វិចារណកថា៖ ពិព័រណ៍ «ពន្លកបៃតង»៖ ការដាំដើមឈើដើម្បីអនាគតមច្ឆជាតិរបស់កម្ពុជា

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
នៅពេលដែលមនុស្សគិតអំពីត្រី ពួកគេច្រើនតែនឹកឃើញដល់ទន្លេ បឹងបួរ និងសមុទ្រ។ មានមនុស្សតិចតួចណាស់ដែលដឹងថា អនាគតរបស់មច្ឆជាតិ ជារឿយៗចាប់ផ្តើមចេញពីដើមឈើមួយដើម។
ទំនាក់ទំនងនេះហាក់ដូចជាមិនសូវច្បាស់លាស់នោះទេ ប៉ុន្តែវាគឺជាទំនាក់ទំនងធម្មជាតិដ៏អស្ចារ្យបំផុតមួយ។ ព្រៃឈើដែលមានសុខភាពល្អ បង្កើតប្រភពទឹកដែលមានសុខភាពល្អ ហើយប្រភពទឹកដែលមានសុខភាពល្អ ជួយទ្រទ្រង់ដល់ការកើនឡើងនៃហ្វូងមច្ឆជាតិ។
នេះគឺជាសារដ៏សំខាន់មួយដែលបង្កប់នៅក្នុងពិព័រណ៍ «ពន្លកបៃតង» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា នៅទីស្តីការក្រសួងបរិស្ថាន។ ពិព័រណ៍នេះ មានតម្លៃលើសពីការចែកជូនកូនឈើដោយឥតគិតថ្លៃ ប៉ុន្តែ គឺជាការចូលរួមការពារប្រព័ន្ធធម្មជាតិ ដែលផ្តល់នូវស្បៀងអាហារ ជីវភាពរស់នៅ និងភាពរុងរឿងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
ដើមឈើនីមួយៗដែលបានដាំនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀង ជួយការពារទន្លេ និងស្ទឹង។ ឫសឈើជួយទប់លំនឹងច្រាំងទន្លេ ដោយកាត់បន្ថយការច្រោះដីនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ស្លឹកឈើជួយកាត់បន្ថយល្បឿនទឹកភ្លៀង ដែលធ្វើឱ្យទឹកអាចជ្រាបចូលទៅក្នុងដីបន្តិចម្តងៗ ជំនួសឱ្យការនាំយកដីមានជីជាតិហូរចូលទៅក្នុងទន្លេ។ ជាលទ្ធផល ទឹកទន្លេនៅតែមានភាពស្អាត ហើយទន្លេដែលមានទឹកស្អាត បង្កើតបានជាជម្រកដ៏ល្អសម្រាប់មច្ឆជាតិ។
នៅពេលដែលព្រៃឈើត្រូវបានបាត់បង់ ទឹកភ្លៀងនឹងនាំយកដីក្នុងបរិមាណយ៉ាងច្រើនចូលទៅក្នុងស្ទឹង និងបឹង។ ទឹកដែលល្អក់កករនឹងកាត់បន្ថយពន្លឺព្រះអាទិត្យ បំផ្លាញកន្លែងពងកូនរបស់ត្រី ព្រមទាំងបង្កផលប៉ះពាល់ដល់រុក្ខជាតិក្នុងទឹក និងសត្វល្អិត ដែលជាប្រភពអាហារដ៏សំខាន់សម្រាប់រស់រានមានជីវិតរបស់ត្រីជាច្រើនប្រភេទ។
ព្រៃឈើដែលមានសុខភាពល្អ ក៏ជួយសម្រួលដល់រំហូរទឹកពេញមួយឆ្នាំផងដែរ។ នៅរដូវវស្សា ព្រៃឈើជួយកាត់បន្ថយទឹកជំនន់។ នៅរដូវប្រាំង ព្រៃឈើបញ្ចេញទឹកក្រោមដីដែលបានរក្សាទុក បង្ហូរចូលទៅក្នុងទន្លេ និងស្ទឹងបន្តិចម្តងៗ ដែលជួយរក្សាកម្រិតកម្ពស់ទឹក ទោះបីជាទឹកភ្លៀងមានការថយចុះក៏ដោយ។ លក្ខខណ្ឌទឹកដែលមានស្ថិរភាព អនុញ្ញាតឱ្យត្រីអាចបន្តពូជ រកចំណី និងលូតលាស់បានកាន់តែល្អប្រសើរ។ ទំនាក់ទំនងនេះលាតសន្ធឹងរហូតទៅដល់សមុទ្រ។
ជាចុងក្រោយ ទន្លេនឹងនាំយករំហូរទឹកចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីឆ្នេររបស់កម្ពុជា។ ព្រៃឈើនៅតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើដែលមានសុខភាពល្អ ជួយធានាថារំហូរទឹកស្អាតនឹងទៅដល់ព្រៃកោងកាង វាលស្មៅសមុទ្រ និងផ្ទៃទឹកតំបន់ឆ្នេរ ដែលជាកន្លែងត្រី ក្តាម និងបង្គាជាច្រើនប្រភេទចាប់ផ្តើមដុះដាលមានជីវិត។
