សម្តេច​តេជោ ហ៊ុន សែន អញ្ជើញជួប​ប្រជុំ​កំពូល​ជាមួយ​នាយក​រដ្ឋមន្រ្តី​ជប៉ុន

នៅរសៀលថ្ងៃទី ៧ ខែ សីហា សម្តេចអគ្គ​មហាសេ​នាបតីតេជោ ហ៊ុន សែន បានអញ្ជើញបំ​ពេញទស្សនកិច្ចផ្លូវការ​លើក​ទី២១ នៅប្រទេស​ជប៉ុន គិតចាប់​តាំងពី ឆ្នាំ១៩៩០មក។ នៅពេល អញ្ជើញ​ដល់វិមាន​រដ្ឋាភិបាលជប៉ុន សម្តេចតេជោ ត្រូវបានទ​ទួលគារ​វកិច្ចស្វាគមន៍​យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល រាក់ទាក់​បំផុត​ពីលោកនាយក​រ​ដ្ឋមន្រ្តី Shinzo Abe រួមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃ​រដ្ឋាភិបាល​ជប៉ុន។
បន្ទាប់ពី​បញ្ចប់ពិធីត្រួតព​លផ្លូវកា​រហើយ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួម​កិច្ចប្រជុំ​កំពូលដែល​ប្រព្រឹត្តិ នៅវិមានរដ្ឋាភិបាល​ជប៉ុន។

ឯកឧត្តម Shinzo Abe បានស្វាគមន៍យ៉ាង​កក់ក្តៅ​បំផុតចំ​ពោះដំ​ណើរ​ទស្សនកិច្ចផ្លូវ​ការ ការងា​​ររបស់សម្តេចតេជោនា​ពេលនេះ។ ឯកឧត្តម បានចាត់ទុក សម្តេច​តេជោ គឺជាមិត្ត​ចាស់រ​បស់​ប្រទេស និងប្រជាជន​ជប៉ុន។ នេះគឺជា​លើកទី៨ហើ​យ ដែលឯកឧត្តម Shinzo Abe បានជួបប្រជុំ​កំពូល​ជាមួយ សម្តេចតេជោ។ ឯកឧត្តម នាយករដ្ឋមន្រ្តីជប៉ុន បានសន្យានឹងបន្តចូល​រួមចំណែកជួយកសាង និងអភិវឌ្ឍន៍​កម្ពុជាដូច​ដែលជប៉ុនធ្លា​ប់បានជួយ​នាពេល​កន្លងមក ដើម្បីឱ្យកម្ពុជា​ក្លាយទៅជា​ប្រទេស ដែលមានប្រាក់​ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០។

ជាមួយ​គ្នានេះ​ដែរ សម្តេចតេជោ បានមានប្រសាសន៍ថា ឆ្នាំ២០១៧នេះ​គឺជា​ខួបលើកទី ៦០ នៃទំនាក់​ទំនងការទូត រវាងប្រទេស​ទាំងពីរ ដែល​កាល​ពីឆ្នាំ ១៩៥៧ គឺលោក​អតីត​​នាយក​រដ្ឋមន្រ្តីជប៉ុន ដែលត្រូវ​ជាជីតារបស់​លោក​នាយក​រដ្ឋមន្រ្តី Shinzo Abe បានទៅទស្សនកិច្ច​នៅកម្ពុជា ជាលើកដំបូង។ នៅឆ្នាំ២០១៧ នេះដែរក៏​ជាខួប ២៥ឆ្នាំ នៃការចូលបញ្ជូន​កងកម្លាំង​ជប៉ុនលើកដំបូង​ទៅកាន់ប្រទេស​កម្ពុជា ដើម្បីរក្សា​សន្តិភាព និងរៀប​ចំការ​បោះឆ្នោត ក្រោមឆ័ត្រអង្គការ​សហប្រជាជាតិ (UNTAC)។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​ ឯកឧត្តម នាយករដ្ឋមន្រីជប៉ុន Shinzo Abe និងលោកជំទាវ ទៅបំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ក្នុងពេល​វេលា​សមស្រប​ណាមួយ។

បន្ទាប់​ពីបាន​បញ្ចប់​នូ​វកិច្ច​ប្រជុំ​​កំពូល​រួចមក សម្តេចតេជោ ហ៊ុន សែន និង​ឯកឧត្តម នាយករដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe បាន​អញ្ជើញ​​ធ្វើជា​សា​ក្សី​​ក្នុង​ពិធី​ចុះហត្ថលេខា​​លើឯកសារ​ចំនួនពីរគឺ ១)ការផ្តល់​ហិរញ្ញ​ប្បទានឥត​​សំណង​​មានទឹក ប្រាក់​សរុប ចំនួន 3,948 លានយ៉េន (ប្រមាណ$35​លាន​​ដុល្លារអាមេរិក) សម្រាប់​​អនុវត្តគម្រោង​​ការធ្វើ​​​ឲ្យប្រសើរ ឡើងវិញនូវ​ប្រព័ន្ធ​កា​រពារ​​ទឹកជំនន់​ក្នុង​រាជធានីភ្នំពេញ ដំណាក់កាល​ទី៤ និង ទី២)ការផ្តល់​ឥណទាន​​សម្បទាន ចំនួន 23,502 លានយ៉េន (ប្រមាណ$209​លាន​ដុល្លារ​អាមេរិក) សម្រាប់​អនុវត្តន៍គម្រោង​​អភិវឌ្ឍន៍​​ចំណត​​ផែកុង​​តឺន័រថ្មី​របស់​កំពង់​ផែន​ស្វ័យ័ត​ក្រុងព្រះសីហនុ។

បន្ទាប់មក សម្តេចតេជោ​ នាយករដ្ឋមន្រ្តី និងឯកឧត្តម នាយក​រដ្ឋមន្រ្តីជប៉ុន បានអញ្ជើញ​ធ្វើ​សន្និសីទ​​កាសែតរួមគ្នា ស្តីពី​លទ្ធផល​​នៃកិច្ច​​ប្រជុំ​កំពូល។

ក្រោយពីបញ្ចប់​សន្និសីទ​​សារព័ត៌មាន​ហើយ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់​ខ្ពស់ នៃរាជរដ្ឋា​ភិបាល​​កម្ពុជា បានអញ្ជើញ​ចូលរួមក្នុង​​ពិធីលៀង​សាយ​ភោជន៍ដែល​រៀបចំដោយ ឯកឧត្តមនាយករដ្ឋមន្រ្តី Shinzo Abe។ ឆ្លៀតក្នុ​ងឱ​កាស នៃពិធីលៀង​សាយ​ភោជន៍​​ដ៏ស្និទស្នាលនេះ ឯកឧត្តម នាយករដ្ឋ​មន្រ្តីជប៉ុន Shinzo Abe បានរៀប ចំនំខួបកំណើត​ដ៏ភ្ញាក់ផ្អើលមួ​យជូន​សម្តេចតេជោ ហ៊ុន សែន ប្រកបដោយបរិយាកាស​រីករាយ​បំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