មរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសោកនាដកម្មដែលបានកើតឡើង
ខ្ញុំអាចបញ្ជាក់ជូនអស់លោកនៅពេលនេះ។ យើងអាចជួបជុំគ្នាបាន។ ជាពេលវេលាដ៏ពិសេសមួយ ដែលខ្ញុំអនុញ្ញាត អោយអស់លោកអាចចោទចេញជាសំណួរ។ ប៉ុន្តែមុននឹងឈានដល់ដំណាក់កាលនោះនោះ ខ្ញុំក៏សូមយកឱកាសនេះសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រជាពលរដ្ឋរបស់យើង(ដែលបានបាត់បង់ជីវិត) ហើយក៏សូមចូលរួមសោកស្តាយចំពោះអ្នកដែលត្រូវរបួស។ ប្រសិនបើខ្ញុំមិនមានភារកិច្ចធំ ទៅប្រជុំអាស៊ាននៅទីក្រុងបាងកកទេ ខ្ញុំពិតជាមានវត្តមានតាំងពីព្រឹក ថ្ងៃកើតហេតុម្ល៉េះ។ ប៉ុន្តែ ខ្ញុំមិនអាចនឹងពន្យារពេលបាន និងផ្អាកទៅចូលរួមប្រជុំអាស៊ានបានទេ។ នៅក្នុងពេលប្រជុំអាស៊ាននោះ ខ្ញុំបានឆ្លងឆ្លើយជាប់ជាមួយ ឯកឧត្តម អភិបាលខេត្ត យន្ត មីន ជាមួយប្រធានក្រុមការងារ សាយ សំអាល់ ជាមួយអគ្គបញ្ជាការកងទ័ព វង្ស ពិសេន និងអភិបាលក្រុង សុខ ឡេង។
ជាលើកដំបូងដែលប្រទេសកម្ពុជា កើតហេតុការណ៍ដូចនេះ
យើងបានទទួលព័ត៌មានជាបន្តបន្ទាប់។ ប្រត្តិបត្តិការសង្គ្រោះបែបនេះ គឺជាលើកដំបូងដែលយើងកើតនៅក្នុងប្រទេសរបស់យើង ដែលជារឿងដែលគួរអោយសោកស្តាយ ក៏ប៉ុន្តែ ខ្ញុំក៏សូមយកឱកាសនេះ អរគុណ និងកោតសរសើរចំពោះកម្លាំងទាំងអស់ ដែលបានខិតខំចូលរួមនៅក្នុងប្រតិបត្តិការ រុករក និងសង្គ្រោះនៅទីនេះ។ បើគ្មានការខិតខំទេ សូម្បីតែមនុស្សពីរនាក់ចុងក្រោយមុននេះ ប៉ុន្មានម៉ោង ក៏មិនអាចរស់រានមានជីវិតបានផង។ ខ្ញុំពិតជាអរគុណចំពោះអ្នកដែលបានចូលរួម ទាំងអ្នកដែលបានចូលរួមដោយកម្លាំងផ្ទាល់ ទាំងអ្នកដែលបានចូលរួមដោយសម្ភារៈបរិក្ខា ក៏ដូចជាការផ្តល់ជំនួយសង្គ្រោះ និងសមានចិត្តដ៏ទូលំទូលាយរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ គ្រប់បណ្តាបក្សនយោបាយនៅកម្ពុជា ដែលបានបង្ហាញពីសាមគ្គីភាព និងអាឡោះអាល័យចំពោះជនរួមជាតិរបស់យើង។ ខ្ញុំពិតជាមានអារម្មណ៍ថា