សេចក្តីស្រង់សារជាសម្លេង សម្តេចតេជោ ហ៊ុន សែន បំភ្លឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស្តីពីការតស៊ូរំដោះប្រទេសកម្ពុជា និងការចាប់ខ្លួនលោក ប៉ែន សុវណ្ណ

CNV: 16 ខែ​មករា, 2022

សូមជម្រាបសួរបងប្អូនទាំងអស់គ្នា។ ព្រឹកមិញខ្ញុំបាននិយាយត្រួសៗ។ ហើយ(បងប្អូន)ក៏ប្រហែលជានឹងអាចក្តាប់បានរួចហើយដែរ អំពីការបំភ្លឺរបស់ខ្ញុំទាក់ទងនឹងបញ្ហាប្រវត្តិសាស្រ្ត ហើយក៏ទាក់ទងជាមួយនឹងការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដែលខ្ញុំធ្វើការកែតម្រូវ។

ឥឡូវ ខ្ញុំចង់បន្ថែម និយាយឡើងវិញ ដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានជ្រាបទាក់ទិនទៅនឹងដំណើររឿង។ ប្រវត្តិ​សាស្រ្ត គឺវាជាប្រវត្តិសាស្រ្ត ដែលយើងត្រូវតែនិយាយការពិតចេញមក ឲ្យត្រូវនឹងការពិត ទើបគេហៅថាប្រវត្តិ​សាស្រ្តបាន។ ប្រសិនបើយើងនិយាយខុសការពិត វាអាចនឹងបង្កើតនូវការភាន់ច្រឡំ សម្រាប់ក្មេងជំនាន់ក្រោយ ហើយបើសិនជាមានការទាក់ទិនជាមួយនឹងបរទេសទៀតសោត វានឹងអាចបង្កើតជាអរិភាពរវាងប្រ​ទេស និងប្រទេសទៀតផង។

ដូចជាករណីដែលលោក ខាន់ សុវណ្ណ បានលើកឡើងថាវាជាការដណ្តើមគ្នារវាងវៀតណាម ជាមួយនឹងសូវៀតលើបញ្ហាការតែងតាំងនាយករដ្ឋមន្រ្តី(កម្ពុជា)ជាដើម។ល។ ខ្ញុំគ្រាន់តែបញ្ជាក់ថា កម្ពុជា មិនមែនជានំ ឬមិនមែនជាដុំស្ករសម្រាប់ការដណ្តើមរបស់មហាអំណាចណាមួយទេ។ វាសំខាន់ខ្លាំងណាស់សម្រាប់សិទ្ធិសម្រេចរបស់ប្រទេសនីមួយៗ។ ប្រទេសដទៃ បើទោះបីជាចង់មានឥទ្ធិពល ឬក៏ចង់ធ្វើជាមិត្ត ឬក៏ចង់ធ្វើជាសត្រូវ ក៏វាតាមចិត្តចង់របស់ពួកគេ តែពួកគេក៏មិនអាចនឹងមើលរំលងឆន្ទៈរបស់ប្រជាពលរដ្ឋរបស់កម្ពុជា ឬរបស់ប្រទេសផ្សេងៗទៀតបានដែរ។ ចំណុចនេះ ខ្ញុំសុំបញ្ជាក់ជាការចាប់ផ្តើម ដើម្បីឈានឆ្ពោះទៅរកការតម្រង់ផ្លូវ ហើយដែលអាចផ្តល់ឱកាសឲ្យមានការផ្សព្វផ្សាយផងដែរ។

រណសិរ្សសង្គ្រោះជាតិបានបង្កើតឡើងលើមូលដ្ឋាននៃកម្លាំង ៥

យើងបានដឹងគ្រប់គ្នាហើយថា របបប្រល័យពូជសាសន៍ ប៉ុល ពត ជារបបមួយដែលយើងមិនអាចទ្រាំទ្ររស់នៅបានទេ។ ដូច្នេះ បញ្ហាដែលសំខាន់នៅពេលនោះ គឺការប្រមូលគ្រប់កម្លាំងទាំងអស់ ទោះបីមាននិន្នាការយ៉ាងណាក៏ដោយ មកពីណាក៏ដោយ។ យើងត្រូវតែប្រមូលផ្តុំនូវកម្លាំងដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឲ្យខាងតែបាន។ ដូច្នេះហើយបានជារណសិរ្ស​សង្គ្រោះជាតិបានបង្កើតឡើងលើមូលដ្ឋាននៃកម្លាំង ៥។ ដោយសារតែកម្លាំងមួយ ដែលដឹកនាំដោយឯកឧត្តម សាយ ភូថង សម្តេចពិជ័យសេនា ទៀ បាញ់ ស្ថិតនៅក្នុងប្រទេសថៃ (កម្លាំងនេះ)គឺមិនអាចចេញមុខ នៅក្នុងថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៧៨ បានទេ។ ដូច្នេះ អ្នកដែលចេញមុខថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៧៨ នោះ គឺមានតែ ៤ ភាគីតែប៉ុណ្ណោះ ដែលខ្ញុំសុំរៀបរាប់ដូចតទៅ។

ភាគីទី ១ គឺភាគីនៃកម្លាំងបះបោរនៅភូមិភាពបូព៌ាទិស ដឹកនាំដោយសម្តេច ហេង សំរិន ជាប្រធាន សម្តេច ជា ស៊ីម ជាអនុប្រធាន។ កម្លាំងនេះជាកម្លាំងដែលបានបះបោរប្រឆាំងនឹង ប៉ុល ពត នៅថ្ងៃ ២៥ ខែ ឧសភា ឆ្នាំ ១៩៧៨។ នេះជាកម្លាំងមួយ។ សម្រាប់ខ្ញុំៗ និយាយតាមបែបនេះ។ ត្រង់ការដាក់លេខចុះលេខអីយ៉ាងម៉េច វាជារឿងមួយផ្សេងទៀត។ ខ្ញុំគឺឲ្យតម្លៃទៅលើមនុស្សចាស់ទុំ ដែលបានដឹកនាំកម្លាំងតស៊ូនៅទីនេះ។

កម្លាំងទី ២ គឺកម្លាំងដែលដឹកនាំដោយឯកឧត្តម ប៊ុន មី នឹងឯកឧត្តម ប៊ូ ថង។ សុំបញ្ជាក់ថា ឯកឧត្តម ប៊ុន មី មកដល់ពេលនេះ គឺមិនមានឈ្មោះទៀតទេ ដោយសារតែបន្ទាប់ពីការបង្កើតរណសិរ្សរំដោះប្រទេសហើយ គាត់ក៏មានបញ្ហាសុខភាព។ គាត់មិនអាចកាន់ឋានៈនាទីធំដុំអ្វីកើតទៀតទេ។ ប៉ុន្តែ(ពីកម្លាំងនេះ) ត្រូវជំនួយដោយបង ប៊ូ ថង ដែលជាអនុរបស់គាត់នៅក្នុងប្រតិភូនៃការបង្កើតរណសិរ្សនេះ។ ពេលនោះគឺក្រុមឥសានទិស មានបង ប៊ុន មី ជាអតីតអនុលេខាបក្សនៅខេត្តរតនគិរី ហើយបង ប៊ូ ថង ជាអតីតប្រធានយោធាខេត្តរតនគិរី។ កម្លាំងនេះផ្តាច់ខ្លួនចេញពីពួកខ្មែរក្រហមនៅឆ្នាំ ១៩៧៥ ហើយទៅរស់តាមព្រំដែនកម្ពុជា-វៀតណាម មានកងទ័ពប្រមាណជា ២ វរៈសេនាតូច ដែលជាកម្លាំង(ទ័ព)ទី ២។

កម្លាំងទី ៣ ជាកម្លាំងរបស់ខ្ញុំផ្ទាល់ ដែលខ្ញុំបានចាប់ផ្តើមធ្វើចលនាតស៊ូនេះ ចាប់ពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ជាបន្តបន្ទាប់ រួមជាមួយនឹងសហការីជាច្រើនរូបទៀត ដែលរួមមានទាំងអ្នកនៅក្នុងប្រទេស អ្នកនៅក្រៅប្រទេសមួយចំនួន ដែលរួចរស់ពីការស្លាប់ក៏បានជួបជុំគ្នា ខ្ញុំបានបង្កើតទៅជាកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា។ យើងបានបង្កើតអង្គភាពរៀបរយ ដែលក្នុងនោះមាន ២៣ កងវរៈសេនាតូច និងមាន ១០០ ក្រុមប្រតិបត្តិការប្រដាប់អាវុធចូលមកផ្ទៃក្នុងប្រទេស។

សូមបញ្ជាក់ថា នៅក្នុងខ្សែភាពយន្តនានា ដែលបានផ្សាយរាល់ព្រឹត្តិការណ៍ពាក់ព័ន្ធនឹង ២ ធ្នូ ពាក់ព័ន្ធនឹងកងទ័ពរំដោះ សុទ្ធតែជាកម្លាំងកងទ័ពរបស់ខ្ញុំទាំងអស់។ សូមអញ្ជើញទស្សនានូវរូបភាពទាំងឡាយ ដែល(អ្នកទស្សនា)បានឃើញរូបខ្ញុំ រូបសម្តេច ហេង សំរិន រូបសម្តេច ជា ស៊ីម ឬអ្នកដឹកនាំដទៃទៀតទៅសួរសុខទុក្ខ(កងទ័ព) គឺសុទ្ធតែជាកម្លាំងរបស់ខ្ញុំ។ ពេលនោះ បងប្អូនភាគច្រើនបានទៅសួរសុខទុក្ខកម្លាំងដែលឈរជើងនៅស្រុកឈ្នួល ខេត្តក្រចេះ (ដែលជា)តំបន់ដែលបង្កើតរណសិរ្ស។ ពេលនោះ នៅតំបន់ឈរជើងនោះ យើងមាន ៧ ឬ ៨ កងវរៈសេនាតូច ដែលប្រមូលផ្តុំរហូតទៅដល់ ភ្នំ ៥០០០ ចុះមក អញ្ចាញ ហើយចុះមកខាងស្រុក មេ​មត់ នេះតែម្តង ដើម្បីហ៊ុមព័ទ្ធតំបន់នោះអោយក្លាយជាតំបន់ដែលយើងបង្កើតជារណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា។

នៅពេលដែលបង្កើតរណសិរ្សសង្រោះជាតិកម្ពុជានេះ គណៈប្រតិភូរបស់ខ្ញុំ ដឹកនាំដោយខ្លួនខ្ញុំ ជាប្រធាន និងឯកឧត្តម ហែម សាមិន ជាអនុប្រធាន។ ហែម សាមិន គាត់ទទួលមរណភាពហើយ។ ក្រោយថ្ងៃរំដោះគាត់មកធ្វើជាអភិបាលខេត្តកណ្តាល។ ឥឡូវ ភរិយារបស់គាត់ក៏កំពុងធ្វើការនៅក្រសួងផែនការនៅឡើយ។ មានរូបភាព​ក្នុងខ្សែភាពយន្តឯកសារ ដែលបានផលិតឡើងស្តីពីការកសាងកម្លាំងប្រដាប់អាវុធនេះ។ យើងមានកម្លាំងប្រមាណជាង ១ ម៉ឺននាក់ ដែលជាកម្លាំងកងទ័ពរៀបរយ នៅពេលវាយចូលមកក្នុងប្រទេស គឺវាយទៅតាមមុខព្រួញ ដោយឡែកតែទីក្រុងភ្នំពេញទទួលបាន ៤ កងវរៈសេនាតូច។ សម្រាប់ផ្នែកខេត្តកំពង់ចាមជាខេត្តធំ ទទួល​បាន ២ កងវរៈសេនាតូច និងខេត្តផ្សេងៗ ទៀត ទទួលបាន ១ កងវរៈសេនាតូច។ ដោយឡែក តែខេត្តរតនគិរី មណ្ឌលគិរី មិនប្រើប្រាស់កម្លាំងកងទ័ពរបស់ខ្ញុំទេ គឺប្រើប្រាស់កម្លាំងកងទ័ព ដែលជាប្រភពដើមរបស់បង ប៊ុន មី និងបង ប៊ូ ថង ទៅគ្រប់គ្រងសភាពការណ៍នៅទីនោះ។ ឯខេត្តកោះកុង ត្រូវគ្រង់គ្រងសភាពការណ៍ដោយកម្លាំងកងទ័ពរបស់បង សាយ ភូថង និងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ កាលពីពេលនោះ។ នេះជាការរៀបចំជាកម្លាំងទី ៣ ជាកម្លាំង ដែលខ្ញុំដឹកនាំតែម្ដង។

កម្លាំងទី ៤ គឺជាកម្លាំងដែលគេនិយមហៅថា ជាកម្លាំងប្រមូលផ្ដុំ។ កម្លាំងប្រមូលផ្ដុំនេះ តាមអ្វីដែលលោក ខាន់ សុវណ្ណ បាននិយាយថា ប្រមាត់ប្រមង់ចាប់ រហូតដល់ថាពាក្យ «ប្រមាត់ប្រមង់» នេះ មានកើតឡើងដល់ដើមឆ្នាំ ១៩៦០។ នេះជាការភាន់ច្រឡំដ៏ធំ ដែលបង្កើតទៅជារឿងដ៏អសោច ដ៏អាក្រក់ទៅថ្ងៃក្រោយ។ ខ្ញុំសុំឱ្យកែតម្រូវ ហើយឱ្យលុបចោលតែម្ដងនូវការនិយាយបែបនេះ។ ខ្ញុំជំនួសវិញទៅដោយអ្វីដែលខ្ញុំបញ្ជាក់នេះ។

