សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងផ្អែកលើវិស័យកសិកម្ម ឬវិស័យណាមួយមុខនោះទេ យើងចាំបាច់មានសេដ្ឋកិច្ចមាត្រដ្ឋានដែលជាយុទ្ធសាស្រ្តមិនអាចចៀសបាន។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទន្ទឹមនឹងការព្យាយាមធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញបច្ចេកវិទ្យា យើងក៏មានកាតព្វកិច្ចក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មដូចគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងត្រូវផ្សារភ្ជាប់វិស័យកសិកម្មរបស់យើង ពីកសិកម្មបែបគ្រួសារទៅជាកសិកម្មតាមបែបឧស្សាហកម្មដែលមានស្តង់ដារខ្ពស់ ដែលអាចប្រកួតប្រជែងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់វត្ថុធាតុដើមដល់ខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុក ក្នុងតំបន់ និងក្នុងសកល៕