សង្កថា ក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ឈាន ទៅការបោះឆ្នោតឃុំ/សង្កាត់ ០៤ មិថុនា ២០១៧

CNV: 

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រទាំងឡាយ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី!

ខ្ញុំក៏សូមគោរពផងដែរ ចំពោះសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាប្រជាជន និងថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលកំពុងតែមើលតាមការផ្សាយបន្តផ្ទាល់ពីស្ថា នីយ៍ ទូរទស្សន៍មួយចំនួន ដែលគណបក្សប្រជាជនបានជួលម៉ោងសម្រាប់ការផ្សព្វផ្សាយនេះ។

ជោគជ័យរបស់បេក្ខជន គឺជាជោគជ័យរបស់បក្ស និងប្រជាជាតិយើង

ថ្ងៃនេះ យើងមកជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ ២០១៧​ ដែល ជាអាណត្តិទី ៤ ហើយដែលត្រូវធ្វើការបោះឆ្នោតនៅថ្ងៃទី ៤ ខែ មិថុនា ខាងមុខនេះ។ យើងរួមជាមួយសមាជិក សមាជិកា ដែលនៅទីនេះ និងនៅទូទាំងប្រទេសរាប់លាននាក់ ចេញមកសម្តែងការគាំទ្រចំពោះបេក្ខជន បេក្ខ​នារី នៃគណបក្សប្រជាជនកម្ពុជា ទាំងពេញសិទ្ធិ ទាំងបម្រុង ចំនួន ២៧.១១៤ នាក់ ដែលឈរឈ្មោះនៅគ្រប់ ឃុំ/សង្កាត់ទាំង ១.៦៤៦ នៅទូទាំងប្រទេស។ ហេតុអ្វីបានជាយើងទាំងអស់គ្នាត្រូវមកជួបជុំគ្នា ដើម្បីផ្តល់នូវ ការគាំទ្រចំពោះបេក្ខជនបេក្ខនារី ដែលជាសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជារបស់យើង? ប្រព័ន្ធ បោះឆ្នោតនៅកម្ពុជា គឺជាប្រព័ន្ធបោះឆ្នោតសមមាត្រ ដែលក្នុងនោះ គណបក្សត្រូវផ្តលនូវការគាំទ្រ សម្រាប់បេក្ខ ជនទាំងនោះ ដើម្បីការឈ្នះឆ្នោតនៅឯមូលដ្ឋាន។ ការឈ្នះឆ្នោតរបស់បេក្ខជន បេក្ខនារី​ ដែលបានជ្រើសរើស ដោយសន្និបាតគណបក្សនៅមូលដ្ឋាន ដើម្បីដាក់ឲ្យឈរឈ្មោះ គឺមិនមែនជាជោគជ័យសម្រាប់បុគ្គលដែល ឈរ​ឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែ វាជាជោគជ័យរួមរបស់បក្ស និងប្រជាជាតិយើងតែម្តង។

អរគុណសម្រាប់ការរក្សានូវអព្យាក្រិតភាព និងភាពសុខសាន្ត ក្នុងយុទ្ធនាការកន្លងទៅ

សម្រាប់កម្មវិធីនយោបាយ ដែលទាក់ទងជាមួយនឹងការបោះឆ្នោតនៅថ្នាក់ឃុំ/សង្កាត់ ត្រូវបានបេក្ខជនបេក្ខ​នារី​របស់យើង ដែលឈរឈ្មោះ​នៅតាមឃុំ/សង្កាត់ទាំងនោះ បកស្រាយ និងចែកជូនប្រជាពលរដ្ឋ និងសមាជិក សមាជិកានៃគណបក្សរួចហើយ។ បន្ថែមពីលើនោះ មន្រ្តីគ្រប់លំដាប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជាបាន​ផ្សព្វ​ផ្សាយ​នូវកម្មវិធីនយោបាយនេះរួចហើយដែរ។ វាពុំមានការចាំបាច់ណាមួយ ដែលឲ្យខ្ញុំធ្វើការបកស្រាយឡើង​វិញ​នូវគោលនយោបាយថ្នាក់ក្រោមជាតិនៅឯមូលដ្ឋាននោះទេ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់និយាយនោះគឺនៅត្រង់ថា ខ្ញុំ​សុំយកឱកាសនេះ ដើម្បីសម្តែងនូវការអរគុណ និងកោតសរសើរដោយការគោរព ចំពោះសមាជិក សមាជិកា​គណ​បក្សប្រជាជនកម្ពុជាទាំងអស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមយ៉ាងសកម្ម ដើម្បីថែរក្សា​បរិ​យា​​កាស​អព្យាក្រិត ភាពសុខសាន្ត នៅក្នុងរយៈពេលនៃដំណើរការយុទ្ធនាការកន្លងមកនេះ ហើយ​​ដែលនឹង​ត្រូវ​បញ្ចប់​នៅក្នុងថ្ងៃនេះ និងថ្ងៃស្អែក ឈានទៅដល់ដំណាក់កាលនៃភាពស្ងប់ស្ងាត់។

គណបក្សប្រជាជនដ៏ខ្លាំងក្លា និងថ្លៃថ្នូររបស់យើង ដែលមានសមាជិក សមាជិកា ជាង ៥ លាននាក់ បាន​អនុវត្ត​យ៉ាងត្រឹមត្រូវនូវច្បាប់ និងបទបញ្ជា នីតិវិធី នៃការបោះឆ្នោត ហើយបញ្ចៀសបាននូវហិង្សាទាំងឡាយ ដែល​វាជាការបារម្ភសម្រាប់ប្រជាពលរដ្ឋ។ អរគុណណាស់​ជាមួយនឹងការចូលរួមយ៉ាងដូច្នេះ គុណធម៌ដ៏​ថ្លៃថ្លា​នៃ​​សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា បានបង្ហាញឲ្យឃើញពីភាពចាស់ទុំ​ខាងនយោបាយ​របស់​គណ​​បក្ស ពីលើដល់ក្រោម។ យើងមិនបានបង្ហាញនូវអាកប្បកិរិយាជាក្មេងទំនើង និងជាអ្នកទំនើង ក្នុងជម្លោះ​ណា​​មួយនោះទេ។ នេះពិតជាមោទនភាពសម្រាប់បក្សយើងទាំងមូលសម្រាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុង​នោះ​មានរូបខ្ញុំជាប្រធានគណបក្សផងដែរ។​

លើកទី ១ នៃការចេញឃោសនាដោយផ្ទាល់

នេះជាលើកដំបូងហើយ​ ដែលខ្ញុំបានចេញមុខនៅក្នុងថេរវេលានៃការបោះឆ្នោតមួយ ដែលជាការបោះ​ឆ្នោតថ្នាក់​ក្រោម​ជាតិ។ ការបោះឆ្នោត ៣ លើកមុន នៅថា្នក់ក្រោមជាតិ ២០០២, ២០០៧ និង ២០១២ ខ្ញុំមិនបានចូល​រួម​ទេ។ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ៥ លើក រួចមកហើយ ខ្ញុំក៏មិនបានចូលរួមដែរ ទោះបីជា​ខ្ញុំជាប្រធាន​នៃ​យុទ្ធនាការ នៃការបោះឆ្នោតក៏ដោយ។ ក៏ប៉ុន្តែ កាលពីថ្ងៃទី ២១ នៅពេលដែលគណបក្សក្រុងហែក្បួនយុទ្ធ​នា​ការ ខ្ញុំ​បានមើលតាមការចូលមកផ្តល់មតិ ចូលមកសួរពីសំណាក់សមាជិក និងសមាជិកា នៃគណបក្ស​ប្រជា​ជន​របស់​យើង អត់ឃើញសម្តេចតេជោចេញហែ ចង់បានសម្តេចតេជោចេញហែ។ ថ្ងៃនេះ ជាលើកដំបូង​ហើយ ដែល​​ខ្ញុំ​បានចេញហែជាមួយបងប្អូន។ ខ្ញុំសូមសមាជិក សមាជិកា នៃគណបក្សប្រជាជន​ទាំងអស់​ជួយ​បង្ហាត់​បង្រៀន     សម្រាប់ការហែក្បួនរបស់ខ្ញុំផង។ ពិតមែនតែជាអ្នកដឹកនាំជាន់ខ្ពស់ និងជាប្រធានគណបក្ស ក៏ប៉ុន្តែ មិន​ប្រាកដថាជាអ្នកចេះហែក្បួននោះទេ។ សង្ឃឹមថា ថ្ងៃនេះ ខ្ញុំថ្លែងការណ៍ហើយ រួចមិនទៅចោលបង​ប្អូន​ទេ ខ្ញុំ​នឹង​ធ្វើ​ដំណើរជាមួយបងប្អូនដោយមិនជិះក្នុងរថយន្តនោះទេ។

