សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរាជទូតអង់គ្លេសបញ្ចប់អាណត្តិ

នៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆាំ្នច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ លោកជំទាវឯកអគ្គរដ្ឋទូតតួគីថ្មីប្រចាំកម្ពុជា រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំដែងការគួសម និងពិភាក្សាជាមួយលោក William Jesse Longhurst ឯកអគ្គរាជទូត អង់គ្លេសប្រចាំនៅកម្ពុជា ដែលបញ្ចប់អាណត្តិ ។

នៅក្នុងជំនួបនេះ លោកបានជម្រាបជូនសម្ដេចថា លោកពិតជារីករាយយ៉ាងខ្លាំងក្នុងបេសកកម្មការទូតរយៈពេល៤ឆ្នាំកន្លះនៅកម្ពុជា ហើយបានមានប្រសាសន៍ផងដែរថា ចំពោះរូបលោកផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលអង់គ្លេសផងដែរ គឺបានចាត់ទុកកម្ពុជាគឺជាមិត្តរបស់អង់គ្លេស។

លោកបានបញ្ជាក់ថា នៅពេលជួបសម្ដេចតេជោជាលើកដំបូង សម្ដេចតេជោបានសង្កត់ធ្ងន់ លើការយកចិត្តទុកដាក់ទៅលើវិស័យអប់រំ ហើយក្នុងន័យនេះលោកបានជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មរបស់លោក គឺស្ថានទូតអង់គ្លេសបានយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យអប់រំ វិស័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ហើយក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់គ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា លោកមានចំណាប់អារម្មណ៍ និងសុទិដ្ឋិនិយមយ៉ាងខ្លាំងលើប្រព័ន្ធអប់រំរបស់កម្ពុជាយើង ហើយប្រព័ន្ធអប់រំនេះបានផ្ដល់ជំនឿទុកចិត្ត និងផ្ដល់ក្តីសង្ឃឹមយ៉ាងខ្លាំងទៅដល់យុវជនកម្ពុជាជំនាន់ក្រោយ។ ជារួមលោកបានបង្ហាញសុទិដ្ឋិនិយមអំពីការរីកចម្រើននៃប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ លោក William Jesse Longhurst បានធ្វើការងារយ៉ាងច្រើនក្នុងការជំរុញ និងពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ មិត្តភាព និងសហប្រតិបត្តិការលើវិស័យមួយចំនួនខាងលើ គឺត្រូវចំចំណុចដែលជាសេចក្តីត្រូវការបំផុតរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី ចំពោះចក្រភពអង់គ្លេសដែលបានជួយកម្ពុជាហើយសង្ឃឹមថាចក្រភពអង់គ្លេស នឹងបន្តជួយកម្ពុជា លើវិស័យអប់រំនៅបន្តទៀត និងបានជូនពរអោយ លោក William Jesse Longhurst ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងបេសកម្មរបស់លោកនាថ្ងៃអនាគត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...