“កម្លាំងប្រមូលផ្តុំ” ពីរជំនាន់

បើយោងទៅលើកត្តាប្រវត្តិសាស្រ្តដែលបានរៀបរាប់ ក្រោយពីសន្និសីទហ្សឺណែវ ឆ្នាំ ១៩៥៤ ពេលនោះ (មានការ)តម្រូវឱ្យដកកងទ័ពបរទេសចេញពីកម្ពុជា។ ការដកកងទ័ពបរទេសចេញពីកម្ពុជាពេលនោះ មានគណៈកម្មការត្រួតពិនិត្យ ដែលមាន​ ៣ ប្រទេស៖ ប្រទេសតំណាងឱ្យប្រទេសសង្គមនិយមមានប៉ូឡូញ, តំណាងឱ្យលោកសេរីមានកាណាដា, តំណាងឱ្យប្រទេសអព្យាក្រឹត្យមានឥណ្ឌា។ គេហៅថា គណៈកម្មការត្រួតពិនិត្យ ក្រោយសន្និសីទហ្សឺណែវ។ គណៈកម្មការត្រួតពិនិត្យនេះ គឺត្រួតពិនិត្យទៅលើបទឈប់បាញ់ ការដកកងទ័ព រហូតទៅដល់មានការបោះឆ្នោតជាដើម។

ក្នុងពេលនោះ យើងបានដឹងថា បងប្អូនមួយចំនួនបានធ្វើដំណើរទៅវៀតណាមខាងជើង​ តាមរយៈនៃការក្លែងខ្លួនជាអ្នកដែលចូលរួមទៅប្រទេសវៀតណាម ស្លៀកពាក់ដូចជាជនជាតិវៀតណាមជាដើម។ នេះបើយោងទៅលើអ្វីដែលបងៗ ទាំងនោះបានប្រាប់ខ្ញុំ ដូចជាបង កែវ ចិន្ដា, បង ម៉ុក សុគន្ធ ឬបង តាំង សារឹម ជាដើម។ ខ្ញុំក៏សួរគាត់ថា “ពេលដែលបងឯងទៅភាគខាងជើង បងឯងទៅរបៀបម៉េច? ពេលហ្នឹង មានគណៈកម្មការត្រួតពិនិត្យ?”។ គាត់ក៏បាននិយាយថា មនុស្សប្រហែលៗគ្នា ស្រដៀងៗគ្នា ហើយគេក៏អត់ចេះបារាំង យើងក៏អត់ចេះបា​រាំង បារាំងក៏អត់ចេះខ្មែរ បើអញ្ចឹងទេបន្លំៗ ទៅបានទាំងអស់ទៅ។ អញ្ចឹងគឺមានទាំងអ្នកមានវ័យចំណាស់ និងអ្នកដែលមានវ័យក្មេង។

ខ្ញុំស្គាល់អ្នកដែលមានវ័យចំណាស់មួយចំនួន ដែលក្រោយមក គាត់បានក្លាយជាមេបញ្ជាការរបស់ខ្ញុំ។ គាត់វិលត្រឡប់មកក្នុងឆ្នាំ ១៩៧០។ ពួកគាត់សុទ្ធតែជានាយទាហានដែលបានទទួលការបណ្ដុះបណ្ដាល ហើយពួកគាត់បានរៀនសូត្រយ៉ាងច្បាស់ គឺភាគច្រើនជាប់មហាវិទ្យាល័យនៅឯភាគខាងជើងវៀតណាម។ ប្រមាណជាង ១០០០ នាក់ បានវិលត្រឡប់មកដល់ក្នុងប្រទេសវិញ។ ក៏ប៉ុន្តែត្រូវបានសម្លាប់ដោយពួក ប៉ុល ពត។ ពួក ប៉ុល ពត បានយកបងប្អូនទាំងនេះទៅជំរំប្រមូលផ្ដុំ។ ខាងផ្នែកភូមិភាគបូព៌ាទិស យកទៅប្រមូលផ្ដុំនៅតំបន់ដំរីផុង ខេត្ត​ក្រចេះ។ អ្នកដែលរត់រួចពីទីនោះ គឺមាន៖ ហែម សាមិន, ញឹក ហួន, មាស ក្រូច។ ក្រោយមក(អ្នកទាំងនេះ) បានក្លាយទៅជាសហការីរបស់ខ្ញុំក្នុងការកសាងកងទ័ព ដែលខ្ញុំនិយាយថា មានអ្នកដែលនៅក្នុងប្រទេស និងក្រៅប្រទេស។ អ្នកដែលមកពីក្រៅប្រទេស បានរួចរស់ពីការស្លាប់ ហើយរត់ចេញទៅជួបជុំជាមួយនឹងខ្ញុំ ហើយ​ក៏រួមគ្នាកសាងកងទ័ព។

ក្រៅពីនោះក៏មានក្មេងៗ មួយចំនួន ធ្វើដំណើរទៅដែរ។ ក្មេងៗ មួយចំនួនក៏បានវិលត្រឡប់មកវិញ ឆ្នាំ ១៩៧០ ហើយក៏ត្រូវបាន ប៉ុល ពត សម្លាប់ដែរ។ ករណីមួយចំនួន ដែល(អ្នកទាំងនោះ)បានចូលរួមរៀប​ចំបង្កើតរណសិរ្សនៅឆ្នាំ ១៩៧៨ គឺករណីលោក ប៉ែន សុវណ្ណ។ បើតាមដឹង លោក ប៉ែន សុវណ្ណ ទៅប្រទេសវៀតណាម​តាំងពីអាយុប្រមាណជា ១៥ ឆ្នាំ។ ក្រុមរបស់ ប៉ែន សុវណ្ណ នេះ គឺជាក្រុមដែលខ្ញុំហៅថា ក្រុមទី ៤ ឬជាក្រុមប្រមូលផ្តុំ។ ក្រុមប្រមូលផ្តុំនេះមានមួយក្រុមមកឆ្នាំ ១៩៧០ ត្រូវបានពួក ប៉ុល ពត សម្លាប់ស្ទើរទាំងអស់។ នៅសេសសល់មួយចំនួនដែលរត់ទៅនៅជាមួយនឹងក្រុមរបស់ខ្ញុំ ដែលក្រោយមកក្លាយទៅជាអ្នកធ្វើការរួមដើម្បីកសាងកម្លាំងប្រដាប់អាវុធ។

អ្វីដែលខ្ញុំចង់និយាយនេះ សំដៅទៅលើក្រុមប្រមូលផ្តុំដែលមិនមានការស្លាប់។ ក្រុមអ្នកដែលមិនមានការស្លាប់នេះ គឺមិនបានវិលត្រឡប់មកឆ្នាំ ១៩៧០ ទេ។ ពួកគាត់ត្រូវបានជ្រើសរើសឲ្យនៅធ្វើការក្នុងរណសិរ្ស នៅក្នុងវិទ្យុរណសិរ្សរួបរួមជាតិកម្ពុជា ដឹកនាំដោយ សម្តេច ព្រះនរោត្តម សីហនុ នៅពេលនោះ។ តាមដែលដឹង នៅពេលនោះ លោក អៀង សារី ជាអ្នកគ្រប់គ្រងលើវិទ្យុនេះ។ ក្នុងនោះ មានបង ជា សុទ្ធ មានបង ចាន់ ស៊ី, មាន ប៉ែន សុវណ្ណ, មាន កែវ ចិន្តា, មាន ជ័យ សោភា និងមួយចំនួនទៀតដូចជា ម៉ុក សុគន្ធ អីជាដើម​។ ក្រុមនេះមិនបានវិលត្រឡប់មកក្នុងប្រទេសទេ។ នៅពេលដែលប្រទេសត្រូវបានរំដោះ ពួក ប៉ុល ពត ក៏មិនបានយកបងប្អូនទាំងនេះមកដែរ។ បងប្អូនទាំងនេះ ក៏មិនត្រឡប់មកក្នុងប្រទេសដែរ ដោយមើលឃើញថាស្ថានភាពវាមិនស្រួល និងមានការគេហៅថា ការកាប់សម្លាប់របស់ពួកខ្មែរក្រហម។ ដូច្នេះ បងប្អូននេះបន្តនៅក្នុងប្រទេសវៀតណាម រហូតមកទល់ឆ្នាំ ១៩៧៨ គឺបានសេចក្តីថា ពីឆ្នាំ ១៩៧០ រហូតមកទល់ឆ្នាំ ១៩៧៨ (ស្មើនឹង) ៨ ឆ្នាំ។ បើគិតពីឆ្នាំ ១៩៥៤ រហូតមកដល់ឆ្នាំ ១៩៧៨ នេះ គឺមានរយៈពេលច្រើនជាងឆ្ងាយ ដែលខ្ញុំសូមបញ្ជាក់នៅទីនេះ។

រចនាសម័្ពន្ធអង្គការចាត់តាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មិនមានឈ្មោះ ប៉ែន សុវណ្ណ

បងប្អូនទាំងនេះបានមកចូលរួមក្នុងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងឆ្នាំ ១៩៧៨។ ប្រតិភូក្រុមនេះ ដឹកនាំដោយ ប៉ែន សុវណ្ណ ជាប្រធាន ម៉ុក សុគន្ធ អនុប្រធាន ហើយក៏បានបញ្ជូនមនុស្សដើម្បីចូលរួមក្នុងការ​បង្កើតរណសិរ្ស ដែលខ្ញុំសូមបញ្ជាក់ឡើងវិញថា អគ្គលេខាធិការរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គឺលោក រស់ សម័យ ដែលនៅក្នុងក្រុមនៅភាគខាងជើងវៀតណាម។ ព្រឹកមិញខ្ញុំមានការនិយាយខ្លះ គឺមាន លោក នៅ សាមុំ តំណាងឲ្យផ្នែកកសិករ និង លោក មាស សំណាង តំណាងឲ្យកម្មក នៅក្នុងរណសិរ្ស។ ដូច្នេះ មាន ៣ នាក់ ដែលបានចូលរួមក្នុងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ហើយពុំមានឈ្មោះ ប៉ែន សុវណ្ណ នៅក្នុងនោះទេ។ រចនាសម័្ពន្ធអង្គការចាត់តាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅពេលនោះ គឺពិតជាមិនមានឈ្មោះ លោក ប៉ែន សុវណ្ណ ទេ ក៏ប៉ុន្តែ លោក ប៉ែន សុវណ្ណ កនាំក្រុមមួយក្នុងចំណោម ៤ ក្រុម ដែលចេញមុខនៅពេលនោះ។

សមាជិកបក្ស ៦២ នាក់ ជ្រើសរើសមនុស្ស ៧ នាក់ ដឹកនាំបក្សឡើងវិញក្នុងមហាសន្និបាតទី ៣

ខ្ញុំសូមបញ្ជាក់ថា ទន្ទឹមនឹងបង្កើតបានរណសិរ្សហើយ យើងឆ្ពោះទៅដល់ការរៀបចំបក្សឡើងវិញ។ ពេលនោះយើងប្រមូលផ្តុំបានមនុស្ស ៦២ នាក់ ដើម្បីទៅរៀបចំគណបក្សឡើងវិញ ដែលហៅថាគណៈកសាងបក្សឡើងវិញ។ អ្នកដែលបានជាប់ឆ្នោតនៅក្នុងមហាសន្និបាត ចាត់ទុកថា មហាសន្និបាតបក្សលើកទី ៣ ដែលប្រព្រឹត្តិទៅពីថ្ងៃទី ០៥ ខែ មករា រហូតដល់ថ្ងៃទី ០៨ ខែ មករា គឺមានការបោះឆ្នោតជ្រើសតាំងមនុស្ស ០៧ នាក់ ចេញពីមហាសន្និបាតនេះ។ ក្នុងហ្នឹងមាន ប៉ែន សុវណ្ណ, ហេង សំរិន, ជា ស៊ីម, ហ៊ុន សែន, ប៊ូ ថង, ចាន់ គិរី, វ៉ាន់ សន។ នេះមានតែ ០៧ រូបហ្នឹងទេ ដែល(ត្រូវបាន)បោះឆ្នោតចេញ(ពី)សមាជបក្ស ដែលមានសមាជិកចូលរួម ៦២ នាក់តែប៉ុណ្ណោះ។ ខុសពីពេលនេះ (ដែល)សមាជិករបស់បក្សមានរហូតដល់ជាង ៦ លាននាក់ឯណោះ។ ចំណុចនេះ បង្ហាញឱ្យឃើញអំពីការរៀបចំទាំងកម្លាំងរណសិរ្ស ទាំងកម្លាំងខាងបក្ស នៅមុនពេលដែលយើងរំដោះប្រទេស។

ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា កើតនៅថ្ងៃ ៨ មករា

ជាការគាប់ជួនណាស់ នៅថ្ងៃដែលយើងហៀបនឹងបញ្ចប់មហាសន្និបាតគណបក្ស ថ្ងៃ ០៨ មករា យើងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការកណ្ដាលគណបក្ស ក៏ជាថ្ងៃដែលយើងរំដោះប្រទេស។ ដូច្នេះ ថ្ងៃ ០៨ នេះក៏ជាថ្ងៃបង្កើតនូវរដ្ឋាភិបាលផងដែរ។ រដ្ឋាភិបាលនៅពេលនោះ មានឈ្មោះថា ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា។ (សមាសភាពដឹកនាំ)ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជានេះមាន ទីមួយ បង ហេង សំរិន សព្វថ្ងៃគាត់នៅរស់ទេ ជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា មានតួនាទីជាប្រមុខរដ្ឋផង ជានាយករដ្ឋមន្ត្រីផង … ទី ២៖ ប៉ែន សុវណ្ណ ជាអនុប្រធានទទួលបន្ទុកកិច្ចការពារជាតិ។ បានសេចក្ដីថា ក្រសួងការពារជាតិ។ ទី ៣៖ ហ៊ុន សែន ជាសមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ទទួលបន្ទុកកិច្ចការបរទេស។ ទី ៤៖ ជា ស៊ីម សមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ទទួលបន្ទុកកិច្ចការមហាផ្ទៃ។ ទី ៥៖ ចាន់ វ៉ែន សមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ទទួលបន្ទុកអប់រំ។ ទី ៦៖ ម៉ុក សុគន្ធ សមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ទទួលបន្ទុកសេដ្ឋកិច្ច និងជីវភាព។ ទី ៧៖ កែវ ចិន្តា សមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ទទួលបន្ទុកឃោនាការ វប្បធម៌។ ទី ៨៖ នូ បេង សមាជិកទទួលបន្ទុកកិច្ចការសុខាភិបាល។ អញ្ចឹងទេ រដ្ឋាភិបាលបណ្ដោះអាសន្នពេលនោះ គឺមានត្រឹមតែ ៨ នាក់ តែប៉ុណ្ណោះ។ បន្ទាប់ទៅ មកដល់ទីក្រុងភ្នំពេញ យើងបង្កើតគណៈកម្មការពាណិជ្ជកម្ម ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម អ្នកទាំងនោះក៏ក្លាយទៅជា(អ្នកដឹកនាំ)ក្រសួងតែម្ដង មុនពេលដែលយើងធ្វើមហាសន្និបាតលើកទី ៤ និងការបោះឆ្នោតឆ្នាំ ១៩៨១។

ការរៀបចំរដ្ឋ និងរដ្ឋាភិបាល

ក្នុងរង្វង់ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨១ យើងបានដំណើរការជាហូរហែ។ យើងបានរៀបចំបង្តើតឡើងនូវមហាសន្និបាតលើកទី ៤ របស់គណបក្ស ដែលពេលនោះ ចំនួនសមាជិកបក្សរបស់យើងក៏មានការកើនឡើង។ គណៈកម្មាធិការកណ្ដាលក៏បានរៀបចំបន្ត ហើយយើងក៏បានឈានឆ្ពោះទៅរកការបោះឆ្នោតសភា។ តាមរយៈសភានេះ យើងបានកសាងរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋប្រជាមានិតកម្ពុជារបស់យើង ដែលការរៀបចំរដ្ឋពេលនោះមានដូចតទៅ៖

ខាងផ្នែកស្ថាប័នគណៈប្រធានរដ្ឋ គឺមានសម្ដេច ហេង សំរិន ជាប្រធាន និងឯកឧត្តម សាយ ភូថង ជាអនុប្រធាន។ ហ្នឹងផ្នែកក្រុមប្រឹក្សារដ្ឋដែលហៅថា ប្រមុខរដ្ឋ។ សភាគឺមានសម្ដេច ជា ស៊ីម។ ឯខាងរដ្ឋាភិបាល​មាន ប៉ែន សុវណ្ណ ជានាយករដ្ឋមន្ត្រីឬប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី, ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស, ចាន់ ស៊ី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ, ជា សុទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ។

សុំបញ្ជាក់បន្តិចថា បង សាយ ភូថង មកដល់ទីក្រុងភ្នំពេញ ក៏ត្រូវបានបញ្ចូលទៅក្នុងថ្នាក់ដឹកនាំនៅក្នុងគណបក្ស តាមរយៈនៃការធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសមួយ ដើម្បីបោះឆ្នោតបញ្ចូលបង សាយ ភូថង ដែលមកពីប្រទេសថៃ ចូលទៅជាសមាជិកអចិន្ដ្រៃយ៍ ឬសមាជិកគណៈកម្មការកណ្ដាលមួយទៀត ដែល មានមនុស្ស ៨ នាក់ (ក្នុង)រចនាសម្ព័ន្ធដឹកនាំខាងបក្ស ហើយក៏មានផ្នែកខាងរដ្ឋដែលខ្ញុំបានបញ្ជាក់ពីខាងលើ។

ជាហូរហែ យើងបានរៀបចំដូចដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញ។ យើងមានរដ្ឋធម្មនុញ្ញជាលើកដំបូងរបស់យើង។ យើងមានរដ្ឋាភិបាល រចនាសម្ព័ន្ធដឹកនាំរដ្ឋ បង ហេង សំរិន បង សាយ ភូថង ប្រធាន និងអនុប្រធានរដ្ឋ និងបង ជា ស៊ីម ជាប្រធានសភា ហើយ ប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។ ខ្ញុំ, បង ចាន់ ស៊ី និងបង ជា សុទ្ធ សុទ្ធតែជាឧបនាយករដ្ឋមន្ត្រី។ ខ្ញុំកាន់ការបរទេស, បង ចាន់ ស៊ី កាន់ការពារជាតិ និងបង ជា សុទ្ធ កាន់ផែនការ។ មានរដ្ឋមន្ត្រីដទៃទៀត ដែលហៅរដ្ឋាភិបាលពេលនោះ ប៉ុន្តែយើងហៅថាក្រុមប្រឹក្សារដ្ឋមន្ត្រី។​

ដំណើរហេតុ ត្រូវចាប់ ប៉ែន សុវណ្ណ

ខ្ញុំសុំបញ្ជាក់ជូនថា ហេតុអ្វីបានជាយើងត្រូវចាប់ ប៉ែន សុវណ្ណ? ប៉ែន សុវណ្ណ ធ្វើអ្វីខ្លះបានជាយើងឈានទៅចាប់ ប៉ែន សុវណ្ណ? ដំបូងឡើយ​ យើងមិនចង់ឱ្យមានការកាន់អំណាចស្ទួនទេ។ អ្វីដែល ប៉ែន សុវណ្ណ ធ្លាប់អះ​អាង ហើយសរសេរក្នុងសៀវភៅគឺ ប៉ែន សុវណ្ណ សរសេរខុសទាំងអស់។ ត្រូវតែមួយចំណុចទេ ត្រូវត្រង់ថា ហ៊ុន សែន បានទៅចាប់គាត់ដល់ផ្ទះ។ ខ្ញុំទទួលយកថាត្រឹមត្រូវ។ ប៉ុន្តែ ប៉ែន សុវណ្ណ ភូតភរថាគាត់ចូលមកតស៊ូនៅក្នុងប្រទេស។ មនុស្សស្លាប់ទៅហើយ ខ្ញុំត្រូវតែនិយាយឲ្យស្របការពិត។ គាត់មានចំណែកក្នុងការតស៊ូ បង្កើតរណសិរ្ស តែគាត់ក៏មិនត្រូវមួលបង្កាច់នូវសភាពការណ៍នោះដែរ។

ប៉ែន សុវណ្ណ បានធ្វើកំហុសច្រើនណាស់ចាប់តាំងពីពេលចូលមកដល់ទីក្រុងភ្នំពេញ។ ការឆែកផ្ទះបង ជា ស៊ីម ឆែកផ្ទះបង ហេង សំរិន និងការប៉ុនប៉ងមកឆែកផ្ទះរបស់ខ្ញុំ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយដែល ប៉ែន សុវណ្ណ បានបង្កើត។ ក្រៅពីនោះ ប៉ែន សុវណ្ណ បានបង្កើតរឿងរ៉ាវច្រើនណាស់ រាប់ទាំងចាប់មេដឹកនាំមួយចំនួនដែលគ្រាន់តែ ធ្វើដំណើរមកសួរសុខទុក្ខបងប្អូននៅក្នុងថ្នាក់ដឹកនាំ ដូចជា បង ហេង សំរិន បង ជា ស៊ីម ឬក៏ខ្លួនខ្ញុំ នៅក្នុងទីក្រុងភ្នំពេញ។ (អ្នកទាំងនោះ)ជួបការលំបាក ដោយសារតែ ប៉ែន សុវណ្ណ។ ប៉ុន្តែ យើងចេះតែអធ្យាស្រ័យ ធ្វើការអប់រំគ្នា។ អ្វីដែល ប៉ែន សុវណ្ណ ធ្វើខុសខ្លាំងជាងនេះ គឺធ្វើឱ្យបងប្អូននៅភូមិភាគបូព៌ាមួយចំនួន ដែលគេចង់មករួមរស់នៅជាមួយយើង រត់ចូលព្រៃ។ (អ្នកទាំងនោះ)ជាអ្នកតស៊ូនៅផ្ទៃក្នុង ក្នុងពេលដែលវាយពួកខ្មែរក្រហម។ បងប្អូនទាំងនោះបានស៊ូក្រាញននាលវាយពួកខ្មែរក្រហមនៅក្នុងក្រុង ប៉ុន្តែត្រូវបាន ប៉ែន សុវណ្ណ សង្ស័យថា ជាកម្លាំងបង្កប់របស់ បង ជា ស៊ីម ឬរបស់បង ហេង សំរិន ទៅវិញ ធ្វើឱ្យអ្នកទាំងនេះក្លាយជាអ្នករងគ្រោះ ហើយទីចុងបំផុត ក៏រត់ចូលទៅជាមួយពួកខ្មែរក្រហម។ នេះជាកំហុសដ៏ធំរបស់ ប៉ែន សុវណ្ណ។

ប៉ុន្តែ បញ្ហាខុសធំជាងនេះទៅទៀត គឺនៅពេលដែលរៀបចំរដ្ឋាភិបាលដំបូង យើងមានផែនការឲ្យ ប៉ែន សុវណ្ណ ធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋ ព្រោះគេមិនចង់ឱ្យមានការកាន់អំណាចស្ទួន ធ្វើជាអគ្គលេខាបក្សផង និងធ្វើជានា​យក​រដ្ឋមន្ត្រីផង។ ប៉ុន្តែ ប៉ែន សុវណ្ណ ប្ដូរផ្ដាច់នៅតែមិនព្រម គឺទាមទារធ្វើនាយករដ្ឋមន្ត្រី។ យើងក៏សម្រុះ​សំរួល​គ្នា។ ខ្លួនខ្ញុំហើយដើរតួនាទីជាអ្នកសម្របសម្រួលជាមួយបង សាយ ភូថង ដើម្បីឱ្យ ប៉ែន សុវណ្ណ បានទទួលតំណែងប្រធានអគ្គលេខាបក្សផង ហើយធ្វើជានាយករដ្ឋមន្ត្រីផង។

និយាយដោយស្មោះត្រង់ បង ជា ស៊ីម ក្ដី បង ហេង សំរិន ក្ដី មិនមែនជាអ្នកបង្កហេតុទេ។ ពួកគាត់គឺជាអ្នកស្លូត​បូត​។ សូម្បី ប៉ែន សុវណ្ណ ទៅឆែកផ្ទះហើយ បង ជា ស៊ីម សុខចិត្តចាក់សោរបើកទូរទាំងអស់ ឱ្យមនុស្សដែល ប៉ែន សុវណ្ណ ឱ្យទៅឆែក ថតទាំងអស់។ ពេលមានការប្រជុំដោះស្រាយមួយ ប៉ែន សុវណ្ណ បាននិយាយថា “ហេតុអីបាន ជា ស៊ីម រៀបចំកម្លាំងប៉ូលីស?”។ បានខ្ញុំទិតៀន ប៉ែន សុវណ្ណ យ៉ាងត្រង់ នៅក្នុងពេលអង្គប្រជុំនោះតែម្ដងថា “ឱ្យធ្វើរដ្ឋមន្ត្រីមហាផ្ទៃ បើមិនឱ្យរៀបចំកម្លាំងប៉ូលីស ឱ្យរៀបចំស្អី? តើបងឯងចង់ឱ្យរដ្ឋមន្ត្រីមហា​ផ្ទៃ​ធ្វើអីពិតប្រាកដ? រដ្ឋមន្ត្រីមហាផ្ទៃត្រូវមានភារកិច្ចរៀបចំនូវកម្លាំងនគរបាល”។ នេះគឺអ្វីដែលខ្ញុំបញ្ជាក់ ហើយ​ថ្ងៃនោះគឺប្រជុំនៅក្នុងផ្ទះ ប៉ែន សុវណ្ណ តែម្ដង។