ប្រជាជនរបស់ខ្ញុំពិតជានៅរស់ និងមិនទាន់អស់នៅឡើយទេ។ ពេលត្រឡប់មកពីទីក្រុងបាងកក ខ្ញុំមិនស្ងប់ចិត្តទេ។ ខ្ញុំធ្វើដំណើរមកកាន់ទីនេះ។ មកដល់ទីនេះ អារម្មណ៍របស់ខ្ញុំហាក់ដឹងថា នៅមានមនុស្សនៅរស់។ នេះហាក់ដូចជាវិញ្ញាណមួយដែលបានប្រាប់ឲ្យខ្ញុំដឹង។ ល្ងាចនេះ អ្នកទាំងអស់គ្នា បានដឹងហើយ។ អ្នកនៅក្នុង ខ្ញុំសុទ្ធតែបានដឹងអំពីចំណុចដែលខ្ញុំបានបញ្ជាក់ប្រាប់ថាអាចមានមនុស្សនៅរស់។ ហើយគឺមានមនុស្សនៅរស់មែន។
មេរៀនដែលបញ្ជាក់ពីការទទួលខុសត្រូវលើអំណាចដែលបានប្រគល់ឲ្យ
សោកនាដកម្មលើកនេះ បានផ្ដល់នូវមេរៀន ដែលបញ្ជាក់ឲ្យច្បាស់អំពីការទទួលខុសត្រូវរបស់រដ្ឋ របស់សមត្ថកិច្ច ហើយរឿងនេះ ខ្ញុំឃើញថាមានការចាក់ឡើងវិញនូវអ្វីដែលខ្ញុំបាននិយាយជាសាធារណៈនៅវេទិកាមួយចំនួនស្ដីពីការ ដែលថា គ្មានច្បាប់សាងសង់ក៏ត្រូវបានសាងសង់។ គេសាងសង់ហើយទៅប្រាប់គេៗមិនស្ដាប់។ ខ្ញុំគួរតែនិយាយថា «តើអំណាចរដ្ឋវានៅកន្លែងណា?» ទុកឲ្យអ្នកសាងសង់មកធ្វើចៅហ្វាយខេត្ត ចៅហ្វាយក្រុង រដ្ឋមន្ដ្រី វាល្អជាង។ ពីថ្ងៃនេះទៅគ្មានការលើកលែងណាមួយបានទេ បទពិសោធន៍លើកនេះផ្ដល់មេរៀនឲ្យយើង ហើយយើងបានចាត់តាំងគណៈកម្មាការមួយសម្រាប់ត្រួតពិនិត្យសំណង់ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ជា សុធារ៉ា។ ក៏ប៉ុន្ដែនេះជាអង្គការផ្នែកនយោបាយទេ។ ឯកឧត្តម ជា សុធារ៉ា ត្រូវរៀបចំអ្នកបច្ចេកទេសពិតប្រាកដ ដើម្បីមានសមត្ថភាពពិតប្រាកដវាយតម្លៃទៅលើសំណង់ទាំងអស់ដែលកំពុងសាងសង់។ អ្នកណាដែលគ្មានច្បាប់សាងសង់ ត្រូវផ្អាកទាំងអស់។ មិនត្រូវ(បណ្តែតបណ្តោយ)ឲ្យមានករណីបែបនេះកើតឡើង។ យើងមិនចាំបាច់ធ្វើអាជ្ញាធរ មិនចាំបាច់គ្រប់គ្រងរដ្ឋទេ ប្រសិនបើយើងគ្មានសមត្ថភាពរាំងស្កាត់នូវការកសាងបែបអនាធិបតេយ្យបែបនេះ។
ឯកឧត្តម យន្ដ មីន សុំលាលែងពីតំណែង ជាការបង្ហាញពីការទទួលខុសត្រូវ
