ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានថ្មីៗទៀតរបស់ភាគីថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការតវ៉ាថ្មីនេះពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន ៣៦ អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន ២ នៅក្នុងខេត្តព្រះវិហារ។

បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃបានបន្តពង្រឹងការគ្រប់គ្រង និងការកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា តាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នានា ដូចជា ផ្លូវ ព្រះពុទ្ធបដិមាធំៗ ការដំឡើងនិងពង្រឹងរបាំងបិទផ្លូវដោយប្រើទូរកុងតឺន័រ និងបន្លាលួស, ការសាងសង់បង្គោលទង់ជាតិនៅទីតាំងមួយចំនួន ព្រមទាំងការរៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍ផ្សេងៗ។ សកម្មភាពទាំងនេះមិនអាចចាត់ទុកបានថា ជាវិធានការរក្សាទីតាំងឈរជើងកងទ័ពនោះទេ តែវាផ្ទុយយ៉ាងច្បាស់ក្រឡែតទៅនឹងវិធានការដែលចែងនៅក្នុងចំណុចរ៉ូម៉ាំង I នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសក្នុងចំណុចទី២ និងទី៣៖

ជាក់ស្តែង ចំណុចទី២ចែងថា៖ «ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត»។ ចំណែកឯចំណុចទី៣ចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវ សន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែនដែលកើតចេញពីការប្រើប្រាស់កម្លាំង ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដូចបានរៀបរាប់ខាងលើ ក៏មិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬប៉ះពាល់ដល់ជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះទេ។

រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងសេចក្តី ប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីស្តារឡើងវិញនូវ ជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរួមរវាងប្រទេសទាំងពីរ ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រសួងព័ត៌មាន ណែនាំឱ្យពង្រឹងការទទួលខុសត្រូវលើការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បី...

ក្រសួងព័ត៌មាន ណែនាំឱ្យពង្រឹងការទទួលខុសត្រូវលើការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រី
beylikdüzü escort escort beylikdüzü beylikdüzü escort