សារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងយុទ្ធនាការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១)
សម្តេច ឯកឧត្តម លោកជំទាវ
យើងបានសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងឲ្យក្មេងពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំ។ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបែរជាបើកតែអនុវិទ្យាល័យ វិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក។ ម្យ៉ាងទៀត វ៉ាក់សាំងក៏បានសិក្សាតាមប្រទេសនានា ហើយគេក៏បានចាក់ប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ ឆ្នាំរួចមកហើយដែរ។ ដូច្នេះបញ្ហាវ៉ាក់សាំងមិនមែនជាបញ្ហាលំបាកទេ ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឲ្យចាក់ ហើយម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច ហើយចំនួនកុមារតាមស្ថិតិជាបឋមដែលឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានផ្តល់ឲ្យអំពីស្ថិតិនោះគឺត្រឹមតែ ១ លាន ៨ សែននាក់ជាងប៉ុណ្ណោះ។
ដូច្នេះ ខ្ញុំសម្រេចថា នឹងបើកយុទ្ធនាការថ្មីមួយទៀតនៅថ្ងៃសុក្រ ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ ឆ្នាំ ទៅ ១២ ឆ្នាំ បន្ទាប់ពីយើងចាក់ជិតរួចរាល់សម្រាប់កុមារ និងយុវវ័យដែលមានអាយុពី ១២ ទៅ ១៧ និង១៨ ឆ្នាំ។ ឥឡូវយើងបើកយុទ្ធនាការបន្តដោយចាប់ផ្តើមពីអាយុ ៦ ឆ្នាំ ទៅ ១២ ឆ្នាំ ហើយការបើកយុទ្ធនាការនេះទៀតសោត យើងត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស។ ឯថ្នាក់ជាតិ យើងបើកនៅវិមានសន្តិភាពដូចពេលដែលយើងចាក់ឲ្យកុមារ និងយុវវ័យកាលពីពេលមុនដែរ។ បន្ទាប់ពីនោះ ខ្ញុំនឹងមានសន្និសីទសារព័ត៌មាន។ សូមសម្តេច ឯកឧត្តម លោកជំទាវ ជាពិសេសគឺខាងផ្នែកសុខាភិបាល ក៏ដូចជាចំពោះគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងទូទាំងប្រទេស ក៏ដូចជាអនុគណៈកម្មការចាក់វ៉ាក់សាំងតាមរាជធានី/ខេត្ត ធ្វើការប្រុងប្រៀប ដើម្បីនឹងរៀបចំការបែងចែកវ៉ាក់សាំង និងរៀបចំក្រុមគ្រូពេទ្យដើម្បីអនុវត្តនូវការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី ៦ ឆ្នាំ ទៅ ១២ ឆ្នាំដែលមាន ១ លាន ៨ សែននាក់ជាង ឬថាជិត ១ លាន ៩ សែននាក់ ដែលយើងត្រូវចាក់ជូន ហើយត្រូវចាប់ផ្តើមពីថ្ងៃសុក្រនេះទៅ។
ដូច្នេះ យើងមិនមានជាបញ្ហាធំធេងទេ ដោយសារយើងមានក្រុមគ្រូពេទ្យ មានវ៉ាក់សាំងតាមមូលដ្ឋានរួចស្រេចហើយ ត្រូវប្រើប្រាស់វ៉ាក់សាំង Sinovac សម្រាប់ចាក់ ដូច្នេះសូមឲ្យមានការរៀបចំដើម្បីគ្រាន់តែជាការបន្ថែម ដែលកាលមុននេះ មាតាបិតា អាណាព្យាបាល បាននាំកុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំ ទៅ ១៨ ឆ្នាំ ទៅចាក់។ ឥឡូវបន្ថែមគ្រាន់តែមាតាបិតា និងអាណាព្យាបាល នាំកុមារអាយុពី ៦ ឆ្នាំ ទៅ ១២ ឆ្នាំ ដើម្បីទៅចាក់បន្ថែមតែប៉ុណ្ណោះ។ ឯទីតាំងចាក់ និងកន្លែងចាក់វ៉ាក់សាំង គឺយើងមានរួចរាល់ហើយ។ កន្លែងដែលបានបិទក៏សូមបើកឡើងវិញដើម្បីចាក់វ៉ាក់សាំងឲ្យកុមាររបស់យើង ដែលកុមាររបស់យើង គឺមកដល់ពេលនេះគឺចាក់បានជាង ១ លាន ៧ សែននាក់រួចស្រេចទៅហើយ។
យើងធ្វើយ៉ាងដូច្នេះ គឺសំដៅដើម្បីឲ្យកុមារដែលត្រូវចូលរៀនបឋមសិក្សា អាចនឹងចូលរៀនបឋមសិក្សាបានដោយគ្មានការភ័យខ្លាច ព្រោះពួកគេបានទទួលវ៉ាក់សាំង។ បើមិនដូច្នោះទេ យើងនៅចន្លោះក្នុងរង្វង់ពី ៦ ទៅ ១២ ឆ្នាំ ដែលមុននេះយើងតម្រូវសម្រាប់តែអនុវិទ្យាល័យ។ តែយើងធ្វើតាមជំហាន។ ហើយជំហានបន្តទៀត យើងក៏កំពុងគិតសម្រាប់ក្មេងដែលនៅមតេយ្យពីអាយុ ៣ ទៅ ៦ ឆ្នាំវិញដែរ។ តែនោះចាត់ទុកថាជាជំហានបន្ទាប់មួយទៀត តែយើងត្រូវដោះស្រាយគឺការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី ៦ ទៅ ១២ ឆ្នាំ ដែលវាអាចផ្ដល់ឱកាសឲ្យកុមាររបស់យើងអាចចូលសិក្សាសម្រាប់បឋមសិក្សា ដែលនឹងត្រូវបើកជាបន្តទៀត បន្ទាប់ពីការបើកអនុវិទ្យាល័យ វិទ្យាល័យ និងមហាវិទ្យាល័យ ដែលយើងបាន និងកំពុងធ្វើថ្ងៃនេះ។
អញ្ចឹងសូមត្រៀមរៀបចំសម្រាប់ថ្ងៃសុក្រនេះតែម្ដង ហើយការបើកដោយថ្នាក់ជាតិ គឺបើកដោយខ្ញុំនៅវិមានសន្តិភាព ដែលសូមឲ្យឯកឧត្ដម លោកជំទាវ នាំកូន នាំចៅ សម្រាប់ការទៅចាក់នៅវិមានសន្តិភាពតាមការចាត់ចែងរបស់ក្រសួងសុខាភិបាល។ សូមអរគុណ!