AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ -ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបាន សព្វព្រះរាជហឫទ័យ ស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹក ថ្ងៃចន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈនៅទីនោះ។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សានុវង្សជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះដែរ។
ក្នុងព្រះរាជសារចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ដែលត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍ ជាតិកម្ពុជា(TVK) ផ្ញើជូនជនរួមជាតិរបស់ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា «ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨តទៅធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បី ពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ខាងលើនេះ សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ទូលព្រះបង្គំ ខ្ញុំព្រះ ករុណាខ្ញុំ សូមថ្វាយព្រះពរសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះ ថេរានុថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹង ព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៨ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេបានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។ បន្ទាប់ពីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅទីនោះមួយរយៈ ព្រះអង្គទាំងទ្វេបានយាងត្រឡប់មកកាន់មាតុភូមិវិញនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨។ នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់ របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី រៀងរាល់៦ខែម្ដងទៅកាន់រាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិត ចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព៕