សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូ អាស៊ានបូកបីពិសេស ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)

សេចក្តីប្រកាសព័ត៌មាន
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ រាជធានីភ្នំពេញ

*****

          សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩(COVID-19) តាមរយៈប្រព័ន្ឋវីដេអូ (Video Conference) ដែលបានប្រព្រឹត្តទៅនៅ ថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២០។ ប្រទេសវៀតណាម ​ក្នុង​នាមជាប្រធានអាស៊ានឆ្នាំ២០២០ ជាប្រធានកិច្ចប្រជុំទាំងពីរនេះ ហើយទទួលបាននូវលទ្ធផលដូចតទៅ៖

កិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីជំងឺកូវីដ-១៩ (COVID-19)

ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ានបានជួបគ្នាជាលើកដំបូង តាមរយៈប្រព័ន្ធវីដេអូ ដោយមានការសម្របសម្រួលពីវៀតណាម ដែលជាប្រធានអាស៊ានឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីវិធានការដែលអាស៊ាន អាចធ្វើការរួមគ្នា ក្នុងការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ចក្នុង​តំបន់​។

ថ្នាក់ដឹកនាំអាស៊ាន បានបញ្ជាក់ពីតម្រូវការដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងស្មារតីនៃសហគមន៍អាស៊ានដែលមានភាពស្អិតរមួត និង
ភាពឆ្លើយតប តាមរយៈការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងឧត្តម្មានុវត្តន៍នៃវិធីសាស្រ្តព្យាបាល វេជ្ជសាស្រ្ត ព្រមទាំងការលើកកម្ពស់ការសម្របសម្រួលគោលនយោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីជំងឺរាតត្បាតនេះ ការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ាន ក៏ដូចជារក្សាឱ្យបាននូវស្ថិរភាពផ្នែកសង្គម-សេដ្ឋកិច្ច។

ថ្នាក់ដឹកនាំអាស៊ានបានបង្ហាញការប្តេជ្ញាចិត្តក្នុងការរក្សាទីផ្សារអាស៊ានឱ្យបើកចំហសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ​ក្នុងគោលបំណងពង្រឹងភាពរឹងមាំ និងនិរន្តរភាពនៃ​សង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេស​លើការផ្គត់ផ្គង់ស្បៀងអាហារ សម្ភារៈវេជ្ជសាស្ត្រ និងផលិតផលចាំបាច់នានា។ ​ក្នុងបរិការណ៍​នេះ ថ្នាក់ដឹកនាំអាស៊ានក៏បានចាត់ឱ្យរដ្ឋមន្រ្តី និងឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន​ ស្វះស្វែងរកវិធានការចាំបាច់​នានា ដើម្បី​រក្សាការតភ្ជាប់សង្វាក់ផ្គត់ផ្គង់ ការធានានូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ការធ្វើពាណិជ្ជកម្ម​ និង​ទប់ស្កាត់ការដាក់កំហិតដែលមិនចាំបាច់នានា លើលំហូរស្បៀងអាហារ សម្ភារៈវេជ្ជសាស្ត្រ និងផលិតផលចាំបាច់នានា។

ថ្នាក់ដឹកនាំអាស៊ាន បានគាំទ្រចំពោះការរៀបចំឡើងវិញនូវប្រាក់មូលនិធិនានាដែលមានស្រាប់ និងលើកទឹកចិត្ដដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីដៃគូអាស៊ាន ដើម្បីសម្របសម្រួល កិច្ចសហប្រតិបត្ដិការប្រឆាំងជំងឺកូវីដ-១៩ ដោយរួមទាំងសំណើបង្កើតមូលនិធិឆ្លើយតបបន្ទាន់សម្រាប់ជំងឺកូវីដ-១៩ ដើម្បីដោះស្រាយនូវកង្វះខាតសម្ភារៈវេជ្ជសាស្រ្ដ ការគាំទ្រលើការស្រាវជ្រាវ និងការអភិវឌ្ឍនៃ ឱសថនិងវ៉ាក់សាំង  ព្រមទាំងការត្រៀមរៀបចំឆ្លើយតបបន្ទាន់នាពេលអនាគត។ ឈរលើស្មារតីនេះ ថ្នាក់ដឹកនាំអាស៊ាន បានស្នើក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន  ត្រួតពិនិត្យមើលលើកិច្ចប្រឹងប្រែង សម្រប​សម្រួលនានារបស់អាស៊ានដែលឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាប្រឈម
ទៅលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងរាយការណ៍ជាទៀងទាត់ជូនថ្នាក់ដឹកនាំអាស៊ាន អមជាមួយនឹង អនុសាសន៍សមស្របផ្សេងៗ សម្រាប់ការណែនាំបន្ថែមទៀត។

ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់អំពីសារៈសំខាន់សម្រាប់អាស៊ានក្នុងការចូលរួមយ៉ាងជិតស្និទ្ធជាមួយដៃគូខាងក្រៅ រួមមានដៃគូសន្ទនាអាស៊ាន អង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិនានា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ បញ្ឈប់ និងគ្រប់គ្រងការឆ្លងជំងឺនេះ។ ក្នុងន័យនេះ ថ្នាក់ដឹក​នាំ    អាស៊ានបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹង និងការបន្តប្រើប្រាស់យន្តការថ្នាក់តំបន់ និងអន្តរជាតិ ដែលមាន​​ស្រាប់ ដើម្បីសហការ និងសម្របសម្រួលក្នុងការឆ្លើយតបចំពោះវិបត្តិសុខភាពសាធារណៈនេះ។

ក្នុងឱកាសកិច្ចប្រជុំ​នេះ ​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន​  បានគូសបញ្ជាក់អំពីអាទិភាពមួយចំនួន ដូចជា៖(១)គាំទ្រគ្នាទៅវិញទៅមកផ្នែកធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការផ្គត់ផ្គង់បរិក្ខាពេទ្យ (២)មិនត្រូវអនុវត្តវិធានការឯកតោភាគី ដែលអាចរាំងស្ទះដល់សកម្មភាពពាណិជ្ជកម្មឆ្លងព្រំដែន​ និងសកម្មភាពសេដ្ឋកិច្ចនានា​ (៣)គាំទ្រ «វប្បធម៌ចែករំលែក» ដើម្បីជួយកាត់បន្ថយសម្ពាធការចំណាយ​ របស់រដ្ឋាភិបាល (៤)ជៀសវាងការរើសអើងជាតិសាសន៍ ការចោទប្រកាន់ និងការស្តីបន្ទោស (៥)ជួយប្រជាជនអាស៊ាន ដែលបានជាប់គាំងដោយសារវិបត្តិនេះ និង(៦)ពិចារណាតើត្រូវស្តារសេដ្ឋកិច្ចដោយវិធីណា នៅពេលការរាតត្បាតនៃជំងឺនេះត្រូវបានបញ្ចប់ ។

ថ្នាក់ដឹកនាំអាស៊ាន ក៏បានអនុម័តនូវសេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពីជំងឺរាតត្បាតកូវីដ-១៩។

កិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីជំងឺកូវីដ-១៩ (COVID-19)

ថ្នាក់ដឹកនៃបណ្តាប្រទេសអាស៊ានបូកបី បានឯកភាពគ្នាឲ្យមានការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន បូកបីពិសេស នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែង និងវិធានការឆ្លើយតបតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្តម បណ្ឌឹត តេដរ៉ស អាដហាណម ហ្គេប្រេយេស៊ូស ​(Tedros Adhanom Ghebreyesus) អគ្គនាយកនៃអង្គការសុខភាពពិភពលោក ដែលបានចូលរួមកិច្ចប្រជុំកំពូលនេះ បានកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់ប្រទេសអាស៊ានបូកបីក្នុងការទប់ស្កាត់ ការពារ គ្រប់គ្រង និងឆ្លើយតបយ៉ាងមានប្រសិទ្ឋភាពទៅនឹងការរីករាលដាលនៃជំងឺនេះ និងបានកត់សម្គាល់ថា តំបន់អាស៊ីបូព៌ាជាកន្លែងដំបូងដែលទទួលរងផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតនេះ។​