ថ្ងៃនេះ ខ្ញុំបានពាក់អាវដៃខ្លី។ ម្សិលមិញ ខ្ញុំបានពាក់អាវដៃវែង និងអាវដៃខ្លីផងរួចហើយ ស្នើសុំយោបល់ប្រពន្ធ​និង​កូនៗ ​បានផ្តល់យោបល់ថា ដោយសមាជិក សមាជិកា ភាគច្រើនពាក់អាវដៃខ្លី ខ្ញុំក៏សម្រេចចិត្ត​ពាក់អាវដៃ​ខ្លី​ជាមួយបងប្អូន។ ម្យ៉ាងទៀត អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការសុំអភ័យទោសពីសំណាក់​បងប្អូន​សមាជិ​ក សមាជិកា គណបក្សប្រជាជន និងអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលក្នុងរយៈពេល​កន្លង​ទៅ ខ្ញុំមិនបានចូលរួមក្នុងការហែក្បួន។ ពិតមែន​ហើយ ក្នុងឋានៈជាប្រធាននៃយុទ្ធនាការ​បោះឆ្នោត និងក្នុង​ឋានៈ​ជានាយករដ្ឋមន្រ្តីរបស់ប្រទេស ខ្ញុំពិតជាបានតាមដានដោយយកចិត្តទុកដាក់ទៅលើរាល់សកម្មភាពទាំង​ឡាយ​ ដែលបានកើតនៅក្នុងកាលៈទេសៈមួយៗ។ ថ្ងៃនេះ ខ្ញុំ​ចង់និយាយទៅកាន់ជនរួមជាតិ ជាពិសេស ទៅ​កាន់​សមាជិក សមាជិកា គណបក្សប្រជាជនរបស់យើង ដោយក្តីមោទនភាពថា សន្តិភាព និងការអភិវឌ្ឍ ដែល​បានកើតឡើងលើទឹកដីដ៏កម្សត់នេះ គឺបានមកពីពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់គណបក្ស​ប្រ​ជា​​ជន​កម្ពុជា​របស់យើង។ យើងចោទចេញជាសំណួរមួយថា តើនៅលើទឹកដីដ៏កម្សត់ ដែលធ្លាប់តែបែកបាក់ និងដោយសង្គ្រាមនេះ តើគណបក្សណាមួយនាំមកនូវសន្តិភាព? ហើយយើងក៏ចោទសួរជាបន្តថា ​សមិទ្ធផល​ទាំង​ឡាយដែលបានកើតឡើងតាំងពីគំនរផេះផង់ រាប់ទាំងទីក្រុងភ្នំពេញផង តើគណបក្សណាខ្លះ​បានចូលរួម​ជា​មួយគណបក្សប្រជាជន?

បើសិនគ្មានគណបក្សប្រជាជនទេ គ្មានការផ្តួលរំលំ ប៉ុល ពត

ខ្ញុំយកឱកាសនេះ ដើម្បីបង្ហាញជូនបងប្អូនសមាជិក សមាជិកា ដ៏ឧត្តុងឧត្តម ដោយក្តីមោទនភាព និងផ្តល់​ជូន​នូវ​កិត្តិយសទាំងអស់ សម្រាប់សមាជិក សមាជិកា នៃគណបក្សប្រជាជនរបស់យើង ដែលបានចូលរួមវិភាគ​ទាន​ដ៏ថ្លៃថ្លាតាំងពីជីដូនជីតា ឪពុកម្តាយ រហូតមកដល់ខ្លួន។ អម្បាញ់មិញ ខ្ញុំធ្វើដំណើរមកតាមផ្លូវ គឺមានជួប​តាំង​ពីចៅបក្សនោះទៅទៀត។ សង្ឃឹមថា ចៅៗ ដែ​លមានឯកសណ្ឋានមកចូលរួមជាមួយឪពុកម្តាយ ក្នុងការ​ហែ​ក្បួន​នេះ ពួកគេនឹងបន្តវេនពីយើងដោយក្តីមោទនភាព ដោយសារជីដូនជីតា ឪពុកម្តាយ និងខ្លួនរបស់គេ បាន​ធ្វើកិច្ចការដ៏សំខាន់ ដែលខ្ញុំសូមលើកបញ្ជាក់ថា បើសិនជាមិនមានគណបក្សប្រជាជនកម្ពុជាដឹកនាំ​ក្នុង​ការ​ផ្តួល​រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត តើ ប៉ុល ពត សុខចិត្តឲ្យអំណាច និងឈប់កាប់សម្លាប់យើងឬទេ? ខ្ញុំអាចនិយាយបានដោយមោទនភាពថា ឆ្នាំនេះ គឺជាខួបលើកទី ៤០ នៃថ្ងៃដែលខ្ញុំបានចេញដឹកនាំចលនា​តស៊ូ​រំដោះប្រទេសជាតិ ដែលប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំនឹងមានពិធីដោយឡែកមួយសម្រាប់ការចងចាំនូវ​ព្រឹត្តិ​ការណ៍ជាប្រវត្តិសាស្រ្តនោះ។ ពេលនោះ ខ្ញុំទើបមានអាយុ ២៥ ឆ្នាំ នៅឡើយ ជាយុវជនដ៏ក្មេងខ្ចីម្នាក់ តែ​ដោយ​សារមានជំនឿទុកចិត្តពីសំណាក់យុទ្ធមិត្ត គេបានផ្តល់ឱកាសដល់ខ្ញុំ​ធ្វើជាមេបញ្ជាការខ្ពស់បំផុត នៃកម្លាំងប្រ​ដាប់​​អា​វុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា។ យើងបានបំពេញតួនាទីជាប្រវត្តិសាស្រ្ត គឺការប្រមូលផ្តុំកម្លាំងគ្រប់ទី​កន្លែង បង្កើតឡើងនូវរណសិរ្សសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្តេច ហេង សំរិន ក៏ដូចជាថ្នាក់ដឹកនាំដទៃ​ទៀត។ ទង់នយោបាយដែលមានទាំងអង្គការចាត់តាំងខាងនយោបាយ និងយោធា បានធ្វើកិច្ចការដ៏សំខាន់​ក្រោម​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រំដោះប្រទេស​ចេញពីរបប ប៉ុល ពត ក៏ប៉ុន្តែយើងត្រូវមើលឲ្យ​ឃើញ​​ពីកត្តាប្រវត្តិសាស្ត្រដែលមិនអាចភ្លេចបាន។ សូម្បីតែអគ្គលេខាធិការអង្គការសហប្រជាជាតិបច្ចុប្បន្ន ដែល​​ជាមិត្តភក្តិរបស់ខ្ញុំម្នាក់ ក្នុងក្របខណ្ឌនៃសង្គមប្រជាធិបតេយ្យ ដែលគាត់កាលពេលនោះ គឺជាប្រធាន​គណ​បក្ស​នយោបាយមួយនៅប៉ទុយហ្កាល់ ក៏បានទទួលស្គាល់អំពីតួនាទីរបស់ខ្លួនខ្ញុំ ឬក៏តួនាទីរបស់​គណ​បក្ស​ប្រជាជនក្នុងការផ្តួលរំលំរបប ប៉ុល ពត។ ប៉ុន្តែ ពេលនេះ គាត់មិនអាចនិយាយអ្វីបានទេ ដោយសារតែ​គាត់​ជា​អគ្គលេខាធិការអង្គការសហប្រជាជាតិ។ តែយើងបានជួបគ្នានៅប៉េកាំងកាលពីប៉ុន្មានថ្ងៃមុននេះ។

មិនអាចយកសង្រ្គាមបញ្ចប់សង្គ្រាមនោះទេ មានតែការចរចា

ការឈឺចាប់របស់យើងធំបំផុតនៅពេលដែលយើងរស់ឡើង​ អង្គការសហប្រជាជាតិនៅបានទទួលស្គាល់របប​ប្រ​ល័យពូជសាសន៍ ប៉ុល ពត និងក្រុមមួយចំនួនទៀត បានចូលរួមជាមួយនឹង ប៉ុល ពត ដើម្បីប្រឆាំង​ជាមួយ​នឹង​ការរស់ឡើងវិញរបស់ជាតិយើង។ យើងបានប្រឹងរស់ទាំងត្រដាបត្រដួស ដើម្បីនឹងទប់ស្កាត់​ការវិលត្រឡប់​នៃ​របបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ដើម្បីស្តារឡើងវិញនូវជីវភាពរបស់ប្រជាជន ក្រោយពីការ​ដួល​រលំ​នៃរបប ប៉ុល ពត។ យើងក៏បានប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយនយោបាយសម្រាប់បញ្ហាកម្ពុជា ខ្ញុំ​គ្មាន​ជំនឿ​ទាល់តែសោះថា មិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបាននោះទេ។ កិច្ចខិតខំប្រឹងប្រែង​របស់​យើង​​ត្រូវបានជួបប្រទះជាមួយនឹងបំណងប្រាថ្នារបស់សម្តេចព្រះនរោត្តម សីហនុ ព្រះរាជបិតា​ជាតិខ្មែរ ព្រះបរម​រតន​កោដ្ឋ បានបង្កើតឡើងឲ្យមានជំនួប ២ ធ្នូ ១៩៨៧ នៅហ្វ៊ែអង់តាដឺណ័រ ប្រទេសបារាំង។ នេះជាកិច្ច​ខិត​ខំ​របស់យើងមួយនៅក្នុងដំណើរផ្លូវដ៏វែងឆ្ងាយ ដើម្បីស្វែងរកសន្តិភាពសម្រាប់កម្ពុជា ហើយតាមរយៈនៃការចរចា​នោះ​បាន​បង្កើតឱកាសឲ្យមានការចរចាពហុភាគីក្នុងកម្រិតតំបន់ និងមានការចូលរួមដោយប្រទេសធំទាំង ៥ និង​អន្តរាគមន៍របស់អង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀង​ប៉ារីស ត្រូវបានអនុវត្ត ហើយការបោះឆ្នោតលើកដំ​បូង​ក៏​បាន​ចាប់​ផ្តើម​នៅកម្ពុជា។ ក៏ប៉ុន្តែ ជាអកុសល អ៊ុនតាក់ នៅពេលចាយអស់លុយជាង ២ ពាន់លាន​ដុល្លារ គេមិនបានបញ្ចប់សង្គ្រាមនៅកម្ពុជានោះទេ គេបន្សល់ទុកឲ្យកម្ពុជាមួយមានតំបន់ត្រួតត្រា ២។ ប្រវត្តិ​វែង​​ឆ្ងាយរបស់កម្ពុជាទាក់ទងទៅនឹង​ការប្រទេសមួយ តំបន់ត្រួតត្រាច្រើន មិនមែនជារឿងថ្មីថ្មោងរបស់កម្ពុជា​រាប់​សិបឆ្នាំ​នោះទេ។ ក៏ប៉ុន្តែ វាជារឿងរាប់រយឆ្នាំរបស់កម្ពុជារួចស្រេចទៅហើយ សូមមើល សូមអានទៅនឹង​ប្រវត្តិ​សាស្រ្ត​ដែលបានសរសេរទុកនៅក្នុង មហាបុរសខ្មែរ។

មុនឆ្នាំ ១៩៧០ ឬអាចនិយាយបានថា ក្រោយឯករាជ្យដែលមានការប្រឹងប្រែងយ៉ាងពេញ​ទំហឹងពីព្រះករុណា​ជា​​អម្ចាស់ សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់យើង ឆ្នាំ ១៩៥៣ និងការបោះឆ្នោតឆ្នាំ ១៩៥៥ ប្រឹងប្រែង​យ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជាយើងនៅពេលនោះមានកម្លាំងប្រដាប់អាវុធមួយចំនួន កាន់កាប់ត្រួតត្រា​តំ​បន់​ខ្លះ។ ខ្មែរក្រហមត្រួតត្រាទឹកដីមួយចំនួនទៅ ខ្មែរខៀវនៅជិតព្រំដែនកម្ពុជា-ថៃ​​ ត្រួតត្រាមួយចំនួនទៅ និងខ្មែរសត្រួតត្រាមួយចំនួនទៅ ដែលពេលនោះគេនិយមហៅថា ពួកក្បត់ជាតិ សម សារី, សឺង ង៉ុកថាញ់ និង​ ស៊ីម វ៉ា។ ១៩៧០ ដល់ ១៩៧៥ ប្រទេសកម្ពុជាមួយត្រូវបានបែងចែកជា ២ មិនត្រឹមតែបែងចែកជា ២ ក្នុងក្រប​ខណ្ឌ​នៃដែនដីគ្រប់គ្រងប៉ុណ្ណោះទេ ក៏ប៉ុន្តែ ប្រទេសកម្ពុជាមួយត្រូវបានបែងចែកជា ២ និងមានរដ្ឋាភិបាល ២ ថែម​ទៀត ដែលរឿងនេះហើយ បានធ្វើឲ្យកម្ពុជាយើងមិនត្រឹមតែបែងចែកតំបន់គ្រប់គ្រងម្ខាងរបស់ លន់ នល់ និង​ម្ខាង​ទៀត ក្រោមការដឹកនាំរបស់សម្តេចព្រះ​នរោត្តម សីហនុ ប៉ុន្តែ ការតស៊ូនេះបានឈានទៅដល់ការ​ដណ្តើម​អាសនៈគ្នា នៅឯអង្គការសហប្រជាជាតិ។ លន់ នល់ ដែលធ្វើរដ្ឋប្រហារខុសច្បាប់ ទម្លាក់សម្តេចព្រះ​នរោត្តម សីហនុ ដែលជាមូលហេតុនៃសង្គ្រាមគាំទ្រដោយសហរដ្ឋអាមេរិក បានកាន់កាប់អាសនៈអង្គការសហ​ប្រជា​ជាតិ។ ភាគីសម្តេចព្រះ​នរោត្តម សីហនុ បានកាន់កាប់ចលនាមិនចូលបក្សសម្ព័ន្ធ។ តើនេះឬជាបញ្ហា​ដែល​ពួកយើងជំនាន់ក្រោយត្រូវទទួលខុសត្រូវ?

ពិតណាស់ ខ្ញុំមិននឹកស្មានថា រឿងរ៉ាវទាំងអស់នេះបានបន្សល់ទុកឲ្យ ហ៊ុន សែន ចេញមុខដោះស្រាយ។ ប្រ​ហែលជាព្រះជាម្ចាស់បានបង្កើតខ្ញុំមក សម្រាប់ដោះស្រាយបញ្ហាដែលមនុស្សជំនាន់មុនបានបង្កើត។ យើង​បាន​ប្រឹង​ប្រែង ចេញពីរបប លន់ នល់ ចូលដល់របប ប៉ុល ពត ចេញពីរបប ប៉ុល ពត ហើយ​ ប្រទេស​កម្ពុជា​នៅបន្តជាប្រទេសមួយ មានតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២។ សហប្រជាជាតិត្រូវកាន់​កាប់ដោយ​ខ្មែរ​ក្រ​ហម និងសម្ព័ន្ធមិត្តក្នុងត្រីភាគី។ ចលនាមិនចូលបក្សសម្ព័ន្ធត្រូវទុកអាសនៈឲ្យនៅទំនេរ។ វាជារឿងអយុត្តិធម៌​បំ​ផុត ហើយបើចង់ដឹងថា យុត្តិធម៌ ឬមិនយុត្តិធម៌ គេត្រូវសួរថា តើបង្កើតតុលាការកាត់ទោសខ្មែរក្រហមដើម្បីអ្វី? បើ​ខ្មែរក្រហមមិនខុសទេ តើចាំបាច់កាត់ទោសខ្មែរក្រហមធ្វើអី្វ? មានមនុស្សមួយចំនួនបានលើកឡើងនិយាយ​ចៀស​វាង​នូវការទទួលខុសត្រូវ។

គណិតវិទ្យា មួយ ដក មួយ ស្មើនឹងសូន្យ គឺជាគណិតវិទ្យានៃពូកស្រេក​ឃ្លាន​អំណាច ហើយប្រហែល​ជា​គម្រាមចង់បដិវត្តន៍ពណ៌ទៀតផង។ ឆ្នាំ១៩៧៩ ដល់ ១៩៩៣ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រា ៤ ប៉ុន្តែ ពី​ឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៦ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២ ជាបន្ត។ ជាថ្មី​ម្តង​ទៀត​ គណបក្សប្រជាជនបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលនយោបាយនេះបានអនុវត្ត ដែលជា​នយោ​បាយអច្ឆរិយៈសម្រាប់ប្រជាជនកម្ពុជារបស់យើង ហើយក៏ជាការពិសោធន៍នៃប្រទេសមួយចំនួន ដែលកំ​ពុង​បន្តសង្គ្រាម …។

ដាច់ខាតមិនឲ្យក្រុមអមិត្ត ឬជនអសិរពិសណា បំផ្លាញសន្តិភាពបានឡើយ

ថ្ងៃនេះ យើងទាំងអស់គ្នាបានចេញមក ដើម្បីគាំទ្រចំពោះបេក្ខជន បេក្ខនារី ទាំង ២៧.១១៤ នាក់ ដែលឈរនៅ​គ្រប់ ១.៦៤៦ ឃុំ ដើម្បីរួមចំណែកការពារនូវសន្តិភាព ដែលយើងរកមកទាំងលំបាក។ ដាច់ខាតយើងមិនឲ្យ​មាន​ក្រុមអមិត្តណាមួយ ទោះបីអសិរពិសយ៉ាងណាក៏ដោយ បំផ្លាញនូវសុខសន្តិភាពនេះបានឡើយ។ យើង​ទាំង​អស់គ្នាត្រូវចងចាំ សម្រាប់វិស័យសេដ្ឋកិច្ច-សង្គម។ ទាំងអស់គ្នាបានឃើញច្បាស់​ហើយនូវការ​រីកលូត​លាស់​នូវសេដ្ឋកិច្ចរបស់កម្ពុជា (ដែលកាត់បន្ថយ)ភាពក្រីក្រពី ១០០ ភាគរយ មកនៅ ១៣ ភាគរយ។ ប្រាក់ចំ​ណូល​របស់ប្រជាជន ពីការហូបបបរ មកកាន់ការទទួលប្រាក់ចំណូលដែលមកដល់ពេលនេះ យើងបាននាំប្រ​ទេស​​របស់យើងចេញផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម​កម្រិតទាប។ ខ្ញុំសូមជម្រាបថា ព្រះករុណា ព្រះបិតាជាតិ ក្នុងដំណាក់កាលសង្គមរាស្រ្តនិយម យើងអាចចាត់​ទុក​ថា ដំណាក់កាលនោះជាដំណាក់កាលរុងរឿងបំផុតក្នុងប្រវត្តិក្រោយពីការធ្លាក់ចុះនៃសម័យអង្គរ ហើយ​ពេល​នោះ នៅឆ្នាំ ១៩៦៩ ប្រាក់ចំណូលសម្រាប់ប្រជាជនម្នាក់ គឺមាន ១៦០ ដុល្លារជាង ក្នុងពេល​ដែល​កូរ៉េ​ខាង​ត្បូងពេលនោះមានត្រឹមតែ ៧៤ ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ កម្ពុជារបស់យើង គឺបាន និងកំពុង​ស្ថិត​នៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយដែលមានប្រាក់ចំណូលសម្រាប់ប្រជាជនម្នាក់ៗ​ជាង ៣០០ ដុល្លារសហរដ្ឋអាមេរិក។

មានការងារធ្វើ និងបៀវត្សរ៍កើនឡើងបន្តបន្ទាប់ ដោយសារការខិតខំរបស់គណបក្សប្រជាជន

ខ្ញុំថ្ងៃនេះពិតជាមានការរីករាយ ដើម្បីនឹងចង់បញ្ជាក់ជូនចំពោះប្រជាជននៅទូទាំងប្រទេស ហើយបើទោះបី​មាន​អ្នក​ខ្លះបានបំភ្លេចចោលនូវកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា បើទោះបីជាពួកគេបានរស់រាន​មាន​​ជីវិតដោយសារគណបក្សប្រជាជនកម្ពុជា ពួកគេបានរៀនសូត្រនៅក្រោមដំបូលសាលា ដែលគណបក្សប្រ​ជា​ជន​បាន​សាងសង់ក៏ដោយ។ នោះជាសិទ្ធិនយោបាយ​ ហើយខ្ញុំគួរតែនិយាយថា កាលពីទសវត្សរ៍ ៩០ ពេល​នោះ​រោងចក្រកាត់ដេរ ដែលបានតម្លើងនៅកម្ពុជាលើកដំបូងមានតែប៉ុន្មានរោងចក្រប៉ុណ្ណោះ ដែលកម្ម​ករ/ការិនី​របស់យើងមានប្រាក់បៀវត្សរ៍ត្រឹមតែ ៣៦ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ការទាមទារបន្តិចម្តងៗឡើងដល់ ៤២ ដុល្លារ ចេះតែឡើងជាបន្តបន្ទាប់។ នៅពេលបោះឆ្នោតឃុំឆ្នាំ ២០១២ កន្លងទៅ បៀវត្សរ៍កម្មករ/ការិនីរបស់យើង មាន​ត្រឹមតែ ៨២ ដុល្លារអាមេរិក ប៉ុន្តែ ពេលនេះ កម្មករ/ការិនីរបស់យើងបាន និងកំពុងទទួលបៀវត្សរ៍អប្បបរមា ១៥៣ ដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ដទៃទៀត គឺមិនតិចជាងពី ១៧០ ទៅ ១៨០ ដុល្លារនោះទេ។ បងប្អូនកម្មករ/ការិនីទាំងឡាយ ការងារដែលបងប្អូនមានសព្វថ្ងៃ គឺ​ជាការងារដែលរាជរដ្ឋាភិបាលដឹកនាំ​ដោយ​គណ​បក្សប្រជាជនបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតការងារឲ្យបងប្អូន បង្កើតការងារ​ឲ្យក្មួយៗ​។ ទន្ទឹមនឹង​ការ​​ប្តូរយកនូវសន្តិភាព ក៏យើងខិតខំប្តូរយកនូវលក្ខខណ្ឌការងារទាំងឡាយ និងការតម្លើងបៀវត្សរ៍សម្រាប់​កម្មករ​/ការិនីរបស់យើង។

បក្សប្រឆាំងគ្មានបានធ្វើអ្វីទាំងអស់ ក្រៅពីបានទប់នូវជំនួយបរទេសកុំឲ្យ​ជួយមកកម្ពុជា ទប់កុំឲ្យមាន​ការវិនិ​យោគ​មកកម្ពុជា ទប់រហូតទៅដល់ទីផ្សារអឺរ៉ុបកុំឲ្យបញ្ជាទិញទំនិញពីកម្ពុជា។ តើនេះជាទង្វើសម្លាប់កម្មករ ឬក៏​ជា​ទង្វើ​លើកកម្ពស់ជីវភាពកម្មករ? សូមក្មួយៗកម្មករ/ការិនី ក៏ដូចជាឪពុកម្តាយរបស់កម្មករ/ការិនីរបស់យើង បាន​យល់បានជ្រាបអំពីបញ្ហានេះផង។ មួយផ្នែកទៀត បងប្អូនមួយចំនួនត្អួញត្អែរអំពីចំណាកស្រុក ដើម្បីទៅធ្វើ​ការ​នៅបរទេស។ ខ្ញុំចង់ផ្តាំផ្ញើទៅបងប្អូនទាំងឡាយ ដែលធ្វើការនៅបរទេស ទាំងស្របច្បាប់ និងមិនស្របច្បាប់ ក៏ដូចជាជាមាតាបិតា ដែលនៅក្នុងប្រទេសជាការជ្រាប ការធ្វើការនៅក្រៅប្រទេសមិនមែនមានតែកម្ពុជាទេ សូម្បី​តែប្រទេសថៃដែលមានកម្មករចំណាកស្រុកចូលទៅធ្វើការ ក៏ថៃមានកម្មករ​រាប់​លាន​នាក់ ដែលកំពុងធ្វើ​ការ​នៅកូរ៉េខាងត្បូង នៅតៃវ៉ាន់ និងនៅបណ្តាប្រទេសអារ៉ាប់នៅមជ្ឈិមបូព៌ា។ ហ្វីលីពីនមានកម្មករធ្វើការ​នៅក្រៅ​ប្រ​ទេសជាង ១២ លាននាក់ ក្នុងនោះមានទាំងនៅកម្ពុជាយើងផងដែរ។ សព្វថ្ងៃ រាជរដ្ឋាភិបាលកំពុងស្វែងរកទី​ផ្សារ​ឲ្យបងប្អូនទៅកូរ៉េ ពី ០ នាក់ មកកាន់ជាង ៤ ម៉ឺននាក់។ ឥឡូវយើងកំពុងពង្រីកទីផ្សារការងាររបស់យើង ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដែលមានប្រាក់ខែខ្ពស់។ សម្រាប់បងប្អូននៅប្រទេសថៃ អ្នកទៅមិនស្រប​ច្បាប់ រាជរដ្ឋាភិបាលប្រឹងប្រែងចរចាជាមួយភាគីថៃ ដើម្បីធ្វើឲ្យបងប្អូនស្របច្បាប់។

បងប្អូនមួយចំនួនបានពោលថា ត្រឹមតែទៅធ្វើខ្ញុំគេ។ លោកជំទាវ អោង សានស៊ូឃ្យី ជារដ្ឋ​មន្រ្តី​ការ​បរទេស និងជាទីប្រឹក្សារដ្ឋ ដែលមានឋានៈស្មើនាយករដ្ឋមន្រ្តីបានធ្វើទស្សនកិច្ចនៅថៃ គាត់បាននិយាយថា “ទៅ! យើង​ទៅ​ផ្ទះ​វិញ” ក្នុងពេលជាមួយគ្នា មានការវាយប្រហារចំពោះខ្ញុំ ប្រើពាក្យថា “ទៅ! យើងទៅប្រទេសថៃ រកការងារ​ធ្វើ”។ សូមបងប្អូនទាំងឡាយកាប់ថ្មចំណាំទៅ តើកម្មករមីយ៉ាន់ម៉ាអាចបញ្ចប់វត្តមាននៅលើទឹកដីថៃបានទេ? ក្នុង​ពេល ទី ១ ការដោះស្រាយការងារធ្វើសម្រាប់មនុស្សប្រមាណ ២ លាននាក់ ទី ២ នៅពេលដែលគេរកបាន ២០០ ទៅ ៣០០ ដុល្លារក្នុងមួយខែ តើគេវិលត្រឡប់ទៅរកប្រាក់ខែ ៩០ ដុល្លារនៅមីយ៉ាន់ម៉ាទេ? បងប្អូន​ត្រូវ​ចង​ចាំនៅកន្លែងនេះ។ សព្វថ្ងៃនេះ រាល់ការចរចាជាមួយកូរ៉េខាងត្បូង យើងតែងតែសំណូមពរស្នើសុំ​ឲ្យផ្តល់កូតា​បន្ថែម​សម្រាប់កម្មករ/ការិនីរបស់យើង ​…។

… បងប្អូនអ្នកលក់ដូរទាំងឡាយនៅតាមផ្សារ តើបងប្អូនចង់ភ្លក់រសជាតិនូវការមិនចាយលុយ មិនមាន​ការ​ផ្លាស់​ប្តូរទំនិញ ឬក៏ចង់បន្ត។ នេះជាការជ្រើសរើសរវាងការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍ​ និងការបំផ្លិច​បំ​ផ្លាញ ចលាចល ដែលមានអ្នកខ្លះបាននិយាយ ហើយសុំជនបរទេសកុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ។ បើ​សិនជាមិនបញ្ចប់នូវការលាបពណ៌ និងការជេរប្រមាថ ហានិភ័យនៃការបាត់បង់ស្ថេរភាព​មានខ្ពស់ណាស់។ ពិតមែនហើយ នៅពេលខ្លះឃើញចូលមក comment ក្នុងហ្វេសប៊ុករបស់ខ្ញុំ ថាល្មមលាលែងហើយ ឲ្យក្មេងៗ ធ្វើ​ម្តង។ បាន! តែមិនមែនឲ្យទៅអស់លោកទេ គេមុខតែឲ្យទៅគណបក្សប្រជាជនហើយ សុំកុំភ័ន្តច្រឡំ។ មាន​អ្នក​ខ្លះបានលើកឡើងថា ធ្វើយូរហើយ ហើយបាននិយាយបន្ថែមថា ទេវតាក៏ដូរមួយឆ្នាំម្តងដែរ ខ្ញុំក៏សូម​បញ្ជាក់​ថា នេះគឺជាការពិត។ ទេវតាបងផ្ទេរទៅឲ្យទេវតាប្អូន មិនមែនផ្ទេរឲ្យអស់លោកទេ។

គ្មានជោគជ័យណា ដែលខ្វះការចូលរួម និងគាំទ្រនោះទេ

ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវអំណរគុណចំពោះសមាជិក សមាជិកា នៃគណបក្សប្រជាជន ក៏ដូចជាប្រ​​ជា​ជន​នៅ​ទូទាំង​ប្រទេស ដែលបាន​បោះឆ្នោតគាំទ្រគណបក្សប្រជាជន នៅក្នុងកាលៈទេសៈដែលមានការ​បោះ​ឆ្នោត ហើយគាំទ្រគណបក្សប្រជាជននៅក្នុងពេលវេលាដែលមានសន្តិភាព និងមានសង្រ្គាមផង គ្មានជោគ​ជ័យ​ណាមួយដែលខ្វះការចូលរួម និងការគាំទ្រនោះទេ។ ថ្ងៃនេះ តាមពិតទៅ ខ្ញុំមិនចង់និយាយវែងទេ … សម្រាប់​ការជួបជុំរបស់យើង ដែលមានមនុស្សចូលរួមលើសពីការគ្រោងទុក ដែលមុន​នេះ​ត្រឹម​តែ ១០ ម៉ឺន ឡើង​​ដល់ ១៥ ម៉ឺន ឥឡូវ តាមការប៉ានស្មានប្រហែលជាលើស ២០ ម៉ឺននាក់។ ពេល​មុនៗ នៅពេលដែល​មាន​អ្នក​ហែក្បួននៅក្នុងទីក្រុង តែងតែបង្កើតនូវតួលេខរាប់លាន។ ឥឡូវថ្ងៃនេះ យើងសន្មតថា យើងមានគ្នា ២០ ម៉ឺន យើងហែក្បួនមើល តើវាដល់លានដូចគេថាទេ? ​ជារឿងភូតភរ។ សូម្បីតែ​បរ​ទេស​ក៏ល្ងង់ដែរ តាមរយៈ​នៃ​កា​រភូតភរ។ វាស់ម៉ែត្រការ៉េទៅមើល ក្នុង ១ ម៉ែត្រការ៉េឈរបានប៉ុន្មាននាក់? ហេតុអ្វីបាននាំ​គ្នា​និយាយ​រាប់​លានៗ។ ឥឡូវមនុស្សទៅណាអស់ទៅរាប់លាននោះ? រកមនុស្សហែមិនបាន ចង់រំកិលមកពី​បណ្តាខេត្ត​ហែ​ល្ងាច​នេះ។ ក៏ប៉ុន្តែ គ.ជ.ប បានធ្វើការរារាំងទៅហើយ។

មុនចេញដំណើរ ខ្ញុំមានការចាំបាច់ដើម្បីលើកឡើងនូវបញ្ហា ៦ ជូនសមាជិក សមាជិកាយើងនៅទីនេះ ក៏ដូចជា​សមា​ជិក សមាជិកានៅទូទាំងប្រទេស ព្រមទាំងប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជន៖

ទី ១ បន្តគោរពឲ្យបានហ្មត់ចត់នូវច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត រហូតការបោះឆ្នោត​ហើយ​ជា​ស្ថាពរ។ នេះជាកិច្ចការដែលយើងត្រូវធ្វើបន្ត បន្ទាប់ពីយើងយុទ្ធនាការរយៈពេលប៉ុន្មានថ្ងៃ។ ​កុំឲ្យ​ភាព​ថ្លៃថ្នូរ​របស់​យើងធ្លាក់ចុះដោយសារតែនៅសល់ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។ អំពាវនាវបងប្អូនយើងគោរព​ឲ្យបាន​ហ្មត់​ចត់ ហើយកុំធ្វើទង្វើណាដែលអសីលធម៌ ឬហិង្សា។

ទី ២ សូមកុំពិសារគ្រឿងស្រវឹង និងលក់គ្រឿងស្រវឹង នៅថ្ងៃស្អែក និងខានស្អែក គឺថ្ងៃទី ៣ និងថ្ងៃទី ៤ ដូច​មាន​ក្នុង​សារាចរណែនាំរបស់រាជរដ្ឋាភិបាល។ ខ្ញុំសូមអង្វរករបងប្អូន​ មេត្តាកុំប្រើគ្រឿងស្រវឹងក្នុងកាលៈទេសៈនៃការ​បោះ​ឆ្នោត។ សូមបងប្អូនដែលលក់គ្រឿងស្រវឹងទាំងឡាយ មេត្តាផ្អាកលក់គ្រឿងស្រវឹងនេះ រងចាំថ្ងៃច័ន្ធចាំលក់ ក៏មិន​ទាន់ហួសពេលដែរ។ ពិតណាស់ ខ្ញុំអាចដឹងបានថា អ្នកដែលមានស្រាក្នុងផ្ទះខ្លួនឯង ពិតជាផឹកហើយ អ្នក​ណាទៅដឹង បើថ្ងៃនោះ​គឺជាថ្ងៃឈប់សំរាកផងនោះ ប៉ុន្តែ​ការដែលយើងអនុវត្តទៅតាមសារា​ចរណែ​នាំរបស់​រាជ​រដ្ឋាភិបាល គឺជាការល្អ ហាមផឹក និងហាមលក់ដូរ។

ទី ៣ សមាជិកម្នាក់ៗ និងក្រុមគ្រួសារ និងបងប្អូ​​​នប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមគ្រប់​ឯកសារដើម្បី​ទៅបោះ​ឆ្នោត ថ្ងៃ ៤ មិថុនា ខាងមុខនេះ។ ឥឡូវ ត្រូវពិនិត្យឡើងវិញទាំងអស់ រាប់ទាំងខ្លួនខ្ញុំដែរ ខ្ញុំបានត្រៀមរួចហើយ ប៊ិះនឹង​យក​មកតាមខ្លួន តែវាសំពីងសំពោងពេក។ តែចាប់ពីស្អែកទៅ ថ្ងៃខានស្អែកមកដល់ ខ្ញុំនឹងកាន់វាឲ្យជាប់ ត្រូវ​ត្រៀម​គ្រប់​​ឯកសារ ដែលទាក់ទងនឹងការបោះឆ្នោត ព្រោះមិនអាចទៅធ្វើការបោះឆ្នោត ដោយគ្មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវនោះទេ។

ទី ៤ សូមចំណាំសញ្ញាគណបក្សប្រជាជនឲ្យបានច្បាស់ និងដឹងលេខរៀងតាមឃុំ/សង្កាត់នីមួយៗ ព្រោះបក្ស​យើង​នៅឃុំ/សង្កាត់ខ្លះ មិនស្ថិតនៅលេខរៀងទី ៤ ទៀតទេ សញ្ញាទេវតាបាចផ្កា គឺជាសញ្ញារបស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ យើងចាប់បានលេខរៀងទី ៤ នៅក្នុងឆ្នាំ ២០០៨ និង ២០១៣ បងប្អូនមួយចំនួន​នៅលើក​ម្រាមដៃ ៤ ជាសញ្ញានៃការស្រឡាញ់គណបក្សប្រជាជននៅឡើយទេ។ តែនេះអាចនឹងនាំទៅដល់ការភ័ន្តច្រឡំ នៃការ​បោះ​ឆ្នោតរបស់យើង។ ដូច្នេះ ល្អជាងគេត្រូវដឹងថា នៅ​ឃុំ/សង្កាត់ដែលយើងរស់នៅ តើគណបក្ស​ប្រជា​ជន​នៅ​លំ​​ដាប់លេខប៉ុន្មាន​ និងល្អជាងគេ ទោះបីនៅលេខប៉ុន្មានទៅចុះ តែត្រូវចំណាំរូបទេវតាបាចផ្កា ហើយ​គូស​ឲ្យ​ចំ​កន្លែង ដែលគេតម្រូវឲ្យគូស។ ចំណុចនេះ ជាចំណុចដែលមានសារសំខាន់ខ្លាំងណាស់។

ទី ៥ សមាជិកបក្សដ៏ស្មោះត្រង់ និងប្រកបដោយវិន័យម្នាក់ៗ ត្រូវតែជាសន្លឹក​ឆ្នោតមួយសន្លឹកបោះឲ្យបក្ស។ បក្ស​យើង​តែងឈ្នះរាល់ការបោះឆ្នោតកន្លងមក គឺផ្អែកលើសន្លឹកឆ្នោតរបស់សមាជិកបក្ស បូកនឹងក្រុមគ្រួសារ និង​អ្នក​គាំ​ទ្រ។ តើអាចធ្វើបានទេ សមាជិក សមាជិកា? យើងជាសមាជិកគណបក្ស កាតព្វកិច្ចរបស់យើង គឺ​ការពារ​បក្ស។ ការពារបក្ស គឺតាមរយៈនៃការបោះឆ្នោតឲ្យបក្សនោះឯង បើសិន​ជាប្រជាជនធម្មតា នេះជារឿង​ផ្សេង តែ​សមា​ជិកបក្សចាំបាច់បោះឲ្យបក្ស បើ​មិនដូច្នោះទេ តើចូលបក្សដើម្បីអ្វីទៅ? គណបក្សយើងមានជាង ៥ លាន​នាក់​ដែលបានចុះឈ្មោះបោះឆ្នោត ហើយបូកនឹងក្រុមគ្រួសារទៀត ចំនួននេះនឹងមានការកើនឡើង។ សូម្បី​តែ​នៅ​ផ្ទះ​របស់ខ្ញុំកន្លងទៅ អ្នកដែលមាន​​ឈ្មោះក្នុងបញ្ជីគណបក្ស គឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះ ភរិយាខ្ញុំ ឪពុកខ្ញុំ ម្តាយ​ក្មេកខ្ញុំ ហើយកាលដែលម្តាយខ្ញុំនៅរស់ គាត់មិនបានស្ថិតនៅក្នុងបញ្ជីគណបក្សទេ។ ក៏ប៉ុន្តែ គាត់មិនអាច​ទៅ​បោះឆ្នោតឲ្យអ្នកផ្សេង ក្រៅពីបោះឆ្នោតឲ្យកូនរបស់គាត់នោះទេ។ គាត់មិនអាចទៅបោះឆ្នោត​ឲ្យអ្នកផ្សេង​ក្រៅ​ពី​ប្តីរបស់គាត់នោះទេ។ ដូច្នេះ យើងត្រូវតែប្រែក្លាយដោយមោទនភាពថា សមាជិកបក្សម្នាក់ គឺជាសន្លឹក​ឆ្នោត​មួយសន្លឹកបោះឲ្យបក្ស។

ចំណុចទី ៦ សូមមេត្តាកុំខឹងគោ វាយរទេះ។ ចំណុចនេះ បក្សយើងទទួលស្គាល់ថា យើងមិនទាន់ធ្វើបាន​ល្អឥត​ខ្ចោះ​នោះទេ។ យើងនៅមានការខ្វះខាត ដែលបាន និងកំពុងកែលម្អ។ យើងក៏នៅមានមន្រ្តីមួយចំនួននៅ​មាន​ឥរិយា​បទមិនត្រឹមត្រូវ។ ប៉ុន្តែ យើងត្រូវយល់ឲ្យច្បាស់ និងត្រូវថ្លឹងឲ្យច្បាស់ រវាងម្ខាងគុណសម្បត្តិ និងម្ខាង​គុណ​វិបត្តិរបស់គណបក្ស ដែលមិនទាន់បំពេញបំណងប្រាថ្នារបស់បងប្អូនបាន។ នៅក្នុងបញ្ជីបេក្ខជន​នៃការ​ឈរ​ឈ្មោះ ច្បាស់ណាស់បើសិនជានៅក្នុងឃុំ/សង្កាត់នោះមាន ៩ អាសនៈ បេក្ខជនទាំងពេញសិទ្ធិ និងបម្រុង​របស់​យើងមានមិនតិចជាង ១៨ នាក់ទេ។ ក្នុងចំណោម​        ១៨ នាក់នេះ មានម្នាក់ ឬ ២ នាក់ ដែលយើង​មិន​ពេញចិត្ត សូមមេត្តាកុំយកការមិនពេញចិត្តម្នាក់ ឬ ២ នាក់ នេះ ហើយបោះបង់ចោលមនុស្សជាង ១០ នាក់ នៅ​ក្នុងបញ្ជីរបស់គណបក្ស ដែលយើងពេញចិត្ត ហើយយើងមិនបោះឆ្នោតឲ្យ បែរជាទៅបោះឆ្នោតឲ្យបក្សដទៃ ដែលមិនបានធ្វើអីហើយ ថែមទាំងជេរប្រទេចយើងរាល់ថ្ងៃទៀតផង។ មានពេលខ្លះ បងប្អូនយើងត្រូវ​ប៉ូលីស​ចរាចរណ៍​ផាក បែរជាខឹងប៉ូលីសចរាចរណ៍ បែរជាមិនបោះឆ្នោតឲ្យបក្ស នេះជាទង្វើនៃការខឹងគោ វាយរទេះ ហើយ​នេះក៏ជាការបំផ្លាញខ្លួនឯងផងដែរ ព្រោះយើងត្រូវដឹងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែល​មានសមត្ថភាព ដើម្បីគ្រប់គ្រង និងថែទាំនូវសន្តិភាព សម្រាប់ការអភិវឌ្ឍប្រទេសនេះ។

បក្សប្រឆាំង ធ្លាប់តែរិះគន់លើការចំណាយលើវិស័យយោធា បែរជាលើកឡើងពីការធ្វើទំនើបកម្មអាវុធទៅវិញ

អ្នកដទៃតាំងខ្លួនជាអ្នកពូកែ រហូតដល់ប៉ុន្មានថ្ងៃនេះ លើកឡើងពីការបំពាក់អាវុធទំនើបៗ និងកងទ័ព ក្នុង​ពេល​ដែលរាល់ការឆ្លងច្បាប់ថវិកាពេលណាក៏ដោយ តែងតែស្តីបន្ទោសឲ្យរាជរដ្ឋាភិបាល លើការចំណាយទៅលើវិ​ស័យ​យោធា និងសន្តិសុខ។ តើហេតុអ្វីទៅ បានជាគេហ៊ានអះអាង ទៅលើការទិញអាវុធថ្មីៗ ទំនើបៗ បំ​ពាក់​ឲ្យ​កងទ័ពទៅវិញ? បងប្អូនអាចចាក់ឡើងវិញ មើលនូវការថ្លែងរបស់ពួកគេនៅក្នុងសភា។ អ្វីដែលជាជាការចំ​ណាយ​នៅក្នុងវិស័យយោធា និងសន្តិសុខ សំខាន់ជាងគេ គឺចំណាយទៅលើបៀវត្សរ៍តែម្តង មិនមែនចំ​ណាយ​ទៅ​លើគ្រាប់កាំភ្លើងនោះទេ។ គ្រាន់តែចំណាយដែលមានចរិកជាការចំណាយដើម្បីចិញ្ចឹមកងទ័ព បង្កើនជីវ​ភាព​កងទ័ព។ ពួកគេបានទិតៀន។ ប៉ុន្តែប៉ុន្មានថ្ងៃនេះ គេបែរជាលើកឡើងផ្ទុយទៅវិញ បំពាក់អាវុធល្អទំនើប​ៗ។ ហេតុអ្វីទៅ តើនេះជាការចង់បានការគាំទ្ររបស់កងទ័ពឬ? ខ្ញុំគិតថា កងយោធពលខេមរភូមិន្ទ កងនគរបាល​ជាតិ កងរាជអាវុធហត្ថដែលបាន និងកំពុងការពារទឹកដីក្រោមការជេរប្រទេចរបស់ពួកគេនោះ នឹងយល់ថាជា​អំពើ​បោកប្រាស់ ដើម្បីទទួលយកនូវសន្លឹកឆ្នោតរបស់ពួកគេប៉ុណ្ណោះ។

