សម្តេចតេជោបង្ហាញពីសក្ដានុពល និងកាលានុវត្តភាព សម្រាប់ការវិនិយោគ នៅកម្ពុជាដល់បណ្ដាក្រុមហ៊ុនចិន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​បង្ហា​ញ​នូវ​វិស័យអាទិភាពជាច្រើនដល់បណ្ដាវិនិយោគចិន និងស្នើឱ្យភាគីចិនជួយផ្សព្វផ្សាយអំពី​សក្តា​នុ​​ពលនិងកាលានុវត្តភាពវិនិយោគដែលមាននៅកម្ពុជា និងជួយជំរុញឱ្យវិនិយោគិនចិន​មកវិនិ​យោ​គនៅប្រទេសកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។

ការបង្ហាញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីត្រូវបានធ្វើឡើង ក្នុងកិច្ចសន្ទនាតុ​មូ​ល​ជា​មួ​យ​នាយកប្រតិបត្តិក្រុមហ៊ុនធំៗនៃប្រទេសចិនដែលបានមកវិនិយោគនៅកម្ពុជាចំនួន៦ និង​មា​នការចូលរួមពី ឯកឧត្ដម ឈិន ចូវ អនុប្រធាន នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្ម អន្តរជាតិ ចិ​ន និង ឯកឧត្ដម ឈិន វូ អភិបាលតំបន់ស្វយ័តក្វាងស៊ី រួមទាំងតំណាងក្រុមហ៊ុន ព្រមទាំង​មា​ន​​អ្នកសារព័ត៌មានជាតិ អន្តរជាតិ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងខណៈដែលដឹកនាំ​គ​ណៈ​ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិព័រណ៍ចិន-អា​ស៊ា​នលើកទី១៥ នៅ​ទី​ក្រុង​​ណានីន សាធារ​ណ​​រដ្ឋ​ប្រជាមានិតចិន។ នេះបើតាមប្រភពពីទូរទស្សន៍​ជាតិកម្ពុ​ជា​។

នៅ​ក្នុង​​កិច្ចសន្ទនានោះដែរ ឯកឧត្ដម ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ក៏ដូច​ជា​​ប្រជាជនចិន បានចាត់ទុក សម្តេចតេជោ គឺជាមិត្តចាស់និងជាមិត្តដ៏ល្អ​ទុកចិត្តបានរបស់ប្រ​ទេ​ស និងប្រជាជនចិន។ សម្តេចតេជោ គឺជាមេដឹកនាំអាស៊ានមួយរូប ដែលមានវត្តមានអញ្ជើ​ញ​​ម​ក​ចូលរួមពិព័រណ៌ចិន-អាស៊ាន និងវេទិកាធុរកិច្ចចិន-អាស៊ានច្រើនជាងគេនៅទីក្រុងណា​ន​​នីង។ មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បាន ស្វាគមន៍និងអបអរសា​ទរ​​ចំពោះកិច្ចសន្ទនាតុមូលជាមួយ នាយកប្រតិបត្តិ ក្រុមហ៊ុន ក្នុងការជំរុញពាណិជ្ជកម្ម និងការ​វិនិ​​យោគរវាងប្រទេសទាំងពីរ ជាពិសេសជំរុញ ការវិនិយោគពីប្រទេសចិនទៅកាន់កម្ពុជា។