ប៉ុន្តែយើងក៏ស្រុះស្រួលគ្នាធ្វើបែបនេះទៅ។ យើងសុខចិត្តស្រុះស្រួលឲ្យ ប៉ែន សុវណ្ណ ធ្វើនាយករដ្ឋមន្ត្រីផង ធ្វើអគ្គលេខាបក្សផង។ ប៉ុន្តែ ប៉ែន សុវណ្ណ មិនអស់ចិត្តទេ គឺតាមរករឿងបង ហេង សំរិន បង ជា ស៊ីម រហូត​។ សម័យថ្ងៃមួយ ក្នុងអំឡុងប្រមាណជាថ្ងៃ ២៨ ខែវិច្ឆិកា ឆ្នាំ ១៩៨១ ប៉ែន សុវណ្ណ បានទូរស័ព្ទរកខ្ញុំ។ ខ្ញុំនៅចាំលេខទូរស័ព្ទខ្ញុំយ៉ាងច្បាស់ … ដែលមានតែ ២ លេខទេ គឺលេខ ២៧ នៅនឹងក្រសួងការបរទេស។ ប៉ែន សុវណ្ណ បានសួរខ្ញុំថា “តើមិត្ត ហ៊ុន សែន ឯងអាចមកប្រជុំបានទេ?”។ ខ្ញុំថា “អាចមកប្រជុំបាន ព្រោះខ្ញុំអត់មានទទួលភ្ញៀវទេថ្ងៃហ្នឹង ខ្ញុំនៅធ្វើការធម្មតា”។ អញ្ចឹងទេ ប៉ែន សុវណ្ណ ក៏បានប្រាប់ខ្ញុំថា “ឥឡូវមិត្ត ហ៊ុន សែន ឯងចាំបន្តិច ខ្ញុំនឹងទាក់ទងទៅមិត្ត ជា ស៊ីម មិត្ត ហេង សំរិន ហើយមិត្ត សាយ ភូថង ដើម្បីមកប្រជុំ”។

បន្តិចក្រោយមកទូរស័ព្ទក៏រោទិ៍ឡើងទៀត។ ប៉ែន សុវណ្ណ បានប្រាប់ថា “មិត្ត ហ៊ុន សែន ឯងមកបានហើយ។ ខ្ញុំបានអញ្ជើញមិត្ត ជា ស៊ីម មិត្ត ហេង សំរិន មិត្ត សាយ ភូថង មកដល់ហើយ។ យើងប្រជុំចង្អៀត ដោយមានគ្នាតែ ៥ នាក់បានហើយ”។ ទោះបីជាមានសមាជិកច្រើន ក៏ប៉ុន្តែស្នូលដឹកនាំសំខាន់នៅពេលនោះ គឺមានតែ ៥ តួអង្គនេះ។ ៥ តួអង្គនេះគឺជា ៥ តួអង្គមេដឹកនាំសំខាន់ ជាអ្នកមានអំណាចនៅក្នុងពេលនោះ។ បង ហេង សំរិន និងបង ជា ស៊ីម គាត់មិនសូវនិយាយស្តីទេ ដោយសារតែការរករឿងពីសំណាក់ ប៉ែន សុវណ្ណ ជ្រុលហួសហេតុទៅលើរូបគាត់ទាំងពីរ។ ជាពិសេសគឺទៅលើបង ជា ស៊ីម ដែល ប៉ែន សុវណ្ណ មិនទុកចិត្តទាល់តែសោះ ដោយចាត់ទុកថា បង ជា ស៊ីម គឺជាប្រភេទមនុស្សក្បត់អញ្ចេះឬអញ្ចុះ។ នេះជារឿងដែល ប៉ែន សុវណ្ណ បានបង្ក។

នៅក្នុងពេលជួបជុំគ្នាហើយ ប៉ែន សុវណ្ណ បានរៀបចំផែនការ ដើម្បីដណ្តើមអំណាចបន្ថែមទៀត។ ប៉ែន សុវណ្ណ បានលើកឡើងថា កែវ ចិន្តា មិនអាចធ្វើជារដ្ឋមន្ត្រីឧស្សាហកម្មបានទេ ដូច្នេះគួរតែឲ្យ កែវ ចិន្តា ទៅកាន់លេខាបក្សក្រុងភ្នំពេញតែមួយគត់។ ពេលនោះបង កែវ ចិន្តា គាត់ធ្វើជាលេខាបក្សក្រុងភ្នំពេញផង គាត់ធ្វើជារដ្ឋមន្ត្រីឧស្សាហកម្មផង។ ប៉ែន សុវណ្ណ បានស្នើថាត្រូវយក កែវ ចិន្តា ចេញ ហើយក្រសួងឧស្សាហកម្មអត់មានរដ្ឋមន្ត្រី​ទេ។ ដូច្នេះ សុំប្រគល់ឲ្យសមមិត្ត ចាន់ ស៊ី ជាឧបនាយករដ្ឋមន្ត្រី ទៅកាន់ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម។ ឯរដ្ឋមន្ត្រីការពារជាតិ ដែលបង ចាន់ ស៊ី កំពុងតែកាន់នេះ គាត់(ប៉ែន សុវណ្ណ)កាន់ជានាយករដ្ឋមន្ត្រីផង និងកាន់ជារដ្ឋមន្ត្រីការពារជាតិផង។ នេះជាផែនការដែល ប៉ែន សុវណ្ណ បានត្រៀមរៀបចំដើម្បីដណ្តើមយកការកាន់កាប់កម្លាំងយោធាបន្ថែម។

… ខ្ញុំអង្គុយជាប់ជាមួយ ប៉ែន សុវណ្ណ ពីរនាក់នៅម្ខាង។ ម្ខាងទៀតបង ហេង សំរិន នៅកណ្តាល បង ជា ស៊ីម និងបង សាយ ភូថង (នៅសងខាង) … បង សាយ ភូថង បានសម្លឹងមុខខ្ញុំ ព្រោះសម្លេងរបស់ខ្ញុំនៅពេលនោះគឺអាចនិយាយបានថា បើខ្ញុំលម្អៀងទៅខាងណាហើយ គឺទម្ងន់នៃការសម្រេច គឺលម្អៀងទៅតាមហ្នឹងដែរ។ បង សាយ ភូថង គឺជាមនុស្សចាស់ទុំ និងមានបទពិសោធន៍ជ្រៅជ្រះ មានតួនាទីសំខាន់ណាស់នៅក្នុងគណបក្សប្រ​ជា​ជនកាលពីពេលនោះ។ បើគ្មានបង សាយ ភូថង ទេ សភាពការណ៍ពេលនោះគឺមានការលំបាកច្រើន …គាត់ជាអ្នកកោះកុង ហើយក៏ជាអ្នកដែលបានទៅធ្វើការប្រមូលផ្តុំនៅភាគខាងជើងវៀតណាមផងដែរ។ គាត់បានរៀនសូត្រជ្រៅជ្រះ ហើយក៏មានតួនាទីដឹកនាំសំខាន់។ អ្វីដែលសំខាន់ជាងទៅទៀតគឺគាត់បានធ្វើជាស្នូលដឹកនាំនៃគណបក្សប្រជាជនក្នុងរយៈកាលជាបន្តបន្ទាប់ បើទោះបីជាគាត់មិនកាន់ប្រធានបក្ស គាត់មិនកាន់ជានាយករដ្ឋមន្ត្រី គាត់មិនកាន់ជាប្រធានរដ្ឋ ឬអគ្គលេខាបក្ស តែគាត់ជាមនុស្សដ៏សំខាន់។

ពេលនោះបង សាយ ភូថង មានការបារម្ភខ្លាំងណាស់ ខ្លាចខ្ញុំគាំទ្រ ប៉ែន សុវណ្ណ។ ពេលខ្ញុំចាប់ផ្តើមនិយាយ ខ្ញុំបានជំទាស់ជាមួយ ប៉ែន សុវណ្ណ តាមរបៀបថា ខ្ញុំយល់ស្របឲ្យបង កែវ ចិន្តា ទៅធ្វើជាលេខាបក្សក្រុងតែមួយគត់ដោយមិនចាំបាច់កាន់តំណែងរដ្ឋមន្ត្រីឧស្សាហកម្មបន្ថែមទេ។​ ប៉ុន្តែ ក៏គ្មានការចាំបាច់ ដើម្បីនឹងយករដ្ឋមន្ត្រីការពារជាតិ ទៅធ្វើជារដ្ឋមន្ត្រីឧស្សាហកម្មដែរ។ យើងរកអ្នកផ្សេងដើម្បីនឹងទៅកាន់ការនៅទីនោះតែម្តងទៅ។ ខ្ញុំប្រាប់ទៅ ប៉ែន សុវណ្ណ ថា សូមឲ្យមានការប្រយ័ត្នក្នុងការដូររដ្ឋមន្ត្រី ៣ រូប។ ទី ១៖ រដ្ឋមន្រ្តីការពារជាតិ ទី ២៖ រដ្ឋមន្ត្រីការបរទេស (និង)ទី ៣៖ រដ្ឋមន្ត្រីមហាផ្ទៃ។ ត្រូវប្រយ័ត្នប្រយែងក្នុងការដោះដូររដ្ឋមន្រ្តីទាំង ៣ នេះ។ ប៉ែន សុវណ្ណ មានការថ្នាំងថ្នាក់ជាមួយខ្ញុំរហូតដល់និយាយថា “បើគ្មានអ្នកណាទៅធ្វើរដ្ឋមន្រ្តីឧស្សាហកម្មទេ ខ្ញុំនឹងទៅ​ខ្លួនឯង”។ ពេលនោះខ្ញុំផ្ចាញ់ផ្ចាលបន្ថែមថា “ល្អហើយ! បើសិនជាបងឯងទៅធ្វើរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មខ្លួនឯង គឺធ្វើឲ្យឧស្សាហកម្មមានការរីកចម្រើនហើ។យ អញ្ចឹងសូមអញ្ជើញទៅ”។ ប៉ែន សុវណ្ណ ខឹងយ៉ាងខ្លាំងក្នុងពេលជាមួយគ្នា បង សាយ ភូថង គឺសប្បាយចិត្តទៅវិញ។ គាត់(សាយ ភូថង)ខ្លាចណាស់នូវអ្វីដែល(ថា)ខ្ញុំអាចនឹងគាំទ្រ ប៉ែន សុវណ្ណ ឲ្យ ប៉ែន សុវណ្ណ ទៅកាន់រដ្ឋមន្ត្រីការពារជាតិបន្ថែម។

“ប៉ែន សុវណ្ណ ក្បត់ហើយ … ចាប់បញ្ជូនទៅវៀតណាមវិញ”

នេះជាការប៉ុនប៉ងដណ្តើមអំណាចបន្ថែមសម្រាប់ផ្ទាល់ខ្លួន ប៉ែន សុវណ្ណ ដែលជាអំពើមួយមិនប្រក្រតី។ ដោយ​សារ​(ទីកន្លែង)ប្រជុំនោះឆ្លងតែផ្លូវម្ខាង មកផ្លូវម្ខាងពីផ្ទះ ប៉ែន សុវណ្ណ គឺនៅក្នុងប្លុក ផ្ទះ ប៉ែន សុវណ្ណ តែម្តង។ នៅពេលដែលចេញពីប្រជុំ ប៉ែន សុវណ្ណ ចេញទៅមុនបាត់។ បង ជា ស៊ីម ចេញបន្ត។ បង ហេង សំរិន ចេញបន្ត។ បង សាយ ភូថង ចាប់ខ្ញុំជាប់។ បង សាយ ភូថង បានប្រាប់ខ្ញុំថា “ប៉ែន សុវណ្ណ ក្បត់ហើយ។ ដូច្នេះ យើងមិនអាចទុក ប៉ែន សុវណ្ណ បានទេ”។ ខ្ញុំក៏បានបញ្ជាក់ថា “ពិតប្រាកដណាស់បង មិនអាចទុកបានតទៅទៀតទេ។ យើងត្រូវតែដោះស្រាយបញ្ហារបស់យើងហើយ។ ប៉ុន្តែ តើត្រូវធ្វើយ៉ាងម៉េច? បើ ប៉ែន សុវណ្ណ គឺជាមនុស្សដែលមកពីវៀតណាម។ អញ្ចឹងតើយើងយកទៅណា? យើងត្រូវតែហ៊ាននិយាយជាមួយខាងវៀតណាម ដើម្បីប្រ​គល់ជូនទៅឲ្យខាងវៀតណាមជួយ ព្រោះប្រពន្ធកូនរបស់ ប៉ែន សុវណ្ណ នៅឯហាណូយ ឯណោះ”។

គាត់មានប្រពន្ធមានកូនជាវៀតណាម ប៉ុន្តែគាត់ស្អប់វៀតណាម។ រឿងចម្លែកគឺនៅកន្លែងហ្នឹង។ គាត់ស្អប់វៀតណាមក្រោយពេលដែលគាត់ទៅជាបក្សប្រឆាំងតែប៉ុណ្ណឹងទេ។ ហ្នឹងខ្ញុំមិនដាក់បណ្តាសា ឬក៏និយាយអ្វីសម្រាប់គាត់នោះទេ ក៏ប៉ុន្តែយើងត្រូវតែហ៊ាននិយាយយ៉ាងដូច្នេះ។

… ខ្ញុំជាមួយបង សាយ ភូថង បានធ្វើការងារនេះយ៉ាងខ្លាំង ដើម្បីនឹងឲ្យកិច្ចដំណើរការរបស់យើងទៅមុខបាន។ កិច្ចការបានមកដល់។ យើងមានការប្រជុំមួយនៅនឹងផ្ទះបង សាយ ភូថង គឺប្រជុំការិយាល័យនយោបាយដោយមិនមានវត្តមាន ប៉ែន សុវណ្ណ ទេ។ ក្នុងនោះ បើខ្ញុំមិនច្រឡំទេគឺ(សមាជិក)ការិយាល័យនយោបាយពេលនោះ គឺមានបង ហេង សំរិន មានបង ជា ស៊ីម មានបង សាយ ភូថង មានខ្ញុំ មានបង ប៊ូ ថង មានបង ចាន់ ស៊ី។ គឺមានប៉ុណ្ណឹង។ ចាន់គិរី វ៉ាន់សន គាត់មិនមានលទ្ធភាពបន្តតទៅទៀតទេ។ យើងប្រជុំនៅពេលនោះសម្រេចថា ដក ប៉ែន សុវណ្ណ ចាប់ខ្លួន ប៉ែន សុវណ្ណ តែម្តង។ អ្នកដែលត្រូវទទួលបន្ទុកចាប់ ប៉ែន សុវណ្ណ គឺបង សាយ ភូថង ជាមួយនឹងខ្ញុំ។ ខ្ញុំសូមបញ្ជាក់ រឿងហ្នឹងហើយដែល ប៉ែន សុវណ្ណ និយាយត្រឹមត្រូវក្នុងសៀវភៅរបស់គាត់។ គាត់សរសេរថា ហ៊ុន សែន ទៅចាប់គាត់ដល់ផ្ទះ។ ពិតណាស់ខ្ញុំទទួលស្គាល់ ទទួលខុសត្រូវ ថាខ្ញុំជាអ្នកទៅចាប់ ប៉ែន សុវណ្ណ ដល់ផ្ទះតែម្តង ព្រោះពេលនោះការិយាល័យនយោបាយ បានសម្រេចប្រគល់ភារកិច្ចឲ្យខ្ញុំជាមួយនិងបង សាយ ភូថង ទៅផ្ទះ ប៉ែន សុវណ្ណ ដើម្បីចាប់ ប៉ែន សុវណ្ណ ដែលមានការរៀបចំកម្លាំងហើយស្រេចគឺ អង្គរក្ស ប៉ែន សុវណ្ណ តែម្តង ជាអ្នកចាប់ ប៉ែន សុវណ្ណ ដោយយើងមិនចាំបាច់យកអង្គរក្ស ឬកម្លាំងពីខាងក្រៅចូលចាប់ ប៉ែន សុវណ្ណ នោះទេ។

ខ្ញុំសូមបកស្រាយរឿងនេះ ដើម្បីទាំងអស់គ្នាបានជ្រាបអំពីព្រឹត្តិការណ៍ទាក់ទងនឹងការចាប់ ប៉ែន សុវណ្ណ។ រឿងនេះពាក់ព័ន្ធជាមួយការលើកឡើងនានា ដែលខ្ញុំសូមបញ្ជាក់ដំណើររឿង ដើម្បីចៀសវាងនូវការបកស្រាយ ដូចជាការបកស្រាយរបស់លោក ខាន់ សុវណ្ណ ដែលជាការបកស្រាយមួយខុសស្រឡះទាំងស្រុង អំពីប្រការដែលថាសូវៀត និងវៀតណាម ជាអ្នកដណ្តើមគ្នាចាត់តាំងនាយករដ្ឋមន្ត្រីខ្មែរ។ លោក ខាន់ សុវណ្ណ អះអាងថា (បើ)ចាត់តាំង ប៉ែន សុវណ្ណ ក៏ត្រូវបាត់ ចាត់តាំង ចាន់ស៊ី ក៏បាត់ ដោយសារតែសូវៀត។ ដល់ចាត់តាំង ហ៊ុន សែន គឺវាត្រូវចិត្តសូវៀត។ អញ្ចឹងមានន័យថា ខាន់ សុវណ្ណ កំពុងតែនិយាយខុសការពិត។ បើសិនជាខ្ញុំមិនបានចេញបំភ្លឺទេ គឺរឿងនេះវាអាចក្លាយទៅជាការពិតមួយដែល ខាន់ សុវណ្ណ នឹងអាចនាំផ្លូវមនុស្សឲ្យមានការយល់ខុសអំពីប្រវត្តិសាស្ត្រ ដែលខ្ញុំសូមបញ្ជាក់បន្ថែមអំពីចំណុចនេះនៅក្នុងបន្តិចទៀតនេះ។

… មុនពេលចេញដំណើរ ខ្ញុំបានបញ្ចូលគ្រាប់កាំភ្លើងរបស់ខ្ញុំម៉ាក ប្រាហា ដាក់ទៅក្នុងហោប៉ៅខោ រួចហើយខ្ញុំស្នើឲ្យកាត់ប្រព័ន្ធទូរស័ព្ទទាំងអស់របស់ផ្ទះ ប៉ែន សុវណ្ណ។ ពេលនោះខ្ញុំក៏ជិះឡាន វ៉ុលហ្កា សូវៀត ឡានរបស់បង សាយ ភូថង កាត់មុខផ្ទះខ្ញុំ … ព្រោះពេលនោះក៏មិនមានមនុស្សច្រើនដែរ។ ខ្ញុំបានហៅ ប៉ែន អៀន ហៅ ងួន ផនស៊ីផុន ឲ្យមកចាំនៅផ្ទះខ្ញុំ ព្រោះពេលនោះខ្ញុំទើបនឹងមានកូន ម៉ាណែត មួយ ហើយកូនស្រី ម៉ាណា នោះទើបនឹងបានប្រហែលជា ១ ខួប និងប្រពន្ធខ្ញុំក៏កំពុងមានផ្ទៃពោះបន្ថែមទៀត។ ខ្ញុំបារម្ភក្រែងលោមានការផ្ទុះអា​វុធនៅពេលនោះ។ ខ្ញុំក៏លួចផ្ដល់សញ្ញាទៅឲ្យ ញឹក ហួន ដែលជាមេបញ្ជាការកងពលធំ ១៩៦ ហើយនិងមនុស្សមួយចំនួនផ្សេងទៀត ដែលជាកូនចៅចាស់របស់ខ្ញុំឲ្យបានជ្រាបនិងត្រៀមបម្រុងនូវសភាពការណ៍ចាំបាច់ ដែលអាចហក់ចូលទីក្រុងភ្នំពេញបានភ្លាមនៅពេលនោះ។ នេះមិនមែនជាប្រភេទរដ្ឋប្រហារនោះទេ។ បក្សអាចរៀបចំអ្នកឯងឲ្យឡើងបាន បក្សក៏អាចទម្លាក់អ្នកឯងឲ្យចេញវិញបានដែរ។

ធ្វើដំណើរទៅដល់ផ្ទះ ប៉ែន សុវណ្ណ យើងអង្គុយចាំនៅខាងក្រោម។ ខ្ញុំជាមួយបង សាយ ភូថង អង្គុយចាំនៅខាងក្រោម មិនឃើញ ប៉ែន សុវណ្ណ ចុះមកសោះ។ ទោះបីជាអង្គរក្សប្រាប់ថា មានមេដឹកនាំទាំងពីរនាក់(មកសុំជួបក៏ដោយ)។ ប៉ែន សុវណ្ណ មិនចុះមក បែរជាលឺសូរ ប៉ែន សុវណ្ណ ទូរស័ព្ទហៅរកម្នាក់មកលេងបៀរ។ ពេលនោះ ប៉ែន សុវណ្ណ និយមលេងបៀរនៅពេលយប់ជាមួយនឹងមន្រ្តីរបស់យើងខ្លះ។ ខ្ញុំមានការងឿនឆ្ងល់ថា ហេតុអ្វីជាប្រព័ន្ធទូរស័ព្ទកាត់មិនអស់។ គឺនៅប្រព័ន្ធយោធាមួយដែលមិនទាន់បានកាត់។ ដូច្នេះ ខ្ញុំក៏ដឹកដៃបង សាយ ភូថង ឡើងទៅលើ។ ពេលឡើងទៅដល់ ខ្ញុំក៏ចាប់ទាញ appareil ទូរស័ព្ទ របស់ ប៉ែន សុវណ្ណ ទម្លាក់ចុះ រួចហើយបង សាយ ភូថង ក៏បានប្រាប់ទៅ ប៉ែន សុវណ្ណ ថា “ប៉ែន សុវណ្ណ ឯងប្រព្រឹត្តខុសធ្ងន់ធ្ងរណាស់។ សូមរង់ចាំសមមិត្ត ហ៊ុន សែន អានសេចក្តីសម្រេច​​ចិត្ត”។

ពេលនោះខ្ញុំឲ្យ ប៉ែន សុវណ្ណ ដែលអង្គុយគងអន្ទាក់ខ្លា ដាក់ជើងចុះ ហើយអង្គុយឲ្យស្ងៀម។ ខ្ញុំអានសេចក្តីសម្រេចចិត្តអំពីកំហុសរបស់ ប៉ែន សុវណ្ណ និងការទម្លាក់ចេញតំណែងរបស់ ប៉ែន សុវណ្ណ។ បន្ទាប់ពីការអានរួចហើយ ក៏ប្រគល់ឲ្យអង្គរក្សដែលជាអ្នកការពាររបស់ ប៉ែន សុវណ្ណ ចាប់ ប៉ែន សុវណ្ណ យកទៅតែម្តង។ បើតាមខ្ញុំដឹងពេលនោះគឺយើងដឹកទៅពោធិ៍ចិនតុង រួចហើយហោះចេញដំណើរទៅប្រទេសវៀតណាម។ គេបានដឹងហើយយើងមិនចាំបាច់លាក់ទេ។ ប្រវត្តិសាស្រ្តនេះ ប៉ែន សុវណ្ណ ទៅជាប់គុកនៅវៀតណាមពិតប្រាកដមែន។ ប៉ុន្តែមិនមែនជាគុកងងឹតដូច ប៉ែន សុវណ្ណ ថានោះទេ។ ប៉ែន សុវណ្ណ មានសុខភាពល្អណាស់។

ខ្ញុំសូមបញ្ជាក់លម្អិតបន្តិចនៅត្រង់នេះ ដោយសារពេលនោះយើងគ្រោងទស្សនកិច្ចនៅ Ulaanbaatar ប្រទេស ម៉ុងហ្គោលី នៅក្នុងថ្ងៃ ២ ថ្ងៃ ៣ ខែ ធ្នូ ឆ្នាំ ១៩៨១។ ពេលនោះ ត្រូវទៅទាំង ប៉ែន សុវណ្ណ ត្រូវទៅទាំងបង ហេង សំរិន ហើយទៅទាំងខ្ញុំជារដ្ឋមន្រ្តីការបរទេស។ នៅឯ Ulaanbaatar គេបានបោះរូបថត ប៉ែន សុវណ្ណ ផង បោះ​រូប​ថតបង ហេង សំរិន ផង។ ពេលនោះយើងត្រូវជូនដំណឹងជាបន្ទាន់ទៅ Ulaanbaatar ម៉ុងហ្គូលី ឲ្យដករូបថត ប៉ែន សុវណ្ណ ចេញឲ្យអស់ ទុកតែរូបថតបង ហេង សំរិន បានហើយ។ អញ្ចឹងក្រោយការចាប់ ប៉ែន សុវណ្ណ នេះ យើងមានកិច្ចការមួយចំនួន គឺចេញទៅទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ហើយដែលត្រូវឲ្យដករូបថត ប៉ែន សុវណ្ណ ចេញ ជំនួសដោយរូបថតបង ហេង សំរិន តែម្នាក់ឯង …។

ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ចាន់ ស៊ី ធ្វើមរណកាល

… ក្រោយការចាប់ ប៉ែន សុវណ្ណ ហើយ យើងវិលត្រឡប់មកកន្លែងប្រជុំវិញនៅផ្ទះបង សាយ ភូថង វិញ។ យើងក៏ទទួលទានអាហារ។ ទទួលទានអាហារហើយ យើងក៏បានបើកអង្គប្រជុំបន្តទៀត ដើម្បីជ្រើសរើស ថាតើអ្នកណាធ្វើអគ្គលេខាបក្ស? អ្នកណាធ្វើនាយករដ្ឋមន្ត្រី? អ្នកណាមកធ្វើរដ្ឋមន្ត្រីការពារជាតិ? ពេលនោះយើងក៏បានផ្គុំតំណែងអគ្គលេខាបក្សជូនទៅបង ហេង សំរិន បានសេចក្តីថា ចាប់ ប៉ែន សុវណ្ណ ហើយ ប៉ែន សុវណ្ណ ជាអគ្គលេខាបក្ស។ អញ្ចឹងយើងប្រគល់តំណែងអគ្គលេខាបក្សនេះ ទៅជូនបង ហេង សំរិន។ គាត់ក៏ជាប្រមុខរដ្ឋហើយស្រាប់ គាត់ជាប្រមុខបក្សតែម្តង។ តំណែងនាយករដ្ឋមន្ត្រីត្រូវជូនទៅបង ចាន់ ស៊ី ដែលជាឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីការពារជាតិ។ តំណែងរបស់រដ្ឋមន្ត្រីការពារជាតិ ត្រូវជូនទៅបង ប៊ូ ថង ដែលពេលនោះគាត់ជាសមាជិកអចិន្ត្រៃយ៍ ជាប្រធានគណៈឃោសនាអប់រំមជ្ឈឹមបក្ស ឲ្យធ្វើជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ​សួងការពារជាតិ។ រឿងគឺយ៉ាងដូច្នេះ។ នៅដើមឆ្នាំ ១៩៨២ គឺមានការបោះឆ្នោតដើម្បីបង ចាន់ ស៊ី ធ្វើជានាយករដ្ឋមន្ត្រី។

ក្នុងការខិតខំបំពេញការងាររបស់បង ចាន់ ស៊ី កិច្ចការបានរីកចម្រើនជាបណ្តើរៗ។ អ្វីដែលសំខាន់ ដែលខ្ញុំកត់សម្គាល់ថា គាត់មានការហត់នឿយក្នុងដំណាក់កាលនៃកំណែទម្រង់គោលនយោ​បាយស្តីពីឧស្សាហកម្មតូច និងសិប្បកម្ម។ គាត់ធ្វើការទាំងយប់ទាំងថ្ងៃ។ យើងធ្វើការក្នុងក្រុមជាមួយគ្នា ក្នុងឋានៈគាត់ជានាយករដ្ឋមន្ត្រី ហើយខ្ញុំជាឧបនាយករដ្ឋមន្ត្រី ត្រូវធ្វើការជាមួយគ្នា។ គាត់មានការហត់នឿយខ្លាំងណាស់។ ខ្ញុំនៅចាំថាក្នុងរង្វង់ចុងខែមិថុនា ឬដើមខែកក្កដា ឆ្នាំ ១៩៨៤ ចាប់ពីពេលដែលសន្និបាតត្រូវបានបញ្ចប់ ដែលដាក់ចេញនូវគោលនយោបាយស្តីពីឧស្សាហកម្មតូច និងសិប្បកម្ម បង ចាន់ ស៊ី ធ្លាក់ខ្លួនឈឺ។ ពេលដែលគាត់ធ្លាក់ខ្លួនឈឺ គាត់ព្យាបាលនៅត្រឹមប្រទេសវៀតណាមនៅឡើយទេ ព្រោះមិនទាន់រកឃើញថាអ្វីធ្ងន់ធ្ងរនៅឡើយទេ។ ក្រោយមកទើបដឹងថាគាត់មានមហារីកឈាម ក៏ត្រូវបានបញ្ជូនទៅទីក្រុង Moscow អតីតសហភាពសូវៀត។

ខ្ញុំសុំបញ្ជាក់នៅចំណុចនេះបន្តិច។ នៅក្នុងឆ្នាំ ១៩៨៤ នេះ មានការព្រមព្រៀងមួយរវាងសម្តេចព្រះនរោត្តម សីហនុ ជាមួយនឹងខ្ញុំ ហើយដែលមានការទទួលរៀបចំពីអតីតរដ្ឋមន្ត្រីការបរទេសបារាំង Claude Cheysson ដើម្បីឲ្យមានជំនួបរវាងសម្តេចនរោត្តម សីហនុ ជាមួយនឹងខ្ញុំ។ ដូច្នេះ ខ្ញុំត្រូវធ្វើដំណើរទៅប្រទេសបារាំង ដោយចាប់ផ្តើមពីទស្សនកិច្ចរបស់ខ្ញុំនៅ Stockholm ប្រទេសស៊ុយអែត បន្ទាប់ទៅខ្ញុំក៏បន្តដំណើរទៅកាន់ប្រទេសបារាំង ដើម្បីត្រៀមជួបជាមួយនឹងសម្តេចព្រះនរោត្តម សីហនុ។ ប៉ុន្តែ ដោយសារតែខ្មែរក្រហមជំទាស់ សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គក៏បានផ្ញើសារតាមរយៈសារព័ត៌មានថា សុំអភ័យទោសចំពោះឯកឧត្តម ហ៊ុន សែន ព្រោះមិនអាចជួបគ្នាបានទេ ដោយសារតែខ្មែរក្រហមជំទាស់។ នេះជាសាររបស់ព្រះអង្គ។ ការជួបនេះក៏ត្រូវអាក់ខាន។​ ត្រង់ចំណុចនេះក៏ត្រូវយល់ឲ្យច្បាស់ថា សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិរបស់យើង ព្រះអង្គបានយកខ្ញុំធ្វើជាដៃគូសន្ទនា តាំងពីខ្ញុំនៅធ្វើជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឯណោះ មិនមែនទើបតែធ្វើជានា​យករដ្ឋមន្ត្រី ដែលត្រូវចរចានៅហ្វ៊ែរអង់តាឌឺន័រ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នោះទេ។ ព្រះអង្គបានជ្រើសរើសយកខ្ញុំធ្វើជាដៃគូសន្ទនា តាំងពីនៅក្នុងឆ្នាំ ១៩៨៤ ពេលដែលខ្ញុំធ្វើជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​នៅឡើយ នេះគឺជាចំណុចដែលខ្ញុំគួររំលេចឲ្យឃើញបន្តិច។

បន្ទាប់ពីការចេញពីទីក្រុងប៉ារីស យើងគ្មានផ្លូវ(ហោះហើរ)ណាផ្សេងក្រៅពីត្រឡប់ទៅ Moscow ហើយធ្វើដំណើរពី Moscow មកទីក្រុងហាណូយ និងពីទីក្រុងហាណូយត្រឡប់មកភ្នំពេញ ឬពីទីក្រុង Moscow direct មកទីក្រុងភ្នំពេញកាលពីពេលនោះ។ យើងមិនមានការធ្វើដំណើរខុសពីនេះទេ។ ទៅដល់ទីក្រុង Moscow ទើបដឹងថាបង ចាន់ ស៊ី មានជំងឺ ហើយខ្ញុំក៏បានទៅសួរសុខទុក្ខនៅក្នុងមន្ទីរពេទ្យ។ ពេលនោះគាត់ស្ថិតក្នុងស្ថានភាពមិនទាន់ជាទ្រុឌទ្រោមហួសហេតុពេកនោះទេ ក៏ប៉ុន្តែខ្ញុំបានសួរដោយផ្ទាល់ទៅក្រុមគ្រូពេទ្យនៅទីនោះ។ បើខ្ញុំមិនច្រឡំទេ មហាសន្និបាតអង្គការសហប្រជាជាតិច្រើនតែប្រព្រឹត្តនៅក្នុងសប្តាហ៍ទី ៣ នៃខែកញ្ញា។ ដូច្នេះ ខ្ញុំគិតថា … ចុងខែកញ្ញា ១៩៨៤ ខ្ញុំទៅសួរសុខទុក្ខបង ចាន់ ស៊ី។ ខ្ញុំបានសួរទៅក្រុមគ្រូពេទ្យ។ ពេទ្យគេបានឆ្លើយបញ្ជាក់ថា “នេះគ្រាន់តែជាការពន្យារពេល។ មិនអាចសង្គ្រោះបានទេ ព្រោះស្ថិតនៅក្នុងកម្រិត​​​​​​​​​​​​​​នៃមហារីកឈាម”។ ខ្ញុំបានដឹងអំពីស្ថានភាពបែបនេះ ក៏ប៉ុន្តែយើងនៅតែផ្តល់នូវក្តីសង្ឃឹម។ ប៉ុន្តែ សម្រាប់ពេទ្យ គេបានបញ្ជាក់ថា នេះគ្រាន់តែជាការពន្យារពេល។ តែខ្ញុំមិនចេះរុស្ស៊ីទេ។ គេនិយាយតាមរយៈអ្នកបកប្រែតែប៉ុណ្ណោះ។

គាប់ជួនពេលនោះ ស្ថានទូតយើងនៅទីក្រុង Moscow ក៏បានផ្តល់ឲ្យខ្ញុំនូវសារតួលេខដែលវាយចេញពីទីក្រុងភ្នំពេញ ដែលពេលនោះដូចជាបង ហោ ណាំហុង គាត់ធ្វើជាអគ្គរដ្ឋទូត ព្រោះគាត់ជាអ្នកជូនសាកសពនេះមកផ្ទាល់ពីទីក្រុង Moscow មកដល់ហាណូយ។ យើងយកយន្តហោះទទួលសាកសពបង ចាន់ ស៊ី ពីទីក្រុងហាណូយមកភ្នំពេញ។ នេះគឺជាចំណុចដែលខ្ញុំសុំបញ្ជាក់ជូនអំពីការកើតឡើង។ ខ្ញុំបានទទួលទូរលេខ ពេលនោះគឺបង ហោ ណាំហុង គឺជាអ្នកផ្តល់ទូរលេ​ខនេះឲ្យខ្ញុំ។ (ថ្នាក់ដឹកនាំ)នៅទីក្រុងភ្នំពេញបានឲ្យខ្ញុំវិលត្រឡប់ចូលប្រទេសឲ្យបានឆាប់ ព្រោះខ្ញុំត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទី បានសេចក្តីថាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទី។ រឿងរ៉ាវយ៉ាងដូច្នេះ ការកើតឡើងនូវមរណភាពរបស់បង ចាន់ ស៊ី បានមកដល់។ យើងមានការសោកស្តាយ​ណាស់។ ខ្ញុំនៅចាំបានថា ខ្ញុំ បង សាយ ភូថង និងថ្នាក់ដឹកនាំមួយចំនួនទៀត បានយកយន្តហោះពិសេស TU134 ពីទីក្រុងភ្នំពេញទៅទីក្រុងហាណូយ ដើម្បីទទួលយកសាកសពរបស់បង ចាន់ ស៊ី ពីទីក្រុងហាណូយ មកទីក្រុងភ្នំពេញ។ ខ្ញុំនៅចាំបានថា ពេលដែលយន្តហោះចុះ ហើយពេលដែលបង ហោ ណាំហុង ចុះ គាត់បានយំនៅចំពោះមុខខ្ញុំ អំពីការសោកស្តាយដែលមិនអាចជួយសង្គ្រោះចំពោះជីវិតរបស់បង ចាន់ ស៊ី បាន។ យើងបានធ្វើបុណ្យឲ្យគាត់ ដោយការយកចិត្តទុកដាក់។ ខ្ញុំជាប្រធានគណៈកម្មការបុណ្យតែម្តង។ ពេលនោះយើងមានប្រើពាក្យភាន់ច្រឡំមួយ ដែល ខៀវ កាញារិទ្ធ ជាអ្នករកឃើញ។ យើងដាក់ពាក្យថា គណៈកម្មការបុណ្យសពជាតិ។ អញ្ចឹងទេ ខៀវ កាញារិទ្ធ នេះតែម្តង សុំឲ្យមានការកែតម្រូវ គឺគណៈកម្មការរៀបចំពិធីបុណ្យសព ព្រោះបើដាក់បុណ្យសពជាតិ មានន័យថាជាតិស្លាប់។ អញ្ចឹងទេ ឯកឧត្តម ខៀវ កាញារិទ្ធិ អាចចាំបាននូវរឿងរ៉ាវទាំងនេះ អំពីគណៈកម្មការបុណ្យ ដែលយើងរៀបចំនៅមណ្ឌលខាងក្រោយ ៨៥ នេះតែម្តង។ នេះគឺជាអ្វីដែលខ្ញុំនៅចាំ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។

ខ្ញុំបានកាន់មុខតំណែងរបស់បង ចាន់ ស៊ី ជានាយករដ្ឋមន្ត្រីស្តីទី តាំងពីចុងខែកញ្ញា ឬដើមខែតុលា រហូតមកដល់ថ្ងៃ ១៤ ខែមករា ឆ្នាំ ១៩៨៥ ទើបមានការបោះឆ្នោតឲ្យក្លាយទៅជានាយករដ្ឋមន្ត្រីផ្លូវការ។ គួររំលឹកថា នៅក្នុងការបោះឆ្នោតនៅក្នុងសភា ជាការបោះឆ្នោតសំងាត់។ ការបោះឆ្នោតមុនៗ ប៉ែន សុវណ្ណ បាត់ ៨ សម្លេង បង ចាន់ ស៊ី បាត់ ៧ សម្លេង ប៉ុន្តែសម្រាប់ខ្លួនខ្ញុំគឺខ្ញុំមានភ័ព្វសំណាង ដែលអរគុណចំពោះសមាជិក/ជិកាសភានៅពេលនោះ ដែលបានបោះឆ្នោតឲ្យខ្ញុំជាឯកច្ឆន្ទតែម្តង។ យើងមានការបោះឆ្នោតជាសម្ងាត់ ក៏ប៉ុន្តែ បែរជាខ្ញុំទទួលបានសន្លឹកឆ្នោត ១០០% ពីអ្នកបោះឆ្នោត។

បញ្ជាក់ ១៖ តិច ឬច្រើន ក្រុម ប៉ែន សុវណ្ណ ឬ ចាន់ ស៊ី បានចូលរួមតស៊ូ

សូមបញ្ជាក់ឡើងវិញថា ចំណុចនេះ។ សុំឆ្លើយតបបញ្ជាក់ទៅលោក ខាន់ សុវណ្ណ ក៏ដូចជាបងប្អូនជនរួមជាតិបានស្តាប់ លោក ខាន់ សុវណ្ណ បកស្រាយថា ប៉ែន សុវណ្ណ ឬបង ចាន់ ស៊ី មិនបានចូលរួមតស៊ូទេ។ នេះគឺជាការ(អះអាង)ខុស។ គាត់បានចូលរួម ទោះបីរយៈពេលខ្លីត្រឹមតែប៉ុន្មានខែ(ក៏ដោយ)។ បើខ្ញុំមិនច្រឡំទេ នៅក្នុងរង្វង់ខែ តុលា ឆ្នាំ ១៩៧៨ ហើយ បានក្រុមទាំងនេះបានមកជួបជុំនៅទីកន្លែងមួយ ដែលខ្ញុំសុំមិនបញ្ជាក់ ហើយ​ត្រៀមរៀបចំដើម្បីជួបគ្នាជាមួយនឹងក្រុមដទៃទៀត ក្នុងហ្នឹងបង ជា សុទ្ធ ក៏មានវត្តមាន ក៏ប៉ុន្តែ បង ជា សុទ្ធ គាត់ត្រូវត្រឡប់ទៅហាណូយវិញ ដើម្បីត្រៀមធ្វើជាអគ្គរដ្ឋទូតរបស់រណសិរ្សប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម។ ខ្ញុំសូមបញ្ជាក់ថា តិចឬច្រើន អ្នកទាំងអស់នេះបានមកចូលរួមជាកម្លាំងតស៊ូជាមួយគ្នា។ អញ្ចឹងបានជាខ្ញុំនិយាយថា មានកម្លាំងដល់ទៅប្រាំក្រុម តែចេញមុខបួនក្រុម និងមួយក្រុមមិនបានចេញមុខ គឺកម្លាំងបង សាយ ភូថង, ទៀ បាញ់, រុងផ្លាម កៃសន នៅឯខេត្តកោះកុង ដែលស្ថិតនៅក្នុងប្រទេសថៃ។ នេះជាចំណុចសុំឱ្យ លោក ខាន់ សុវណ្ណ ក៏ដូចជា អ្នកស្តាប់ធ្វើការកែតម្រូវឡើងវិញ លើកំហុសនេះ (ដែលថា)អ្នកទាំងនេះមិនបានតស៊ូ។ អ្នកទាំងនេះបានតស៊ូ ទោះបីបានតិច ឬច្រើន សុទ្ធតែមានចំណែកតស៊ូទាំងអស់គ្នា។

បញ្ចាក់ ២៖ វៀតណាម មិនមែនទាហានស៊ីឈ្នួល សហភាពសូវៀត រំដោះកម្ពុជា ទេ

ចំណុទី ២ ដែលខ្ញុំសូមអះអាង និងធ្វើការកែតម្រូវ។ លោក ខាន់ សុវណ្ណ បានចាត់ទុកថា វៀតណាមដូចជាទាហានស៊ីឈ្នួលរបស់សូវៀត ដើម្បីមករំដោះកម្ពុជា។ នេះជាការខុសឆ្គងដ៏ធ្ងន់ធ្ងរនៃការធ្វើការវិនិច្ឆ័យ។ វៀតណាមមិនមែនជាទាហានស៊ីឈ្នួលទេ។ វៀតណាមមានប្រទេស មានរដ្ឋត្រឹមត្រូវ មានឯករាជ្យ អធិបតេយ្យភាពត្រឹមត្រូវ។ វៀតណាមមិនមែនជាទាហានស៊ីឈ្នួលរបស់សហភាពសូវៀត ដើម្បីជួយរំដោះកម្ពុជានោះទេ។ វៀតណាមបានបូជាសាច់/ឈាមស្រស់អស់ច្រើនណាស់ ដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដូច្នេះ ការអះអាងរបស់ លោក ខាន់ សុវណ្ណ គឺមិនត្រឹមត្រូវ។ មិនមែនគ្រាន់តែមិនត្រឹមត្រូវនោះទេ តែ​មិនអាចទទួលយកបានឡើយ។ វៀតណាមបានធ្វើពលីកម្មធំធេងណាស់ ដើម្បីនាំយើងទាំងអស់គ្នារស់ រាប់ទាំងលោក ខាន់ សុវណ្ណ ផងដែរ។ បងប្អូនខ្មែរនៅបរទេសមួយចំនួន ដែលខ្ញុំសុំអរគុណ មិនបានភ្លេចអំពី ៧ មករា នោះទេ។ ប៉ុន្តែ ខ្ញុំមិននឹកស្មានថា លោក ខាន់ សុវណ្ណ គាត់និយាយតាមមួយបែបថា វៀតណាមដូចជាទាហានស៊ីឈ្នួលរបស់សូវៀត។ សូវៀតជាអ្នកផ្គត់ផ្គត់ ដើម្បីឱ្យវៀតណាមមកវាយរំដោះ(កម្ពុជាចេញ)ពី ប៉ុល ពត។ នេះតាមន័យដែលគាត់និយាយយ៉ាងដូច្នេះ។ នេះជាកំហុសទី ២ នៃការធ្វើបទអត្ថាធិប្បាយរបស់គាត់ ដែលខ្ញុំសុំធ្វើការកែតម្រូវ ហើយទាមទារឱ្យមានការតម្រូវ ហើយលុបចោលនូវអ្វីដែលជាការខុសឆ្គងទាំងនោះ។ ខ្ញុំសុំឱ្យសារព័ត៌មានផ្សាយអំពីចំណុចនេះឱ្យបានត្រឹមត្រូវ។

វៀតណាមបានធ្វើពលិកម្មធំធេងណាស់សម្រាប់ប្រជាជនកម្ពុជា។ វៀតណាមចំណាយកងទ័ព ស្លាប់/របួសច្រើនណាស់លើទឹកដីកម្ពុជា។ វៀតណាមមិនមែនជាទាហានស៊ីឈ្នួលសូវៀត ដើម្បីរំដោះកម្ពុជានោះទេ។ ក៏ប៉ុន្តែ ជាកាតព្វកិច្ចរបស់វៀតណាម ដែលត្រូវជួយសង្គ្រោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ដែលចាត់ទុកថាជាកិច្ចការមនុស្សធម៌ដ៏ធំធេងនៅលើពិភពលោកនេះ ខុសប្លែកពីប្រទេសដទៃ។ ចំណុចនេះ យើងសូមគោរពទៅដល់ការពលីកម្មសាច់/ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ហើយក៏សូមផ្ញើជូននូវការគោរពចំពោះក្រុមគ្រួសារអតីតយុទ្ធជនដែលបានពលី ក៏ដូចជា របួស/ពិការនៅកម្ពុជា​។ សុំឱ្យលោក ខាន់ សុវណ្ណ យល់ឱ្យបានច្បាស់។ លោកក៏ធ្លាប់រស់នៅទីនេះ។ កងទ័ពវៀតណាមមកដល់ទីនេះ មិនមែនសុទ្ធតែអ្នកដេក(ក្នុង)ម៉ាស៊ីនត្រជាក់នោះទេ។ ត្រូវដឹងថា កងទ័ពវៀតណាមជួបការលំបាក ក្នុងពេលដែលសេដ្ឋកិច្ចវៀតណាមក៏ជួបការលំបាក។ ប៉ុន្តែ វៀតណាមបានចែករំលែកចំពោះយើង ជួយចិញ្ចឹមកងទ័ពខ្ញុំរាប់ម៉ឺននាក់ ជួយចិញ្ចឹមពលរដ្ឋខ្មែរយើងដែលរត់ទៅវៀតណាមរាប់ម៉ឺនរាប់សែននាក់ ចែករំលែកស្បៀងអាហារមកឱ្យពលរដ្ឋ/កងទ័ពរបស់យើង ដើម្បីនឹងរស់រានមានជីវិតមកដល់សព្វថ្ងៃ។ សូម្បីតែ អ៊ុក រ៉ាប៊ុន សព្វថ្ងៃជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏ជាជនភៀសខ្លួនមួយនៅលើទឹកដីវៀតណាមផងដែរនៅពេលនោះ ហើយបានទទួលនូវការ(ផ្គត់ផ្គង់)ស្បៀងអាហារ។ ខ្លួនខ្ញុំបានសុំឱ្យវៀតណាមទទួលស្គាល់ជាជនភៀសខ្លួនដែលត្រូវគេបង្ក្រាប​។

វៀតណាមបានប្រឹងប្រែងណាស់នៅក្នុងកិច្ចការងារនេះ។ ខ្ញុំសុំជំទាស់ទាំងស្រុងជាមួយនឹងការលើកឡើង របស់លោក ខាន់ សុវណ្ណ ដែលនិយាយថា វៀតណាមបានស៊ីឈ្នួលសូវៀត ដើម្បីចូលមករំដោះកម្ពុជា។ នេះជារឿងមិនត្រឹមត្រូវ ហើយជាការប្រមាថដ៏ធំ ចំពោះពលិកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ ខ្ញុំពិតជាមិនអាច ទទួលយកបាន។ យើងត្រូវមើលឃើញអ្វីដែលជាការខុស អ្វីជាការត្រូវ។ ខុសពីកងទ័ពបរទេសផ្សេងទៀត ដែលគេចូលមកបំផ្លាញយើង ទម្លាក់គ្រាប់បែកលើក្បាលយើង។ កងទ័ពវៀតណាមបានចូលមកជួយរំដោះយើងចេញពីការកាប់សម្លាប់របស់របបខ្មែរក្រហម។ ប្រសិនបើពន្យារពេលតទៅទៀត តើលោក ខាន់ សុវណ្ណ អាចរស់រានមានជីវិតបានទេ? រាប់ទាំងខ្មែរប្រឆាំងទាំងឡាយ ដែលនៅក្នុងឬក្រៅប្រទេស បើគ្មានថ្ងៃ ៧ មករា តើបាន(រស់)ទេ? កងទ័ពខ្ញុំជាង ១ ម៉ឺន នាក់ មិនអាចឆ្លើយតបនឹងទំហំកងទ័ព ១៨ ម៉ឺននាក់ របស់ខ្មែរក្រហមនោះទេ។

បញ្ជាក់ទី ៣៖ គ្មានការប្រជែងរវាងសូវៀតនិងវៀតណាម លើការតែងតាំងនាយករដ្ឋមន្ត្រីកម្ពុជាទេ

ចំណុចទៅ ៣ លោក ខាន់ សុវណ្ណបានលើកឡើងថា ការចាត់តាំងប៉ែន សុវណ្ណ មួយមក ត្រូវវៀតណាមចាប់ត្រឡប់ទៅវិញ។ ការចាត់តាំងលើកទី ២ គឺ បង ចាន់ ស៊ី។ បើយោងទៅលើអ្វីដែល លោក ខាន់ សុវណ្ណ បាននិយាយ ហាក់ដូចជាសូវៀតជាអ្នកសម្លាប់បង ចាន់ ស៊ី។ នេះជាការខុសឆ្គងដ៏ធំ ដែលចាំបាច់ត្រូវកែតម្រូវ។ គ្មានការដណ្ដើមប្រជែងរវាងសូវៀត និងវៀតណាម ទៅលើការចាត់តាំងមនុស្សនៅកម្ពុជានោះទេ ព្រោះនេះជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់កម្ពុជា។ ខ្ញុំជាតួអង្គម្នាក់ក្នុងចំណោមតួអង្គដែលនៅសេសសល់ នៅមានជីវិត។ អ្នកនៅមានជីវិត ក៏នៅមានបង ហេង សំរិន នៅមានថ្នាក់ដឹកនាំមួយចំនួនដទៃទៀត បើទោះបីពេលនោះមិនស្ថិតក្នុងជួរមេដឹកនាំក៏ដោយ។ ក៏ប៉ុន្តែ ហោចណាស់ ឥឡូវមានខ្ញុំ មានបង ហេង សំរិន ដែលកំពុងនៅជាបង្គោលនៃសភាពការណ៍ ហើយក៏អាចសួរនាំអ្នកដែលបន្ដវេនដែលឡើងចូលក្នុងជួរថ្នាក់ដឹកនាំជាបន្ដបន្ទាប់បានទៅលើរឿងនេះ។ គ្មានការប្រណាំងប្រជែងរវាងសូវៀតនិងវៀតណាមលើការតែងតាំងនាយករដ្ឋមន្ដ្រីសុ្រកខ្មែរទេ។ ប៉ុន្ដែអ្វី ដែលលោក ខាន់ សុវណ្ណ និយាយថា “សូវៀតមិនពេញចិត្តជាមួយអ្នកមកពីវៀតណាម មកកាន់តំណែងនាយករដ្ឋមន្ដ្រីនៅកម្ពុជាទេ”។ ដូច្នេះ ចាត់តាំង ប៉ែន សុវណ្ណ តម្រូវឲ្យចាប់ ប៉ែន សុវណ្ណ ទៅវៀតណាមវិញ។ ពេលដែលចាត់តាំងបង ចាន់ ស៊ី ទៅដើរយ៉ាងរំភើយ ត្រឡប់មកវិញមកតែក្ដារមឈូស (ដោយ)ចង់សំដៅថា នេះជាការសម្លាប់ដោយសូវៀត។

នេះជាការភាន់ច្រឡំ និងជាការបំពានមួយដ៏ធំនៃដំណើរប្រវត្ដិសាស្ដ្ររបស់ជាតិ។ សូវៀតបានប្រឹងប្រែងជួយព្យាបាលបង ចាន់ ស៊ី។ (ជំងឺ)មហារីកឈាម មិនមែនរឿងលេងសើចទេ។ តើមានអ្នកជំងឺប៉ុន្មាននាក់ទៅ ដែលរួចផុតពីការស្លាប់? ហើយរឿងនេះជាជំងឺសុទ្ធសាធ។ ខ្ញុំមិននឹកស្មានថា ខាន់ សុវណ្ណ ដែលនៅទីនេះ មិនដែលចេញទៅណា បែរជាភាន់ច្រឡំនូវប្រវត្ដិសាស្ដ្រដ៏ធំ ហើយហ៊ានបកស្រាយលើបញ្ហានេះ។ គ្មានរឿងបែបនេះកើតឡើងទេ។ អញ្ចឹងចំណុចនេះ ជាចំណុចដែលចាំបាច់ត្រូវតែធ្វើការកែតម្រូវ។ សុំឲ្យប្រព័ន្ធផ្សព្វផ្សាយ យកសម្ដីខ្ញុំទៅចាក់ទាំងស្រុង ដើម្បីឲ្យបានឃើញពីដំណើររឿងដែលបានកើតឡើងនៅក្នុងប្រទេសរបស់យើង។

វៀតណាមជួយរំលំរបប ប៉ុល ពត, កម្ពុជាការសម្រេចចិត្តខាងនយោបាយ, សូវៀតជួយស្ដារសេដ្ឋកិច្ច-សង្គម

អ្វីដែលខ្ញុំទាមទារឲ្យកែតម្រូវដាច់ខាតទី ១ ពាក់ព័ន្ធនឹងពាក្យថា «វៀតណាមប្រៀបដូចទាហានស៊ីឈ្នួលរបស់សូវៀត ក្នុងការរំដោះប្រទេសកម្ពុជា» ដែលនេះវាការប្រមាថដ៏ធ្ងន់ធ្ងរនៃពលិកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលមួយចំនួនឥឡូវនេះ ប្រពន្ធគេមេម៉ាយ កូនក្លាយទៅជាកូនកំព្រា។ នៅក្នុងចំណុចនេះ គឺជាចំណុចដែលយើងមិនអាចទទួលយកនូវការបកស្រាយនេះបានទេ។ ពិតហើយ យើងជាមួយវៀតណាម វៀតណាមក៏ធ្លាប់ដឹងគុណកម្ពុជាដែរ រាល់សុន្ទរកថារបស់មេដឹកនាំវៀតណាម តែងតែអរគុណចំពោះកម្ពុជា ដែលកម្ពុជាបានជួយក្នុងការរំដោះវៀតណាមភាគខាងត្បូង។

ដូច្នេះ បានជាគម្រោងការអនាគតរបស់យើង ស្ដូបអនុស្សាវរីយ៍ទាំងអស់ត្រូវសរសេរឲ្យមានគ្រប់លក្ខណៈ គឺការកសាងស្ដូបនេះ សំដៅមើលឲ្យឃើញអំពីការដែលប្រជាជនកម្ពុជា ជួយប្រជាជនវៀតណាមក្នុងការរំដោះភាគខាងត្បូង និងឈានទៅឯកភាពជាតិ និងការអភិវឌ្ឍ។ ស្ដូបនេះក៏កសាងឡើងដើម្បីឲ្យឃើញអំពីការជួយរបស់វៀតណាមចំពោះប្រជាជនកម្ពុជាឲ្យចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ អញ្ចឹងទេ ខ្ញុំសូមបញ្ជាក់សាជាថ្មីថា វៀតណាមមិនមែនជាទាហានស៊ីឈ្នួលសូវៀត ដើម្បីរំដោះកម្ពុជាទេ។ វៀតណាមជួយកម្ពុជាដោយសុទ្ធចិត្ត។ ​ខ្ញុំការពារនូវសច្ចធម៌ប្រវត្ដិសាស្ដ្រនេះ។

ទី ២ ខ្ញុំទាមទារឲ្យមានការកែតម្រូវឲ្យបានច្បាស់ «វៀតណាម និងសូវៀតគ្មានការប្រជែងគ្នាក្នុងការតែងតាំងនាយករដ្ឋមន្ដ្រីនៅកម្ពុជា» ដូចការអះអាងរបស់ខាន់ សុវណ្ណ នោះទេ។ កិច្ចការតែងតាំងអ្នកណាក្នុងមុខតំណែង​ណា វាជាកិច្ចការផ្ទៃក្នុងកម្ពុជាសុទ្ធសាធ។ គ្មានអ្នកណាបន្ដុប អ្នកណានោះទេ។ ខ្ញុំកាន់តំណែងនៅកម្ពុជា ដោយការគាំទ្ររបស់ប្រជាជនកម្ពុជា ដោយមេដឹកនាំកម្ពុជារៀបចំ ដើម្បីឲ្យខ្ញុំកាន់តំណែងនេះ។ សូមបញ្ជាក់ ទោះបីអ្នកណាចង់និយាយពីអ្នកណាបន្ដុប អ្នកណាមិនបន្ដុប រឿងរបស់គេអ្នកថា ឯចំពោះរឿងរបស់យើង យើងមានការទទួលខុសត្រូវដោយខ្លួនឯង ក្នុងការចាត់តាំងមនុស្សឲ្យកាន់តំណែងនេះ/នោះ។ យើងមានបក្សនយោបាយមួយត្រឹមត្រូវ។ វៀតណាមចូលមកកម្ពុជាគ្រាន់តែដើម្បីជួយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ប៉ុល ពត។ ឯការសម្រេចចិត្តខាងនយោបាយ ដែលជ្រើសរើសផ្លូវណា? រៀបចំនរណា? គឺជារឿងរបស់កម្ពុជាសុទ្ធសាធ។ សូវៀតក៏បានជួយយើងក្នុងបញ្ហាការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ ជួយក្នុងវិស័យការពារជាតិទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត តែសូវៀតក៏មិនបានជ្រៀតជ្រែកទៅលើការតែងតាំងមនុស្សនៅក្នុងប្រទេសកម្ពុជានោះដែរ។

ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំបញ្ជាក់នៅពេលនេះ នឹងបានជាផ្នែកមួយនៃការកត់ត្រាទុក ជាផ្នែកនៃព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រដែលត្រូវចងចាំ។ បង សាយ ភូថង បង ជា ស៊ីម បង ហេង សំរិន និងខ្លួនខ្ញុំ តួអង្គបួននាក់នេះ គឺជាតួអង្គដែលដើរតួអង្គស្នូលជាបន្ដបន្ទាប់។ ជាអកុសល បង សាយ ភូថង និង បង ជា ស៊ីម គាត់(ទាំងពីរ)លាចាកលោក។ បង ហេង សំរិន នៅ និងខ្លួនខ្ញុំក៏នៅ។ ប៉ុន្ដែ យើងនៅមានសហការីជាច្រើនទៀតសព្វថ្ងៃនេះ ដែលកំ​ពុងនៅសេសសល់ ក៏ប៉ុន្ដែខ្ញុំគ្រាន់តែរំលឹកអ្នកនៅក្នុងព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រដឹកនាំដើមដំបូងនៅសល់តែ ២ រូបទេ នៅក្នុងចំណោម ប្រធានប្រតិភូ ៥ រូប គឺ ខ្ញុំ បង ហេង សំរិន បង ប៊ុន មី បង សាយ ភូថង និងប៉ែន សុវណ្ណ​។ បង ជា ស៊ីម ស្ថិតនៅក្នុងប្រតិភូបង ហេង សំរិន។

ខ្ញុំគិតថា ថ្ងៃក្រោយ លោក ខាន់ សុវណ្ណ មិនគួរលេងសើចជាមួយបញ្ហាប្រវត្ដិសាស្ដ្របែបនេះទេ។ ជារឿងគ្រោះថ្នាក់សម្រាប់ក្មេង(ជំនាន់)ក្រោយ។ នេះជាការដែលខ្ញុំបានឃើញនូវឃ្លីបវីដេអូមួយនេះ អំពីការបកស្រាយ​។ ពិតហើយ ខ្ញុំដឹងថាលោក ខាន់ សុវណ្ណ ចង់ឆ្លើយតបជាមួយពួកប្រឆាំង ដែលតែងតែលើកឡើងថា លោក ហ៊ុន សែន ត្រូវវៀតណាមលើកបន្ដុប។ ប៉ុន្ដែយោងទៅលើអ្វី ដែលលោក ខាន់ សុវណ្ណ បានលើកឡើងគឺ ខ្ញុំបែរជាត្រូវបានសូវៀតជាអ្នកលើកបន្ដុបទៅវិញទេ បើយោងទៅលើខ្លឹមសារដែល លោក ខាន់ សុវណ្ណ បានបញ្ជាក់ត្រង់ថា “បេក្ខជននាយករដ្ឋមន្ត្រីមួយគឺ ប៉ែន សុវណ្ណ ត្រូវបានវៀតណាមចាប់ត្រឡប់ទៅវិញ។ នាយករដ្ឋមន្រ្តី ចាន់ ស៊ី ត្រូវបានសូវៀតសម្លាប់ ដល់នាយករដ្ឋមន្ដ្រី ហ៊ុន សែន បែរជាអត់អី”។

ន័យត្រង់នេះគឺជាការខុស ប៉ុន្ដែខ្ញុំគ្រាន់តែបញ្ជាក់ លោក ខាន់ សុវណ្ណ មានបំណងចង់ការពារខ្ញុំពីការដែលថា វៀតណាមបានលើកបន្តុប​។ ប៉ុន្ដែចេញពីវៀតណាម វាចូលដល់សូវៀតទៅវិញ។ ខ្ញុំគ្រាន់តែផ្ដាំថា អ្នកណាចង់ថាអី ក៏ថាទៅស្រេចនឹងរឿងរបស់គេថា។ ខ្ញុំគ្រាន់តែបញ្ជាក់នូវទ្រឹស្ដីមួយឲ្យបានច្បាស់ថា «ប្រសិនបើសត្រូវសរសើរ មានន័យថា យើងកំពុងតែធ្វើកំហុសហើយ។ បើសត្រូវវាយប្រហារយើង យើងកំពុងធ្វើនូវអំពើត្រឹមត្រូវ»។ ដូច្នេះ មិនចាំបាច់ទៅខ្វល់ជាមួយអ្នកណា ថាជាអ្វីនោះទេ។ យើងមានគណបក្សនយោបាយមួយ ដែលមានការទទួលខុសត្រូវដឹកនាំ និងមានវិធីសាស្ដ្រចាត់ចែង គ្រប់គ្រងការងារ គ្រប់គ្រងនិងកសាងធនធានមនុស្ស សម្រាប់អ្នកដែលធ្វើការបច្ចុប្បន្នផង សម្រាប់អ្នកបន្ដវេនផង។ ខ្ញុំរំលឹកម្ដងទៀត បើខ្មាំងសរសើរទើបជារឿងគួរឲ្យភ័យ គួរឲ្យខ្លាច តែបើខ្មាំងជេរវិញ យើងគួរតែគិតថាវាជារឿងត្រឹមត្រូវ។

គេនឹងបន្ដថា ហ៊ុន ម៉ាណែត ត្រូវវៀតណាមលើកបន្ដុប នៅពេលអនាគត

ខាងមុននេះ ច្បាស់ណាស់ គេនឹងថាទៀត ហ៊ុន ម៉ាណែត នឹងត្រូវវៀតណាមលើកបន្ដុបទៀត ដោយសារវាជាការគាប់ជួន នៅពេលដែលយើងត្រៀមបើកមហាសន្និបាត ដែលយើងបានកំណត់រួចមកហើយតាំងពីមុន យើងចាំទទួលប្រធានាធិបតីវៀតណាមហើយ ទើបយើងរៀបចំសន្និបាតគណៈកម្មាធិការកណ្ដាល។ ដោយសារមានការរាប់អានគ្នារវាងខ្ញុំជាមួយប្រធានាធិបតីវៀតណាម យើងក៏បានអញ្ជើញពួកគាត់ទៅស្រស់ស្រូបអាហារពេលព្រឹកជាមួយគ្នា ហើយខ្ញុំនាំកូនទាំងបី ដើម្បីឲ្យស្គាល់ពួកគាត់។ អញ្ចឹងត្រូវបានគេធ្វើការពណ៌នាថានេះជាការរៀបចំរបស់វៀតណាមទៀតហើយ។ ខ្ញុំសូមបញ្ជាក់ថា យើងមានបញ្ញាគ្រប់គ្រាន់ដើម្បីការពារទឹកដីរបស់យើង បក្សយើង ដើម្បីរៀបចំរាជរដ្ឋាភិបាលនៃប្រទេសរបស់យើង ដើម្បីរៀបចំមន្ដ្រីនេះ/នោះ។ យើងមិនដែលមានការពិគ្រោះយោបល់ថាតើអ្នកណានឹងត្រូវធ្វើអ្វីជាមួយនឹងអ្នកណានោះទេ។ នេះជាការទទួលខុសត្រូវរបស់យើង។

ខ្ញុំសូមអរគុណចំពោះលោក ខាន់ សុវណ្ណ ដែលលោកគិតគូរ ហើយចង់វាយបកទៅលើការ(ដែលលើកឡើង)ថា ហ៊ុន សែន ត្រូវវៀតណាមតែងតាំង។ ចង់អ្នកណាតែងតាំង មិនតែងតាំង ក៏ប៉ុន្ដែខ្ញុំបានទទួលការទុកចិត្តពីប្រ​ជា​ជនកម្ពុជាបោះឆ្នោត ទុកចិត្តដោយគណបក្សប្រជាជនកម្ពុជាឲ្យទទួលធ្វើជាមេដឹកនាំ ដូច្នេះកុំចាំបាច់ខ្វល់អំ​ពីរឿងបញ្ហាទាំងនេះ ដែលមិនមែនជារឿងចាំបាច់ធ្វើការឆ្លើយតប ហើយទុកឲ្យពួកវាដឹកច្រមុះសម្រាប់ការធ្វើការវិភាគវាយបកត្រឡប់ទៅវិញទេ។ យើងមានការងារជាច្រើនដែលត្រូវធ្វើ។

ខ្ញុំសូមឲ្យអ្នកសារព័ត៌មានទាំងឡាយយក(សម្លេង)ទៅផ្សព្វផ្សាយតាមចំណង់ចំណូលចិត្តទៅចុះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេ...

េះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា