ការជួបជុំជាលើកទី ២/មិនមានបញ្ញើ ព្រោះគោរពច្បាប់បោះឆ្នោត
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំនៃគ្រឹស្តសាសនិកគ្រប់ជាន់ថ្នាក់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ គឺជាការជួបជុំលើកទី ២ របស់យើង ដែលឆ្នាំទៅគឺជាការជួបជុំលើកទីមួយ ហើយឆ្នាំនេះ តាមការព្រមព្រៀងគ្នារវាងយើង គឺក្នុងមួយឆ្នាំ យើងត្រូវជួបគ្នាម្ដង។ ឆ្នាំក្រោយ យើងនឹងមានការជួបគ្នាទៀត។ សម្រាប់ឆ្នាំនេះ ក្រសួងធម្មការ និងសាសនា បានលើកសំណើយឺតពេលបន្ដិច នោះគឺនៅត្រង់ថា អោយខ្ញុំជ្រើសរើសថ្ងៃ ១៨ ១៩ និង ២៥ ប៉ុន្តែប្រហែលជាអស់លោក លោកស្រីបានដឹងហើយថា ថ្ងៃទី ១៧ ខ្ញុំនៅប្រទេសចិន និងពាក់កណ្ដាលយប់ហើយបានមកដល់ប្រទេសវិញ។ ថ្ងៃទី ១៨ ខ្ញុំទៅខេត្តកំពង់ស្ពឺ។ ដូច្នេះ ដោយសារតែមានការស្នើសុំដាក់នៅថ្ងៃទី ១៨ ១៩ និង ២៥ ខ្ញុំក៏សម្រេចយកការជួបជុំនៅថ្ងៃទី ២៥ នេះ។ តែថ្ងៃទី ២៥ នេះ ក៏ជាថ្ងៃក្រោយពេលដែលយើងបើកយុទ្ធនាការឃោសនាបោះឆ្នោត។ ដូច្នេះ ប្រសិនបើមានបញ្ហាការស្នើសុំ ឬក៏ពាក់ព័ន្ធជាមួយនឹងជំនួយអ្វីៗមួយ ក៏ខ្ញុំមិនអាចធ្វើទៅកើត ដោយសារតែយើងក៏ត្រូវគោរពនូវច្បាប់បោះឆ្នោតរបស់យើង មិនថាអ្នកនោះមានអំណាចដល់ថ្នាក់ណានោះទេ។ តែខ្ញុំសង្ឃឹមថា បងប្អូនទាំងឡាយ ពេលដែលមកជួបជុំជាមួយខ្ញុំនេះ ក៏មិនត្រូវការអោយខ្ញុំផ្ដល់ជំនួយអ្វីនោះដែរ ប៉ុន្តែប្រសិនបើមាន ក៏វាជាការល្អ។ តែបើសិនជាជំនួយនោះត្រូវបានផ្ដល់ ច្បាស់ណាស់ថា យើងនឹងធ្វើខុសច្បាប់បោះឆ្នោតរបស់យើង ហើយគេនឹងអាចប្ដឹងចំពោះយើងទៀតផង។
ថ្ងៃទី ១៥ មិថុនា ជួបជុំបងប្អូនអ៊ីស្លាម
តែយ៉ាងណាក៏ដោយ ការជួបជុំរបស់យើងនៅថ្ងៃនេះ ដែលបានអញ្ជើញមកពីគ្រប់ទីកន្លែង បើយោងទៅលើអ្វីដែលមាននៅទីនេះ។ វាជាការល្អណាស់ ដែលការជួបជុំប្រចាំឆ្នាំរបស់យើងបានធ្វើ ហើយរឿងអស់ទាំងនេះ ទោះបីខ្ញុំត្រូវរែកពន់ច្រើនបន្ដិចជាមួយនឹងកិច្ចការដែលត្រូវធ្វើជាមួយនឹងប្រជាពលរដ្ឋ និងគ្រប់ផ្នែក ទាំងសាសនាអ៊ីស្លាម ដែលមួយឆ្នាំក៏ជួបខ្ញុំម្ដង។ ថ្ងៃមុន កំណត់ថា ដូចជាថ្ងៃទី ១៦ ប៉ុន្តែឮថាអត់កន្លែងទៀត។ អញ្ចឹងបានស្នើសុំមកថ្ងៃទី ១៥ ខែមិថុនា ខាងមុខនេះ គឺមានការជួបជុំជាមួយខាងបងប្អូនអ៊ីស្លាម។ សមាគមចិន ក៏ត្រូវជួបជុំមួយឆ្នាំម្ដង។ ក្រុមកីឡាករ កីឡាការិនី ក៏ត្រូវជួបជុំមួយឆ្នាំម្ដង។ ទិវាវប្បធម៌ ៣ មីនា ក្នុងការជួបជុំជាមួយផ្នែកសិល្បៈ ក៏ត្រូវជួបជុំមួយឆ្នាំម្ដង។ ហើយនឹងមានការជាហូរហែទៀតនៃជំនួបពាក់ព័ន្ធជាមួយនឹងបញ្ហាការវិនិយោគ។ ប៉ុន្តែ នេះជាកាតព្វកិច្ចដែលមិនអាចជៀសវាងបាន សម្រាប់តួនាទីនាយករដ្ឋមន្រ្តីនៃប្រទេសមួយ។
ខ្ញុំពិតជាមានការរីករាយ ដែលបានជួបសំណេះសំណាលជាមួយនឹង(គ្រឹស្តសាសនិក)របស់យើង ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀត ថ្ងៃនេះ ហាក់បានឃើញថា វត្តមានរបស់ថ្នាក់ដឹកនាំតាមស្ថាប័នចូលរួមមានចំនួនមិនច្រើនទេ គេអាចដឹងបានហើយថា អ្នកទាំងនោះ ពេលនេះ កំពុងធ្វើកិច្ចការទាក់ទងជាមួយនឹងដំណើរការនៃការ(ឃោសនា)ការបោះឆ្នោតនៅក្នុងប្រទេសរបស់យើង។ ខ្ញុំសុំយកឱកាសនេះ ដើម្បីសំដែងនូវការកោតសរសើរ និងគោរពចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់គ្រឹស្តសាសនាគ្រប់និកាយ ដែលបានខិតខំរួមចំណែកក្នុងរយៈពេលកន្លងទៅនេះ តាមលទ្ធភាពរបស់ខ្លួន កាលពីការជួបគ្នាដំបូង។
សុខដុមភាវូបនីយកម្មជនជាតិ និងសាសនា
ទាក់ទិនទៅនឹងសុខដុមភាវូបនីយកម្ម បញ្ហាជនជាតិ និងសាសនា គឺជាបញ្ហាសំខាន់ណាស់សម្រាប់កម្ពុជារបស់យើង។ នៅប្រទេសរបស់យើង ខ្ញុំបាននិយាយហើយថា យើងត្រូវធ្វើពីរកម្រិត៖ កម្រិតទី ១ គឺកម្រិតជាតិ។ គឺនៅត្រង់ថា យើងត្រូវធ្វើនូវសុខដុមភាវូបនីយកម្មរវាងជនជាតិ និងសាសនាផ្សេងៗគ្នា។ ដែលនៅប្រទេសកម្ពុជាយើងមាន៖ ព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា គ្រឹស្តសាសនា ហើយក៏អាចមានសាសនាផ្សេងៗទៀត និងអ្នកដែលមិនជឿសាសនាណាផងដែរ។ នេះក្នុងកម្រិតថ្នាក់ជាតិ ជាក្របខណ្ឌម៉ាក្រូ ដែលយើងត្រូវធ្វើនូវកិច្ចការបែបនេះ ប៉ុន្តែនៅក្នុងក្របខណ្ឌតាមសាសនានីមួយៗផងដែរ។ ឃើញនៅក្នុងនេះ គឺមាននិកាយច្រើននៅក្នុងក្របខណ្ឌគ្រឹស្តសាសនានេះ។ នៅក្នុងអ៊ីស្លាមសាសនា ក៏មាននិកាយច្រើន។ នៅក្នុងព្រះពុទ្ធសាសនា ក៏មាននិកាយច្រើន មានមហានិកាយ និងធម្មយុត្ត។ ដូច្នេះ ការធ្វើសុខដុមភាវូបនីយកម្មក្នុងរង្វង់សាសនានីមួយៗ ក៏ចាំបាច់ត្រូវធ្វើ។
ខ្ញុំសុំកោតសរសើរចំពោះគ្រឹស្តបរិស័ទទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំនៅតាមវិហារ និងអ្នកគោរពសាសនាគ្រឹស្ត ដែលបានចូលរួមចំណែក ដើម្បីអោយប្រទេសជាតិរបស់យើងចម្រុងចម្រើនតាមរយៈការខិតខំរបស់ខ្លួន។ ក្នុងនោះ និកាយមួយៗក្នុងក្របខណ្ឌគ្រឹស្ត ក៏បានចូលរួមនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ខ្ញុំក៏បានទៅកាន់កន្លែងខ្លះ ក៏បានឃើញនៅទីនោះមានការគោរពសាសនាគ្រឹស្ត ហើយក៏មានការសាងសង់សាលារៀននៅទីកន្លែងនោះ ដើម្បីអោយកុមារដែលបានទៅរស់នៅកន្លែងនោះ ឬនៅជិតខាងនោះ ដើម្បីបានរៀនសូត្រ។ ទន្ទឹមនឹងការកោតសរសើរចំពោះគ្រឹស្តសាសនា ខ្ញុំក៏សូមកោតសរសើរជាមួយនឹងសាសនាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច ដើម្បីកសាងឡើងនូវភាពសុខដុមរមនា ការឯកភាព និងបង្រួបបង្រួមជាតិ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
អនុញ្ញាតអោយមានការផ្សាយផ្ទាល់
ថ្ងៃនេះ ខ្ញុំអនុញ្ញាតអោយមានការផ្សាយផ្ទាល់ដោយផេកហ្វេសប៊ុក និងអោយ Fresh News ផ្សាយបន្តផ្ទាល់តែម្ដង ព្រោះថា នេះជាការជួបជុំរវាងនាយករដ្ឋមន្រ្តីនៃប្រទេសមួយ ជាមួយនឹងផ្នែកសាសនា ប៉ុន្តែក៏មិនអាចរារាំងមិនអោយនិយាយដល់បក្សនយោបាយនោះទេ ដោយសារតែប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស។ ដូច្នេះមិនមែនជាឱកាសសម្រាប់ការឃោសនារបស់ខ្ញុំ ក៏ប៉ុន្តែបើទោះបីជារដូវបោះឆ្នោត ឬមុនរដូវបោះឆ្នោត គ្មានច្បាប់បោះឆ្នោត គ្មានច្បាប់ណាមកហាមឃាត់នាយករដ្ឋមន្រ្តីមិនធ្វើការអ្វីទាំងអស់នោះទេ។ អញ្ចឹង សុន្ទរកថារបស់ខ្ញុំថ្ងៃនេះ បើកចំហសម្រាប់ការយកទៅផ្សាយ។ ខុសពីពេលមុន ដែលខ្ញុំបានជួបជាមួយមន្រ្តីបក្ស ប៉ុន្តែនៅទីនេះ អាចថាក៏មិនមែនសុទ្ធតែជាអ្នកគាំទ្រគណបក្សប្រជាជនទាំងអស់នោះទេ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សាសនាទាំងអស់នៅកម្ពុជា សុទ្ធតែបានរស់ឡើងវិញ
ខ្ញុំពិតជាមានការអរគុណជាមួយនឹងគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមនៅក្នុងការធ្វើអោយប្រសើរឡើងនូវជីវភាពរបស់ប្រជាជន និងជីវភាពផ្ទាល់របស់យើង។ នេះជាសក្ខីភាពយ៉ាងច្បាស់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សាសនាទាំងអស់នៅកម្ពុជា សុទ្ធតែបានរស់ឡើងវិញ បន្ទាប់ពីត្រូវបានសម្លាប់ និងបំផ្លិចបំផ្លាញដោយសង្រ្គាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សាសនាទាំងអស់នៅកម្ពុជា បានចាប់ផ្ដើមរីកចម្រើនពីគំនរផេះផង់ មិនថាតែគ្រឹស្តសាសនាទេ ព្រះពុទ្ធសាសនា និងសាសនាអ៊ីស្លាម វិហារទាំងឡាយត្រូវបានបំផ្លាញ ក៏ដូចជាសាសនាគ្រឹស្តក៏ធ្លាប់មានពីមុនមកដែរ។ មានសេសសល់នូវវត្តអារាមខ្លះ ព្រះវិហារខ្លះនៅលំបាក។ ប៉ុន្តែភាគច្រើន ទាំងព្រះពុទ្ធ ទាំងអ៊ីស្លាម ទាំងគ្រឹស្ត បានគោរពបូជា តើវាជាអ្វីទៅ? វាច្បាស់ណាស់ថា សុខសន្ដិភាព វាបានកើតពិតប្រាកដនៅលើទឹកដីនេះ ហើយជីវភាពប្រជាជន ក៏ត្រូវបានកែលំអ។ ទំនាក់ទំនងសាសនាជាមួយនឹងការគ្រប់គ្រងរដ្ឋ បេះមិនដាច់ពីគ្នាទេ។ ប្រសិនបើនយោបាយរបស់រាជរដ្ឋាភិបាលមិនបើកចំហសម្រាប់ការគោរពរបស់ប្រជាជនទេ ច្បាស់ណាស់គឺមិនអាចធ្វើបែបនេះបានទេ។ ឧទាហរណ៍ ដាក់បំរាមហាមឃាត់មិនអោយមានការគោរពសាសនាគ្រឹស្ត ឬក៏ការរើសអើងដែលកើតចេញពីនយោបាយរបស់បក្សនយោបាយដឹកនាំ វាក៏នឹងបង្កើតបាននូវជម្លោះដែលគេបានឃើញស្ទើរនៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោក។
គ្មានសាសនាណាមួយអប់រំឲ្យមនុស្សទៅធ្វើភេរវកម្មទេ
ពិតហើយ ភេរវកម្ម មិនមែនកើតមកពីបងប្អូនអ៊ីស្លាមនោះទេ។ នៅក្នុងប្រទេសអ៊ីស្លាមក៏គង់មានភេរវកម្មដែរ។ ដូចជាម្សិលមិញនេះ នៅឥណ្ឌូនេស៊ី ក៏គង់មានការវាយដោយភេរវកម្ម។ នៅអ៊ីរ៉ាក់ ក៏មានការវ៉ៃភេរវកម្ម និងនៅអាហ្គានីស្ថាន ប៉ាគីស្ថាន ក៏មានការវ៉ៃភេរវកម្ម។ ដូច្នេះ ភេរវកម្ម វាកើតនៅក្នុងប្រទេសកាន់សាសនាអ៊ីស្លាមតែម្ដង។ មិនអាចចោទជារួមថា ភេរវកម្ម គឺ(មិនមែន)កើតចេញពីជម្លោះសាសនានោះទេ។ ភេរវកម្ម វាបានកើតមិនរើសមុខ។ រឿងវ៉ៃនៅក្រុង London កាលពីប៉ុន្មានថ្ងៃមុន។ រឿងវ៉ៃនៅប្រទេសបារាំង នៅអាល្លីម៉ង់ ថាអ្នកទាំងនោះ ជាអ្នកកាន់សាសនាគ្រឹស្ត ហើយភេរវកម្ម ដែលជាអ្នកកាន់សាសនាអ៊ីស្លាមទៅវ៉ៃ ប៉ុន្តែយើងគួរតែត្រូវមើលថា មិនមែនគ្រាន់តែការវ៉ៃទៅលើអង់គ្លេស អាល្លីម៉ង់ បារាំង ប៉ុណ្ណោះទេ សូម្បីតែនៅឥណ្ឌូនេស៊ីឥឡូវនេះ ព័ត៌មានជាបឋមក៏មានការស្លាប់ និងរបួសមួយចំនួន។
ចំណុចទាំងនេះបានផ្តល់នូវបទពិសោធន៍ដល់យើង ជាមួយនឹងការយកចិត្តទុកដាក់ ត្រូវធ្វើឲ្យច្បាស់លាស់លើបញ្ហាសុខដុមភាវូបនីយកម្ម រវាងជនជាតិ និងសាសនា ដែលជាបញ្ហាដ៏សំខាន់សម្រាប់ធានានូវការជានារគ្នា នៅក្នុងក្របខណ្ឌនៃជំនឿសាសនាខុសគ្នា។ សាសនាទាំងអស់ មិនថាសាសនាណាទេ មិនមានការអប់រំមនុស្សឲ្យទៅធ្វើភេរវកម្មទេ។ សាសនាទាំងអស់សុទ្ធតែអប់រំឲ្យមនុស្សកសាងអំពើល្អ។ សម្រាប់ប្រទេសយើង យើងមានមោទនភាពខ្លាំងណាស់ ហើយយើងមិនចង់ឲ្យមានការលូកដៃចូលដោយអ្នកណាក៏ដោយ មិនថាអ្នកនោះមានបំណងអ្វី យកមនោគមវិជ្ជារបស់គេមកដាក់បំពាក់សម្រាប់បង្កើតនូវភាពជ្រុលនិយមលើប្រទេសរបស់យើងនោះទេ។