ស​ម្តេ​ចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ កម្ពុជា​មា​ន​ស្ថិរភាពនយោបាយ ដែលជាកត្តា កំណត់ឱ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលបាន​នូវ​កំ​ណើនសេដ្ឋកិច្ចខ្ពស់ គឺប្រមាណ ៧,៦ភាគរយ ចន្លោះឆ្នាំ ១៩៩៤-២០១៥ ដែលជាប់ចំណាត់ថ្នាក់​លេ​ខ ៦ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿននៅលើពិភពលោក។ នៅឆ្នាំ ២០​១៧ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាទទួលបាន ៧ភាគរយ ហើយរំពឹងថាកំណើនសេដ្ឋកិច្ច​នឹងខ្ពស់​ជា​ង ៧ភាគរយ នៅឆ្នាំ២០១៨នេះ។ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៦ នៃរដ្ឋសភា កម្ពុជានៅតែ​បន្ត​ធានាឱ្យបាននូវស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ធានាបាននូវបរិយា​កា​សធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរសម្រាប់វិនិយោគិនបរទេស ជាពិសេស វិនិយោគិនពី​ប្រ​ទេ​​សចិន។ ដោយឡែកពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ក៏មានការកើនឡើងគួរឱ្យកត់​ស​ម្គា​ល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ ប៊ីលាន​ដុ​ល្លា​រអាម៉េរិក តាមស្ថិតិឆ្នាំ ២០១៧ គឺកើនឡើងប្រមាណ ២២ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ។ សម្រា​ប់​ការវិនិយោគពីប្រទេសចិនមានការកើនឡើងគួរឱ្យកត់សម្គាល់ រយៈពេលបីឆ្នាំកន្លងទៅនេះ បានកើនឡើងពីប្រមាណ ៩០០ លានដុល្លារអាម៉េរិកនៅឆ្នាំ ២០១៦ ដល់ ១,៦ ប៊ីលាន​ដុល្លា​រ​អា​មេរិកនៅឆ្នាំ ២០១៧ និងក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០១៨ នេះបានកើនដល់ ២,៨ ប៊ី​លាន​ដុល្លារអាម៉េរិក។ អ្នកទេសចរចិនទៅទស្សនាកម្ពុជាវិញ បានកើនឡើងដល់ ១,៣ លាន​នា​ក់ ហើយមានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ១៦ ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរ​ត្រង់​ពីចិនទៅកម្ពុជា។ លើសពីនេះទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនទំនាក់ទំនង​ពាណិ​ជ្ជក​ម្ម​ និងទេសចរណ៍រវាងប្រទេសទាំងពីរ ក្រុមហ៊ុនអាកាសចរណ៍ AirChina នឹងបើកជើងហោះ​ហើ​រ​ត្រង់​ពីប៉េកាំងទៅភ្នំពេញ ដោយចាប់ផ្តើមនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្ដេចតេជោបានគូសបញ្ជាក់ថា ក​ម្ពុជាមានសក្តានុពលវិនិយោគធំៗ លើវិស័យ អាទិភាព​ជា​ច្រើ​​នរបស់រាជរដ្ឋាភិបាល ដូចជាវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ហេដ្ឋា រចនាសម្ព័ន្ធ និង​សំ​ណង់​ឧស្សាហកម្ម, ឧស្សាហកម្មនាំចេញ រ៉ែ និងថាមពល,ទេសចរណ៍ និងវិស័យហិរញ្ញ​វត្ថុជា​ដើ​ម​។ វិស័យអាទិភាព និងប្រកបដោយសក្តានុពលទាំងនេះ នៅមិនទាន់មានការអភិវឌ្ឍ ពេ​ញ​​លេញនៅឡើយ ដោយរង់ចាំការវិនិយោគដោយ ផ្ទាល់ពីវិនិយោគិនបរទេស ជាពិសេសវិនិ​យោ​គិន និងសហគ្រិនពីប្រទេសចិន។ ជាមួយនឹងបរិបទតំបន់ដែលកំពុងប្រែប្រួល​យ៉ាងឆាប់រ​ហ័​ស និងបន្តកំណើន សេដ្ឋកិច្ចខ្ពស់រាជរដ្ឋាភិបាលតែងតែបុរេសកម្មក្នុងការកែទម្រង់, ការ​រៀ​ប​ចំ​ និងការដាក់ចេញ នូវផែនការ, គោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាយវិនិយោគ, និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់​វិ​ស័​យឯកជន, ជាពិសេសធ្វើយ៉ាងណាជំរុញឱ្យភាពប្រកួតប្រជែងរបស់កម្ពុជាកាន់តែ​ល្អប្រ​សើរ​​ឡើង។

ជាមួយនឹងសំណួរដែលលើកឡើងដោយក្រុមហ៊ុនទាំង៦ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងមុតមាំថារាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ដែលដឹកនាំដោយសម្តេច​ផ្ទា​​ល់ នឹងបន្ត​ជំ​រុញលើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នក វិនិយោគទុន​បរទេស​ទាំ​ង​អស់ និង​គូ​ស​បញ្ជាក់ដល់អ្នកវិនិយោគទុនចិន អំពី​គម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋា​ភិ​​បា​លចិន ក្នុងការផ្តល់កម្ចីសម្បទានដល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុង​ប្រទេ​ស​កម្ពុជា ដែលក្នុងនោះមានការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយនឹងបណ្តា​ប្រទេសក្នុង​តំបន់​អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេស ចិន តាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវ​អា​កា​ស​ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ទៅកាន់បណ្តាក្រុមហ៊ុនចិន​ កុំមាន​ការ​ភ័យខ្លាចទៅលើការលុបកុងត្រា ចាស់ណាមួយ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុន តែ​ផ្ទុយ​ទៅ​វិញរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦​ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ​ សម្តេចនឹង​បន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុម​ហ៊ុនទាំងអស់ ក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានបន្តធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិន បន្តមកបណ្តាក់ទុន ក្នុងប្រទេសក​ម្ពុ​ជា​ឱ្យ​បានកាន់តែច្រើនឡើងថែមទៀត ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិ​យោ​គ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា​ឱ្យកាន់តែមានការរីកចម្រើន​ថែម​ទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...