មើល​រំលងទៅលើស្ថានភាពបញ្ហាទាំង ៤ នេះបានទេ ព្រោះវាជាមូលដ្ឋានទ្រទ្រង់ នៃកំណើន សម្រាប់ជម្រុញ​អោយ​ការ​លូតលាស់របស់ប្រទេស។ ការមើលស្រាលលើបញ្ហាទឹក គឺមិនអាចដោះស្រាយបាន ត្រឹមតែបញ្ហាកសិកម្ម ការ​ដាំដុះរបស់ប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែ សូម្បីតែទឹកស្អាតសម្រាប់បម្រើអោយសេចក្តីត្រូវការ នៃការប្រើប្រាស់​របស់​ប្រជាជន ក៏មិនអាចដោះស្រាយបានផងដែរ។

កុំសន្យាជ្រុល អនុវត្តជ្រុល ដល់ពេលធ្វើ ធ្វើមិនកើត

ដូច្នេះ ក្នុងការគ្រប់គ្រងរដ្ឋ បក្សនយោបាយដែលគ្រប់គ្រងរដ្ឋ ដឹកនាំប្រទេស ទាមទារនូវចក្ខុវិស័យវែងឆ្ងាយ មិនមែនកញ្ឆក់កណ្តៀតទៅតាមដំណាក់កាល នៃយុទ្ធនាការឃោសនាបោះឆ្នោតម្តងម្កាលទេ ក៏ប៉ុន្តែ​ទាម​ទារ​ធ្វើ​អោយ​ត្រូវ។ ប្រទេសខ្លះ អ្នកនយោបាយអនុវត្តជ្រុល សន្យាជ្រុល ទីចុងបំផុត ឥឡូវដល់ពេលឡើង​គ្រប់​គ្រង​អំ​ណាច គឺបានសេចក្តីថា ធ្វើមិនកើត។ ប្រទេសខ្លះសន្យាថា នឹងបញ្ឈប់ការរើសអើងចំពោះជនជាតិភាគតិច ប៉ុន្តែឥឡូវនេះ គឺប្រទេសនោះ កំពុងតែញាំញីទៅដោយជម្លោះលើបញ្ហាជនជាតិភាគតិច។ បទឈប់បាញ់​ដែល​បានកើតមានរយៈកន្លងទៅ ក៏ត្រូវបានបាញ់គ្នាឡើងវិញ។ នៅអឺរ៉ុប ប្រទេសក្រិច ដើម្បីតែការឈ្នះឆ្នោត Alexis Tsipras បានសន្យាថា បើសិនជាខ្លួនឈ្នះ ខ្លួននឹងបញ្ឈប់ការយកពន្ធទាំងអស់។ ពេលហ្នឹង​យើង​​កំ​​ពុងនៅដាវ៉ូស ហើយគាត់នឹងចាកចេញ គាត់ថាលែងស្តាប់ពួកអឺរ៉ុប។ គាត់នឹងដកខ្លួនចេញ ហើយគាត់​បន្ថយ​ពន្ធ។ មានអី(ដល់តែឈ្នះ) គាត់យកពន្ធឡើងខ្ទេច កាត់ប្រាក់ខែហើយតម្លើងពន្ធទៀត ហើយបញ្ឈប់​ការ​ងារ។ បញ្ឈប់ទូរទស្សន៍ជាតិមុនគេ។