មិនចាំបាច់មានកាំភ្លើង ក៏សង្គ្រាមអាចកើត គឺដោយសារសម្តីរបស់មនុស្ស
សង្គ្រាមងាយផ្ទុះណាស់ ខ្ញុំបាននិយាយពីសង្គ្រាម និងសន្តិភាពច្រើនហើយ។ ក៏សូមបញ្ជាក់ថា អ្នកខ្លះថា គេអត់មានកាំភ្លើងទេ ដូច្នេះសង្គ្រាមវាមិនកើតទេ។ តែខ្ញុំសូមរំលឹកថា មិនចាំបាច់មានកាំភ្លើង ក៏អាចបង្កើត សង្គ្រាមបានដែរ។ សម្តីរបស់អ្នកដែលជេរគេថាជាអ្នកក្បត់ជាតិ សម្តីរបស់អ្នកដូចជាថ្ងៃមុន នៅតាមហ្វេសប៊ុកផេកមួយ ខ្ញុំមិនដឹងថាគណៈកម្មការជាតិរៀបចំការបោះឆ្នោតចាត់វិធានការបែបណាទេ ក៏ប៉ុន្តែ គឺជាការប្រមាថដ៏ធ្ងន់មកលើអ្នកគាំទ្រគណបក្សប្រជាជន ដែលថាអស់មនុស្សហែរយកយួនមកហែរ។ នេះហើយជាសម្តីសម្រាប់ការបង្កើតសង្គ្រាម។ ប្រសិនបើគណបក្សប្រជាជនអត់ធ្មត់មិនបាន ហើយទៅដល់ផ្ទះអ្នកឯងដុតផ្ទះអ្នកឯងចោល នោះជាអ្វី? ការចាប់ផ្តើមពីសម្តីនេះហើយ ដែលជាមូលហេតុនៃសង្គ្រាម។ ដូច្នេះ បានជាគេត្រូវមានក្រមសីលធម៌មួយជាក់លាក់ មិនត្រូវមានការប៉ះទង្គិចគ្នាទេ។ ការឃោសនាពីទំនិញ ត្រូវធ្វើតែទំនិញខ្លួនឯងបានហើយ កុំបង្អាប់ទំនិញអ្នកដទៃ ធ្វើតាមអ្នកឃោសនាពាណិជ្ជកម្ម ទើបវាជាការត្រឹមត្រូវ។ គេមិនដែលបង្អាប់ទំនិញមួយ ហើយលើកកម្ពស់ទំនិញខ្លួនឯងទេ ក្នុងក្របខណ្ឌសាសនាក៏ដូចគ្នាដែរ។ បងប្អូនគ្រឹស្ត មិនត្រូវបង្អាប់ទៅលើឥស្លាម បងប្អូនឃើញហើយប្រទេសអឺរ៉ុបមួយចំនួន ទៅគូររូបត្លុកព្រះអាឡោះ បន្ទាប់ពីគូរហើយ តើលទ្ធផលបានអី? គឺលទ្ធផលបានត្រឹមការវាយប្រហារភេរវកម្ម ដោយការសងសឹក ជាការគូរលក់ទៅតាមទស្សនាវដ្តី ហើយថានេះជាសិទ្ធិបញ្ចេញមតិ។ វាមិនមែនទេ។ អ្នកកាន់សាសនាព្រះពុទ្ធក៏មិនត្រូវទៅបង្អាប់ឥស្លាម ឥស្លាមក៏មិនត្រូវបន្តុះបង្អាប់ព្រះពុទ្ធ ឬគ្រឹស្ត ឬហិណ្ឌូ។ នៅក្នុងគ្រឹស្តខ្លួនឯង ក៏មិនត្រូវបង្អាប់គ្នារវាងឋានៈ អញប្រូតេស្តង់ ពួកឯងកាតូលីក។ ខ្ញុំមិនច្បាស់ទេ តែក៏មិនត្រូវបង្អាប់គ្នានៅក្នុងនិកាយនោះដែរ។
ប្រទេសកម្ពុជា មានស្ថេរភាពនយោបាយបំផុតហើយ ក៏ប៉ុន្តែ ដោយសារពាក្យសម្តីរបស់ក្រុមប្រឆាំងមិនទាន់បោះបង់ចោលនូវអត្តចរិតលាបពណ៌ ញុះញង់ និងវាយប្រហារ។ ដូច្នេះ ស្ថេរភាពនយោបាយវាក៏នឹងផុយស្រួយទៅតាមនោះដែរ។ ប៉ុន្មានថ្ងៃកន្លងទៅ វាគ្រាន់បើបន្តិច ឥឡូវចាប់ផ្តើមដោយលោក កឹម សុខា ខ្លួនឯង ដែលខ្ញុំសូមផ្តាំថ្ងៃនេះ សូមលោកច្បាស់។ ព្រឹកនេះ ខ្ញុំបានមើលខេមបូឌាដេលី លោក កឹម សុខា បាននិយាយថា បក្សកាន់អំណាចធ្វើតាមការទាមទាររបស់លោក អំពីប្រាក់ខែ និងអំពីថ្លៃភ្លើង។ លោកត្រូវចាំឲ្យច្បាស់ សិទ្ធិអំណាចសម្រេចគឺជាសិទ្ធិរបស់បក្សកាន់អំណាច ហើយជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី មិនមែនជាសិទ្ធិរបស់លោកទេ។ លោកសន្យាអីសន្យាទៅ ដោះស្រាយបាន ៤ ម៉ឺនរៀល សម្រាប់ចាស់ៗអាយុ ៦៥ ឆ្នាំឡើងទេ? លោកពិនិត្យមើលខ្លួនឯងទៅ។ ហេតុអ្វី? លោកថាឥឡូវប្រាក់ខែឡើងបាន ១ លានហើយ គឺធ្វើតាមលោក។ តែ ១ លាន លោកឯង ឲ្យគេឡើងនៅឆ្នាំ ២០១៣ លោកយល់ទេ? សម្តីរបស់លោក លោកថា បើ ២០១៣ បើលោកឈ្នះ ក្នុងពេលនោះ … តែនេះឆ្នាំ ២០១៧ ហើយ។ លោកកុំឆ្លៀតយកចំណេញពីសមិទ្ធផលរបស់គណបក្សប្រជាជន ដែលដឹកនាំរាជរដ្ឋាភិបាលឲ្យសោះ។
សង្គ្រាមនឹងកើត បើគណបក្សប្រជាជនមិនដឹកនាំ
អគ្គិសនី លោកចង់អនុវត្តរបៀបណា គឺជារឿងរបស់លោក ចាំលោកឈ្នះសិន។ តើលោកខ្មាសគេទេ? … គ្រាន់តែចង់ធ្វើប្រធានរដ្ឋសភា ធ្វើបាតុកម្មអស់ប៉ុន្មានខែ? … ខ្ញុំចាប់ដៃលោកនៅក្នុងរដ្ឋសភា ខ្ញុំថា ម៉េចឯកឧត្តម មានវីដេអូឃ្លីបមួយ ឯកឧត្តមនិយាយថា ចុះឬមិនចុះ បើមិនចុះទេ អង្រួនឲ្យចុះ។ ខ្ញុំបានព្រមានត្រង់ៗថា ប្រសិនបើពេលនោះ ឯកឧត្តមធ្វើ ថ្ងៃនេះជាថ្ងៃបុណ្យខ្មោចរបស់ឯកឧត្តម។ ខ្ញុំមិនខ្លាចនឹងធ្វើជាមួយនឹងការបំផ្លាញណាមួយ ចាប់បង្ខំឲ្យរដ្ឋាភិបាលស្របច្បាប់ត្រូវរំលាយនោះទេ សូមបញ្ជាក់។ គេបង្កើតកងទ័ពដើម្បីការពាររដ្ឋ។ គេបង្កើតគុកដើម្បីដាក់អ្នកមានទោស។ សូមកុំជ្រួលជ្រើម។ សូមកុំប្រមាថ។ មិនទាន់ឈ្នះផង លោកចាប់ផ្តើមធ្វើប៉ុណ្ណឹងទៅហើយ ចុះទម្រាំដល់ឈ្នះ តើពួកលោកធ្វើយ៉ាងម៉េចទៀត? នោះហើយជាមូលហេតុដែលខ្ញុំនិយាយថា សង្គ្រាមវានឹងកើត ប្រសិនបើគណបក្សប្រជាជនបាត់បង់ការត្រួតត្រា។ នរណាចង់ទៅនិយាយអី និយាយទៅ។ អ្នកវិភាគនយោបាយចេញមកវិភាគ ក៏វិភាគទៅ។ មិនចាំបាច់មានកាំភ្លើងទេ សម្តីរបស់ពួកអ្នកឯង វាជាមូលហេតុនៃការបង្កើតសង្គ្រាមហើយ។ មើលទៅ។ តាមហ្វេសប៊ុក រហូតដល់ប្រើពាក្យមកដំបូងបំផុត កម្ទេចមុនគេត្រកូល ហ៊ុន។ ខ្ញុំសូមជម្រាបថា ត្រកូល ហ៊ុន គឺជាត្រកូលដែលបានរួមចំណែកកសាងប្រទេសនេះ ហើយក៏មិនមែនជាត្រកូលសម្រាប់ពួកអ្នកឯងមកកាប់សម្លាប់នោះទេ។ តែអ្នកឯងត្រូវយល់ឲ្យច្បាស់ថា បើទោះបីមានកូនក្មួយខ្លះវាមិនកាក់កប តែត្រកូលមួយនេះបានរួមចំណែកជាមួយប្រទេសនេះ …។
ទង្វើដែលនាំដល់ការផ្តួលរំលំ ត្រួវតែបង្ក្រាបដាច់ខាត
… សុំកុំបន្ទោស ទៀ បាញ់ កុំបន្ទោស ប៉ុល សារឿន អំពីការធ្វើសេចក្តីថ្លែងការណ៍ក្នុងការប្រឆាំងបដិវត្តន៍ពណ៌។ ទង្វើណាក៏ដោយដែលនាំទៅដល់ការផ្តួលរំលំ គឺជាទង្វើដែលត្រូវតែបង្ក្រាបដាច់ខាតតែម្តង គ្មានការអត់អោនទេ។ ដើម្បីធានាជីវិតមនុស្សរាប់លាននាក់ យើងសុខចិត្តកម្ចាត់ចោល ១០០-២០០ នាក់ ព្រោះយើងធ្លាប់បានឃើញនូវអតីតកាលដ៏ឈឺចាប់របស់យើងស្រេចទៅហើយ។ ខ្ញុំឲ្យ live ផ្ទាល់នូវសម្តីនេះ។ លោកយកទៅធ្វើអាជីវកម្មទៅ។ រឿងវាចាប់ផ្តើមពីលោក មិនមែនចាប់ផ្តើមពីខ្ញុំទេ។ … ការខ្សឹបខ្សៀវរបស់មេបក្សរបស់គេ ថាយើងបានធ្វើតាមគេទាមទារ។ មកពីគណបក្សទាមទារ ទើបយើងតម្លើងប្រាក់ខែ មកពីគណបក្សប្រឆាំងទាមទារ ទើបថ្លៃភ្លើងចុះ។ សូមគណៈកម្មការជាតិរៀបចំការបោះឆ្នោត តម្រែតម្រង់ទិសជាមួយនឹងការនិយាយបែបនេះ ដែលនាំទៅដល់ការបញ្ឆេះកំហឹងនៅក្នុងពេលវេលានៃយុទ្ធនាការបោះឆ្នោត។ អួតខ្លួនឯងទៅ។ អួតយ៉ាងម៉េចអួតទៅ តែកុំយករបស់គេទៅអួត ហើយកុំបង្អាប់របស់គេ តើបានទេ?
តើបក្សប្រឆាំងនឹងសុំទោសអ្វី ដែលខ្លួនបាននិយាយខុសឬទេ?
សម្រាប់គណបក្សប្រជាជន យើងមិនបានរើសអើងបក្សធំ បក្សតូចនោះទេ។ ទោះបីគេបន្តុះបង្អាប់យ៉ាងម៉េចក៏ដោយ សូម្បីតែពេលចុះឈ្មោះហើយ ពិនិត្យសុពលភាពនៃបញ្ជីបោះឆ្នោតហើយ គេនៅបន្តុះបង្អាប់ថាយើងមិនចង់បោះឆ្នោតទេ ព្រោះខ្លាចចាញ់។ ឥឡូវ កំពុងតែដំណើរការឃោសនា ដល់ទៅពេលបោះឆ្នោតពិតប្រាកដរួចហើយ តើលោកនឹងត្រូវសុំទោសទេ? បើលោកជាអ្នកដែលទទួលខុសត្រូវ ចិត្តជាកូនប្រុស ក្នុងឋានៈជាគណបក្សដែលគ្រប់គ្រងរដ្ឋ យើងដំណើរការប្រជាធិបតេយ្យដោយទៀងទាត់ ហើយក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំបានប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតតាំងពីជិតមួយឆ្នាំមុននោះ ដើម្បីឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត មានពេលវេលាគ្រប់គ្រាន់សម្រាប់ការរៀបចំ ហេតុអ្វីទៅបានជាអស់លោកនាំគ្នាបន្តុះបង្អាប់? ឥឡូវការបន្តុះបង្អាប់របស់លោកបានខុសហើយ។ នៅសល់តែប៉ុន្មានថ្ងៃទៀត ការបោះឆ្នោតនឹងមកដល់ តើអស់លោកនឹងត្រូវធ្វើការសុំទោសចំពោះការដែលខ្លួនបាននិយាយខុសទេ? មិនថាខ្មែរ មិនថាបរទេសទេ។ ប៉ុន្តែ ពេលណាក៏ដោយ គេតែងតែបំពានយើង ហើយនៅពេលដែលយើងប្រើប្រាស់ច្បាប់ គេតែងតែនិយាយថាជាការគាបសង្កត់ខាងនយោបាយទៅវិញ។
កម្ពុជាធ្លាប់ស្គាល់រសជាតិនៃការបែកបាក់រួចហើយ
សុំប្រជាជនកម្ពុជាវិនិច្ឆ័យឲ្យបានច្បាស់។ នៅកម្ពុជា ខ្ញុំអាចនិយាយជូនអ្នកទាំងអស់គ្នានៅទីនេះ ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសឲ្យបានច្បាស់ថា សន្តិភាព ការឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិ បើមិនរាប់រយឆ្នាំទេ ក៏រាប់សិបឆ្នាំ ដែលប្រទេសកម្ពុជាបែកបាក់ទៅជាចម្រៀកៗ ប្រទេសមួយ តំបន់ត្រួតត្រាច្រើន ប្រទេសមួយ រដ្ឋាភិបាលពីរ និងតំបន់ត្រួតត្រាច្រើន។ យើងធ្លាប់ជួបរសជាតិនេះហើយ។ កុំចាំបាច់និយាយទៅដល់ដំណាក់កាលនៃសតវត្សរ៍ទី ១៥ និង ១៦ ដែលមានជម្លោះបែងចែកទឹកដី ក្នុងដំណាក់កាលបន្ទាប់ពី ព្រះបាទ ពញាយ៉ាត សោយទីវង្គត ព្រះបាទ នរាយរាជា ក៏បានឡើងគ្រងរាជ្យ បន្ទាប់ពី នរាយរាជា ចូលទីវង្គត ព្រះបាទ ស្រីរាជា ជាអនុជក៏បានឡើងគ្រងរាជ្យ។ រឿងផ្ទេររាជ្យសម្បត្តិទៅឲ្យប្អូននេះ ក៏បានបង្កើតឲ្យក្មួយមានព្រះនាមថា ព្រះសុរិយោទ័យ ទៅកកើតទឹកដីមួយកន្លែងទៅ គ្រប់គ្រងទឹកដីមួយកន្លែងទៅ។ នៅពេលដែល ព្រះស្រីរាជា លើកទ័ពទៅវ៉ៃសៀម ក្នុងពេលដែលសៀមមានវិបត្តិរាជបល្ល័ង្គ ព្រះធម្មរាជា គ្រប់គ្រងចតុមុខ បាទី និងសំរោងទង នៅតំបន់កណ្តាលនេះ មិនព្រមឲ្យ ព្រះស្រីរាជា ដែលជាព្រះមហាក្សត្រចូលមកក្នុងទីក្រុងទេ ចាប់ពីមួយភាគរបស់កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ត្រូវគ្រប់គ្រងដោយ ព្រះស្រីរាជា។ ដូច្នេះ តំបន់គ្រប់គ្រង ៣ ដែលបានកើតឡើងនៅក្នុងកំឡុងឆ្នាំ ១៤៧០ បានបង្ហាញច្បាស់ពីការបែកបាក់ពីអតីតកាល នៅក្នុងចន្លោះឆ្នាំ ១៥០៤ ដែល ព្រះស្រីសុគន្ធបទ ឡើងគ្រងរាជ្យ។ ២ ឆ្នាំក្រោយមិនទាន់មានបញ្ហាទេ តែចាប់យោងតាមប្រវត្តិ នេះមិនមែនជារឿងព្រេងទេ តែជាប្រវត្តិសាស្រ្ត ដែលត្រូវមើលអំពីកម្ពុជាយើង ដើរចេញពីចំណុចណា? ជម្លោះបងថ្លៃ និងប្អូនថ្លៃ គឺ ស្រីសុគន្ធបទ និងហ្លួងព្រះស្តេចកន គ្រាន់តែរឿងដេកយល់សប្តិ ក៏យកគេទៅសម្លាប់។ កុំថាហ្លួងព្រះស្តេចកន បើខ្ញុំក៏ខ្ញុំប្រឆាំងដែរ មិនអាចឲ្យអ្នកឯងធ្វើរបៀបហ្នឹងទេ។ ច្បាំងគ្នារវាងបងថ្លៃ និងប្អូនថ្លៃ គឺ ហ្លួងព្រះស្តេចកន ជាមួយនឹង ព្រះស្រីសុគន្ធបទ ពីឆ្នាំ ១៥០៦ ដល់ឆ្នាំ ១៥១២ ហ្លួងព្រះស្តេចកន ដែលជាកូនកសិករក្រខ្សត់មួយឈ្នះសង្គ្រាមនេះ ហើយក៏បានទៅតាំងរាជធានីនៅឯខេត្តត្បូងឃ្មុំបច្ចុប្បន្ននេះ ព្រៃនគរក្នុង។
