សម្ដេចតេជោ ហ៊ុន សែន អះអាងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាស

ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងពីរការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដោយមានវិធានការ និងយុទ្ធសាស្រ្តច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជាមានចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក្តី។

នៅក្នុង «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ១២ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុគឺជាការពិត ប្រទេសជាច្រើនបានទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជាដែលទើបតែរងនូវផលប៉ះពាល់ដោយទឹកជំនន់នាពេលថ្មីៗនេះ។ សម្ដេចតេជោបន្តថា ទោះបីជាប្រទេសកម្ពុជាចូលរួមចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក្ដី កម្ពុជានៅតែមានការប្ដេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និងសមត្ថភាពចូលរួមដោះស្រាយនូវបញ្ហានេះ។ សម្ដេចតេជោលើកឡើងថា  ក្នុងរបាយការណ៍បច្ចុប្បន្នភាព ស្ដីពីការចូលរួមចំណែករបស់ជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀមដាក់ជូនទៅលេខាធិការដ្ឋាន អនុសញ្ញាអង្គការសហប្រជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុនាដំណាច់ឆ្នាំនេះ កម្ពុជាបានបញ្ចូលនូវគោលដៅថ្មីច្បាស់លាស់ ពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៣៨,៩លានតោន សមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុងវិស័យព្រៃឈើ វិស័យសំណល់ និងកសិកម្ម ឬស្មើនិង១៨ភាគរយ ធៀបទៅនិងសេណារីយ៉ូតាមទម្លាប់ធម្មតានៅឆ្នាំ២០៣០។ គោលដៅថ្មីនេះ និងរួមបញ្ចូលការផលិតអគ្គិសនី ពីថាមពលកកើតឡើងវិញចំនួន២៥ភាគរយ នៅក្នុងល្បាយថាមពលនៅឆ្នាំ២០៣០។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា   ការប្រែប្រួលអាកាសធាតុ ជាបាតុភូតប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមមធ្យោបាយជាកញ្ចប់ គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាការពិត ការដោះស្រាយបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន នាពេលអនាគត។ ក្នុងន័យនេះការប្រែប្រួលអាកាសធាតុ ជាបញ្ហារបស់យើងទាំងអស់គ្នា ប្រទេសទាំងអស់ត្រូវតែស្រុះដៃគ្នា និងអនុវត្តន៍នូវការព្វកិច្ចរបស់ប្រទេសនីមួយៗ ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រ យន្តការនានា កិច្ចព្រមព្រៀងកន្លងមក ក្នុងស្មារតីដែលជាប្រទេស ដែលមានការទទួលខុសត្រូវខ្ពស់ និងកាត់បន្ថយនូវផលប៉ះពាល់ពីការប្រែប្រួលអាសធាតុជាអតិបរិមា។ សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា  កម្ពុជាបានប្ដេជ្ញារៀបចំយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រិត្យភាពកាបូន ដែលការរៀបចំនេះ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១។ ដើម្បីឱ្យការអនុវត្តយុទ្ធសាស្ត្ររយៈពេលវែងនេះទទួលបានជោគជ័យ កម្ពុជាសូមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់បំពេញឱ្យបានពេញលេញ នូវការព្វកិច្ចដែលបានសន្យា ទាំងគារគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា។

គួរបញ្ជាក់ដែរថា «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» រៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំកំពូលនេះ បានផ្តល់ជាវេទិកាមួយសម្រាប់ភាគីនានានៃអនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មី ប្រកបដោយមហិច្ឆតា ដែលទាក់ទងនឹង ទី១. ការប្តេជ្ញាចិត្តថ្មី និងបន្ថែមទៀត នៃការចូលរួមរបស់ប្រទេសនីមួយៗ។ទី២.យុទ្ធសាស្រ្តរយៈពេលវែង ក្នុងការដាក់ចេញទិសដៅទៅរកការបំភាយឧស្ម័នរហូតដល់កម្រិតសូន្យ។ ទី៣. ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធនឹងអាកាសធាតុ និង ទី៤. ផែនការបញ្ចូលការប្តេជ្ញាចិត្តទៅក្នុងការដាក់ចេញគោលនយោបាយនានា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