មោទនភាពដែលបានរួមសុខរួមទុក្ខ និងកសាងប្រទេសជាមួយគ្នា

អាហ្នឹងជាចំណុចដែលគោលនយោបាយដឹកនាំរដ្ឋ មិនមែនគ្រាន់តែបញ្ហាធ្វើដើម្បីឃោសនា ហើយយកសន្លឹក​ឆ្នោត​នោះទេ ក៏ប៉ុន្តែ ទាមទារអោយគិតគូរហ្មត់ចត់ តាំងពីចំណុចថវិកាទ្រទ្រង់បាន ឬក៏មិនបាន។ ខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពណាស់ ដែលបានរួមចំណែកជាមួយនឹងព្រះតេជព្រះគុណ ជាមួយនឹងប្រជាពលរដ្ឋ រួមសុខរួមទុក្ខ។ ខ្ញុំព្រះករុណាខ្ញុំ មិនមែនត្រឹមតែរួមសុខទេ រួមទុក្ខជាមួយគ្នា។ ពាក្យរួមសុខរួមទុក្ខ មានពីរពាក្យជាប់គ្នា អ្នកខ្លះ​រួម​តែ​សុខទេ តែទុក្ខមិនបានរួមទេ។ ទទួលខុសត្រូវហ្នឹងក៏អញ្ចឹងដែរ ទទួលខុសត្រូវ ប៉ុន្តែ អ្នកខ្លះទទួលបាន​ត្រឹមតែ​ត្រូវទេ ខុសអត់ទទួលទេ។ យើងបានរួមសុខរួមទុក្ខជាមួយគ្នា កសាងប្រទេសតាំងពីគំនរផេះផង់ ដែល​ក្មួយៗ​​ ប្អូនៗ ​ជា​និស្សិត ដែលបានទទួលសញ្ញាបត្រថ្ងៃនេះ ព្រះតេជព្រះគុណក៏អាចយល់បានដែរ បានបួស​បាន​រៀន ក៏មិនមែន​ងាយ​ស្រួលទេ។ និយាយរួម ផ្នែកសាសនាស្អីក៏ងាប់អស់ក្នុងជំនាន់ ប៉ុល ពត ដែរ ប៉ុន្តែ ឥឡូវ លទ្ធភាពសូម្បី​តែ​ព្រះសង្ឃ ក៏បញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សាច្រើនណាស់ ទាំងថ្នាក់បរិញ្ញាបត្ររង បរិញ្ញា​បត្រ បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ដែលនេះជាចំណុចល្អ ដែល​យើងត្រូវ​រួមគ្នា​រក្សា​​នូវសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍជាបន្តទៀត។

អាហារូបករណ៍ ១.១៩៩ កន្លែង ដែលសាកលវិទ្យាល័យបានផ្តល់ជូននាពេលកន្លងមក

ខ្ញុំសូមកោតសរសើរជាមួយនឹងការរីកលូតលាស់ នៃសាកលវិទ្យាល័យឯកទេស (នៃកម្ពុជា) ក៏ដូចជា សូមស្វាគមន៍ និងសូមកោតសរសើរ ថ្លែងនូវការកោតសរសើរ ចំពោះជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សង្ឃឹម​ថា ទាំងសាកលវិទ្យាល័យ ក៏ដូចជា និស្សិតទាំងអស់នៅទីនេះ ក៏ដូចជា និស្សិតដែលកំពុងរៀនបន្ត គឺនឹង​បន្ត​ការខិតខំតទៅទៀត។ យោងទៅលើរបាយការណ៍បានអោយដឹងថា ៣១.៨២៦ នាក់ បានបញ្ចប់ការសិក្សា តាំងពីឆ្នាំ ២០០៣ រហូតមកដល់ពេលនេះ រាប់មកដល់ថ្ងៃនេះផង គឺរាប់ដល់ ៣១.៨២៦ នាក់។ ឯ​និស្សិត​ដែលកំពុងសិក្សានៅទីនេះ មានចំនួន ១០.០៣៧ នាក់។ ជាចំនួនមួយដ៏ច្រើន។ ក្នុងហ្នឹង ខ្ញុំក៏​សូម​អរ​គុណ ជាមួយនឹងការផ្តល់អោយខ្ញុំនូវអាហារូបករណ៍ ដែលរហូតមកដល់ពេលនេះ មានចំនួន ១.១៩៩ កន្លែង សម្រាប់​ផ្តល់បន្តទៅចំពោះនិស្សិតដែលមានការលំបាក។ ថ្ងៃនេះ ពិតជាមាននិស្សិតដែលមានទទួល​អាហា​រូប​ករណ៍របស់ខ្ញុំ ហើយពីសាកលវិទ្យាល័យនេះ មកទទួលនូវសញ្ញាបត្រនៅថ្ងៃនេះផងដែរ។