ឯកឧត្តម យន្ដ មីន បានទទួលខុសត្រូវអំពីកំហុសលើការអនុវត្ដសមត្ថកិច្ចរបស់គាត់។ គាត់បានសុំលាលែងចេញពីតំណែងជាអភិបាលខេត្ត បង្ហាញពីការទទួលខុសត្រូវរបស់អាជ្ញាធរនៅចំពោះមុខប្រជាពលរដ្ឋកម្ពុជា។ពិតមែនហើយ មានអ្នកខ្លះចង់(អោយ)ខ្ញុំដក។ និយាយតែរឿងដក។ ចាប់ពីពេលមានព្រឹត្តិការណ៍កើតឡើង ទាមទារអោយដក យន្ដ មីន។ ខ្ញុំក៏បានឆ្លើយតបត្រឡប់ទៅវិញ «ពេលនេះមិនមែនជាពេលនិយាយពីរឿងដក និយាយពីរឿងដាក់ ឬតែងតាំងទេ ពេលនេះនិយាយពីរឿងសង្គ្រោះជីវិតមនុស្ស»។ រឿងដក រឿងដាក់ គង់តែគេធ្វើទេ ប៉ុន្ដែអ្នកដែលចង់រុញអោយខ្លោច រោចអោយឆៅ។ ប្រសិនបើដក យន្ដ មីន តាំងពីពេលចាប់ផ្ដើម តើអ្នកណាជាអ្នកដឹកនាំយុទ្ធនាការនេះ? អ្នកដឹកនាំយុទ្ធនាការពិតប្រាកដគឺ យន្ដ មីន បញ្ជាលើកងកម្លាំងប្រដាប់អាវុធដែលមកនៅទីនេះ។ អញ្ចឹងទេ អរគុណឯកឧត្តម យន្ដ មីន ទោះបីមានការខ្វះខាត ដែលឯកឧត្តមត្រូវទទួលខុសត្រូវចំពោះមុខប្រជាជន ហើយសុំលាលែងពីតំណែង។
តុល្យការចុងក្រោយ អ្នកស្លាប់ ២៨ នាក់ និងរបួស ២៦ នាក់
យើងបានរៀបចំនូវកិច្ចការប្រតិបត្ដិការមួយនេះ ហើយតុល្យការកំណត់បានថា ២៨ នាក់ បានស្លាប់ ហើយ ២៦ នាក់ រងរបួស ហើយក្នុងចំនោម ២៦ នាក់ នោះ គឺមាន ៦ ដែលយើងបានសង្គ្រោះពីគំនរបាក់បែក ជាពិសេសគឺអ្នកក្រោយ ២ នាក់។ អ្នកទាំងអស់គ្នាបានឃើញហើយថា ខ្ញុំមានអារម្មណ៍ច្បាស់ក្នុងចិត្តថា មានអ្នកនៅរស់។ ខ្ញុំបានជួបពួកគេនៅក្នុងឡាន ហើយខ្ញុំទៅតាមដល់មន្ទីរពេទ្យ។ ខ្ញុំទៅជួបអ្នកសំរាកនៅមន្ទីរពេទ្យ។ យើងពិតជាស្ដាយស្រណោះ ជាមួយនឹងអ្វីដែលបានកើតឡើង សម្រាប់ជីវិតប្រជាពលរដ្ឋរបស់យើង ហើយជាពិសេសអ្នកដែលបានស្លាប់ឪពុកម្ដាយ។ ឥឡូវ កូនៗរបស់គេត្រូវប្រឈមនឹងការលំបាក។ ទោះបីទឹកលុយប៉ុន្មានក៏ដោយ មិនអាចស្មើជាមួយនឹងជីវិតនោះបានទេ ក៏ប៉ុន្ដែយើងក៏ត្រូវខិតខំដោះស្រាយបញ្ហាសម្រាប់កូនៗទាំងឡាយដែលឪពុកម្ដាយបានស្លាប់។
អរគុណចំពោះការបរិច្ចាគជួយអ្នករងគ្រោះ
ខ្ញុំសូមយកឱកាសនេះ អរគុណជាមួយសប្បុរសជននានា ដែលបានបរិច្ចាគសម្រាប់អ្នកដែលទទួលមរណភាពទៅ ហើយអ្នកដែលនៅរស់។ ពីទីក្រុងបាងកក ខ្ញុំបានបញ្ជាតាំងពីប្រមាណម៉ោង ១២ យប់ ដើម្បីបញ្ចេញថវិកាសម្រាប់សពម្នាក់ ១ ម៉ឺន ដុល្លារ និងសម្រាប់អ្នករបួសម្នាក់ ៥ លានរៀល។ ប៉ុន្តែដោយសារការអំពាវនាវរបស់ខ្ញុំ អម្បាញ់មិញ យើងបានបន្ថែមជូនអ្នករបួស (ដែល)សង្គ្រោះមុននេះប៉ុន្មានម៉ោង ត្រូវបានទទួល ៣ ម៉ឺនដុល្លារ។ ឯចំពោះសាកសព បើគិតអំពីចំនួនប្រាក់ចំណូល គឺនឹងទទួលបាន(ប្រាក់) មិនទាបជាង ៦ ម៉ឺនដុល្លារសហរដ្ឋអាមេរិកទេ។
មិនលើកលែងចំពោះមន្ដ្រីដែលភូតកុហក
អំពីថ្ងៃនេះ (ក្នុងឋានៈជាទេសរដ្ឋមន្ត្រីទទួល) បេសកកម្មពិសេស ហើយជាអនុប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអកុសល តាំងពីនៅទីក្រុងបាងកក ខ្ញុំមិនទាន់បានទទួលរបាយការណ៍ណាមួយពីគាត់ (ញឹម វណ្ណដា)។ នៅវេលាម៉ោង ១០ ជាងបន្តិច បន្ទាប់ពីខ្ញុំបានបញ្ចប់ការប្រជុំហើយនោះ។ ខ្ញុំបានសួរថាពេលនេះ ឯកឧត្តមនៅឯណា? ធម្មតាអ្នកដែលចេះ WhatsApp ឬ Telegram ឬក៏ស្អី កាលគេបើកមើលហើយគឺមានសញ្ញាលោតថាបានឃើញហើយ។ ប៉ុន្តែគាត់បាត់។ ត្រឡប់មកវិញ។ ខ្ញុំសួរមក ឯកឧត្តម យន្ត មីន ថាមិនឃើញឯកឧត្តម ញឹម វណ្ណដា ទេ។ ខ្ញុំសួរទៅឯកឧត្តម សាយ សំអាល់ ក៏មិនបានឃើញដែរ។ ខ្ញុំបានហៅទូរស័ព្ទទៅរកគាត់ តែគាត់មិនបានទទួលទូរស័ព្ទទេ។ ខ្ញុំបានប្រាប់ទៅឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឲ្យរក ញឹម វណ្ណដា តើនៅឯណា? ព្រោះនេះជាបញ្ជាប្រតិបត្តិការប្រើកម្លាំងសរុប រាប់ទាំងកម្លាំងប្រដាប់អាវុធផង។ ម៉ោងប៉ុន្មានជា ២ គឺ ឯកឧត្តម ប៊ិន ឈិន បានរកឃើញ ហើយរុញគាត់ឲ្យមកទីនេះ។ ក្រោយម៉ោង ៥ ភ្លឺ ខ្ញុំនៅទីក្រុងបាងកក ទទួលបានរបាយការណ៍ដ៏វែង។ ខ្ញុំឆ្លើយថា មិនចាំបាច់រាយការណ៍អញ្ចឹងទេ។ ខ្ញុំមានការយោគយល់ខ្លាំងណាស់។ ម្សិលមិញ ពេលដែលខ្ញុំមកដល់កន្លែងនេះ ខ្ញុំសួរថា ឯកឧត្តមនៅឯណាពិតប្រាកដ? (គាត់)ថានៅទីនេះ។ អញ្ចឹងបានជាពេលនោះ និយាយអំពីការមិនទទួលខុសត្រូវ និងភូតកុហក។
