សុន្ទរកថា របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

CNV:

សុន្ទរកថា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២

  • ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីការបរទេសអាស៊ាន
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន
  • ឯកឧត្តម លោកជំទាវ និងភ្ញៀសកិត្តិយស ជាទីមេត្រី!

ខ្ញុំពិតជាមានសេចក្តីសោមនស្សទទួលស្វាគមន៍ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

នាឱកាសដែលយើងប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន ក្នុងឆ្នាំនេះ ខ្ញុំមិនអាចបរិយាយឱ្យអស់សេចក្តី បានទេ អំពីដំណើរដ៏វែងឆ្ងាយ ដែលយើងបានដើរឆ្លងកាត់រហូតមកដល់បច្ចុប្បន្ននេះ។ កន្លងទៅអាស៊ានធ្លាប់ជាតំបន់មួយដែលរីកចម្រើន ដោយយើងបានរួមដៃគ្នាប្រែក្លាយភាពមន្ទិលសង្ស័យ ឱ្យទៅជាការជឿទុកចិត្តគ្នា និងផ្លាស់ប្តូរអរិភាព ក៏ដូចជា ការប្រឈមមុខដាក់គ្នា ឱ្យទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយនឹងសន្តិភាព និងស្ថិរភាពជាច្រើនទសវត្សរ៍កន្លងមកនេះ អាស៊ានសម្រេចបាននូវវិបុលភាពលើសពីការរំពឹងទុក ជាមួយនឹងកំណើន និងការអភិវឌ្ឍដ៏ខ្ពស់ និងការកែលម្អជាលំដាប់ នៃសុខុមាលភាពរបស់ប្រជាជន។

នៅក្នុងដំណើរ នៃការរីកចម្រើន និងអភិវឌ្ឍន៍ នៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗបានកើតមានឡើងជាបន្តបន្ទាប់ ដោយរាប់ចាប់ពីបញ្ហាភូមិសាស្ត្រនយោបាយ រហូតដល់បញ្ហាសង្គម-សេដ្ឋកិច្ច។ ជាក់ស្តែង នៅក្នុងការធ្វើជាប្រធានអាស៊ានប្តូរវេនប្រចាំឆ្នាំ យើងតែងតែប្រឈមនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យមានការដោះស្រាយ ប៉ុន្តែ យើងមិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ ដែលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើតំបន់ និងពិភពលោកទាំងមូលដូចជាពេលនេះឡើយ។

ត្រង់ចំណុចនេះ ខ្ញុំកំពុងតែនិយាយ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើ​ម ដើម្បីស្តារ និងងើបចេញពីវិបត្តិ ដែលមានលក្ខណៈបែបពហុទិដ្ឋភាព ស្របពេល ដែលការប្រកួតប្រជែង ដែលកាន់តែគ្រោះថ្នាក់ រវាងមហាអំណាច ក៏បាននិងកំពុងដាក់សមម្ពាធកាន់តែខ្លាំងឡើងមកលើប្រទេសរបស់យើង​ តាមរយៈឥទ្ធិពល នៃការផ្តាច់ខ្លួនចេញពីគ្នា រវាងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ការកើនឡើង នៃចំនួនសម្ព័ន្ធភាពតូចៗ ការប្រណាំងប្រជែងផ្នែកសព្វាវុធ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ដោយឡែក វិបត្តិនយោបាយ និងសន្តិសុខ បូករួមវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ដែលទើបកើតមានឡើងនៅមីយ៉ាន់ម៉ា ដែលជាសមាជិកគ្រួសាររបស់យើងផ្ទាល់ ក៏បានបង្កជាបញ្ហាប្រឈមដល់មជ្ឈភាព និងឯកភាពរបស់អាស៊ាន ព្រមទាំងបានបង្កឱ្យមានការរង្គោះរង្គើស្ថិរភាពតំបន់ផងដែរ។ នៅខាងក្រៅតំបន់អាស៊ានវិញ សង្គ្រាមនៅអ៊ុយក្រែន ក៏បាននិងកំពុងបង្កឱ្យមានភាពស្មុគស្មាញដល់ទំនាក់ទំនងនៅអឺរ៉ុប ក៏ដូចជា តំបន់របស់យើងផងដែរ។ សង្គ្រាមនេះ បានបង្កើឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច បង្កបញ្ហាកាន់តែធ្ងន់ធ្ងរដល់សន្តិសុខស្បៀង និងថាមពល ហើយអាក្រក់ជាងនេះទៅទៀតនោះ គឺការគំរាមកំហែងឱ្យពិភពលោកបែកខ្ញែកជាថ្មីទៀត។ បន្ថែមលើនេះ គ្រោះមហន្តរាយ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្នែកសន្តិសុខបែបប្រពៃណី និងមិនប្រពៃណីផ្សេងទៀត ក៏នៅតែជាកង្វល់ សម្រាប់យើងទាំងអស់គ្នា។

  • ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស ជាទីមេត្រី!

ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាបានកំណត់មូលបទ <<អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់>> សំដៅឆ្លើយតបទៅនៅបញ្ហាប្រឈមទាំងអស់ ដូចដែលខ្ញុំបានលើកឡើង ដែលទាមទារឱ្យយើងត្រូវ កៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំងប្រមូលផ្តុំស្មារតី នៃ “ការរួបរួមគ្នា” ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

កម្ពុជា សូមសង្កត់ធ្ងន់ពីគោលជំហររបស់ខ្លួន ក្នុង <<ឯកភាព ដើម្បីកិច្ចសហប្រតិបត្តិការ>> មិនមែន <<ឯកភាព ដើម្បីប្រឈមមុខដាក់គ្នា >> នោះទេ។ យើងត្រូវព្យាយាមផ្តោតលើបញ្ហា ដែលបង្រួបបង្រួមយើងទាំងអស់គ្នា ជាជាងផ្តោតលើបញ្ហា ដែលនាំឱ្យយើងបែកបាក់គ្នា។ យើងត្រូវតែផ្តល់អាទិភាពដល់សន្តិភាពខ្ពស់ជាងអ្វីទាំងអស់។

  • ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស ជាទីមេត្រី!

ក្នុងឱកាស នៃការប្រារព្ធខួបលើកទី ៥៥ នៃជីវិតរបស់អាស៊ាន ខ្ញុំមានសេចក្តីសោមនស្ស ដែលយើងបានកសាង សហគមន៍អាស៊ានប្រកបដោយបរិយាបន្នយ៉ាងពិតប្រាកដ ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ <<ចក្ខុវិស័យតែមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ >>។ ជាការពិត សហគមន៍របស់យើង ឬខ្ញុំអាចនិយាយបានថា គ្រួសាររបស់យើង គឺមិនល្អឥតខ្ចោះនោះទេ ដោយយើងទាំងអស់គ្នាសុទ្ធតែមានភាពខុសគ្នារៀងៗខ្លួន។ ប៉ុន្តែ ខ្ញុំសូមសួរថា តើមានគ្រួសារណាមួយ ដែលមិនមានភាពខុសគ្នានោះ?

ក្នុងរយៈពេលប្រាំទសវត្សរ៍កន្លះ នៃសហវិជ្ជមាន អាស៊ានសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាច្រើន ដោយផ្អែកលើគោលការណ៍ព្រមព្រៀងគ្នាជាឯកច្ឆន្ទ និងការមិនជ្រៀតជ្រែកគ្នា ដែលបានបង្កើតជាស្នូល នៃមាគ៌ាអាស៊ានរបស់យើង។ ជាក់ស្តែង បើទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ យើងសម្រេចបាននូវគោលដៅកំពូលរបស់យើង គឺ <<ឯកភាពក្នុងភាពចម្រុះ >> នៅក្នុងតំបន់មួយ ដែលសម្បូរទៅដោយភាពចម្រុះ នៃវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ។