នៅលើពិពភលោក ប្រទេសណាក៏មានបញ្ហាលំបាកដែរ

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយខ្លាំងណាស់ ជាមួយនឹងអ្វីដែលវាបានកើតឡើងនៅព្រះរាជាណា​ចក្រកម្ពុជា​របស់​យើង នៅក្នុងសម័យទំនើបនេះ។ ពិតមែនតែវានៅសេសសល់នូវការលំបាកនានា ដែលយើងបន្តដោះស្រាយ គ្មានប្រទេសណាមួយដែលមិនពិបាកទេ។ គ្រប់ប្រទេសទាំងអស់លើលោក គ្មានប្រទេសណាមួយដែលមិន​ប្រ​ឈម​នឹងការលំបាកទេ ប្រទេសដែលមាន ដូចជា អារ៉ាប៊ីសាអូឌីត គង់នៅមានបញ្ហាភេរវកម្ម គង់នៅមានការ​បាញ់​ប្រហារ​នៅទីក្រុងរីយ៉ា។ ឥឡូវរឿងរ៉ាវលើពិភពលោកនេះ វាបានកើតឡើងច្រើនណាស់។ ប៉ុន្មានថ្ងៃនេះ យើងកំ​ពុងពិនិត្យមើលសភាពការណ៍នៅតំបន់ដទៃ ជាមួយនឹងសភាពការណ៍នៅតំបន់របស់យើង ទាក់ទងជាមួយ​នឹង​បញ្ហា​កោះម៉ារ៉ាវី ដែលយប់ម្សិលម្ង៉ៃនេះ ខ្ញុំព្រះករុណាខ្ញុំ ជួបជាមួយនឹងប្រធានាធិបតីហ្វីលីពីន សួរថាយ៉ាង​ម៉េច​ទៅហើយ? ជាទូទៅរដ្ឋាភិបាលគ្រប់គ្រងបានហើយ ប៉ុន្តែ នៅសល់កងឈ្លបវារាយប៉ាយ។ ប្រធានាធិប​តី​ហ្វីលីពីន គឺគាត់ធ្វើកិច្ចការងារនេះ។

ឯនៅមីយ៉ាន់ម៉ា ក៏កំពុងមានបញ្ហា ដែលហៅថា រ៉ូហ៊ីងយ៉ា ឬក៏ បង់កាលី ប្រជាជនគេហៅនៅខាងក្រៅ គេថា ពួករ៉ូហ៊ីងយ៉ា ប៉ុន្តែ មីយ៉ាន់ម៉ា ដែលគេហៅថា ភូមា មិនអោយប្រើពាក្យ រ៉ូហ៊ីងយ៉ាទេ អោយប្រើពាក្យ បង់កាលី ថាអ្នកហ្នឹងមកពីបង់ក្លាដេស។ វិបត្តិមនុស្សធម៌ នៃបញ្ហាជនភៀសខ្លួន គឺបានកើតមាននៅច្រើនកន្លែង។ ឥឡូវបញ្ហាពីរដែលកំពុងតែក្តៅ។ ទី ១. ការធ្វើប្រជាមតិនៅតំបន់ Kurds  របស់អ៊ីរ៉ាក់ អ្នកធ្វើប្រជា​មតិបាន​ឈ្នះ​ហើយ ប៉ុន្តែ រដ្ឋបាលកណ្តាលរបស់ទីក្រុងបាដាដ របស់ប្រទេសអ៊ីរ៉ាក់ អាមេរិក និងប្រទេសខ្លះទៀត មិនយល់​ព្រមអោយ Kurds ឯករាជ្យទេ។ ដូច្នេះ តើ Kurds គឺនៅតែបន្តប្រកាសឯករាជ្យឬយ៉ាងណា? បើសិនជា Kurds នៅតែ​ប្រ​កាស​ឯករាជ្យ ពេលនោះ អ៊ីរ៉ាក់មិនមែនគ្រាន់តែប្រឈមនឹងការវាយជាមួយនឹងពួក ISIS ទេ អាចវាយ​ប្រហារជាមួយនឹង Kurds តែម្តង។ គឺផ្ទៃក្នុងដែលត្រូវបំបែក។

