(អត្ថបទបកប្រែក្រៅផ្លូវការ)
ប៊្រុចសែល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨
កិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-អឺរ៉ុបលើកទី១០ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ដោយរួមមានកិច្ចប្រជុំអនុក្រុមចំនួន ០៣ គឺ កិច្ចប្រជុំអនុក្រុមស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ អនុក្រុមស្ដីពីការកសាងស្ថាប័ន កំណែទំរង់រដ្ឋបាល កំណែទំរង់ច្បាប់និងតុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស និងអនុក្រុមស្ដីពីពាណិជ្ជកម្ម និងការវិនិយោគ។
សហភាពអឺរ៉ុប បានស្វាគមន៍ និងកោតសរសើរចំពោះការរីកចំរើនរបស់ប្រទេសកម្ពុជា និងសមទ្ធិផលពាក់ព័ន្ធនឹងសិទ្ធិសេដ្ឋកិច្ចសង្គម និងបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាជាងពីរ ទសវត្សន៍មកនេះ។ សហភាពអឺរ៉ុប និងកម្ពុជាបានអះអាងឡើងវិញនូវការប្ដេជ្ញារបស់ខ្លួនក្នុងការធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដោយឈរលើគោលការណ៍សមភាព ការគោរពគ្នាទៅវិញទៅមក និងការសន្ទនាបើកទូលាយ និងលើកកម្ពស់ការអនុវត្តនូវកម្មវត្ថុ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុបឆ្នាំ១៩៩៧។
កិច្ចប្រជុំនេះ មានការផ្លាស់ប្ដូរទស្សនៈលើបញ្ហាទ្វេភាគីជាច្រើនរួមទាំងការវិវឌ្ឍន៍ស្ថានការណ៍នយោបាយ នៅកម្ពុជានាពេលបច្ចុប្បន្ន និងនៅសហភាពអឺរ៉ុប បញ្ហាតំបន់ និងពហុភាគី ដូចជាអនុតំបន់ទន្លេមេគង្គ ទំនាក់ទំនងអាស៊ាន-អឺរ៉ុប ការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សក្នុងវេទិកាអង្គការសហប្រជាជាតិនានា។
សហភាពអឺរ៉ុប បានបង្ហាញអំពីសេចក្ដីសន្និដ្ឋានរបស់ក្រុមប្រឹក្សាអឺរ៉ុបដែលបានអនុម័តដោយរដ្ឋ មន្ត្រីការបរទេសសហភាពអឺរ៉ុប កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានលើកឡើងពីការព្រួយបារម្មណ៍ ចំពោះការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ ជាកិច្ចឆ្លើយតប ភាគីកម្ពុជាបានរំលឹកឡើងវិញថា ការវិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសកម្ពុជា គឺជាសកម្មភាពរបស់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការ ដើម្បីពង្រឹងនីតិរដ្ឋ ការពារអធិបតេយ្យភាពរបស់ខ្លួន និងរក្សានូវប្រយោជន៍ស្នូលនៃសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ដើម្បីឲ្យសង្គមមានភាពសុខដុមរមនា និងការអភិវឌ្ឍបន្តប្រកបដោយចីរភាព។ កម្ពុជាបានអះអាងជាថ្មីពីការប្ដេជ្ញាប្រកាន់ខ្ជាប់សង្គមពហុនិយម និងការគោរពសេរីភាពជាមូលដ្ឋាន និងសិទ្ធិមនុស្ស ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់នានា។ កម្ពុជាបានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យមានសណ្ដាប់ធ្នាប់ ដោយរលូន សេរី យុត្តិធម៌ និងសន្ដិវិធី។
គណៈកម្មាធិការកិច្ចសហប្រតិបត្តិការនេះ បានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចប្រជុំអនុក្រុមទាំងបី ដែលបានធ្វើឡើងនៅមុនកិច្ចប្រជុំគណៈកម្មាធិការចំរុះ។
នៅក្នុងកិច្ចប្រជុំអនុក្រុមស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កាលពីថ្ងៃទី១២ ខែមីនា ភាគីទាំងពីរបានពិនិត្យឡើងវិញអំពីការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះកម្មវិធីកំណែទម្រង់ និងផែនការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់សហភាពអឺរ៉ុប បានភ្ជាប់យ៉ាងជិតស្និទទៅនឹងយុទ្ធសាស្រ្តចតុកោណ និងកម្មវិធីកំណែទម្រង់វិស័យនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ សហភាពអឺរ៉ុបនឹងបន្តវាយតម្លៃកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួន ដើម្បីធានាដល់ការពង្រឹងគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ កិច្ចសហប្រតិបត្តិការនេះ ផ្ដោតលើវិស័យចំនួនបីគឺ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ការអប់រំ អភិបាលកិច្ច និងរដ្ឋបាល (រួមទាំងការគាំទ្រការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ)។ កម្មវិធីក្នុងតំបន់ និងតាមវិស័យ ដូចជាបរិស្ថាន ការប្រែប្រួលអាកាសធាតុ ជំនួយទាក់ទងនឹងពាណិជ្ជកម្ម និងសិទ្ធិមនុស្ស ក៏ត្រូវបានលើកយកមកពិភាក្សា ព្រមទាំងការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
