ក្នុងជំនួបពិភាក្សា ដែលធ្វើឡើងនៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សីក កាលពីរសៀលថ្ងៃទី១៨ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកជំទាវ ហ្វែដឺរីកា មូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ បានធ្វើការផ្លាស់ប្តូរមតិគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យរវាងកម្ពុជា និងសហភាពអឺរ៉ុប។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានកត់សំគាល់ នូវការពេញចិត្តអំពីវឌ្ឃនភាព ដែលកម្ពុជា និងសហភាពអឺរ៉ុប សំរេចបានក្នុងរយៈពេលកន្លងមក បើទោះបីជាមានបញ្ហាកើតឡើងក្នុងពេលថ្មីៗនេះ ក៏ពិតមែន។ ជាមួយគ្នានេះភាគីទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញឲ្យក្រុមការងារ នៃភាគីទាំងពីរបន្តធ្វើការជាមួយគ្នា ក្នុងលក្ខណៈជាដៃគូ នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តនាពេលកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកឡើងរួមគ្នា ក្នុងការបន្តដោះស្រាយនូវរាល់បញ្ហាប្រឈមមួយចំនួន ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងគណៈកម្មការសហភាព អឺរ៉ុបឲ្យកាន់តែទទួលបានលទ្ធផលខ្ពង់ខ្ពស់ថែមទៀត។