សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក

នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក។

លោក Mark Field បានគោរពជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ថា នេះគឺជាលើកទី១ហើយ ដែលលោកបានធ្វើដំណើរមកកាន់កម្ពុជា ហើយលោកមានសេចក្តីរីករាយ ជាពិសេសទំនាក់ទំនងកម្ពុជា និងចក្រភពអង់គ្លេស គឺទំនាក់ទំនងទ្វេភាគី មានភាពល្អយ៉ាងខ្លាំង ហើយទំនាក់ទំនងជាមួយអាស៊ាន ក៏ដូចគ្នាដែរ។ ក្នុងន័យនេះ លោកចង់ឲ្យទំនាក់ទំនងនេះ កាន់តែបន្តរឹងមាំថែមទៀត។ លោក Mark Field ក៏បានបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេស គឺនៅតែបន្តជាមិត្តរបស់កម្ពុជា ហើយចង់ចូលរួមចំណែក ក្នុងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, លើវិស័យប្រែប្រួលអាកាសធាតុ, វិស័យអប់រំ, វិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាដើម។ លើសពីនោះទៅទៀត លោក ក៏បានបន្ថែមថា ចក្រភពអង់គ្លេសនឹងបន្តជួយដល់កម្ពុជាលើវិស័យដោះមីន។ ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ជូនចំពោះចក្រភពអង់គ្លេស ដែលជារៀងរហូតមក តែងតែផ្តល់ជំនួយដល់កម្ពុជា តាមរយៈវិស័យអប់រំ ដែលជាវិស័យនៃការបណ្តុះបណ្តាលធនធានមនុស្សនេះ។ សម្តេចបានថ្លែងអំណរគុណ ដល់ចក្រភពអង់គ្លេសផងដែរ ជួយយ៉ាងច្រើនដល់កម្ពុជា ក្នុងការដោះមីន។ សម្តេចតេជោ ក៏បានសូមឲ្យចក្រភពអង់គ្លេស ពិចារណា ធ្វើយ៉ាងណាជួយដល់វិស័យដោះមីននេះ ដល់មជ្ឈមណ្ឌលដោះមីនអាស៊ានផង ព្រោះមជ្ឈមណ្ឌលដោះមីនអាស៊ាននេះ មានទីតាំងនៅប្រទេសកម្ពុជា ហើយក៏មានតួនាទីសំខាន់ផងដែរ ក្នុងការបណ្តុះបណ្តាល បង្រៀន ប្រជាជននៅក្នុងតំបន់អាស៊ាន មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ ដើម្បីបម្រើការងារក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព នៅក្នុងពិភពលោកផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