នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកឲ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា»នៅវិមានសន្តិភាព រាជធាីភ្នំពេញ ដែលពិធីនេះនឹងមានការចូលរួមពីបណ្តាសប្បុរសជន ជាតិ និងអន្តរជាតិ និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានក្តីរីករាយយ៉ាងក្រៃលែងក្នុងការប្រកាសមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃនេះ។ ការបង្កើតនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះគឺដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យក្នុងការស្វែករកថវិកាពីបណ្តាសប្បុរសជននានា មកការទ្រទ្រង់ការព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ ដែលកំពុងរង់ចាំការព្យាបាល ជារៀងរាល់ថ្ងៃនេះ។ នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា ដើម្បីជាការរួមចំណែក និងជាការចាប់ផ្តើមនៃការបង្កើត “មូលនិធិគន្ធបុប្ផាកម្ពុជា” នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមវិភាគទានក្នុងមូលនិធិនេះក្នុង១ឆ្នាំ៥ម៉ឺនដុល្លារ ក្នុងរយៈពេល៥ឆ្នាំ។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននោះក៏នៅតែបន្តបរិច្ចាគថវិកាចំនួន១លានដុល្លារក្នុង១ឆ្នាំបន្តទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអរគុណ និងសោកស្តាយចំពោះ លោកសាស្ត្រាចារ្យ Beat Richner ដែលជាវីរបុរស និងជាស្ថាបនិកនៃមូលនិធិស្វ៊ីសជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមិនអាចមានវត្តមានក្នុងឱកាសជាប្រវត្តិសាស្ត្រនេះបាន ព្រោះឥឡូវនេះលោកបានសំរាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនៃប្រទេសស្វ៊ីស។ តែសម្តេចសូមសម្តែងនូវការកោតសរសើរសម្រាប់ការខិតខំប្រឹងប្រែងរបស់លោក ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងហិរញ្ញវត្ថុក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ហើយសម្តេចក៏បានសូមជូនពរឱ្យលោកសាស្ត្រាចារ្យ ឆាប់ជាសះស្បើយ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមថ្លែងអំណរគុណផងដែរចំពោះបុគ្គលិកពេទ្យទាំងអស់ នៃមន្ទីរពេទ្យគន្ធបុប្ផាក៏ដូចជានាយកប្រតិបត្តិបច្ចុប្បន្ន ដែលបានសម្រេចតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរួមចំណែកដល់មន្ទីរពេទ្យទទួលបានកេរ្តិ៍ឈ្មោះល្អនិងត្រូវបានគេស្គាល់ជាទូទៅសម្រាប់គុណភាពនៃសេវាសុខភាពរបស់ខ្លួន។ សម្តេចតេជោ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វ៊ីសដែលតែងតែគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ជាទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស និងថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ទាំងក្នុងស្រុកនិងអន្តរជាតិចំពោះការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាកន្លងមកផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីមូលហេតុដែលសម្តេចគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានូវចំនុចសំខាន់ចំនួន០៣ ៖
១)ជាការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដែលជាអាទិភាពចំបងក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នកុមារដែលមានអាយុចាប់ពី ៩ ឆ្នាំចុះមាន ចំនួនប្រមាណ ២០% ហើយបើគិតពីអាយុ ១៤ឆ្នាំចុះ គឺមានរហូតដល់ជាង ៣០% នៃចំនួនប្រជាជនកម្ពុជាសរុប។ ពួកគេគឺជាអនាគត ១០០% របស់ប្រទេសដោយពួកគេជាកម្លាំងពលកម្មបម្រើជាតិដ៏សំខាន់។
២)រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងទទួលស្គាល់នូវស្នាដៃ និងគុណភាព នៃសេវាថែទាំសុខភាពរបស់មន្ទីរពេទ្យនេះសម្រាប់ម្តាយ ទារក និងកុមារ។ កម្ពុជាមានមោទនភាពណាស់ដែលមានមន្ទីរពេទ្យកុមារប្រកបដោយគុណភាពមួយនេះដែលឆ្លើយតបបានយ៉ាងល្អប្រសើរ ទៅនឹងសេចក្ដីត្រូវការក្នុងការថែទាំ និងព្យាបាលសុខភាព មាតា ទារក និងកុមារ ។
៣)ទន្ទឹមនឹងការបង្កើតថិវកាជាបន្តបន្ទាប់ក្នុងពេលកន្លងមក រួមទាំងការវិភាជន៍ប្រាក់ចំណូលពីទេសចរបរទេសចូលទស្សនាប្រាសាទអង្គរ ជូនដល់មន្ទីពេទ្យគន្ធបុប្ផាផង ពេលនេះគឺជាពេលវេលាដ៏សមរម្យបំផុត ដែលយើងគួរគប្បីមាន “មូលនិធិគន្ធបុប្ផាកម្ពុជា” មួយផ្ទាល់របស់ខ្លួន។ ម្យ៉ាងវិញទៀត កម្លាំងសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និងកម្លាំងទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជននៅក្នុងស្រុងរបស់យើង ក៏កាន់តែមានភាពរឹកមាំ ជាមួយនឹងឧត្តមគតិ និងឆន្ទៈគាំទ្ររបស់មជ្ឈដ្ឋានសាធារណៈនៅក្នុងប្រទេស ក៏តែងតែមានភាពរស់រវើក ក្នុងការជំរុញសកម្មភាពរបស់មន្ទីពេទ្យគន្ធបុប្ផាផងដែរ។
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា សមាជិកមូលនិធិគន្ធាបុប្ផាកម្ពុជា ត្រូវបានចែកជា៣ប្រភេទ៖
១)សមាជិកស្ថាបនិក គឺជាសមាជិកដែលត្រូវចូលរួមវិភាគទាន ចាប់ពី ៨០,០០០,០០០ (ប៉ែតសិបលាន)រៀល ឬ ២០,០០០ ដុល្លារអាមេរិកឡើងទៅ។
២)សមាជិកកិត្តិយស គឺជាសមាជិកដែលត្រូវចូលរួមវិភាគទានចាប់ពី ២០,០០០,០០០ (ម្ភៃលាន)រៀល ឬ ៥,០០០(ប្រាំពាន់) ដុល្លារអាមេរិកឡើងទៅ។
៣)សមាជិកគាំទ្រ គឺជាសមាជិកដែលមានការចូលរួមថវិការចាប់ពី ៥,០០០(ប្រាំពាន់)រៀលក្នុងមួយខែ ឬ ៦០,០០០(ប្រាំមួយសែន)រៀលក្នុងមួយឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឈឹមថា តាមរយៈសកម្មភាពនេះនឹងមាន ការចូលរួមពីសប្បុរសជនជាច្រើនបន្ថែមទៀត ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជារបស់យើងដែលកំពុងត្រូវការជួយសង្គ្រោះជារៀងរាល់ថ្ងៃ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អ្នកឧកញ្ញា គិត ម៉េង ដែលបានបរិច្ចាគផ្ទៃដីចំនួន ១៣៧២ ម៉ែត្រការ៉េ ដែលគិតជាទឹកប្រាក់ចំនួនប្រមាណ ៨លានដុល្លាសហរដ្ឋអាមេរិក ដើម្បីចូលរួមនៅក្នុងមូលនិធិគន្ធបុផ្ផានេះ ដែលដីនេះបានជួលអស់រយ:ពេលជាង១៨ឆ្នាំ ហើយនៅពេលនេះគឺដីនេះបានក្លាយជាកម្មសិទ្ធស្របច្បាប់របស់មន្ទីពេទ្យគន្ធបុប្ផា ហើយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់។
មុននឹងបញ្ចប់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសឈ្មោះសប្បុរសជនចំនួន៥២រូប ដែលបានចូលរួមឧបត្ថម្ភ ដល់មូលនិធិគន្ធបុផ្ផាកម្ពុជា ដែលក្លាយជាសមាជិកស្ថាបនិកនាពេលនេះផងដែរ។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងបានបានប្រកាសបើកឱ្យដំណើរការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះចាប់ពីពេលនេះតទៅ៕
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រកាសបើកឱ្យដំណើរការ«មូលនិធិគន្ធបុប្ផាកម្ពុជា»
ពត៌មានផ្សេងៗ
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...