បក្សប្រឆាំងមិនបានគាំទ្រ ការអនុម័តថវិកាជាតិ តម្លើងបៀវត្សរ៍មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទេ

ទង្វើឥតខ្មាសអៀនរបស់មនុស្សមួយចំនួនគួរឲ្យស្អប់ខ្ពើម … ខ្ញុំមិនតិះដៀលអ្នកណាទេ ក៏ប៉ុន្តែ ខ្ញុំចង់បកស្រាយ​តែ​ប៉ុណ្ណោះ ដើម្បីឲ្យឃើញអំពីចំណុចខុសគ្នា។ គេចង់បានឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​មានប្រាក់​ខែ​ខ្ពស់ ប៉ុន្តែ គេមិនបានអនុម័តនូវថវិកាជាតិ ដែលរាជរដ្ឋាភិបាលយកទៅឆ្លងសភានោះទេ។ សូមជម្រាបជូន​ឲ្យ​បាន​ច្បាស់ បើឆ្លងអនុម័តច្បាប់ទាំងមូលតែម្តង គួរតែមិនត្រូវបោះមែន ប៉ុន្តែ នេះឆ្លងតាមមាត្រា និងឆ្លងតាម​ជំ​ពូក ពួកគេគួរតែត្រូវបានហោចណាស់គាំទ្រនូវការចំណាយ ទាក់ទងជាមួយនឹងការចំណាយបន្ទុកបុគ្គលិក ដែល​ទាក់ទងជាមួយនឹងការតម្លើងបៀវត្សរ៍ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នេះជាចំណុចទី ១។

ចំណុចទី ២ ពួកគេគួរតែគាំទ្រនូវការអនុម័ត ដើម្បីមិនយកពន្ធលើប្រាក់បៀវត្សរ៍ ដែលមុននេះជាង ៨០ ម៉ឺន ក្រោយ​មក ១ លាន គេមិនបានលើកដៃគាំទ្រចំណុចទាំងនេះទេ។ តើនេះឬជាទង្វើដែលគាំទ្រ​​ទៅដល់ការ​​តម្លើង​បៀវត្សរ៍ កាត់បន្ថយការចំណាយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករដែលត្រូវជាប់ពន្ធលើបៀវត្សរ៍។ … ការនិយាយវាស្រួលណាស់(ពី)ការទម្លាក់ថវិការបស់យើង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។​ មុននេះថវិកា​របស់​យើងមានមួយកម្រិតបន្ទាប់ បន្ទាប់ទៅឡើងពីរកម្រិត បន្ទាប់ទៅឡើងបីកម្រិត ប៉ុន្តែ មានការចន្លោះ​ប្រ​ហោង​ទៅលើថវិកានៅថ្នាក់ស្រុក។ ត្រង់នេះហើយ ដែលយើងបង្កើតឲ្យមានថវិកាថ្នាក់ស្រុក។ ឥឡូវនេះ ខ្ញុំសូម​បញ្ជាក់​ថា ក្រោមជាតិ មិនមែនជារដ្ឋអធិបតេយ្យមួយទេ។ ខេត្តក្តី ឃុំក្តី មិនមែនជារដ្ឋអធិបតេយ្យនោះទេ។ ហេដ្ឋា​រចនាសម្ព័ន្ធមួយខ្សែ វាថ្លៃជាង ៥០ ម៉ឺន ដុល្លារ ហេដ្ឋារចនាប្រទេសមួយ ដូចជាសរសៃ ដូចជា​ខ្លួន​មនុស្ស​ដែលមានក្បាល មានជើង មានពោះ មានថ្លើមប្រម៉ាត់។ ហេតុអ្វីបានជាយកទៅចិញ្ចឹមត្រឹមតែមេជើងមួយ? យើង​​​ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងចន្លោះពី ៥០០ ទៅ ១០០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បី​​បង្កើត​ស្ថានភាពប្រទេសនេះ ដូចដែលបងប្អូនប្រជាពលរដ្ឋរបស់យើងបានឃើញស្រាប់។ ស្ពានឆ្លងកាត់ទន្លេ​មេ​គង្គ ទន្លេសាប ទន្លេបាសាក់។ អតីតកាលរបស់យើងមានត្រឹមស្ពានជ្រោយចង្វារ និងមានស្ពានព្រះមុនីវង្ស  តែ​ឥឡូវស្ពានរាប់ភ្លេចទៅហើយ។ តើ ៥០ ម៉ឺនដុល្លារនេះ អ្នកត្រើយខាងណេះគ្រប់គ្រាន់ទេ? អ្នកត្រើយ​ខាង​ណោះ​គ្រប់​គ្រាន់ទេ។ ទាមទារឲ្យមានការរៀបចំនូវផែនការវិនិយោគ ដែលមានការតភ្ជាប់ត្រឹមត្រូវ។

សូមគណបក្សនយោបាយទាំងអស់ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត

ខ្ញុំសុំអភ័យទោស ដោយសារតែខ្ញុំបាននិយាយច្រំដែល ហើយក៏អាចប៉ះពាល់ដល់មនុស្សខ្លះ តែនេះគឺជាការបក​ស្រាយ​តែប៉ុណ្ណោះ។ ព្រឹកមិញ ខ្ញុំបានជួបជាមួយសម្តេចក្រឡាហោម ស ខេង គាត់នឹងទៅបិទយុទ្ធនាការនៅ​ស្វាយ​រៀង។ មានអ្នកពោលថា បើសិនជាគេឈ្នះ គេទុកឲ្យសម្តេចក្រឡាហោម ធ្វើជាឧបនាយករដ្ឋមន្រ្តី​បន្តទៅ​ទៀត។ ជារឿងគួរឲ្យអស់សំណើច។ សុំទទួលម្នាក់ឯងទៅចុះ បើសិនជាខ្លួនឈ្នះ។ ភាសាឈ្នះនេះ យើងឮយូរ​ហើយ។ ការយកឈ្នះគណបក្សប្រជាជន មិនមែនជាល្បែងកូនក្មេងលេងនោះទេ។ សុំអញ្ជើញយកឈ្នះទៅចុះ បើ​សិនជាខ្លួនឈ្នះ។ ខ្ញុំសូមអំពាវនាវឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ទទួលស្គាល់លទ្ធផល នៃការបោះ​ឆ្នោត។ សុំកុំឡាំប៉ា សុំកុំចោទថាមនុស្សចុះឈ្មោះបោះឆ្នោតបានតិច។ សុំកុំចោទថាទឹកខ្មៅ លាងជ្រះ សុំកុំឡាំ​ប៉ា​ដូចពីមុន។ ច្បាប់បច្ចុប្បន្នអនុញ្ញាតឲ្យរំលាយគណបក្ស។ បើបក្សយើងធ្វើខុស យើងក៏ទទួលយក​នូវការ​រំ​លាយ​ដោយតុលាការ ក្នុងករណីមានពាក្យបណ្តឹងសមហេតុសមផល។ សង្ឃឹមថា គណបក្សទាំងអស់នឹង​ទទួល​យកនូវលទ្ធផលនៃការបោះឆ្នោត។ យើងអត់ទាន់ដឹងថាអ្នកណាឈ្នះ អ្នកណាចាញ់ទេ តែយើងសង្ឃឹម​ថា​យើង​ជាអ្នកឈ្នះ។ សមិទ្ធផលជាសំអាងរបស់យើង គឺការនាំមកនូវសន្តិភាពថែរក្សានូវសន្តិភាព ដើម្បីបន្ត​ការ​អភិវឌ្ឍ។

គណបក្សប្រជាជនយើងមានគោលនយោបាយ និងផែនទីចង្អុលផ្លូវច្បាស់លាស់

ដើម្បីអភិវឌ្ឍ យើងមានគោលដៅរបស់ពួកយើង មិនមែនត្រឹមថ្ងៃនេះទេ។ ពេលនេះ ម៉ោងនេះ យើងស្ថិតនៅ​ក្នុង​ដំ​ណាក់កាលនៃប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលយើង​បានដាក់ចេញនូវគោលដៅ និង​ផែន​ការ​សម្រាប់នាំប្រទេសកម្ពុជាទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។ យើង​បានដាក់ចេញនូវការព្យាករណ៍ និងផែនការសកម្មភាពដើម្បីឆ្ពោះទៅកាន់ឆ្នាំ ២០៥០ គឺជាឆ្នាំ​ដែលប្រ​ទេស​កម្ពុជាក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ … យើងបានដាក់ផែនទីចង្អុលផ្លូវ​លើ​គ្រប់​វិស័យ​ទាំងអស់ រាប់ទាំងអនុវិស័យទៀតផង។  នយោបាយលើផលិតកម្មស្រូវ និងការនាំចេញអង្ករ គឺជាជោគ​ជ័យ ដែលធ្វើឲ្យកម្ពុជាជាប្រទេសមួយដែលមិនខ្វះខាតស្បៀង នៅសល់ស្រូវ ៥ លានតោនក្នុងមួយឆ្នាំ។ យើង​មាន​នយោបាយក្នុងវិស័យឧស្សាហកម្ម ដែលពេលនេះទំហំនៃការនាំចេញរបស់យើងមានទៅដល់ ១២ ពាន់​លាន​ដុល្លារសហរដ្ឋអាមេរិក ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែ យើងមិនស្កប់ស្កល់ជាមួយ​នឹង(ការ​សំ​រេច​បាន)​ត្រឹមប៉ុណ្ណេះទេ។ យើងត្រូវធ្វើឲ្យច្រើនជាងនេះ ប្រសិទ្ធភាពជាងនេះ ល្អជាងនេះ រាប់ទាំងសេវា តម្រូវ​ការ​របស់ប្រជាជន មេឃុំ ចៅសង្កាត់ ឬមន្ត្រីនៅក្នុងក្រុមប្រឹក្សា ឃុំ សង្កាត់ ពេលដែលជាប់ឆ្នោតហើយ បម្រើ​ប្រ​ជា​ជនមិនបានល្អ គណបក្ស ត្រូវតែហ៊ានវះកាត់ដោះដូរចេញ … ដូច្នេះ សូមទុកការថ្នាំងថ្នាក់មួយអន្លើ ហើយ​បោះ​ឆ្នោត មួយសន្លឹកឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះសិន។