ខ្ញុំមិនទុកឲ្យមន្ត្រីណាមួយនៃព្រះរាជាណាចក្រកម្ពុជា ភូតកុហករបៀបនេះតទៅទៀតទេ។ ខ្ញុំសូមថ្កោលទោសដោយម៉ឺងម៉ាត់។ ខ្ញុំយោគយល់ហើយនេះ គ្រាន់តែដកចេញពីសមាជិកគណៈរដ្ឋមន្ត្រី ហើយទុកឲ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាល។ បើសិនជាមិនពេញចិត្ត ខ្ញុំក៏ដកចេញជាបន្តទៀត។ ខ្ញុំសោកស្ដាយ។ ប្រសិនបើមានប្រតិបត្តិការពេញទំហឹង យើងនឹងអាចរក(និងសង្គ្រោះក្នុងល្បឿនលឿនជាងនេះ)។ លើការជាក់ស្ដែង ខ្ញុំមកដល់ទីនេះ ក៏មានប្រយោជន៍មួយចំនួន។ ទោះបីខ្ញុំមិនចួលរួមប្រឡូកផ្ទាល់ ក៏មានប្រយោជន៍មួយចំនួនក្នុងការផ្ដល់មតិ រាប់ទាំងការយកសម្ភារៈពីកន្លែងនេះឬនោះ កងវិស្វកម្ម និងបច្ចេកទេសពីកន្លែងផ្សេងមកដោះស្រាយ ក៏ប៉ុន្តែជាអកុសលប្រតិបត្តិការនេះត្រូវបានបណ្ដែតបណ្ដោយ។ ខ្ញុំគិតថាបទពិសោធន៍មួយនេះ បើទោះបីជាមានមនុស្សត្រឹមតែ ២ ឬ ៣ នាក់ ត្រូវមានមនុស្សចុះទៅដល់ ហើយដោះស្រាយបញ្ហានៅនឹងកន្លែង។
ប្រតិបត្ដិការរុករក និងសង្គ្រោះ បញ្ចប់ តែដំណើរការស្រាវជ្រាវពីការទទួលខុសត្រូវនៅបន្ដ
ខ្ញុំពិតជាសោកស្ដាយព្រឹត្ដិការណ៍ដែលបានកើតឡើង ហើយរឿងនេះកាលពីដំបូងយើងធ្លាប់លឺតែបាក់អាគារ នៅប្រទេសបង់ក្លាដែស ឥណ្ឌា ចិន ប្រទេសផ្សេងៗ ក៏ប៉ុន្តែយើងមិនធា្លប់នៅប្រទេសកម្ពុជាទេ លឺក៏បាក់អាតូចតាចដែរ។ ក៏ប៉ុន្តែនេះជាការបាក់អាគារមួយដែលយើងត្រូវមានប្រតិបត្តិការមួយដ៏ធំ តែយ៉ាងណាក៏ដោយមកដល់ម៉ោងនេះយើងបិទបញ្ចប់។ យើងនៅសល់តែការសម្អាតការដ្ឋានប៉ុណ្ណោះ។ តែយើងមិនទាន់បញ្ចប់នូវការស្រាវជ្រាវ ដើម្បីរកឲ្យឃើញនូវការទទួលខុសត្រូវនោះទេ។ សំណង់មានច្បាប់ ឬអត់ច្បាប់ ហើយវានៅក្នុងក្របខ័ណ្ឌបែបណា បានវាកើតមានរឿងបែបនេះ។ ជាថ្មីម្ដងទៀត ដល់អ្នកទាំងអស់គ្នា អរគុណទាំងអ្នកសារព័ត៌មានដែលបានផ្ដល់សារព័ត៌មានជូនសាធារណជន នូវព័ត៌មានទាំងឡាយដែលមានការវិវត្តពីការដ្ឋាននេះតែម្ដង៕