សារជាសម្លេងសម្តេចតេជោ ហ៊ុន សែន រំលឹកពីការផ្ដល់សិទ្ធិអំណាចទៅដល់អភិបាលខេត្ត/រាជធានី ពិនិត្យ និងបិទទីតាំងណាដែលមិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល

CNV:

ខ្ញុំសូមផ្ញើជូនឯកឧត្ដមអភិបាលរាជធានី/ខេត្តទូទាំងប្រទេស។ ខ្ញុំសូមរំលឹកអំពីសារ ដែលយប់ថ្ងៃទី ២៩ វិច្ឆិកា និងថ្ងៃទី ៣០ វិច្ឆិកា ដែលខ្ញុំថ្លែងការណ៍បើកការដ្ឋានសាងសង់ផ្លូវនៅខេត្តសៀមរាប។ ពេលនោះ​ខ្ញុំបានប្រគល់អំណាចទៅឱ្យគ្រប់ស្ថាប័នរបស់ថ្នាក់ជាតិ (ដើម្បីនឹង)សម្រេចបិទកន្លែងធ្វើការមួយចំនួន ឬក៏បិទទាំង​ស្រុង។ ឯចំពោះអភិបាលរាជធានីខេត្ត ខ្ញុំឱ្យពិនិត្យអំពីការបិទឬបើកនូវទីកន្លែងដែលមានការចាំបាច់។

កន្លងទៅនេះ យើងបានពិនិត្យឃើញថា (មាន)ករណីដែលមានការឆ្លង​មនុស្សឆ្លងច្រើននៅក្នុងហាងមួយ ដែលយើងពិនិត្យឃើញថា បញ្ហាសំខាន់គឺការបំពានទៅលើសុវត្ថិភាពគម្លាតបុគ្គល និងការខ្វះវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងន័យនេះ ខ្ញុំសូមរំលឹកចំពោះអភិបាលខេត្ត/រាជធានីទាំងអស់ឱ្យបានជ្រាប សូមចុះតាមដាន ត្រួតពិនិត្យទីតាំងលក់ដូរទាំងអស់ ហើយផ្ដល់ការណែនាំឱ្យពួកគាត់អនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការនានា ដែលចេញដោយក្រសួងសុខាភិបាល។ ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តទេ សូមប្រើអំណាចរបស់រដ្ឋបាលខេត្ត/រាជធានី ដើម្បីបិទហាងនោះជាបណ្ដោះអាសន្នសិន។ យើងគ្មានជម្រើសណាផ្សេងឱ្យល្អជាងជម្រើសធានា(អោយមាន)គម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស ការធ្វើអនាម័យ ទាំងអ្នកចូលទៅទិញ និងអ្នកលក់ ដែលយើងសង្កេតទៅឃើញនៅតាមហាងមួយចំនួន គឺពុំបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវរបស់ក្រសួងសុខាភិបាលនោះទេ។

ការថ្លោះធ្លោយរបស់អាជ្ញាធរនៅមូលដ្ឋាន ខេត្ត ខណ្ឌ ស្រុក ក្រុង ភូមិ ឃុំ និងសង្កាត់ គឺជាការថ្លោះធ្លោយ ដែលបណ្ដាលឱ្យកើតមាននូវរឿងឆ្លងតាមសហគមន៍នេះមួយផ្នែកផងដែរ ព្រោះអ្នកដែលចម្លងអាចមានលទ្ធភាពទៅចម្លង លុះត្រាតែមានលទ្ធភាពទៅកៀកជាមួយនឹងអ្នកដែលមិនមានជំងឺ​។ ដូច្នេះហើយ ខ្ញុំស្នើឱ្យអនុវត្តឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ ជាមួយនឹងការអនុវត្តនូវគម្លាតសង្គម គម្លាតសុវត្ថិភាព ដែលក្នុងនោះគម្លាតពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ បន្ថែមទៅដោយការពាក់ម៉ាស។ ហើយ(ការពាក់)ម៉ាសនោះទៀតសោត នៅទីក្រុងភ្នំពេញខ្ញុំបានបញ្ចេញចំនួន ២ លាន និងម៉ាសពេទ្យចំនួន ១ លាន ទាំងអស់ ៣ លានម៉ាស។ ដូច្នេះ មិនអាចនិយាយថាខ្វះម៉ាសនោះទេ។ (ម៉ាស)ហ្នឹងសម្រាប់អ្នកក្រីក្រ។ តែសម្រាប់អ្នកដែលមានលទ្ធភាពចូលផ្សារ មានលុយទិញរបស់របរ ខ្ញុំគិតថា អ្នកទាំងនោះពិតជាមានលទ្ធភាពដើម្បីទិញម៉ាសយកមកពាក់នោះទៅហើយ។

