សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន អំពីការបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ និងវិធានការចាំបាច់ជាបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០)

CNV:

យល់ស្របសំណើបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមាន កូវីដ១៩ និងអ្នកធ្វើចត្តាឡីស័ក

សូមផ្ញើជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

មុននេះបន្តិច ខ្ញុំ​ព្រះករុណាខ្ញុំបានយល់ព្រមទៅលើសំណើរបស់អន្តរក្រសួង​ ដែលដឹកនាំដោយរដ្ឋមន្រ្តីសុខាភិបាល ពាក់ព័ន្ធទៅលើបញ្ហាមួយចំនួន។ ទី ១ គឺទាក់ទងនឹងបញ្ហាការបង្ហាញអត្តសញ្ញាណអ្នកដែលមានកូវីដ១៩។ បញ្ហានេះ គឺវាចាំបាច់ណាស់នៅពេលនេះ ដែលយើងត្រូវធ្វើ។ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មកដល់ពេលនេះ ពុំទាន់មានពន្លឺថា វាឆ្លងមកពីប្រភពណានៅឡើយទេ ហើយវាចាប់ផ្ដើមឆ្លងពីអ្នកណា? ពិតមែនតែក្រុមអ្នកបច្ចេកទេស បានធ្វើការបកស្រាយច្បាស់លាស់ថា មិនមានទាក់ទងទៅនឹងករណី ៣ វិច្ឆិកា នោះទេ ប៉ុន្តែ ភាពងងឹតរបស់យើងនៅតែបន្ត ចំពោះការឆ្លងពីប្រភពណា និងឆ្លងអ្នកណាមុន អ្នកណាក្រោយ។ ដូច្នេះហើយ មានការចាំបាច់ដើម្បីនឹងធ្វើការផ្សព្វផ្សាយនូវរូបថត ក៏ដូចជាឈ្មោះ ទីលំនៅ អាសយដ្ឋាន និងជារួមអត្តសញ្ញាណ នៃអ្នកដែលបានកើតកូវីដ១៩ នេះ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងបានស្គាល់ ហើយ​ប្រសិនបើមានទំនាក់ទំនងជាមួយឈ្មោះនោះ សូមបង្ហាញខ្លួនភ្លាមៗ ដើម្បីនឹងយកសំណាក និងធ្វើចត្តាឡីស័កបានទាន់ពេលវេលា។ បើមិនដូច្នោះទេ សភាពការណ៍នឹងពិបាកស្រោចស្រង់។

ការបង្ហាញអត្តសញ្ញាណ មិនមែនរំលោភសិទ្ធិបុគ្គល តែចៀសវាងការឆ្លងបែកខ្នែងនិងរីកសាយភាយ

ថ្ងៃនេះ ​យើងបានរកឃើញ ៦ នាក់ផ្សេងទៀត ដែលសុទ្ធតែឆ្លងក្នុងចង្កោម​នៃអ្នកដែលជាប់ពាក់ព័ន្ធ និងអ្នកដែលមានទំនាក់ទំនងជាមួយនឹងលោក ឆែម សាវុធ និងក្រុមគ្រួសារ។ ដូច្នេះហើយ ដើម្បីចៀសវាងការបែកខ្នែង និងរីកសាយភាយ ជម្រើសដែលលឿនជាងគេ គឺនៅពេលដែលអ្នកណាមាន កូវីដ​១៩ ទាក់ទិនជាមួយនឹងបញ្ហានេះ គឺត្រូវផ្សព្វផ្សាយជាព័ត៌មាន ជាអត្តសញ្ញាណ ហើយអាចនឹងមានមនុស្សមួយចំនួនអាចចោទឡើងពីបញ្ហាសិទ្ធិបុគ្គល។ ខ្ញុំអាចសូមបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃទី ៣ វិច្ឆិកា ក៏យើងបានផ្សព្វ​ផ្សាយអំពីអ្នក​ដែលទាក់ទិន និងវិជ្ជមាន និងអ្នកដែលត្រូវធ្វើចត្តាឡីស័ក រាប់ទាំងខ្លួនខ្ញុំ និងភរិយាផងដែរ។ ដូច្នេះ ពេលនេះ យើងក៏បានផ្សព្វផ្សាយរួចមកហើយ ជាមួយអ្នកដែលត្រូវធ្វើចត្តាឡីស័ក រាប់ទាំងប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន ក្រុមគ្រួសាររបស់គាត់ និងសមាជិកសភាដទៃទៀត ឧបនាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីមួយចំនួនផ្សេងទៀត ក៏បាននិងកំពុងធ្វើចត្តាឡីស័ក។

