រដ្ឋសភានីតិកាលទី៦កោះប្រជុំជាលើកដំបូង ក្រោមព្រះរាជាអធិបតីភាព ព្រះករុណា ព្រះមហាក្សត្រ

AKP: ព្រះករុណាព្រះបាទសម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជា​ណា​ចក្រកម្ពុជា ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរា​ជាអធិបតីភាពដ៏ខ្ព​ង់​ខ្ព​ស់​​​ក្នុងពីធីបើកសម័យប្រជុំជាលើកដំបូង​របស់រដ្ឋ​សភានីតិកាលទី៦ នាវេលាម៉ោង​៨ព្រឹក ថ្ងៃ​ពុ​ធ​ ១០រោច ខែ​​ស្រា​ពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥​ ខែកញ្ញា ឆ្នាំ២០១៨ នៅ​វិមា​ន​រដ្ឋស​ភា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រ នីតិកាលទី៦ និងការប្រកាសលទ្ធ​ផល​​បោះឆ្នោត​របស់គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត រយៈពេល៥សប្ដាហ៍​កន្ល​ង​មក​នោះ​​​។

 

អញ្ជើញចូលរួម​ក្នុងសម័យប្រជុំសភាជាលើកដំបូងនេះដែរ គេសង្កេតឃើញមាន​វត្តមាន ស​ម្ដេច​វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គ​មហាពញាចក្រី ហេង សំរិន ព្រឹ​​ទ្ធ​សមាជិករដ្ឋសភា សម្ដេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន និង​សមាជិកសមាជិកា​រដ្ឋ​ស​ភានីតិកាលទី៦ចំនួន១២៥រូប ព្រមទាំងមានការចូល​រួម​របស់​បណ្ដា​អង្គទូត​នានា​ប្រចាំនៅ ព្រះរា​ជា​ណាចក្រ​ក​ម្ពុ​​ជា និងអង្គការជាតិ អង្គការអន្តរជាតិ​យ៉ាងច្រើនកុះករ។

ក្នុងខណៈយាង​ដល់​វិមាន​រដ្ឋសភា ដោយមាន​​​ថ្នាក់ដឹក​នាំ​ជាតិ​​ជាន់ខ្ពស់ ថ្វាយព្រះ​ពរ​​ស្វាគមន៍ និង​កងកិត្តិយសត្រែទ័ព ថ្វាយ​ព្រះ​រាជ​​​វ​ន្ទ​ន​កិច្ច​រួចមក  ព្រះករុណា​​ជា​អ​ម្ចាស់​ជីវិត លើត្បូង ជាទីគោរព​សក្ការៈ​​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេ​ច​យាង​​ថ្វាយ​គ្រឿង​សក្ការបូជា ព្រះ​បរម​រូប ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ និង​ព្រះ​ពុទ្ធរូប នៅ​ខាងក្នុង​វិមា​ន​រដ្ឋសភា មុនពេល​ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​គង់ប្រថាប់​ នៅ​ខាងក្នុង​សាល​ប្រជុំ​វិមាន​រដ្ឋសភា​។  នៅ​ពេល​ចា​​ប់ផ្តើម​កម្មវិធី ដំបូង​គឺ​​គោរ​ព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់មក សម្តេច​​អគ្គមហា​​ពញា​ចក្រី ហេង សំរិ​ន ព្រឹទ្ធសមាជិក​រដ្ឋសភា សូម​ព្រះ​បរម​រាជា នុញ្ញាត យាង​ព្រះករុណា​ជា​អ​ម្ចាស់​ជីវិត​​លើត្បូង ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុតប្រោស​​ព្រះរាជទាន​ព្រះរាជ​សុន្ទរក​ថា​បើក​ទៅកាន់កិច្ចប្រជុំ​ស​ភា​នី​តិកាលទី៦ជាលើកដំបូង​។ បន្ទាប់មក ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង ជាទីគោរព​សក្ការៈ ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ការថត​រូប​អនុស្សាវរីយ៍ ជាមួយ​បេក្ខជន​ជាប់ឆ្នោត​ជា​​តំណាងរាស្ត្រ នៅខាងមុខ​ខ្លោងទ្វារ​វិមាន​រដ្ឋសភា​។​ ​ក្រោយ​ព្រះករុណា ព្រះមហាក្សត្រ ទ្រង់​យាង​និវត្តន៍​ទៅកាន់​ព្រះ​បរម រាជវាំង​វិញ ​រដ្ឋសភាក៏បានចាប់ផ្តើម​សម័យប្រជុំលើក​ទី​១ ដោយ​សម្តេ​ច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដឹកនាំ​សម័យប្រជុំ​ ដោយមាន​បេក្ខ​ជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រចំនួន៥រូប ដែលមាន​អាយុ​តិចជាងគេ ជា​លេខាធិការ ដើ​ម្បី​​​ជួយ​ការងារ​ព្រឹទ្ធ សមាជិក​រដ្ឋសភា​ ក្នុងនោះ​ ​ មាន​របៀបវារៈ​ចំនួន ២ ដែល​រដ្ឋសភា ប្រជុំ​លើ​ក​​ទី​១ រួមមាន​៖ ក​-​ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ខ​-​ការ​អនុ​ម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា នីតិកាល​ទី​៦​។​ ​ដោយឡែក នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ​ស​មា​ជិ​ក​​សមាជិការដ្ឋសភានីតិកាលទី៦ នឹងចូលស្បថសច្ចាប្រណិធាន នៅ​ព្រះបរមរាជវាំង។

គួរបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦កន្លងមកនេះ   មា​ន​ប្រជាពលរដ្ឋជិត ៧លាននាក់បានចេញទៅបោះឆ្នោតស្មើនឹងជាង៨៣ភាគរយ នៃ​ចំនួន​​ប្រ​ជា​ពលរដ្ឋសរុបក្នុងបញ្ជីបោះឆ្នោតដែលមានជាង៨លាននាក់។ ក្នុងចំណោម​ប្រជាពលរដ្ឋ​    ចេ​ញ​​ទៅបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្ស​នយោបាយ​តែមួយគត់​ទទួល​បា​ន​​ការបោះឆ្នោតគាំទ្រច្រើនលើសលុបរហូត​ដល់ជាង​៤លាននាក់ដែលបានគ្រប់គ្រង​អាសនៈ ​ទាំង​ស្រុងនៅក្នុងរដ្ឋសភាចំនួន១២៥អាសនៈ៕ ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...