សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៧ នៅទីក្រុងហាណូយ

នៅព្រឹកថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ ស្តីពីអាស៊ាន ។

វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ គឺផ្តោតការពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបណ្តាលមកពីបដិវត្តឧស្សាហកម្មជំនាន់ទីបួន ព្រមទាំងរិះរកមធ្យោបាយដើម្បីប្រើប្រាស់នវានុវត្តន៍ និងកិច្ចសហការរវាងរដ្ឋនិងឯកជន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនោះ។

នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានផ្តោតលើប្រធានបទ «យុវជន បច្ចេកវិទ្យា និងកំណើន ការធានាពីគុណប្រយោជន៍ផ្នែកប្រជាសាស្រ្តនិងឌីជីថល របស់អាស៊ាន» ដែលបានប្រព្រឹត្តិទៅក្រោមវត្តមាននៃការធ្វើគារវកិច្ចស្វាគមន៍ពីសំណាក់ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងវេទិការថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ បណ្តាមេដឹកនាំ និងផ្នែកធុរកិច្ច អ្នកសេដ្ឋកិច្ច និងម្ចាស់ក្រុមហ៊ុនធំៗលើពិភពលោកជាច្រើនរូបផងដែរ។

នៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកថ្ងៃនេះ គឺមានការអញ្ជើញឡើងថ្លែងសុន្ទរកថាដោយ លោកសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ (Klaus Schwab) ស្ថាបនិកនិងជានាយកប្រតិបត្តិវេទិកា សេដ្ឋកិច្ចពិភពលោក មានសារលិខិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសុន្ទរកថាពីមេដឹកនាំនៃប្រទេសវៀតណាម សឹង្ហបុរី និងឥណ្ឌូណេស៊ី ភូមា និង កម្ពុជា ដែលអញ្ជើញឡើងថែ្លងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ប្រមុខដឹកនាំទាំងអស់ បានចាត់ទុកការរួមសហការគ្នារវាងវិស័យឯកជន ជាមួយនឹងរដ្ឋាភិបាលគឺជារឿងចាំបាច់បំផុតដើម្បីជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ជាពិសេសគឺរួមគ្នាយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាដែលជាសេចក្តីត្រូវការចាំបាច់បំផុតនៅក្នុងសម័យឌីជីថល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ទ្រទ្រង់ខឿនសេដ្ឋកិច្ចប្រកបដោយចីរភាព។

សព្វថ្ងៃនេះ ពលរដ្ឋជាពិសេសយុវជនកំពុងប្រើប្រាស់ Smart phone, និងបច្ចេកវិទ្យាថ្មីៗ រួមទាំងការធ្វើពាណិជ្ជកម្ម និងលក់ទំនិញអនឡាញតាមប្រព័ន្ឋអេឡិកត្រូនិក និងការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុតាមធនាគារ និងទូរទាត់តាមប្រព័ន្ឋវ័យឆ្លាតនានា ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីទប់ស្កាត់អំពើភេរវកម្មផ្សេងៗ ដែលបានជួយបង្កើតការងារនិងមុខរបរបានយ៉ាងច្រើន ហើយទន្ទឹមនឹងនេះ គឺកំពុងជួយពន្លឿនដល់សមាហរណកម្មក្នុងតំបន់ ព្រមទាំងជំរុញឲ្យមានទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋកាន់តែប្រសើរឡើងទៀតផង។

Download (PDF, 432KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