ក្រសួងសុខាភិបាលជាអ្នកផ្សាយអត្តសញ្ញាណផ្ទាល់

ចំពោះអ្នកដែលមានវិជ្ជមាន បើទោះបីជាយើងមិនផ្សាយ ក៏សារព័ត៌មាននានាបានផ្សាយរួចទៅហើយ ដូច្នេះ យកល្អក្រសួងសុខាភិបាលជាអ្នកផ្សាយផ្ទាល់ ដើម្បី​ឱ្យសារព័ត៌មានដែលមានការទទួលខុសត្រូវខាងវិជ្ជាជីវៈ មានការផ្សព្វផ្សាយ ហើយងាយស្រួលទៅដល់បងប្អូនដទៃទៀត សម្រាប់ធ្វើការផ្ទៀងផ្ទាត់។ ក្នុងករណីដែលមានការពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លងជាមួយនឹង កូវីដ១៩ ទាំងចាស់ទាំងថ្មី គឺចាំបាច់ត្រូវតែមកបង្ហាញខ្លួន ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ដើម្បីចៀសវាងនូវការឈឺចំពោះផ្ទាល់ខ្លួន​ ចំពោះក្រុមគ្រួសារ និងចម្លងទៅមិត្តភក្តិ។ ពេលនេះ គឺត្រូវស្វះស្វែងរកឱ្យខាងតែបាននូវសិទ្ធិរស់រានមានជីវិត មិនមែនជាសិទ្ធិដែលត្រូវលាក់លៀមចំពោះអ្វីដែលទាក់ទិននឹងសុខភាពសាធារណៈរបស់​សង្គមទាំងមូលនោះទេ។ នេះជាការបកស្រាយដ៏សមហេតុសមផលមួយ​ដែលសង្ឃឹមថា​ប្រជា​ពលរដ្ឋ​​របស់យើង​ជាពិសេស​អ្នក​ដែលមានជំងឺកូវីដ១៩ អ្នកត្រូវធ្វើចត្តាឡីស័កយោគយល់​អធ្យា​ស្រ័យ ទៅលើបញ្ហានេះ។