នៅអេស្ប៉ាញឯណោះវិញ ក្រុមធ្វើប្រជាមតិ គឺបានឈ្នះហើយ។ ការបង្ក្រាបដ៏ខ្លាំងរបស់នគរបាល ដើម្បីធានា​អនុវត្ត​នូវ​រដ្ឋធម្មនុញ្ញ មិនត្រូវបានគេយកចិត្តទុកដាក់ អំពីបញ្ហាទាក់ទងថា សិទ្ធិមនុស្សទេ នៅតំបន់កាតាលីណា។ អញ្ចឹងទេ ប្រជាជនដែលមានប្រមាណ ៥ លាននាក់ ត្រូវបានធ្វើប្រជាមតិ គឺជាអ្នកឈ្នះ ប៉ុន្តែ រដ្ឋធម្មនុញ្ញអេស្ប៉ាញ ក៏ដូចជារដ្ឋធម្មនុញ្ញរបស់កម្ពុជាដែរ មិនអាចអោយមានតំបន់អបគមន៍ ឬផ្តាច់រដ្ឋនោះទេ។ ឥឡូវ តើអ្នកណា​ដក​ថយ? ក្រុមប្រជាពលរដ្ឋនៅកាតាលីណា គឺអត់ដកថយទេ បាតុកម្មកាន់តែធំ។ រដ្ឋបាលនៅអេស្ប៉ាញ រាប់ទាំង​ព្រះ​មហាក្សត្រអស្ប៉ាញ ដែលព្រះអង្គចេញមកថ្កោលទោសជាមួយនឹងការធ្វើប្រជាមតិ ធ្វើអោយប្រជា​ជន​នៅ​តំបន់នោះកាន់តែខឹងសម្បារ។

បញ្ហាតំបន់ ឬពិភពលោក ទាមទារអោយមានការតាមដាន

បញ្ហាទាំងអស់នេះ វាសុទ្ធតែជាបញ្ហាដែលលេចឡើង មិនមែនគ្រាន់តែនៅកម្ពុជា ឬនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​នេះ​ទេ បញ្ហាកាំជ្រួចមីស៊ីលនៅអឺរ៉ុប ពិសេស នៅកូរ៉េខាងជើង វាសុទ្ធតែជាបញ្ហាលេចឡើងដែល​ទាមទារអោយ​យើង​តាមដាននូវសភាពការណ៍ទាំងអស់នោះ។ ភេរវកម្មបានកើតពីកន្លែងមួយទៅកាន់កន្លែងមួយ។ ការបាញ់ប្រ​ហារ​នៅរដ្ឋ Las Vegas មិនទាន់ច្បាស់ថា តើអ្នកនោះជាបណ្តាញរបស់ ISIS ឬក៏បាញ់ដោយឯកឯង​ដោយ​គ្មានបណ្តាញ។ អាវុធរាប់សិបដើមរបស់ឃាតករ ត្រូវបានរកឃើញ ដែលធ្វើអោយមនុស្សស្លាប់ជិត ៦០ នាក់ និងរបួសរហូតដល់ជាង ៥០០ នាក់។ អញ្ចឹង បញ្ហាដែលកើតនៅប្រទេសនេះ ប្រទេសនោះ វាស្ទើរតែ​ជា​រឿង​ធម្ម​តា​ទៅហើយ។ ប្រទេសណាក៏មានបញ្ហាប្រឈមដែរ។ ឯយើងក៏មានបញ្ហាប្រឈមដែលត្រូវបន្តដោះ​ស្រាយជា​មួយ​គ្នា តែយើងបានឆ្លងកាត់ខុសគេខុសឯង ពីដំណាក់កាលដែលគ្មានអ្វីទាំងអស់ មកកាន់ជាជំហានដូច​ជាកាំ​ជណ្តើរឡើងបន្តិចម្តងៗ។

គោលនយោបាយជាតិគាំពារសង្គម ផ្តល់អាទិភាព ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីឆ្លងទន្លេ