នៅក្នុងឆ្នាំនេះ យើងក៏សម្រេចបាននូវសមិទ្ធផលជាច្រើនផងដែរ។ ជុំវិញបញ្ហាវិបត្តិសុខភាព យើងក៏អាចងើបចេញពីជំងឺកូវីដ-១៩ បានយ៉ាងប្រសើរ។ បើនិយាយអំពីពាណិជ្ជកម្ម និងការវិនិយោគ យើងបានដាក់ចូលជាធរមាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (ឬហៅកាត់ថា អាសិប – RCEP)។ ព្រឹត្តិការណ៍សំខាន់មួយទៀត គឺខួបទី ២០ ឆ្នាំ នៃសេក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រ ចិនខាងត្បូង (DOC) ដែលជាឯកសារដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនង រវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅសមុទ្រចិនខាងត្បូង។ យើងក៏បាននិងកំពុងធ្វើការយ៉ាងស្វិតស្វាញផងដែរ ដើម្បីបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដែលប្រកបដោយអត្ថន័យ និងប្រសិទ្ធភាព ដោយអនុលោមតាមច្បាប់អន្តរជាតិ ដូចជាអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ផងដែរ។ ដោយឡែក ដំណើរការ នៃការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ កំពុងមានវឌ្ឍនភាពយ៉ាងល្អ ហើយខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងអាច ស្វាគមន៍ប្រទេសនេះមកកាន់គ្រួសារអាស៊ានបាន យ៉ាងយូរនៅត្រឹមឆ្នាំក្រោយ។ ចំពោះបញ្ហាមីយ៉ាន់ម៉ា យើងបានចំណាយពេលវេលា និងថាមពលយ៉ាងច្រើន ដោយបានពុះពារការលំបាក និងជំនះការរិះគន់ជាច្រើន ដើម្បីជួយប្រទេសមួយនេះ និងប្រជាជនមីយ៉ាន់ម៉ារកដំណោះស្រាយនយោបាយ។ យើងនឹងបន្តអនុវត្តន៍ការងារនេះ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ឯកភាពអាស៊ាន តាមរូបភាពណាមួយឡើយ។ នាពេលនេះដែរ ខ្ញុំសូមអនុញ្ញាត​បន្ថែមថា ទោះបីជាការអនុវត្តកុងសង់ស៊ីស ៥ ចំណុច ពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បាន ប៉ុន្តែ ការខិតខំរបស់យើងកន្លងមកបានសម្រេចភាពជឿនលឿនខ្លះដែរ ជាពិសេស លើការងារផ្តល់ជំនួយមនុស្សធម៌ ដល់អ្នកដែលត្រូវការបំផុត។ ប៉ុន្តែ សភាពការណ៍នៅពេលនេះប្រែប្រួលខ្លាំង ដែលអាចនិយាយបានថា កាន់តែ​អាក្រក់ជាងមុនមានការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារជីវិតទៅលើសកម្មជនបក្សប្រឆាំង ៤ រូប។ កម្ពុជា ក៏ដូចជា​ រដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែង ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំងនេះ បើទោះបីជាខ្ញុំ និងថ្នាក់ដឹកនាំដទៃទៀតបានអំពាវនាវឱ្យ មានការពិចារណាឡើងវិញ អំពីការកាត់ទោសប្រហារជីវិតនេះ ដើម្បីជាប្រយោជន៍ នៃកិច្ចសន្ទនានយោបាយ សន្តិភាព និងការបង្រួបបង្រួមជាតិ។ ក្នុងករណីមានអ្នកទោសដទៃទៀត ដែលនឹងត្រូវកាត់ទោសប្រហារជីវិត យើងនឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញ អំពីតួនាទីរបស់យើង ចំពោះការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន។

ចំពោះទំនាក់ទំនងខាងក្រៅ អាស៊ានបានទទួលសំណើរកាន់តែច្រើនឡើងពីបណ្តាប្រទេសនានា ដើម្បីបង្កើតភាពជាដៃគូផ្លូវការ។ នៅរសៀលថ្ងៃនេះ ប្រទេសចំនួនប្រាំមួយបន្ថែមទៀត នឹងចុះហត្ថលេខាលើលិខិតតូបករណ៍ នៃការចូលជាសមាជិក នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ កាលពីឆ្នាំមុន អាស៊ានបានទទួលយកចក្រភពអង់គ្លេសជាដៃគូសន្ទនាទី ១១ ហើយយើងក៏បានដំឡើងកម្រិតទំនាក់ទំនងជាមួយប្រទេសចិន និងអូស្ត្រាលី ឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈដែលប្រទេសដៃគូសន្ទនាមួយចំនួនទៀត ក៏មានគោលបំណងសម្រេចឱ្យបាននូវកម្រិតទំនាក់ទំនងដូចគ្នា នៅក្នុងឆ្នាំនេះផងដែរ។ បន្ថែមលើនេះ កាលពីខែ ឧសភា កន្លងទៅ យើងបានចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ប្រកបដោយភាពជោគជ័យ នៅរដ្ឋធានីវ៉ាស៊ីនតោន ហើយយើងក៏កំពុងទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាចុងឆ្នាំនេះផងដែរ។

  • ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស ជាទីមេត្រី!

ខ្ញុំដឹងថា ឯកឧត្តម លោកជំទាវរដ្ឋមន្ត្រី បានកំណត់របៀបវារៈប្រកបដោយមហិច្ឆតាខ្ពស់ សម្រាប់ជំនួបក្នុងសប្តាហ៍នេះ។ ការដោះស្រាយបញ្ហាប្រឈមទាំងអស់ ដែលបានលើកឡើងខាងលើរួមគ្នា ប្រាកដជាធ្វើឱ្យកិច្ចប្រជុំ ដែលមានចំនួនច្រើនរបស់ ឯកឧត្តម លោកជំទាវ ប្រកបដោយភាពពោពេញ និងមានរយៈពេលវែង។ ទោះជាយ៉ាងនេះក្តី សូមអនុញ្ញាតឱ្យខ្ញុំលើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួនពីរ ដែលខ្ញុំសូមស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ។

គំនិតផ្តួចផ្តើមទី​មួយ គឺការដោះស្រាយ ចំពោះការគំរាមកំហែងដល់ភាពរស់រាន នៃជីវិតនៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន។ រហូតមកដល់ពេលនេះ អាស៊ានបាននិងកំពុងដាក់ចេញនូវដំណោះស្រាយជាគោលនយោបាយជាច្រើន ប៉ុន្តែ​ ការឆ្លើយតបរបស់យើងហាក់នៅផ្តោតតែលើវិស័យជាក់លាក់ និងខ្វះការសម្របសម្រួលរវាងគ្នា។ អាស៊ានចាំបាច់ត្រូវជំរុញកិច្ចការនេះបន្ថែមទៀត តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗ ដើម្បីផ្តល់ជាវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជា ដៃគូខាងក្រៅ។ ជាការប្រសើរ ប្រសិនបើអាស៊ានអាចពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌធំទូលលាយមួយ ដែលខ្ញុំសូមហៅថា ជាកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) សំដៅអនុញ្ញាតឱ្យតំបន់របស់យើងអាចប្រែខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយ ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។ កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើន ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល ការប្រើប្រាស់ កសិកម្ម ការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃ ដើម្បីប្រើប្រាស់ឡើងវិញបំពេញតួនាទីជាកត្តាជំរុញ។ ខ្ញុំសូមស្វាគមន៍នូវមតិយោបល់របស់សមាជិកអាស៊ាន ក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមនេះក្លាយជាការពិត។

គំនិតផ្តួចផ្តើមទីពីរ គឺពាក់ព័ន្ធនឹងវិធានការ ដើម្បីស្តារនិងងើបចេញពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ អាស៊ានបានឯកភាពអនុវត្តន៍គំនិតផ្តួចផ្តើម និងកម្មវិធីនានា ក្រោមយុទ្ធសាស្ត្រធំ ទាំង ៤ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ ស្របតាមយុទ្ធសាស្ត្រធំទី ៣ ដែលសំដៅបង្កើនជាអតិបរមានូវសក្តានុពល នៃទីផ្សារអន្តរអាស៊ាន និងសមហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន ខ្ញុំជឿថាយើងត្រូវការជាចាំបាច់នូវលេខាធិការដ្ឋានដាច់ដោយឡែកមួយឱ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអាសិប (RCEP) ដែលបានចូលជាធរមានកាលពីខែ មករា កន្លងមកនេះ។ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃលេខាធិការដ្ឋានអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេច សម្រាប់លេខាធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញបាននិងកំពុងរៀបចំគម្រោងសំណើលម្អិតទៀតផង។ ខ្ញុំសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជា ប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ។

  • ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស ជាទីមេត្រី!

ជាទីបញ្ចប់ អាស៊ានត្រូវធានាឱ្យបានថា យើងនឹងអាចរួមគ្នាជាធ្លុងមួយឡើងវិញបាន។ អាស៊ាន គឺជាតំបន់មួយ ដែលមានប្រទេសជាសមាជិក ចំនួន ១០ និងមិនមែនតិចជាងនេះឡើយ។ ក្នុងស្មារតីនេះ យើងត្រូវការឆន្ទៈរួម។ អាស៊ានចាំដាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាថា ឯកភាពអាស៊ាននៅតែរឹងមាំ មជ្ឈភាពអាស៊ាន ត្រូវបានគោរព ហើយសហគមន៍អាស៊ានរបស់យើងកាន់តែមានសមាហរណកម្មជាងមុន ជាមួយនឹងការបន្តពង្រឹងទំនាក់ទំនងខាងក្រៅ។ ខ្ញុំជឿជាក់ទៅលើភាពឈ្លាសវៃ និងភាពជាអ្នកដឹកនាំដ៏ល្អបំផុតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលមានវត្តមាននៅទីនេះ ក្នុងការសម្រេចបាននូវគោលដៅរួមរបស់យើងទាំងអស់គ្នា។

ខ្ញុំសូមបញ្ចប់សុន្ទរកថារបស់ខ្ញុំ ដោយការជូនពរ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ សូមទទួលបានជោគជ័យ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនាសប្តាហ៍នេះ ព្រមទាំងទទួលបាននូវផាសុខភាព ក្នុងអំឡុងពេល នៃការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា...

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះអង្គទ្រង់ស្តេចយាងពន្លត់ភ្លើងជ័យ