មិនយកពន្ធដីកសិកម្ម មិនតម្រូវឲ្យមានបណ្ណបើកបរម៉ូតូ គឺជាការសម្រេចរបស់គណបក្សប្រជាជន

បងប្អូនឃើញទេ នៅពេលដែលគណបក្សប្រជាជនកាន់អំណាច គណបក្សប្រជាជនមានលទ្ធភាពនឹងកែ​លម្អ​នូវ​ចំណុចខ្វះខាត ដែលជាមតិរបស់សមាជិក សមាជិកា រាប់លានអ្នក។ បងប្អូនចាំឲ្យច្បាស់ នយោបាយមិន​យក​ពន្ធលើដីស្រែរបស់កសិករ ដែលនៅមូលដ្ឋាន នៅតែជានយោបាយបន្ត។ ៣៨ ឆ្នាំ កន្លងផុត គណបក្សនេះ មិនទាន់ប៉ះពាល់ពន្ធទៅលើដីរបស់កសិករនោះទេ។ បងប្អូន ទាំងឡាយថ្ងៃនេះហែម៉ូតូយ៉ាងច្រើន តើបង​ប្អូន​ដឹង​ទេ? នៅពេលពិភាក្សាក្នុងសភា ខ្ញុំនៅពេលបានឃើញថា មានសភាពការណ៍មិនល្អ បន្ទាប់ពី មានមតិជា​ច្រើន​​ពីសមាជិក សមាជិកា គណបក្សប្រជាជន ខ្ញុំថាឲ្យបញ្ឈប់ការធ្វើប័ណ្ណបើកបរម៉ូតូ។ កម្ពុជាមានម៉ូតូប្រ​មាណ​ជាង ៤ លានគ្រឿង ប៉ុន្តែមនុស្សចេះជិះម៉ូតូ ប្រមាណ ៨ លាននាក់ឯណោះ។ ដូច្នេះ វាតម្រូវឲ្យ​ប្រជា​ជន​យើងត្រូវធ្វើប័ណ្ណបើកបររហូតទៅដល់ជាង ៨ លាននាក់ ហើយជាបន្តបន្ទាប់នឹងកាន់តែកើនឡើង ពិនិត្យសុខ​ភាព​ផង ទៅរៀនផង បង់ប្រាក់ផង។ ក្នុងនាមជានាយករដ្ឋមន្រ្តី ខ្ញុំបានសម្រេចឲ្យមានការផ្លាស់ប្តូរបន្ទាន់។ តែ​បង​ប្អូននៅចាំ … នៅពេលពិភាក្សានៅក្នុងសភា គណបក្សប្រឆាំងបានទាមទារថាត្រូវតែមានប័ណ្ណបើកបរ ពេល​នោះ ឯកឧត្តម ឈាង វ៉ុន តំណាងរាស្រ្តរបស់គណបក្សប្រជាជនបានឡើងភ្លាម សូមឲ្យដាក់​ក្នុង​កម្មវិធី​នយោ​បាយប្រកួតប្រជែងទៅ។ ខ្ញុំក៏ឡើងបន្ថែមទៀត។ ឥឡូវបើបងប្អូនចង់ធ្វើប័ណ្ណបើកបរម៉ូតូ សូម​អញ្ជើញ​បោះ​ឲ្យប្រក្សប្រឆាំងចុះ តែបើមិនចង់ធ្វើប័ណ្ណបើកបរទេ សុំបោះជូនគណបក្សប្រជាជនមក។

បោះឆ្នោតជូនគណបក្សប្រជាជន គឺដើម្បីខ្លួនឯង បន្តសន្តិភាព និងការរីកចម្រើន

… តែខ្ញុំគិតថា ល្មមដល់ពេលដែលយើងត្រូវដង្ហែរក្បួនហើយ។ បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្ត​សន្តិ​ភាព និងការរីកចម្រើន។ បោះឆ្នោតជូនគណបក្សប្រជាជន គឺដើម្បីខ្លួនឯងតែម្តង។ ការសម្រេចចិត្តខុសមួយថ្ងៃ ចង្រៃមួយជីវិតដែលយើងធ្លាប់បានជួបប្រទះរួចទៅហើយ។ លន់ នល់ បានសម្រេចចិត្តខុសនូវថ្ងៃ ១៨ មិនា ១៩៧០ ធ្វើឲ្យយើងក្លាយជាជនរងគ្រោះរហូតមកដល់ពេលនេះ។ ដូច្នេះ អ្វីដែលមានក្នុងដៃរួចទៅហើយ ត្រូវបន្ត​កាន់​ឲ្យជាប់។ ថ្ងៃនេះ ព្រះវាយោមិនធ្វើបាបយើងទេ ទោះបីព្រះអាទិត្យក្តៅបន្តិច។ ថ្ងៃនេះ មានកីឡាករ កីឡាកា​រិ​នី សិល្បករ សិល្បការិនី របស់យើងមកចូលរួម ប្រសិនបើបងប្អូនត្រូវការរាំ រាំសិនទៅ ទម្រាំគណៈ​អធិបតី​ទៅដល់​ខាងមុខ ក៏មិនទាស់ខុសអីដែរ។ តែសូមបញ្ជាក់ជូនបងប្អូន ក្មួយៗ សិល្បករ សិល្បការិនីឲ្យបានច្បាស់ មាន​សិល្បករ សិល្បការិនី មានទូរទស្សន៍រាប់មិនអស់យ៉ាងនេះ ដោយសារអ្នកណា តើនេះមិនដោយសារគណ​បក្ស​ប្រជាជនទេឬ? កីឡាគ្រប់ប្រភេទរបស់យើងដែលកំពុងរីកចម្រើន និងកំពុងឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ី​ហ្គេម ឆ្នាំ ២០២៣ តើនេះមិនបានមកពីគណបក្សប្រជាជនទេអី? ត្រូវយល់ឲ្យច្បាស់គណបក្សប្រជាជនកម្ពុជា​នឹង​​បន្តថែទាំបងប្អូនតទៅទៀត។ ប៉ុន្តែ បងប្អូនក៏ត្រូវគាំទ្រគណបក្សប្រជាជនវិញ។ នេះជាការបំពេញ​ឲ្យគ្នាទៅ​វិញ​ទៅមក។

ថ្ងៃនេះពិតណាស់ ខ្ញុំមិនយកធម៌ព្រះពុទ្ធតែមួយដើម្បីនឹងជូនពរទេ ដំបូងខ្ញុំសុំឲ្យព្រះយេស៊ូគ្រិស្ត ដែលច្បាស់ជា​មាន​បង​ប្អូនកាន់សាសនាគ្រិស្តមកកាន់ទីនេះ ផ្តល់ពរជ័យ សម្រាប់បងប្អូនអ្នកកាន់សាសនាគ្រិស្ត អាមែន សូម​ព្រះអាឡោះ ជួយបីបាច់ថែរក្សាបងប្អូនសាសនិកឥស្លាម ហើយយើងនឹងជួបជុំគ្នានៅថ្ងៃទី ១៥ ខៃ មិថុនា ខាង​មុខនេះ នៅក្នុងពិធីស្រាយបួស ដែលចាត់តាំងដោយរាជរដ្ឋាភិបាលតែម្តង ហើយនៅទីបញ្ចប់ សម្រាប់​បងប្អូន​អ្នកកាន់ព្រះពុទ្ធសាសនា ខ្ញុំសុំយកឱកាសនេះប្រសិទ្ធិពរចំពោះបងប្អូនទាំងអស់សូមជួបប្រទះ​តែពុទ្ធពរ​ទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសបើកនូវការដង្ហែរក្បួន​ដើម្បីបិទ​នូវយុទ្ធនាការឃោសនាបោះឆ្នោតចាប់ពីពេលនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...