សាជាថ្មីម្តងទៀត អនុញ្ញាតអោយ ខ្ញុំព្រះករុណាខ្ញុំ ថ្លែងនូវការកើតសរសើរ ចំពោះសាកលវិទ្យាល័យ។ ថ្លែងនូវ​ការ​កោត​សរសើរ ចំពោះ ឯកឧត្តម ស្តើង សុខុម សាកលវិទ្យាធការ ក៏ដូចជា ក្រុមប្រឹក្សា និងសាស្ត្រាចារ្យ។ ថ្លែង​នូវ​ការកោតសរសើរ និងអបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រថ្ងៃនេះ។ ឯថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សុំយកកន្លែងនេះ ធ្វើជាទីកន្លែង នៃការប្រកាសចេញនូវចំណុចដែលវាមានការពាក់ព័ន្ធ​នៅក្នុងពេលសម្ពោធដាក់​អោយ​ប្រើប្រាស់ នូវនយោបាយជាតិគាំពារសង្គម។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានជម្រាបទៅរដ្ឋមន្ត្រី​ក្រ​សួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ដើម្បីអោយផ្តល់អាទិ​ភាព​អនុវត្តសម្រាប់ស្ត្រីមានផ្ទៃពោះជាមុន។ បន្ទាប់ទៅ នៅក្នុងដំណើរចុះសួរសុខទុក្ខ ចំពោះកម្មករ/រិនី យើងក៏​បាន​អនុវត្តនូវកម្មវិធីផ្តល់សាច់ប្រាក់ សម្រាប់ស្ត្រីឆ្លងទន្លេ និងការពិនិត្យផ្ទៃពោះជាទូទៅ សម្រាប់ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ ហើយផ្តល់សាច់ប្រាក់សម្រាប់កម្មការិនី ដែលឆ្លងទន្លេកូនមួយ គឺបាន ៤០ ម៉ឺនរៀល។ បើកើត​បាន​កូន​ភ្លោះ​ពីរ (គឺបាន) ៨០ ម៉ឺនរៀល។ បើកើតបានកូនភ្លោះបី (គឺបាន) ចំនួន ១ លាន ២ សែនរៀល។ ហើយកូនភ្លោះ​បី​នេះ សម្រាប់ខ្ញុំព្រះករុណាខ្ញុំ គឺមានរហូតទៅដល់ ​៣១៩ គ្រួសារទៅហើយ ពេលណាមួយនឹង​ចាត់តាំង​ពិធី​ជួបជុំនៃក្រុមគ្រួសារដែលមានកូនភ្លោះបី ព្រោះនេះសុទ្ធតែជាកូន ដែលខ្ញុំព្រះករុណាខ្ញុំ បានផ្តល់នូវ​ការ​ឧបត្ថម្ភសម្រាប់ពួកគេ ហើយគួរតែត្រូវមានពិធីជួបជុំកូនភ្លោះបី ដើម្បីអោយពួកគេមកជួបស្គាល់គ្នា។

ថ្ងៃ ១ មករា ២០១៨ អនុវត្តគោលនយោបាយថ្មី ស្ត្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ ពេលសម្រាលកូន

