សារវីដេអូ សម្តេចតេជោ ហ៊ុន សែន នៅក្នុងមហាសន្និបាត នៃក្ដីសង្ឃឹម ក្រោមប្រធានបទ៖ «ការកសាង និងបង្កើតជាតិយើង នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩៖ ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»

CNV:

– ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ
– លោកជំទាវ ហាក់ ចា ហាន់ មូន ( Hak Ja Han Moon ) សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល
– ឯកឧត្តម ហូសេ ដឺ វេណេស្សា (Jose de Venecia) សហប្រធាន ICAPP
– លោកបណ្ឌិត ថូម៉ាស ជី វ៉ាស់ (Dr. Thomas G. Walsh) ប្រធានអង្គការសហព័ន្ធសន្តិភាពសកល
– ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី!

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលបានថ្លែងសារទៅកាន់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុង «មហាសន្និបាតនៃក្តីសង្ឃឹម» របស់សហព័ន្ធសន្តិភាពសកល។ ប្រធានបទ នៃវេទិកានេះ គឺ៖ «ការកសាង និងបង្កើតជាតិយើងនៅក្នុងពិភពលោក ក្រោយវិបត្តិ កូវីដ-១៩៖ ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ពិតជាមានសារៈសំខាន់ និងចាំបាច់ណាស់នៅពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកបច្ចុប្បន្នកំពុងតែប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ដូចយើងទាំងអស់គ្នាបានដឹងស្រាប់ ជំងឺកូវីដ-១៩ បាន និងកំពុងគំរាមកំហែងដល់របៀបរស់ នៅប្រចាំថ្ងៃ ទំនៀមទម្លាប់ ជីវភាព អាយុជីវិត សេដ្ឋកិច្ច និងសង្គមទាំងមូលនៅបណ្តាប្រទេស នៅ លើសកលលោកទាំងមូល។ មកដល់បច្ចុប្បន្ន គ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩ នេះ នឹងបញ្ចប់នោះឡើយ ហើយក៏គ្មានអ្នកណាអាចទស្សន៍ទាយអំពីផលប៉ះពាល់នៃជំងឺនេះមកលើគ្រប់ ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ ទាំងសេដ្ឋកិច្ច នយោបាយ និងរបៀបរបបសង្គម បានជាក់ច្បាស់នោះដែរ។

សម្រាប់កម្ពុជា យើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺកូវីដ-១៩ មិនមានភាពធ្ងន់ធ្ងរទេ ដោយសារមិនមានការឆ្លងនៅក្នុងប្រទេស មានតែករណីនាំចូលមកពីខាងក្រៅ និងពុំទាន់មានការ ស្លាប់បាត់បង់ជីវិតម្នាក់នៅឡើយទេ។ ដូចប្រទេសដទៃដែរ កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន ប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានចែកជាបីសមរភូមិ៖ (ទី១)-ការទប់ស្កាត់មិនឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជា (ទី២)-ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង(ទី៣)-ការព្យាបាលអ្នកដែលបានឆ្លងជំងឺ កូវីដ-១៩។ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងកម្រិតខ្ពស់បំផុត កម្ពុជាបានបង្កើតគណៈកម្មាការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាបញ្ជាការដ្ឋានរួមក្នុងការដឹកនាំ ដាក់ចេញ និងជំរុញការអនុវត្តនូវវិធានការទាំងអស់។

នាពេលកន្លងមក ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ភាគច្រើនគឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេសរៀងៗខ្លួន។ យ៉ាងណាមិញ នៅក្នុងបរិការណ៍នៃសកលភាវូបនីយកម្ម និសមារណកម្មតំបន់ ខ្ញុំយល់ថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ក៏ដូចជាការស្តារឡើងវិញនូវសង្គម-សេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺនេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ។ កិច្ចការនេះទាមទារនូវការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ បានន័យថា សកលលោកទាំងមូលត្រូវតែពួតដៃគ្នាប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម។ ក្នុងស្មារតីនេះ អនុញ្ញាតឱ្យខ្ញុំចូលរួមចែករំលែកនូវទស្សនៈមួយចំនួនដូចខាងក្រោម៖