ការឈឺចាប់ ការបែកបាក់ផ្ទៃក្នុងនៅក្នុងអតីតកាលរបស់កម្ពុជា
សង្គ្រាមក៏បានកើតសាជាថ្មីម្តងទៀត ក្នុងចន្លោះ ១៥១៤ ដល់ ១៥២៤ រវាង ចន្ទរាជា ដែលត្រឡប់ពីសៀមមកវិញ។ ពេលនោះ គេហៅព្រះរាជាទិសខាងកើត និងព្រះរាជាទិសខាងលិច តើនេះមានន័យថាម៉េច មានន័យថាប្រទេសកម្ពុជាបានបែកបាក់ពីដំណាក់កាលនោះក្រោយមកជាបន្តបន្ទាប់។ រឿងរ៉ាវអតីតកាលដែលបានកត់ត្រានៅក្នុងប្រវត្តិសាស្រ្ត ធ្វើឲ្យយើងមានការឈឺចាប់ ហើយយើងមិនចង់ឃើញនូវការឈឺចាប់ ការបែកបាក់តទៅទៀតទេ។ មុនឆ្នាំ ១៩៧០ ពេលនោះ ប្រទេសកម្ពុជាយើង ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានខិតខំធ្វើព្រះរាជបូជនីយកិច្ចឲ្យមានឯករាជ្យ និងបន្តទៅឲ្យមានការបង្រួបបង្រួមជាតិ តាមរយៈនៃកិច្ចព្រមព្រៀងហ្សឺណែវ ដែលត្រូវបោះឆ្នោតឆ្នាំ ១៩៥៥ ។ ប៉ុន្តែ អ្នកដែលបន្តប្រឆាំង មានចលនារបស់ពួក សម សារី និង សឺង ង៉ុកថាញ់ ស៊ីម វ៉ា និងចលនាប្រដាប់អាវុធរបស់ខ្មែរក្រហម។
ទាំងអស់នេះ វាសុទ្ធតែជារឿងអាណោចអាធ័មសម្រាប់ប្រទេសជាតិមួយ ដែលទើបនឹងបានឯករាជ្យ ហើយកំពុងតែត្រូវកសាងឡើងវិញ ប៉ុន្តែបែរជាមានការបំផ្លិចបំផ្លាញដោយកម្លាំងផ្សេងៗ។ ខ្មែរក្រហមបានធ្វើសកម្មភាពច្រើន គ្រប់ទីកន្លែង ជាកម្លាំងប្រដាប់អាវុធ ខ្មែរខៀវនៅតាមព្រំដែនកម្ពុជាថៃ ក៏មានប្រដាប់អាវុធ ខ្មែរស នៅតាមព្រំដែនកម្ពុជាវៀតណាម។ ប៉ុន្តែ ពេលវេលានោះ មានរដ្ឋាភិបាលតែមួយប៉ុណ្ណោះ ពិតមែនតែមានកម្លាំងប្រឆាំងនៅជាតំបន់ គ្រប់គ្រងត្រង់នេះ ត្រង់នោះ តាមរបៀបលួចលាក់។ ប៉ុន្តែ ភាពមិនស្ងប់នេះ ក៏បានបង្កនូវការលំបាកផងដែរ។ រដ្ឋប្រហារ ១៨ មីនា ១៩៧០ ប្រទេសកម្ពុជាយើងបានបែកជាពីរទៅហើយ ម្ខាងគ្រប់គ្រងដោយ លន់ នល់ នៅឯទីក្រុងភ្នំពេញ និងទីក្រុងមួយចំនួនទៀត ម្ខាងទៀតនៅតំបន់រំដោះ ដែលដឹកនាំដោយរណសិរ្សរួបរួមជាតិកម្ពុជា របស់ព្រះនរោត្តមសីហនុ នេះជាក្របខណ្ឌផ្ទៃក្នុងបានបែងចែក នៅតំបន់ត្រួតត្រាជាពីរធំៗ។ ប៉ុន្តែកុំភ្លេចថា ដំណាក់កាលនេះ ជាដំណាក់កាលដែលមានរដ្ឋាភិបាល ២ ប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ មិនមែនគ្រាន់តែវ៉ៃគ្នានៅក្នុងប្រទេសទេ ក៏ប៉ុន្តែវ៉ៃដណ្តើមគ្នានៅអង្គការសហប្រជាជាតិ អង្គការអន្តរជាតិផ្សេងៗ …។ ឯចលនាមិនចូលបក្សសម្ព័ន្ធ គឺត្រូវបានចលនាតស៊ូរបស់សម្តេចព្រះនរោត្តមព្រះសីហនុ ព្រះបរមរតនកោដ្ឋកាន់កាប់។ តើនេះមិនមែនជាការបែងចែកទេឬ? វាច្បាស់ណាស់ លើកនេះ មហន្តរាយកាន់តែធំ គ្រោះថ្នាក់សម្រាប់ជាតិយើងធ្ងន់ណាស់។ គ្រាប់បែក ២ លាន ៧ សែនតោន ទម្លាក់លើក្បាលប្រជាជនកម្ពុជា។ ឥឡូវផលវិបាករបស់វាកំពុងតែនៅសេសសល់នៅឡើយទេ។ គ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បុមប៊ី នៅផ្តាច់ជីវិតប្រជាជនកម្ពុជានៅឡើយ។ ស្លាប់ និងរបួស ទោះបីត្រូវបានកាត់បន្ថយ ក៏ប៉ុន្តែ សល់គ្រាប់ច្រើនណាស់។ បន្ទាប់ពីហ្នឹង របបប្រល័យពូជសាសន៍បានមកដល់។ បន្ទាប់ពី លន់ នល់ ដួលរលំ យើងគិតស្មានថា ១៧ មេសា ១៩៧៥ ប្រទេសនេះ នឹងត្រូវបញ្ចប់សង្រ្គាម ហើយនាំគ្នាកសាងប្រទេស មិននឹកស្មានថារបបប្រល័យពូជសាសន៍បានមកដល់។
របប ប៉ុល ពត ឃោឃៅព្រៃផ្សៃ តែមិនអាចគ្រប់គ្រងទឹកដីបានទាំងស្រុងទេ
… ខ្ញុំអាចនិយាយប្រាប់អស់លោកអ្នកឲ្យបានច្បាស់ថា បើទោះបី របបប៉ុលពត ឃោឃៅព្រៃផ្សៃ និងមានទាហានច្រើនយ៉ាងណាក៏ដោយ ប៉ុល ពត មិនអាចគ្រប់គ្រងទឹកដីបានទាំងស្រុងនោះទេ។ អត់ទេ។ មានចលនាតស៊ូនៅតំបន់កោះកុង ដែលដឹកនាំដោយ ឯកឧត្តម សាយ ភូថង និងឯកឧត្តម ទៀ បាញ់។ មានចលនាតស៊ូនៅភូមិភាគឦសាន ដែលដឹកនាំដោយឯកឧត្តម ប៊ូ ថង និងឯកឧត្តម សឺយ កែវ។ មានចលនាតស៊ូដែលដឹកនាំដោយខ្ញុំផ្ទាល់ ដែលមានកងទ័ព ២៣ កងវីរៈសេនាទោ ១០០ ក្រុមប្រតិបត្តិការប្រដាប់អាវុធ និងមានអង្គភាពដទៃទៀត។ ជាពិសេស ការបះបោរទ្រង់ទ្រាយធំ ដែលដឹកនាំដោយសម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម នៅបូព៌ាទិស ដែលគ្របដណ្តប់ ស្វាយរៀង ព្រៃវែង កំពង់ចាម ភាគខាងកើត។ នេះបង្ហាញឲ្យឃើញថាទោះបីប៉ុល ពត សាហាវ ឃោឃៅព្រៃផ្សៃយ៉ាងណាក៏ដោយ តែរដ្ឋាភិបាល ប៉ុល ពត ក៏មិនអាចគ្រប់គ្រងបានទឹកដីទាំងអស់ទេ។
ភាពមិនត្រូវគ្នារវាងប្រព័ន្ធបោះឆ្នោត ត្រូវបានសម្របសម្រួលដោយ SNC
ឆ្នាំ ១៩៧០ យើងបានរំដោះប្រទេស។ ពេលដែលយើងរំដោះប្រទេស ក្នុងចន្លោះ ឆ្នាំ ១៩៧៩ ដល់ ១៩៩៣ ប្រទេសកម្ពុជាមួយបានវិលត្រឡប់ទៅជាប្រទេសមួយដែលមានតំបន់ត្រួតត្រា ៤ និងរដ្ឋាភិបាល ២ ទៅទៀត។ រដ្ឋាភិបាលមួយ គឺរដ្ឋាភិបាលភ្នំពេញ អាចនិយាយបានថា ដោយសារពេលវេលាវាវែង អាចនិយាយបានថារដ្ឋាភិបាលរបស់ខ្ញុំទៅចុះ ព្រោះខ្ញុំបានចាប់ផ្តើមពី អ្នកដែលនៅក្នុងរដ្ឋាភិបាលនោះ រហូតមកដល់ពេលនេះ គឺមានខ្លួនខ្ញុំដែលនៅសេសសល់ក្នុងរដ្ឋាភិបាលរបស់យើង។ ឯរដ្ឋាភិបាលមួយទៀត រដ្ឋាភិបាលចម្រុះរបស់កម្ពុជាប្រជាធិបតេយ្យក្រោមទង់របស់ខ្មែរក្រហម ដែលទៅអង្គុយនៅអង្គការសហប្រជាជាតិ។ ប៉ុន្តែ ទោះបីជារដ្ឋាភិបាលតែមួយ តែគេមានកម្លាំងប្រដាប់អាវុធ ៣ ដោយឡែកពីគ្នា តំបន់ត្រួតត្រា ៣ ដោយឡែកពីគ្នា។ ដូច្នេះប្រទេសកម្ពុជាមួយ មានរាជរដ្ឋាភិបាល ២ និងតំបន់ត្រួតត្រា ៤។ តាមរយៈកិច្ចព្រមព្រៀងប៉ារីសដែលយើងបានប្រឹងយ៉ាងខ្លាំង ហើយខ្ញុំគឺជាតួអង្គ ដែលចូលរៀបចំទៅលើដំណើរការចរចាដែលចាប់ផ្តើមពី ដែលគេនិយមហៅថា សីហនុ ហ៊ុនសែន ហ្វែរអង់តាឌឺន័រ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ ជាបណ្តើរនាំមកការចរចានៅក្នុង ក្របខណ្ឌតំបន់ ការប្រជុំ ហ្សាកាតា ក្រៅផ្លូវការលើកទីមួយ ទី ២ ដែលគេហៅ កាត់ថា JIM – JAKARTA INFORMAL MEETING ហើយឈានទៅការបើកសន្និសីទអន្តរជាតិទីក្រុងប៉ារីស ឆ្នាំ ១៩៨៩។
ការខិតខំរបស់ភាគីខ្មែរ ការខិតខំជួយរបស់សហគមន៍អន្តរជាតិ នាំទៅដល់កិច្ចព្រមព្រៀងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១។ ខ្ញុំហាក់ដូចជាជ្រេញខ្លាំងណាស់ ជាមួយអ្នកមនុស្សមួយចំនួនដែលមិនដឹងខ្យល់ ហើយក៏មិនដឹងថាកិច្ចព្រមព្រៀងប៉ារីសមានខ្លឹមសារយ៉ាងម៉េចខ្លះ គេតាំងខ្លួនធ្វើជាអ្នកម្ចាស់កិច្ចព្រមព្រៀងប៉ារីស។ ខ្ញុំសូមជម្រាប សូម្បីតែរូបមន្តបោះឆ្នាតសមមាត្រតាមខេត្ត តើវាជាគំនិតរបស់អ្នកណា? វាជាគំនិតរបស់ ហ៊ុន សែន ច្បាស់ណាស់។ ទៅសួរប្រទេស ៥ ទៅ ហើយសួរអ្នកដែលនៅរស់រានមានជីវិតសព្វថ្ងៃ ហើយទៅព្រមព្រៀងគ្នានៅឯ ញូវយ៉កនោះ។ ប្រទេសធំទាំង ៥ ស្នើឲ្យមានការបោះឆ្នោតទូទាំងប្រទេស។ ត្រីភាគីគាំទ្រ។ ខ្ញុំស្នើឲ្យមានការបោះឆ្នោតឯកត្តនាម ដើម្បីបើកឱកាសឲ្យមានអ្នកឈរឈ្មោះដោយសេរី ចន្លោះរវាងម្ខាងសមមាត្រទូទាំងប្រទេស និងម្ខាងទៀតឯកត្តនាម។ ខុសគ្នាឆ្ងាយណាស់។
ត្រឡប់ពីប៉ាតាយ៉ាជាកន្លែងចរចា ដែលមិនត្រូវគ្នាលើរឿងនេះ មកភ្នំពេញពិគ្រោះគ្នា យើងក៏បាននាំទៅកាន់ទីក្រុងញូវយ៉ក ដែលពេលនោះ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់បានកាន់កាប់អាសនៈ ជំនួសឲ្យខ្មែរក្រហម។ ពេលនោះ ខ្ញុំស្នើដាក់រូបមន្តបោះឆ្នោតសមាមាត្រតាមខេត្ត ដែលបាន និងកំពុងអនុវត្តសព្វថ្ងៃនេះ។ តើលោកអ្នកដែលស្រែកកោកៗ ពីកិច្ចព្រមព្រៀងក្រុងប៉ារីសដឹងដឹងប្រវត្តិវាទេ។ អ្វីដែលជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសវាបានរលាយចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបាត់ទៅហើយ។ សុំមើលឡើងវិញ ហើយអានវាចុះឡើង។ កុំនិយាយទទឹងទិសបានទេ។ ខ្ញុំមិនចង់ឲ្យបញ្ញាវ័ន្តខ្មែរ ដែលតាំងខ្លួនជាបញ្ញាវ័ន្ត ឬក៏ជនជាតិខ្មែរណាម្នាក់ល្ងង់ខ្លៅ រហូតនិយាយមិនដឹងខ្យល់នោះទេ។ ទោះបីថាអ្នកនោះមិនស្របជាមួយខ្ញុំក៏ដោយ តែសុំឲ្យខ្មែរមានការចេះដឹង។
… នេះគឺជាការខិតខំមួយ។ ភាពមិនត្រូវគ្នារវាងប្រព័ន្ធបោះឆ្នោត ត្រូវបានសម្របសម្រួល SNC។ កាលពីដើមទីអត់ទាន់មានប្រធានទេ ការសម្របសម្រួលត្រូវបានធ្វើដោយថ្វាយព្រះរាជតួនាទីនេះ ទៅសម្តេចព្រះនរោត្តមសីហនុ ហើយ SNC កើតពីអ្នកណា? សំណើរបស់ខ្ញុំ តាំងពីឆ្នាំ ១៩៨៨ ពេលនោះហៅថាក្រុមប្រឹក្សាជាន់ខ្ពស់ ហើយពេលនោះខ្ញុំស្នើទៀតឲ្យមានប្រធានមួយ និងអនុប្រធាន ៣។ ប៉ុន្តែ ត្រូវបានគេទាត់ចោល។ ខ្ញុំបានរកការព្រមព្រៀងជាមួយនឹង ឆាវ៉ាលីត យុងឆៃយុទ្ធ ហើយក៏បង្កើតឱកាសចរចាជាមួយនឹងសម្តេចនរោត្តមសីហនុ នឹងចុះហត្ថលេខាជាមួយនឹង សម្តេច នរោត្តមសីហនុ នៅទីក្រុងបាងកក គឺក្រុមប្រឹក្សាជាតិជាន់ខ្ពស់នេះឯង។ បន្ទាប់ទៅធ្វើដំណើរទៅទីក្រុងតូក្យូដើម្បីចុះហត្ថលេខា ក្នុងដំណាក់កាលនាយករដ្ឋមន្រ្តី តូស៊ីគី ខៃហ៊្វូ របស់ជប៉ុន។ តើគេទាំងឡាយបានដឹងរឿងនេះទេ? ពេលនោះ ត្រីភាគី ពហិកាដោយ ខៀវ សំផន និង សុន សេន អ្នកចុះហត្ថលេខា គឺសម្តេចព្រះ នរោត្តមសីហនុ និងខ្ញុំ ហើយមានខាងលោកតា សឺន សាន ដល់ចុះឈ្មោះពិតប្រាកដសម្រាប់ធ្វើក្រុមប្រឹក្សាជាតិជាន់ខ្ពស់ មកចុះនៅហ្សាកាតានៅឯណេះវិញទេ តើគេដឹងទេអាហ្នឹង?
នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស បើអ្នកឯងចង់និយាយការកាត់ទោសខ្មែរក្រហម គឺខុសហើយ ព្រោះមិនបានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ។ អ្នកឯងចេះតែនិយាយអានេះខុស អានោះខុស អ្នកឯងចង្អុលឲ្យវាចំមើល។ រឿងកាត់ទោសខ្មែរក្រហម អត់មានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេអស់លោក។ … ខ្ញុំងាកមកនិយាយ កិច្ចព្រមព្រៀងប៉ារីសក៏បាននាំយើងឲ្យដល់ការបោះឆ្នោតមួយ ហើយបញ្ចូលគ្នានូវភាគី ៣ ក្នុងចំណោមភាគី ៤ ប៉ុន្តែ យើងក៏ត្រូវចងចាំថា បន្ទាប់ពីការចាយលុយអស់ជាង ២០០០ លានដុល្លារអាមេរិក អ៊ុន តាក់ បានដកត្រឡប់ទៅវិញដោយបន្សល់ទុកឲ្យកម្ពុជា នូវប្រទេសមួយដែលមានតំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២ គឺមួយរាជរដ្ឋាភិបាលនៅទីក្រុងភ្នំពេញ និងមួយទៀតគឺខ្មែរក្រហម ដែលគេនៅសេសសល់តំបន់ត្រួតត្រាមួយចំនួន ទាំងនៅក្នុងផ្ទៃក្នុងប្រទេស និងនៅតាមព្រំដែនកម្ពុជាថៃ។
គណបក្សប្រជាជន បានធ្វើនូវកិច្ចការជាអច្ឆរិយៈ គឺការអនុវត្តនយោបាយឈ្នះ-ឈ្នះ
ជាថ្មីម្តងទៀត គណបក្សប្រជាជន បានធ្វើនូវកិច្ចការមួយ ដែលជាកិច្ចការអច្ឆរិយៈសម្រាប់កម្ពុជាផង ហើយសម្រាប់ការដកពិសោធន៍នៃប្រទេសដទៃ នោះគឺការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ។ ខ្ញុំបានយកជីវិតរបស់ខ្ញុំទៅប្តូរ។ ពីមុនពេលដែលខ្ញុំដឹកនាំកម្លាំងតស៊ូ វ៉ៃ ប៉ុល ពត ខ្ញុំមានតែក្បាលទេ ធ្វើដើមទុន សម្រាប់ផ្តួលរលំ ប៉ុលពត។ ពេលអនុវត្តនយោបាយឈ្នះ-ឈ្នះ បើទោះបីជាខ្ញុំមានឋានៈនាទីប៉ុណ្ណាក៏ដោយ តែខ្ញុំត្រូវលះបង់សាជាថ្មីម្តងទៀត ដើម្បីសេចក្តីសុខរបស់ជាតិយើង។ ពេលដែលម្តាយខ្ញុំនៅរស់ ម្តាយធំខ្ញុំនៅរស់ ឥឡូវគាត់មរណកាលអស់ហើយ ពួកគាត់ឃើញកូន និងឃើញក្មួយរបស់គាត់ប្រថុយប្រថាន និងគ្រោះថ្នាក់ ពីរនាក់បងប្អូនគាត់ បើកទ្វារបន្ទប់ទៅជួបជាមួយខ្ញុំ ប្រើពាក្យថា “ឯងចូលទៅក្នុងតំបន់គេ ឯងមិនខ្លាចគេសម្លាប់ទេអី?”។ ស្រណោះម្តាយធំរបស់ខ្ញុំ បានប្រើពាក្យថាក្មួយៗ មិនគួរទៅទេ។ ខ្ញុំបានប្រាប់ ម៉ែធំ ប្រសិនបើស្លាប់ក៏គ្រាន់តែស្លាប់ខ្ញុំ និងអ្នកទៅជាមួយខ្ញុំប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែប្រសិនបើបានមកវិញ គឺបានផែនដីទាំងមូលតែម្តង។ ខ្ញុំត្រូវចូលទៅតំបន់ប៉ៃលិន សំឡូត ម៉ាឡៃ ភ្នំព្រឹក្ស តាកែនកោះស្លា អន្លង់វែង។ ខ្ញុំមិនបានទៅទេ ពេលនោះជាពេលដែលខ្ញុំកំពុងកាន់ទុក្ខមរណភាពរបស់ម្តាយ។ ខ្ញុំអោយឯកឧត្តម ទៀ បាញ់ ទៅធ្វើសមាហរណកម្មចាប់ពីពេលនោះមក។
ឆ្នាំ ១៩៩៨ ជាលើកដំបូងនៅក្នុងប្រវតិ្តសាស្ត្រដែលកម្ពុជាជាប្រទេសមួយ តំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។ ខ្ញុំអាចនិយាយបានថា ក្រៅពីគណបក្សប្រជាជនគ្មានគណបក្សណាចូលរួមទេក្រៅពីការបំផ្លាញ។ ពេលយើងរំដោះ គេបានចូលរួមជាមួយខ្មែរក្រហម។ ដូច្នេះតួនាទីនាំមកនូវសន្តិភាព និងការបង្រួបបង្រួមជាតិ ខ្ញុំមិននិយាយប៉ះពាល់ដល់ព្រះមហាក្សត្រទេ ដែលព្រះអង្គគង់នៅពីលើ ប៉ុន្តែនិយាយពីតួនាទីគណបក្សនយោបាយ គណបក្សប្រជាជនជាអ្នកដើរតួនាទី ទាំងផ្តួល ប៉ុល ពត ទាំងទប់ ប៉ុល ពត និងរំលាយអង្គការចាត់តាំងនយោបាយ និងយោធា ប៉ុល ពត តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវការឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បើមិននិយាយដល់រាប់រយឆ្នាំ ក៏និយាយដល់រាប់សិបឆ្នាំដែរ សម្រាប់ការអភិវឌ្ឍប្រទេស។
យើងចេញដំណើរពីភាពក្រីក្រ ១០០ ភាគរយ តើអ្នកណាមានអីក្រោយពីរំដោះប្រទេស។ ឥឡូវនេះយើងបានទម្លាក់អត្រានៃភាពក្រីក្ររបស់យើង មកនៅត្រឹមរង្វង់ ១៣%។ យើងបានប្រឹងងើបឈរឡើង ដើម្បីកសាងប្រទេស ហើយខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋកម្ពុជាដែលបានគាំទ្រគណបក្សប្រជាជននៅគ្រប់ដំណាក់កាល ដំណាក់កាលផ្តួលរំលំ ប៉ុល ពត ដំណាក់កាលទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត និងកសាងប្រទេសឡើងវិញ ដំណាក់កាលនៃការចរចាស្វែងរកសន្តិភាព ដំណាក់កាលនៃការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនតែងតែបោះឆ្នោតជូនគណបក្សប្រជាជន តាមរយៈសន្តិភាពដែលយើងផ្តល់ឱកាសយ៉ាងធំសំបើមឲ្យយើងអភិវឌ្ឍ។
ប្រៀបធៀបស្ថានភាពសេដ្ឋកិច្ចពីមុន និងសេដ្ឋកិច្ចបច្ចុប្បន្ន
រយៈពេល ២ ទស្សវត្សរ៍ គឺ ២០ ឆ្នាំជាប់គ្នា បើទោះបីមានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ និងវិបត្តិសេដ្ឋកិច្ចសកល ក៏ប៉ុន្តែកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ៧,៧% រយៈពេល ២០ ឆ្នាំ។ ប្រសិនបើគ្មានវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលពី ២០០៨ មក កម្ពុជាមានលទ្ធភាពហួសពីនេះទៀត។ ២០០៤ កម្ពុជាបានធ្វើដល់កំណើនសេដ្ឋកិច្ច ១៣,៥% ២០០៤, ២០០៥, ២០០៦, ២០០៧ ពីរខ្ទង់រហូត លើ ១០% រហូត ប៉ុន្តែនៅពេលដែលវិបត្តិសេដ្ឋកិច្ចធ្លាក់ វិបត្តិសេដ្ឋកិច្ចសកលវាបានជះឥទ្ធិពលមកយើង។ កំណើនសេដ្ឋកិច្ចឆ្នាំ ២០០៨ បានតែ ៦,៨% ទេ ២០០៩ មកនៅសល់ ០,១% ប៉ុន្តែចាប់ពី ២០១០ មកយើងឡើងរហូត ៧% រហូត ឆ្នាំទៅបាន ៧,១%។ អត្រាលូតលាស់នៃខាងសេដ្ឋកិច្ចនេះហើយ ដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋកម្ពុជាមានលទ្ធភាពកាន់តែច្រើន។ ខ្ញុំសូមលើកបន្តិច ដើម្បីធ្វើការប្រៀបធៀប បោះឆ្នោតកាលពីឆ្នាំ ២០១២ ពេលនោះកម្មករ កម្មការិនីរោងចក្ររបស់យើង មានប្រាក់បៀវត្សរ៍ត្រឹមតែ ៨០ ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះកម្មករ កម្មការិនីរបស់យើងបានទទួលបៀវត្សរ៍រហូតទៅដល់ ១៥៣ ដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ដទៃទៀត ១៧០ ទៅ ១៨០។ គ្រូបង្រៀនរបស់យើងមន្ត្រីរាជការរបស់យើង នៅពេលបោះឆ្នោតឆ្នាំ ២០១២ ឃុំ សង្កាត់ ពេលនោះប្រាក់ខែរបស់គ្រូបង្រៀនរបស់យើងជាង ៣០ ម៉ឺនឬ ៤០ ម៉ឺន ប៉ុណ្ណោះ តែឥឡូវគ្រូបង្រៀនរបស់យើងទាបបំផុតក៏បាន ៩៥ ម៉ឺនដែរ បូកនឹងប្រាក់តំបន់ដទៃទៀត គឺលើស។
ហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើនដោយគណបក្សប្រជាជន
នេះជាផ្លែផ្កានៃកំណើនសេដ្ឋកិច្ច នេះជាកំណែទម្រង់អភិបាលកិច្ច មិនមែនធ្វើតាមរបៀបអ្នកវិភាគដែលមិនដឹងខ្យល់ទេ តែមានផែនទីចង្អុលផ្លូវច្បាស់លាស់។ សូមអស់លោកបណ្ឌិតមួយចំនួនយកឯកសារទៅមើល ហើយឆ្លុះបញ្ចាំងអំពីការអនុវត្តដ៏ជោគជ័យ។ វាមិនមែនគ្រាន់តែជោគជ័យរបស់គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាលទេ ក៏ប៉ុន្តែជាជោគជ័យរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា ដែលបានឃើញ ឆ្លងស្ពានវែងៗឆ្លងកាត់ទន្លេមេគង្គទេ ឆ្លងកាត់ទន្លេបាសាក់ ឆ្លងកាត់ទន្លេសាបទេ ដែលបានឃើញទេ? តាំងពីជីដូនជីតា តាំងពីកកើតទឹកដីមកវាមិនដែលមានទេ។ អស់ហើយយើងមានស្ពានជ្រោយចង្វារមួយ ត្រូវបំផ្លាញដោយសង្គ្រាមទៅទៀត។ យើងមានស្ពានព្រះមុនីវង្សមួយ ប៉ុន្តែឥឡូវនេះជ្រោយចង្វារមានមួយទៅមួយមក ព្រះមុនីវង្សក៏ដូចគ្នាដែរ។ យើងមានស្ពានផ្លូវស្ទឹងត្រែង សេកុងមួយ និងមានមេគង្គមួយ បន្តទៅមានស្ពាននៅកំពង់ចាម គីហ្ស៊ូណា បន្ទាប់ទៅយើងមាននៅព្រែកតាមាក់ ទន្លេសាបយើងមានជ្រោយចង្វារដល់ទៅ ២ យើងមានស្ពានលីយ៉ុងផាត់ យើងមានស្ពានព្រែកក្តាម … យើងមានស្ពានព្រះមុនីវង្សថែមមួយ ពីលើមួយដែលមានស្រាប់ ស្ពានតាខ្មៅ និងស្ពានកោះធំ។ យើងកំពុងត្រៀមសាងសង់នូវស្ពានឆ្លងកាត់ទន្លេ តភ្ជាប់រវាងម្ខាងស្រុកស្ទឹងត្រង់ ម្ខាងស្រុកក្រូចឆ្មារ ដែលមុននេះនៅខេត្តកំពង់ចាមតែមួយទេ ប៉ុន្តែយើងបំបែកជាពីរ ម្ខាងត្បូងឃ្មុំ ម្ខាងស្ទឹងត្រង់ …។
ប្រៀបធៀបប្រាក់ចំណូលរបស់កម្មករ កម្មការិនីក្នុងប្រទេស និងប្រទេសជិតខាង
ឥឡូវទំហំសេដ្ឋកិច្ចរបស់យើងកាន់តែធំ យើងបាននាំប្រទេសរបស់យើងឆ្លងកាត់ពីប្រទេសមានប្រាក់ចំណូលទាបទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ចំណុចនេះខ្ញុំសូមជម្រាបជូនថា សម័យរុងរឿងនៅសង្គមរាស្ត្រនិយម សូមយកតួលេខមកមើល មិនមែនជាការនិទានរឿងនោះទេ។ ព្រះករុណាបិតា ព្រះអង្គបានដឹកនាំប្រទេស ហើយប្រាក់ចំណូលរបស់ប្រជាជន សម្រាប់ប្រជាជនម្នាក់ៗមានជាង ២៦០ ដុល្លារ ប៉ុន្តែ ២៦០ ដុល្លារក្នុងដំណាក់កាលនោះគឺខ្ពស់ណាស់ ហើយបើប្រៀបធៀបនឹងកូរ៉េខាងត្បូងក្នុងដំណាក់កាលនោះ មានតែ ៧៤ ដុល្លារក្នុងម្នាក់។ ប៉ុន្តែសង្គ្រាមបានបំផ្លាញយើងធ្លាក់ចុះ។ ឥឡូវយើងបាននាំប្រទេសរបស់យើងមកកាន់ដំណាក់កាលថ្មី គឺជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដែលប្រាក់ចំណូលសម្រាប់ប្រជាជនម្នាក់មានជាង ១៣០០ ដុល្លារ។ យើងជឿជាក់ថា អត្រាកំណើននេះនឹងបន្តកើន ទំហំពាណិជ្ជកម្មការនាំចេញរបស់យើងកាន់តែធំ។
ខ្ញុំសូមផ្តាំផ្ញើជូនទៅក្មួយៗកម្មករ កម្មការិនី ឲ្យបានជ្រាប ការតម្លើងបៀវត្សរ៍សម្រាប់ក្មួយៗ រាជរដ្ឋាភិបាលប្រឹងប្រែងខ្លាំងណាស់ ដើម្បីឲ្យក្មួយៗកម្មករ កម្មការិនី ទទួលបានបៀវត្សរ៍សមរម្យ។ ឥឡូវ អប្បបរមា ១៥៣ ដុល្លារ ដែលគោលដៅរបស់យើងមិនតិចជាង ១៦០ ដុល្លារនៅឆ្នាំ ២០១៨ ក្នុងពេលដែលប្រទេសក្នុងតំបន់នេះមានតែថៃមួយទេ ដែលខ្ពស់ជាងកម្ពុជា ក្រៅពីនោះនៅតំបន់មួយចំនួនរបស់វៀតណាម មានត្រឹមតែ ១៣០ ដុល្លារទេ នៅឡាវមានត្រឹមតែ ១០០ ដុល្លារទេ នៅមីយ៉ាន់ម៉ា មានត្រឹមតែ ៨២ ដុល្លារទេ នៅបង់ក្លាដេសដែលខ្ញុំទៅ ៧៥ ដុល្លារអស់ហើយ។ ខ្ញុំក៏បារម្ភនូវការរើចេញនៃរោងចក្រ ហើយវាពិតជាមានការរើចេញ ព្រោះអតីតប្រធានបក្សប្រឆាំងបានទៅស្នើសុំឲ្យសហគមន៍អឺរ៉ុបឈប់បញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា តើនេះជាសំដីសម្លាប់កម្មករ ឬជាសំដីបង្កើននូវប្រាក់ខែកម្មករ។
គ្មានបក្សប្រឆាំងណាមួយជួយទេ មានតែស្នើឲ្យប្រទេសជិតខាងកាត់ជំនួយ និងឈប់បញ្ជាទិញ
ក្មួយៗត្រូវមើល អ្នកដែលនាំមកនូវរោងចក្រមិនមែនជាបក្សប្រឆាំងទេ គឺរាជរដ្ឋាភិបាល អ្នកដែលចរចាបង្កើតលក្ខខណ្ឌការងារ ព្រមព្រៀងជាមួយនឹង ILO និងបណ្តាសហជីព នៅខ្វះចន្លោះនៅកន្លែងខ្លះ ដែលការមិនគោរព។ ក្រសួងការងារក៏បន្តធ្វើការងារនេះ។ ក្មួយៗត្រូវយល់អ្វីដែលក្មួយត្រូវទទួលបាននៅថ្ងៃនេះ គ្មានបាតដៃបក្សប្រឆាំងទេ។ បក្សប្រឆាំង ក្រៅពីដឹកនាំធ្វើបាតុកម្ម គ្មានធ្វើស្អីសោះ ហើយទៅប្រាប់បរទេសកុំឲ្យមកវិនិយោគ កុំឲ្យផ្តល់ជំនួយ។ នេះជាកិច្ចការរបស់បក្សប្រឆាំងដែលធ្វើ។ ចង់ឲ្យធ្វើបញ្ជី(អោយ)ឃើញថាគាត់និយាយយ៉ាងណា នៅកន្លែងណា។ យើងអាចរកទាំងរូបភាព រកទាំងឯកសារឲ្យក្មួយមើលឃើញផងឲ្យច្បាស់។ យើងបានប្រឹងប្រែងតទឹក តភ្លើង ទៅឲ្យកម្មករ ដែលមុននេះតាមផ្ទះជួលយកថ្លៃភ្លើងស្រេចចិត្ត យកថ្លៃទឹកស្រេចចិត្ត។ ប៉ុន្តែតាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលទទួលបន្ទុកតទឹក តាមរយៈក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនអគ្គិសនី តាមរយៈតភ្លើង ដែលធ្វើឲ្យតម្លៃអគ្គិសនីសម្រាប់ក្មួយៗជាកម្មករប្រើប្រាស់ នៅត្រឹមតែ ៦១០ រៀលប៉ុណ្ណោះ ដែលមុននេះម្ចាស់ផ្ទះយក ១០០០ រៀលឬ ១០០០ ជាង។ ទឹកយក ២០០០ ឬ ៣០០០ រៀល ដែលឥឡូវនៅសល់ជាង ១០០០ រៀល។ តើមានបាតដៃបក្សប្រឆាំងទេ? អត់មានទេ។ តែបក្សប្រឆាំងបែរជាយកចំណេញថានេះសុទ្ធតែជាការទាមទាររបស់លោក។ សូមលោកមេបក្សប្រឆាំងទាំងឡាយ ធ្វើមុខឲ្យស្តើងបន្តិចបានទេ។ កុំលួចសមិទ្ធផលអ្នកដទៃ។ រាជរដ្ឋាភិបាលប្រឹងណាស់ ក្នុងពេលដែលពួកប្រឆាំងទៅរារាំង។ សូម្បីតែ CG តូក្យូ ក៏គេទៅកុំឲ្យផ្តល់ជំនួយ គេហ៊ានទៅប្រាប់បរទេសថាកុំមកវិនិយោគ។ គេហ៊ានទៅនិយាយប្រាប់សហភាពអឺរ៉ុប ថាកុំបញ្ជាទិញ។ តើនេះជាអី? អំពើបំផ្លិចបំផ្លាញ និយាយរួមតួនាទីរបស់គេគ្មានទាល់តែសោះ។
បក្សប្រឆាំងមិនគាំទ្រការតម្លើងបៀវត្សរ៍ និងការលើកលែងពន្ធលើបៀវត្សរ៍ ព្រោះមិនបានបោះឆ្នោតគាំទ្រក្នុងសភា
ខ្ញុំសូមលើករឿងនេះថា បើគេគាំទ្រនូវការតម្លើងបៀវត្សរ៍ដូចដែលគេនិយាយ គេច្បាស់ជាបោះឆ្នោតគាំទ្រថវិកាហើយ។ នៅក្នុងសភា តើគេបោះទេ? អត់បោះទេ។ ព្រឹទ្ធសភាក៏ដូចគ្នា។ អត់បោះទេ។ បើគេគាំទ្រនូវការតម្លើងបៀវត្សរ៍ឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមែន ច្បាប់ថវិកាមានមួយភាគ គឺចំណែកបន្ទុកបុគ្គលិក។ គេមិនបានបោះឆ្នោតទេ។ ក្រៅពីនោះ តើគេមានបានបោះឆ្នោតដើម្បីគាំទ្រនូវការលើកលែងពន្ធលើបៀវត្សរ៍ទេ? អត់ទេ។ មុននេះ ច្បាប់ពន្ធរបស់យើង អ្នកមានប្រាក់ចំណូល ៥០ ម៉ឺនរៀលត្រូវបង់ពន្ធ ក្រោយមកយើងបានកែសម្រួលថា ៨០ ម៉ឺនរៀលត្រូវបង់ពន្ធ ពេលហ្នឹងគេក៏មិនបោះឆ្នោតគាំទ្រដែរ។ (សភា)ឆ្លងមួយជំពូកម្តង មួយមាត្រាម្តង។ គេគួរណាស់ថា បើថាទាំងមូលខ្លាចពិបាក ប៉ុន្តែមួយមាត្រាម្តងនេះ វាគួរតែកន្លែងហ្នឹងត្រូវគាំទ្រ គេមិនគាំទ្រទៅទៀត។ ដល់ច្បាប់សម្រាប់ការគ្រប់គ្រង ឆ្នាំ ២០១៧ យើងតម្លើងពី ៨០ ម៉ឺន មកដល់ ១ លានរៀល ទើបជាប់ពន្ធ។ ដល់កន្លែងហ្នឹងក្រឡេកមើលទៅគេ គេអត់លើកដៃទៀត។ អញ្ចឹងទេ មានន័យថា គេមិនបានគាំទ្រនូវការតម្លើងបៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទេ ព្រោះគេក៏មិនបានគាំទ្រដែរ។ ការលើកលែងពន្ធក៏គេមិនគាំទ្រដែរ ពី ៥០ មក ៨០ ពី ៨០ ដល់ ១ លាន។ ប៉ុន្តែ និយាយអញ្ចឹងសូមបញ្ជាក់ជាមួយគ្នាណាស់តិចមានបងប្អូនមួយចំនួនគិតថា បើដល់ ១ លានជាប់ពន្ធអញ្ចឹងមិនបាច់យកទេ យកត្រឹម ៩៩៩,៩៩៩ បានហើយអត់ជាប់ពន្ធ។ មិនមែនទេ។ សូមបញ្ជាក់ជូនបងប្អូនដែលមានប្រាក់ត្រូវជាប់ពន្ធ បើយើងមានប្រាក់ត្រឹម ១ លានគឺអត់ជាប់ពន្ធទេ ហើយបើយើងមានដល់ ១ លាន ១ សែន គេកាត់ចេញ ១ លាន យក ១០ ម៉ឺនមកគិតនៅក្នុងហ្នឹង។ ប្រទេសណាក៏គេយកពន្ធដែរ ប្រាក់ពន្ធដែលយកនោះ ក៏ជាប្រាក់ដែលបម្រុងទុកសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅពេលដែលគេចូលនិវត្តត្រូវទទួលប្រាក់នេះ នេះជាការចាត់ចែងរបស់រដ្ឋ។
ការឃោសនារបស់គណបក្សប្រឆំាង គឺដើម្បីបញ្ឆេះសង្គ្រាម
ខ្លះគេលើកឡើងថា ៥០ ម៉ឺនដុល្លារ អភិវឌ្ឍន៍ឃុំ។ តើឃុំជារដ្ឋមួយដែរឬអី? តើឃុំជារដ្ឋមួយដែរឬអី? ហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋបានវិនិយោគក្នុងមួយឆ្នំា ក្នុងរង្វង់ ៧០០ ទៅ ១ ពាន់លានដុល្លារ នោះហើយវាជាសមិទ្ធផលលើសលប់។ ខ្ញុំលើកឧទាហរណ៍ ស្ពានឆ្លងទន្លេ មិនមែនឃុំមួយយកមកធ្វើបានទេ អ្នកដែលជាប់ឃុំនៅហ្នឹង យក ៥០ ម៉ឺនដុល្លារទៅធ្វើបានទេ។ នេះឃោសនាអោយតែពីរួច។ តើរដ្ឋបាលថ្នាក់ជាតិមានថវិកាវិនិយោគជាសំណុំបញ្ហារបស់វា ដូចជាការតភ្ជាប់ផ្លូវស្ពាននោះទេ ខ្វះការគិតគូរ ខ្វះការចេះដឹង … សូម្បីតែខ្ញុំ ដែលគេហៅថា អ្នកដែលមានអំណាចកំពូល ក៏ខ្ញុំ(…)មុននឹងនិយាយ ពិគ្រោះយោបល់ជាមួយនឹងមេដឹកនំាដទៃទៀត។ ប៉ុន្តែមិននឹកស្មានថា មេបក្សប្រឆំាងមិនទាន់បានអី ហ៊ានប្រកាសរំលាយក្រសួងអភិវឌ្ឍន៍ជនបទ។ ខ្ញុំកោតថាធ្វើទៅរួច។ បើតែយ៉ាងនេះ រលាយហើយនគរខ្មែរ ហើយសង្គ្រាមក៏វានឹងផ្ទុះឆាប់ដែរ គូសវាសមិនច្បាស់ទេដឹង។ ទំាងអស់នេះ ខ្ញុំសូមចែករំលែក(គុណសម្បត្តិ)ជូនគ្រប់តួអង្គ លើកលែងតែបក្សប្រឆំាង និយាយអោយវាច្បាស់តែម្តង មិនជូនទេ ព្រោះបំផ្លាញជាប់។ គុណសម្បត្តិនេះមិនមែនអ្នកឯងបានធ្វើទេ អ្នកឯងទៅហាមឃាត់មិនអោយបរទេសមកវិនិយោគ។ កុំមើលស្រាលសង្គ្រាមអោយសោះ។ មើលតាមហ្វេសបុក បើសិនជាសង្គ្រាមពាក្យសម្តីនៅតែអញ្ចឹង ការលាបពណ៌មនុស្ស ចោទមនុស្សសុទ្ធតែក្បត់។ ឥឡូវអ្នកទំាងឡាយ ដែលកាន់សាសនាគ្រឹស្ត ហើយមកស្នើជួបខ្ញុំរបៀបនេះ ក្នុងពេលដែលខ្ញុំ(ត្រូវ)គេប្រសិទ្ធនាមថា ជាអាយ៉ងរបស់វៀតណាម តើអ្នកដែលកំពុងអង្គុយស្តាប់ខ្ញុំហ្នឹងជាអ្នកណា? …
សម្តេចព្រមាន កឹម សុខា អំពីការឃោសនាបោះឆ្នោត
ឯកឧត្តម កឹម សុខា ឯកឧត្តមត្រូវចំាអោយច្បាស់ ហើយអប់រំកូនចៅអោយច្បាស់ ខ្ញុំបានព្រមានឯកឧត្តមម្តងជាពីរដង។ ឯកឧត្តមបានឡើងជាអនុប្រធានទី១ សភា តាមរយៈនៃការខិតខំរបស់ខ្ញុំ តាមរយៈនៃការបោះឆ្នោតគំាទ្រដោយគណបក្សប្រជាជន។ ឯកឧត្តមទៅវ៉ៃប្រហារគណបក្សប្រជាជននៅឯសៀមរាប បន្ទាប់ទៅបានទៅវ៉ៃប្រហារគណបក្សប្រជាជននៅឯព្រៃវែង បន្ទាប់ទៅបានមកវ៉ៃប្រហារគណបក្សប្រជាជននៅទីក្រុងភ្នំពេញទៀត។ ខ្ញុំបានព្រមានពីខេត្តស្វាយរៀង ថាបើសិនជាឡើងតាមសន្លឹកឆ្នោតគណបក្សប្រជាជនធ្លាក់មកវិញក៏តាមសន្លឹកឆ្នោតគណបក្សប្រជាជនដែរ ហើយរឿងរ៉ាវនេះ បានក្លាយជាការពិត។ ឯកឧត្តមត្រូវចំា ហ៊ុន សែន តែនិយាយអីធ្វើហ្នឹង។ អស់អាតំណែងហ្នឹងទៅ ក្រោយមកនៅសល់អាតំណែងមួយទៀត ប្រធានក្រុមតំណាងរាស្ត្រភាគតិច មានឋានៈស្មើនាយករដ្ឋមន្ត្រី។ ឯកឧត្តមធ្វើអី? អញ្ចឹងទេអោយវាចប់សាច់រឿងតែម្តង ធ្វើវិសោធនកម្មមាត្រាទី ៤៨ ចោលតែម្តងទៅ។ សូមជម្រាបជូនអ្នកការទូតទំាងឡាយ កុំលូកដៃ។ ច្បាប់ស្តីពីគណបក្ស គឺគេអោយរំលាយគណបក្សចោល។ ប្រទេសយើងច្បាប់តំាងពី ១៩៩៧ ឬ ១៩៩៨ ច្បាប់ស្តីពីបក្សនយោបាយនោះ ប្រទេសគេបក្សណាធ្វើខុសធ្ងន់ធ្ងរ គឺគេរំលាយ … សូមកុំប្រមាថ អប់រំកូនចៅ។ ខ្ញុំប្រឹងថា អោយស្ងាត់ តែពួកគេមិនស្ងាត់ទេ។ ថ្ងៃនឹងគេចេញចំហ។ គេធ្វើរហូត។ ថ្ងៃនេះខ្ញុំនិយាយក្នុងនាមជានាយករដ្ឋមន្ត្រីអប់រំអោយស្ងៀមស្ងាត់ ហើយឃោសនាពីវត្ថុខ្លួនឯងបានហើយ ពីទំនិញខ្លួនឯងបានហើយ កុំបង្អាប់របស់គេ ហើយកុំយកសមិទ្ធផលគេយកទៅប្រើ។
គណបក្សប្រជាជន គឺជាគណបក្សដែលមានការអត់ធ្មត់ណាស់ ដើម្បីធានាសេចក្តីសុខ ព្រោះជាគណបក្សកាន់អំណាច។ ប៉ុន្តែប្រសិនបើគណបក្សប្រជាជនមិនអត់ធ្មត់ទេ ជាពិសេសនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអត់ធ្មត់ មិនបានប៉ុន្មានម៉ោងទេអស់លោក តែយើងស៊ីសងគ្នាតាមសន្លឹកឆ្នោតល្អជាង។ ខ្ញុំគិតថា រឿងអស់ទំាងនេះ ជារឿងដែលប្រជាជនយើងចង់បានណាស់សេចក្តីសុខ ប្រាក់ខែឡើង អគ្គិសនីចុះ តម្លៃទឹកដែលខ្ញុំបានប្រកាសថ្ងៃមុន … ប្រទេសយើងបានប្រែមុខមាត់ពីប្រទេសដែលឯកោ ក្លាយទៅជាប្រទេសដែលមានសមាហរណកម្ម នៅក្នុងតំបន់ និងពិភពលោក នេះអាស៊ាន អាស៊ីបូព៌ា អាស៊ីអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក ឥឡូវយើងទៅធ្វើជាអ្នកសម្របសម្រួល នៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក។ យើងទទួលបន្ទុកពីអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីទីម័រលេស្តចូលអង្គការពាណិជ្ជកម្មពិភពលោក យើងបានចូលរួមប្រតិបត្តិការអង្គការសហប្រជាជាតិ។
ប៉ុន្មានថ្ងៃមុននោះ ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋកម្ពុជាយើង ដែលបានចូលរួមមរណទុក្ខចំពោះយុទ្ធជនរបស់យើងដែលបានពលីជីវិតនៅអាហ្វ្រិកកណ្តាល វាជាជម្លោះបែបសាសនារវាងមូស្លីម ជាមួយនឹងគ្រឹស្ត។ កងទ័ពយើងម្នាក់ត្រូវបានពលីជីវិតនៅនឹងកន្លែង ហើយរបួសម្នាក់ ប៉ុន្តែត្រូវចាប់ខ្លួនបួននាក់ ក្នុងបួននាក់កម្ពុជាបីនាក់ ម៉ារ៉ុកមួយ។ ពួកគេបាននំាចេញពីទីនោះ ប្រមាណជា ២ គីឡូ(ម៉ែត្រ) ទើបពួកគេសម្លាប់ ប៉ុន្តែជាកុសលល្អ បានវិហារសាសនាគ្រឹស្តលួចមើលឃើញ។ វិហារសាសនាគ្រឹស្តក៏បានជួយនំាទៅកន្លែង ហើយយើងក៏បានយកសាកសពនេះមក។ ឥឡូវកងទ័ពរបស់យើងកំពុងនៅស៊ូដង់តិចតួចទេ។ ស៊ូដង់ខាងត្បូងច្រើន មានតំាងពីមន្ទីរពេទ្យ អាហ្វ្រិកកណ្តាលគឺច្រើន តែត្រូវពង្រាយច្រើនកន្លែងដែរ ព្រោះជាវិស្វកម្ម។ ម៉ាលី និងលីប៉ង់ យើងបានចូលគ្រប់ច្រកល្ហកនៃអង្គការអន្តរជាតិទំាងអស់។
កុំធ្វើខ្លួនដូចមេអំបៅ
ប៉ុន្មានថ្ងៃមកនេះ ក្រសួងការបរទេសហាក់ដូចជាមិនទាន់បានផ្សព្វផ្សាយ យើងបានជាប់ឆ្នោតទៅលើគណៈកម្មការមួយចំនួននៃអង្គការ ECOSOC ហើយកំពុងតែធ្វើចលនាដើម្បីក្លាយខ្លួនទៅជាសមាជិក ECOSOC។ និ យាយរួមមក គណបក្សប្រជាជនបានដើរតួនាទីនំាមុខ ក្នុងការនំាមកនូវសន្តិភាព និងការអភិវឌ្ឍនេះ។ យើងធ្វើ តំាងពីបក្សនយោបាយមួយចំនួនមិនទាន់មានឈ្មោះផង សូម្បីតែសមាជិកគណបក្សមួយចំនួនដែលជេរយើង កប់ៗមាត់ ក៏បានរៀនក្រោមដំបូលសាលា ដែលដឹកនំាអោយគណបក្សប្រជាជនដែរ ឬអាចថាជាសាលា នៃ សប្បុរសជនដែលគណបក្សប្រជាជនជួយកសាងដែរ។ ខ្លួនក្លាយជាអ្នកជាប់បរិញ្ញា ឬបរិញ្ញាជាន់ខ្ពស់ តើខ្លួនចេញពីណាមក? វាច្បាស់ជាចេញដំណើរពីការដឹកនំារបស់គណបក្សប្រជាជន។ ដូច្នេះគួរណាស់ ក្លាយជាមេអំបៅ មិនត្រូវភ្លេចខ្លួនថា ខ្លួនកើតចេញពីដង្កូវនោះទេ។ ប្រសិនបើចាត់ទុកថា គណបក្សប្រជាជនជាដង្កូវ ខ្លួនឯងជាមេអំបៅគឺកើតចេញពីដង្កូវហ្នឹងហើយ។ បងប្អូនតាមទីផ្សារ មានកន្លែងលក់ដូរ មានលក់ដាច់ តើនេះជាអ្វីទៅ? ដូច្នេះដើម្បីធានាសន្តិភាពបន្ត សម្រាប់ការអភិវឌ្ឍ វិធីតែមួយគត់ គឺគណបក្សប្រជាជនត្រូវតែឈ្នះឆ្នោតគ្រប់ដំណាក់កាលទំាងអស់។ ពាក្យគេថា ចាបមួយក្នុងដៃប្រសើរជាងចាបមួយរយ ឬចាបដប់នៅលើមេឃ។ នេះមិនមែនជាទ្រឹស្តីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំចាត់ទុកថា វាជាទ្រឹស្តីពិតប្រាកដហើយ។ តើប្រាកដទេ? ខ្ញុំចេះតែសួរលោកគ្រូអ្នកគ្រូ ថាបានប្រាក់ខែប៉ុន្មាន ១,១០០,០០០ (រៀល) ខ្ញុំថាលុយមែនទែនឬលុយឆេងម៉េង។
ទទូចសុំឲ្យសមាជិក សមាជិកាគណបក្សប្រជាជនមានការអត់ធ្មត់ខ្ពស់
ប៉ុន្តែខ្ញុំនៅតែទទូចស្នើ អោយមន្ត្រីសមាជិកសមាជិកាគណបក្សប្រជាជន មានការអត់ធ្មត់។ កុំជេរតិះដៀលគេ បែបអត់ពូជអំបូរ។ គេហៅថាពួកអាអត់ពូជ។ បើសិនជាគេជេរយើង ដោយយើងទៅជេរគេតែផ្តេសផ្តាស គេជេរអាអត់ពូជ វាប៉ះទំាងឪម៉ែយើង ហើយបើយើងក្នុងឯកសណ្ឋានបក្សទៅទៀត វាប៉ះពាល់ដល់បក្ស។ អញ្ចឹងទេ ត្រូវសុភាពរាបសា ស្លូតបូត។ ច្បាស់ណាស់ មន្ត្រីរាជការរបស់យើង មិនមែនធ្វើត្រូវគ្រប់ដប់ទេ នៅមានកំហុស ប៉ុន្តែប្រជាពលរដ្ឋច្បាស់ជាមានការថ្លឹងថ្លែងរវាងអាត្រូវ និងអាខុសអាណាធំជាង ហើយកែ ឬមិនកែ។ អ្នកខ្លះថា កំណែទម្រង់មិនជោគជ័យ។ ច្បាស់ណាស់ នៅលើលោកនេះ គ្មានប្រទេសណាប្រកាសថាជោគជ័យមួយរយភាគរយនោះទេ។ អត់មានអ្នកណាហ៊ានប្រកាសទេ។ សូម្បីតែព្រះពុទ្ធក៏មានកំហុស ហើយក៏គ្មានអ្នកណាមួយនៅលើលោកនេះ អាចធ្វើអោយគេជឿគ្រប់គ្នាដែរ កុំថាឡើយបក្សនយោបាយ សូម្បីតែសាសនា ក៏មិនអាចធ្វើអោយមនុស្សទំាងអស់ជឿជាក់បានទំាងអស់ដែរ។ ឧទាហរណ៍ បើសិនជាគ្រឹស្តធ្វើអោយគេជឿជាក់ល្អមិនមែនចាំបាច់មានអ៊ីស្លាម ព្រះពុទ្ធ ឬហិណ្ឌូទេ ហើយបើសិនជាព្រះពុទ្ធមានគេជឿជាក់ទំាងអស់ ក៏មិនចំាបាច់មានគ្រឹស្ត មានមូស្លីម និង ហិណ្ឌូដែរ។ ប្រសិនបើមូស្លីមត្រូវគេជឿទំាងអស់ ក៏មិនចំាបាច់មានព្រះពុទ្ធ ហិណ្ឌូ និងគ្រឹស្តដែរ។ គណបក្សនយោបាយក៏ដូចគ្នា បើគណបក្សនយោបាយមានគេជឿទំាងអស់ ក៏មិនចំាបាច់មានបក្សនេះបក្សនោះដែរ។ បងប្អូនត្រូវសម្លឹងមើលបញ្ហាជាធំ អ្នកណាមានលទ្ធភាពការពារសន្តិភាព? នៅប្រទេសកម្ពុជាក្រៅពីគណបក្សប្រជាជនគ្មានគណបក្សណាមួយមានលទ្ធភាពបែបនេះទេ …។
បើអាណត្តិក្រោយ បក្សប្រឆាំងមិនចូលសភា កៅអីនឹងចែកឲ្យបក្សផ្សេងហើយ
ឧទាហរណ៍ ត្រកូល ហ៊ុន ត្រូវកម្ទេចមុនគេ បើត្រកូលហ៊ុនត្រូវកម្ទេចមុនគេ វាកម្ទេចទាំងហ៊ុន សែន អញ្ចឹងអ្នកដែលគាំទ្រហ៊ុន សែន គេនៅស្ងៀមឬអី? ហើយហ៊ុន សែន ផ្ទាល់នឹងមិននៅស្ងៀមទេ ទោះបីកាលពីមុនខ្ញុំចាប់ផ្ដើមតស៊ូ ខ្ញុំចូលធ្វើទាហានតាំងពីអាយុ ១៨ ហើយខ្ញុំដឹកនាំចលនាតស៊ូពីអាយុ ២៥ ឆ្នាំ។ ឥឡូវពេលនេះ ៦៥ ឆ្នាំហើយ … នៅកំដរបាន។ អត់អីទេ។ ហើយកូន ហ៊ុន សែន ទាំងអស់សុទ្ធតែជាទាហាន ហើយក៏ជាទាហានដែលចេញពី West Point ទៅទៀត។ សុំកុំជ្រួលជ្រើមនឹងសង្រ្គាម។ សម្ដេចក្រុមព្រះ លោករាងចាលហើយ។ ខ្ញុំបានប្រាប់តាម Kenneth M. Quinn អគ្គរដ្ឋទូតអាមេរិកថា បើចង់សាកល្បងកម្លាំងយោធាសុំកុំ។ ព្រះករុណាបិតាព្រះអង្គក៏បានមានបន្ទូលប្រាប់ខ្ញុំថា សម្ដេចក្រុមព្រះ បានទៅទូលព្រះអង្គថា ប៉ាប៉ាកម្លាំងរបស់ទូលបង្គំខ្លាំងជាងកម្លាំងរបស់ ហ៊ុន សែន។ មានអាកណ្ដុរចេញពីរូង អាចង្រិតចេញពីរន្ធ ក៏ប៉ុន្ដែសង្រ្គាមត្រឹមតែប៉ុន្មានដង្ហើមចង្រិតតែប៉ុណ្ណោះ ហ៊្វុនស៊ិនប៉ិចខ្ទេចដល់ថ្ងៃនេះ។ សុំកុំសាកល្បងកម្លាំងឲ្យសោះ។ រឿងនេះទៅមិនរួចទេ ហើយសុំកុំលេងអាល្បែងបដិវត្តពណ៌។ លទ្ធផលបោះឆ្នោតគេប្រកាសក៏ទទួលស្គាល់ទៅ កុំកិចកុកច្រើនពេក។ គ្រប់តែពេលបោះឆ្នោត ក្រោយការបោះឆ្នោត (ធ្វើ)បាតុកម្ម។ ឥឡូវលែងបាតុកម្មបានហើយ។ ព្រោះច្បាប់គេចង។ រាល់ដងអ្នកឯងអត់ចូលប្រជុំសភាទេ ដើរម៉ាសេរី តស៊ូបានឡើងថ្លៃហើយបានចូល។ តែឥលូវអត់ទេណា។ ច្បាប់គេចង។
បើមិនចូលតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រក៏បាត់ បើមិនចូលស្បថ បើមិនចូលប្រជុំលើកដំបូងបើកដោយព្រះមហាក្សត្រក៏បាត់។ អាកៅអីនឹងគេយកទៅចែកឲ្យអ្នកដទៃហើយ ទទួលស្គាល់លទ្ធផលទាំងអស់គ្នាទៅ បានប៉ុន្មានយកប៉ុណ្ណឹងទៅកុំឡាំប៉ា។ ហើយឈ្នះៗៗ អាឈ្នះហ្នឹងខ្ញុំលឺសូរយូរហើយ មិនមែនទើបនឹងលឺថ្ងៃនេះទេ។ ហើយកុំលេងឲ្យសោះអារឿងស្ទឹងមានជ័យ មិនឲ្យវិលត្រឡប់ដាច់ខាតហើយ។ ខ្ញុំបញ្ជាកម្លាំងរួចហើយ។ មិនទាន់ដឹងលទ្ធផលផងដុតឡានអស់ប៉ុន្មានទៅនៅស្ទឹងមានជ័យ? អត់ឲ្យកើតទេ។ បើវាទៅជាអីទៅៗ។ ខ្ញុំបញ្ជាកម្លាំងរួចហើយ។ ឲ្យដាក់ហើយ។ រឿងអីមកត្រូវដុតឡាន។ វាសត្រូវអីជាមួយឡានហ្នឹង រួចហើយទៅលាក់ខ្លួន។ ខ្ញុំមានខ្សែអាត់សម្លេងគឺមេបក្ស ហើយទៅលាក់ខ្លួននៅតាកែវ។ តែខ្ញុំមិនធ្វើទេអស់លោក។ ខ្ញុំមិនធ្វើទេ។ ក្នុងឋានៈជាអ្នកគ្រប់គ្រងសន្ដិសុខជាតិ ការពារស្ថេរភាពជាតិ មិនមែនយើងគ្មានលទ្ធភាពដើម្បីគ្រប់គ្រងនូវព័ត៌មានដែលអ្នកឯងធ្វើនោះទេ។ ត្រូវចាំឲ្យច្បាស់ …។
ត្រូវតែថ្កោលទោសអ្នកដែលប្រមាថប្រពន្ធ និងកូនរបស់សម្តេច
អត់ឲ្យមានអំពើផ្ដេសផ្ដាសចេញមកទេ។ អញ្ចឹងត្រូវកម្រិតមានក្រមសីលធម៌ពិតប្រាកដក្នុងខ្លួន កុំញុះ កុំជេរ ហើយរឿងមួយដែលអ្នកឯងត្រូវតែដោះស្រាយជាមួយខ្ញុំ រឿងដែលអ្នកឯងប្រមាថប្រពន្ធខ្ញុំ និងកូនប្រុសរបស់ខ្ញុំ ថាភរិយាជាប្រពន្ធរបស់លោក ឡេ ឌឹកថូ មេដឹកនាំវៀតណាម។ កូនប្រុសរបស់ខ្ញុំមិនមែនជាកូនបង្កើតទេ ថ្ងៃមុននៅក្នុងគេហទំព័រ Wikipedia គេចូលទៅកែប្រវត្តិរូបកូនប្រុសរបស់ខ្ញុំនៅក្នុងនេះ ហើយមានវីដេអូឃ្លីបមួយ … រឿងរ៉ាវមួយនេះមិនមែនរឿងតូចតាច។ ប្រពន្ធកូនខ្ញុំវេទនាខ្លាំងណាស់។ ហេតុអីទៅបានជាប្រពន្ធរបស់ខ្ញុំ កូនរបស់ខ្ញុំក្លាយទៅជាសាច់ឈាមរបស់វៀតណាមទៅវិញ។ សុទ្ធតែសមាជិកអ្នកឯង ហើយសុទ្ធតែមេបក្សអ្នកឯងឲ្យធ្វើ។ បើអ្នកឯងចិត្តសឿង អ្នកឯងថ្លែងការថ្កោលទោសឲ្យធ្ងន់ទៅ។ ប៉ុន្តែពួកអ្នកឯងជាអ្នកបង្កហេតុ ហ្នឹងហើយដែលខ្ញុំហ៊ាននិយាយថាសង្រ្គាមវានឹងកើត។ ជាការប្រមាថ បើអ្នកឯងមិនជាប់ពាក់ព័ន្ធ មិនចង់ពាក់ព័ន្ធទេ។ អ្នកឯងបណ្ដេញចេញពីបក្សទាំងអស់ទៅ …។
បើផ្ទេរអំណាច គឺផ្ទេរឲ្យកូនចៅជំនាន់ក្រោយរបស់បក្សកាន់អំណាច មិនមែនបក្សប្រឆាំងទេ
គេថាយើងក្រាញអំណាច។ ទេចុះអ្នកឯងកំពុងធ្វើអីរាល់ថ្ងៃហ្នឹង? ខ្ញុំគ្រាន់តែបន្តអំណាច តែអ្នកឯងកំពុងតែដណ្ដើមអំណាច។ ន័យពីរនេះវាខុសគ្នា។ គណបក្សប្រជាជនឈ្នះគឺគណបក្សនេះបន្តអំណាច ការបន្តអំណាចរបស់គណបក្សប្រជាជនគឺជាការបន្តនូវសន្ដិភាព និងការអភិវឌ្ឍ។ ន័យរបស់វាគឺអញ្ចឹង។ … បើមិនទាន់ទាំងបានអំណាចផង អ្នកឯងហ៊ានធ្វើប៉ុណ្ណឹងទៅហើយ។ ខ្លះចូលមក Comment គេថាសម្ដេចចាស់ហើយ ល្មមផ្ទេរអំណាចឲ្យគេ។ បាន។ ខ្ញុំផ្ទេរបាន តែមិនមែនផ្ទេរឲ្យអស់លោកទេ ផ្ទេរឲ្យមន្រ្ដីគណបក្សប្រជាជន។ ខ្លះគេចូលមក Comment ថាទេវតាក៏គេធ្វើផ្លាស់មួយឆ្នាំម្ដង។ ប៉ុន្ដែខ្ញុំបកត្រលប់ទៅវិញ មួយឆ្នាំម្ដងក៏គង់តែគេផ្ទេរឲ្យកូនទេវតាដូចគ្នាដែរ។ កុំសង្ឃឹមថាបានពួកអ្នកឯងឲ្យសោះទៅ មួយឆ្នាំម្ដងក៏គង់តែកូនទេវតា … វាភ្លើពេក មកលេងសំដី។ មិនលេងជាមួយអ្នកណា មកលេងប៉ះជាមួយ ហ៊ុន សែន …។
ឥឡូវខ្ញុំគិតថា រឿងនេះឆ្នាំទៅយើងនិយាយគា្នផ្សេងតិច ឆ្នាំនេះវាជិតបោះឆ្នោត អញ្ចឹងនិយាយទុកឲ្យហើយទៅ ហើយសុំបងប្អូនមេត្តាយោគយល់ទៅលើការលំបាកនានា ដែលយើងមិនទាន់បានបំពេញបំណងប្រាថ្នារបស់បងប្អូន។ ប៉ុន្តែបើប្រៀបធៀបពីឆ្នាំ ២០១២ រហូតមកដល់ពេលនេះ យើងបានធ្វើច្រើនហើយតែវានៅសេសសល់ ចំណុចខ្វះខាតរមែងមាន។ គណបក្សប្រជាជនអត់បានតម្រូវឲ្យសមាជិកឈរឈ្មោះបង់ប្រាក់នោះទេ ការចាកចេញរបស់សមាជិកគណបក្សផ្សេងមកចូលរួមជាមួយគណបក្សប្រជាជន ដោយសារតែមានការតម្រូវឲ្យសមាជិកឈរឈ្មោះបង់ប្រាក់។ តើគ្នាបានលុយពីណា? កន្លែងខ្លះមួយពាន់មួយរយដុល្លារឈរលេខមួយ អញ្ចឹងទេនៅពេលដែលជាប់ឆ្នោតហើយ តើត្រូវធ្វើម៉េច ដើម្បីស្រង់ដើមអាមួយពាន់មួយរយដុល្លារនោះ។ មើលឃើញចំណុចនេះ ហើយសុំកុំមានការប្រមាថ បើយល់ល្អការគោរពគ្នាគឺជារបៀបតែមួយគត់ដែលល្អ។ ដោយសារតែអាការមិនគោរពគ្នា ចាប់ដៃជាន់ជើងហ្នឹងហើយ បានជាមានអាការព្រាត់ប្រាសនេះ។
សូមទូតបរទេសឈប់យករឿងកិច្ចការផ្ទៃក្នុងកម្ពុជាមកពិភាក្សា
វប្បធម៌សន្ទនាដែលខ្ញុំលើកឡើងបង្កើតនេះធ្វើបានមួយរយៈ ប៉ុន្តែខ្វះចរិតស្មោះត្រង់។ ខ្ញុំនឹងបន្ដសន្ទនាជាមួយនឹងអ្នកណាដែលចង់សន្ទនាជាមួយខ្ញុំ ដោយការស្មោះត្រង់តែប៉ុណ្ណោះ។ ខ្ញុំក៏មិនសន្ទនាជាមួយទណ្ឌិតដែលគ្មានសិទ្ធិធ្វើនយោបាយទេ ខ្ញុំសន្ទនាជាមួយអ្នកណាដែលគោរពនូវការសន្យា។ សុំផ្ដាំផ្ញើទៅទូតមួយចំនួន បើចង់ជួបខ្ញុំនិយាយពីទំនាក់ទំនងទ្វេភាគីខ្ញុំទទួល ប៉ុន្តែដាក់មករឿងកិច្ចការផ្ទៃក្នុងកម្ពុជា អ្នកឯងដាក់មកពិភាក្សាជាមួយខ្ញុំៗ អត់ជួបទេ។ ខ្ញុំឲ្យរដ្ឋមន្រ្ដីខ្ញុំជួបវាច្រើនពេកហើយ។ ថ្ងៃក្រោយខ្ញុំនឹងចង្អុលឲ្យប្រធាននាយកដ្ឋានជួប។ រឿងអីដែលត្រូវជួបពិភាក្សា? កិច្ចការខ្លះវាជាសមត្ថកិច្ចរបស់តុលាការ ឲ្យខ្ញុំទៅជួបជាមួយឬអី? រួចអ្នកឯងតែងបន្ទោសថា អំណាចមូលក្នុងដៃ ហ៊ុន សែន ប៉ុន្ដែអ្នកឯងយកកិច្ចការដែលជាសមត្ថកិច្ចតុលាការយកមកជជែកជាមួយខ្ញុំ តើឲ្យខ្ញុំជួបទេ?
ថ្ងៃក្រោយពេលដាក់ប្រធានបទសូមជួបនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺសុំកុំយកកិច្ចការផ្ទៃក្នុងកម្ពុជាយកមកជជែក។ ខ្ញុំជជែកកិច្ចការផ្ទៃក្នុងកម្ពុជា បានតែជាមួយជនជាតិកម្ពុជាតែប៉ុណ្ណោះ មិនអាចជជែកជាមួយជនបរទេសទេ ហើយប្រសិនបើជជែកជាមួយជនបរទេសក៏ជជែកលើបញ្ហាទាក់ទងនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច តែមិនជជែកលើបញ្ហាដែលទាក់ទងនឹងផ្លូវច្បាប់របស់កម្ពុជាទេ។ នៅប្រទេសគេដទៃ អគ្គរាជទូតយើងបានសុំជួបត្រឹមតែប្រធាននាយកដ្ឋានអស់ទាស់ហើយ មិនងាយនឹងបានជួបរដ្ឋមន្រ្ដីផង។ នៅស្រុកយើងភ្លែតឡើងនាយករដ្ឋមន្រ្ដីៗ …។
បើគ្មានសុខសន្តិភាព គឺគ្មានការអភិវឌ្ឍ
ម្សិលមិញខ្ញុំក៏មើលដែរតាម CNN ដូណាល់ ត្រាំម៍ បានទៅជួបសម្ដេច Pope Francis នៅឯក្រុងរ៉ូម។ ប្រហែលជាអ្នកទាំងឡាយដែលកាន់សាសនាគ្រឹស្ត បានតាមដាន។ ខ្ញុំគោរពជាមួយជំនឿណាក៏ដោយ ហើយខ្ញុំអំពាវនាវឲ្យចូលរួមនៅក្នុងការរក្សាសន្ដិភាពសម្រាប់ប្រទេសនេះ គ្មានសន្ដិភាពគឺគ្មានការអភិវឌ្ឍទេ។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលប្រជុំសន្និសីទកំពូលស្ដីពីខ្សែក្រវ៉ាត់មួយផ្លូវមួយសម្រាប់កិច្ចសហប្រតិបត្តិការណ៍អន្ដរជាតិ អតីតនាយករដ្ឋមន្រ្ដីបារាំងម្នាក់បាននិយាយ តំណាងឲ្យប្រធានាធិបតី ម៉ាក្រុង ដែលទើបនឹងជាប់ឆ្នោត គាត់បញ្ចប់សម្ដីរបស់គាត់តាមរយៈភាសាថា “បើគ្មានសន្ដិភាព គឺគ្មានការអភិវឌ្ឍ”។ នេះគឺជាសម្ដីរបស់អតីតនាយករដ្ឋមន្រ្ដីបារាំង។ សម្ដីនេះគឺជាសម្ដីដែលខ្ញុំបានប្រើតាំងពីសាមសិបឆ្នាំមុនឯណោះ ក្នុងពេលដែលខ្ញុំបានផ្ដើមតួនាទីជានាយករដ្ឋមន្រ្ដី ហើយស្វះស្វែងរកការចរចារដើម្បីសន្ដិភាព ហើយខ្ញុំតែងប្រើជានិច្ចជាកាល។
គាត់មិនបានប្រើថាគ្មានសិទ្ធិមនុស្សគ្មានការអភិវឌ្ឍ ប៉ុន្តែសិទ្ធិមនុស្សបែបណាទៅ បើមួយថ្ងៃៗទម្លាក់គ្រាប់បែកនៅស៊ីរី ការប្រយុទ្ធអីរ៉ាក់ ការប្រយុទ្ធនៅលីប៊ីវាធ្ងន់ធ្ងរបែបនេះ។ រកសិទ្ធិមនុស្សឃើញទេ? សិទ្ធិមនុស្សចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត។ ខ្លះគេថាសន្ដិភាពទាល់តែសន្ដិភាពទាំងអស់។ អញ្ចឹងអ្នកឯងយល់ថាប្រទេសអង់គ្លេសអត់មានសន្ដិភាពទេអី? ព្រោះអី? ព្រោះគ្រាន់តែជាងមួយខែ មានការវាយពីភេរវកម្មពីរសា មួយនៅក្បែរសភាអង់គ្លេស។ អញ្ចឹងទេបានសេចក្ដីថា អ្នកឯងចាត់ទុកថាប្រទេសអង់គ្លេសអត់សន្តិភាពទៅហើយ។ ខ្ញុំយល់ថា យើងត្រូវមានសន្ដិភាព ដោយគ្មានការបាញ់គ្នា ហើយក៏មានសន្តិភាពក្នុងផ្លូវចិត្តផ្លូវកាយផងដែរ។ ការគោរពបូជាសាសនាក៏អាចបង្កើតសន្ដិភាពក្នុងផ្លូវចិត្ត ផ្លូវគំនិត បំបាត់នូវភាពជ្រុលនិយម និងហិង្សា ការជេរប្រមាថ។
សាសនា សាមគ្គី រួមចំណែកធ្វើសុខដុមភាវូបនីយកម្មនៅក្នុងសង្គមជាតិ
ខ្ញុំអំពាវនាវឲ្យគ្រឹស្តសាសនិកទាំងអស់ទោះបីនិកាយណាក៏ដោយ ត្រូវសាមគ្គីគ្នា ហើយក៏សាមគ្គីពីសាសនាមួយទៅកាន់សាសនាមួយទៀត រួមចំណែកធ្វើសុខដុមភាវូបនីយកម្មនៅក្នុងសង្គមជាតិរបស់យើងកុំមានការជម្លោះសាសនាណាមួយកើតឡើង នៅក្នុងប្រទេសដែលធ្លាប់មានភាពសុខសាន្ដ។ ការជួបជុំបែបនេះនឹងត្រូវធ្វើបន្តនៅឆ្នាំក្រោយទៀត។ ប្រហែលជាបងប្អូនមានការធុញទ្រាន់ ព្រោះខ្ញុំនិយាយថ្ងៃនេះច្រើនបន្តិចហើយ។ ខ្ញុំចង់បូកសរុបអំពីលទ្ធផលនៃកិច្ចការដែលយើងបានធ្វើ ក្នុងនោះតួនាទីរបស់គណបក្សប្រជាជននៅក្នុងការនាំមកនូវសន្ដិភាព ការរក្សាសន្ដិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្រ យើងនឹងបន្ដដំណើរតទៅមុខទៀត ដោយធ្វើឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន ល្អជាងមុន ប្រសើរជាងមុនតាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា។ បើទោះបីជាការលំបាក តែបងប្អូនយើងមិនលំបាកដូចដំណាក់កាលសង្រ្គាម ៧០ ដល់ ៧៥ រត់លូននោះទេ។ បើទោះបីជានៅសេសសល់ការលំបាកក៏បងប្អូនយើងមិនលំបាកដូចជំនាន់ ប៉ុល ពត នោះទេ។
បើទោះបីជានៅសេសសល់ការលំបាក ក៏បងប្អូនយើងមិនលំបាកដូចដំណាក់កាលប្រទេសជាតិមានសន្ដិភាពផង និងមានសង្រ្គាមផងនោះទេ។ បើទោះបីជាបងប្អូនមានប្រាក់ខែនៅទាប តែក៏គ្រាន់បើជាងដំណាក់កាលដែលយើងធ្វើការដូរអង្ករ ដំណាក់កាលដែលយើងរស់ដោយទំនិញប្រាំបួនមុខសម្រាប់មន្រ្ដីរាជការ មន្រ្ដីរដ្ឋការរបស់យើង។ បើទោះបីជាយើងមានការលំបាកក្នុងការធ្វើដំណើរដោយផ្លូវខ្លះមិនទាន់បានសាងសង់ ក៏ប៉ុន្ដែវាមិនបង្កើតនូវគ្រោះថ្នាក់ដោយការបាញ់ប្រហារ និងគ្រាប់មីនដូចសម័យសង្រ្គាមនោះទេ។ បើទោះបីសាលាយើងចាស់ ក៏យើងមិនលំបាក ដូចដំណាក់កាលរៀនក្រោមដើមឈើ ក្រោមផ្ទះប្រជាពលរដ្ឋ។ ដំណាក់កាលអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ។ បើទោះបីជាបងប្អូនមានវិហារមិនទាន់ល្អ មិនថាគ្រឹស្ត មិនថាមូស្លីម មិនថាព្រះពុទ្ធ តែក៏ប្រសើរជាងដំណាក់កាល ប៉ុល ពត ដែលបានបំបិទសិទ្ធិសេរីភាព នៃជំនឿសាសនានោះដែរ។ យើងខិតខំធ្វើអោយប្រសើរឡើង ព្រះវិហាររបស់យើងត្រូវតែស្អាត ត្រូវតែមានវិន័យ ត្រូវតែមានការគោរពបូជា ត្រូវមានគ្រូបង្វឹកធម៌វិន័យអោយបានហ្មត់ចត់ ដែលជាផ្នែកមួយនៃធនធានមនុស្សក្នុងវិស័យសាសនា។
ប្រទេសជាតិមួយរីកចម្រើនទៅបាន អាស្រ័យទៅលើមាគ៌ាដឹកនាំរបស់បក្សកាន់អំណាច
បងប្អូនអាចឃើញហើយ ប្រទេសជាតិមួយអាចរីកចម្រើនទៅបាន វាអាស្រ័យទៅលើមាគ៌ាដឹកនាំ នៃបក្សកាន់អំណាចនោះបែបណា។ គណបក្សប្រជាជនបានបើកផ្លូវជូនបងប្អូនអស់ហើយ។ បងប្អូនចង់ជឿអីក៏ជឿទៅ លើកលែងតែជឿលើភេរវកម្ម ហើយចូលទៅក្រុម ISIS អាហ្នឹងកុំចូល។ មិនថាតែក្រុម ISIS ទេ តាលីបង់ ក៏មិនចូល។ អាល់កៃដា ក៏មិនចូល។ ក្រុម អាប៊ុលសាយ៉ា ក៏មិនចូល។ ប្រទេសជាតិយើងបានឆ្លងកាត់ការលំបាកខ្លាំងណាស់ទៅហើយ កុំចង់សាកល្បងជាមួយនឹងអ្វីដែលវាមិនច្បាស់។ អ្វីដែលច្បាស់ហើយ យើងទាមទារអោយវាមានការកែ។
ចំណាយទៅលើបៀវត្សរ៍ និងថ្នាំសង្កូវ ជាមូលហេតុធ្វើអោយចំណាយខាងវិស័យយោធាមានតួលេខខ្ពស់
ឥឡូវនេះ ជិតដល់ពេលប្រឡងបាក់ឌុបហើយទៅទៀត យើងនឹងបានឃើញកំណែទម្រង់ក្នុងវិស័យអប់រំរបស់យើង។ ការបង្កើនថវិកាក្នុងវិស័យអប់រំ និងសុខាភិបាលរបស់យើង តាមចំនួនដែលអាចធ្វើទៅរួច។ ចំណាយក្នុងវិស័យយោធា បើទោះបីចំណាយមានតួលេខខ្ពស់ ក៏ប៉ុន្តែភាគច្រើនមិនមែនជាការទិញអាវុធនោះទេ គឺជាចំណាយទៅលើបៀវត្សរ៍ និងថ្នាំសង្កូវ។ ដូច្នេះ គេអាចឃើញនូវតួលេខនៃចំណាយយោធាសន្តិសុខ ក៏ប៉ុន្តែ យើងមិនបាននាំនូវគ្រាប់ ឬកាំភ្លើងណាចូលមកក្នុងប្រទេស។ ចំណាយនេះ គឺជាបន្ទុកបុគ្គលិក ដែលត្រូវដំឡើងបៀវត្សរ៍អោយទាហាន នគរបាល អាវុធហត្ថរបស់យើង ដែលកំពុងឈរជើងការពារនូវសេចក្តីសុខសាន្តរបស់យើងនេះ។ ជាអកុសល អ្នកដែលបានឈរការពារពួកគេ ត្រូវគេជេរអាណោចអាធ័មណាស់។
ខ្ញុំសូមបញ្ជាក់អញ្ចេះ ទោះបីបុណ្យណាៗ តែត្រូវឃើញពលីកម្មរបស់បងប្អូននគរបាល អាវុធហត្ថ និងកងទ័ពយើង។ យើងកំពុងជួបជុំរីករាយជាមួយក្រុមគ្រួសារ តែកងទ័ព នគរបាល អាវុធហត្ថ នៅការពារសេចក្តីសុខរបស់យើង។ ហេតុអីបានគេជេរគ្នាទៅទៀត? ខុសម្នាក់ ទៅខឹងរដ្ឋាភិបាលទាំងមូល។ វាជាទង្វើខឹងគោទៅវ៉ៃរទេះ។ បងប្អូនថាបោះឆ្នោតអោយគណបក្សប្រជាជន ដល់ចេញទៅវិញប៉ូលីសផាក ឈប់បោះឆ្នោតអោយហើយ។ រឿងបែបនេះ បើសិនជាធ្វើដូច្នេះ វាជាទង្វើខឹងគោ(ទៅ)វ៉ៃរទេះ។ បងប្អូនគិតមើលទៅមើល គ្រួសារខ្លះមានមនុស្សតែ ៥ នាក់ បែរជាមានកូន ១ នាក់ ឬ ២ នាក់ខូច។ សម្រាប់រាជរដ្ឋាភិបាលគ្រប់គ្រងមនុស្ស ១៥ លាននាក់ ឬកម្លាំងនគរបាល អាវុធហត្ថ និងកងទ័ព ដែលមានជិត ២០ ម៉ឺននាក់នេះ វាលែងអីនឹងមានបុគ្គលនេះ បុគ្គលនោះខុស។ មន្ត្រីរាជការស៊ីវិលរបស់យើង គ្រូបង្រៀន ប្រមាណ ១២ ម៉ឺននាក់។ គ្រូពេទ្យ ២ ម៉ឺននាក់។ មន្ត្រីរាជការតាមស្ថាប័ន ក៏ច្រើនម៉ឺននាក់ វាលែងអីនឹងមានមនុស្សនេះខុស មនុស្សនោះខុស តែទង្វើខុសឆ្គងទាំងនោះ មិនមែនចេះតែអនុគ្រោះទេ។ អញ្ចឹង សូមបងប្អូនយោគយល់លើបញ្ហានេះ។ គេអ្នកជេរ យើងអ្នកប្រឹងធ្វើ ដល់ទៅខឹងមនុស្ស ១ នាក់ បញ្ជីបេក្ខជន យើងថា ១៤ នាក់ ភូមិហ្នឹងមាន ៧ អាសនៈ ៧ ពេញសិទ្ធិ ៧ បម្រុង ច្បាស់ណាស់តាមភូមិ/ឃុំដែលយើងនៅ យើងពេញចិត្ត ១០ នាក់ មិនពេញចិត្ត ៤ នាក់ ឬក៏មិនពេញចិត្ត ២ នាក់ តើយើងគួរបោះបង់ចោល ១២ នាក់ផ្សេងទៀត ឬ ១០ នាក់ ផ្សេងទៀត? ហើយបែរទៅជាចាប់យកបក្សដទៃដែលមិនទាន់ច្បាស់។ នេះសូមពិចារណាមើលចុះ។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះដើម្បីធានារក្សានូវសន្តិភាព និងការអភិវឌ្ឍ
អត្ថន័យពិតប្រាកដ នៃការបោះឆ្នោតពេលនេះ បើបោះជូនគណបក្សប្រជាជន គឺដើម្បីធានារក្សានូវសន្តិភាព ដើម្បីការអភិវឌ្ឍ។ បោះអោយគណបក្សប្រជាជន មានតម្លៃស្មើនឹងបោះអោយខ្លួនឯងតែម្តង ព្រោះអ្វី? គណបក្សប្រជាជន គឺជាអ្នករក្សាសន្តិភាពដើម្បីការអភិវឌ្ឍ។ មានតែគណបក្សមួយនេះទេ ដែលមានលទ្ធភាពធ្វើដូច្នេះ។ ប៉ុន្តែ បើមានសង្គ្រាមទៅវិញ តើអ្នកទាំងអស់គ្នាមិនខូចខាតទេអី? តែសង្គ្រាមផ្ទុះគ្រឹប ចលាចលផ្ទុះគ្រឹប អ្នកឯងរកស៊ីអី លក់ដូរតាមផ្សារក៏លក់វាមិនកើត។ អញ្ចឹង វាបញ្ចប់ហើយ។ អញ្ចឹង បើបោះអោយគណបក្សប្រជាជន ដូចបោះអោយខ្លួនឯង ព្រោះសន្តិភាពវាមាន។ អរគុណណាស់! គេថា ខ្ញុំឃោសនាឡាយផ្ទាល់ទៀតឯណោះ ប៉ុន្តែ និយាយពិតអញ្ចឹង។ ឥឡូវ អោយគេប្តឹងមក។ អាហ្នឹងយើងបកស្រាយអោយវាពិត ព្រោះខ្ញុំដើរតួជានាយករដ្ឋមន្ត្រី ចាំដល់ថ្ងៃទី ២ អាហ្នឹងខ្ញុំអត់និយាយដូចអញ្ចឹងទេ ព្រោះថ្ងៃនោះខ្ញុំពាក់អាវគណបក្ស ខ្ញុំថ្លែងការណ៍បន្តិច រួចហើយបានខ្ញុំហែរក្បួន។ មកទៅជុំគ្នា។ បើចង់សែលហ្វ៊ីមក។
គណបក្សប្រជាជនឈ្នះ បក្សណាក៏នៅជាមួយបាន សាសនាក៏នៅជាមួយបាន។ នេះជាការបង្ហាញអោយ ឃើញរួចមកហើយ និងបង្ហាញនៅពេលនេះ។ ប៉ុន្តែបក្សដទៃមិនទាន់ប្រាកដទេ។ បងប្អូនឥស្លាមបានឃើញ ច្បាស់ណាស់ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ហ៊ានអនុញ្ញាតអោយសិស្សនិស្សិតជាស្ត្រីឥស្លាមមានលទ្ធភាពដើម្បីនឹងស្លៀកពាក់ឯកសណ្ឋានឥស្លាមចូលក្នុងសាលា ដែលប្រទេសប្រជាធិបតេយ្យនៅលោកខាងលិចមួយចំនួនមិនអនុញ្ញាតទេ ប៉ុន្តែសម្រាប់ប្រទេសយើងគឺអនុញ្ញាត។ ឥឡូវថតរូបធ្វើ Passport ក៏យើងអនុញ្ញាតអោយរុំមុខ ក្នុងពេលដែលប្រទេសមួយចំនួនអត់អនុញ្ញាត។ ប៉ុន្តែ បក្សដទៃ ខ្ញុំមិនច្បាស់ទេ។
នយោបាយបើកចំហរសេដ្ឋកិច្ច ធ្វើអោយសង្គមជាតិ និងសង្គមគ្រួសារ មានការរីកចម្រើន
សូមអភ័យទោសផង ប្រសិនបើខ្ញុំនិយាយទៅវាមានការខុសឆ្គង តែនេះជាការវិភាគ និងការលើកឡើងដើម្បីអោយឃើញអំពីវឌ្ឍនភាព ដែលយើងបានខិតខំរួមគ្នាធ្វើតាំងពីបាតដៃទទេមក។ ភ្នំពេញថ្ងៃនេះ ទោះបីកកស្ទះចរាចរណ៍ ដែលធ្វើអោយបងប្អូនធុញទ្រាន់ តែវាក៏ប្រសើរជាងភ្នំពេញកាលពីឆ្នាំ ១៩៧៩ ដែលពេលនោះ គ្មានទឹក គ្មានភ្លើង ផ្លូវគ្មានមនុស្សដើរទេ។ តើបងប្អូនចង់វិលត្រឡប់ទៅសភាពនោះវិញទេ? ឥឡូវ បងប្អូនកំពុងជេររដ្ឋបាល មួយចំនួនរអ៊ូរទាំ ស្ទះអីក៏ស្ទះ។ ខ្ញុំទទួលខុសទៅចុះ ខ្ញុំសុំទទួលខុស ដោយសារតែខ្ញុំបញ្ចប់សង្គ្រាមហើយ បានជានាំគ្នាអភិវឌ្ឍបែបនេះ។ ដោយសារតែខ្ញុំដឹកនាំនយោបាយសេដ្ឋកិច្ច នាំទៅដល់ការរីកចម្រើនបែបនេះហើយ បានជាបងប្អូនមានឡាន មានម៉ូតូជិះ។ អញ្ចឹង ខ្ញុំសុំទទួលខុសទៅចុះ។ បើទុកអោយមានសង្គ្រាមបន្ត ហើយកុំបើកចំហរសេដ្ឋកិច្ចអោយបងប្អូន ប្រហែលជាម៉ោងនេះ បងប្អូននៅជិះកង់ពេញទីក្រុង បងប្អូនគ្មានឡាន គ្មានម៉ូតូជិះទេ។
លុបបណ្ណបើកបរសម្រាប់ម៉ូតូ ចាប់ពី ១២៥ CC ចុះ
ខ្ញុំភ្លេចរំលឹក បងប្អូននៅចាំទេ ច្បាប់ចរាចរណ៍ផ្លូវគោកកាលពីពេលមុននេះ អ្នកជិះម៉តូត្រឹមតែ ៤៩ CC ឡើង ត្រូវតែមានប័ណ្ណបើកបរ មានបាត់បង់ឬអត់? ប្រទេសកម្ពុជាយើងមានម៉ូតូប្រមាណជា ៤ លានគ្រឿង ឯអ្នកជិះម៉ូតូវិញ មានមិនតិចជាង ៨ លាននាក់។ អញ្ចឹង បើត្រូវធ្វើ ងាប់បងប្អូនហើយ។ វាជាភ័ព្វសំណាង ដែលខ្ញុំទើបនឹងចាប់ផ្តើម(ប្រើ/លេង)ហ្វេសប៊ុក ដែលពីមុននោះខ្ញុំមិនប្រើ។ ការចូលមក Comment ស្នើសុំរឿងនេះ បានធ្វើអោយខ្ញុំបានឃើញ។ ដំណោះស្រាយដែលល្អជាងគេ គឺលុបចោលកុំអោយមានប័ណ្ណបើកបរតែម្តង ព្រោះអី? បើម៉ូតូ ៤ លានគ្រឿង មនុស្សជិះ ៨ លានគ្រឿង ត្រូវធ្វើប័ណ្ណបើកបរ ៨ លាន។ អាចខ្ចី ម៉ូតូគេជិះបាន តែមិនអាចខ្ចីប័ណ្ណបើកបរបានទេ ហើយឯណាត្រូវទៅពិនិត្យសុខភាព ឯណាត្រូវទៅពិនិត្យ ដៃចង្កូត … ប៉ុន្តែបងប្អូនបើយកអាកន្លែងហ្នឹងមកចាក់ បងប្អូនអាចឃើញហើយ នាំចូលទៅដល់សភា ដើម្បីកែច្បាប់ បក្សប្រឆាំងស្នើអោយមាន ក្នុងពេលដែលបក្សកាន់អំណាចលុបចោល។ ពេលហ្នឹង ឯកឧត្តម ឈាង វុន ឡើងភ្លាមថា ដាក់ចូលក្នុងកម្មវិធីនយោបាយប្រកួតប្រជែងទៅ។ ខ្ញុំក៏ឡើងបន្ថែមថា ដាក់ទៅ ប្រកួតប្រជែង។ គណបក្សប្រជាជនឈ្នះមិនតម្រូវអោយធ្វើប័ណ្ណបើកបរទេ គណបក្សសង្គ្រោះជាតិឈ្នះ គឺតម្រូវអោយមានប័ណ្ណបើកបរ។ ឥឡូវ បងប្អូនរើសទៅ? យកមួយណា?
