ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នោះ នាវេលាម៉ោងប្រមាណជា១២ និង១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ទីក្រុងណាននីង នៃខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមបើកពិព័រណ៍ចិនអាស៊ានលើកទី១៥ ដែលកម្ពុជា ធ្វើជាប្រទេសកិត្តិយស។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោបានសរសេរថា ការអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិវូស៊ូ (WuXu) នៃទីក្រុងណាននីង សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ឋស្នាលបំផុតពីមន្រ្តីជាន់ខ្ពស់ចិនជាច្រើន ដែលក្នុងនោះមាន លោក ឡាន ទៀនលី (Lan Tianli) ប្រធានគណៈកម្មាធិការសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិនតំបន់ស្វយ័តជនជាតិក្វាងស៊ី និងមន្ត្រីស្ថានទូតនៃកម្ពុជាជាច្រើនរូបទៀតផង។ នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានកម្មវិធីជួបជាមួយក្រុមហ៊ុនវិនិយោគចិន និងជួបជាមួយនិស្សិតកម្ពុជាជាង២០០ នាក់ដែលកំពុងសិក្សានៅប្រទេសចិន៕