(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាជាមួយចិន គឺជាចំណុចគន្លឹះមួយធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើនយោបាយសេដ្ឋកិច្ចឌីជីថល ដែលជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចិនក្នុងបទសម្ភាសន៍ពិសេសមួយអំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវនៅទីក្រុងប៉េកាំង សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងនាពេលអនាគត ត្រូវបានរាជរដ្ឋាភិបាលប្រើប្រាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ហើយអ្វីដែលត្រូវបានដាក់បន្ថែម គឺសេដ្ឋកិច្ចឌីជីថល ជាមួយប្រទេសចិន ដែលជាមហាអំណាចកំពុងរីកចម្រើននៅក្នុងបច្ចេកវិទ្យាថ្មី។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «តាមរយៈការមានការចូលរួមជាមួយប្រទេសចិន ជាពិសេសផ្នែកឯកជនជាមួយផ្នែកឯកជន យើងនឹងអាចជំរុញការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគមកកម្ពុជាផងដែរ ដោយការនាំបច្ចេកវិទ្យាទាំងនោះ មកបណ្តុះបណ្តាលកម្លាំងពលកម្មដែលមានឥទ្ធិពលលើហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ កម្ពុជា គិតថាទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ អាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកបាន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចផងដែរថា ឈរលើស្មារតីនេះហើយ ជាហេតុដែលសម្តេចធិបតី បានឆ្លៀតជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យានានាពេលទស្សនកិច្ចនៅចិន ក៏ដូចជាពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវជាដើម។
សម្តេចបានគូសរំលេចថា សម្តេចមានការរីករាយយ៉ាងខ្លាំង ដែលបានឃើញការរីកចម្រើន និងទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, រដ្ឋាភិបាល និងអាជីវកម្ម និងអាជីវកម្ម ទៅនឹងអាជីវកម្មរវាងប្រទេសទាំងពីរនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដែលហៅថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៣.០ រវាងភាគីទាំងពីរ៕ ដោយ៖ Fresh News