កម្ពុជាបង្កើនការនាំអង្ករទៅចិន ពី ១០ ម៉ឺនតោន ទៅ ៣០ ម៉ឺនតោន
គណបក្សប្រជាជន បានបង្ហាញជាង ៣៨ ឆ្នាំហើយ មិនដែលយកពន្ធដីពីកសិករទេ។ ត្រង់បក្សដទៃមិនទាន់ច្បាស់ទេ។ បង្កើនប្រាក់ខែៗ ស្រាប់តែស៊ីញ៉េខ្វោក ដាក់ទៅសភាអនុម័តយកពន្ធដី។ យកទៅ ខ្ញុំជួយបោះឆ្នោតថែម។ ឥឡូវនេះ គេដើរសន្យាទីផ្សារ។ ខ្ញុំសុំទៅជម្រាបទៅបងប្អូនកសិករ ស្រូវ និងកសិផលមួយចំនួនថ្លៃទាបណាស់ តែមិនមែន(ថ្លៃ)ទាបតែស្រុកខ្មែរ ទាប(នៅ)ប្រទេសទាំងអស់។ តម្លៃជ័រកៅស៊ូរាងឡើងបន្តិចឥឡូវ។ តម្លៃម្រេចឡើងបន្តិច។ ប៉ុន្តែសួរថា តើរាជរដ្ឋាភិបាលព្រងើយកន្តើយទេ? អត់ទេ។ ខ្ញុំទៅប្រទេសចិនលើកនេះ ពីមុនបាន ១០ ម៉ឺនតោន ក្រោយមកខ្ញុំស្នើសុំបាន ២០ ម៉ឺនតោន នាំចូល ទៅប្រទេសចិន។ លើកនេះទៅទៀត បាន ១០ ម៉ឺនតោនទៀត គឺ ៣០ ម៉ឺនតោន។ នាំទៅវៀតណាមបាន ៣០ ម៉ឺន(តោន) នាំទៅចិនបាន ៣០ ម៉ឺន(តោន) និងនាំទៅប្រទេសដទៃទៀត ប៉ុន្តែ សូមជម្រាប ចិនមិនមែនខ្វះអង្ករទេ ចិនសល់អង្ករច្រើនណាស់។ ប៉ុន្តែ ដើម្បីជួយដល់កម្ពុជាពង្រីកទីផ្សារ ចិនយល់ព្រមទិញអង្ករកម្ពុជា។ នាយករដ្ឋមន្ត្រី លី ខឺឈាំង គាត់និយាយលេងជាមួយខ្ញុំ គាត់ថារឿងទិញអង្ករនេះ លំបាកជាងអោយខ្ចីលុយទៅទៀត។ បានសេចក្តីថា លុយគាត់សល់ច្រើន គាត់អាចអោយយើងខ្ចីយកមកធ្វើស្ពាន ធ្វើផ្លូវស្អីៗ ប៉ុន្តែដល់ទៅទិញអង្ករ អង្ករគាត់សល់បញ្ចេញទៅណាក៏អត់រួចដែរ។ តែគាត់សុខចិត្តទិញពីយើង ដើម្បីជួយទីផ្សារកម្ពុជា។
នយោបាយឧស្សាហកម្មរបស់កម្ពុជា គឺសំដៅឆ្ពោះពីរមុខព្រួញ
យើងកំពុងតែពង្រីកនូវទីផ្សារអោយកសិករជាមួយប្រទេសជិតខាង។ តែងតែធ្វើការចរចាអោយជួយទិញ ព្រោះយើងអត់ទាន់មានអ្វីដែលកែច្នៃ។ យើងកំពុងទាក់ទាញវិនិយោគអោយមកកែច្នៃកសិផល និងវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា។ យើងមិនមែនចង់នាំវត្ថុធាតុដើមចេញទេ។ នយោបាយឧស្សាហកម្មរបស់យើង គឺសំដៅឆ្ពោះពីរមុខព្រួញ។ មួយមុខព្រួញ គឺឧស្សាហកម្ម បង្កើតតម្លៃបន្ថែម តាមរយៈការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុក។ ដូចជាដំឡូងមី យើងត្រូវចិតជាចំណិតៗ យើងនាំចេញ។ យើងត្រូវធ្វើជាម្សៅមី ហើយប្រសិនបើអាចធ្វើបាន យើងធ្វើជាមី យើងធ្វើជាស្អី រួចហើយចាំនាំអាហ្នឹងចេញ។ បង្កើតការងារផង បង្កើតតម្លៃបន្ថែមសម្រាប់កសិផលផង។ កៅស៊ូក៏ដូចគ្នា យើងចង់អោយគេមកផលិតកង់ឡាន ឬផលិតស្អីដែលប្រើពីកៅស៊ូនៅក្នុងស្រុកខ្មែរ។ នេះជាទិសមួយក្នុងចំណោម នៃទិសនយោបាយឧស្សាហកម្ម ២០១៥-២០២៥។
ឯទិសទី ២ គឺទាញយកឧស្សាហកម្មបច្ចេកវិទ្យាទំនើប។ ដូចជាសព្វថ្ងៃ អាបច្ចេកវិទ្យាទំនើបៗនេះ វាបានមកកម្ពុជាជាហូរហែហើយ ជាពិសេសអាម៉ូទ័រ។ អាម៉ូទ័រប្រយ័ត្នច្រឡំថាម៉ូទ័របូមទឹក។ ម៉ូទ័រមាននៅគ្រប់ទាំងអស់ រាប់តាំងពីនាឡិកាដៃដែលយើងពាក់។ ម៉ាស៊ីនថតរូប ទូរស័ព្ទ ស្អីក៏ដោយមាន ម៉ូទ័រក្នុងហ្នឹងទាំងអស់។ វាក៏មានមួយផ្នែកចេញពីស្រុកខ្មែរទៅផ្គត់ផ្គង់អោយប្រទេសដទៃ។ iPhone នេះ ជួនកាលអាចមានម៉ូទ័រដែលផលិតនៅស្រុកខ្មែរ ឬក៏ទូរស័ព្ទប្រភេទនេះ ប្រភេទនោះ។
មិនមែនជាការប្រកួតប្រជែងផ្នែកនយោបាយទេ ក៏ប៉ុន្តែគឺជាការបោកប្រាស់តែម្ដង
ល្បិចរកស៊ីរបស់គេពូកែមែន។ ខ្ញុំជឿថាគេពូកែខ្លាំងណាស់ ពូកែត្រង់ថា យើងគួរតែរៀបចំសញ្ញាបត្រ ដើម្បីបំពាក់ជូនអ្នកពូកែបោក ជាបណ្ឌិតរដ្ឋខាងផ្នែកបោក ព្រោះអញ្ចេះ ចូលទៅក្នុងផ្សារ សួរថាអង្ករតម្លៃប៉ុន្មាន? អ្នកលក់ឆ្លើយថា ២.៥០០ រៀល/គីឡូ គេបានស្រែកថា ងាប់ហើយថ្លៃណាស់! ថ្លៃណាស់បងប្អូនអើយ! ងាប់ហើយថ្លៃណាស់! បើខ្ញុំឈ្នះឆ្នោត ខ្ញុំធ្វើនាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើអោយ(តម្លៃ)អង្ករចុះថោកនៅត្រឹមតែ ២០០០ រៀលទេ។ ចេញផុតទៅហ្នឹង ទៅដល់វាលស្រែ ចុះទៅសួរអ្នកច្រូត ឬអ្នកកំពុងបោកបែន (គេសួរថា) ស្រូវថ្លៃប៉ុន្មាន? (កសិករថា លក់បាន)មួយគីឡូ ៨០០ រៀល។ បងប្អូនអើយ ថោកណាស់ មិនរួចដើមទេៗ ថោកណាស់ៗ។ បើសិនជាខ្ញុំឈ្នះ ខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំនឹងអោយថ្លៃស្រូវឡើងដល់ ១២០០ រៀល ដល់ ១៥០០ រៀល។ គេស៊ីបានទាំងពីរក្នុងរង្វង់មួយគីឡូម៉ែត្រ។ មិនមែនជាការប្រកួតប្រជែងផ្នែកនយោបាយទេ ក៏ប៉ុន្តែគឺជាការបោកប្រាស់តែម្ដង។
នាយករដ្ឋមន្រ្តីចូលរួមជួបជុំគ្រប់សាសនា
អរគុណព្រះយេស៊ូ ដែលបានអោយខ្ញុំមកជួបជុំគ្រឹស្តបរិស័ទនៅទីនេះ ហើយមានឱកាសពន្យល់ដល់បងប្អូនទៅលើការងារដែលយើងបានធ្វើ និងត្រូវធ្វើបន្ត។ បើទោះបីជាខ្ញុំមិនមែនជាអ្នកកាន់សាសនាគ្រឹស្ត ប៉ុន្តែវាមិនមែនជាឧបសគ្គរារាំងនៃជំនួបប្រចាំឆ្នាំរបស់យើងទេ។ បងប្អូនអ៊ីស្លាម ស្រាយបួស ខ្ញុំទៅទទួលទានម្ហូបបួសបានតើ មានទាស់ខុសអី? ហើយបើថ្ងៃណាមួយ បងប្អូនសាសនាគ្រឹស្តជប់លៀង អញ្ជើញខ្ញុំ ខ្ញុំក៏ទៅ។ អត់មានអីខុសគ្នាទេ។ តម្រូវការរបស់មនុស្សគឺដូចគ្នា។ កាន់សាសនាណាក៏ដូចគ្នា កាន់បក្សណាក៏ដូចគ្នា ជាតិសាសន៍អីក៏មានតម្រូវការដូចគ្នា។ ខ្ញុំសប្បាយរីករាយ ដែលបានឃើញការរួបរួមរបស់យើង ហើយសុំកុំអោយការរួបរួមនេះ បែកបាក់ទៅវិញ ដោយការញុះញង់របស់អ្នកចង់បានអំណាចជ្រុលហួស។ មិនទាន់ដល់ពេលគេមានកម្លាំងគ្រប់គ្រាន់នឹងផ្ដួលគណបក្សប្រជាជនទេ។ ធនធានមនុស្សរបស់គេមិនគ្រប់គ្រាន់ដើម្បីគ្រប់គ្រងប្រទេសទេ …។ សូមអភ័យទោស គេថារកផែចូលមិនឃើញ។ ក្រឡឹង ជិតចូលផែហើយចេញ។ តែថ្ងៃនេះ និយាយអោយអស់តែម្ដងទៅ។ ចូល ៣ ម៉ោងហើយ។
ដរាបណាមានគណបក្សប្រជាជនកាន់អំណាច វត្តមានរបស់សាសនាមានជារៀងរហូត
ឆ្នាំក្រោយ យើងអាចជួបជុំគ្នានៅក្នុងខែនេះទៀត ព្រោះចូលទៅដល់ខែមិថុនា វាជាខែយុទ្ធនាការ(ឃោសនា) ប៉ុន្តែយើងនឹងលៃលករកពេលវេលា អោយជួបអោយខានតែបាន ព្រោះ ហ៊ុន សែន និយាយអីធ្វើហ្នឹង។ គ្រាន់តែថាថ្ងៃនេះ សូមអភ័យទោស របស់កំដរដៃអី វាអត់មាន ទោះបីមានក៏មិនហ៊ានអោយដែរ ព្រោះគេផាកងាប់។ ការពិតខ្ញុំគួរមានរបស់កំដរដៃខ្លះ ប៉ុន្តែធ្វើទៅវាមិនរួច ច្បាប់(បោះឆ្នោត)ហាមឃាត់ (គេនឹងថា) ខ្ញុំទិញទឹកចិត្តអីអញ្ចេះអញ្ចុះ ប៉ុន្តែបងប្អូនមកហ្នឹង ក៏មិនមែនចង់បានអីពីខ្ញុំដែរ រឿងធំ គឺបានជួបជុំគ្នា ហើយទទួលស្គាល់ថា ឋានៈតួនាទីក្នុងសង្គមនៃគ្រឹស្ទបរិស័ទ។ ដរាបណាមានគណបក្សប្រជាជនកាន់អំណាច ដរាបនោះ គ្រឹស្ទបរិស័ទ ទោះនៅក្នុងប្រទេស នៅក្រៅប្រទេស នៅតែបន្តមានវត្តមានជារៀងរហូត(ក្នុងប្រទេសកម្ពុជា)។
សូមអោយព្រះយេស៊ូប្រទានពរជ័យសម្រាប់អស់លោក លោកស្រី ទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន។ ខ្ញុំសង្ឃឹមថា ថ្ងៃនេះ ព្រះយេស៊ូ ក៏ប្រទានពរជ័យអោយខ្ញុំដែរ ប្រទានពរជ័យអោយគណបក្សប្រជាជន ដោយសារគណបក្សប្រជាជនបានផ្ដល់ឱកាសអោយព្រះយេស៊ូ ក្លាយទៅជាសក្ការៈបូជារបស់ប្រជាជនកម្ពុជាយើង។ អរគុណ ហើយសូមបញ្ចប់ត្រឹមប៉ុណ្ណេះ។ សូមបងប្អូនត្រឡប់ទៅវិញ មានខ្លះមកពីបណ្ដាខេត្ត សូមមានជោគជ័យល្អ ធ្វើដំណើរតាមផ្លូវដោយសុវត្ថិភាព ហើយទៅប្រាប់បងប្អូនទៅ ក្រៅពីខ្លួនឯងបោះឆ្នោតអោយគណបក្សប្រជាជន កុំភ្លេចប្ដី ប្រពន្ធ កូន ម៉ែឪពុក អោយបោះឆ្នោតអោយគណបក្សប្រជាជន។ សូមអរគុណ៕