ថ្នាក់ដឹកនាំអាស៊ានបានទទួលស្គាល់ចំពោះកិច្ចប្រឹងប្រែងរបស់ប្រទេសបូកបី រួមមាន ចិន ជប៉ុន និងសាធារណរដ្ឋ​កូរ៉េ ដែលបានខិតខំទប់ស្កាត់ការរីករាលដាលនៃជម្ងឺដ៏កាចសាហាវនេះ ដោយបានធ្វើឲ្យចំនួនអ្នកឆ្លងថ្មីមានការធ្លាក់ចុះនាពេលថ្មីៗនេះ។ ដូចនេះ ថ្នាក់ដឹកនាំអាស៊ាននឹងត្រៀមចូលរួមពិភាក្សា និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ជាមួយប្រទេសបូកបី ដើម្បីកាត់បន្ថយផលប៉ះពាល់ ជាអវិជ្ជមានបណ្តាលមកពីជំងឺនេះ ដើម្បីធានានូវសុខុមាលភាពប្រជាជនក្នុងតំបន់​អាស៊ីបូព៌ា និងតំបន់ដទៃក្នុងពិភពលោក។ ក្នុងន័យនេះ កិច្ចប្រជុំបានទទួលស្គាល់ពីសារៈសំខាន់នៃការបម្រុងទុកអង្ករគ្រាមានអាសន្នរបស់ប្រទេសអាស៊ានបូកបី (ASEAN Plus Three Emergency Rice Reserve) ដែលជា យន្តការពង្រឹងសន្តិសុខស្បៀងក្នុងអាស៊ានបូកបី។

កិច្ចប្រជុំបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបតិ្តការក្នុងវិស័យផ្សេងៗ តាមរយៈយន្តការក្នុង​តំបន់ដែលមានស្រាប់ ជាពិសេស ដើម្បីគាំទ្រសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ការពារ គ្រូពេទ្យជំនាញនិងបុគ្កលិកសុខាភិបាល ក៏ដូចជា ធានាសុវត្ថិភាពដល់ពលករចំណាកស្រុក។ កិច្ចប្រជុំ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តរក្សាសង្វាក់ផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ត និងបន្តធ្វើពាណិជ្ជកម្មរវាងប្រទេសអាស៊ានបូកបី ដើម្បីធានានូវលំហូរនាំចេញ-ចូលទំនិញ និងសម្ភារៈចាំបាច់នៅតាមព្រំដែន។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ​កិច្ចគ្រប់ជ្រុងជ្រោយ(RCEP) ក្នុងឆ្នាំនេះ ទោះបីមានវិបត្តិសុខភាពក៏ដោយ ព្រោះវាអាចជួយស្តារសេដ្ឋកិច្ចតំបន់ឲ្យរស់រវើកឡើងវិញបន្ទាប់​ពីជំងឺកូវីដ-១៩ ចប់។

សម្តេចតេជោនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរងផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាតនេះ  និងបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការពង្រឹង សាមគ្គីភាពតំបន់ក្នុងការប្រយុទ្ឋប្រឆាំងជម្ងឺនេះ។ ក្នុងបរិបទនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានកោតសរសើរដល់ប្រទេសបូកបីដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារៈ ​បរិក្ខាពេទ្យ ក៏ដូចជាការបញ្ជូនវេជ្ជបណ្ឌិតមកជួយកម្ពុជា។

ក្នុងឱកាស​នេះដែរ ​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក៏បានលើកនូវចំណុចអាទិភាពមួយចំនួនសម្រាប់អាស៊ានបូកបីពិចារណា ដែលជាវិធានការជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំង គ្រប់គ្រង និងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩៖ (១) ​ការចែករំលែកឧត្តម្មានុវត្តន៍ និងបទពិសោធន៍ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះប្រកបដោយប្រសិទ្ធភាព (២) ការការពារសុខភាពសាធារណៈ តាមរយៈការពង្រឹងសមត្ថភាព​ផលិតសម្ភារៈបរិក្ខាពេទ្យ និងការការពារអ្នកងាយទទួលរងគ្រោះ (៣) កាត់បន្ថយហានិភ័យសេដ្ឋកិច្ច​បណ្តាលមកពីជំងឺរាតត្បាតនេះ (៤) ពង្រឹងសមាហរណកម្មតំបន់ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ  និង  (៥) ពង្រឹងការតភ្ជាប់ផ្នែកឌីជីថលនៅក្នុងវិស័យផ្សេងៗ ដូចជា រដ្ឋាភិបាល​ឌីជី​ថល(e-government)  ធុរកិច្ចឌីជីថល(e-business)  និងការសិក្សាតាមប្រព័ន្ធឌីជីថល (e-education)។

ថ្នាក់ដឹកនាំអាស៊ានបូកបី  ក៏បានអនុម័តនូវសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីកូវីដ-១៩៕

ថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០

 

Download (PDF, 1.81MB)

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

(វីដេអូ) ឯកឧត្តម ស្វាយ ស៊ីថា៖ ការចងក្រងបណ្តាញការងារជាប្រព័ន្ធ និងការពង្រឹងកិច្ចស...

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យ បញ្ញាសិប្បនិម្មិត»
beylikdüzü escort escort beylikdüzü beylikdüzü escort