ក្នុងពេលដែលអនុវត្ត ចំពោះកម្មការិនី មានការចោទសួរពីសំណាក់មន្ត្រីរាជការរបស់យើង ហើយមានការ​ចោទ​សួរដោយផ្ទាល់ផង និងមានការចោទសួរដោយតាមហ្វេសប៊ុកផង។ តើពួកខ្ញុំជាមន្ត្រីរាជការបាន យ៉ាង​ម៉េច? ទទួលបានឬអត់? រឿងនេះ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ថា មានសេចក្តីសម្រេចលេខ ៥២ ស.ស.រ ចុះហត្ថលេខាដោយ ខ្ញុំព្រះករុណាខ្ញុំ នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០០៥ ហើយចាប់អនុវត្តតាំងពីថ្ងៃ(ទី) ១ ខែ មករា ឆ្នាំ​ ២០០៦ ហើយស៊ីញ៉េអមដោយ​ សម្តេចវិបុលបញ្ញា សុខ អាន គឺបានអនុវត្ត សម្រាប់មន្ត្រីរាជការស៊ីវិលជាស្ត្រី ដែលសម្រាលកូន និងលំហែមាតុភាព ត្រូវបានទទួលថវិកាឧបត្ថម្ភ ក្នុងមួយនាក់ ចំនួន ៦០ ម៉ឺនរៀល។ ប៉ុន្តែ ម្សិលមិញនេះ មានការត្រួតពិនិត្យឡើងវិញ អំពីបញ្ហានេះ ហើយអោយ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការស្រាវជ្រាវអំពីបញ្ហានេះ។ យើងក៏បានរកឃើញថា មិនទាន់គ្របដណ្តប់អស់នូវស្ត្រីដែលស្ថិតនៅក្នុងកងកម្លាំងប្រដាប់អាវុធ ទាំងកងទ័ព ទាំងនគរបាល ទាំងអាវុធហត្ថ និយាយរួមមានតែពីរប្រភេទទេ ដែលសំខាន់ ព្រោះកងទ័ព និងអាវុធហត្ថ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។

ខ្ញុំសុំយកឱកាសនេះ ប្រកាសជូនថា ចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ ស្ត្រីដែលជាមន្ត្រីរាជការស៊ីវិល ស្ត្រីដែល​ជា​នគរ​បាល ស្ត្រីដែលជាកងទ័ព និងត្រូវទទួលបាននៅពេលឆ្លងទន្លេ កូនមួយ (គឺទទួលបាន) ៨០ ម៉ឺនរៀល។ ហើយ​បើបានកូនភ្លោះពីរ (គឺ)ឡើងដល់ ១ លាន ៦ សែន(រៀល)។ បើបានកូនភ្លោះបី អាហ្នឹងឡើង ២ លាន ៤ សែន(រៀល)។ អាហ្នឹងក្លាយទៅជាគ្រួសារក្រុមភ្លោះបីទៀតហើយ។ ពិនិត្យអំពីបញ្ហានេះ តួលេខនេះ លទ្ធភាព​នៃ​ថវិការបស់យើងវាមិនលំបាកទេ។ ស្ត្រីរបស់យើងនៅក្នុងក្របខណ្ឌរដ្ឋផ្នែកស៊ីវិល និងកងទ័ព និងកម្លាំង​ប្រ​ដាប់អាវុធ សរុបទាំងអស់ គឺមាន ៩២.១៩៨ នាក់។ ក្នុងនេះ រដ្ឋបាលស៊ីវិលមាន ៨២. ៥១៧ នាក់។ នៅរដ្ឋបាលកណ្តាលនេះមាន ១៦.៥០៣ នាក់ និងជំនាញថ្នាក់ក្រោមជាតិ និង​មន្ទីរ​ជំនាញនានាមាន ៦៦.០១៤ នាក់។ នគរបាលមាន ៣.៨៧៥ នាក់ និងយោធាមានចំនួន ៥.៨០៦ នាក់។ បើយើង គិត អំពី លទ្ធ ភាព អ្នកដែលមានកូនទៅវិញ មិនមែនបានសេចក្តីថា ៩ ម៉ឺននាក់ ហ្នឹងមានកូនទាំងអស់គ្នាទេ។ ស្ថិតនៅក្នុង វ័យ ដែលមានកូនតែប៉ុណ្ណោះ។ គិតខ្ពស់ណាស់ទៅហើយ។ គឺរហូតទៅ​ដល់​ប្រមាណជា ១០% ឯណោះ។ ប៉ុន្តែ យើងគិតថា ក្នុងស្ត្រីដែលមានលទ្ធភាពមានកូន គឺមាន ១០.៨៤៤ នាក់។ ក្នុងនេះ រដ្ឋបាលស៊ីវិល គឺមាន ១០.៣៦០ នាក់។ ឯនគរបាលជាតិមាន ១៩៤ នាក់។ កងទ័ពមាន ២៥០ នាក់ តែប៉ុណ្ណោះ។

