ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងដោយមានការអញ្ជើញចូលរួមពីសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងព្រះបរមរាជវាំង និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានយាង និងអញ្ជើញចូលួមក្នុងពិធីរម្លឹកខួប លើកទី២៥ឆ្នាំ នៃការបង្កើតមន្ទីរ ពេទ្យគន្ធបុប្ជា និង សម្ពោធអគារមជ្ឈមណ្ឌល ព័ត៌មាន នៃមន្ទីរពេទ្យ គន្ធបុប្ជា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលកោតសរសើរចំពោះលោកសាស្រ្ដាចារ្យ Beat Richner វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកបម្រើការទាំងអស់នៅក្នុង មន្ទីរពេទ្យកុមារគន្ធបុប្ជា ដែលបានយកចិត្តទុកដាក់ក្នុងមនោសញ្ចេតនាស្រលាញ់រាប់ អានកុមារមានជំងឺ និងស្រ្ដីមានផ្ទៃពោះ ហើយបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក្នុងការជួយសង្គ្រោះកុមារកម្ពុជាច្រើនលាននាក់ និងស្ដ្រីមួយចំនួនឱ្យរួចផុត ពីជំងឺផ្សេងៗ ដែលជាកត្ដាជំរុញអភិវឌ្ឍន៍វិស័យធនធានមនុស្ស សម្រាប់កសាងសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត។
ព្រះករុណា មានព្រះរាជបន្ទូលបន្ដថា ចាប់តាំងពីឆ្នាំ១៩៩២មក មូលនិធិកុមារគន្ធបុប្ជា ដោយមានការ ឧបត្ថម្ភគាំទ្រពី រដ្ឋាភិបាលស៊្វីស និងសប្បុរសជនស៊្វីស ព្រមទាំងសប្បុរសជនជាតិ និងអន្ដរជាតិ ផ្សេងទៀត ជាពិសេសលោកសាស្រ្ដាចារ្យ Beat Richner បានកសាងមន្ទីរពេទ្យគន្ធបុប្ជាចំនួន៥កន្លែង នៅរាជធានីភ្នំពេញ និងខេត្ដសៀមរាប សម្រាប់ទទួលកុមារ ស្រ្ដីមានផ្ទៃពោះ និងស្រ្ដីមាន ជំងឺមកពិនិត្យ សម្រាកព្យាបាលបានច្រើនលាននាក់ដោយមិនយកថ្លៃ។ នេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញនូវទំហំនៃ ទឹកចិត្ដមនុស្សធម៌ ដ៏ជ្រាលជ្រៅបំផុតរបស់លោកសាស្រ្ដាចារ្យ រដ្ឋាភិបាលស៊្វីស សប្បុរសជនស៊្វីស ព្រមទាំងសប្បុរសជន ជាតិ និងអន្ដរជាតិផ្សេងៗទៀត ចំពោះប្រជាជនកម្ពុជា ព្រមទាំងលើផ្នែក ផ្ដល់សេវាសុខភាពកុមារ និងស្រ្ដីផងដែរ។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្លែងអំណរព្រះរាជគុណចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ វិស័យសុខាភិបាល លើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសតាមរយៈសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ជា ដែលបានរួមចំណែកថែរក្សា ការពារសុខភាពស្រ្ដី និងកុមារ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។
ព្រះអង្គបានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ដីដ៏ធំមួយកន្លែងនៅក្នុងខេត្ដសៀមរាប សម្រាប់កសាងមន្ទីរពេទ្យជ័យវរ្ម័នទី៧ កាលពីឆ្នាំ១៩៩៨ និងបានជួយឧបត្ដម្ភ ថវិកាជាច្រើនលានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ ព្រមទាំងបានបង្កលក្ខណៈគ្រប់បែបយ៉ាងដល់មូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ជា ក្នុងការកសាងមន្ទីរពេទ្យ កុមារគន្ធបុប្ជា។ កាយវិកាដ៏ឧត្តុង្គឧត្តមនេះ បានបង្ហាញនូវការយកចិត្ដទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងសប្បុរសជនជាតិ អន្តរជាតិ ចំពោះសុខភាពកុមារ ដែលជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត។
ក្នុងឱកាសនេះដែរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមវិភាគទានព្រះរាជទ្រព្យចំនួន ១០.០០០ដុល្លារសហរដ្ឋអាមេរិក និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏បានចូលរួមវិភាគទានព្រះរាជទ្រព្យចំនួន ១០.០០០ដុល្លារសហរដ្ឋអាមេរិក ជូនចំពោះមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផាផងដែរ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានលើកឡើងថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ មូលនិធិគន្ធបុប្ជា ដែលមានលោកវេជ្ជបណ្ឌិត Beat Richner បានពង្រីក ទីតាំងមន្ទីរពេទ្យបាន ចំនួន៥សាខា នៅក្នុងរាជធានីភ្នំពេញ និងខេត្ដសៀមរាប ដែលបំពាក់ទៅដោយឧបករណ៍បច្ចេកវិទ្យា វេជ្ជសាស្រ្ដ បរិក្ខារពេទ្យទំនើបៗ និងមានគ្រែសរុបចំនួន ២.១៥៩គ្រែ ក្នុងនោះផ្នែកសម្ភព មានចំនួន២២០គ្រែ ព្រមទាំងមានបុគ្គលិកកម្ពុជាចំនួន ២.៥០០នាក់ កំពុងបម្រើការងារ ដើម្បីផ្ដល់សេវា សុខភាព ព្យាបាលកុមារ និងស្រ្ដីមានផ្ទៃពោះ ប្រកបដោយវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាពដោយ ឥតគិតថ្លៃ ដែលមានអត្រាគ្របដណ្ដប់ លើកុមារទូទាំងប្រទេស។
ឯកឧត្តមបានបន្ដថា ក្រៅពីការពិនិត្យ និងព្យាបាលជំងឺមន្ទីរពេទ្យ គន្ធបុប្ជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្រ្ដ ឯកទេសកុមារ ហើយបានក្លាយទៅជាមន្ទីរពេទ្យសកលវិទ្យាល័យ ដែលបានជួយបណ្ដុះបណ្ដាលនិស្សិតពេទ្យបាន យ៉ាងច្រើនថែមទៀតផង។
សូមបញ្ជាក់ថា៖ គិតរហូតមកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ជាបានទទួល ពិនិត្យកុមារ និងស្រ្ដី មានផ្ទៃពោះ នៅផ្នែកពិគ្រោះជំងឺក្រៅបានចំនួន១៦.៨២២.២២៥ករណី បានព្យាបាល កុមារសម្រាក ក្នុងមន្ទីរពេទ្យបានចំនួន១.៨៥៣.៥១០នាក់ និងសម្រាលបុត្រ បានចំនួន ២៤៥.៥៩៦នាក់ និងចំណាយថវិកា សរុបប្រមាណ៦៣២លានដុល្លារ៕