បង្កើនថ្ងៃធ្វើចត្តាឡីស័កសម្រាប់អ្នកធុរកិច្ច បច្ចេកទេស ដល់ ១៤ ថ្ងៃវិញ

បញ្ហាទី ២ ខ្ញុំទើបនឹងបានសម្រេច។ មុននេះយើងធ្វើចត្តាឡីស័កត្រឹមត្រូវ​សម្រាប់អ្នក​មកពី​ក្រៅ​ប្រទេស​ចំនួន ១៤ ថ្ងៃ ប៉ុន្ដែក្រោយមក ដើម្បីពន្លឿននូវការរស់រានមានជីវិតនៃវិស័យសេដ្ឋកិច្ច​ យើង​ក៏​ផ្ដល់ឱកាសអោយរង់ចាំត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីធ្វើតេស្ដ​អវិជ្ជមានហើយ គឺអនុញ្ញាតឲ្យពួក​គេ​ទៅធ្វើការ ដោយមានការធានាពីក្រសួង ពីក្រុមហ៊ុននានា។ នេះពាក់ព័ន្ធចលនាសេដ្ឋកិច្ចសង្គម​ដែលយើងមានតម្រូវការ។ ក៏ប៉ុន្ដែស្ថានភាពបែបនេះ នៅពេលដែលយើងរកមិនទាន់ឃើញ​ក្បាល​កន្ទុយ​ យើងត្រូវផ្អាកជាបណ្ដោះអា​សន្នពាក់ព័ន្ធនឹងយន្ដការត្រូវធ្វើ​ចត្ដាឡីស័ករយៈពេល ១៤ ថ្ងៃហើយ មកនៅសល់ត្រឹមតែ ២ ថ្ងៃ សម្រាប់អ្នកបច្ចេកទេស អ្នកធុរកិច្ច ដែលមកពិនិត្យរោង​ចក្រ​ក្នុង​រយៈពេលខ្លី​។ នេះជាហានិភ័យមួយដ៏ខ្ពស់សម្រាប់ប្រទេសរបស់យើង បើយើងបណ្ដែតបណ្ដោយ​បន្ដទៅទៀត។ ខ្ញុំបានយល់ព្រមឲ្យបញ្ឈប់នូវដំណើរការនៃការធ្វើចត្តាឡីស័កក្នុងរយៈពេលខ្លីសម្រាប់​អ្នកទៅធ្វើធុរកិច្ច បច្ចេកទេស ឯកទេស ប៉ុន្ដែត្រូវទុករយៈពេល ៧ ថ្ងៃ គឺចាប់ថ្ងៃ ៥ ធ្នូ ស្អែកនេះតទៅ ដើម្បីឲ្យបណ្ដាក្រុមហ៊ុនមានពេលគ្រប់គ្រាន់ជូនដំ​ណឹងទៅបុគ្គលិក​ ដែលធ្វើការ​នៅក្រុមហ៊ុនរបស់ខ្លួន។ ចៀសវាងមកដល់ភ្លាមយើងអនុវត្ដភ្លាមនាំឲ្យជួបការលំបាកសម្រាប់​អ្នកធ្វើ​ដំណើរទាំងនោះ ហើយឲ្យពួកគេធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់ មុនពេលមកដល់​ឲ្យគេដឹងថា​ពេលមក​ដល់​ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។

កំពុងផ្ទៀងផ្ទាត់ថា ការឆ្លងសហគមន៍អាចចេញពីចត្តាឡីស័កមិនគ្រាប់គ្រាន់នៃជនបរទេស និងមានទំនាក់ទំនងជាមួយលោក ឆែម សាវុធ និងក្រុមគ្រួសារ

នេះជាស្ថានភាពដែលមិនអាចខុសពេល​បាន​តទៅទៀតទេ​។ យើងត្រូវមានការលះបង់ខាងសេដ្ឋកិច្ចខ្លះ ដើម្បីការរស់រានមានជីវិតរបស់ពល​រដ្ឋរបស់យើង។ សុខភាពរបស់ពលរដ្ឋរបស់យើងសំខាន់ជាង។ ដូច្នេះហើយ ខ្ញុំសុំឲ្យមាន​ការ​យោគយល់ពីសំណាក់ក្រុមហ៊ុន ដែលមានការរកស៊ីនៅកម្ពុជា ឬក្រុមហ៊ុនរបស់កម្ពុជាដែលត្រូវ​ការអ្នកបច្ចេកទេសពីខាងក្រៅ ត្រូវធ្វើចត្តាឡីស័កក្នុងរយៈពេលខ្លីហើយចេញដំណើរ។ ស្ថានភាព​បែបនេះ នឹងធ្វើឲ្យកម្ពុជា​ជួបហានិភ័យកាន់តែខ្ពស់ក្នុងការឆ្លងចូលសហគមន៍​ ដោយយើងមិនច្បាស់ថាអ្នកទាំងនោះមានមេរោគឬអត់ បន្ទាប់ពីធ្វើតេស្ដអវិជ្ជមាន។ ប៉ុន្ដែ ​បន្ទាប់ពីការរង់ចាំ​ ២ ថ្ងៃ នៅថ្ងៃទី ៤ ទី៥  នឹងមានសញ្ញាដែលអាចចេញជារូបរាង និងស្ថានភាព​ ២៨ វិច្ឆិកា ដែលជាស្ថានភាពសហគមន៍ តាមការប៉ាន់ស្មានរបស់អ្នកបច្ចេកទេ​ស ក៏ដូចជាខ្លួនខ្ញុំផ្ទាល់​ គឺអាច​កើតចេញពីស្ថានភាពនៃចត្តាឡីស័កមិនបានគ្រប់គ្រាន់សម្រាប់ជនបរទេសមួយចំនួន ហើយអាច​មានទំ​នាក់ទំនងជាមួយ​លោក ឆែម សាវុធ និងក្រុមគ្រួសារលោក ឆែម សាវុធ។ នេះកំពុងធ្វើការផ្ទៀងផ្ទាត់។