ចំណុចនេះ គឺស្រ្តីដែលនៅក្នុងក្របខណ្ឌមន្ត្រី​រាជការស៊ីវិលច្រើនជាងគេ នៅក្នុងក្របខណ្ឌគ្រូបង្រៀន និង​ក្រប​ខណ្ឌពេទ្យ។ ដូច្នេះ ទាំងគ្រូបង្រៀន ទាំងគ្រូពេទ្យ គឺសុទ្ធតែទទួលបានបន្ថែម ជាមួយនឹងប្រាក់បៀវត្សកើនឡើង ​ឯគ្រូបង្រៀន ជាពិសេស គ្រូបង្រៀនក្មួយៗជាស្រ្តី ដែលចាប់ផ្តើមបង្រៀន ហើយនៅពេលវេលាដែលខ្លួនមានផ្ទៃពោះ មានកូននោះ នឹងទទួល​បាននូវប្រាក់ឧបត្ថម្ភបែប​នេះបន្ថែមនៅពេលឆ្លងទន្លេ ជាមួយនឹងច្បាប់ដែលមាន។ បញ្ហានេះ ក្រសួងកិច្ចការនារីនឹងសប្បាយរីក​រាយហើយ ព្រោះកន្លងទៅនេះ ដើរដោះស្រាយបញ្ហានារីច្រើនជាង ទាំងក្នុងកម្មករ ក៏ដោះស្រាយ​បញ្ហានារីច្រើនជាង។ ឥឡូវនេះ ​យើងអនុវត្ត ចំពោះមន្រ្តីរាជការរបស់យើង និង​កម្លាំងប្រដាប់អាវុធ ដែលមុននេះ មិន​ទាន់បានគ្របដណ្តប់ទេ។

នៅឆ្នាំ ២០១៧ នេះ គឺយើងបានអនុវត្តសម្រាប់មន្រ្តីរាជការ​ស៊ីវិលអស់ ៦​.២០៧ លាន(រៀល) ស្មើនឹង ១.៥៣២.៤៦៩ ដុល្លារ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០១៨ តទៅ យើងនឹងប្រើប្រាស់ថវិកាប្រមាណ ២ លាន ១ សែន ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះ គឺសម្រាប់តែផ្នែកកម្មករទាំងក្នុង និងក្រៅប្រព័ន្ធ អស់ប្រមាណ ១០ លាន​ដុល្លារ។ សម្រាប់​ស្រ្តីជាមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ អស់ប្រមាណជា ២ លានដុល្លារ។​ ដូច្នេះ​​​​ នេះជា​គោលនយោបាយថ្មី​លើវិស័យសង្គមរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយ​យើងនឹងបន្តពិនិត្យមើលត​ទៅទៀត​ តើយើងនឹងឈានទៅដល់ការអនុវត្តទូទៅបាននៅពេលណា អំពីកម្មវិធី​ផ្តល់​សាច់ប្រាក់សម្រាប់ប្រជាជនដែលសម្រាលកូន។ កម្មករបានទទួល ៤០ ម៉ឺនរៀល មន្រ្តីរាជការ​ស៊ីវិល​របស់​យើង និងកងកម្លាំងប្រដាប់អាវុធដែល​ជាស្រ្តី អោយតែស្រ្តីទេណា មិនអោយប្រុសទេ ប្រុសមិនដែល​កើត​កូនទេ។ អញ្ចឹងទេ បាន ៨០ ម៉ឺនរៀល។ នេះគឺជាការប្រកាស​សម្រាប់ការយល់ដឹង។

