សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនិស្សិតកម្ពុជាជាង២០០ នាក់ដែលកំពុងសិក្សានៅប្រទេសចិន

នៅរសៀលថ្ងៃដដែលនេះដែរ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយនាយកសាជីវកម្មអភិវឌ្ឍន៍កួហុងរួច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន២២៩នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ដែលកំពុងខិតខំយកចិត្តទុកដាក់សិក្សានៅប្រទេសចិន ហើយបានឆ្លៀតយកពេលវេលាដ៏មានតម្លៃទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់និស្សិតអោយខិតខំសិក្សា គោរពច្បាប់ប្រទេស។ កាលពីមុនកម្ពុជាមិនសូវសំបូរធនធានមនុស្សទេ គឺរាល់ពេលដែលសម្តេចតេជោអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅក្រៅប្រទេស គឺសម្តេចតែងតែស្នើសុំអាហារូបករណ៍ដើម្បីផ្តល់ជូននិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ទោះតិចក្តីឬច្រើនក្តី គឺដើម្បីយកចំណេះដឹងកសាងនិងអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោបានមានប្រសាសន៍អំពីនយោបាយឈ្នះ-ឈ្នះដែលសម្តេចបានដាក់ចេញកាលពី២០ឆ្នាំមុន ដែលបាននាំមកនូវសុខសន្តិភាព។ មានសន្តិភាពទើបយើងមានឱកាសអភិវឌ្ឍប្រទេសជាតិបាន។ ថ្ងៃនេះទើបតែមានរយះពេល៤ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេចបានដឹកនាំគណះប្រតិភូជាន់ខ្ពស់មកក្រៅប្រទេសជាលើកដំបូង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូនក្មួយៗនិស្សិតទាំងអស់អោយបានដឹងផងដែរថា សម្តេចបានអញ្ជើញមកកាន់ទីក្រុងណាននីងចំនួន១១លើករួចមកហើយ ស្របពេលនោះកម្ពុជាគឺជា ប្រទេសសម្របសម្រួលអាស៊ាន-ចិន កាលពីឆ្នាំ២០០៣ ក្រោមការដឹកនាំរបស់ លោក វ៉េន ជាវប៉ាវ អតីតនាយករដ្ឋមន្រ្តីចិន។ ជាពិសេសនៅពេលនេះ គឺមិត្តចិនបានចាត់ទុកកម្ពុជាជាប្រទេសកិត្តិយសនៃពិព័រណ៌ចិន-អាស៊ាន លើកទី១៥ឆ្នាំ២០១៨នេះផងដែរ។ សម្តេចតេជោ មានជំនឿជឿជាក់ និងសង្ឃឹមថា នៅពេលខាងមុខនឹងមាននិស្សិតកម្ពុជាកាន់តែច្រើនឡើងមកបំពេញការសិក្សាថ្នាក់អាហារូបករណ៍នៅក្នុងប្រទេសចិន។ សម្តេចតេជោ ក៏បានអរគុណកូនក្មួយទាំងអស់ដែលបានបោះឆ្នោតអោយគណបក្សប្រជាជនកន្លងមកនេះ។ ដោយមើលឃើញអំពីកង្វះខាតជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់កូនក្មួយនិស្សិតអាហារូបករណ៍ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០០ដុល្លារដើម្បីទុកដោះស្រាយតម្រូវការនានាក្នុងពេលកំពុងសិក្សានៅក្នុងប្រទេសចិន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