កិច្ចសម្ភាសន៍ផ្តាច់មុខ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកកិច្ចសហប្រតិបត្តិការជាមួយអាមេរិក លើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកនៅទឹកដីកម្ពុជា

CNV: 

ឆ្លើយតបភ្លាមៗនិងក្តៅៗទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រកាសផ្អាកការផ្តល់ទិដ្ឋាការដល់មន្ត្រី និងថ្នាក់ដឹកនាំក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជានោះ, នៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ដោយប្រកាសថា កម្ពុជាផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋ អាមេរិក លើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកនៅទឹកដីកម្ពុជា។

សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងដាច់ណាត់តាមរយៈបណ្តាញ Fresh News យ៉ាងដូច្នេះថា៖ «កម្ពុជាផ្អាកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជាកាលពីសម័យសង្រ្គាម។ ហើយក្រសួងការបរទេសកម្ពុជា នឹងផ្ញើកំណត់ទូតទៅកាន់សហរដ្ឋអាមេរិក នាពេលឆាប់ៗនេះ ជុំវិញការផ្អាកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកលើទឹកដីកម្ពុជា»។

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ទាហានអាមេរិកដែលបានបាត់ខ្លួននៅលើទឹកដីកម្ពុជា សរុបប្រមាណ៨០នាក់ដោយកន្លងមក រកឃើញជាង៤០នាក់ នៅសល់ប្រមាណ៤០នាក់ទៀត ដូច្នេះកិច្ចសហប្រតិបត្តិការនៃការស្វែងរកនេះត្រូវផ្អាកសិន រង់ចាំការដោះស្រាយបញ្ហាផ្សេងៗរវាងកម្ពុជា និងអាមេរិកបានប្រសើរមកវិញ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ទិដ្ឋាការដល់មន្រ្តីកម្ពុជា​ដែលសហរដ្ឋអាមេរិកបានផ្អាក ព្រោះតែកម្ពុជាមិនទាន់ទទួលយក ការបញ្ជូនជនជាតិខ្មែរមានពិរុទ្ធមកកាន់កម្ពុជាវិញ ដែលទង្វើនេះជាការបំបែកបំបាក់ក្រុមគ្រួសាររវាងឪពុក-ម្តាយនិងកូន ដ៏អាក្រក់និងអមនុស្សធម៌យ៉ាងខ្លាំង ដែលអ្នកខ្លះឈាន ដល់ធ្វើអត្តឃាត»។

ការប្រតិកម្មដោយប្រកាសផ្អាកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាពេលនេះបានធ្វើឡើង ក្រោយពេលសហរដ្ឋអាមេរិក ប្រកាសផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសចាប់តាំងពី ថ្នាក់អគ្គនាយក រហូតដល់ថ្នាក់កំពូលនៃក្រសួងនេះ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ ក្រោមការចោទប្រកាន់ថា កម្ពុជាបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែល មិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋខ្លួន ដែលអាមេរិកបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ។

សូមជំរាបថា នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ដដែលនេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ការសម្រេចផ្អាកការចេញប្រភេទទិដ្ឋាការខ្លះ ដល់មន្រ្តីក្រសួងការបរទេស ក្រោមហេតុផលថា កម្ពុជាមិនសហការ មិនយល់ព្រម ឬពន្យារពេល ទទួលយកពលរដ្ឋដើមកំណើតខ្មែរនោះ គឺមិនសមហេតុផលនោះទេ ហើយផ្ទុយនឹងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងសហរដ្ឋអាមេរិក និងកម្ពុជាលើបញ្ហាកន្លងមកថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