សង្ឃឹមថា ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន និងឯកឧត្តម ពេជ្រ ប៊ុនធិន នឹងរួមគ្នា ដើម្បីធ្វើសេច​ក្តីសម្រេចថ្មី ហើយ​សេច​ក្តីសម្រេចនេះ វាពាក់ព័ន្ធនឹងបញ្ហាដទៃទៀត ប្រាក់ឧបត្ថម្ភគោលនយោបាយធានារ៉ាប់រងសង្គម​ សម្រាប់មន្រ្តី​រាជ​ការស៊ីវិល។ ក៏ប៉ុន្តែ មានពាក់ព័ន្ធមួយចំនួនផ្សេងទៀត ដែលក្នុងនោះ មានអ្នកទទួលមរណភាពដោយ​ជំងឺ មាន​អ្នកទទួលមរណភាពក្នុងពេលបំពេញបេសកកម្ម ដែលអាចនឹងបង្កើននូវចំនួនទឹកប្រាក់​អំពីអ្នក​ដែល​ទទួល​​​មរណភាពទាំងដោយសារជំងឺ និងទាំងដោយគ្រោះថ្នាក់ក្នុងការងារ ក្នុងពេលបំពេញបេសកកម្ម។ ខ្ញុំយកមក​និយាយនេះ ទាក់ទងជាមួយបញ្ហាស្រ្តីតែប៉ុណ្ណោះ​ ក៏ប៉ុន្តែ សំណុំមួយនេះវាមានតភ្ជាប់ជាមួយ​នឹង​បញ្ហា​ដទៃទៀត។ តែនេះ​ក៏សូមបញ្ជាក់អោយបានច្បាស់ អ្នកដែលចូលមកសួរនៅក្នុងហ្វេសប៊ុកផេករបស់ខ្ញុំ​ថាចុះខ្ញុំ​ជា​មន្រ្តីរាជការទទួល​បានឬអត់? ប៉ុន្តែ ​ការពិតបានទទួល ១២ ឆ្នាំ រួចមកហើយ ប៉ុន្តែ ដោយសារ​គាត់​មិន​ទាន់​មានកូន។

ចៅទី ២០

អញ្ចឹងទេ គោលនយោបាយនេះ យើងបានគិតគូរអំពីប​ញ្ហា។ នេះខ្ញុំព្រះករុណាខ្ញុំមានប៉ុណ្ណឹងទៅចុះ ហើយ​សង្ឃឹម​ថា មន្រ្តីរាជការរបស់យើង និយាយរួមប្រជាជនទូទៅ បានទទួលផលពីនយោបាយដែលរាជរដ្ឋាភិ​បាល​បាន និងកំពុង​អនុវត្ត។ ឥឡូវម៉ោង ៨ និង ៥០ នាទី នៅសល់ ២៥ នាទីទៀត គឺចៅទី ២០ របស់ខ្ញុំ​ព្រះ​ករុណាខ្ញុំ នឹងកើតហើយ។ សង្ឃឹមថា គេ​នឹងមានសុខភាពល្អទាំងម្តាយ និងកូន។ កាលពីជាង ៤០ ឆ្នាំមុន កម្សត់​ណាស់។ នៅកម្លោះ។ ប៉ុន្តែ របួសពិការ វេទនាពិបាកម្នាក់ឯង។ បន្ទាប់ទៅមានគ្រួសារ។ ស្លាប់កូន។ ព្រាត់​ប្រាស់​គ្នា។ ប៉ុន្តែឥឡូវក្លាយជាគ្រួសារមួយជាគ្រួសារដ៏ធំ មានចៅរហូតទៅដល់ ២០ ហើយឥឡូវ​មាន​ព័ត៌​មាន​អាច​នឹង​លើស ២០ ព្រោះខ្លះ គេថា គេចង់បានស្រីមួយទៀត ខ្លះគេថា ចង់បានប្រុសមួយទៀត។ ម្សិល​មិញ បង្កក់ចៅទី ១៩ …។

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមកសម្រាប់ជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ៥.៦០៨ អង្គ/នាក់ ក្នុង​ម្នាក់ៗ ប្រគេណ និងជូន (ថវិកា) ចំនួន ៥ ម៉ឺនរៀល។ សម្រាប់សាស្រ្តាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យ ចំនួន ១.១៨៦ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (ថវិកា)​ចំ​នួន ៥ លានរៀល។ ជាមួយនឹងការអបអរសាទរ ចំពោះវឌ្ឍនៈភាព នៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា និង​ការអបអរចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេណពរ ចំពោះព្រះ​តេជ​ព្រះ​គុណ ព្រះសង្ឃគ្រប់ព្រះអង្គ។ ជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ពិសេស​ជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក