សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥

CNV:

ថ្ងៃនេះយើងជួបជុំគ្នា នៅក្នុងបរិយាកាសមួយពោរពេញទៅដោយភាពសុខដុមរមនា បន្ទាប់ពីបានអាក់ខានកាលពីរយៈ​ពេលកូវីដ-១៩ ញាំញី ធ្វើអោយយើងមិនអាចធ្វើ(ការជួបជុំបាន)នៅក្នុងឆ្នាំ ២០២១និង២០២២។ ការធ្វើជួបគ្នាលើកនេះទៀតសោត ក៏គាប់ជួននឹងក្រោយចូលឆ្នាំសកល ដែលឆ្លងពីឆ្នាំ ២០២២ មកឆ្នាំ ២០២៣ ដែលខ្ញុំសូមយកឱកាសនេះជូនពរចំពោះសម្ដេចឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ សូមប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងជួបប្រទះតែនឹងពុទ្ធពរនិងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

(១) ជំនួបរវាងនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាននិងអ្នកផ្តល់ព័ត៌មាន

ជំនួបថ្ងៃនេះ វាមិនមែនគ្រាន់តែជាជំនួបជាមួយអ្នកសារព័ត៌មានប្រមាណជាង ៥ ពាន់នាក់នោះទេ ក៏ប៉ុន្តែក៏មានអ្នកដែលត្រូវផ្ដល់ព័ត៌មាន ដែលក្នុងនោះមានអ្នកនាំពាក្យនៃបណ្ដាស្ថាប័នរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័នដែលមានការពាក់ព័ន្ធ ក៏បានអញ្ជើញមកទីនេះ។ ដូច្នេះ វាមិនគ្រាន់តែជាជំនួបរវាងនាយករដ្ឋមន្ត្រីជាមួយនឹងអ្នកសារព័ត៌មានប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាជំនួបរវាងអ្នកសារព័ត៌មាននិងជាអ្នកផ្តល់ព័ត៌មានផងដែរ។ ខ្ញុំគិតថា បើ​ទោះបី(មាន)ការវិវដ្ដនៅពេលក្រោយយ៉ាងណាក៏ដោយ វេទិកាបែបនេះគួរតែត្រូវរក្សាទុកដោយអ្នកជំនាន់បន្តវេននៅពេលណាមួយនោះ ព្រោះវាជាផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ដើម្បីកសាងប្រទេសជាតិរបស់យើង អោយរីកចម្រើនទៅមុខ។

(២) អ្នកសារព័ត៌មានជាមន្ត្រីជួរមុខក្នុងការទទួលវ៉ាក់សាំង

ខ្ញុំសូមអរគុណចំពោះការធ្វើរបាយការណ៍របស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ​រដ្ឋមន្ត្រីក្រសួងព័ត៌មានអម្បាញ់មិញនេះ អំពីវឌ្ឍនភាពទាំងឡាយដែលបានកើតក្នុងរយៈពេលកន្លងទៅ។ ខ្ញុំមានមោទនភាពចំពោះការខិតខំប្រឹងប្រែងទាំងអស់នៃស្ថាប័នព័ត៌មាន មិនថាតូចមិនថាធំនោះទេ។ ខ្ញុំគួរតែត្រូវយកឱកាសនេះដើម្បីផ្ដល់នូវតម្លៃខ្ពស់ ចំពោះការចូលរួមនៃផ្នែកសារព័ត៌មានរបស់យើងលើការយុទ្ធនាការប្រឆាំងកូវីដ-១៩ ដែលពេលនោះអ្នកសារព័ត៌មានរបស់យើងក៏បានចូលរួមយ៉ាងសកម្ម។ អ្នកសារព័ត៌មានរបស់យើងក៏បានទទួលត្រឡប់ទៅវិញនូវឋានៈជាមន្ត្រីជួរមុខដែលបានទទួលអាទិភាពនៃការចាក់វ៉ាក់សាំង។ ពេលនោះយើងក្រវ៉ាក់សាំង ក៏ប៉ុន្តែយើងដាក់អ្នកសារព័ត៌មានទាំងឡាយ ឱ្យក្លាយទៅជាអ្នកដែលទទួលបាននូវវ៉ាក់សាំង។ ត្រង់ចំណុចនេះ ប្រហែលជាមានប្រទេសមិនច្រើនទេ នៅលើពិភពលោកដែលអាចនឹងចាត់ទុកអ្នកសារព័ត៌មានជាក្រុមអាទិភាពត្រូវទទួលបាននូវការការពារខ្លួនតាមរយៈវ៉ាក់សាំងការពារជំងឺ។

(៣) អ្នកសារព័ត៌មានជួយផ្សព្វផ្សាយវិធានការសុខាភិបាលនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលពីកូវីដ១៩

ខ្ញុំដឹងថាអ្នកសារព័ត៌មានត្រូវការធ្វើដំណើរទៅគ្រប់ទីកន្លែងដែល មិនគិតថាទីកន្លែងនោះត្រូវឆ្លង កន្លែងនោះមិនត្រូវឆ្លងទេ។ ខ្ញុំនៅចាំបានថានៅឯពោធិ៍ចិនតុង អ្នកសារព័ត៌មានរបស់យើងខាង Fresh News បានសួរថាអ្នកសារព័ត៌មានអាចនឹងទទួលបាននូវវ៉ាក់សាំងឬទេ? ខ្ញុំក៏បានដាក់បញ្ចូលអ្នកសារព័ត៌មានជាក្រុមអា​ទិភាពនៃការទទួលបានវ៉ាក់សាំង។​ ផលប្រយោជន៍ដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទទួលបានមកវិញ គឺនៅត្រង់ថា(អ្នកសារព័ត៌មានបានធ្វើការផ្សព្វផ្សាយ)វិធានការសុខាភិបាល ក៏ដូចការអំពាវនាវរបស់រាជរដ្ឋាភិបាលជូន ប្រ​ជា​ពលរដ្ឋដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺ កូវីដ-១៩ នេះ។ វិធានការនិងការអំពាវនាវ បានឆ្លងកាត់ និងផ្សារភ្ជាប់ទៅជាមួយប្រជាជនឱ្យបានយល់ដឹងអំពីវិធានការសុខាភិបាលដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ចំណុចនេះ ខ្ញុំសូមផ្ដល់នូវកិត្តិយសជូនសម្រាប់អ្នកសារព័ត៌មានរបស់យើងដែលបានរួមចំណែកធ្វើកិច្ចការដ៏ល្អមួយនេះ។

(៤) កាន់តំណែងនាយករដ្ឋមន្ត្រី ៣៨ ឆ្នាំ និងចូលរួមដឹកនាំគ្រប់គ្រងអំណាច ៤៤ ឆ្នាំ

… នាយករដ្ឋមន្ត្រីដែលកាន់តំណែង ថ្ងៃនេះគ្រប់ខួប៣៨ឆ្នាំ។ ដែលខ្ញុំសូមយកឱកាសនេះថ្លែងអំណរព្រះគុណ អរគុណ ចំពោះព្រះសង្ឃក៏ដូចជាថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ ដែលបានជូនពរខ្ញុំសម្រាប់ខួបលើកទី៣៨ នៃថ្ងៃដែលខ្ញុំបានក្លាយខ្លួនទៅជានាយករដ្ឋមន្ត្រី ហើយបើបូកសរុបទាំងដំណាក់កាលទាំងអស់​ពីរដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី និងពីនាយករដ្ឋមន្ត្រី គឺរយៈពេល ៤៤ ឆ្នាំគឺជិតពាក់កណ្ដាលសតវត្សរ៍ ដែលជាការចូលរួមគ្រប់គ្រងអំណាច និងដឹកនាំអំណាចនៅក្នុងប្រទេសមួយដ៏កំសត់នេះ … តើខ្ញុំស្ដាប់សម្លេងរបស់ខាងក្រោមរបៀបម៉េចទៅ? មិនថាបញ្ហាតូចឬបញ្ហាធំ ការចម្លងព័ត៌មានពីខាងក្រោមមកអោយខាងលើ        និងទាញព័ត៌មានពីខាងលើផ្ដល់ទៅខាងក្រោមវិញគឺជាការចាំបាច់។

(៥) យកចិត្តទុកដាក់អំពីការផ្តល់និងទទួលព័ត៌មាន មិនថារឿងតូចឬធំ

គ្រាន់តែរឿងតូចមួយនេះ អ្នកទាំងអស់គ្នាអាចកត់សំគាល់បាននូវឥរិយាបទរបស់នាយករដ្ឋមន្ត្រីរូបនេះ។ ពេលចាប់ផ្ដើមកូវីដ-១៩ យើងបានយកវិធានការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋរបស់យើងអំពីវិធីការពារខ្លួន។ នៅពេលនោះ ខាងមូលដ្ឋានបានប្រើប្រាស់រថយន្ត ម៉ូតូ ចល័តក្នុងការផ្សព្វផ្សាយ។ ស្រាប់តែលេចឡើងនៅក្នុង Tiktok​ អំពីយុវជនម្នាក់បានជិះម៉ូតូតាមស្ដាប់សារអំពាវនាវ(ដែលកំពុងតែផ្សព្វផ្សាយនោះ)។ ខ្ញុំបានឃើញសារអំពាវនាវនេះតាម Tiktok ឬ Facebook ខ្ញុំមិនចាំច្បាស់ តែមានរឿងនេះពិតប្រាកដ ​… ដោយសារតែរថយន្តផ្សាយអំពីការការពារកូវីដ-១៩ ចេះតែបើកទៅមុខ ហើយអ្នកដែលស្ដាប់ៗ មិនទាន់ចប់ …យើងក៏បានធ្វើការស្រាវជ្រាវភ្លាម … ពេលនោះគឺមន្ត្រីមូលដ្ឋានរបស់យើងបានប្រើនូវឃោសនសព្ទ​ ហើយដាក់តាមរថយន្តហើយចេះតែបើកតាមផ្លូវទៅ ហើយអ្នកស្ដាប់ក៏ស្ដាប់មិនទាន់ចប់ផង ឡានក៏ទៅផុត … យើងបានអោយមូលដ្ឋានកែតម្រូវភ្លាម ដោយណែនាំថាបើទៅដល់កន្លែងណាមួយ ចាក់នៅកន្លែងនោះ ២ ម៉ោងទៅ ទើបចេញទៅចាក់កន្លែងផ្សេង។ សូម្បីតែបញ្ហាតូចតាចដូចនេះ ក៏យើងបានខិតខំដើម្បី(ធ្វើអោយប្រជាពលរដ្ឋ)ទទួលយក(បាននូវ)ព័ត៌មាន

(៦) បញ្ជូនបន្តព័ត៌មានពីប្រភពអនឡាញទៅស្ថាប័ននិងខេត្តពាក់ព័ន្ធ ដើម្បីស្រាវជ្រាវនិងដោះស្រាយបញ្ហា

សព្វថ្ងៃនេះទៀតសោត ខ្ញុំក៏សូមអរគុណចំពោះសារព័ត៌មានទាំងឡាយដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើអសកម្មនានា។ (សារព័ត៌មានទាំងនោះ)សព្វថ្ងៃនេះបានបង្កើតនូវការងាយស្រួលដល់ខ្ញុំ។ ខ្ញុំសូមសំដែងនូវការសាទរដោយស្មោះចំពោះអ្នកជួយ ក្នុងនោះវិទ្យុនិងទូរទស្សន៍ជារឿងមួយហើយ ក៏ប៉ុន្តែបណ្ដាញអនឡាញ​ក៏បានជួយច្រើនណាស់ដែរ។ ខ្ញុំតែងតែ Forward ចេញពីសារព័ត៌មានអនឡាញ បញ្ជូនទៅខេត្តណាដែលមានបញ្ហា(ដូចក្នុងការផ្សាយ)អោយពិនិត្យតែម្ដង។ ប្រហែលជារដ្ឋមន្ត្រីមួយចំនួន អភិបាលខេត្តមួយចំនួនធ្លាប់បានទទួលរួចហើយនូវការ Forward របស់ខ្ញុំ ដូចជាតាមរយៈប្រព័ន្ធតេឡេក្រាម។

ខ្ញុំមិនធ្លាប់ទទួលទានដំណេកមុនម៉ោង ១ យប់ទេ។ ដូច្នេះចៅហ្វាយខេត្តឬប្រធានស្ថាប័នខ្លះ ទទួលនូវការ Forward របស់ខ្ញុំអំពីព័ត៌មាននៅក្រោយម៉ោង ១២ យប់ ឬក្រោយម៉ោង ១១ យប់។ ពួកគេសម្រាក។ ភ្ញាក់ឡើង(ទើបពួកគេ)បានឃើញនូវអ្វីដែលខ្ញុំបានបញ្ជូនទៅ។ ព័ត៌មានខ្លះបានផ្ដល់អោយយើងនូវឱកាសដើម្បីស្រាវ​ជ្រាវបានភ្លាមៗ សម្រាប់ដោះស្រាយបញ្ហាដែលមាននៅឯមូលដ្ឋាន។ ប្រជាជនត្រូវការនូវយុត្តិធម៌ ឬក៏ត្រូវការនូវដំណោះស្រាយនានា ដែលយើងមិនបានដោះស្រាយជូនពួកគាត់ឬក៏ភាពខ្វះចន្លោះ

(៧) សាទរ សកម្មភាពសារព័ត៌មានពីកូវីដ១៩និងព័ត៌មាននានាបានជាដំណឹងនិងបញ្ជូនបន្តដោះស្រាយ

សូម្បីតែក្នុងប៉ុន្មានថ្ងៃនេះ នៅភ្នំដំរីរមាល នៅខេត្តតាកែវ នោះមិនមែនសារព័ត៌មានទេ តែប្រជាពលរដ្ឋបានជូនព័ត៌មាន។ ទីបំផុត យើងក៏បានរកឃើញថាមានការពាក់ព័ន្ធទន្ទ្រានដីភ្នំនៅខេត្តតាកែវ។ ថ្ងៃនេះ ប្រតិបត្តិការនៃការដោះស្រាយ​នៅកន្លែងនោះក៏កំពុងតែធ្វើ ដែលមានការពាក់ព័ន្ធទាំងផ្នែកកងទ័ព ផ្នែករដ្ឋបាលទៅលើបញ្ហា ការឈូសឆាយរុករានព្រៃក្នុងតំបន់ព្រៃភ្នំដំរីរមាលនៃខេត្តតាកែវ។ ខ្ញុំសូមសំដែងនូវការសាទរទៅលើរឿងនេះ ទី១ (អំពីការប្រឹងប្រែងផ្តល់ព័ត៌មាន)លើបញ្ហាកូវីដ-១៩ និងទី២ ព័ត៌មាននានាដែលបានផ្សព្វផ្សាយនិងស្រាវជ្រាវដោយអ្នកសារព័ត៌មាន សម្រាប់(អោយបានដឹងនិង)បញ្ជូនចេញ រាប់ទាំងព័ត៌មានក្ដៅគគុកទាក់​ទិនជាមួយនឹងបញ្ហាការបើកបនល្បែងនានា រហូតទៅដល់ខ្ញុំចេញបទបញ្ជានានា។ ដោយឃើញថាមិនព្រមស្ដាប់ក៏ចេញបទបញ្ជាក្ដៅតែដើម្បីនឹងបញ្ឃប់នូវសកម្មភាពទាំងឡាយ។

(៧) សូមចែករំលែកជោគជ័យការប្រជុំអាស៊ានទី ៤០ និង ៤១ ជាមួយអ្នកសារព័ត៌មានទាំងអស់

ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះការខិតខំ ជាពិសេសក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញ៉ារីទ្ធ ដែលបានធ្វើកិច្ចការដ៏ល្អ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំកន្លងនេះ។ ឆ្នាំកន្លងទៅនេះ ពុំមានអ្នកសារព័ត៌មានណាមួយអត់បាយទេ ហើយក៏ពុំមានអ្នកសារព័ត៌មានណាមួយត្អូញត្អែរថាអត់មានអ៊ីនធឺណិតប្រើដែរ។ យើងបានធ្វើកិច្ចការច្រើន។ អ្នកសារព័ត៌មានច្រើនណាស់ដែលបានមកយកព័ត៌មាននៅកម្ពុជា។ យើងធ្វើការងារដ៏ល្អជាមួយនឹងលទ្ធផលដ៏ល្អប្រសើរនៃការធ្វើប្រជាប្រធានប្ដូរវេនឆ្នាំ២០២២ កន្លងទៅ។ ក្រសួងព័ត៌មាន រួមជាមួយបណ្ដាអ្នកសារព័ត៌មានទាំងរដ្ឋនិងឯកជនបានចូលរួមផ្សព្វផ្សាយធ្វើកិច្ចការងារនេះដ៏ល្អ។ ខ្ញុំសូមចែករំលែកនូវជោគជ័យទាំងឡាយនេះ​ ចំពោះអ្នកសារព័ត៌មានទាំងអស់ដែលមានវត្តមាននៅទីនេះ។ ការពិតទៅ យើងធ្វើការងារច្រើនក៏ប៉ុន្តែយើងនិយាយតិច .. ក្នុងឆ្នាំដ៏លំបាក យើងធ្វើកិច្ចការងារបានល្អ។ នេះមិនមែនជាបញ្ហាធម្មតាទេ។ បើសិនជាពេលវេលាស្រួល ការងារមិនល្អគឺជារឿងម្ខាង តែនៅពេលដែលសភាពការណ៍លំបាក​ ការងារច្រើនយើងធ្វើការងារបានល្អ នោះហើយជាលទ្ធផលដែលឃើញកាន់តែធំ។ ខ្ញុំគិត​ថាឯកឧត្តម ខៀវ កាញ៉ារីទ្ធ មិនបាច់ព្រួយបារម្ភថាថ្ងៃនេះត្រូវមាត់។ ឆ្នាំ ២០២០ ឃើញបង្ហោះព័ត៌មានថាមិនបានត្រូវមាត់ គឺរួចខ្លួន។ ឆ្នាំនេះខ្ញុំមិនត្រឹមតែឱ្យរួចខ្លួនទេ ខ្ញុំជូនកិត្តិយសដ៏ធំសម្រាប់ការដឹកនាំផ្នែកព័ត៌មាននៅកម្ពុជា។

(៨) ទាំងសារព័ត៌មានទាំងស្ថាប័នផ្តល់ព័ត៌មាន មានការទទួលខុសត្រូវជាងមុន

ឆ្នាំ២០២២ បានកន្លងផុត ហើយបើនិយាយឱ្យលើសពីនេះ ២០២០, ២០២១, ២០២២ (រយៈពេល)បីឆ្នាំ យើងបានរួមគ្នាធ្វើកិច្ចការដ៏ច្រើននិងជំនះនូវការលំបាកដែលយើងមិនធ្លាប់ជួបប្រទះ។ ជាពិសេស ការប្រយុទ្ធដើម្បីការ​ពារជីវិតប្រជាជនក្រោមវត្តមាននៃកូវីដ-១៩ ដែលជាសត្រូវមើលមិនឃើញ។ ទាំងអស់នេះគឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា។ ប្រជាជនកម្ពុជាគប្បីនឹងទទួលបាននូវកិត្តិយស ហើយជីវិតរបស់ពួកគាត់ត្រូវបានការពារ។ ខ្ញុំមានការរីករាយចំពោះបណ្ដាស្ថាប័ននានាដែលជាអ្នកផ្ដល់ព័ត៌មាន។ ឥឡូវ ទោះបីថានៅមានភាពទន់ខ្សោយខ្លះនៅក្នុងស្ថាប័នខ្លះនិងខេត្តខ្លះ ក៏ប៉ុន្តែបើប្រៀបធៀបទៅនឹងរយៈពេលមុន វិជ្ជាជីវៈសារព័ត៌មានម្ខាងនិងអ្នកផ្ដល់ព័ត៌មានម្ខាង ក៏មានការទទួលខុសត្រូវខ្ពស់ជាមុន។ អ្នកទទួលបានព័ត៌មានក៏ទទួលបានច្រើនជាងពេលមុន។ ថ្ងៃនេះក៏មានក្រសួងស្ថាប័ននានាបានមកជួបជុំគ្នានៅទីនេះ រាប់ទាំងអ្នកនាំពាក្យនៃស្ថាប័នទាំងនោះ​ផងដែរ។

(៩) ថ្នាក់ដឹកនាំស្ថាប័នជាតិ/អាជ្ញាធរក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានជាសត្រូវ

ខ្ញុំក៏គួរតែនិយាយទៅកាន់ថ្នាក់ដឹកនាំនៃស្ថាប័នជាតិ ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌​មាន​ធ្វើជាសត្រូវរបស់ខ្លួននោះទេ។ វានឹងជាកំហុសដ៏ធ្ងន់ធ្ងរនៃការដឹកនាំ ប្រសិនបើអ្នកទាំងអស់គ្នាចាត់ទុកថា អ្នកសារព័ត៌មានគឺជាសត្រូវរបស់ខ្លួន។ ខ្ញុំមិនជំទាស់ទេនឹងសារព័ត៌មានខ្លះដែលវាអត់បានការ។ ខ្ញុំមិននិយាយរកផង។ ប៉ុន្តែអ្នកសារព័ត៌មានដែលមានចេតនាល្អក្នុងការផ្ដល់ព័ត៌មានជូនសាធារណជនអំពីរឿងពិត គឺត្រូវគប្បីរាប់រកនិងធ្វើទំនាក់ទំនងអោយបានល្អ ដើម្បីផ្សារភ្ជាប់ព័ត៌មាននេះជាមួយព័ត៌មានដែលយើងធ្វើ ជូនទៅសាធារណជនអោយបានដឹង។ ផ្នែកសារព័ត៌មានខ្លះ បើគ្រាន់តែត្រឹមតែចេះជេរ ហើយមកសុំសម្ភាសន៍ជា​មួយយើងៗ គ្មានការចាំបាច់ដើម្បីជួបទេ។ ខ្ញុំមិនបន្ទោសជាមួយអស់លោកទេ ក៏ប៉ុន្តែសារព័ត៌មាននៅក្នុងប្រ​ទេសរបស់យើងដែលគេធ្វើការត្រឹមត្រូវ គឺអស់លោកគួរត្រូវបានធ្វើទំនាក់ទំនង ហើយធ្វើខ្សែរយៈលឿនបំផុត។ យើងអាចស្គាល់សារព័ត៌មាននេះ ជួនកាលយើងអាចស្គាល់សារព័ត៌មាននោះ។

(១០) ការតភ្ជាប់ជាមួយប្រព័ន្ធព័ត៌មានអនឡាញឌីជីថលមានប្រយោជន៍

ក្នុងទូរ​ស័ព្ទ​ដៃរបស់ខ្ញុំៗ បានថ្ពក់ភ្ជាប់ជាមួយសារព័ត៌មានអនឡាយប៉ុន្មានខ្សែឯណោះ ដែលធ្វើឱ្យខ្ញុំបានដឹងព័ត៌​មានទាំងឡាយ ទាំងតូចទាំងធំ … ជាពិសេសដូច hot news វាមានតែទាញពីគេមកដាក់ទេ។ តែអាហ្នឹងក៏វាមានប្រយោជន៍ដែរ។ ទាញពីកោះសន្តិភាពក៏មាន ពីភ្នំពេញ Dialy ក៏មាន ពី Fresh News ក៏មាន។ ព័ត៌​មាននានាវារុញចូលមកហ្នឹង … វាទាញពីគេមែនក៏ប៉ុន្តែវាផ្តល់ឱ្យយើងបានដឹងដែរ។ ខ្ញុំមិនដឹងថារដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលខេត្ត ឬអភិបាលស្រុក មន្រ្តីរាជការរបស់យើងមានភ្ជាប់ប្រព័ន្ធនៃបណ្តាព័ត៌មាននោះឬអត់នោះទេ។ នេះជាសម័យឌីជីថល ជាសម័យដែលមិនចាំបាច់អានកាសែតនោះទេ ​ព្រោះវាមាននៅក្នុងប្រព័ន្ធអនឡាញដែលយើងតភ្ជាប់ជាមួយវា។ ផ្នែកទូរទស្សន៍ទៀតសោតក៏យើងអាចនឹង Download ចូលទៅក្នុងទូរស័ព្ទរបស់យើង ដែលអាចមើលបានទាំងការផ្សាយបន្តផ្ទាល់ និងការផ្សាយដទៃទៀត។ ហ្វេកប៊ុកច្រើនណាស់។ អ្វីដែលជាការមានប្រយោជន៍យើងគួរខិតខំ។ ខ្ញុំមិនចង់និយាយបន្ថែមទេ។ ខ្ញុំមានអនុសាសន៍។ ខ្ញុំចង់ទុកពេលវេលាខ្លះ ប្រសិនបើអាចធ្វើទៅបានសម្រាប់ការសាកសួរ … អាចសាកសួរផង ហើយបញ្ជូនក្រដាសសម្រាប់ការសាកសួរមកឱ្យខ្ញុំផង ដើម្បីខ្ញុំអាចផ្តល់ជាចម្លើយបានជាក់លាក់ …។

(១១) មានការងារត្រូវធ្វើច្រើនក្នុងប៉ុន្មានខែខាងមុខ រួមនឹងការដោះស្រាយទឹកជំនន់ខែប្រាំង

ល្មមដល់ពេលដែលខ្ញុំត្រូវធ្វើជាអនុសាសន៍ បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់ជាមួយនឹងការលំបាកទាំងឡាយ និងកិច្ចការដែលយើងត្រូវធ្វើនៅពេលខាងមុខនេះ។ យើងមានកិច្ចការច្រើនដែលត្រូវធ្វើក្នុងនោះឆ្នាំ ២០២៣ នេះ។ នៅសល់តែប៉ុន្មានខែទៀតទេ ស៊ីហ្គេមនឹងមកដល់។ បន្តទៅទៀតយើងក៏ឈានទៅរកការបោះឆ្នោតនីតិកាលទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ សូមបញ្ជាក់ថា នៅពេលដែលយើងមានវត្តមាននៅទីនេះ ​ជំនន់ទឹកភ្លៀងខែប្រាំងក៏កំពុងតែយាយីនៅខេត្ត​មួយចំនួនរាប់ទាំងជាយក្រុងភ្នំពេញនេះផងដែរ។ នេះជារឿងកម្រមាន។ តាមរយៈសារព័ត៌មាននិងរយៈរបាយអាជ្ញាធរខេត្តមកកាន់នាយករដ្ឋមន្ត្រី (បានធ្វើអោយយើងដឹង)។ នេះគ្រាន់ជាមាតិកាតូចតាចទេ ប៉ុន្តែជាបញ្ហាធំសម្រាប់ប្រជាពលរដ្ឋ។ បើនិយាយពីខេត្តពោធិ៍សាត់វិញរងគ្រោះម្តងហើយ ខ្ញុំក៏បានផ្តល់នូវស្រូវពូជ។ ឥឡូវស្រូវពូជនោះកំពុងតែទទួលផល កំពុងតែទុំ កំពុងតែផើម ស្រាប់តែជំនន់មកម្តងទៀត។ ខូចខាតម្តងទៀត។ តើយើងត្រូវដោះស្រាយឱ្យពួកគាត់យ៉ាងម៉េច។ រដ្ឋមន្រ្តីកសិ​កម្មរក្ខាប្រមាញ់និងនេសាទ ក៏កំពុងតែចុះដោះស្រាយបញ្ហានេះ។ ខ្ញុំក៏កំពុងតាមដានកិច្ចការងារនេះ … ពីដើមសប្តាហ៍នេះជាអាទិត្យរវល់។ ថ្ងៃនេះខ្ញុំជួបអ្នកទាំងអស់គ្នា្ននៅទីនេះ ប៉ុន្តែថ្ងៃស្អែកខ្ញុំនឹងទៅកាន់ប្រទេសម៉ាល់ឌីវ ឯណោះ ដើម្បីទស្សនកិច្ចផ្លូវការពង្រឹងនូវទំនាក់ទំនងជាមួយនឹងសាធារណរដ្ឋម៉ាល់ឌីវ។

(១២) ច្បាប់សិទ្ធទទួលព័ត៌មានចេញក្នុងថអាណត្តិទី៧, ផ្សាយប្រព័ន្ធឌីជីថលដើមឆ្នាំ​២០២៣ និងបិទការផ្សាយអាណាឡូកឆ្នាំ ២០២៥

(តទៅនេះ មានចំណុចមួយចំនួន)ជាអនុសាសន៍សម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត​​ ក៏ដូចជាអ្នកសារព័ត៌មានយកទៅអនុវត្ត៖

ទី១) ក្រសួងព័ត៌មានត្រូវជំរុញឱ្យមានសេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន (ឱ្យ)បានចេញនូវអាណត្តិទី៧ និងត្រៀមរៀបចំដាក់ឱ្យដំណើរការនូវទូរទស្សន៍ឌីជីថលកម្ពុជានៅដើមឆ្នាំ២០២៣ ខាងមុខនេះ និងត្រូវបិទការផ្សាយទូរទស្សន៍អាណាឡូកនៅឆ្នាំ ២០២៥ តាមគ្រោងការដែលបានគ្រោងទុក។

ប្រសិនបើអនុវត្តមិនបាន យើងនឹងត្រូវខាតបង់ច្រើនណាស់ គឺយើងដើរមិនទាន់ការវិវត្តន៍បច្ចេកវិទ្យានៅក្នុងតំបន់អាស៊ាន ដែលគេបិទការផ្សាយទូរទស្សន៍អាណាឡូកតាំងពីឆ្នាំ ២០២០។ យើងអាចនឹងខ្វះគ្រឿងបន្លាស់ដើម្បីប្រើប្រាស់ដោយគេឈប់ផលិត ដោយធ្វើឱ្យយើងឆ្លងហ្វ្រេកង់ទូរស័ព្ទជាមួយប្រទេសជិតខាង ដែលបច្ចុប្បន្នកំពុងប្រើប្រាស់បន្ទាហ្វ្រេ​កង់៧០០ មេហ្គាហឺត ហើយក៏មានការខាតបង់(ក្នុង)ការអភិវឌ្ឍវិស័យទូរគមនាគមន៍ផងដែរ។ អម្បាញ់​មិញ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ក៏បានលើកនៅក្នុងរបាយការណ៍របស់ខ្លួនអំពីវិធានការណ៍ដែលត្រូវធ្វើ។

ទាក់ទងនឹងច្បាប់ទទួលបាននូវព័ត៌មាន ប្រាកដណាស់ថាមកពេលនេះនៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ ការបោះឆ្នោតនឹងមកដល់។ ដូច្នេះ យើងនឹងរំពឹងថា ច្បាប់សិទ្ធិទទួលបាននូវព័ត៌មានគឺចេញនូវអាណត្តិទី៧ ដែលក្រោយការបោះឆ្នោត គឺអាចថាប្រាកដជាចន្លោះឆ្នាំ ២០២៤ ឬ ២០២៥។ ការយឺតយ៉ាវនេះ វាមិនមែនជារឿងដាច់ដោយឡែក។ បើយើងគ្រាន់តែប្រើសិទ្ធិរបស់រដ្ឋសម្រាប់ការសម្រេចវាជារឿងងាយទេ។ រដ្ឋមន្ត្រីធ្វើរួចហើយបញ្ជូនមកគណៈរដ្ឋមន្ត្រីអនុម័ត បញ្ជូនទៅសភាអនុម័ត។ ក៏ប៉ុន្តែយើងចង់ប្រមូលផ្តុំនូវមតិយោបល់ទាំងឡាយពីគ្រប់ទិសទីដើម្បីឱ្យច្បាប់មួយនេះចេញទៅទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ ប៉ុន្តែយើងបានសង្កេតឃើញថា អង្គការក្រៅរដ្ឋាភិបាលខ្លះទាមទារហួសហេតុទាមទារជ្រុល។ ការទាមទារជ្រុលនិងទាមទារច្រើនហួសហេតុនោះហើយ ដែលត្រូវឱ្យរដ្ឋមន្ត្រីធ្វើការសម្របសម្រួល

ឥឡូវ ច្បាប់នេះក៏កំពុងដំណើរការនៅក្នុងការពិភាក្សាទាក់ទងនឹងបទល្មើសដែលត្រូវគាំទ្រដោយក្រសួងយុត្តិ​ធម៌។ រឿងនេះរឿងមួយ ប៉ុន្តែរឿងមួយទៀតទាក់ទងជាមួយនឹងបញ្ហាឌីជីថល។ យើងបានសម្របសម្រួលសម្រាប់ការរៀបចំ ហើយមានទូរទស្សន៍ ៣ រួមជាមួយក្រសួងព័ត៌មានដើម្បីនឹងធ្វើថ្នាលឌីជីថល ក្នុងនោះមានទូរទស្សន៍ បាយ័ន ហង្សមាស និង BCS ជាគ្រុប CNC CTN MYTV ក៏ចូលរួមជាមួយគ្នា។ យើងត្រូវបង្កើតឱ្យមានការផ្សាយឌីជីថលជំនួសឱ្យប្រព័ន្ធអាណាឡូក ហើយត្រូវបិទប្រព័ន្ធអាណាឡូកនៅឆ្នាំ ២០២៥។ ប្រទេសនានាគេបានធ្វើតាំងពីឆ្នាំ ២០២០។ កម្ពុជាមិនគួរដើរក្រោយគេទេ។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ វាក្រោយគេរួចទៅហើយ។ យើងក៏មិនត្រូវពន្យារពេលតទៅទៀតទេ សំរាប់ការប្រើប្រាស់នូវប្រព័ន្ធឌីជីថលជំនួសឱ្យប្រព័ន្ធអាណាឡូក ដែលកំពុងតែឆ្លង។ វាមិនមែនគ្រាន់តែឆ្លងទៅក្នុងប្រទេសដែលប្រើប្រាស់បន្ទាហ្វ្រេកង់៧០០ មេហ្គាហឺតទេ វាកំពុងតែឆ្លងទៅលើឯណោះ។ គ្រោះថ្នាក់ទៅដល់ប្រព័ន្ធហោះហើរ។

បន្តិចទៀតខ្ញុំនឹងធ្វើការបកស្រាយទៅលើរឿងនេះ។ សព្វថ្ងៃនេះ យើងឃើញថា ពេលដែលយន្តហោះចាប់ផ្តើមហោះហើរ គេស្នើឱ្យយើងបិទទូរស័ព្ទ … ប៉ុន្តែប្រព័ន្ធនៅខាងលើឯណោះ វារុញទៅប្រព័ន្ធខាងលើ។​ វាធ្វើឱ្យដំណើរការនៃការហោះហើរដែនអាកាស ប្រតិបត្តិការដែនអាកាសរបស់យើង ត្រូវជួបនូវការរំខានដោយសារការផ្សាយនៅខាងក្រោមរបស់យើង។ នេះជាចំណុចទី១ ដែលសុំឱ្យឯកឧត្តមរដ្ឋមន្រ្តីបន្តការខិតខំ។ ប៉ុន្តែវាមិនមែនគ្រាន់តែត្រូវការនូវរដ្ឋមន្ត្រីទេ។ បើនិយាយពីប្រព័ន្ធឌីជីថលត្រូវការគ្រប់ផ្នែកនៃវិស័យឯកជនដែលមានទូរទសន្ស៍ មានវិទ្យុមានស្អីៗហ្នឹងត្រូវប្រើតាមប្រព័ន្ធឌីជីថលទាំងអស់។ អ្នកដែលប្តូរបានមុនគឺប្តូរទៅ ហើយមានថ្នាលរបស់វាដែលត្រូវបានវិនិយោគរួមគ្នា ដោយក្រសួងព័ត៌មានកាន់ភាគហ៊ុនមួយផ្នែកដើម្បីគ្រប់គ្រង។ គេថាក្តាប់ភាគហ៊ុនដោយមិនមែនទុន ប៉ុន្តែមានអាជ្ញាប័ណ្ណជាភាគហ៊ុន។ ក្រៅពីនោះមានទូរទស្សន៍បី ដែលចាប់ដៃគ្នាសហការកសាងថ្នាលឌីជីថលនេះ។

(១៣) អាជ្ញាធរនិងសារព័ត៌មានជាដៃគូក្នុងការស៊ើបអង្កេតនូវបទឧក្រិដ្ឋទាំងឡាយ

ទី២) ស្ថាប័នព័ត៌មានរដ្ឋនិងត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមរយៈភូមិ ឃុំ មានសុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយ ជំរុញឱ្យអាជ្ញាធរនិងស្ថាប័នមានសមត្ថកិច្ចទប់ស្តាប់ និងចាត់វិធានការរាល់បទល្មើសគ្រឿនញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាងសង្គមកម្ពុជាមួយឱ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងរក្សាកិត្តិយសេចក្តីថ្លៃថ្នូរលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមឆ្នាំ ២០២២ ២០២៣ ជាប្រវត្តិសាស្ត្រ។

នេះនៅតែជាចំណុចសំខាន់សម្រាប់យើង។ ខ្ញុំនៅតែបន្តនិយាយទៅដល់សន្តិភាពនិងស្ថិររភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម។ កិច្ចការទាំងនេះត្រូវពឹងអាស្រ័យទៅលើការចូលរួមទាំងអស់គ្នា ក្នុងនោះក៏មានផ្នែកសារព័ត៌មានដើម្បីចូលរួមនូវបញ្ហានេះ។ អ្នកដែលលួចលាក់បង្កប់បនល្បែងក្តីឬគ្រឿងញៀនក្តី ត្រូវរកឃើញតាមរយៈនៃសារព័ត៌មានបញ្ជូនទៅឱ្យខាងផ្នែកសមត្ថកិច្ច។ នេះក៏ជាគុណសម្បត្តិមួយនៃការចូលរួមចំណែក ដើម្បីអនុវត្តទៅតាមផែនទីចង្អុលផ្លូវសម្រាប់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម គឺគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពនោះឯង។ សង្ឃឹមថា យើងរួមគ្នាធ្វើកិច្ចការងារនេះ ព្រោះយើងមិនអាចរស់នៅជាមួយនឹងការលួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿងញៀននោះទេ។ ដូច្នេះ អ្នកសារព័ត៌មានត្រូវចូលរួមចំណែកជាមួយអាជ្ញាធរ ហើយអាជ្ញាធរក៏គួរត្រូវយកអ្នកសារព័ត៌មានធ្វើជាដៃគូរបស់ខ្លួនក្នុងការស៊ើបអង្កេតនូវបទឧក្រិទ្ធទាំងឡាយ ដែលវាបានបំពានទៅលើ ឧទាហរណ៍៖ ល្បែងស៊ីសង ឬក៏បញ្ហាគ្រឿងញៀន ចំណុចនេះគឺជាចំណុចដែលសុំឱ្យ​ រួមគ្នាធ្វើកិច្ចការងារនេះឱ្យបានល្អ។

(១៤) ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ជួបកីឡាករ/ការិនី, លើកទឹកចិត្តប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព

ទី៣) ថ្ងៃ ២៥ ខែ មករា ឆ្នាំ ២០២៣ ខាងមុខនេះ សូមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមយុទ្ធនាការផ្សព្វ​ផ្សាយ​ការរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជាឱ្យបានផុលផុសដើម្បីឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានដឹង និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ/ការិនី ឱ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដាយច្រើនក្នុងការប្រកួតនាពេលខាងមុខ លើកទឹកចិត្តឱ្យយុវជននិងប្រជាពលរដ្ឋយើងគាំទ្រ និងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកម្ពុជាស្អាត»

អញ្ចឹងទេនៅថ្ងៃទី ២៥ ខែ មករា ខាងមុខនេះ គឺជាថ្ងៃសល់ ១០០ថ្ងៃ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវធ្វើឱ្យផ្ទុះឡើង ដើម្បីឱ្យប្រជាជនកម្ពុជាគ្រប់រូបបានដឹងថា យើងចាប់រាប់ថយក្រោយថ្ងៃ  ២៥ គឺ ១០០ថ្ងៃ ២៦ សល់ ៩៩ ថ្ងៃ២៧ សល់ ៩៨ បន្តបន្ទាប់រាប់ថយក្រោយ។ ខ្ញុំក៏ចង់សួរទៅសម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ថោង ខុន តើមានតម្រូវការដូចមុនឱ្យខ្ញុំជួបកីឡាករ/ការិនី ឬអត់? តាមធម្មតាគឺជំនួបរវាងនាយករដ្ឋមន្ត្រីជាមួយកីឡាករ/ការិនីនឹងត្រូវធ្វើនៅក្នុងថ្ងៃទី ៤ ខែមេសា ជារៀងរាល់ឆ្នាំ ប៉ុន្តែយើងអាក់ខានធ្វើ។ តែឆ្នាំនេះចាប់បើកឆាកពីសារព័ត៌មាន។ បន្ទាប់ទៅខ្ញុំនឹងជួបខាងផ្នែកវប្បធម៌ សិល្បៈករ/ការិនី បានរៀបចំពេលវេលាហើយ។ ឯចំពោះខាងផ្នែកឥស្លាម ខាងស្រាយបួសក៏បានរៀបចំពេលវេលាហើយ​។

ប៉ុន្តែនៅខាងកីឡាដូចជាមិនទាន់បានស្នើសុំ តើមានតម្រូវការឬអត់? ដើម្បីខ្ញុំចុះក្នុងកម្មវិធីសម្រាប់ការជួបជុំកីឡាករ/ការិនីប្រចាំឆ្នាំ … ផ្តល់ចម្លើយឱ្យខ្ញុំបានស្រូត។ (នឹងមានការជួប)។ អញ្ចឹងខ្ញុំសុំប្រកាសយកល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ជួបកីឡាករ/ការិនី នៅទីកន្លែងសមរម្យមួយ។  អ្នកទាំងនោះជួបខ្ញុំបានតែម្តងៗទេ ក៏ប៉ុន្តែខ្ញុំត្រូវជួបក្នុងមួយឆ្នាំមិនដឹងថាប៉ុន្មានដង។ ឥឡូវត្រូវថែមដល់គ្រីស្តសាសនាមួយទៀតនោះ។ នៅមានអាចារ្យយាយជីទៀត។ ប៉ុន្តែយើងមិនអាចត្អូញត្អែទេ ព្រោះវាជារឿងដែលយើងត្រូវធ្វើ។ ខ្ញុំសុំស្នើឱ្យទាំងអស់គ្នាបំផុសការលើកទឹកចិត្ត ជំរុញឱ្យប្រជាពលរដ្ឋរបស់យើងហាត់ប្រាណ លេងកីឡា ដើម្បីសុខភាព ហើយក៏ត្រូវលើកអំពីទាក់ទិនជាមួយនឹងការរស់នៅរបស់ប្រជាជនយើង។ ជាពិសេសចង់ផ្តោតការយកចិត្តទុកដាក់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តែម្តង

(១៥) រុញកម្មវិធីនយោបាយរាជរដ្ឋាភិបាល​ទៅប្រជាជន នាំកង្វល់​របស់ប្រជាជនមករដ្ឋាភិបាលវិញ

ចំណុចទី៤៖ ស្ថាប័នព័ត៌មានត្រូវបង្កើតភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ហើយត្រូវបំពេញតួនាទីជាស្ពានចម្លង ផ្សាភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជន និងពីប្រជាជនមកស្ថាប័នរដ្ឋវិញ ទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ទាំងការអនុវត្តជាក់ស្តែងដែលតម្រូវឱ្យអ្នកសារព័ត៌មានចូលរួមកាន់តែសកម្មថែមទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

ដូចដែលឯកឧត្តម ខៀវ កាញារីទ្ធិ បានលើកឡើង ហើយខ្ញុំក៏ទទួលស្គាល់លើរឿងនេះ។ ក្នុងបទពិសោធន៍ ៤៤ឆ្នាំនៃការដែលខ្ញុំចូលរួមកាន់អំណាច ខ្ញុំបានប្រើប្រាស់ស្ថាប័នសារព័ត៌មាននេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាជន ភ្ជាប់ទំនាក់ទំនងជាមួយខាងក្រៅទៀតផង។ ប្រសិនបើអ្នកធ្លាប់ស្គាល់ ហ៊ុន សែន កាលពីដើមនោះ ហ៊ុន សែន ធ្វើសន្និសីទកាសែតច្រើនណាស់។ ជួនកាល អ្នកកាសែតមិនចាំបាច់សួរទេ ខ្ញុំបោយដៃហៅមកនិយាយតែម្តង។ ហៅមកប្រាប់។ ខ្ញុំមិនដែលខ្លាចអ្នកកាសែតទេ។ ខ្ញុំក៏មិនយកអ្នកកាសែតធ្វើជាសត្រូវដែរ។ ប៉ុន្ដែបើកាសែតយកខ្ញុំធ្វើជាសត្រូវ ខ្ញុំក៏មិន(ចាំ)បាច់និយាយជា​មួយ​ពួកហ្នឹងដែរ។ ខ្ញុំនិយាយតាមមួយបែបថា បើមាន់មិនរងាវក៏ព្រះអាទិត្យនៅតែរះ។ មានន័យថាម៉េច មានវិទ្យុខ្លះ​ឬសារព័ត៌មានខ្លះមកធ្វើសម្ភាសន៍ហើយយក(សម្ដី)របស់ខ្ញុំទៅផ្សាយទេ។ ខ្ញុំមានប្រព័ន្ធគ្រប់គ្រាន់ដើម្បីនឹងផ្សាយ​នៅទីនេះហើយ។

រឿងនេះត្រូវបន្ដធ្វើយ៉ាងម៉េច ឲ្យយើងអាចរុញនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​ទៅកាន់ប្រជាជន ហើយត្រូវពាំនាំមកវិញនូវកង្វល់​របស់ប្រជាជន ព្រោះមិនមែនអ្វីដែលយើងដាក់ទៅប្រជាជន​ពេញចិត្តទាំងអស់នោះទេ ប៉ុន្ដែយើងត្រូវយកមកថ្លឹងថ្លែង ជួនកាលដាក់ទៅវាខុស។ ខ្ញុំលើកឧទាហរណ៍មួយ។ យើង​ដាក់ចេញនូវបញ្ហាការដោះស្រាយទន្លេសាប ប៉ុន្ដែបែរជាយើងភ្លេចគិត(ពី)ប្រជាពលរដ្ឋដែលរស់នៅរយឆ្នាំហើយនោះនៅក្នុងទន្លេសាប។ តើឲ្យរើគាត់ទៅនៅទីណា? ដូច្នេះយើងត្រូវកែតម្រូវនូវលិខិតបទដ្ឋានដែលចេញទៅ។ វាមិនមែនជារឿងអីចម្លែកទេ ឬថាអ្វីដែលរាជរដ្ឋាភិបាលដាក់ទៅវាសុទ្ធតែត្រូវទេ។ វាមានចំណុចខុស។ យើង​កែវាទៅសម្រួលវាទៅដើម្បីឲ្យទាំងអស់គ្នាទទួលយកបាន។ ម្ខាងត្រូវការពារទន្លេសាប តែម្ខាងទៀតប្រជាពលរដ្ឋដែលរស់នៅយូរហើយកន្លែងហ្នឹង។ (តើ)គាត់ត្រូវរស់នៅរបៀបម៉េច ?គាត់ត្រូវទទួលផលប្រយោជន៍របៀបម៉េចត្រូវដោះស្រាយជាមួយគ្នាលើបញ្ហានេះ។

(១៦) ផ្ដល់មេធាវីការពារអ្នកសារព័ត៌មានដែលហ៊ានបញ្ចេញនូវការពិតមានភស្ដុតាងគ្រប់គ្រាន់, “អ្នកសារព័ត៌មានគួរផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់​អ្នកដទៃ”

ចំណុចទី ៥ បន្ដចូលរួមយុទ្ធនាការប្រយុទ្ធនឹងភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាព​អយុត្ដិធម៌​នៅក្នុងសង្គម នឹងដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព និងសូមឲ្យអ្នកសារព័ត៌មាន​ ​ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងខណៈដែលរាជរដ្ឋាភិបាលកំពុងជំរុញកែទម្រង់រដ្ឋដើម្បី​ឲ្យ​មាន​តម្លាភាព ដែលទាមទារឲ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ាន​បញ្ចេញនូវការពិត មិនមានការក្លែងបន្លំ បំភ្លៃការពិត បន្ដបំផ្លាញចោលពួកឱកាសនិយមដែលស្វែងរកផល​ប្រយោជន៍ផ្ទាល់ខ្លួន ជ្រកក្រោមស្លាកសារព័ត៌មានធ្វើឲ្យប៉ះពាល់តម្លៃកិត្យានុភាពរបស់អ្នកសារព័ត៌មានទូទៅ និងស្ថាប័នសារព័ត៌មាន។

នេះគឺជាចំណុចដែលយើងរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងភាពអសកម្មនានាអំពើ​ពុករលួយ និងភាពអយុត្ដិធម៌ក្នុងសង្គម។ អ្នកទាំងអស់គ្នាបានចូលរួមច្រើនហើយ ប៉ុន្ដែយើង​ត្រូវបន្ដធ្វើ ហើយខ្ញុំនឹងផ្ដល់នូវមេធាវីការពារដល់អ្នកសារព័ត៌មានដែលហ៊ានបញ្ចេញនូវការពិតទាំងនេះ។ ខ្ញុំបាននិយាយកាលពីពេលហ្នឹង គឺនៅកន្លែងហ្នឹងដែរ។ ខ្ញុំទទួលយកការការពារក្ដីក្នុងអង្គហេតុ និងអង្គច្បាប់​សម​ស្រប។ អម្បាញ់មិញ ឯកឧត្តម កាញារីទ្ធិ… តែខ្ញុំមិនទទួលរឿងក្ដីណាដែលអ្នកសារព័ត៌មាន​បំផ្លាញគេហើយមកស្នើឲ្យខ្ញុំបញ្ជូន(មេធាវី)ទៅចូលរួម … អ្នកសារព័ត៌មាន​ណាហ៊ានបញ្ចេញការពិតដែលមានភស្ដុតាងគ្រប់គ្រាន់។ ប្រសិនបើមានរឿងក្ដី ខ្ញុំទទួលខុសត្រូវទៅលើការបញ្ជូនមេធាវីការពារក្ដីនៅតុលាការ ក៏ប៉ុន្ដែខ្ញុំបញ្ជាក់ឡើងវិញថា ខ្ញុំនឹងមិនបញ្ជូនមេធាវីទៅការពារក្ដីឲ្យសារព័ត៌មាន​ដែលមួលបង្កាច់គេនោះ … ខ្ញុំក៏បាននិយាយថា “អ្នកសារព័ត៌មានកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត”។ ​ឥឡូវនេះខ្ញុំក៏គួរតែនិយាយបន្ថែមថា “អ្នកសារព័ត៌មានគួរផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់​អ្នកដទៃ”។ យើងមានពាក្យស្លោក ២ … ជួនកាលអាងតែខ្លួនឯងមាន Facebook ទូរស័ព្ទមួយគ្រឿងផ្សាយទៅជេរគេ ជេរឯង ប្រមាថគេ ប្រមាថឯងទៅ ហើយតាំងខ្លួនជាចៅក្រមកាត់សេចក្ដី​បណ្ដោយ …។

បន្ទាប់ពីមាន(អ្នកសារព័ត៌មាន)បោកចានបោកឆ្នាំង ឥលូវ ព្រះតេជព្រះគុណ​ សាន្ដ ប៊ុនធឿន សឹកហើយឬ​នៅ?(ឈប់ហើយ)។ ល្មមរាងហើយ … ខ្ញុំជួយអស់ហើយ។ ប្រសិនបើព្រះតេជព្រះគុណ សាន្ដ ប៊ុនធឿន បួស ក៏បន្ដបួសមួយវស្សា ពីរវស្សាទៀតទៅដើម្បី​​បំពេញកុសល តែបើបានជាសឹកហើយក៏ខិតខំរកស៊ី ធ្វើការឲ្យបានត្រឹមត្រូវទៅ … ខ្ញុំជួយ សាន្ដ ប៊ុនធឿន … មិនមែន​គ្រាន់តែទិញផ្ទះទេ … ដើម្បីកែប្រែ សាន្ដ ប៊ុនធឿន ប៉ុន្ដែកែមិនឡើង … អ្នកសារព័ត៌មានទាំងឡាយកុំធ្វើរបៀបហ្នឹង ដោយយកភាពល្បីល្បាញតាមការជេរ បោកចាន បោកឆ្នាំងនោះ។

(១៧) យកការពិតមកបកស្រាយភ្លាមនិងច្បាស់ បន្សាបព័ត៌មានក្លែងក្លាយ

ទី៦ បន្ដចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយទាំងក្នុងក្របខណ្ឌជាតិនិងអន្ដរ​ជាតិ ដែលបច្ចុប្បន្នតំណាងសារព័ត៌មានរបស់យើងក៏មាននៅក្នុងក្របខណ្ឌជាតិអាស៊ាន ដែលតម្រូវឲ្យស្ថាប័ន​របស់យើងធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយឲ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មាន​ក្លែង​ក្លាយនិងមិនពិតជាផ្នែកចិត្តសាស្ដ្រដែលធ្វើឲ្យសង្គមមានភាពចលាចល អស្ថិរភាពនយោបាយ អសន្ដិសុខ​សង្គម និងកើតមានអរិភាពជាមួយបរទេស។

នេះជាចំណុចដែលវាមិនមែនគ្រាន់តែជាបញ្ហាកម្ពុជា (តែ)នៅលើពិភពលោក នៅគ្រប់ទីកន្លែង រាប់ទាំងនៅ(ក្នុង)ការអានសុន្ទរកថានៅក្នុងអង្គការសហប្រជាជាតិ។ ​ខ្ញុំអង្គុយស្ដាប់មួយសន្ទុះ មុនពេលដែលខ្ញុំឡើងអានខ្ញុំស្ដាប់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលមួយចំនួនទៅ ក្រោយ​ពេលដែលខ្ញុំឡើងអានខ្ញុំស្ដាប់មួយចំនួនទៅ គឺអត់មានអ្នកណាមួយមិននិយាយពីព័ត៌មានក្លែងក្លាយទេ។ យើងបើកមើល​នៅក្នុងយូធូបជាភាសាខ្មែរ បន្ដិចគេថាលោក ហ៊ុន សែន ស្លាប់ហើយ បន្ដិចគេថាប្រពន្ធលោក ហ៊ុន សែន នៅរង់ចាំតែថ្ងៃដែលលោក ហ៊ុន សែន ឲ្យដកអុកស៊ីសែនចេញទេ។ ព័ត៌មានអញ្ចឹងៗ ចេញមកពីណា? ក្រុមប្រឆាំងគឺជាក្រុមដែលស្មោកគ្រោកបំផុត ដែលខ្ញុំក៏សូមប្រាប់ទៅជនបរទេសនានាឲ្យបានដឹងផងដែរ ប្រសិនបើអ្នកទាំងឡាយមើល(ឃ្លីប)ទាំងនោះ តើអ្នកគួរគប្បីគាំទ្រប្រភេទហ្នឹងឬអត់?

ព័ត៌មានក្លែងក្លាយ (មានចរិត)ចិត្តសាស្ត្រអាក្រក់ … យើងត្រូវប្រយុទ្ធ។ ឥឡូវការប្រយុទ្ធរបស់យើងត្រូវយកអី? យកការពិតមកបកស្រាយភ្លាម។ ត្រូវធ្វើឲ្យលឿន ធ្វើឲ្យរហ័ស និងធ្វើឲ្យច្បាស់។ មិនអាចទុកឲ្យព័ត៌មានក្លែងក្លាយនេះវាស្ថិតនៅយូរនោះទេ។ ត្រូវចេញបកស្រាយភ្លាម។ ទាក់ទងនឹងផ្នែកណា ផ្នែកហ្នឹងត្រូវចេញមកបកស្រាយភ្លាម ដើម្បីធ្វើឲ្យសាបព័ត៌មានក្លែងក្លាយនេះ។ មានតែព័ត៌មានពិតទេ ដែលយកទៅបំបាត់វា។ អ្នកទទួលខុសត្រូវតាមស្ថាប័ននានា ត្រូវតែរហ័សរហួន ឧស្សាហ៍មើលព័ត៌មាន បើមិនមើលព័ត៌មាន ធ្វើម៉េចដឹងថាមួយណាពិត មួយណាមិនពិត។ ក្នុងពេលដែលយើងកាន់ការជារដ្ឋមន្ត្រី និយាយរួមជាអ្នកដឹកនាំ យើងត្រូវតែខិតខំមើលសារព័ត៌មាន។ អ្នកទាំងនោះហើយដែលផ្តល់ យើងមិនចាំបាច់ទៅធ្វើសិក្សាស្រាវជ្រាវ យើងបានទទួលពីហ្នឹង។ យើងសួរបញ្ជាក់ទៅភ្លាមទៅ។ តើមានរឿងហ្នឹងមែនឬអត់? ខ្ញុំពេលខ្លះទាញយកពីហ្វេសប៊ុក ពេលដែលចូលម​ក comment ក្នុងហ្វេសប៊ុករបស់ខ្ញុំៗ ទាញយកហ្វេសប៊ុកហ្នឹងទៅឲ្យមុខសញ្ញាត្រូវទទួល។

កន្លែងខ្លះក៏បង្កើតនូវអ្នកតាមដានព័ត៌មាន ដែលចូលមក comment នៅក្នុងផេករបស់ខ្ញុំ។ គេបានឆ្លើយតបភ្លាម ដូចជាមន្ទីរពេទ្យកាល់ម៉ែត្រ។ នៅពេលដែលគេនិយាយដល់មន្ទីរពេទ្យកាល់ម៉ែត្រ អ្នកក្នុងមន្ទីរពេទ្យកាល់ម៉ែត្រគេ comment តថារឿងវាអញ្ចេះៗ ព្រោះយើងមិនអាចដឹងបានជំនួសមន្ទីរពេទ្យកាល់ម៉ែត្រទេ។ ខ្ញុំសូមស្នើថា យើងខិតខំធ្វើការទាំងអស់គ្នា ហើយមិនមែនពឹងពាក់លើអ្នកសារព័ត៌មានទេ ពឹងពាក់ទៅលើស្ថាប័នទទួលខុសត្រូវ ហើយស្ថាប័នទទួលខុសត្រូវហ្នឹង បញ្ចូនព័ត៌មានហ្នឹងទៅឲ្យសារព័ត៌មានរបស់យើង បញ្ចេញព័ត៌មានហ្នឹងដើម្បីឲ្យបំភ្លឺរឿងហ្នឹងត្រឡប់មកវិញ។ ប៉ុន្តែអ្នកដែលនិយមចូលចិត្តលេងខូចរឿងបញ្ហាព័ត៌មានមិនពិតនេះ វាមិនយូរមិនឆាប់ទេគង់តែសាបខ្លួនវាទេ។ នៅពេលដែលគេនិយាយពីគោ ឯងទៅនិយាយពីក្របី … មានសារព័ត៌មានខ្លះ អស់ទាំងមនុស្សសម្រាប់ធ្វើសម្ភាសន៍ផង ព្រោះគេធុញទ្រាន់ … សម្តេចពិជ័យសេនា ឧស្សាហ៍ឆ្លើយណាស់ … ឯខ្ញុំអត់ទេ block លេខហ្អែងចោលហ្មង …។

(១៨) សូមគ្រប់ប្រព័ន្ធព័ត៌មានកសាងសមត្ថភាព … ឈានចូលដំណាក់កាលពង្រឹងគុណភាព

ទី ៧ សមាគមអ្នកសារព័ត៌មានត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ សមត្ថភាពជំនាញដល់បុគ្គលិក និងភ្នាក់ងាររបស់ខ្លួន ឲ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារបានរហ័ស និងទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មី សម្រាប់ទប់ទល់នឹងបញ្ហាប្រឈមដែលអាចកើតឡើងនាពេលអនាគត ដែលយើងមិនអាចប៉ាន់ស្មានបាន។

ខ្ញុំនៅតែបន្តលើកទឹកចិត្តឲ្យទាំងអស់គ្នា នៅក្នុងបណ្តាញគ្រប់ប្រព័ន្ធព័ត៌មាន កសាងសមត្ថភាពឡើង។ សព្វថ្ងៃនេះ យើងមានបរិមាណហើយ ច្រើនណាស់។ បើយោងលើរដ្ឋមន្ត្រីរាយការណ៍អម្បាញ់មិញ វាច្រើនពេកហើយ ប៉ុន្តែយើងមានបរិមាណ។ ឥឡូវខ្ញុំសុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នា ឈានចូលទៅកាន់ការពង្រឹងគុណភាព។ បើមានតែបរិមាណ អត់មានគុណភាពទេ យើងគ្រាន់តែមានឈ្មោះថាជាប្រទេសដែលមានសារព័ត៌មានច្រើនតែប៉ុណ្ណោះ ប៉ុន្តែគុណភាពវាអត់។ ប្រទេសយើងមានតែ ១៧ លាននាក់ ប៉ុន្តែសារព័ត៌មាន មាន ច្រើនណាស់។ ប៉ុន្តែបើមានតែបរិមាណ អត់គុណភាព គឺទៅមិនរួចទេ។ សមាគមអ្នកសារព័ត៌មានក៏មានច្រើន។ ខ្ញុំចង់យកឱកាសនេះ អំពាវនាវចំពោះស្ថាប័ន(សារព័ត៌មាន) ផ្តោតការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាល កសាងសមត្ថភាពអ្នកសារព័ត៌មាន។ ក្រសួងក៏ត្រូវធ្វើការងារនេះ ជាមួយនឹងបណ្តាសមាគម …។

ផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងសមត្ថភាព។ ខាង fresh news ឃើញគេបើកវគ្គរបស់គេតាមទូរទស្សន៍មួយចំនួន។ ស្ថាប័នសារព័ត៌មានមួយចំនួន បើកវគ្គពង្រឹងសមត្ថភាពជំនាញរបស់ពួកគេ។ អញ្ចឹងទេ យើងកុំមានតែបរិមាណ ត្រូវពង្រឹងគុណភាពផងដែរ។ សម័យនេះហើយ កុំសម័យនាំគ្នាត្រឹមតែថា អញសរសេរ សរសេររួចហើយ ចាំអញបញ្ជូនទៅឲ្យហ្អែងវាយ។ សម័យនេះហើយវាហួសពេលហើយ។ បើថាអ្នកសារព័ត៌​មាន ដើរមិនទាន់នាយករដ្ឋមន្ត្រីគឺចប់ហើយ។ ខ្ញុំប្រើប៊ិចឌីជីថលនេះ។ ដំណាក់កាលនេះ មិនមែនត្រូវសរសេរលើក្រដាសរួចហើយបានបញ្ជូនទៅឲ្យគេវាយទេ។ ដំណាក់កាលនេះ ត្រូវចេះវាយខ្លួនឯង ហើយត្រូវកែខ្លួនឯង។ ខ្ញុំប្រើវាជាប់រហូត ហើយជាពិសេស មិនមែនទើបនឹងឥឡូវទេ … ពីមុន ខ្ញុំស្នើឲ្យធ្វើអក្ខរកម្មកុំព្យូទ័រ ប៉ុន្តែក្រោយមក ខ្ញុំមិនទាមទារលើចំណុចហ្នឹងទៀតទេ។ ខ្ញុំមានសំណូមពរត្រឹមតែធ្វើអក្ខរកម្មព័ត៌មានវិទ្យាមួយជុំវិញប្រព័ន្ធស្មាតហ្វូនទៅបានហើយ។ ចេះតែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ ប្រើប្រព័ន្ធជា line ជា viber ជា what app ជា telegram ប្រព័ន្ធ zoom ក៏នៅក្នុងហ្នឹង ប្រព័ន្ធ PDF, Ebook ក៏នៅក្នុងហ្នឹងទាំងអស់។

យើងមិនចាំបាច់ទៅណា ស្ពាយសៀវភៅមួយគំនរទេ … គ្រាន់តែក្នុង(ទូរស័ព្ទ)នេះ សៀវភៅរបស់ខ្ញុំមានជិត ១០០ ក្បាល … នៅលើយន្តហោះ ខ្ញុំបើកមើល។ ជួនកាល សៀវភៅខ្លះសរសេរ វា​មិនទាន់បានបញ្ជូលរោងពុម្ព ខ្ញុំកែវា ដោយប៊ិចឌីជីថលរបស់យើង។ រួចហើយបញ្ជូនទៅឲ្យអ្នកដែលសរសេរហ្នឹង ដែលត្រូវការការផ្តល់មតិពីយើង ទៅលើចំណុចខ្លះដែលពាក់ព័ន្ធនឹងយើង។ ជាថ្មីម្តងទៀត ខ្ញុំស្នើឲ្យគ្រប់បណ្តាញព័ត៌មានយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាព កសាងធនធានមនុស្ស បើមានលទ្ធភាពការជួយទៅដល់អាហារូបករណ៍សម្រាប់បុគ្គលិករបស់ខ្លួនរៀនបន្តគឺជាការល្អ។ ឧទាហរណ៍ថា គ្នាទើបនឹងបញ្ចប់បរិញ្ញាបត្រ យើងចង់រុញឱ្យចូលរៀនបរិញ្ញាជាន់ខ្ពស់ យើងអាចផ្ដល់ឱកាសសម្រាប់គ្នាទៅរៀន … មានប្រាក់ខែ រួចហើយផ្ដល់(ជំនួយការរៀនបន្ត) ដើម្បីអនាគតវែងឆ្ងាយនៅស្ថាប័នព័ត៌មាន។ ហ្នឹងស្ថាប័នធំៗ ដែលមានប្រាក់ចំណេញ។

មួយរយៈចុងក្រោយនេះ គឺមានការធ្លាក់ចុះជាមួយនឹងការដាក់ពាណិជ្ជកម្មប្រព័ន្ធផ្សព្វផ្សាយមួយចំនួនគឺខាត។​ ខ្ញុំនិយាយពីរឿងបាយ័ន៖ ៤ខែដំបូង គឺចំណេញ ប៉ុន្តែបន្ទាប់ទៅខាតជាប់។ ខាតៗ ដល់មួយខែចុងក្រោយនេះ ចំណេញវិញ … កូនរបស់ខ្ញុំ បានវាយមកឱ្យខ្ញុំ … ឆ្នាំនេះ បាយ័នធ្លាប់តែខាត ខាតប៉ុន្មានខែ(ជាប់គ្នា)។ កាលពីខែមេសានេះ ចំណេញបានជិតកន្លះលាន … ដល់ខែវិច្ឆិកានេះ ចំណេញបាន ១១៣ ៣៦០(ដុល្លារ)។ ពេញមួយឆ្នាំនេះ ចំណេញបាន ៤៦៧ ២១៩ ដុល្លារ។ ប៉ុន្តែមានទូរទស្សន៍ខ្លះ វាខាត។ ខ្ញុំគិតថា ប្រហែលជាមានទូរទស្សន៍មិនច្រើនប៉ុន្មានទេដែលចំណេញ។ ទូរទស្សន៍ខ្លះខាតឡុងចុង ព្រោះអត់មានស្អីឱ្យគេមើល ហើយធ្វើម៉េចគេដាក់ពាណិជ្ជកម្ម។ គោលនយោបាយរបស់បាយ័ន គឺសូមជម្រាបជូន ប្រាក់ចំណេញទុកតែ ១០% ទេ សម្រាប់បាយ័ន … ក្រៅពីនោះ ៣០% ត្រូវបង្កើតជាមូលនិធិបាយ័នសម្រាប់សង្រ្គោះបន្ទាន់ទៅលើបុគ្គលិកស្អីៗហ្នឹង។ នៅសល់ ៦០% ទៀត ក៏បានជាផលប្រយោជន៍នៃបុគ្គលិកបាយ័ន។ នេះជាគោលនយោបាយរបស់បាយ័ន។ ទូរទស្សន៍ដទៃ ជារឿងរបស់គេទេ … ពួកប្រឆាំងខ្លះថា ឱ្យកូនខ្លួនឯងកាន់ទូរទស្សន៍។ នេះជាទូរទស្សន៍របស់កូនរបស់ខ្ញុំ តើមិនឱ្យគាត់កាន់ឱ្យនរណាកាន់? …។

(១៩) ចូលរួមផ្សព្វផ្សាយពីកូវីដ១៩និងបន្តទទួលវ៉ាក់សាំង

ចំណុចទី៨ នៃអនុសាសន៍ គឺចូលរួមការផ្សព្វផ្សាយព័ត៌មានអប់រំ ឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន។ កូវីដ-១៩ នៅមិនទាន់ដល់ទីបញ្ចប់របស់វាទេ។

ខ្ញុំសូមស្នើឱ្យគ្រប់បណ្ដាសារព័ត៌មាន បន្តការយកចិត្តទុកដាក់បន្តទៀត ទៅលើការជួយឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការណ៍សុខាភិបាល ហើយការទទួលយកវ៉ាក់សាំង ជាកិច្ចការយើងត្រូវបន្ត។ យើងមិនដឹងថា វាវិវត្តទៅដល់ណា។ ឥឡូវ អូមីក្រុង ចេញទៅដល់ XBB … មិនមែនជាបញ្ហាដាច់ដោយឡែកលើកូវីដ-១៩ ទេ នៅពេលដែលមានបញ្ហាជំងឺអ្វីកើតឡើង ដែលទាមទារឱ្យមានដំណោះស្រាយ គួរតែត្រូវបានធ្វើ ជួយផ្សព្វផ្សាយ ដើម្បីប្រជាពលរដ្ឋ គាត់បានដឹង ហើយចេះការពារខ្លួន។

(២០) អោយការនាំចូលខ្សែភាពយន្តបរទេសរួចពន្ធ ៥ ឆ្នាំទៀត, ចុះបញ្ជីឧបករណ៍កែច្នៃផ្សាយដែលកំពុងប្រើប្រាស់មិនស្ថិតក្នុងតំបន់ហានិភ័យ, ករណីឆ្លងរំខានអាកាសចរកម្ម ត្រូវជំនួសដោយឧបករណ៍មានសុវត្ថិភាព

ខ្ញុំចង់បញ្ជាក់ជូនអំពីសំណូមពរអម្បាញ់មិញរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ទាក់ទិនជាមួយនឹងការនាំចូលខ្សែភាពយន្ត គឺយើងបន្តជូនសម្រាប់រយៈពេល ៥ឆ្នាំជាបន្តទៀត។ ឯក្រៅពីនោះទាក់ទងនឹងបញ្ហាបច្ចេកទេស … ខ្ញុំសូមស្នើអញ្ចេះ ឱ្យមានការសហការ ៣ ភាគី៖ ក្រសួងព័ត៌មាន ប្រៃសណីយ៍ និងអាកាសចរណ៍ស៊ីវិល។ ខ្ញុំផ្ដល់ឱ្យនូវរបៀបដោះស្រាយ។ ឧបករណ៍កែច្នៃដែលកំពុងប្រើប្រាស់នេះ បើវាមិនស្ថិតនៅក្នុងតំបន់ហានិភ័យទេ ចុះបញ្ជីឱ្យវាទៅ។ យើងបាននាំចូលរួចមកហើយ កំពុងតែប្រើប្រាស់។ បើឱ្យដោះវាចេញប្រព័ន្ធផ្សព្វផ្សាយទាំងអស់វានឹងគាំង។ ប្រព័ន្ធខ្លះគឺគាំងទាំងអស់តែម្ដង ដោយវាទៅឆ្លងគេឆ្លងឯង។ ប៉ុន្តែករណីដែលវាមានគ្រោះថ្នាក់ចំតំបន់នៃការហោះហើរ ដែលវាអាចឆ្លងរំខានទៅដល់ការហោះហើរនោះ គឺគួរតែត្រូវបានជំនួសដោយឧបករណ៍សុវត្ថិភាព។ អញ្ចឹងអ្វីដែលបាននាំចូលរួមមកហើយ ព្រោះមុននេះ វាអត់មានលិខិតសំគាល់ចេញពីក្រុមហ៊ុនណាស្អីៗ ឥឡូវចុះបញ្ជីឱ្យវាទៅ។ បើនៅចំកន្លែងណាជាតំបន់ហោះហើរ ដែលវាប៉ះពាល់ទៅដល់សុវត្ថិភាពនៃការហោះហើរផ្នែកអាកាសចរណ៍ សូមឱ្យជំនួសកន្លែងហ្នឹង ឯកន្លែងដទៃ គឺរក្សាទុកសិន។

ដល់លើកក្រោយទៀត នៅពេលនៃការនាំចូល ត្រូវតែនាំចូលដោយមានសុវត្ថិភាព មានទិដ្ឋាការត្រឹមត្រូវ។ សំភារៈបរិក្ខារផ្សព្វផ្សាយសោតទស្សន៍ ដែលនាំចូលថ្មី ត្រូវតែមានឯកសារបច្ចេកទេសគ្រប់គ្រាន់ ដើម្បីធ្វើការចុះបញ្ជី អនុញ្ញាតបន្ត ពន្យារពេលយកថ្លៃទិដ្ឋាការត្រួតពិនិត្យ អាហ្នឹងគឺបញ្ជាក់ហើយ។ ខ្ញុំបញ្ជាក់៖ ឧបករណ៍ចាស់ត្រូវចុះបញ្ជីឱ្យ ប៉ុន្តែមានបម្រុងទុកមួយថា បើសិនជាវាប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើរ គឺគប្បី ៣ស្ថាប័ន ត្រូវធ្វើការរួមគ្នា, ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងអាកាសចរណ៍ស៊ីវិល ជំរុញឱ្យអ្នកហ្នឹងត្រូវផ្លាស់ប្តូរ។​ ធ្វើយ៉ាងនេះ ជាស្ថានភាពឈ្នះឈ្នះ ដែលផ្នែកឧបរកណ៍ គឺផ្នែកផ្សព្វផ្សាយនៅតែផ្សព្វផ្សាយបាន ឯផ្នែកចរាចរណ៍ផ្លូវអាកាសក៏មានសុវត្ថិភាព។

(២១) ពន្ធប៉ាតង់សារព័ត៌មានអនឡាញ ៦២១ ជាប្រភេទធុនតូច ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ”, កម្រៃអាជ្ញាប័ណ្ណស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានត្រូវបន្ថយ ៥០%

ក្រៅពីនោះ ខ្ញុំគិតថា មិនចង់ដោះស្រាយទេ ប៉ុន្តែ យូរៗទៅ មើលចុះមើលឡើង​ គួរតែខិតខំដោះស្រាយ។ ទាក់​ទិននឹងសំណើអំពីសារពើពន្ធនិងមិនមែនសារពើពន្ធ។ ការដោះស្រាយរបស់ខ្ញុំនេះ ជាកាដូឆ្នាំថ្មីផង ហើយពេលខ្លះក៏យើងអាចត្រូវបន្តដើម្បីដោះស្រាយជាមួយគ្នាលើរឿងនេះ។ ទាក់ទងនឹងប៉ាតង់ … ឥឡូវសារព័ត៌មានអនឡាញសរុបទាំងអស់មាន ៦២១ គឺប្រមាណ ៩៧% ជាប្រភេទធុនតូច ដែលរដ្ឋអាចទទួលបន្ទុក។ ឥឡូវផ្នែកប៉ាតង់នេះ ខ្ញុំប្រកាសជូន “ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ”។ ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវទៅជួបជាមួយនឹងអង្គភាពទទួលខុសត្រូវ កុំលេង អាងថា(ជាបន្ទុករបស់រដ្ឋ) បង្កើតក្រៅច្បាប់។ អត់មានច្បាប់ អត់មានទំលាប់។ ត្រូវចូលទៅ(សុំច្បាប់ត្រឹមត្រូវ)។ អញ្ចឹងផ្នែកប៉ាតង់នេះ គឺរដ្ឋទទួលបន្ទុកជូនរយៈពេល ៥ឆ្នាំ។ ឥឡូវឆ្នាំនេះ ឆ្នាំ ២០២៣ អញ្ចឹងដល់ឆ្នាំ ២០២៨ ប៉ុន្តែ អ្នកដែលធ្វើអនឡាញទាំងប៉ុន្មាននេះ ត្រូវទៅចុះបញ្ជីអីធម្មតាទៅ។ កន្លងទៅមានអាជ្ញាប័ណ្ណមានស្អីៗហ្នឹង ប៉ុន្តែមិនពាក់ព័ន្ធជាមួយនឹងប្រព័ន្ធធំទេ … ពួកវិទ្យុ ទូរទស្សន៍​អីៗហ្នឹង ត្រូវតែបង់ទៅ នេះអនុគ្រោះសម្រាប់ពួកប្រព័ន្ធអនឡាញតូចតាចតែប៉ុណ្ណឹងទេ។ នេះអត់មានរាលដាលទៅដល់ប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលមានលក្ខណៈធំ ដែលមានបុគ្គលិករាប់រយនាក់នោះ។

ឥឡូវផ្នែកមិនមែនសារពើពន្ធ។ ក្នុងហ្នឹង សម្រាប់ការបង់កម្រៃអាជ្ញាប័ណ្ណស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មាន ខ្ញុំមិនបានពិគ្រោះជាមួយនឹងឯកឧត្តម កាញារីទ្ធ ទេ។ វានឹងធ្វើឱ្យធ្លាក់ចំណូលនៃក្រសួងព័ត៌មាន ក៏ប៉ុន្តែក្រសួងព័ត៌មានដែលជាមេធំរបស់កូនចៅនេះ គួរតែអនុគ្រោះ។ ខ្ញុំសូមស្នើបញ្ចុះតម្លៃ ៥០%។ ហ្នឹងខ្ញុំជួយកាត់សេចក្ដី។ កាញារីទ្ធ អត់មានស្នើទេ កន្លែងហ្នឹង ព្រោះអាហ្នឹងជាប្រាក់ចំណូល(ក្រសួង)ខ្លួន។ ទុកឱ្យលោកឯង ៥០% ហ្នឹង ចាត់ទុកថាគ្រាន់បើហើយ កុំអីខ្ញុំកាត់ទាំងអស់ហ្នឹង។ តាមកម្រៃអាជ្ញាប័ណ្ណ កន្លងមកត្រូវបង់៤០ម៉ឺនរៀល។ ចុះ៥០% ឥឡូវត្រូវបង់តែ ២០ម៉ឺនរៀលទេ។ ចំណែកឯកម្រៃអាជ្ញាប័ណ្ណដែលត្រូវបង់ ៨០ ម៉ឺនរៀល ចុះ៥០% ត្រូវបង់ ៤០ម៉ឺនរៀល។

នេះជាការកាត់បន្ថយថវិកា ដែលក្រសួងព័ត៌មានធ្លាប់ទទួល។ អញ្ចឹងមន្រ្តីក្រសួងព័ត៌មានកុំអាក់អន់ចិត្តអី។ ធ្វើទៅ ប្រាក់ខែខ្លួនមានឡើងហើយ។ កាត់បន្ថយពីនេះទៅ។ ក៏វាមិនបានច្រើនប៉ុន្មានដែរ។ បើសិនថា កាញារីទ្ធ ឯងយល់ព្រមថា “ខ្ញុំសុខចិត្តកាត់ដល់ទៅ ៨០%” ខ្ញុំក៏អូខេតាមដែរ។ ប៉ុន្តែឥឡូវប៉ុណ្ណឹងសិនចុះ ខ្ញុំជួយសម្រាលការលំបាករបស់ប្រព័ន្ធអនឡាញ។ ខ្ញុំថា ខ្ញុំមិនចង់និយាយដោះស្រាយរឿងពន្ធដារទេ ប៉ុន្តែដោយសារមានសំ​ណូមពរ ហើយ អូន ព័ន្ធមុនីរ័ត្ន ជូនយោបល់មកយ៉ាងច្រើន។ ខ្ញុំចារឱ្យ មុនីរ័ត្ន វិញថា “ស្អីខ្លះគួរត្រូវធ្វើ”។ អញ្ចឹងនេះជាមតិរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ដល់មកឱ្យខ្ញុំ ហើយខ្ញុំផ្ដល់ការយល់ព្រមទៅលើរឿងហ្នឹង។ សម្រាប់ផ្នែកសារពើពន្ធទាក់ទងនឹងប៉ាតង់ មុនីរ័ត្ន ថា “រយៈពេល ៣ ទៅ ៥ឆ្នាំ”។ ហ្នឹងខ្ញុំឱ្យ៥ ឆ្នាំតែម្ដង។ ឯចំ​ពោះផ្នែកមិនមែនសារពើពន្ធ គឺជាចំណូលរបស់ក្រសួងព័ត៌មានកាត់បន្ថយចំណូល ៥០% ពីក្រសួងព័ត៌មាន ដើម្បីជួយទៅដល់អ្នកចុះបញ្ជី។

ឥឡូវខ្ញុំគិតថា ផ្អាកត្រឹមប៉ុណ្ណឹងសិន ផ្ដល់ឱកាស(ដល់អ្នកសួរសំណួរ)។ ឥឡូវខ្ញុំនិយាយបានប៉ុន្មានហើយ? ឥឡូវឃ្លានបាយ? ឥឡូវសួរថា តើគួរសួរ(សំណួរ) ឬគួរហូបបាយ?

លោក ពុយ គា (ប្រធានក្លឹបអ្នកសារព័ត៌មានកម្ពុជា)៖ … ទី១ ខ្ញុំចាប់អារម្មណ៍លើបញ្ហាជារួមរបស់សារព័ត៌មាន គឺសុខភាព សមត្ថភាព ហើយនិងគុណធម៌។ ចំណុចទី២ សម្ដេចបានផ្ដល់អនុសាសន៍ហើយ អំពីសមត្ថភាព ប៉ុន្តែពីរឿងសុខភាពនេះ កន្លងមកអ្នកសារព័ត៌មានហ្នឹង តែងលើកអំពីការលំបាកនៅពេលដែលគាត់ឈឺ គាត់ថា មិនដឹងជាមានថវិកាឯណាដើម្បីទៅព្យាបាល។ ជាភ័ព្វសំណាង រាជរដ្ឋាភិបាលបានផ្ដល់ជូននូវ បសស។ ដូច្នេះ ជាការសម្រាលបន្ទុកច្រើនមែនទែន ហើយអ្នកសារព័ត៌មានក៏បានសប្បាយចិត្ត សំដែងការអបអរសាទរច្រើន។ ទី២ ទាក់ទងទៅនឹងសមត្ថភាពនេះ ក៏គួបផ្សំទៅហ្នឹងការជូនពរដំបូងរបស់សម្ដេច នូវពរប្រាំប្រការ គឺចុងក្រោយហ្នឹង “បដិភាណៈ” ទាក់ទងទៅនឹងភាពឈ្លាសវៃបញ្ញានេះ … កន្លែងនេះភ្ជាប់ជាមួយនឹងចុងក្រោយ រឿងគុណធម៌ឬក៏សីលធម៌នេះ ដែលក្លឹបអ្នកកាសែតកម្ពុជាបានប្រឹងប្រែង បានជជែកច្រើនណាស់មកហើយ។ ថ្មីៗនេះ ក៏បានពិភាក្សាគ្នា ទើបតែចប់ដែរដើម្បីពង្រឹងក្រមសីលធម៌និងវិជ្ជាជីវៈនេះ។

ត្រឡប់មកអំពីសមត្ថភាពអម្បាញ់មិញបន្ដិច នៅក្នុងបរិបទសារព័ត៌មានសព្វថ្ងៃនេះ ចែកចេញជាពីរ។ បច្ចុប្បន្ន អ្នកសារព័ត៌មានបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល និងអ្នកសារព័ត៌មានដែលមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល​ទេ។ ក្លឹបអ្នកកាសែតកម្ពុជាបានគិតថា ធ្វើយ៉ាងណាដើម្បីបណ្ដុះបណ្ដាលតាមអនុសាសន៍របស់សម្ដេច។ ក៏ប៉ុន្តែកន្លែងនេះវាពាក់ព័ន្ធទៅហ្នឹងបញ្ហាថវិកាដែរ។ នៅប្រទេសមួយចំនួន មានទម្រង់នៃការបណ្ដុះបណ្ដាលហ្នឹង តាមរបៀបជាការចូលរួមចំណែក (មាន)ក្រុមហ៊ុន ហើយនិងមួយចំណែកទៀតជួយពីថវិកាថ្នាក់ជាតិ។ នេះជាសំណូមពរទី១ ជាការលើកឡើងជាបញ្ហារួម។

បន្ទាប់មកទៀត ចង់ស្នើសុំជាសំណើ។ ដោយសារកន្លងមកនេះ ទាក់ទងទៅហ្នឹងការប្រើប្រាស់ពាក្យពេចន៍មួយចំនួនពេលដែលគាត់ផ្ដល់ព័ត៌មានហ្នឹង គឺពេលខ្លះគាត់ឲ្យរបៀបជាពិធីការពេក ហើយក៏របៀបជាដាក់សម្ពាធលើអ្នកសារព័ត៌មាន។ ដាក់យ៉ាងម៉េច? ឧទាហរណ៍ថា គាត់មានងារជាឯកឧត្ដមផង ជាបណ្ឌិតផង ហើយអភិបាល គណៈអភិបាល ឬទីប្រឹក្សាអីអញ្ចឹង ពេលដែលមកសម្ភាសន៍ហើយ ទៅវិញផ្សាយត្រូវដាក់តួនាទីឲ្យ​អស់។ អញ្ចឹងវាទៅជាដាក់សម្ពាធលើអ្នកសារព័ត៌មាន ដែលគាត់មានទម្រង់នៅក្នុងវិជ្ជាជីវៈនៃការសរសេររបស់គាត់ដែលត្រូវការខ្លីហើយខ្លឹម។

ចំណុចមួយទៀត សូមសំណូមពរ ដោយសារក្នុងពេលនេះមានមន្រ្តីរាជរដ្ឋាភិបាលច្រើន តាមអ្នកនាំពាក្យមន្ទីរ/ក្រសួង ពេលខ្លះពេលដែលគាត់ផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន គឺគាត់ចូលចិត្តប្រើពាក្យ protocol ពិធីការ ឬក៏បែបបទជារដ្ឋបាលរបស់រាជរដ្ឋាភិបាល។ ពេលខ្លះគាត់ផ្ដល់ព័ត៌មាន គាត់ដាក់ខាងដើម ថ្ងៃ៨រោច ខែបុស្ស … អញ្ចឹងទម្រាំដល់ខ្លឹមសារព័ត៌មានហ្នឹង គឺថាវាអូសពេលធ្វើឲ្យអ្នកសារព័ត៌មានខាតពេលដែរ។ ខ្ញុំសំណូម​ពរក្រសួង ស្ថាប័ន មន្ទីរមួយចំនួន ជួយធ្វើយ៉ាងណាកាត់បន្ថយពិធីការកុំឲ្យចំណាយពេលច្រើនពេក។

ចំណុចចុងក្រោយ អំពីអ្នកនាំពាក្យ។ ធ្លាប់មានបញ្ហាដែរ។ កន្លងមកគាត់ថា គាត់អ្នកនាំពាក្យមែន តែមិនមានពាក្យនាំទេ។ ទីពីរ គាត់មិនបានសកម្មឆ្លើយជាមួយអ្នកសារព័ត៌មាន ហើយចុងក្រោយសំខាន់ទៀត គឺគាត់ប្ដូរទូរស័ព្ទញាប់មែនទែន … ធ្វើឲ្យអ្នកសារព័ត៌មានត្រូវការទំនាក់ទំនងពិបាករកលេខបន្តបន្ទាប់អញ្ចឹងទៅ …។

(២២) សុំពេលពិនិត្យមើលអំពីមូលនិធិពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន, អាចត្រូវគិតក្នុងក្របខណ្ឌក្រសួងព័ត៌មាន

សម្តេចតេជោ៖ ដោយសារយើងនៅទីនេះវាលាន់ខ្ទ័របន្តិច អញ្ចឹងយើងពិបាកស្ដាប់គ្នា។ ខ្ញុំមិនដឹងថា អ្នកដែលស្ដាប់ខ្ញុំនេះអាចស្ដាប់លឺឬអត់? ឥឡូវនិយាយពាក់ព័ន្ធបញ្ហាមូលនិធិ។ ខ្ញុំក៏ឆ្ងល់ដែរថា ទី១នេះ ហេតុអីបានជាសមាគមសារព័ត៌មានច្រើនម៉្លេះ? បើសារព័ត៌មានច្រើន ហ្នឹងខ្ញុំមិនថាទេ ប៉ុន្តែនេះមានសមាគមសារព័ត៌មានច្រើនណាស់។ ពាក់ព័ន្ធជាមួយនឹងបញ្ហាមូលនិធិសម្រាប់ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ចំណុចនេះទុកពេល​ឲ្យខ្ញុំដើម្បីពិនិត្យមើល តើយើងអាចមានលទ្ធភាពធ្វើបែបណា។ រឿងនេះមិនអាចប្រគល់ឲ្យទៅសមាគមណាមួយបានទេ។ ព្រោះអី? សមាគមវាច្រើនពេក។ អញ្ចឹងបញ្ហានេះ ត្រូវគិតទៅក្នុងក្របខណ្ឌក្រសួងព័ត៌មានវិញ ប្រសិនបើត្រូវធ្វើដើម្បីជាមូលនិធិនៃការពង្រឹងសមត្ថភាពនៃអ្នកសារព័ត៌មាន ដែលក្រសួងព័ត៌មានអាចនឹងបើកវគ្គបណ្ដុះបណ្ដាលខ្លីៗសម្រាប់ពង្រឹងសមត្ថភាព។ ខ្ញុំក៏នៅតែអំពាវនាវឲ្យស្ថាប័នមួយៗ គឺពង្រឹងខ្លូនឯង។ ឧទាហរណ៍ ឥឡូវយើងឃើញ Fresh News គេបង្រៀន គេប្រើប្រាស់មូលនិធិរកបានរបស់ខ្លួនគេ។ ខ្ញុំមិនបញ្ចេញឈ្មោះទេ។ សមាគមពីរដែលខ្ញុំចេញលុយ។ តើបានធ្វើប៉ុន្មានហើយ? ខ្ញុំឲ្យទៅនោះមិនមែនគោលដៅអីផ្សេងក្រៅពីពង្រឹងសមត្ថភាពនោះទេ។ ដោយសារយើងមានសមាគមច្រើនពេក អញ្ចឹងខ្ញុំអាច ប្រសិនបើមានការផ្ដល់ណាមួយសម្រាប់ពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក៏មិនផ្ដល់ទៅជូនបណ្ដាសមាគមដែរ ត្រូវតែមានច្រកតែមួយ គឺក្រសួងព័ត៌មានទទួលបន្ទុកលើបញ្ហានេះ

ខ្ញុំគាំទ្រជាមួយនឹងការចំណាយទុនមួយចំនួនដើម្បីឲ្យមានការបើកវគ្គជាបន្តបន្ទាប់ ម្ដង ៥០ នាក់ អីអញ្ចឹង ឬ ១០០ នាក់ ក្នុងមួយសប្ដាហ៍អីអញ្ចឹងទៅ បន្តមួយអាទិត្យ ឬ២០ថ្ងៃអីអញ្ចឹងទៅ។ យើងឲ្យមានការបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពទាំងអ្នកដែលកំពុងធ្វើការទាំងអ្នកថ្មី។ អ្នកថ្មីគេមានសាលាសារព័ត៌មាននៅឯសាកលវិទ្យាល័យភ្នំពេញឯណោះ។ ឯចំពោះដូចជាស្ថាប័នធំៗនៃបណ្ដាវិទ្យុ ទូរទស្សន៍ សារព័ត៌មានធំៗ គួរត្រូវធ្វើកិច្ចការងារនេះខ្លួនឯង។ ប្រសិនជាខ្លួនខ្វះគ្រូ ខ្លួនអាចអញ្ជើញគ្រូពីកន្លែងដទៃទៅជួយបណ្ដុះបណ្ដាល ឬពីក្រសួងព័ត៌មានទៅជួយបណ្ដុះបណ្ដាល។ អាហ្នឹងចំណុចទីមួយ។

ចំណុចទីពីរ លោក ពុយ គា បានលើកបញ្ហា​ឈ្មោះ គេហៅគោរមងារវាវែងពេក។ បើគាត់ប្រកាន់ កុំផ្សាយឲ្យតែម្ដងទៅ។ វាមិនដែលចេញមក បើថាជំនាន់មុនផង ដែលខ្ញុំលុបចោល បើអ្នកឯងធ្វើឧត្ដមសេនីយ៍ លោកឯងត្រូវលុបងារឧកញ៉ាចេញទៅ។ បើមិនអញ្ចឹងវាវែងពេក។ ឥឡូវពួកទាហាន ប៉ូលីស អត់មានឧកញ៉ាទេ។ បើពីមុននោះ នាយឧត្ដមសេនីយ៍ឧកញ៉ាបណ្ឌិត វាទៅទាល់តែមួយគ្រប់ មិនគ្រប់គឺតវ៉ា។ សូមអ្នកសារព័ត៌មានកុំចុះផ្សាយពីមនុស្សម្នាក់ហ្នឹង … ខ្វះណាស់មនុស្សមួយប្រទេស។ ដូចខ្ញុំអីមិនចាំបាច់ដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្អីៗទេ បើនិយាយពីគោរមងារខ្ញុំវាច្រើនពេកហើយ។ ហៅខ្ញុំត្រឹម លោក ឬសម្ដេច ហ៊ុន សែន ឬតេជោ សែន ទៅ ប៉ុណ្ណឹងបានហើយ … ខ្ញុំមានដែលប្រកាន់ឯណា។ អ្នកណាចង់ហៅលោកហៅទៅ។ ហៅអាហៅទៅ។ ពួកអាចោរគេបាញ់នៅក្រៅវាហៅខ្ញុំតែអាទេតើ។ វាដែលងាប់អី។

ឥឡូវនិយាយពីរឿងអ្នកនាំពាក្យ។ ខ្ញុំទទួលស្គាល់អ្នកនាំពាក្យខ្លះអត់ដែលជួបរដ្ឋមន្រ្តីទេ។ ​បើនិយាយពីអ្នកនាំពាក្យរដ្ឋាភិបាលមុននេះ ក៏មិនដែលជួបនាយករដ្ឋមន្រ្តីដែរ។ នេះឧទាហរណ៍ស្រាប់ នៅចាំទេ រឿងវាយគ្នានៅព្រះវិហារ? គ្រឹបភ្លាម កាញារីទ្ធ មានបានសួរនាយករដ្ឋមន្រ្តីឯណា។ ពេលហ្នឹង AFP ផ្សាយគ្រឹបថា កម្ពុជាមានស្លាប់ម្នាក់។ ខ្ញុំសួរទៅព្រះវិហារភ្លាម។ អត់មានអ្នកណាស្លាប់សោះ។ ឲ្យ កាញារីទ្ធ កែតម្រូវ។ អ្នកនាំពាក្យអត់ជួបនាយករដ្ឋមន្រ្តីផង ហើយធ្វើជាអ្នកនាំពាក្យនាយករដ្ឋមន្រ្តី នាំពាក្យរាជរដ្ឋាភិបាល។ រឿងហ្នឹង ក៏មាននៅតាមក្រសួងដែរ។ អ្នកនាំពាក្យមិនបានទទួលការណែនាំពីរដ្ឋមន្រ្តីទេ។ នៅទីនេះ សូមឲ្យរដ្ឋមន្រ្តីធ្វើការឲ្យជាប់ជាមួយអ្នកនាំពាក្យ ព្រោះព័ត៌មានដែលបញ្ចេញទៅ វាត្រូវមានការយល់ព្រមពីរដ្ឋមន្រ្តី​ ទើបអាចធ្វើទៅរួច។ ទាម​ទារឲ្យមានការសហការគ្នាឲ្យបានច្បាស់។ អ្នកខ្លះក្ដាប់អីមិនបាន។

ប៉ុន្តែ ខ្ញុំក៏សូមសំណូមពរមួយដែរ មានខ្លះវាត្រូវការពេលវេលា។ ឯអ្នកសារព័ត៌មានប្រកាន់ថា សួរឯង(អ្នកនាំពាក្យ)ត្រូវតែបានភ្លាមតែម្ដង ក្នុងពេលដែលគ្នាក្ដាប់អីមិនទាន់បានផងនោះ។ អញ្ចឹងក៏មិនគួរដែរ។ យើងត្រូវថ្លឹងថ្លែងពេលវេលាណា។ កន្លែងខ្លះវាស្អុយហើយព័ត៌មាននោះ គេត្រូវការព័ត៌មានភ្លាមៗ។ ខ្ញុំត្រូវការណាស់រឿងព័ត៌មានភ្លាមៗនេះ។ អញ្ចឹងទេ ប្រហែលជាចម្លើយរបស់ខ្ញុំមិនគ្រប់គ្រាន់ទេ។ មិនដឹងថាអ្នកទាំងឡាយអាចគ្រប់គ្រាន់ តែខ្ញុំៗមិនប្រាកដថាចម្លើយរបស់ខ្ញុំវាគ្រប់គ្រាន់ទេ។ ខ្ញុំគ្រាន់តែលើកឡើងទៅលើចំណុចខ្លះតែប៉ុណ្ណឹងទេ។

ឥឡូវ ខ្ញុំគិតថា យើងដូចជាឃ្លានហើយអី? សួរទៅក៏វានៅតែប៉ុណ្ណឹងដែរ។ រឿងអ្នកទាំងអស់គ្នាវាស្រួលទេ ឯខ្ញុំអត់ទាន់រៀបចំខោអាវទេណា។ រឿងពាក់ព័ន្ធនឹងម៉ាល់ឌីវ សូម្បីតែប្រវត្តិរូបរបស់ប្រធានាធិបតីម៉ាល់ឌីវក៏មិនទាន់បានមើលផង។ ស្អែកហ្នឹងចេញដំណើរ រួចហើយហោចណាស់ក៏ត្រូវនៅទទួលទានអាហារបន្តិចដែរ ប្រសិនជានៅបន្តអូសបន្លាយសួរសំណួរហ្នឹងវាច្រើនពេក។ អ្វីដែលខ្ញុំ​បាននិយាយហ្នឹងវាច្រើនពេក តែឥឡូវអនុញ្ញាតឲ្យម្នាក់ទៀតចុះ។

កញ្ញា គង់ ស៊ីឈី (វិទ្យុមិត្តភាពកម្ពុជា-ចិន)៖ … (១) តាមរបាយការណ៍របស់ប្រព័ន្ធសារព័ត៌មានរបស់កម្ពុជា សម្ដេចនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន។ ខ្ញុំចង់សួរថា ហេតុអីបានជាសម្ដេចជ្រើសរើសពេលវេលាល្អៗបែបនេះ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។ សម្ដេចមានរំពឹងអ្វីខ្លះចំពោះទស្សនកិច្ចនៅប្រទេសចិន … (២) ឆ្នាំ ២០២៣ នេះគឺជាខួប ៦៥ ឆ្នាំ នៃការបង្កើតការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពរវាងប្រទេសចិននិងកម្ពុជា។ ខ្ញុំចង់សួរថា សម្ដេចមានក្ដីសង្ឃឹមថ្មីអ្វីខ្លះចំពោះកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ហើយសម្ដេចនឹងវាយតម្លៃអ្វីខ្លះចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ?

(២៣) ថ្ងៃ១០ កុម្ភៈ ២០២៣ ខួបឆ្នាំទី ៣ នៃការទស្សនកិច្ចទៅកាន់ប្រទេសចិនគ្រាជួបគ្រោះកូវីដ១៩

សម្តេចតេជោ៖ អរគុណសម្រាប់សំណួរនេះ។ ខ្ញុំមិនដឹងថា ព័ត៌មានពាក់ព័ន្ធជាមួយនឹងទស្សនកិច្ចរបស់ខ្ញុំនៅប្រទេសចិននៅពេលខាងមុខចេញមកពីខាងណាទេ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនអាចលាក់ជិតនោះទេ ដោយសារម្សិលមិញនេះ ខ្ញុំក៏បាននិយាយនៅក្នុងប្រជុំគណៈរដ្ឋមន្រ្តីទាក់ទិនជាមួយនឹងទស្សនកិច្ចរបស់ខ្ញុំនៅប្រទេសចិនដែរ។ ដើមឡើយ គ្រោង​ទស្សនកិច្ចនៅថ្ងៃទី២ ខែមករា ប៉ុន្តែដោយសារតែមានការសម្របសម្រួលសាជាថ្មីនោះ គឺកំណត់យកថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ។ ទស្សនកិច្ចនេះត្រូវបានឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ជាអ្នកកំណត់ ព្រោះវាជាខួបនៃទស្សនកិច្ចដែលពេលគេភ័យខ្លាចគ្រប់គ្នានៅក្នុងប្រទេសចិនកាលពីឆ្នាំ២០២០។ កញ្ញាបានដឹងទេ? អ្នកដទៃនាំគ្នាដកប្រជាពលរដ្ឋ ដកនិស្សិតរបស់ខ្លួនចេញពីប្រទេសចិន។ គេខ្លាចប្រទេសចិន ក្នុងដំណាក់កាលកូវីដ-១៩។ ក៏ប៉ុន្តែ ខ្ញុំបានទៅកាន់ប្រទេសចិន។ ដូច្នេះ (ថ្ងៃ ១០ កុម្ភៈ ២០២៣) ជាខួបលើកទី៣ នៃថ្ងៃដែលខ្ញុំទស្សនកិច្ចនៅក្នុងប្រទេសចិន ដើម្បីជូនសារទៅលើការសាមគ្គីភាពជាមួយប្រជាជនចិន ក្នុងដំណាក់កាលដ៏លំបាក។ ឯសារទី២ សូមឲ្យនិស្សិតខ្មែរទាំងឡាយរស់នៅជាមួយប្រជាជនចិន ដើម្បីពួកគេនឹងនចិត្តធ្វើការនៅទីនោះនិងជូនសារមកឪពុកម្ដាយនៃនិស្សិត សូមកុំមានការភ័យខ្លាច។ អញ្ចឹងខ្ញុំគិតថា ទស្សនកិច្ចរបស់ខ្ញុំនេះ វាជាការរៀបចំមួយដើម្បីរំលឹកទៅដល់ពេលវេលាដ៏លំបាក។ វាជាខួបលើកទី៣ នៃថ្ងៃដែលខ្ញុំទស្សនកិច្ចក្នុងពេលវេលាដែលគេទាំងឡាយរត់ចោលចិនឯខ្ញុំទៅប្រទេសចិន។​​​

(២៤) ទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងក្របខណ្ឌជោគវាសនារួមកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ និងជាមិត្តដែកថែប

ទីពីរ ទាក់ទងនឹងខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន។ វាជារឿងនៃរបត់ប្រវត្តិសាស្រ្តមួយដែលសំខាន់។ អ្វីដែលបានកើតឡើងរួចមកហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនត្រូវបានចូលជាធរមាន ដែលឥឡូវនេះការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើកាន់តែច្រើន។ កិច្ចសហប្រតិបត្តិ​ការនានាក៏នឹងត្រូវធ្វើ​កាន់តែច្រើន។ ខ្ញុំសង្ឃឹមថា ទស្សនកិច្ចរបស់ខ្ញុំនៅពេលខាងមុខនឹងមានគម្រោងថ្មីៗបន្ថែមទៀត ដែលយើងត្រូវពឹងពាក់មិត្តចិន ដើម្បីអភិវឌ្ឍកម្ពុជា។ ក្នុងនោះប្រហែលជាយើងត្រូវរៀបចំអំពីគម្រោងទាក់ទិនជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿន។ យើងមានផ្លូវរថភ្លើងរួចហើយ ប៉ុន្តែផ្លូវរបស់យើងមិនអាចប្រើប្រាស់បានទាន់ពេលទេ។​​ ប្រ​ហែលជាយើងមានគម្រោងដើម្បីនឹងស្នើឲ្យមិត្តចិនជួយនៅក្នុងការកសាងផ្លូវដែករបស់កម្ពុជាផងដែរ។ មានគម្រោងដទៃទៀត សហប្រតិបត្តិការដទៃទៀត។

គាប់ជួនមុននេះ ខ្ញុំទទួលបានលិខិត ថ្ងៃដែលខ្ញុំចាកចេញពីប្រទេសចិន ក៏ជាថ្ងៃដែលព្រះមហាក្សត្រយាងទៅប្រទេសចិន។ ខ្ញុំទៅប្រទេសចិននៅថ្ងៃទី៩ ថ្ងៃទី១០ ខ្ញុំចាប់ផ្ដើមទស្សនកិច្ច ថ្ងៃ១១ ត្រឡប់មកវិញ តែថ្ងៃទី១១នោះដែរ ព្រះមហាក្សត្រក៏ព្រះអង្គយាងពីកម្ពុជាទៅកាន់ចិន អញ្ចឹងខ្ញុំចេញពីចិនមកកម្ពុជាវិញ។ អញ្ចឹងនេះក៏អាចចាត់ទុកថា នេះជាភាពមមាញឹកនៃការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក បន្ទាប់ពីទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី លី ខឺឈាង មកកាន់កម្ពុជាកាលពីឆ្នាំកន្លងទៅ និងការចូលរួមប្រជុំអាស៊ាន ខ្ញុំនឹងទស្សនកិច្ចផ្លូវការនៅប្រទេសចិន ជាមួយគ្នានោះដែរ គឺនៅពេលដែលខ្ញុំហោះចេញពីប្រទេសចិន ព្រះមហាក្សត្រក៏ហោះចេញពីកម្ពុជា។

នេះក៏បង្ហាញពីចំណងមិត្តភាពនៃទំនាក់ទំនងរបស់យើង ដែលស្ថិតនៅក្នុងដំណាក់កាលនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងក្របខណ្ឌជោគវាសនារួមកម្ពុជា-ចិន នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ និងជាមិត្តដែកថែប ដែលយើងបានកសាងជាមួយគ្នានិងពង្រឹងកិច្ចសហប្រតិបត្តិការ​​ជាមួយគ្នា។ សង្ឃឹមថា ចម្លើយនេះគឺ​គ្រប់គ្រាន់សម្រាប់កញ្ញាយកទៅផ្សព្វផ្សាយបានហើយ។

សូមអរគុណ និងជូនពរចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា ទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...