ដូច្នេះ ខ្ញុំសូមស្នើដោយទទូចចំពោះហាងលក់ដូរទាំងអស់ អ្នកលក់ដូរ អ្នករកស៊ី អ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ហើយការចូលទៅហាង និងការទទួលទាននានា ក៏ត្រូវអនុវត្តទៅតាមគម្លាតសង្គម ដែលបានកំណត់ដោយក្រសួងសុខាភិបាល និងការណែនាំច្រើនណាស់ហើយ។

ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យ និងសារលិខិតដើម្បីថ្វាយព្រះមហាក្សត្រ (ប្រកាស)ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រៀងនូវអនុក្រឹត្យ និងព្រៀងនូវលិខិតសម្រាប់ប្រ​ធាន​រដ្ឋសភា និងព្រឹទ្ធសភារួចស្រេចទៅហើយ ក៏ប៉ុន្តែ ខ្ញុំមិនចង់ដើរទៅដល់ជំហានបែបនោះទេ​ ព្រោះវាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានឹងគាំងទាំងស្រុងតែម្ដង។ ប្រសិនបើបិទប្រទេស ឬបិទផ្នែកណាមួយរបស់ប្រទេស ដូចជារាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើឱ្យគាំងដំណើរការសេដ្ឋកិច្ច ជាពិសេសប៉ះពាល់ទៅដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង។

ប៉ុន្តែ យើងអាចខិតខំជំនួសតាមរយៈការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងតែម្ដង។ សូមបងប្អូនទាំងអស់គ្នាធ្វើការយោគយល់ចំពោះស្ថានការណ៍ មិនមែនសម្រាប់ផ្ទាល់ខ្លួនរបស់នរណាម្នាក់ទេ របស់បុគ្គលណាទេ ក៏ប៉ុន្តែសម្រាប់ផ្ទាល់របស់សាម៉ីខ្លួនតែម្ដង។ តាំងពីគ្រាដំបូង ខ្ញុំបាននិយាយថា យើងចាប់ផ្ដើមពីមនុស្សម្នាក់ៗ បើបុគ្គលម្នាក់ៗ មិនអាចនឹងធ្វើកិច្ចការ​នេះបានទេ វានឹងចម្លងទៅដល់ក្រុមគ្រួសារ បន្ទាប់ទៅចម្លងចូលទៅក្នុងសហគមន៍របស់យើង ដែលវានឹងបំផ្លិចបំផ្លាញធ្ងន់ធ្ងរចំពោះប្រទេសជាតិរបស់យើង។

ខ្ញុំបានស្នើក្នុងដំណោះស្រាយដំបូង (ដោយ)បានបញ្ជាក់ថា រយៈពេល ១៥ ថ្ងៃ គឺជារយៈពេលដ៏លំបាក។ យើងគ្រប់គ្រងបាន ឬមិនបាន គឺស្ថិតនៅក្នុងរយៈពេល ១៥ ថ្ងៃ។ តាំងពីថ្ងៃទី ៣០ រហូតមកដល់ពេលនេះ មានរយៈពេល ៦ ថ្ងៃរួចមកហើយ។ ក្នុងរយៈពេល ៦ ថ្ងៃនេះ យើងពិនិត្យឃើញថា ទើបនឹងថ្ងៃនេះទេ ដែលអត្រាឆ្លងគឺមានចំនួនតិច គឺមានត្រឹមតែ ១ នាក់ ប៉ុណ្ណោះ ប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃមុនមានចំនួនច្រើន។ ក៏ប៉ុន្តែ នេះក៏មិនមែនមានន័យថា យើងបានបញ្ចប់នូវស្ថានការណ៍សហគមន៍ ២៨ វិច្ឆិកា នោះទេ។

យើងត្រូវបន្តការខិតខំ (ព្រោះយើង)មិនដឹងថា ជំងឺនេះវាលាក់ខ្លូននៅទីណាតទៅទៀត ដូច្នេះ សូមស្នើឱ្យគ្រប់ទីកន្លែងទាំងអស់មានការប្រុងប្រយ័ត្ន ហើយហាងខ្លះដែលត្រូវបិទ ក៏សូមឱ្យមានការបិទមួយរយៈ​ ដើម្បីពិនិត្យមើលបុគ្គលិកនៅទីនោះ បាញ់ថ្នាំសម្លាប់(មេរោគ) រួចហើយចាំបើកឡើងវិញ ក៏មិនទាន់យឺតពេល ជាជាងយើងទុកឱ្យហាងនោះក្លាយទៅជាជម្រកនៃជំងឺ ដែលក្រោយមកយើងមិនអាចនឹងស្ដារឡើងវិញបាន

ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់នឹងមានការយោគយល់ អធ្យាស្រ័យជាមួយនឹងសភាពការណ៍ ដែលបាននិងកំពុងកើតឡើងនៅក្នុងប្រទេសរបស់យើង​។ សូមបងប្អូនមេត្តាបន្តពាក់ម៉ាស។ ខ្ញុំសង្ឃឹមថា ប្រជាជនរបស់យើងភាគច្រើនមិនខ្វះលុយទិញម៉ាសនោះទេ។ ឯសម្រាប់ម៉ាស​ដែលបានបញ្ចេញរហូតមកដល់ពេលនេះ គឺមានច្រើនលានម៉ាសរួចទៅហើយ ទាំងខាង​​ក្រសួងសុខាភិបាល វិស័យឯកជន ក៏ដូចជារាជរដ្ឋាភិបាលក៏បានបញ្ចេញ ៣ លានម៉ាស សម្រាប់ទីក្រុងភ្នំពេញ និង ១ លានម៉ាស សម្រាប់ខេត្តសៀមរាប ដូច្នេះចំនួនម៉ាសដែលយើងបញ្ចេញគឺរាប់លានម៉ាសឯណោះ​។ វាមិនថ្លៃទេ វាមិនលំបាកទេនៅក្នុងការពាក់ម៉ាស បើប្រៀបធៀបជាមួយនឹងការដែលយើងកើតជំងឺ។

សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងចូលរួមដើម្បីដោះស្រាយបញ្ហានេះ ដើម្បីបញ្ចប់បញ្ហាការឆ្លងនៅក្នុងសហគមន៍ ដែលមកដល់ពេលនេះ យើងកំណត់បានអត្តសញ្ញាណពីការខុសគ្នារវាងជំងឺដែលជាព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងក៏កំណត់បានអត្តសញ្ញាណនៃអ្នកដែលបានឆ្លងមុនគេនោះដែរ ដែលក្រសួងសុខាភិបាលបានប្រកាសផ្សាយអំពីឈ្មោះ និងរូបថត អ្នកដែលជាប់ពាក់ព័ន្ធទាំង​ឡាយ រួមទាំងទីកន្លែងដែលកើតមាននូវមេរោគនេះ ហើយមនុស្សដែលមានការពាក់ព័ន្ធ ត្រូវប្រញាប់ប្រញាល់ទៅរកគ្រូពេទ្យដើម្បីយកសំណាក និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែក

ខ្ញុំសូមរំលឹកជាថ្មីម្ដងទៀត ជូនចំពោះអាជ្ញាធរ ជាពិសេសអភិបាលខេត្ត/រាជធានី យកចិត្តទុកដាក់ពិនិត្យមើលតាមហាងទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីណែនាំឱ្យពួកគាត់​អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ទាំងអ្នកលក់ ទាំងអ្នកចូលទៅទិញ ត្រូវតែមានការកំណត់ឱ្យច្បាស់ ហើយប្រសិនបើមិនមានការស្ដាប់(តាមការណែនាំ)នោះទេ សូមប្រើសិទ្ធិក្នុងការបិទទីកន្លែងនោះជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហាកុំឱ្យរីករាលដាលនៅតាមទីកន្លែងដែលខ្វះនូវការយកចិត្តទុកដាក់ និងខ្វះការអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល

ខ្ញុំសូមឱ្យអនុវត្តឱ្យបានហ្មត់ចត់។ ខ្ញុំបានធ្វើការណែនាំច្រើនហើយ។ ខ្ញុំបានប្រគល់សិទ្ធិអំណាចឱ្យឯកឧត្ដម លោកជំទាវ ដែលជាអភិបាលរាជធានី/ខេត្តរួចរាល់អស់ហើយ បញ្ហាដែលនៅសល់គឺស្ថិតនៅត្រង់ការអនុវត្ត។ មិនអាចរង់ចាំតែគ្រូពេទ្យ មិនអាចរង់ចាំតែមន្ទីរសុខាភិបាល ក្រសួងសុខាភិបាល ទៅពិនិត្យគ្រប់តែហាង គ្រប់តែកន្លែងលក់ដូរនោះទេ។ នេះគឺជាសមត្ថកិច្ចរបស់អភិបាលខេត្ត/រាជធានីទាំងអស់ ដែលត្រូវបំពេញនេះ។ សូមធ្វើកិច្ចការងារនេះឱ្យបានហ្មត់ចត់ និងជោគជ័យ។​ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...