ព្រៃកោងកាងផ្ទាល់ គឺជាកន្លែងបណ្តុះពូជមច្ឆជាតិដ៏សំខាន់បំផុតមួយនៅលើពិភពលោក។ ឫសដ៏ស្មុគស្មាញរបស់វា ជួយការពារកូនត្រីតូចៗពីសត្វដែលស៊ីវា (សត្វស៊ីសាច់ជាអាហារ) ផ្តល់ប្រភពអាហារយ៉ាងសំបូរបែប និងបង្កើតកន្លែងប្រកបដោយសុវត្ថិភាព ដែលប្រភេទសត្វក្នុងទឹកជាច្រើនមិនអាចរាប់អស់អាចលូតលាស់ មុនពេលពួកគេផ្លាស់ទីចូលទៅក្នុងទន្លេ និងសមុទ្រធំ។
នៅពេលយើងដាំ និងការពារដើមឈើ គឺយើងក៏កំពុងការពារអនាគតនៃវិស័យជលផលរបស់កម្ពុជាផងដែរ។ ការណ៍នេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះត្រីមិនមែនត្រឹមតែជាសត្វព្រៃធម្មតានោះឡើយ។
ត្រីគឺជាប្រភពអាហារូបត្ថម្ភដ៏សំខាន់មិនអាចខ្វះបានសម្រាប់ក្រុមគ្រួសារប្រជាពលរដ្ឋខ្មែររាប់លាននាក់។
ត្រីទ្រទ្រង់ជីវភាពរស់នៅរបស់សហគមន៍នេសាទ។ ត្រីរួមចំណែកដល់សេដ្ឋកិច្ចជនបទ និងជាផ្នែកមួយនៃវប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង។
ក្រសួងបរិស្ថានបានត្រៀមកូនឈើចំនួន ៥លានដើម សម្រាប់ចែកចាយដោយឥតគិតថ្លៃនៅក្នុងឆ្នាំនេះ ពីព្រោះដើមឈើនីមួយៗដែលបានដាំ នឹងជួយពង្រឹងប្រព័ន្ធធម្មជាតិដែលប្រទេសជាតិយើងកំពុងពឹងផ្អែកលើ។ ដើមឈើដែលបានដាំនៅថ្ងៃនេះ អាចនឹងជួយការពារស្ទឹងមួយនៅថ្ងៃណាមួយ។ ស្ទឹងនោះអាចទ្រទ្រង់ហ្វូងមច្ឆជាតិ។ ហើយហ្វូងមច្ឆជាតិនោះ អាចក្លាយជាអាហារចិញ្ចឹមក្រុមគ្រួសារមួយ។
ធម្មជាតិដំណើរការទៅបានតាមរយៈការផ្សារភ្ជាប់គ្នា។
ពិព័រណ៍ «ពន្លកបៃតង» បានរំលឹកយើងថា ការងារអភិរក្សមិនមែនជាការការពារសត្វតែមួយប្រភេទ ឬព្រៃឈើតែមួយកន្លែងនោះឡើយ ប៉ុន្តែគឺជាការការពារទំនាក់ទំនងទាំងឡាយដែលធ្វើឱ្យបរិស្ថានរបស់យើងមានសុខភាពល្អ។
ដើមឈើនីមួយៗការពារដី
ដីដែលមានសុខភាពល្អ ការពារទន្លេ
ទន្លេដែលមានសុខភាពល្អ ការពារត្រី
ត្រីដែលមានសុខភាពល្អ ទ្រទ្រង់មនុស្សឱ្យមានសុខភាពល្អ ហើយមនុស្សដែលមានសុខភាពល្អ រួមគ្នាកសាងប្រជាជាតិមួយដ៏រឹងមាំ។
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា នេះ យើងខ្ញុំសូមគោរពអញ្ជើញប្រជាពលរដ្ឋខ្មែរគ្រប់រូប មកកម្សាន្តក្នុងពិព័រណ៍ «ពន្លកបៃតង» នៅទីស្តីការក្រសួងបរិស្ថាន។
សូមទទួលយកកូនឈើដោយឥតគិតថ្លៃទៅផ្ទះរបស់អ្នក។
ដាំកូនឈើទាំងនោះ ថែរក្សាកូនឈើទាំងនោះឱ្យលូតលាស់។
ថ្ងៃណាមួយ ឫសរបស់កូនឈើទាំងនោះអាចនឹងជួយការពារទន្លេដែលចិញ្ចឹមភូមិមួយ។
ម្លប់របស់កូនឈោះទាំងនោះអាចនឹងធ្វើឱ្យស្ទឹងមួយត្រជាក់ត្រជុំ ដែលជាកន្លែងត្រីបន្តពូជ ហើយស្លឹករបស់កូនឈើទាំងនោះអាចនឹងជួយផ្តល់ជីជាតិដល់ដី ដែលទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីទាំងមូល។
នៅពេលអ្នកដាំដើមឈើមួយដើម អ្នកមិនមែនត្រឹមតែបណ្តុះព្រៃឈើនោះទេ ប៉ុន្តែ អ្នកកំពុងចូលរួមការពារទន្លេរបស់កម្ពុជា។ អ្នកកំពុងការពារអនាគតនៃវិស័យជលផលរបស់យើង។ អ្នកកំពុងទ្រទ្រង់ជីវភាពរស់នៅរបស់សហគមន៍នេសាទ និងកំពុងជួយធានាថាមនុស្សជំនាន់ក្រោយ នឹងបន្តរីករាយជាមួយទន្លេដែលមានទឹកស្អាត មានត្រីសំបូរបែប និងរស់នៅក្នុងប្រទេសមួយដែលធម្មជាតិនិងមនុស្សអាចរីកចម្រើនរុងរឿងជាមួយគ្នាជានិរន្តរ៍ ពីព្រោះ អនាគតមច្ឆជាតិរបស់ប្រទេសកម្ពុជា មិនមែនចាប់ផ្តើមនៅក្នុងទឹកតែមួយមុខនោះទេ ប៉ុន្តែ ចាប់ផ្តើមចេញពីដើមឈើមួយដើម។

-ក្រសួងបរិស្ថាន-

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort