សម្តេចតេជោ អំពាវនាវ ឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ធ្វើចត្តាឡីស័ក ឱ្យបានម៉ត់ចត់ ចំពោះអ្នកដែលពាក់ព័ន្ធទាំងអស់ជាមួយការបំពេញ ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី

CNV: 7 ខែ​វិច្ឆិកា, 2020

ខ្ញុំសូមជម្រាបថ្នាក់ដឹកនាំរបស់យើង ក៏ដូចជាមន្រ្តីពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ខ្ញុំបានទទួលព័ត៌មានដ៏គួរឱ្យសោកស្ដាយ។ ឥឡូវនេះ បញ្ហាបានមកដល់ហើយ។ អង្គរក្សដែលការពារផ្ទាល់សម្រាប់រដ្ឋមន្រ្តីការបរទេសហុងគ្រី ត្រូវបានពិនិត្យឃើញថាមានវិជ្ជមាន កូវីដ១៩ ។ តាមរយៈនេះ ខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងអស់ ដែលមានការទាក់ទងផ្ទាល់ ជាពិសេស បានចាប់ដៃ និងទាក់ទងផ្ទាល់ជាមួយនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី គឺយកចិត្តទុកដាក់មែនទែនទៅលើការធ្វើចត្តាឡីស័ក និងការប៉ះពាល់ទៅលើអ្នកដទៃ។ អ្នកដែលមានការពាក់ព័ន្ធផ្ទាល់ ឬដែលចូលទៅកៀកផ្ទាល់ ក៏ដូចជាបានមកដល់ជួបជុំក្រុមគ្រួសារ ទើបដឹងព័ត៌មាន ក៏ត្រូវតែគ្រប់គ្រងកូនចៅឱ្យបានហ្មត់ចត់ ចៀសវាងការចល័តពីកន្លែងមួយទៅកាន់កន្លែងមួយ ធ្វើឱ្យមានបញ្ហាឆ្លងចូលទៅក្នុងសហគមន៍។

ខ្ញុំចាត់ទុកថានេះជាបញ្ហាធ្ងន់ធ្ងរសម្រាប់រាជធានីភ្នំពេញរបស់យើង ដែលខ្ញុំសូមស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ  ក៏ដូចជាវិស័យសុខាភិបាល ដែលក្ដាប់បានមុខសញ្ញា និងអំពាវនាវចំពោះក្រសួង/ស្ថាប័ន ដែលគ្រប់គ្រងមន្រ្តីបុគ្គលិក ក៏ដូចជាស្ថាប័នព័ត៌មានទាំងឡាយ ដែលគ្រប់គ្រងបុគ្គលិក ត្រូវយកចិត្តទុកដាក់បន្ថែមទៀត តាមដានចំពោះអ្នកដែលត្រូវធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់។ បើមិនដូច្នោះទេ ហានិភ័យនឹងមានខ្ពស់បំផុតចំពោះប្រទេសយើងនៅក្នុងកាលៈទេសៈនេះ។ នេះជាបញ្ហាដ៏ធំនៅក្នុងវិស័យសុខភាពសាធារណៈរបស់យើង ដែលមិនធ្លាប់មានក្នុងរយៈពេលជាង ១០ ខែកន្លងទៅនេះ […] ដូច្នេះ ខ្ញុំសូមស្នើឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្ន។

ខ្ញុំមិនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងស្រុង ឬផ្នែកណាមួយនោះទេ ហើយខ្ញុំក៏មិនរារាំងទៅលើដំណើររបស់អ្នកដែលមិនមានការពាក់ព័ន្ធដែរ។ ប៉ុន្តែ ខ្ញុំស្នើឱ្យអ្នកណាក៏ដោយយកចិត្តទុកដាក់ទៅលើការការពារសុខភាពនៅក្នុងកាលៈទេសៈ ដែលយើងមិនទាន់មានភាពច្បាស់លាស់នេះ ធ្វើការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមរួមគ្នាចាប់ផ្ដើមពាក់ម៉ាស រៀបចំអនាម័យនៅក្នុងរយៈពេល ២ អាទិត្យខាងមុខនេះ មុននឹងចេញលទ្ធផល បន្ទាប់ពីការធ្វើតេស្តបន្តបន្ទាប់ ដែលខ្ញុំចាត់ទុកថា នេះជាបញ្ហាធ្ងន់ធ្ងរមួយនៅក្នុងប្រទេសរបស់យើង។ ខ្លួនខ្ញុំក៏ត្រូវតែបន្តនៅក្នុងការធ្វើចត្តាឡីស័ក និងធ្វើតេស្តដោយហ្មត់ចត់។ តែអ្វីដែលសំខាន់ ខ្ញុំសូមអំពាវនាវឱ្យអ្នកដែលចូលពាក់ព័ន្ធផ្ទាល់ និងប្រយោល រាប់ទាំងក្រុមគ្រួសារ ដែលមានការពាក់ព័ន្ធ សូមយកចិត្តទុកដាក់កុំធ្វើការចល័តពីកន្លែងមួយទៅកាន់កន្លែងមួយឱ្យសោះ។ សូមរក្សានូវសុវត្ថិភាពសម្រាប់ខ្លួនឯង និងសម្រាប់កូន/ចៅយើងនៅក្នុងផ្ទះ និងអ្នកដែលនៅជុំវិញខ្លួន។

ខ្ញុំសង្ឃឹមថា យើងនឹងជម្នះនូវការលំបាកនៅក្នុងកាលៈទេសៈដែលសភាពការណ៍តម្រូវឱ្យយើងត្រូវតែចាត់វិធានការចាំបាច់ដោយខានមិនបាន។ ទោះបីខ្ញុំស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក ក៏ខ្ញុំនៅតែបន្តតាមដាន និងបញ្ជាដឹកនាំទៅលើបញ្ហានេះបន្តទៀត។ តែសុំឱ្យមានកិច្ចសហការពីអ្នកដែលមានជាប់ពាក់ព័ន្ធ ហើយក៏សូមឱ្យអាជ្ញាធរមានសមត្ថកិច្ច តាមដានសម្រាប់អ្នកដែលធ្វើចត្តាឡីស័ក ក្នុងករណីដែលមានការចាំបាច់ សូមឱ្យសាលារាជធានីភ្នំពេញ ជួលនូវសណ្ឋាគារណាមួយ ដើម្បីដាក់សម្រាប់បងប្អូនដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដើម្បីឱ្យពួកគាត់អាចទៅរស់នៅធ្វើចត្តាឡីស័កនៅទីនោះបានស្រួល ហើយរដ្ឋយើងនឹងទទួលបន្ទុកនូវការចំណាយទៅលើការជួលសណ្ឋាគារនៅទីនោះ។ សូមឯកឧត្ដម ឃួង ស្រេង ពិភាក្សាជាមួយនឹងឯកឧត្ដម ម៉ម ប៊ុនហេង លោកជំទាវ យក់ សម្បត្តិ ដើម្បីជ្រើសរើសយកសណ្ឋាគារណាមួយ ហើយប្រមូលបងប្អូន រាប់ទាំងអ្នកសារព័ត៌មានទាំងឡាយ ដែលខ្វះលទ្ធភាពធ្វើចត្តាឡីស័កដោយ​សារតែខ្វះផ្ទះសម្បែង យកទៅធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ […] ដោយផ្នែកខាងសុខាភិបាលក៏មានបញ្ជីរួចទៅហើយ ដូច្នេះសូមចាត់ការជាបន្ទាន់ ហើយខ្ញុំនឹងបញ្ជូនសារនេះទៅតាមសារព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