កិច្ចប្រជុំអនុក្រុមស្ដីពីការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ អភិបាលកិច្ច និងសិទ្ធិមនុស្សកាលពីថ្ងៃទី១៣ ខែមីនា បានពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាផ្ដោតលើវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនដូចជា សេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធឃោសនា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដី សម្បទានសេដ្ឋកិច្ចសម្រាប់ដំណាំស្ករអំពៅ ការពង្រឹងសង្គមស៊ីវិល សិទ្ធិស្រ្តី និងកុមារ និងសិទ្ធិការងារ។ សហភាពអឺរ៉ុបបានអំពាវនាវជាថ្មីម្តងទៀត ឲ្យរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិភាក្សាប្រកបដោយស្ថាបនា ជាមួយគណបក្សប្រឆាំង និងចាត់វិធានការចាំបាច់ដើម្បីធានាបរិយាកាសនយោបាយ ដល់គណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ អាចដំណើរការបានដោយសេរី។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវនីតិរដ្ឋ និងរចនាសម្ព័ន្ធប្រជាធិបតេយ្យ ដែលជាមូលដ្ឋានសម្រាប់ទ្រទ្រង់កំណើនប្រកបដោយចីរភាព និងស្មើភាព ដោយគ្មានការជ្រៀតជ្រែកពីបរទេស។
កិច្ចប្រជុំអនុក្រុមស្ដីពីពាណិជ្ជកម្ម និងវិនិយោគ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១៣ ខែមីនាផងដែរ បានពិនិត្យឡើងវិញនូវពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សហភាពអឺរ៉ុប និងបរិយាកាសវិនិយោគនៅកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប មានចំនួនជាង ៥ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០១៧ (ប្រភព៖ UNCOM Trade Data)។ ភាគីទាំងពីរបានដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ – Everything But Arms (EBA)» ដែលបានជួយធ្វើឲ្យប្រសើរឡើងនូវពាណិជ្ជកម្មទ្វេភាគី និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយមោទនភាព នៅឆ្នាំថ្មីៗនេះ។ លើសពីនេះទៀត ភាគីទាំងពីរបានពិភាក្សាលើការបើកចំហរទីផ្សារសម្រាប់ក្រុមហ៊ុនអឺរ៉ុប នៅកម្ពុជា និងបានពិនិត្យឡើងវិញនូវការរីកចំរើនពាណិជ្ជកម្មនៅក្នុងវេទិកាតំបន់ និងពហុ ភាគី។ ភាគីទាំងពីរបានយល់ស្របពីសារៈសំខាន់នៃក្របខ័ណ្ឌវិនិយោគបើកទូលាយ និងសេរីនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឲ្យមានការវិនិយោគបន្ថែមពីសហភាពអឺរ៉ុបមកកាន់ប្រទេសកម្ពុជា ក្នុងការគាំទ្រដល់សង្វាក់តម្លៃក្នុងតំបន់ និងពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ សហភាពអឺរ៉ុប បានអបអរសាទរកម្ពុជា ក្នុងការចូលរួមកិច្ចព្រមព្រៀងស្ដីពីការផ្ដល់សុពលភាពប្រកាសនីយប័ត្រត្តកម្មរបស់សហភាពអឺរ៉ុប ដោយគ្របដណ្ដប់លើប្រកាសនីយប័ត្រត្តកម្មរបស់សហភាពអឺរ៉ុបដែលចុះបញ្ជីនៅអឺរ៉ុបមកកម្ពុជា និងការតំកល់លិខិតូបករណ៍នៃការផ្តល់សច្ចាប័នលើសន្ធិសញ្ញាទីក្រុងហ្សឺណែវស្ដីពីកិច្ចព្រមព្រៀងទីក្រុងលីសបោន ចំពោះឈ្មោះប្រភពដើមទំនិញ និងម៉ាកសំគាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ។ សហភាពអឺរ៉ុបបានរំលឹកថា ការគោរពសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន រួមទាំងសិទ្ធិការងារ ការទ្រទ្រង់ដល់ភាពស្របច្បាប់ គឺជាលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីបន្តទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបក្រោមប្រព័ន្ធ EBA សម្រាប់ប្រទេសអភិវឌ្ឍតិចតួច។ សហភាពអឺរ៉ុប បានសម្ដែងការព្រួយបារម្មណ៍ ជាពិសេសចំពោះបញ្ហាដីសម្បទានសេដ្ឋកិច្ចដំណាំស្ករអំពៅ បញ្ហាសិទ្ធិមនុស្ស និងបញ្ហាការងារ ដូច្នេះកម្ពុជាត្រូវចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
កិច្ចប្រជុំគណៈកម្មាធិការចំរុះនេះ ដឹកនាំដោយសហប្រធានឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៉ៅឡា ផាមផាឡូនី (Paola Pampaloni) អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃមន្ទីរការបរទេសរបស់សហភាពអឺរ៉ុប ។
អង្គប្រជុំបានឯកភាពគ្នារៀបចំកិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ និងកិច្ចប្រជុំអនុក្រុមទាំងបី នៅឆ្នាំ២០២០ នៅប្រទេសកម្ពុជា។