អ្នកមានវិជ្ជមាន Covid-19 សំដែងការស្មោះត្រង់ ដើម្បីរុករក និងផ្តាច់ឬសគល់នៃការឆ្លងចូលសហគមន៍

ខ្ញុំព្រះករុណាខ្ញុំក៏សុំយកឱកាសនេះ ធ្វើការអំពាវនាវចំពោះអ្នកដែលមានវិជ្ជមាន Covid-19 ទាំងជាង ២០ នាក់ ដែលមកដល់ពេលនេះដូចជា ជាង ២៨ ចូល ២៩ នាក់រួចស្រេចទៅហើយ ឲ្យមានការស្មោះត្រង់ ឆ្លើយឲ្យត្រង់ៗ ហើយពេលវេលានេះគឺជា ពេលវេលាចាំបាច់បំផុតដែលត្រូវធ្វើការបំភ្លឺឲ្យបានច្បា​ស់លាស់ គឺមិនអាចប្រើវិធីតាមបែបចង់ឆ្លើយក៏ឆ្លើយ មិនចង់ឆ្លើយក៏ហី មិនអាចធ្វើយ៉ាងដូច្នោះទេ។ វាជាមហន្ត​រាយសម្រាប់សុខភាពសាធារណៈ វាមហន្តរាយសម្រាប់ខ្លួនយើងផង មហន្តរាយសម្រាប់ក្រុមគ្រួសារយើងផង មហន្តរាយដល់អ្នកដទៃផង។ ខ្ញុំអំពាវនាវចំពោះអ្នកទាំងនេះ សូមមេត្តាយោគយល់ផ្តល់នូវចម្លើយដ៏ជាក់ច្បាស់ តើក្នុងរយៈពេលកន្លងទៅនេះបានជួបជាមួយអ្នកណាខ្លះ បានធ្វើអ្វីខ្លះ ហើយបានទៅទីណាខ្លះ។ នេះគឺជាពន្លឺសំខាន់ សម្រាប់ការរុករក និងផ្តាច់ឬសគល់នៃការឆ្លងចូលសហគមន៍។ មែនហើយ មកដល់ពេលនេះ អ្វីដែលហៅថាព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលយើងមិនចង់និយាយដល់ឈ្មោះលោក ឆែម សាវុធ និងក្រុមគ្រួសារក្តី ក៏ប៉ុន្តែព្រឹត្តិការណ៍នេះវានៅតែហ៊ុមព័ទ្ធក្នុងកម្រិតនៃក្រុមគ្រួសារលោក ឆែម សាវុធ និងអ្នកដែលមានការពាក់ព័ន្ធជាមួយលោក ឆែម សាវុធ ប៉ុណ្ណោះ មិនទាន់រីកសាយភាយទៅដល់ចង្កោមផ្សេងទេ។ ប៉ុន្តែ បើសិនជាយើងមានការធ្វេសប្រហែស ហើយមិនមានការឆ្លើយឲ្យបានត្រឹមត្រូវច្បាស់លាស់ពីអ្នកដែលទទួលវិជ្ជមាន ច្បាស់ណាស់ថាជំងឺនេះវានឹងរីកបន្ត ហើយនៅតែបន្តរកមុខមិនឃើញតែម្តង។

ទោះបីមិនទាន់មានមនុស្សស្លាប់ បើការឆ្លងរាលដាលបន្ត ចំនួនមនុស្សឆ្លងចេះកើនឡើង

ដូច្នេះ ខ្ញុំសុំអំពាវនាវដោយទទូចឲ្យផ្តល់នូវចម្លើយដ៏ត្រឹមត្រូវ ដើម្បីយើងកំ​ណត់អត្តសញ្ញាណ តើការឆ្លងនេះឆ្លងមកពីអ្នកណា? ឆ្លងចំពោះអ្នកណា? ហើយចេញពីអ្នកណា? សម្រាប់ទាំងអ្នកនៅក្នុងប្រទេស និងអ្នកនៅក្រៅប្រទេស។ ប្រទេសយើងមិនមានជំងឺ(នេះ)នៅក្នុងប្រទេសទេ គឺតែងតែនាំចូលជានិច្ច ហើយការនាំចូលកន្លងទៅ គឺយើងតែងតែគ្រប់គ្រង(បាន) ដោយសារការធ្វើតេស្តបានត្រឹមត្រូវ ហើយយកទៅព្យា​បាល ហើយធ្វើចត្តាឡីស័ករហូតដល់ ១៤ ថ្ងៃ។ ប៉ុន្តែ បន្ទាប់ពីយើងបានបន្ធូរបន្ថយឲ្យអ្នកបច្ចេកទេស អ្នកធុរកិច្ច ម្ចាស់ក្រុមហ៊ុន ធ្វើចត្តាឡីស័កត្រឹមតែ ២ ថ្ងៃ វាបានធ្លាយទៅដល់ការបង្កើតឡើងនូវជំងឺក្នុងសហគមន៍ ដែលជាបញ្ហាដ៏គួរឲ្យសោកស្តាយបំផុត។ ទោះបីថាមិនទាន់មានមនុស្សស្លាប់ ក៏ប៉ុន្តែប្រសិនបើបន្តការរីករាលដាលតទៅទៀត ចំនួនមនុស្សវាចេះតែកើនឡើង … ដូច្នេះខ្ញុំនៅតែបញ្ជាក់អះអាងថា ទី ១ ការបញ្ចេញអត្តសញ្ញាណនៃអ្នកដែលបានឆ្លងសម្រាប់ឲ្យសាធារណៈជនបានដឹង ដើម្បីប្រជាពលរដ្ឋអាចយល់បានអំ​ពី​អ្នកដែលមានប៉ះពាល់ ហើយអ្នកទាំងនោះបានធ្វើដំណើរទៅទីកន្លែងរបស់ខ្លួន ខ្លួនក៏មានការប្រុងប្រយ័ត្នទុកជាមុន គួបផ្សំទៅនឹងចម្លើយដ៏ច្បាស់លាស់នៃអ្នកដែលមានវិជ្ជមាន Covid-19 គឺវានឹងផ្តល់ចម្លើយការរកឃើញទាន់ពេលវេលា និងទប់ស្កាត់ទាន់ពេលវេលានូវការរីករាលដាលនៃជំងឺ covid-19 នេះ។

ការធ្វើចត្តាឡីស័ក កន្លែងមានការប្រមូលផ្តុំ មិនអនុញ្ញាតឲ្យចេញចូល នៅតាមផ្ទះក៏ត្រូវធ្វើឲ្យហ្មត់ចត់

បន្ថែមលើនោះ វិធានការដែលយើងត្រូវប្រកាន់យកដើម្បីឲ្យអ្នកមកពីបរទេសទាំងឡាយ ទោះបីជាដែលយើងធ្លាប់បានដាក់អនុគ្រោះឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេលខ្លី ហើយចេញទៅធ្វើសកម្មភាពត្រូវផ្អាកជាបន្ទាន់ ប៉ុន្តែត្រូវទុករយៈពេល ៧ ថ្ងៃជូនដំណឹងឲ្យទៅពួកគេដើម្បីសម្រេចចិត្តមក ឬមិនមកយ៉ាងណានោះ។ យើងត្រូវហ៊ានលះបង់ទៅលើបញ្ហាសេដ្ឋកិច្ចខ្លះដើម្បីសង្រ្គោះជីវិត និងរក្សាសុខភាពចំពោះប្រជាពលរដ្ឋរបស់យើង។ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងមានការយោគយល់ ហើយអ្នកសេដ្ឋកិច្ច ក៏ដូចជាបណ្តាក្រុមហ៊ុននឹងមានការយោគយល់ចំពោះការលំបាករបស់ប្រទេសជាតិជារួម ដែលនេះជាជម្រើសល្អបំផុត។ ខ្ញុំសុំស្នើឲ្យក្រសួងសុខាភិបាលចាត់ចែងឲ្យបានប្រាកដ។ ចំពោះកន្លែងចត្តាឡីស័កទៀតសោតខ្ញុំសុំស្នើឲ្យកម្លាំងនគរបាលជាតិ ពិនិត្យមើលទៅលើការធ្វើចត្តាឡីស័កសម្រាប់ទីកន្លែងដែលមានការប្រមូលផ្តុំ មិនអនុញ្ញាតឲ្យមានការចេញចូល ដើរហើរខុសការកំណត់របស់ក្រសួងសុខាភិបាល ឯអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះក៏ត្រូវធ្វើឲ្យបានហ្មត់ចត់។

ករណីប្រជាពលរដ្ឋក្រីក្រត្រូវធ្វើចត្តាឡីស័ក ជូន ២ ម៉ឺនរៀល/មួយគ្រួសារ ស្រោចស្រង់ជីវភាព

បន្ថែមលើនោះ ខ្ញុំក៏បានបើកផ្តល់ថវិកាទៅតាមខេត្តរួចហើយ ក្នុងករណីដែលប្រជាពលរដ្ឋក្រីក្រជួបការលំ​បាកទាំងនៅទីកក្រុងទាំងនៅជនបទត្រូវធ្វើចត្តាឡីស័ក គឺត្រូវផ្តល់ថវិកាឲ្យក្នុងមួយគ្រួសារ ២ ម៉ឺនរៀល។ ឧទាហរណ៍នៅទីក្រុងភ្នំពេញ អ្នករត់កងបី អ្នករត់ម៉ូតូឌុប ឬក៏គ្រួសារក្រីក្រទាំងឡាយជាអ្នកលក់ដូរតូចតាច ជាអ្នកកម្មករសំណង់ដែលគាត់មិនអាចចេញទៅរកស៊ីធ្វើការបាន ប៉ុន្តែគាត់ត្រូវធ្វើចត្តាឡីស័ក ត្រូវតែផ្តល់ឲ្យគាត់។ ផ្តល់ទាំងម្ហូបចំណីឲ្យពួកគាត់ ថែមប្រាក់ ២ ម៉ឺនរៀល ដើម្បីគាត់ចិញ្ចឹមគ្រួសាររបស់គាត់ថែមទៀត។ នៅជនបទក៏ដូចគ្នា គឺត្រូវផ្តល់ឲ្យប្រជាពលរដ្ឋក្នុងមួយគ្រួសារ ២ ម៉ឺនរៀល ដើម្បីពួកគាត់មានលទ្ធភាពស្រោចស្រង់សេដ្ឋកិច្ច ស្រោចស្រង់ជីវភាពនៅក្នុងពេលដែលគាត់មិនអាចរកស៊ីបាន។ បញ្ហាសំខាន់នៅពេលនេះ ត្រូវមើលសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងផ្នែកកសិកម្ម ទាំងផ្នែកកម្មករក្រៅប្រព័ន្ធដែលពុំមានការធានារ៉ាប់រងនោះ ឲ្យពួកគាត់បានទទួលផលប្រយោជន៍ពីក្នុងពេលវេលាដែលគាត់មានការលំបាក។

