ស្រូវ ពោត សណ្ដែក នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំនេះ តាមរយៈការផ្សងរបស់គោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល

AKP ស្វាយរៀង ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ –ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ព្រាហ្មណ៍ព្រះរាជគ្រូ បានទស្សន៍ទាយ ទៅតាមក្បួនច្បាប់ប្រពៃណីពីបុរាណថា ដំណាំ ស្រូវ ពោត សណ្ដែក នឹងទទួលបានផល ល្អប្រសើរ បន្ទាប់ពីការផ្សងរបស់គោឧសភរាជទាំងពីរ បានបរិភោគ ស្រូវបានប្រមាណ៩៥ភាគរយ ពោត បានប្រមាណ៩៥ភាគរយ និងសណ្ដែកបានប្រមាណ៨០ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរមុខ រួមមាន ស្រូវ,ពោត, ល្ង, សណ្តែក, ទឹក ,ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ឆ្នាំច ខែពិសាខ សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៨ នៅទីព្រះស្រែ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូតនៃបណ្ដាប្រទេស ជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ជាង ២០.០០០នាក់ផងដែរ។

ការប្រារព្ធព្រះរាជពិធីប្បវេណីនេះ ជាការប្រកាសប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ធ្វើស្រែចម្ការ ថាជាការចាប់ផ្តើមចូលដល់រដូវវស្សាហើយ។ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ត្រូវបានព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យរាជានុញ្ញាត ឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័លទី២ តំណាងរបស់ព្រះអង្គ និងលោកជំទាវ ឈុន ណារី ជាព្រះមេហួ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក ដែលជាការប្រកាសប្រាប់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការថា ជាការចាប់ផ្តើមរដូវវស្សា។

ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាម ខេត្តនានាមួយចំនួន ក្នុងនោះមានខេត្តសៀមរាប កំពង់ចាម កណ្តាល បាត់ដំបង ព្រៃវែង និងខេត្តស្វាយរៀង៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...