ទី១. ការរាតត្បាតនៃជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពី មុនមក ដូចជាបញ្ហាសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្ដុំ និងកិច្ចដំណើរការនៃច្រវាក់ផ្គត់ផ្គង់សកលជាដើម ដែលប្រការទាំងអស់នេះកំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវិតសង្គម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក។ ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកល សំដៅគាំទ្រពហុភាគីនិយមរឹតតែមានភាពចាំបាច់ស្រួចស្រាល់ឡើងថែមទៀត។ ក្នុងស្មារតីនេះ ទន្ទឹមនឹងការរង់ចាំភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកលលោក (global common goods) ដែលប្រជាជនគ្រប់រូប នៅគ្រប់ទិសទី អាចទទួលបាន។

ទី២. យើងត្រូវជៀសវាងការរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្តីបន្ទោស ដែលជា ល្បែងទម្លាក់កំហុសដ៏អាក្រក់មួយនាំដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២២០០ នាក់ ចូលចត នាព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០។ កម្ពុជាមិនត្រឹមតែបាន និងកំពុងព្យាបាលពលរដ្ឋ-ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយព្យាបាលទាំងជនបរទេសផងដែរ។

ទី៣. ជាទិសដៅទៅមុខ យើងពិតជាមានភាពចាំបាច់ជាយុទ្ធសាស្រ្ត ក្នុងការត្រៀមខ្លួនឱ្យបានល្អក្រោយអំឡុងពេលវិបត្តិកូវីដ-១៩។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងគួររៀបចំផែនការស្តារឡើងវិញប្រកបដោយភាពជាក់លាក់មួយ ដោយដាក់ចេញនូវសេណារីយ៉ូមួយចំនួនសម្រាប់បើកឱ្យដំណើរការជាបណ្តើរៗនូវការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ។

ទី៤. យើងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញសាកលភាវូនីយកម្ម និងពង្រឹងយន្តការពហុភាគីនិយម ដើម្បីធានានូវបរិយាកាសអនុគ្រោះសម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ យើងត្រូវធានាថា យន្តការកិច្ចសហប្រតិបត្តិការរបស់យើងនៅតែរក្សាបាននូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវរបៀបវារៈសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ទី៥. ការកសាង និងថែរក្សាសន្តិភាព និងសន្តិសុខនៅលើសកលលោកទាំងមូល គឺជាមូលដ្ឋានគ្រឹះមិនឤចខ្វះបានសម្រាប់ការអភិវឌ្ឍ។ ដូច្នេះ ការកសាង និងថែរក្សាឱ្យខាងតែបាននូវសន្តិភាព និងសន្តិសុខ គឺជាឤទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ។ សន្តិភាពមិនឤចសម្រេចបានមកដោយឯកឯងនោះទេ។ យើងត្រូវជំរុញការចេះស្រឡាញ់គ្នាទៅវិញទៅមក ផ្តល់គុណតម្លៃ និងការគិតគូរខ្ពស់ដល់មនុស្សជាតិ រួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុម និងគោរពភាពចម្រុះ នៃជំនឿសាសនា និងវប្បធម៌នៅក្នុង និងរវាងសង្គមជាតិនីមួយៗ។

មុននឹងបញ្ចប់ ខ្ញុំសូមស្នើឱ្យប្រមុខដឹកនាំទាំងអស់រួមគ្នាសំដែងនូវសុឆន្ទៈ និងការទទួលខុស ត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកលនេះ និងដើម្បីរក្សាបាននូវបរិយាកាសអនុគ្រោះ ប្រកបដោយសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាសម្រាប់ការរីកចម្រើន និងវិបុលភាព នៃប្រជាជាតិយើងទាំងអស់គ្នា។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីគោលដៅដ៏ពិសិដ្ឋនេះ។

សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...