ការរាលដាល ចាប់តាំងពីថ្ងៃទី ២៨ រហូតមកដល់ពេលនេះ ពុំមានការថមថយទេ

ដូច្នេះ ខ្ញុំអំពាវនាវឲ្យធ្វើសកម្មភាពព្រមៗគ្នាដើម្បីទប់ស្កាត់ការរីករាលដាល ចាប់តាំងពីថ្ងៃទី ២៨ រហូតមកដល់ពេលនេះ ពុំមានការថមថយទេ។ ចំនួនមនុស្សមានការកើនឡើងសូម្បីតែហាងលក់ទំនិញមួយ គឺមានមនុស្សថ្ងៃនេះឆ្លងដល់ទៅ ៦ នាក់បូកបន្ថែមម្នាក់ពីម្សិលគឺ ៧ នាក់ រួចស្រេចទៅហើយ។ យើងមិនដឹងថា តើមានទីកន្លែងណាទៀត វានឹងមានការឆ្លង? ទោះបីយើងស្ថិតក្នុងកម្រិតត្រួតត្រាបាន ក៏ប៉ុន្តែ បើសិនមានការរីករាលដាលបន្ថែមទៀតដោយគ្មានការទប់ស្កាត់ គ្មានវិធានការហ្មត់ចត់ គឺត្រូវតែមានការប្រុងប្រៀបដើម្បីដោះស្រាយ។ ​កងនគរបាលជាតិត្រូវគ្រប់គ្រងឲ្យបាននូវការធ្វើចត្តាឡីស័កសម្រាប់ជនស៊ីវិលដែលយើងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក។ អាជ្ញាធរមូលដ្ឋានត្រូវមើលចំពោះប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយត្រូវផ្គត់ផ្គង់ឲ្យពួកគាត់សម្រាប់គ្រួសារក្រីក្រដែលខ្វះលទ្ធភាព ឲ្យគាត់ទទួលបាននូវម្ហូបអាហារ ២ ម៉ឺនរៀលក្នុងមួយថ្ងៃៗ ហើយសរុបទាំងអស់គេធ្វើតែ ១៤ ថ្ងៃទេ។ ប៉ុន្តែ យើងជូនប្រាក់គាត់សម្រាប់ ១៥ ថ្ងៃ គឺស្មើគឺស្មនឹង សម្រាប់ហើយសរុបទាំងអស់គេធ្វើតែ ១៤ ថ្ងៃទេ ប៉ុន្តែយើងជូន ១៥ ថ្ងៃត់សម្រាប់គ្រសួខ ឲ្យធ្វើចត្តាឡីស័ក។ អាជ្ញាធរមូលដ្ឋានត្រូវមនឹង ៣០ ម៉ឺនរៀល ដើម្បីផ្តល់ឲ្យពួកគាត់មានលទ្ធភាពទិញស្បៀងអាហារសម្រាប់ទទួលទាន នៅក្នុងពេលដែលពួកគាត់ត្រូវធ្វើចត្តាឡីស័កដែលមិនអាចចេញទៅធ្វើការរកស៊ីបាន ទាំងនៅទីក្រុង ទាំងនៅជនបទ ហើយជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ពិនិត្យមើលកុំឲ្យមានការប្រមូលផ្តុំកងទ័ព

ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមានទាំងកងទ័ព នគរបាល អាវុធហត្ថ ត្រូវតែយកចិត្តទុកដាក់ពិនិត្យមើលកុំឲ្យមានការប្រមូលផ្តុំកងទ័ព ហើយប្រសិនបើមានបញ្ហាណាមួយនោះ កងទ័ពត្រូវដោះស្រាយខ្លួនឯង។ ខ្ញុំដឹងថា អគ្គបញ្ជាការកងទ័ពបានដឹកនាំការប្រជុំរៀបចំផែនការនេះរួចជាស្រេច ដោយរួមទាំងមេបញ្ជាការអាវុធហត្ថ ក៏ចូលរួមនៅទីនោះផងដែរ។ ដូច្នេះ សូមឲ្យទាំងអស់គ្នាយកចិត្តទុកដាក់ទាំងជនស៊ីវិល ប្រជាជន ព្រះសង្ឃ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធជារួមមនុស្សទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នដើម្បីចៀសវាងជាមួយនឹងការឆ្លងរីករាលដាលនៅក្នុងប្រទេសរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថាយើងនឹងជំនះបាននូវឧបសគ្គនេះ ហើយយើងនឹងបន្តរួមគ្នាដើម្បីដោះស្រាយបញ្ហានេះឲ្យបានគ្រប់ជ្រុងជ្រោយ។ សូមអរព្រះគុណ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